កាលពីពេល ថ្មីៗកន្លងមកសារពត៌មានចិនជាច្រើនបានចុះផ្សាយថា អ្នកបុរាណវិទ្យាបានជីករកឃើញគ្រោងឆ្អឹងមនុស្សអាយុកាល៥.០០០ឆ្នាំមុន មានកម្ពស់ខ្ពស់ និងរឹងមាំខុសពីធម្មតា ស្ថិតនៅភូមិជៀវជា ខេត្តសានតុង ភាគខាងកើតប្រទេស ។
តាមការវាស់វែងឆ្អឹងនៅក្នុងរណ្តៅសពគឺជាមធ្យមមានកម្ពស់១,៨០ម៉ែត្រ ហាក់ដូចជាមនុស្សយក្សដែលធំៗខុសពីសម័យបច្ចុប្បន្នខ្លាំង។ ចំពោះឆ្អឹងរបស់បុរសម្នាក់មានកម្ពស់ដល់ទៅ១,៩០ម៉ែត្រឯណោះដូចមនុស្សនៅលោកខាងលិចក្នុងសតវត្សទី២១ ។ ចាត់ទុកថាជាកម្ពស់ខុសប្រក្រតីដោយគ្រោងឆ្អឹងបុរសរូបនោះប្រទះឃើញក្នុងរណ្តៅធំជាងគេទំនងមានយសសក្តិខ្ពស់ និងទទួលទានអាហារល្អ ។
លោកហ្វាង ហ៊ុយ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ និងវប្បធម៌នៅមហាវិទ្យាល័យសានតុង បញ្ជាក់ថា«នេះគ្រាន់តែជាការប្រទះឃើញលើមូលដ្ឋានរបស់គ្រោងឆ្អឹង ប្រសិនបើបុរសរូបនោះនៅរស់រានមានជីវិតអាចមានកម្ពស់ដល់ទៅ១,៩០ម៉ែត្រ» ។
អ្នកស្រុកសានតុង យល់ឃើញថា កម្ពស់របស់ពួកគេមានបុគ្គលិកលក្ខណៈតាមអម្បូរនៃបុព្វបុរសអ្នកស្រុកសានតុង ។
ការស្រាវជ្រាវនៅឆ្នាំ២០១៥ឃើញថាកម្ពស់មធ្យមរបស់បុរសចំនួន១៨នាក់កម្ពស់១,៧៥ម៉ែត្រ ប្រៀបធៀបទៅនឹងកម្ពស់មធ្យមទាំងអស់នៅទូទាំងប្រទេស១,៧២ម៉ែត្រ ។
ក្រៅពីគ្រោងឆ្អឹងអ្នកបុរាណវិទ្យាជីករកឃើញវត្ថុប្រើប្រាស់ជាច្រើនទៀត រួមមានឆ្នាំងពណ៌ និងឧបករណ៍ប្រើប្រាស់ ផ្សេងៗធ្វើពីគជ់ ។
អ្នកឯកទេសសន្និដ្ឋានថា មនុស្សដែលរស់នៅសានតុង កាលពី៥.០០០ឆ្នាំមុន មានជីវភាពសម្បូរសប្បាយ ព្រោះផ្ទះជាច្រើនខ្នងដែលជីករកឃើញបង្កប់ដោយមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច ៕