Thursday, October 8, 2009

ថៃ គួរគប្បីស្មោះត្រង់ខ្លះផងចំពោះកម្ពុជា

ដោយ ឡុង សុគុណ
ថ្ងៃទី ១០ ខែកក្ដដា ២០០៩

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ចុងក្រោយនេះ ពិសេសក្នុងឆ្នាំ២០០៧ និង ឆ្នាំ២០០៨ ប៉ុណ្ណោះដែលមាន សារព័ត៍មានខ្លះរបស់ប្រទេសថៃ បាននិងកំពុងលើកឡើងអំពីបញ្ហាព្រំដែន និងប្រាសាព្រះវិហារជាមួយកម្ពុជា។ អ្នកនយោបាយថៃខ្លះ បានឡើកឡើង ថាតំបន់មានជម្លោះ ឬ តំបន់ត្រួតស៊ីគ្នាលើព្រំដែនរវាងប្រទេសទាំងពីរ ហើយពេល ខ្លះលើកឡើងថា កម្ពុជា និងថៃគួរចាត់ចែងប្រាសាទព្រះវិហាររួមគ្នា។

ការលើកឡើងដោយគ្មានការអៀងនខ្មាស់របស់សារព័ត៍មានថៃខ្លះ និងរបស់អ្នកនយោបាយថៃខ្លះ គឺធ្វើឡើង ក្នុងគោលបំណងបំភ័ន្ដ មតិអន្ដរជាតិឱ្យយល់ច្រឡំចំពោះការពិតនៃប្រត្ដិសាស្ដ្រ នៃកិច្ចព្រមព្រៀងកំណត់ព្រំដែន ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយជាលទ្ធលផែន ទីចំនួន៦ផ្ទាំងដែលគ្របដណ្ដប់លើព្រំដែន ប្រវែងជាង ៨០៥គីឡូម៉ែត្រ រវាង កម្ពុជា-សៀម ត្រូវបានបោះពុម្ភដោយគណៈកម្មការចម្រុះបារាំង-សៀម តាមសំណើរសុំ របស់រដ្ឋាភិបាលសៀមនាសម័យនោះ ហើយរដ្ឋាភិបាលសៀមបានទទួលយកផែនទីទាំងនោះ ក្នុងឆ្នាំ១៩០៨ ព្រមទាំងបានប្រើប្រាស់ផែនទីទាំងនោះរហូតមកដោយគ្មានការចោទសួរ ឬលើកឡើងនូវបញ្ហាតំបន់ត្រួតស៊ីគ្នា ឬ តំបន់មានជម្លោះឡើយដែលរហូតមកដល់នេះ មានរយៈពេល១០០ឆ្នាំ ដែលបានចូលជាព្រំដែនអន្ដរជាតិ ពិតប្រាកដ ជាក់លាក់ និងសន្ដិភាពរវាង ប្រទេសទាំងពីរកម្ពុជា-ថៃ។

ចំពោះប្រាសាព្រះវិហារគឺជារមណីយដ្ឋានដ៏ពិសិដ្ឋដែលត្រូវបានកសាងឡើងដោយ ព្រះមហាក្សត្រខ្មែរដែល ពេលថ្មីៗនេះ ត្រូវបញ្ជូលជាសម្បត្ដិបេតិកភណ្ឌពិភពលោកនៃ អង្គការយូណេស្កូ។ប្រាសាទព្រះវិហារ ត្រូវបាន ត្រូវបានតុលាការយុត្ដិធម៍អន្ដរជាតិឡាអេឆ្នាំ១៩៦២ សម្រេចឱ្យប្រទេសកម្ពុជាឈ្នះក្ដីដោយពេលនោះ តុលាការ យុត្ដិធម៍អន្ដរ ជាតិក្រុងឡាអេ បានប្រើប្រាស់ផែនទីឧបសម្ព័ន្ធទី១ ផែនទីសន្លឹកដងរែក និងបានពិនិត្យ មើលឃើញនូវ សុពលភាពនៃខ្សែបន្ទាត់ព្រំដែននៅលើផែនទីនោះ បានសម្រេបដោយ សម្លេង ៩ ទល់ និង៣ ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹក ដីក្រោម អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ យោងតាមមាត្រា៦០ នៃលក្ខន្ដិកៈនៃតុលា ការយុត្ដិធម៍អន្ដរជាតិចែងថា សាលក្រមសម្រេចចុងក្រោយបង្អស់ ហើយគ្មានបណ្ដឹង ឧទ្ទណ៍ឡើយ ហើយមានត្រា៦១ គ្មានការដាក់ពាក្យសុំដើម្បីសើរើឡើងវិញបានឡើយ បើសិនហួស រយៈពេល១០ឆ្នាំចាប់ គិតពីថ្ងៃចេញសាលក្រម។ ការសម្រេចរបស់តុលាការយុត្ដិធម៍អន្ដរជាតិមានហេតុផលច្បាស់លាស់បង្ហាញថា ប្រទេសថៃបានទទួលនូវផល ប្រយោជន៏ពីអនុសញ្ញាឆ្នាំ១៩០៤ ដែលផ្ដល់ឱ្យថៃមានព្រំដែន ថេរ ពិតប្រាកដ។ តុលាការរកឃើញថា ប្រទេសថៃនៅក្នុងឆ្នាំ១៩០៨-១៩០៩ បានព្រមព្រៀងទទួលយកផែនទីឧបសម្ព័ន្ធទី១ ជាលទ្ទផលនៃការងារ កំណត់ព្រំដែន អាស្រ័យហេតុដូច្នេះ ថៃបានទទួលស្គាល់ខ្សែបន្ទាត់នៅលើផែនទីនោះជាខ្សែបន្ទាត់ព្រំដែន ដែលមានអនុភាពដាក់ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជា។ តុលាការក៏បានរកឃើញ ថាការព្រមព្រៀងព្រម ទទួលយក ផែនទីឧបសម្ព័ន្ធទី១ដោយភាគីទាំងពីរ បានបណ្ដាលឱ្យ ផែនទីចូលក្នុងដំណោះស្រាយសន្ធិសញ្ញា ហើយបានក្លាយជាផ្នែកទាំងស្រុងនៃដំណោះ ស្រាយសន្ទិសញ្ញា។

ការប្រកាសដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងគីប៊ិចប្រទេសកាណាដា គឺជា សាថ្មីមួយទៀតប្រាប់ពិភពលោកឱ្យបានដឹងថាប្រទេស កម្ពុជា គឺជាកម្មសិទ្ធិករនៃ ប្រាសាទព្រះវិហារ ហើយប្រាសាទព្រះវិហារក៏បានក្លាយជាសម្បត្ដិមនុស្សជាតិ ដែល ត្រូវទទួលបាននូវជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសពីអន្ដរជាតិដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៏ប្រកប ដោយចីរភាព។ ពិសេសកិច្ចប្រជុំលើកទី៣៣នៅទីក្រុងសេវីល ប្រទេសអេស្ប៉ាញ មិនលើកឡើង អំពីបញ្ហាប្រាសាទព្រះវិហារតាមសំណើរបស់ថៃឡើយ។ បញ្ហាដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក យកចិត្ដទុកដាក់បំផុតនោះ គីការងារអភិរក្ស និងអភិវឌ្ឍឱ្យមានចីរភាពនៃប្រាសាទព្រះវិហារតែប៉ុណ្ណោះ។ប៉ុន្ដែអំពើរបស់កងទ័ពថៃនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បានរំលោក បំពានទាំងស្រុង ដោយបាន លើកទ័ពចូលបោះទីតាំងក្នុងតំបន់ក្បែរប្រាសាទព្រះវិហារ និងបានរាលដាលចូលក្នុងតំបន់ជាច្រើនទៀតតាម បណ្ដាយព្រំដែន រវាងកម្ពុជា-ថៃ ខណៈពេលដែលថៃបានព្រមព្រៀងជាមួយកម្ពុជា ដើម្បីធ្វើការងារវាស់វែង និងខណ្ធ សីមាព្រំដែនគោករួមគ្នាក្នុងក្របខណ្ឌយន្ដការទ្វេភាគីផ្អែកលើអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០។

អំពើរំលោភបំពានរបស់កងទ័ពថៃបានធ្វើឡើងផ្ទុយទៅនឹងស្មារតីនៃអនុស្សា រណៈយោគយល់គ្នា ឆ្នាំ២០០០ និងរំលោភទៅសាលក្រមតុលាការយុត្ដិធម៍អន្ដជាតិ ឆ្នាំ១៩៦២ និងរំលោភទៅនឹងគោលការណ៏ និងស្មារតីនៃ ធម្មនុញ្ញអង្គការសហ ប្រជាជាតិ ពិសេសរំលោភទៅនឹងអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៍និង ធម្មជាតិពិភពលោក ឆ្នាំ១៩៧២ និងអនុសញ្ញាសំរាប់ការការពារទ្រព្យសម្បត្ដិវប្បធម៍ នៅក្នុងករណីមាន ជម្លោះប្រដាប់អាវុធឆ្នាំ១៩៥៤។កងទ័ពថៃបានរំលោភទៅនឹងព្រំដែនអន្ដរជាតិនៃប្រទេសទាំងពីរដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩០៨ ក៏ប៉ុន្ដែ ថៃបានអះអាងលើការប្រើប្រាស់ផែនទីថ្មីមួយ ដែលគូរដោយថៃជាឯកតោភាគីដែលមិនត្រូវគេទទួលស្គាល់ ជាអន្ដរជាតិឡើយ។ ផ្អែកលើផែនទីឯកតោភាគីនេះ ថៃបានបញ្ជូនកងទ័ពររំលោភទន្ទ្រានចូលក្នុងទឹកដីកម្ពុជា ដែលផ្ទុយទៅនឹងគោលការអន្ដរជាតិ និងសន្ធិសញ្ញាមិត្ដភាព និងសហប្រត្ដិបតិការអាស៊ាន ក្នុងអាស៊ីអាគ្នយ៏ ឆ្នាំ១៩៧៦។ កម្ពុជាជាប្រទេសស្រឡាញ់សន្ដិភាពចាត់ទុកប្រទេសថៃជាអ្នកជិតខាងដ៏ល្អក្នុងទំនាក់ទំនងមិត្ដភាព និងសហ ប្រត្ដិបតិការ រវាងប្រទេសទាំងពីរ ប្រាថ្នាចង់ពិភាក្សា និងដោះស្រាយបញ្ហាដោយសន្ដិភាពជាមួយប្រទេសថៃ។ បំណងប្រាថ្នារបស់កម្ពុជាគឺ ប្រកបដោយសុឆន្ទៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្លឹងមើលឃើញហួសពី​ បញ្ហាព្រំដែន ឬ សង្គ្រាម ហើយងាកមើលឃើញនូវផលប្រយោជន៏យូអង្វែងសំរាប់ប្រជាជននៃប្រទេស ទាំងពីរ កម្ពុជា-ថៃ តាមរយៈការពង្រីក និងពង្រឹងកិច្ចសហប្រត្ដិការលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរ វប្បធម៍ និងសន្ដិសុខឱ្យបានឋិតឋេរ សម្រាប់ប្រទេសទាំងពីរកម្ពុជា-ថៃ។ ក្នុងន័យនេះ ថៃគួរគប្បីស្មោះត្រង់ខ្លះផងចំពោះកម្ពុជាក្នុងឋានៈជាប្រទេសជិតខាង ដ៏ល្អដែលកាន់ព្រះពុទ្ធសានា ដូចគ្នានិងវប្បធម៍ស្រដៀងគ្នាហើយផ្លូវដ៏ល្អនោះថៃត្រូវដកកង ទ័ពទាំងអស់ចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងតំបន់ដទៃទៀតនៃព្រំដែនដោយបង្កើតឱ្យបានឡើងវិញនូវស្ថានការណ៏ធម្មតា​​​​​ ដូចមុនថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០០៨ ទើបជាការស្មោះត្រង់ពិតប្រាកដរបស់ថៃ។