Wednesday, December 22, 2010

បទវិចារណកថា៖ ក្រុម​ហ៊ុន«អ្នក​ប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់»

ក្រុម​មន្ត្រីគណបក្សប្រឆាំងសម​ រង្ស៊ី មួយចំ​នួន​ និងអង្គការលី​កាដូ បាន​ស្ថិត​នៅ​ក្នុង​សភាព​ស័ង្សយរបស់​មហាជន ពី​ការ​បើក​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នាមួយ​ក្រោម​​ផ្លាក​យី​ហោ​ដ៏​ចម្លែ​ក​គឺ​​« ក្រុម​ហ៊ុន​អ្នកប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់ » បន្ទាប់​ពី​ពួក​គេបាន​ចេញ​មុខមក​ការ​ពារ​ជន​ជាប់​ចោទ​ សេង​ គុណ​ការ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោសដាក់ពន្ធនាគារ​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ ដោយ​សារ​ជន​នេះ​បាន​ចែក​ខិតប័ណ្ណ​ជេរប្រមាថ​ធ្ងន់​ៗមក​លើ​ថ្នាក់​ដឹក​នាំ​នៃ​​​រាជ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​មួយចំ​នួន​ទៀត។

ពាក្យថា​ក្រុម​ហ៊ុន​អ្នកប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់គឺចង់​បង្ហាញអំពីអត្តៈចរិតលក្ខណៈនៃ​ក្រុម​វង្វេង​ស៊ុង​ពីរប្រភេទ ដែលក្រុម​ទី១មានជំ​នាញ​ខាង​ការជេរប្រមាថ ភូត​ភរកុហក ប្រឌិត​ព័ត៌មាន ញុះញង់ បង្ក​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រមុខនៃរាជ​រដ្ឋាភិបាល និងនាំ​គ្នា​ដុត​បញ្ឆេះ​កំ​ហឹងប្រជាពល​រដ្ឋឲ្យ​ប្រព្រឹត្ត​នូវអំ​ពើ​អាណា​ធិប​​តេយ្យគ្រប់​បែប​យ៉ាងក្នុង​សង្គម​ ដើម្បីពួកគេឆ្លៀត​កេង​ចំ​ណេញ​នយោ​បាយ​ ។ ចំ​ណែក​ឯ​​ក្រុមទី២ គឺជាក្រុមអ្នកពូកែខាងការ​ស្រែក​បន្ទរ​ដើម្បី​គៀង​គររក​ប្រាក់​ជំ​នួយពី​បរទេស ដោយ​ទន្ទេញ​យ៉ាង​រត់​មាត់​ថា​ អយុត្តិ​ធម៌ណាស់ នៅ​ស្រុក​ខ្មែរអត់​មាន​ការ​គោរព​សិទ្ធិ​មនុស្សជាដើម......។ល។ តើ​​ការ​​ពិតជាក់​ស្តែង​ដូច​ពួក​គេអះអាង​ដែរឬទេ​? ជា​ចំ​លើយដែល​ត្រឹម​ត្រូវ គឺ​មហាជនទូទៅ​បាន​មើល​ឃើញ​ថា​ ក្រុម​ប្រឆាំង​ទាំង​នោះពួក​គេគ្មាន​បាន​សាង​​​នូវ​គុណ​សម្បត្តិណាមួយសម្រាប់រួម​ចំ​ណែក កសាង និង​​រក្សានូវ​ស្ថេរភាព​នយោ​បា​យ ក៏ដូច​ជា​ការជម្រុញ​ឲ្យ​មាន​គោរព​ច្បាប់​នៅ​កម្ពុជាទេ គឺពួក​គេមាន​តែ​ទេព​កោសលពិស ស្ទាត់​ជំ​នាញតែខាងការ​បំ​ផ្លាញ​សុខសន្តិភាព និង​​ការ​អភិវឌ្ឍរីក​ចំ​រើន​នៃសង្គម​ជាតិ ឬចាត់​ចូល​ជាក្រុម​មនុស្សព្រៃ រមិល​គុណ អគុណ​ធម៌ដ៏ក្រៃលែង ពី​ព្រោះគេ​បាន​សង្កេត​ឃើញ​ថា​បុគ្គល​​​មួយចំ​នួនបំ​រើការនៅក្នុង​​ក្រុម​ហ៊ុន​សត្វក្អែក ក្រពើ ឬត្មាតនោះ ​តែង​តែ​ចេញ​មុខមក​ការ​ពារ​ជន​ជាប់​ចោទ​ និង​ទណ្ឌិត​​ជាច្រើន​រូបដែល​ត្រូវ​បាន​ផ្តន្ទាទោសដោយ​ច្បាប់​រួច​ហើយ។ ​ជាក់ស្តែង​នៅ​ថ្ងៃទី​២០ ខែធ្នូ​ ឆ្នាំ២០១០ ក្រុម​គេក្នុង​ចំ​ណោម​នោះគឺមានអង្គការ​លី​កាដូ​របស់​លោកស្រី​ពុង ឈីវ​ហ្កិក បានប្រញាប់​ប្រញាល់យ៉ាង​តក់​ក្រហល់ ចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ជាបន្ទាន់​របស់​ខ្លួន​មួយពាក់​ព័ន្ធ​នឹង​ការ​​ចាប់​ឃុំ​ខ្លួនបុរសម្នាក់ជា​ប្រធាន​សន្តិសុខ​អង្គការស្បៀង​​អាហា​រ​​​​​ពិភព​លោក​ ដោយចាត់​ទុក​ថា ការចោទ​ប្រកាន់និង​ឃុំខ្លួន​បុរសនោះ​ គឺបាន​ធ្វើ​ឡើង​ដោយ​មិន​សម​ហេតុផល និងជាសកម្ម​ភាព​បង្ក្រាប​​​លើសិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនៅ​កម្ពុជា ហើយពួកគេក៏បានរិះ​គន់ទៅ​លើ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ដែល​ទើ​បចូល​ជា​ធរមានផង​ដែរ​ថាមាន​​ការ​​​​​ប៉ះ​ពាល់​ដល់​សិទ្ធិសេរី​ភាព​​នៃ​ការ​បញ្ចេញ​មតិ និង​​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ​ជាថ្មី។

កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១០​ លោក សេង គុណការ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញបើ​ក​សវនាការ​ជំ​នុំ​ជំ​រះ​​​ ហើយ​បាន​សម្រេច​ឲ្យជាប់ពន្ធ​នាគារ​រយៈ​ពេល​​​៦ខែនិង​ពិន័យ​ជា​ប្រាក់​ចំ​នួន​១លាន​រៀលពី​បទ​ញុះ​ញង​់ឲ្យ​មាន​បទ​ឧក្រិដ្ឋតាម​មាត្រា​​៤៩៤ និង​៤៩៥ នៃ​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌថ្មី​ ដោយសារជន​នេះ​បាន​ថត​ចំ​លង​ និង​ចែក​ចាយខិតប័ណ្ណដក​ស្រង់​ចេញ​ពី​វ៉េប​សាយ ki‑media ដែលបំ​រើនយោបាយឲ្យ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ខ្ចរខ្ចាយ​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​​​ ពី​ព្រោះ​វ៉េប​សាយ​នោះ​បាន​និយាយចោទ​ប្រកាន់​ប្រមុខនៃរាជ​រដ្ឋាភិបាល​កម្ពុជាថា​ជាមេក្បត់​ជាតិ លក់​ទឹក​ដី​ឲ្យ​ប្រទេស​វៀណាម។ ពុំ​គួរគប្បី​ឡើយ​ ដែល​អង្គការ​លី​កាដូធ្វើការ​ស្តី​បន្ទោស ឬតេះ​ដៀល​មកលើ​ចំណាត់​ការ​របស់​តុលាការ​ដែល​ជា​ស្ថាប័នឯករាជ្យនោះទេ​ ពី​ព្រោះ​ការ​ចោទ​ប្រកាន់​ និង​ចាប់​ឃុំ​ខ្លួន​​បុរសនោះ ​គឺធ្វើ​ឡើង​ដើម្បី​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិ​សុខ​សង្គម និង​បញ្ចៀសនូវ​ភាព​អាណាធិបតេយ្យ​។ ការ​ពោល​បែប​នេះ​ ដោយ​សំ​អាង​លើខ្លឹម​សារ​នៃ​ការ​ចោទ​ប្រកាន់​របស់​ki-media គឺបាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​មួល​បង្កាច់​ ប្រាស់​ចាកពី​ការ​ពិត​ និង​បាន​​ប៉ះ​ពាល់​ដល់​កិត្តិ​យសនៃ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាលកម្ពុជា ​ដែលជាសច្ចធម៌ប្រវត្តិ​សាស្ត្រ​​ឥស្ស​ជន​ដ៏ឆ្នើមទាំង​៣រូប​ រួម​មាន​សម្តេច​ហ៊ុន សែន សម្តេច​ ហេង សំ​រឹន និង​សម្តេច​ ជា ស៊ីម​​​​ គឺជាអ្នក​តស៊ូប្តូរផ្តាច់​ នាំ​មក​នូវ​ការ​រស់​រាន​មាន​ជី​វិត​ឡើង​វិញ​របស់ប្រជា​​ពល​រដ្ឋខ្មែរពី​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត និង​បាន​នាំ​ឲ្យ​មានការ​ផ្សះ​ផ្សា បង្រួប​បង្រួម​ជាតិ ឯកភាព​ទឹក​ដី​ ស្តារនិង​អភិវឌ្ឍ​ប្រទេសរីក​ចំ​រើន​ស្ទើ​គ្រប់​វិស័យ​។ ដូច្នេះ​គ្មាន​ហេតុ​ផល​ណានឹង​គួរត្រូវ​បាន​ស្តី​បន្ទោស ឬក៏​ប្រមាថ​ដល់អ្នក​ដែល​​រំ​ដោះ​ប្រទេសជាតិ​បាន​ហើយ ​បែរ​ជា​ត្រូវ​ជន​អគតិចោទ​ប្រកាន់​យ៉ាង​អយុត្តិ​ធម៌​បែប​នោះ​ឡើយ។

ការ​ចាប់​ខ្លួន​បុរសនោះ​ គឺ​ជា​សារ​មួយ​ ព្រមាន​ដល់​ជនឱកាសនិយម​មួយចំ​នួន​ ឲ្យ​ងាក​​មក​រក​ការ​គោរព​​និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ទប់​ស្កាត់​នូវ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​នៃការ​បញ្ចេញ​​មតិ​របស់​ខ្លួន​ហួសព្រំ​ដែន ដែលអាច​នឹង​នាំ​ឲ្យ​មានភាព​​ចលាចល ​​ជា​យថា​ហេតុ បង្កឡើង​ពី​ក្រុម​បំ​ផ្លិចបំ​ផ្លាញ​ជាតិ​​ទាំង​នោះ។​ ទំ​ហំ​នៃ​សន្តិ​ភាពនៅ​កម្ពុជាមាន​តម្លៃមហាសាល កាត់​ថ្លៃ​ពុំ​បាន​​​ គឺ​មិនត្រូវ​បាន​​អនុញ្ញាតឲ្យ​​កំ​ទេច​ដោយ​បាត​ដៃ​នៃជន​មួយ​ក្តាប់​តូច​បាន​ឡើយ​ ហេតុនេះ​ ​ចាំបាច់​ត្រូវ​តែមាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។

ពិត​ណាស់​ថា​ មាត្រា៤១នៃ​ច្បាប់​រដ្ឋធម្ម​នុញ្ញរបស់​​ព្រះ​រាជាណាចក្រ​កម្ពុជាបាន​ចែង​ថា​ប្រជាពល​រដ្ឋមាន​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិរបស់​ខ្លួន និង​សេរី​ភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ ប៉ុន្តែ​​ក្នុង​មាត្រាដដែល​នោះ​ក៏​បាន​បញ្ជាក់​យ៉ាង​​ច្បាស់ដែរ​ថា​ « ជន​ណាក៏ដោយ​មិន​អាចឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំ​លោភបំ​ពាន​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យសរបស់​អ្នក​ដ៏​ទៃ​ ដល់​ទំ​នៀម​ទំ​លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិ​សុខជាតិ​បាន​ឡើយ​»។ ដូច្នេះ​ បើ​យើង​និយា​យ​ពី​កំ​ហុសរបស់​ លោក សេង គុណ​ការ​ ប្រធាន​សន្តិ​សុខអង្គការ​ស្បៀង​អាហារ​ពិភព​លោក ក៏ដូច​ជា​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្សលី​កាដូម្នាក់ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​នៅ​ខេត្ត​តាកែវ ពី​បទ​បាច​ត្រាក់ជេរ
​ប្រមាថរាជ​រដ្ឋាភិបាល​ ជាពិ​សេសករណី​អំពើរំ​លោភច្បាប់​ក្នុង​ការ​ដក​បំ​ផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែនកម្ពុជា‑វៀត​ណាម​ ដោយ​មេបក្ស លោក សម រង្ស៊ី​ នាពេល​កន្លង​មក​ គឺជា​ការ​អនុវត្តត្រឹម​ត្រូវ​​តាម​ដំ​ណើការ​និង​និតិវិធី​​ច្បាប់​ ដែល​​កម្ពុជា​បាន​និង​កំ​ពុង​គោរព​គោល​ការណ៍​​​ប្រជាធិ​បតេយ្យ​ និង​ការ​ពង្រឹង​និតិ​រដ្ឋ។ ផ្ទុយ​ទៅ​វិញ​ ក្រុម​គណបក្សប្រឆាំង​ សម រង្ស៊ី ហើយ​ក្នុង​នោះ​ក៏​មាន​អង្គការលី​កាដូ​ផង​ដែរ​ ពុំ​​គួរគប្បី​គាំទ្រ​ជន​​ល្មើសច្បាប់​ ដែល​ពួក​គេបាន​ប្រើ​ពាក្យសម្តី​អសុរោះ ប្រមាថ តេះ​ដៀល​ និង​មួល​បង្កាច់​ថ្នាក់​ដឹក​នាំប្រទេស​បែប​នេះ​ឡើយ​។ សួរថា​ ចុះ​បើ​ពាក្យ​សម្តី​នេះ​ត្រូវ​បាន​គេ​​ប្រើ​ទៅ​លើ​ម្តាយ​​ ឳពុក ឬ​ក្រុម​គ្រួសាររបស់​ខ្លួន​វិញ​ តើ​អ្នក​មាន​ការ​ឈឺចាប់​ដែរ​ឬទេ? ជារួម​ក្រុម​ហ៊ុន សម រង្ស៊ី និង​លីកាដូ ឬក្រុម​ហ៊ុន«អ្នក​ប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់»​ ពួកគេបានប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​​​​ផ្ទុយ​ពី​ច្បាប់​ជា​និច្ច ធ្វើ​យ៉ាង​ណាឲ្យ​តែកើត​មាននូវភាពអាណាធិបតេយ្យ​ វឹក​វរ ជ្រួល​ច្របល់ក្នុ​ង​សង្គមជាតិ ឬផ្ដាច់​ការ​និយម​ ទើប​ត្រូវ​ជា​មួយនឹង​ចិត្ត​គំ​និត​របស់​ពួក​គេ។ នៅ​ប្រទេស​ណា​​ៗក៏ដោយ​ លើសកល​លោក ​ការ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​ គឺ​មិន​ត្រូវ​ឲ្យ​ហួសពី​ព្រំ​ដែន​នៃ​ច្បាប់​បាន​ទេ ក្នុង​នោះ​មាន​បណ្តាប្រទេស​ខ្លះ​គេបាន​ហាម​ឃាត់សិទ្ធិ​សេរី​ភាព​សព្វ​បែប​យ៉ាង​ ដូច​ជា​ការ​ស្តាប់​វិទ្យុ​ អាន​កាសែតប្រឆាំង​​ ប្រើ​ប្រាស់​អ៊ី​ធឺណេត និង​យុវជន​ហាម​មិន​ឲ្យ​និយាយគ្នាអំ​​ពី​រឿង​នយោបាយ​ទៀត​ផង ប៉ុន្តែ​ នៅ​កម្ពុជា​មិន​បាន​អនុវត្ត​របៀប​នោះ​ទេ​​​ គឺ​បាន​បើក​ចំ​ហរយ៉ាង​ទូ​លាយ​។

ប៉ុន្តែ​ បែ​ជា​ក្រុម​ជ្រុល​និយម​ ងុប​នឹង​ការ​ប្រឆាំង​ ឬពួក​ស្រេក​ឃ្លាន​អំ​ណាច​ បាន​នាំ​គ្នា​ប៉ុន​ប៉ង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​មហិច្ឆតា​ដ៏​ខ្មៅ​ងងឹត​ដើម្បី​ចង់​ហែក​សន្តិភាព​យក​មកចែក​គ្នា។

សូម​បញ្ជាក់​ថា ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌថ្មី និង​ក្រម​រដ្ឋប្បវេណី​ ​ដែល​បាន​ចូល​ជា​ធរមាន​នាពេល​ថ្មី​ៗនេះ​ គឺ​បានរៀប​ចំ​តាក់​តែង​ និង​ប្រើ​ពេល​វេលាយ៉ាង​យូរ​ និង​មាន​ការ​ចូលរួម​ពិ​គ្រោះយោបល់ពិ​និត្យពិ​ច័យ​គ្រប់​ជ្រុង​ជ្រោយ​​​ពី​ក្រុម​អ្នកជំ​នាញការ​​​ច្បាប់​ជាតិ​និង​អន្តរជាតិ​​ សង្គម​ស៊ី​វិល​ និង​រដ្ឋាភិ​បាល​​ រហូត​អនុម័ត​ និង​ចេញ​ព្រះ​រាជ​ក្រម​ឲ្យ​ប្រើ​ដោយ​ព្រះ​មហាក្សត្រ​ ក្នុង​បំ​ណង​ដើម្បី​ពង្រឹង​និតិរដ្ឋនៅ​កម្ពុជា ដែល​ក្នុង​សម័យ​ប៉ុល​ ពត​ ត្រូវ​បាន​បំ​ផ្លាញ​អស់​ដល់​ឬសគល់​នូវ​ច្បាប់​ទម្លាប់​ ក៏ដូច​ជា​វប្បធម៌ អរិយធម៌​។ ដូច្នេះ​ការ​គ្រប់​គ្រង​សង្គម​មួយដែលធានាបាន​នូវ​ស្ថេរភាព​ និង​សុខដុម​នីយកម្ម​ទៅ​បាន​ គឺ​អាស្រ័យ​ដោយ​រដ្ឋាភិបាល​មាន​ការ​ពង្រឹង​និង​អនុវត្ត​ច្បាប់​ ក៍ដូច​ជា​ខិត​ខំ​កសាង​អភិវឌ្ឍប្រទេស​ ហើយ​ការ​ដែល​ពួក​គេមាន​គំនិត​ខ្ទាស់​នឹង​ការ​យក​ច្បាប់​មក​អនុវត្ត​ គឺ​បាន​បញ្ជាក់​ពី​បំ​ណង​ និង​បែប​ផែន​របស់​ក្រុម​នោះ​ថា ​ពិត​ជា​ចង់​នាំ​ឲ្យ​ប្រទេស​ជាតិ​ជួប​នូវ​គ្រោះ​ថ្នាក់​ភ័យ​អន្តរាយ​។​ ជាមួយ​គ្នានោះ​គេបាន​កត់​សម្គាល់​ឃើញ​ថា​ ពួក​ក្រុម​សង្គម​ស៊ី​វិល​ប្រឆាំង​ក្តី​ គណបក្ស​ប្រឆាំង​ក្តី​បាន​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ដាក់សំ​ពាធមកលើ​រាជ​រដ្ឋាភិបាល​ ដោយ​ពេល​ខ្លះ​គេរិះ​គន់​ថា​ រដ្ឋាភិ​បាល​ប្រកាន់​យកទ​ម្លាប់​និទណ្ឌភាព​ និង​ជម្រុញ​ឲ្យ​មានការ​ចាត់​ការ​ទៅ​លើ​ជន​ល្មើសច្បាប់​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ និង​បែង​ចែក​អំ​ណាច​ឲ្យ​ដាច់​ពី​គ្នា​ ប៉ុន្តែ នៅ​ខណៈនេះ ​ពេលដែលតុលាការ​មាន​ចំណាត់​​​ការទៅ​លើ​ជន​បំ​ពាន​ច្បាប់​ ​បែរជា​ពួក​គេនាំ​គ្នាប្រតិកម្មប្រឆាំង​ទៅ​វិញ។

ជារួម​ការ​ដឹក​នាំ​ក្នុង​ក្រុម​ហ៊ុន​បក្សប្រឆាំង​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំ​នួន​ គឺ​គ្មាន​អ្វី​ជា​ការ​យក​មក​ធ្វើ​ជា​គំ​រូសម្រាប់​អនុវត្ត​ទេ​ គឺពួក​គេនាំ​គ្នាបង្កើត​បញ្ហា​ដើម្បី​ឡប់​ឡែ និង​បង្ក​អស្ថេរភាព​ បាក់​បែក​ផ្ទៃ​ក្នុង​និង​ការ​ឯកភាព​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រើសអើង​ពី​សំ​ណាក់​បរទេស​តែ​ប៉ុណ្ណោះ​ ។​ ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ ក៍​គេបាន​វាយ​តម្លៃ​ចំ​ពោះក្រុម​ប្រឆាំង​ដែល​ថា​ ពួក​គេបាន​បំ​ផុសឲ្យ​សកម្ម​ជន​ខ្លួន​ប្រព្រឹត្ត​ល្មើសច្បាប់ជាច្រើន​​ករណី​ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ ក្រុម​នេះ​បាន​យក​លេសចោទ​ប្រកាន់​មក​លើរាជ​​រដ្ឋាភិបាល​វិញ​ពី​ការ​បំ​បិទ​សិទ្ធិ​សេរី​ភាព​ និង​គាប​សង្កត់​លើ​ក្រុម​ប្រឆាំង​ដើម្បី​ទាញ​ចំ​ណេញ​នយោបាយ​ ។ ដូច្នេះ​ ក្រុម​ហ៊ុន​នោះ ប្រាកដជា​នឹង​ត្រូវ​បរាជ័យ​ ដួល​រលំ​ជា​បន្តបន្ទាប់​ គឺមិន​អាច​មាន​ឥទ្ធិ​ពលអ្វី​មក​​បោក​ប្រាស់​ឆន្ទៈរបស់​ប្រជាពល​រដ្ឋខ្មែរបាន​ឡើយ​៕
ពូន សំ​រេច