Friday, December 31, 2010

ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦

ស្ថាន​ភាព​ព្រំដែន​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ស្រុក​អូរ​ជ្រៅ សភាពការណ៍​​នៅ​ជា​ធម្មតា គ្រាន់​តែ​ភាគី​សៀម​បង្កើន​កង​កម្លាំង​បន្ថែម​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​យោធា​​ចំនួន​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​នៅ​តំបន់​នោះ​ទៅ​វិញ​ទៅ​មក។

កង​ទ័ព​នៅ​ជួរ​មុខ​បាន​ប្រាប់​ថា យើង​បាន​មើល​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា របស់​កង​ទ័ព​សៀម ហោះ​ចុះ​ឡើង រួច​ហើយ​ចុះ​ចត​នៅ​ចំ​ពី​មុខ​ច្រក​ជោគ​ជ័យ ដែល​ជា​កន្លែង​បន្ទាយ​កង​ទ័ព​ឈុត​ខ្មៅ​របស់​សៀម។ ទី​នោះ​ជា​បន្ទាយ​កង​រយ​ទ័ព​ឈុត​ខ្មៅ​លេខ​១២៦។ ក្រៅ​ពី​ឧទ្ធម្ភាគចក្រ យើង​ក៏​បាន​ឃើញ​រថពាសដែក​ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​កង​ទ័ព​៣​គ្រឿង​ផ្សេង​ទៀត បាន​បើក​ប្រ​ទ្រុយ​ចុះ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ។

លោក​ឧត្ដមសេនីយ៍​ប៊ុន សេង មេ​បញ្ជា​ការ​ភូមិ​ភាគ​៥ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​ទោះ​បី​ជា​គេ​ចល័ត​ទ័ព​ឬ​មាន​ឧទ្ធម្ភាគចក្រ​អម​ក៏​ដោយ សភាព​ការណ៍​មិន​តាន​តឹង​ទេ។ លោក​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ថា គេ​បន្ថែម​កង​ទ័ព​ដើម្បី​ទប់​កម្លាំង​បាតុករ ដែល​គ្រោង​មក​ចំណុច​ព្រំដែន​នេះ​តែ​ប៉ុណ្ណោះ។ លោក​ឧត្ដម​សេនីយ៍ ប៊ុន សេង បាន​បញ្ជាក់​ថា ខ្ញុំ​បាន​ជួប​ជាមួយ​មេ​បញ្ជា​ការ​​ភូមិ​ភាគ​១​របស់​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​យើង​បាន​សម្រួល​គ្នា​​ថា កង​ទ័ព​នៅ​តែ​សហការ​គ្នា​ល្អ រឿង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នក​​សម្រេច។

លោក​បាន​ប្រាប់​ទៀត​ថា ភាគី​ខាង​ទាហាន​ថៃ គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រួល​ដោះ​លែង​ដល់​ជន ជាតិ​ថៃ​៧​រូប​នោះ​ដែរ តែ​ខ្ញុំ​ប្រាប់​ថា វា​ហួស​សមត្ថភាព​របស់​ខ្ញុំ​ហើយ ព្រោះ​រឿង​នោះ​វា​ឡើង​ដល់​ប្រ ព័ន្ធ​តុលាការ​ ចំណែក​​ខ្ញុំ​ជា​កង​ទ័ព។

ដោយ​ឡែក​ក្រុម​បាតុករ​អាវ​លឿង ដែល​គ្រោង​ជាង​១​ពាន់​នាក់ មក​តវ៉ា​នៅ​ចំណុច​ព្រំដែន ខាង​លើ មិន​ឃើញ​មាន​វត្តមាន​មក​ដល់​​ព្រំដែន​ទេ តែ​កង​ទ័ព​ថៃ បាន​បង្កើន​កម្លាំង​ជា​ច្រើន​ទប់​ស្កាត់​នៅ​ជួរ​ខាង​មុខ

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាប់​ស៊ូថេប ឲ្យ​មក​ជួប​សម្ដេច​តេជោ ដោះ​ស្រាយ​បញ្ហា​ជន​ជាតិ​ថៃ​ទាំង​៧​រូប មុន​ពេល​តុលាការ​កាត់​ក្ដី



លោក​បានហាន ស៊ីលប៉ាអាចារ្យ ប្រធាន​ក្រុម​ទីប្រឹក្សា​គណបក្ស​ឆាតឆៃ បាតាណា និង​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ បាន​ប្រាប់​លោក​ស៊ូថេប​ ថងស៊ូបាន ឧបនាយក​រដ្ឋមន្រ្តី​ថៃ ឲ្យ​មក​​កាន់​ប្រទេស​​កម្ពុជា​ឲ្យ​បាន​ឆាប់ ​​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​​​​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ ដែល​​ត្រូវ​បាន​​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា។


លោក​ស៊ីលប៉ាអាចារ្យ បាន​លើក​ឡើង​ថា លោក​ស៊ូថេប គួរ​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់​ដើម្បី​ជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​នៃ​ព្រះ​​រា​ជា​ណា​ចក្រកម្ពុជា អំពី​ករណី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ។ លោក​ស៊ីលប៉ាអាចារ្យ បាន​ថ្លែង​ទៀត​ថា ការ​ជួប​ចរចា​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​ករណី​ជន​ជាតិ​​​ថៃ​ទាំង​៧​រូប​​នោះ ហើយ​បើ​កាន់​តែ​ឆាប់​គឺ​កាន់​តែ​ប្រសើរ។


ជន​ជាតិ​ថៃ​ទាំង​៧​រូប​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​ពី​បទ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។


លោក​កាស៊ីត ភិរម្យ រដ្ឋមន្រ្តី្ក​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ចរចា​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​នេះ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប៉ុន្តែ​មិន​មាន​ផល​វិជ្ជមាន​អ្វី​នោះ​ទេ គឺ​បាន​ត្រឹម​​តែ​ទុក​លទ្ធភាព​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ មិន​អាច​បុគ្គល​ណា​ម្នាក់​រំលោភ​ច្បាប់ កម្ពុជា​បាន​នោះ​ទេ