Saturday, December 31, 2011

បទអត្ថាធិប្បាយ​នយោបាយ ៖ បក្ស​សម រង្ស៊ី​ ប្រឌិត​រឿង​ចាប់​ខ្លួន​ ដើម្បីបិទ​បាំង​អំពើ​ខុសច្បាប់



          ជាកលល្បិចនយោបាយថ្មីមួយទៀតបង្កើតឡើងដោយថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី​ ​ដើម្បីបិទបាំងអំពើខុសច្បាប់របស់ខ្លួន​​ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សនេះ​​ បានបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន២៦៦០រូបនៅទូទាំងប្រទេសឱ្យស្បថថា ត្រូវតែបោះឆ្នោតឱ្យបក្ស និងទូរស័ព្ទដៃនឹងត្រូវដកហូតគ្រប់គ្នា មួយថ្ងៃមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​​ ស្រាប់តែមានការប្រឌិតនូវព័ត៌មានចចាអារាមមួយដែលនាំឱ្យមានការភ្ញាក់ផ្អើលដល់មហាជន គឺលោកស្រីមូរ សុខហួរនិយាយបំភ្លើសថាលោក ជួងជូងីមេធាវីរបស់គណបក្សសម រង្ស៊ី​ ​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ និងបញ្ជូនទៅមន្ទីរឃុំឃាំង
          លោកស្រីមូរ សុខហួរ តំណាងរាស្ត្រមណ្ឌលកំពតរបស់គណបក្សសម រង្ស៊ី បានប្រាប់ទៅអ្នកសារព័ត៌មាននៅឯខាងមុខសាលាដំបូងខេត្តកណ្តាល​​ថា​​«នៅវេលាម៉ោង និង៥០នាទី ព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០១១ លោកមេធាវីជួង ជូងី​​ បានទូរស័ព្ទមកប្រាប់ក្រុមគ្រួសាររបស់គាត់ថា រូបគាត់ត្រូវប៉ូលីសចាប់ខ្លួនហើយ នៅម្តុំព្រែកក្តាម តាមផ្លូវទៅខេត្តកំពង់​​ឆ្នាំងសូមជួយគាត់ផង លោកស្រីមូរ សុខហួរបានឱ្យដឹងទៀតថា​ « រហូតមកដល់ពេលនេះទូរស័ព្ទរបស់គាត់​(​ជួង ជូងី)​​ទាំងពីរប្រព័ន្ធមិនអាចទំនាក់ទំនងបានទេ ដូច្នេះមានន័យថាគាត់ ត្រូវបានគេចាប់ហើយ» លោកស្រីមូរ សុខហួរបានបន្តថា លោកស្រីដឹងច្បាស់ថា មានការចាប់ខ្លួនពីព្រោះបើតាម​​​មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានប្រាប់លោកស្រីថាគេបានឃើញលោកមេធាវីជួងជូងី កំពុងស្ថិតនៅក្នុងការិយាល័យអនុវត្តដីការបស់ឧត្តមសេនីយ៍ ម៉ក់ជីតូដែលជាប្រធានអង្គភាពនោះ កាលពីព្រឹកថ្ងៃទី​​ ខែ ធ្នូ ឆ្នាំ ២០១១។
          មុននេះមួយថ្ងៃ គណបក្សសម រង្ស៊ីបានផ្ទុះឡើងនូវ​​រឿងអាស្រូវអំពីការបញ្ជាតាមទូរស័ព្ទពីក្រៅប្រទេសមកឱ្យសមាជិករបស់ខ្លួនស្បថ និងដកហូតទូរស័ព្ទដៃ។  ប៉ុន្តែមួយថ្ងៃបន្ទាប់មក មានការ​​ប្រឌិតព័ត៌មានភូតកុហក​​ ដែលគេអាចគិតថាត្រូវបានបង្កើតឡើងក្នុងបំណងដើម្បី​​បង្វែសភាពការណ៍បិទបាំងអំពើបំពានច្បាប់បោះឆ្នោត​ ​និងការ​​រំលោភសិទ្ធិមនុស្សជាសកល មកជាការបង្កើតពាក្យចចាមអារ៉ាមជុំវិញរឿងចាប់ខ្លួននេះឡើង អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីមួយចំនួននាំគ្នាធ្វើហាក់ដូចជាជ្រួលច្របល់អន្ទះសារស្វះស្វែងទៅរកជួបលោកជួងជូងីនៅខាងមុខសាលាដំបូង​​ខេត្តកណ្តាល ប៉ុន្តែទង្វើទាំងនោះវាគ្រាន់តែជាការបោកបញ្ឆោតសាធារណមតិ ដើម្បីបំរើនយោបាយឡប់ឡែ បង្កភាពចលាចល​​ និងការលើកតំកើងជនខិលខូចឱ្យល្បីឈ្មោះតែប៉ុណ្ណោះ​​ ការពិតគ្មានការចាប់ខ្លួនណាមួយលើរូបលោកជួងជូងីឡើយ
ប្រភពព័ត៌មានផ្លូវការពីក្រុមអ្នកជំនាញស្រាវជ្រាវរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច​​​​ ដែលរួមមានមន្ត្រីនគរបាលជាតិរបស់​​ក្រសួងមហាផ្ទៃ មន្ត្រីសាលាដំបូង​​ខេត្តកណ្តាលកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​​ស្នងការនគរបាលខេត្តកំពង់ឆ្នាំងគ្រប់គ្នាសុទ្ធតែបានបញ្ជាក់ថា មិនមានព័ត៌មានអំពីការចាប់ខ្លួនណាមួយទៅ​​លើមេធាវីរូបនេះទេ​  ពីព្រោះគ្មានបញ្ជាហើយថា តុលាការក៏​​មិនបានចេញដីកាចាប់ខ្លួន​​ដែរប៉ុន្តែ សាលាដំបូងខេត្តកណ្តាល គ្រាន់តែមាន​​ចេញដីកាឱ្យលោកជួង ជូងីចូលខ្លួនមកបំភ្លឺដោយខ្លួនឯងតែប៉ុណ្ណោះមិនមែនឱ្យចាប់ខ្លួនទេ
ការពិតជាក់ស្តែងត្រូវបានលាតត្រដាង​ ​ គឺនៅព្រឹកថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១១ ដោយសារលោកមេធាវីជួង ជូងីបានបង្ហាញខ្លួននៅទីស្នាក់ការកណ្តាល​​គណបក្សសម រង្ស៊ីស្ថិតនៅសង្កាត់ចាក់អង្រែ ក្រុងភ្នំពេញនិងបានធ្វើសន្និសីទសារព័ត៌មានបកស្រាយពាក់ព័ន្ធនឹងករណីនោះថាមិនមានការចាប់ខ្លួនលោកបានទេ​​ ប៉ុន្តែលោកថាមានការស្ទាក់ចាប់លោកមែនតែចាប់មិនបាន។នេះគ្រាន់តែជាការអះអាងរបស់លោកជួងជូងីតែប៉ុណ្ណោះប៉ុន្តែបញ្ហានេះអ្នកវិភាគមួយចំនួននិយាយថាវាអាចជាការភូតកុហកទាំងស្រុង​​ ពីព្រោះវាមិនទំនងបន្តិចសោះដោយយល់ថា​ «ប្រសិនបើសមត្ថកិច្ចអនុវត្តដីកាចាប់ខ្លួនមែននោះ គឺមេធាវីរូបនេះមិនអាចរត់គេចខ្លួនបានឡើយ បើគេដឹងថារូបគាត់​(​មេធាវី)កំពុងធ្វើដំណើរនៅក្នុងរថយន្តបែបនេះ​​​»
ម៉្យាងទៀតក្នុងសន្និសីទសារព័ត៌មានមេធាវីរូបនេះហាក់ដូចជាបានធ្វើផ្ទុយពីវិជ្ជាជីវៈមេធាវី ពីព្រោះ​​គាត់បានយកទីតាំងគណបក្សនយោបាយធ្វើសន្និសីទកាសែតដែលលោកជួង ជូងី សព្វថ្ងៃគាត់ជាសមាជិករបស់គណៈមេធាវីដែលជាអង្គការឯករាជ្យមួយ ហើយម៉្យាងទៀតការដែលមេធាវីរូបនេះបានថ្លែងថាលោកនឹងកោសក់ស្លៀកពាក់ ដើម្បីសម្មាធិ ស្វែងរកយុត្តិធម៌នោះគឺរិតតែមិនមែនត្រឹមត្រូវតាមគោលការណ៍ព្រះពុទ្ធសាសនាទៀតពីព្រោះអ្នកបួសក្នុងសាសនានេះគឺមិន​​​ត្រូវជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយក៏ការសងសឹកទេ។
ប៉ុន្តែ បើពិនិត្យពីឥរិយាបថរបស់មេធាវីរូបនេះគឺបានដើរប្រាស់ចាកទាំងស្រុងពីគន្លងដ៏ល្អនោះ ផ្ទុយទៅវិញពិតជាបុគ្គលដែលបាននិងកំពុងបំរើឱ្យ​​នយោបាយគណបក្សសម ង្ស៊ី ហើយបាននិងកំពុងប្រឈមបញ្ហាផ្លូវច្បាប់ជាមួយអ្នកតំណាងរាស្ត្រចាន់ ចេងដែលបានរត់គេចខ្លួនទៅក្រៅប្រទេសដោយថ្មីៗនេះអ្នកទាំងពីបានធ្វើសកម្មភាពរំដោះសកម្មជនគណបក្សសម រង្ស៊ីលោក មាស ប៉េងឱ្យ​​រត់គេចពីពន្ធនាគារខេត្តកណ្តាល
 ដូច្នេះ ទង្វើណាមួយរបស់លោកជួង ជូងីក្នុងដំណាក់កាលនេះគឺគ្រាន់តែជាការសម្តែងឆាកល្ខោនដើម្បីទាក់ទាញប្រជាប្រិយភាពខ្លួនឯង និងជួយបិទបាំង​​អំពើ​​ខុសច្បាប់របស់គណបក្សសម រង្ស៊ីតែប៉ុណ្ណោះដោយហេតុថាគណបក្សសម រង្ស៊ីទើបតែនឹងទទួលរងនូវការរិះគន់និងស្តីបន្ទោសជាខ្លាំងពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​  និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន​     ដែលបានសំដែងប្រតិកម្មជុំវិញគម្រោងការប្រព្រឹត្តអំពើ​​រំលោភសិទ្ធិមនុស្សនិងបំបិទសិទ្ធិបញ្ចេញមតិដោយសារតែមេដឹកនាំគណបក្សសម រង្ស៊ី តម្រូវឱ្យសមាជិកសមាជិការក្រុមប្រឹក្សាឃុំ សង្កាត់ស្បថថាពួកគេត្រូវតែបោះឆ្នោតឱ្យគណបក្សនេះហើយព្រមទាំងគំរាម​​ដកហូតទូស័ព្ទ​​ដៃរបស់ពួកគេនៅមុនថ្ងៃបោះឆ្នោតព្រឹទ្ធសភាមួយថ្ងៃ។
ជាមួយនឹងការហៅអំពើនោះថាជាការរំលោភសិទ្ធិមនុស្សជាសកល មិនមែនសំរាប់តែបក្សនយោបាយមួយទេ ​​សម្តេចតេជោហ៊ុន សែនបាន​​អំពាវនាវឱ្យសមាជិកគណបក្សសម រង្ស៊ីពិចារណានូវទង្វើរបស់មេដឹកនាំនយោបាយរបស់ខ្លួនដែលចាត់ទុកអស់លោកដូចជាអ្នកទោស​» សម្តេច បានបន្តថា​ «វាពិតជាបញ្ហាដ៏ធ្ងន់ធ្ងដែលពួកគេបង្ខំឱ្យអស់លោកស្បថហើយបន្ទាប់មកដកហូតទូរស័ព្ទដៃរបស់អស់លោកនោះ វាប្រៀបដូចជាអ្នក​​ទោសគុកឥតជញ្ជាំងក្នុងរបបខ្មែរក្រហមអីចឹង​»
ក្នុងបញ្ហានេះសូម្បីតែក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលធ្លាប់តែមាននិន្នាការគាំទ្របក្សប្រឆាំងក៏បានសំដែងក្តីកង្វល់ជុំវិញសកម្មភាពទាំងពីរនេះដែរ ដោយពួកគេបានហៅទង្វើនេះថារំលោភច្បាប់បោះឆ្នោតនិងគោលការណ៍នៃការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ជាមួយនេះអង្គការទាំងនោះពួកគេក៏បាន​​អំពាវនាវឱ្យគណបក្សសម រង្ស៊ី​ ​ត្រូវតែគោរពឆន្ទៈរបស់អ្នកបោះឆ្នោតផងដែរ។
ការទទួលរងនូវសម្ពាធដ៏ខ្លាំងបែបនេះហើយ បានជាមានការប្រឌិតបង្កើតឡើងនូវរឿងចាប់ខ្លួនមេធាវីជួងជូងីដោយអ្នកតំណាងរាស្ត្រ មូរ សុខហួរ ប៉ុន្តែទីបំផុតដំណឹងនោះគឺជាការមិនពិត
 តាមរយៈការប្រើមធ្យោបាយកេងចំណេញនយោបាយយ៉ាងនេះត្រូវបានមជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាគេអាចយល់បានថាគណបក្សប្រឆាំងបាននិងកំពុងប្រើល្បិចកលបង្ករបង្កើតនូវភាពចលាចល​​ក្នុងសង្គមហើយអ្នកតំណាងរាស្ត្រអាចនឹងមានការឃុបឃឹតគ្នាជាមួយមេធាវីរូបនេះក្នុងការ​​បង្កើបញ្ហាថ្មី​  ​ដើម្បីបិទបាំង​​អំពើរំលោភច្បាប់ក្នុងគណបក្ស និងដើម្បីបង្វែសភាពការណ៍ពីពណ៌ខ្មៅឱ្យទៅប្រផេះ​​ ប៉ុន្តែ រាល់សកម្មភាពទុច្ចរិតទាំងនេះមិនអាចលាក់បាំងពីក្រសែភ្នែករបស់មហាជនបានឡើយ  
ក្នុងន័យថា បើពួកគេនាំគ្នាចោទប្រកាន់ថារដ្ឋាភិបាលសព្វថ្ងៃបំភិតបំភ័យនិងរំលោភលទ្ធិប្រជាធិបតេយ្យ សួរថាហេតុអ្វីបានជា បក្សប្រឆាំងនាំគ្នាបំប៉ោងរឿងមិនពិត បោកប្រាស់ប្រជាពលរដ្ឋនិងពេលចុងក្រោយនេះចេញនូវបទបញ្ជារំលោភលើសិទ្ធិស្របច្បាប់របស់សមាជិកបក្សខ្លួនឯងទៅវិញ?​ សូម្បីតែក្រុមអង្គការសង្គមស៊ីវិលជាច្រើនដែលធ្លាប់តែប្រឆាំងជាមួយនឹង​​រដ្ឋាភិបាលក៏បានចេញមកសំដែងការគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន​​ ដែលថ្លែងរិះគន់ចំបញ្ហាទៅលើយុទ្ធសាស្ត្ររបស់គណបក្សសម រង្ស៊ី​  ដែលបានតម្រូវឱ្យសមាជិករបស់ខ្លួនស្បថ និងដកហូតទូរស័ព្ទដៃនៅមុនពេលបោះឆ្នោតនោះផងដែរ នេះគឺជាការវាយនឹងដំបងសំពងដោយព្រនង់ ត្រូវ​​ចំកណ្តាលក្បាលមេដឹកនាំគណបក្សប្រឆាំងបន្ថែមពីលើទោសទណ្ឌដែលកំពុងមាននាពេលសព្វថ្ងៃ៕

ដោយៈ សាន ពន្លក