Wednesday, January 5, 2011

អ្នក​ខេត្តស្រះកែវ ទប់ស្កាត់​​ពួកអាវ​លឿង​​...អនុញ្ញាត​ឱ្យតែ​តំណាង​៧​នាក់​ប៉ុណ្ណោះ ​ចូលទៅ​ខ្សែ​បន្ទាត់ព្រំដែន

(ទាហាន​​ការពារព្រំដែន​​កម្ពុជា)
ព្រំដែន​គោកធ្យូង​ទឹកដីថៃ ​៖ ​ក្រុម​អ្នក​តវ៉ា​​អាវលឿងរាប់រយនាក់​​ដែល​មានបំណង​​សំរុក​ចូល​​​ទៅកាន់ឃុំគោកធ្យូង ខ្សែ​បន្ទាត់ព្រំដែន​​ទឹក​ដី​​ថៃ ចង់មើល​​ទីតាំង​ដែលសមត្ថ​កិច្ច​​កម្ពុជា​ចាប់​ខ្លួន​​ពលដ្ឋ​​របស់ពួកគេ​​៧​នាក់នោះ ត្រូវបាន​ទប់​ស្កាត់​​​នៅវេលាម៉ោង​​ប្រមាណ​​១រសៀល ​ថ្ងៃទី​៥ មករា ​២០១១ ​ត្រង់ចំណុចភូមិ​​​អាង​សិលា (ថៃ) ​ដោយពលរដ្ឋ​​អ្នកស្លូតត្រង់​​រស់នៅ​ក្នុងខេត្តស្រះ​កែវ ​ប្រទេស​ថៃ ។ ដោយសារតែ​​មានការ​ទប់ស្កាត់ពីសំណាក់​​ពលរដ្ឋ​​ថៃ​រស់នៅក្នុង​​ខេត្តស្រះកែវ ​ទៅលើពួក​អាវ​លឿង​​រាប់រយនាក់ មិនឱ្យ​ចូលទៅកាន់ឃុំ​​គោក​ធ្យូងនោះ បាន​​បង្ក​ឱ្យមាន​ការ​ប្រទូស្ត​រ៉ាយ​​យ៉ាងខ្លាំង​​ស្ទើរតែ​​ប្រើហិង្សា​​ដាក់គ្នា​ទៅហើយ ​រវាង​​អ្នក​ខេត្តស្រះកែវ និង​ក្រុម​និយមជ្រុល​​អាវ​លឿង​...​​ប៉ុន្តែ​ភ្លាមៗ​​នោះកំលាំង​​ចំរុះរបស់ថៃ បាន​សំរបសំរួល​​សុំ​ឱ្យ​មានតំណាង​ពួកអាវលឿង ៧​នាក់ ​ចូលទៅ​កាន់ឃុំ​​គោកធ្យូង ខ្សែ​បន្ទាត់​ព្រំ​ដែនថៃ​នោះ​វិញ​ ​ទើបពួកប្រឆាំង​​អាវ​លឿង និង​អ្នកខេត្ត​ស្រះកែវ វិលទៅរកភាព​ធូ​រ​ស្រាល​ ។​ មកដល់​វេលាម៉ោង​​ជិត​៤រសៀល​​ថ្ងៃទី​៥ មករា ២០១១ គេ​ឃើញ​តំណាងក្រុម​ជ្រុល​និយម​​អាវលឿង​​៧​នាក់ រួមជាមួយ​លោក​​សានិត ​ណាត់​​ស៊ុកស៊ី អភិបាលខេត្តស្រះកែវ និងមេ​បញ្ជា​ការ​​រង​កងទ័ព​ជើងគោល​ឈ្មោះ​​វ៉ាលីត បានចូល​ទៅ​កាន់​ខ្សែបន្ទាត់​​​ព្រំដែន​ឃុំ​គោកធ្យូង ហើយ​សម្លឹង​​មើល​ទៅបង្គោល​​ព្រំដែនលេខ​​៤៦ ទីដែល​សមត្ថ​កិច្ច​កម្ពុជាចាប់​​ខ្លួន​ពលរដ្ឋ​ថៃ​​៧​នាក់​នោះ ​ទើប​​ពួក​គេ​អស់ចិត្ត បន្ទាប់មក​ក៏​​ចាកចេញ​​ទៅវិញភ្លាមៗ​ដោយមាន​​ទាហាន​​ការពារព្រំដែន​​ថៃ​បាន​ចាប់​ដៃ​រលាក់​សួស្តី​​​គ្នាជាមួយ​ទាហាន​​ការពារព្រំដែន​​កម្ពុជាផងដែរ ។​ សូមបញ្ជាក់​ថា មុនពេល​តំណាង​ពួកអាវ​លឿង​​បានចូលទៅដល់ឃុំ​គោកធ្យូង ខ្សែ​បន្ទាត់​ព្រំដែន​​នោះ គឺកាល​ពីវេលា​​ម៉ោង​១​រសៀល​​ថ្ងៃទី​​៥ មករា ​២០១១ មើលពីព្រំដែន​​ម្ខាង​​នៃឃុំ​អូរបីជាន់ ទឹកដីកម្ពុជា ទៅរក​ឃុំ​គោក​​ធ្យូង ទឹក​ដីថៃ​ គេឃើញ​តម្រួត​ព្រំដែន​​ថៃ​រាប់​សិប​នាក់​បាន​រាយ​បន្លា​លួស​​លាត​សន្ធឹង​​យ៉ាង​វែង​នៅ​លើខ្សែ​បន្ទាត់​ព្រំដែន​​របស់ថៃ​​ចំងាយ​ប្រមាណ​ជាង​​២០០ម៉ែត្រ ​ពីបង្គោល​ឡាក់លេខ​​៤៦ ដើម្បី​ការពារ​ទប់ស្កាត់​មិន​ឱ្យ​ពួកអាវ​លឿង​ចូល​​ទៅ​​​​រញ៉េរញ៉ៃ​​នៅ​​តាម​ខ្សែ​បន្ទាត់ព្រំដែន ។​ ​បានជា​​មានការ​រាយបន្លា​លួស​បែបនេះ ព្រោះ​គេ​​ដឹង​ថា ពួកអាវ​លឿង​រាប់​រយនាក់​កំពុង​​ធ្វើ​ដំណើរ​​តាមផ្លូវ​​សំរុក​ចូលមក​​ឃុំគោកធ្យូង​​ទឹក​ដី​ថៃ​​ ដើម្បី​​ពិនិត្យ​​មើល​បង្គោល​​ព្រំដែនលេខ​​​៤៦ ទី​ដែល​សមត្ថ​កិច្ច​​កម្ពុជា​​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​​ពល​រដ្ឋ​ថៃ​​៧​នាក់​ ក្នុងនោះ​​មានតំណាង​រាស្ត្រ​​ម្នាក់​ផង​ចូលលុកលុយ​​ប្រទេស​កម្ពុជា​ដោយខុសច្បាប់ ៕
 
(ក្រុម អ្នក​តវ៉ា​​អាវលឿងដែល​មានបំណង​​សំរុក​ចូល​​​ទៅកាន់ឃុំគោកធ្យូង ខ្សែ​បន្ទាត់ព្រំដែន​​ទឹក​ដី​​ថៃ
ត្រូវបាន​ទប់​ស្កាត់​​​ ដោយតម្រួត​ព្រំដែន​​ថៃ)
(តម្រួត​ព្រំដែន​​ថៃ​រាប់​សិប​នាក់​បាន​រាយ​បន្លា​លួស​​លាត​សន្ធឹង​​យ៉ាង​វែង​នៅ​លើខ្សែ​បន្ទាត់​ព្រំដែន​​
របស់ថៃ​​ចំងាយ​ប្រមាណ​ជាង​​២០០ម៉ែត្រ ពីបង្គោល​ព្រំដែនលេខ​​៤៦)

(ទាហាន​​ការពារព្រំដែន​​កម្ពុជា)

តម្រួតព្រំដែន​ថៃ​ដាក់​ពង្រាយ​​បន្លា​លួស​ទប់ស្កាត់​​ពួកជ្រុលនិយម​​អាវលឿង​​កុំ​ឱ្យ​​​ចូលមក​​បង្គោលព្រំដែនលេខ​៤៦

ព្រំដែន​​ឃុំអូរបីជាន់ ៖ ​មកដល់​​ម៉ោង​១​រសៀល​​ថ្ងៃទី​​៥ មករា ​២០១១ មើលពីព្រំដែន​​ម្ខាង​​នៃឃុំ​អូរបីជាន់ ទឹកដីកម្ពុជា ទៅរក​ឃុំ​គោក​​ធ្យូង ទឹកដីថៃ​ គេឃើញ​តម្រួត​ព្រំដែន​​ថៃ​រាប់​សិប​នាក់​បាន​រាយ​បន្លា​លួស​​លាត​សន្ធឹង​​យ៉ាង​វែង​នៅ​លើខ្សែ​បន្ទាត់​ព្រំដែន​​របស់ថៃ​​ចំងាយ​ប្រមាណ​ជាង​​២០០ម៉ែត្រ ​ពីបង្គោល​ព្រំដែនលេខ​​៤៦ ដើម្បីការពារ​ទប់ស្កាត់​មិន​ឱ្យ​ពួកអាវ​លឿង​ចូល​​ទៅ​​​​រញ៉េរញ៉ៃ​​នៅ​​តាម​ខ្សែ​បន្ទាត់ព្រំដែន ។​
បានជា​​មានការ​រាយបន្លា​លួស​បែបនេះ ព្រោះ​គេ​​ដឹង​ថា ពួកអាវ​លឿង​រាប់​រយនាក់​កំពុង​​ធ្វើ​ដំណើរ​​តាមផ្លូវ​​សំរុក​ចូលមក​​ឃុំគោកធ្យូង​​ទឹក​ដី​ថៃ​​ ដើម្បី​​ពិនិត្យ​​មើល​បង្គោល​​ព្រំដែនលេខ​​​៤៦ ទី​ដែល​សមត្ថ​កិច្ច​​កម្ពុជា​​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​​ពល​រដ្ឋ​ថៃ​​៧​នាក់​ ក្នុងនោះ​​មានតំណាង​រាស្ត្រ​​ម្នាក់​ផង​ចូលលុកលុយ​​ប្រទេស​កម្ពុជា​ដោយខុសច្បាប់ ៕
 
( រូបថត អរុណ​) 
តម្រួត​ព្រំដែន​​ថៃ​រាប់​សិប​នាក់​បានទប់ស្កាត់​មិន​ឱ្យ​ ពួកអាវ​លឿង​ចូល​​ទៅ​​​​រញ៉េរញ៉ៃ​​នៅ​​តាម​ខ្សែ​បន្ទាត់ព្រំដែន

ថ្ងៃស្អែក​នេះ​​តុលាការ​នឹង​បង្គាប់​​ឱ្យនាំ​​ខ្លួនពល​រដ្ឋថៃ​ខុសច្បាប់​​៧​នាក់ មកសាក​សួរ​​ដើម្បី​​ដាក់បន្ទុក​​បន្ថែមទៀត

 
សេចក្តី​រាយការណ៍​ពី​​សាលា​ដំបូង​រាជធានីភ្នំពេញ​​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ មករា ២០១១ ស្អែកនេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បានបង្គាប់​​ឱ្យនាំខ្លួន​ជន​ជាតិ​ថៃ​​៧​នាក់ ដែលអាជ្ញាធរ​​​ខ្មែរ​ចាប់ខ្លួនពី​បទ​ឆ្លងដែន​​ចូលក្នុង​ទឹកដី​​កម្ពុជា ដោយខុសច្បាប់ មកធ្វើ​ការសាក​សួរ​​​បន្ថែមទៀត ។ កាលពី​ថ្ងៃទី​​៤ មករា ២០១១ ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោកជីវ កេង បាន​​ប្រាប់​​កោះសន្តិភាព​​តាមទូរស័ព្ទ​​​​ថា ​ជនជាតិថៃ​​៧​នាក់នេះ សាលា​ដំបូង​មិនមែន​ហៅ​មកសួរចំលើយ​​​ទេ ប៉ុន្តែ​ហៅមកសាកសួរ​​បន្ថែម​​ទាក់ទង​​នឹងការឆ្លង​ដែន​ចូលក្នុងទឹកដី​កម្ពុជាដោយខុសច្បាប់ ។ ​លោក​បន្ត​ថា មក​ទល់​នឹង​​ពេលនេះ យើងប្រមូល​បាន​ភស្តុ​តាង​មួយ​ចំនួន​​រួចហើយ ​ពាក់ព័ន្ធ​​​នឹង​ការ​ឆ្លងដែន​ខុសច្បាប់​​របស់​​ជនជាតិសៀម​​ទាំង​៧​នាក់នេះ ។
ពីប្រទេសថៃ​​ឯណោះវិញ ​កាលពីថ្ងៃ​ទី​៤ មករា ២០១១ ​គេហទំព័រ​​​បាងកកប៉ុស្តិ៍​​បាន​ចាក់​ផ្សាយ​​នូវវីដេ​អូ​ឃ្លីប​​មួយ​បញ្ជាក់​ថា លោក​ផានិច ​វីគីតសេត ​តំណាង​រាស្ត្រ​​ថៃ ដែលជាប់​​ចោទ​​ចូល​ក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់​នោះ​ ត្រូវបាន​​លោក​​នាយករដ្ឋ​មន្ត្រីថៃ​​អាប់ភីស៊ីត ចាត់​បញ្ជូន​​​ឱ្យ​មក​កាន់ព្រំដេន​​ខ្មែរ-​ថៃ នៅមុនពេល​​ដែល​អាជ្ញាធរ​​ខ្មែរ​ចាប់​ខ្លួន ។ វីដេអូឃ្លីប​​នោះបានបង្ហាញ​ថា ​​​រូបលោក​ផានិច វីគីតសេត​ កំពុង​និយាយ​ទូរស័ព្ទ​​​ទៅកាន់​លេខាធិ​ការ​របស់គាត់ ដើម្បី​ឱ្យ​​ប្រាប់​បន្ត​ទៅ​លេខា​​ធិការ​របស់​​លោក​នាយករដ្ឋ​មន្ត្រី​​​អាប់​ភី​ស៊ីត វីចាជីវ៉ា គឺ​លោក​ស៊ុម​គាត ​ក្រុងវឌ្ឍនា​ស៊ុក ឱ្យ​​ប្រាប់​​លោក​​​អាប់​ភីស៊ីត ​​ផង​ថា លោកកំពុង​ស្ថិត​ក្នុងទឹកដី​កម្ពុជាហើយ ប៉ុន្តែ​លោកតំណាង​រាស្ត្រ​ជាប់ចោទ​​រូបនេះ​បែរជា​​ប្រាប់​លេខាធិការ​​របស់គាត់ មិន​ឱ្យ​ប្រាប់​​អ្នក​ណា​ថា គាត់កំពុង​មាន​វត្តមាន ​ស្ថិតនៅ​​ក្នុង​ទឹក​​ដី​​​កម្ពុជានោះទេ ។
លើសពីនេះ​ទៀត លោក​តំណាង​​រាស្ត្រ​​​​ថៃ​​ជាប់​ចោទ​​​ក៏បាន​និយាយ​​ទូរស័ព្ទ​​ប្រាប់លេខាធិការ​​របស់គាត់ ឱ្យប្រាប់​លេខាធិការ​​លោកអាប់ភីស៊ីត ​ទៀត​ថា សូម​ឱ្យ​នាយករដ្ឋ​មន្ត្រី​​​ថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា ​ជួយអន្តរាគមន៍​​​មកលើ​រូប​គាត់​ផង ប្រសិនបើ​​​មានបញ្ហា​ ពីព្រោះ​​លោកតំណាង​​រាស្ត្រ ជាប់ចោទ​រូប​នេះ​បានដឹង​​ជា​មុនហើយ​ថា អា​ច​នឹង​មាន​​បញ្ហា​​​ពេលដែលគាត់​ចូលក្នុងទឹកដី​​​កម្ពុជា​នេះ ជាក់ជាមិនខាន​​ ។ ប៉ុន្តែ​ម៉ោង​ក្រោយ​ការបង្ហាញ​​នូវវីដេអូឃ្លី​ប​នេះ លោកនាយករដ្ឋ​មន្ត្រី​​ថៃ អាប់ភីស៊ីត វ៉េ​ចាជី​វ៉ា ​បានទទួលស្គាល់​​ថា រូបលោក​ពិតជា​​បាន​ចាត់​បញ្ជូន​លោក​តំណាង​រាស្ត្រ​​​ជាប់ចោទ​​ទៅកាន់ព្រំ​ដែន​ខ្មែរ-ថៃ​មែន ប៉ុន្តែ​​​មិនបានដឹង​ថា លោក​ផា​និច វីគីតសេត នៅទីកន្លែង​ណា​នោះទេ 
ដោយ ៖ កោះឯករាជ្យ

កម្ពុជា បង្កើន​កម្លាំង ខណៈ​បាតុករ​អាវ​លឿង​ថៃ លើកគ្នា មក​កាន់​តំបន់​ព្រំដែន តែ​ត្រូវ​រារាំង

នៅ​ព្រឹក​ថ្ងៃទី​៥​មករា ឆ្នាំ​២០១០​នេះ នៅ​ចំណុច​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​បង្គោល​ព្រំដែន​កម្ពុជា​-​ថៃ លេខ ៤៦ និង ៤៧ កងកម្លាំង​កម្ពុជា ត្រូវបាន​បង្កើន​ច្រើន ដោយ​ក្នុង​នោះ មាន​កង​កម្ម៉ង់ដូ កម្លាំង​នគរបាល និង​ប៉េ​អឹម ត្រូវបាន​បញ្ជូន​ទៅ​កាន់​ព្រំដែន​ ។ ការបង្កើន​កម្លាំង​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ចំណុច​ភូមិ​ជោគជ័យ​របស់​កម្ពុជា និង​ភូមិ​ណង​ចាន់ របស់​ថៃ ដើម្បី​ការពារ កុំ​ឲ្យ​បាតុ​ក​រអាវ​លឿង​ថៃ រុលចូល​ទឹកដី​កម្ពុជា ដែល​ក្រុម​ជ្រុលនិយម​ថៃ​ទាំងនោះ ចាត់ទុកថា ជា​ទឹកដី​របស់​ថៃ ​។​

​    ​ប្រភព​ពី​ជាយដែន បានបញ្ជាក់​ថា ការបង្កើន​កម្លាំង​កម្ពុ​ជា នៅ​ទល់ដែន​ថៃ​នេះ គឺ​ទប់ទល់​នឹង​បាតុករ​អាវ​លឿង​ថៃ ហើយ​បើ​បាតុករ​ទាំងនោះ ចូល​ទឹកដី​កម្ពុជា គឺ​យើង​មិន​ប្រើ​អាវុធ​ទប់ទល់​ឡើយ តែ​យើង​ប្រើកម្លាំង ចាប់ខ្លួន​បាតុករ​ថៃ​ទាំង​នោះ ហើយ​បញ្ជូន​ទៅកាន់​ទោស ក្នុង​តុលាការ ដូច​ករណី​ជនជាតិ​ថៃ ៧ នាក់ ដែល​ត្រូវ​បាន​កងកម្លាំង​កម្ពុជា ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០ ​។​
​    ​ដោយឡែក​នៅ​ឯ​សាលាខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​៥​មករា​នេះ កិច្ចប្រជុំ​មួយ ត្រូវបាន​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​សភាពការណ៍​ព្រំដែន​កម្ពុជា និង​ថៃ នៅ​ទិសពាយ័ព្យ ពិសេស​នៅ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ការពារ​ព្រំដែន កុំឲ្យ​មាន​ការរំលោភបំពា​ន ​។​
​    ​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ដោយ​មាន​ការចូលរួម​ពី​អភិបាលខេត្ត អភិបាលស្រុក មេបញ្ជាការ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ​។​
​    ​ប្រភព​ពី​កិច្ចប្រជុំ បានឲ្យដឹងថា មាន​ការវាយតម្លៃ​ថា ព្រំដែន​កម្ពុជា និង​ថៃ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ភាព​តានតឹង ហើយ​ផុយស្រួយ ដែល​តម្រូវ​ឲ្យ​កម្ពុជា បង្កើន​កម្លាំង ដើម្បី​ទប់ទល់​នឹង​កម្លាំង​ទាំង​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​របស់​ថៃ ខ្លាចក្រែង​កងទ័ព​ថៃ យក​លេស​ទប់ទល់​បាតុករ​ថៃ ហើយ​ឆ្លៀត​ចូល​ទឹកដី​កម្ពុជា ​។​
​    ​អង្គប្រជុំ ក៏​បាន​គូសបញ្ជាក់ថា មិន​ឲ្យ​បទពិសោធន៍​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ត្រូវបាន​ថៃ​ប្រើប្រាស់​នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ឡើយ​ ។ បទពិសោធន៍​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨ គឺ​កងទ័ព​ថៃ បាន​ចូល​រំលោភ ឈ្លានពាន​លើ​ទឹកដី​កម្ពុជា ជិត​ប្រាសាទ​ព្រះវិហារ ក្រោម​លេស​ថា ចូល​មក​ការពារ​ជនជាតិ​ថៃ ៣ នាក់ ដែល​បាន​ចូល​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ នៅ​ចំណុច​មុខ​ប្រាសាទព្រះវិហារ របស់​កម្ពុជា​ ។​
​    ​សូមបញ្ជាក់​ថា មកដល់​ព្រឹក​ថ្ងៃទី​៥​មករា​នេះ បាតុករ​អាវ​លឿង​ថៃ បាន​ប្រមូលផ្តុំ នៅ​ស្រុក​គោក​ធ្យូង ដើម្បី​ដង្ហែ​ក្បួន​បាតុកម្ម ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា និង​ថៃ ចំណុច​បង្គោល​លេខ ៤៦ នៅ​ភូមិ​ជោគជ័យ របស់​កម្ពុជា និង​ភូមិ​ណង​ចាន់ របស់​ថៃ​។ ក៏ប៉ុន្តែ​បាតុករ​ថៃ​ប្រហែលជា ៥០០ ទៅ ៦០០ នាក់​នោះ បាន​ប៉ះទង្គិច​ជាមួយ​អ្នកភូមិ​ជាយ​ដែន ទាហាន​បូព៌ា ទាហាន​ឈុតខ្មៅ​ថៃ និង​កង​តម្រួត​ថៃ ដោយ​មាន​ការប្រតាយប្រតប់ បណ្តា​ឲ្យ​របួស និង​ចាប់ខ្លួន​មេ​បាតុករ​អាវ​លឿង​ថៃ​ ។ ​
​    ​សេចក្តីរាយការណ៍​ពី​ជាយ​ដែន បានបង្ហាញ​ថា ការប៉ះទង្គិច ដែល​កើតចេញ​ពី​ការរារាំង​ដំណើរ​របស់​បាតុករ​អាវ​លឿង​ថៃ​នោះ កើតឡើង​នៅក្នុង​ភូមិ​ប៉ា​រ៉ៃ ក្នុង​ស្រុក​អារញ្ញ​ប្រាថេត និង​នៅភូមិ​អាង​សិលា ក្នុងស្រុក​គោក​ធ្យូង ជាប់​ព្រំដែន​កម្ពុជា ក្នុង​សង្កាត់​ប៉ោយ​ប៉ែត និង​ឃុំ​អូរ​បី​ជាន់ ​។​
​    ​ក្នុង​ព្រឹត្តិការណ៍​នោះ រថពាសដែក របស់​ទាហាន​ថៃ ៥ គ្រឿង រួម​ទាំង​ទាហាន​ឈុតខ្មៅ និង​ទាហាន​ប៉ា​រ៉ា​ថៃ ប្រមាណ ៣០០ នាក់ ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​តំបន់​ព្រំដែន ជិត​បង្គោល​ឡាក់​លេខ ៤៦ ដើម្បី​រារាំង​ក្រុមបាតុករ​ថៃ​ ។​
​    ​សូម​រម្លឹកថា បាតុករ​អាវ​លឿង​ថៃ បាន​ធ្វើ​បាតុកម្ម​តវ៉ា នៅ​ខេត្ត​ស្រះកែវ ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា ពីរ​បី​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​ជនជាតិ​ថៃ ៧ នាក់ ដែល​មាន​ទាំង​សមាជិក​សភា​ថៃ ២ នាក់​ផង​ ។ ជនជាតិ​ថៃ​ទាំង ៧ នាក់​នោះ បាន​ចូល​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ ក្នុងភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ជនជាតិ​ថៃ​ទាំង ៧ នាក់​នោះ ត្រូវបាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ភ្នំពេញ ដើម្បី​រង់ចាំ​ការកាត់ទោស ដែល​អាច​នឹង​ធ្វើឡើង​នា​ថ្ងៃទី​៦​មករា ឆ្នាំ​២០១១

លោកកាស៊ីត ៖ ទំនាក់ទំនង​ថៃ-​កម្ពុជា​​នឹង​​មាន​បញ្ហា​ទៀត​​បើ​ក្រុង​ ភ្នំពេញ​អូស​បន្លាយពេល​​​ឃុំឃាំង​ជនជាតិ​សៀម​៧នាក់

 
កាសែត​ឌឹណេហ្សិន ​នៅថ្ងៃទី​​៥ មករា ​បាន​ចេញ​ផ្សាយ​​​ដោយដកស្រង់​សំដី​ប្រភពរដ្ឋាភិ​បាល​​ថៃ​​ថា លោកកាស៊ីត ភិរម្យ ​រដ្ឋ​មន្ត្រី​​ក្រសួង​ការបរទេស​​ចង់​ឱ្យ​គណៈ​រដ្ឋ​មន្ត្រី​សើរើ​​ឡើងវិញ ​នូវទំនាក់ទំនង​រវាង​ប្រទេស​ថៃ​​ និងប្រទេស​កម្ពុជា​ ប្រសិនបើ​​ក្រុងភ្នំពេញ នៅតែ​​អូស​បន្លាយ​​ពេល​​ចំពោះ​ករណី​របស់ពលរដ្ឋ​ថៃ​​៧​នាក់​​ដែល​កំពុង​ឃុំខ្លួន​នៅក្នុងប្រទេស​​កម្ពុជា ។ កាសែត​ថៃ​ដដែល​បានដកស្រង់​សំដីលោកកាស៊ីត ដែល​ថ្លែង​​ប្រាប់​​គណៈ​រដ្ឋ​មន្ត្រី​​​ក្នុងកិច្ចប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី​​​ប្រចាំ​សប្តាហ៍​​​​រៀបចំឡើង​កាលពី​​ថ្ងៃ​ទី​​៤ មករា ​កន្លងមក​ថា ​រូបលោក​ទទួលបរាជ័យ​​ក្នុង​ការ​​​ពិភាក្សា​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ក្នុងការ​ដោះ​ស្រាយ​​ករណី​ពលរដ្ឋ​ថៃ​​ទាំង​៧​នាក់​នោះ ក្រៅ​តុលាការ​ ពីព្រោះ​​ក្រុងភ្នំពេញ មានការ​​ខឹង​សម្បា​យ៉ាងខ្លាំង​​ចំពោះ​​​មនុស្សម្នាក់​​ក្នុងក្រុម​នោះ​ជា​ពិសេស​​មេដឹកនាំ​​សកម្មជន​អាវលឿង​លោក​វី​រ៉ា ​ស៊ុមខ្វាម​ឃីត ​។
លោកកាស៊ីត ថ្លែង​ថា ទោះបីជា​​រដ្ឋាភិបាល​​​របស់​លោកអាប់ភីស៊ីត ​​ធ្វើអន្តរាគមន៍​​ក្នុងប្រព័ន្ធ​​យុត្តិធម៌​​របស់ប្រទេស​​កម្ពុជា​ក៏​ដោយ ក៏​រូប​លោក​នៅតែ​​សង្ឃឹម​ថា អាជ្ញាធរក្រុងភ្នំពេញ​​នឹង​បង្កើន​​ល្បឿន​​ដំណើរ​​ការ​ដោះស្រាយ​​ករណី​របស់​​ជនជាតិថៃ​​៧​នាក់​នោះ ។ រដ្ឋ​មន្ត្រី​​ការបរទេស​ថៃ​​​រូបនេះថ្លែង​​ទៀត​ថា ទំនាក់ទំនង​រវាង​ប្រទេស​​កម្ពុជា និង​ប្រទេសថៃ​កំពុង​មានលក្ខណៈ​​ល្អ​ប្រសើរ​ឡើង ហើយ​លោកសង្ឃឹម​ថា កម្ពុជា​នឹង​​មិន​យករឿង​​ពលរដ្ឋថៃ​៧​នាក់​នេះ​ធ្វើជា​រឿង​​ធំ​ដុំ​នោះទេ