Sunday, January 9, 2011

ក្រុម​សាច់​ញាតិ​ពួក​អាវ​លឿង​១១​នាក់ មក​កម្ពុជា​ជួប​មេធាវី​រក​វិធី​ដោះ​លែង​ក្រុម​ជ្រុល​និយម​៧​នាក់

ភ្នំពេញ នៅ​ព្រឹក​ថៃ្ង​ទី​០៩ ខែ​មករា ឆ្នាំ​២០១១ នេះ​ពួក​អាវ​លឿង​ថៃ​៧​នាក់ និង​សាច់​ញាតិ​ចំនួន​១១​នាក់ បាន​មក​ដល់​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុង​បំណង​ជួប​ជាមួយ​មេធាវី​ការពារ​ក្តី​ឲ្យ​ពួក​៧​នាក់ ដើម្បី​រក​មធ្យោបាយ​ដោះ​លែង​បក្ខ​ពួក​គេ​ទាំង​៧​នាក់​​ឲ្យ​មាន​សេរីភាព​។
លោក Nataporn toprayoou ដែល​អះអាង​ខ្លួន​ឯង​ថា ជា​ក្រុម​ទី​ប្រឹក្សា​អ្នក​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ឯ​សណ្ឋាគារ regent ​រាជធានី​ភ្នំពេញ​ថា ពួក​គាត់​មាន​គ្នា​៧​នាក់ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ចំនួន​៤​នាក់​ និង​អ្នក​ច្បាប់​៣​នាក់ ហើយ​បើ​តាម​អ្នក​សារពត៌មាន​ខ្លះ​និយាយ​ថា មាន​សាច់​ញាតិ​របស់​ពួក​៧​នាក់​ចំនួន​៤​នាក់​ផ្សេង​ទៀត សរុប​១១​នាក់ ដែល​ពួក​គេ​ជា​ក្រុម​អាវ​លឿង មក​រក​វិធី​ដោះ​ស្រាយ​ជាមួយ​កម្ពុជា។
បើ​តាម​លោក Nataporn toprayoou អះអាង​ថា លោក​នឹង​ចូល​ជួប​ជាមួយ​ពួក​៧​នាក់
នៅ​ថៃ្ង​ទី​១០ ខែ​មករា​ខាងមុខ ហើយ​លោក​ស្នាក់​នៅ​កម្ពុជា​ចំនួន​៣​ថ្ងៃ។
ទោះ​ជា​យ៉ាង​ណា​លោក ទិត សុធា ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នេះ​​ជា​រឿង​ច្បាប់​សុទ្ធសាធ មិន​មែន​ជា​រឿង​នយោបាយ​ទេ ហើយ​ពេល​នេះ​តុលាការ​កំពុង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕

ក្រុមអាវ​ក្រហម​​ប្រមូលផ្តុំ​​​​គ្នា​ទ្រង់ទ្រាយ​ធំទាមទារ​​ឱ្យដោះលែង​​មេដឹកនាំ​​ពួកគេ


 ទិដ្ឋភាពនៃបាតុកម្មរបស់ពួកអាវក្រហម

ក្រុមបាតុករអាវ​ក្រហម​នៅ​ថ្ងៃទី​៩ មករា ​បានប្រមូលផ្តុំគ្នា​តាម​ការ​គ្រោងទុក​របស់ពួកគេ ក្នុងទ្រង់ទ្រាយ​​ធំបំផុតមួយ​ ដើម្បី​ស្វែងរក​យុត្តិ​ធម៌​​សំរាប់មេដឹកនាំ​​របស់ពួកគេ និង​ទាមទារ​ឱ្យ​ដោះលែង​​មេដឹកនាំ​​ទាំងនោះដែល ត្រូវឃុំ​ខ្លួន​​ចាប់​តាំង​ពី​បញ្ចប់​​ការធ្វើបាតុកម្ម​​ប្រឆាំង​លោក​អាប់ភី​ស៊ីត កាលពីខែ​ឧសភា ​ឆ្នាំ​២០១០ កន្លង​មក ។
ក្រុមអាវ​ក្រហម​បានចាប់ផ្តើម​​​ប្រមូល​ផ្តុំ​គ្នា​​នៅ​​វេលាម៉ោង​​៧​ព្រឹក​​នៅ​ស្ពាន​​ផានហ្វា ដើម្បី​​ត្រៀម​សំរាប់ការប្រមូល​ផ្តុំ​​ទ្រង់ទ្រាយ​ធំ​​នៅ​តំបន់​​ពាណិជ្ជកម្ម​​រាជប្រាសុង ក្នុង​ទីក្រុង​​បាងកក ជា​កន្លែង​​នៃការធ្វើបាតុកម្មរបស់​ពួក​គេនា​ពេល​​កន្លង​មក ។
ទាក់ទិន​នឹង​ការ​​ប្រមូលផ្តុំ​នេះរបស់​ក្រុម​អាវ​ក្រហម​​ លោកស្រី​ Thida Thawornseth ជា​មេ​ដឹកនាំ​​​ក្រុម​អាវក្រហម​​ឱ្យ​​ដឹង​ថា ក្នុង​ការប្រមូល​ផ្តុំ​​​លើកចុងក្រោយ​​នេះ​នឹង​មាន​មនុស្ស​​៦០.០០០​នាក់ ចូលរួម ដើម្បី​​ទាមទារ​ឱ្យ​​ដោះលែង​​មេដឹក​នាំ​អាវ​ក្រហម​​មួយ​ចំនួន ។ ចំណែក​លោកចា​ទុ​ផន ព្រំផាន់ ជា​មេដឹកនាំ​​ក្រុមអាវក្រហមមួយរូប​ផងដែរ​ថ្លែង​ថា ​រូបលោក​​នឹងចូលរួមក្នុងការ​ប្រមូល​ផ្តុំ​នេះដែរ បើទោះបីជា​លោកត្រូវ​តុលាការ​​ហាម​មិន​ឱ្យ​ចូល​រួម​ក៏ដោយ ។
នៅ​​វេលាម៉ោង​​៤ល្ងាច​ថ្ងៃ​​ដដែល​​ក្រុមអាវ​ក្រហម​​​​នឹង​ហែ​ក្បួន​ទៅកាន់​តំបន់​រាជ​ប្រាសុង ដែល​នៅទីនោះ​ពួកគេ​នឹង​អុជ​ទៀន ដើម្បី​រំលឹក​​ដល់​​ពួក​បាតុករ​អាវ​ក្រហម​ដែលត្រូវ​​សំលាប់​នៅ​ក្នុង​​ការបង្ក្រាប​​ដោយហិង្សា​​អំឡុង​ពេល​នៃ​ការ​ធ្វើបាតុកម្ម​ប្រឆាំង​​លោកអាប់ភីស៊ីត កាល​ពី​ខែ​ឧសភា​កន្លងមក ។ ក្រុមអាវ​ក្រហម​នឹង​បំបែក​​គ្នា​វិញ​​នៅម៉ោង​​៨​យប់ ។​
ដោយឡែក​​ក្នុងអំឡុងពេលនៃការប្រមូល​ផ្តុំ​​​គ្នា​លើ​ក​ចុងក្រោយ​​របស់ក្រុមអាវ​ក្រហម​នេះ ប៉ូលិស​​ជាង​១.០០០​នាក់ ​ត្រូវបាន​ដាក់​ពង្រាយ​នៅ​កន្លែងនានាតាម​ផ្លូវ​​ឆ្ពោះ​ទៅ​តំបន់​​រាជប្រា​សុង៕