Wednesday, January 12, 2011

ក្រុម​បាតុករ​អាវ​លឿង​ថៃ​ព្រមាន​បិទ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ស្អែក​នេះ

បន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា សមត្ថកិច្ច​ថៃ​ប្រចាំ ច្រក​ប៉ោយប៉ែត​បាន​ជូន​ដំណឹង​មក​ថា ពួក​ក្រុម​បាតុករ​អាវ​លឿង​ថៃ គ្រោង​មក​តវ៉ា​នៅ​មុខ​ច្រក​អន្តរ ជាតិ​ប៉ោយប៉ែត ដើម្បី​ឲ្យ​បិទ​ច្រក​នេះ​ជា​ស្ថាពរ ជា​ការ​ឆ្លើយ​តប​ឲ្យ​កម្ពុជា​ដោះ​លែង​សកម្មជន​របស់​គេ ទាំង​៧​នាក់​ត្រឡប់​មក​វិញ។
មន្រ្តី​នោះ​និយាយថា ឥឡូវ​យើង​បាន​ឃើញ​ទាហាន​ឈុតខ្មៅថៃ បានដាក់ពង្រាយ​ប្រមាណ​ជា ៣០០​ម៉ែត្រ​ពី​ព្រំដែន ជិត​ផ្សារ​រុងក្លឿ ដែល​ការ​ដាក់​ពង្រាយនេះ​ដើម្បី​ទប់ស្កាត់​ក្រុម​បាតុករ​អាវលឿង នៅ​ថ្ងៃ​ស្អែក។ លើស​ពី​នេះ​ទៅ​ទៀត កង​ទ័ព​ឈុត​ខ្មៅ​ថៃ ក៏​បាន​ដាក់​ផ្កាយ​រណប​ពីរ​គ្រឿង ដើម្បី​តាម​ដាន​ក្រុម​សកម្មភាព​អាវ​លឿង គ្រោង​មក​ធ្វើ​បាតុកម្ម​ផង និង​តាម​ដាន​ប្រជាពលរដ្ឋខ្មែរ​ចូល​ព្រំដែន ខុស​ច្បាប់​ផង។ ប៉ុន្តែយ៉ាងណា​ក៏ដោយ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ល្ងាច​នេះ​ស្ថាន​ភាព​ជា​ធម្មតា​នៅ​ឡើយ​ទេ​តែ​ខាង​ក្នុង​ទឹក​ដី​ថៃ យើង​ឃើញ​មាន​ការ​ប្រែប្រួល​កង​កម្លាំង​ប្រដាប់អាវុធ​របស់​ថៃ ជាច្រើន៕

អាជ្ញាធរ​ថៃ​ប្រាប់​កម្ពុជា​កុំ​ឲ្យ​អន្តរាគមន៍​រឿង​ពលរដ្ឋ​ខ្មែរ​៧​នាក់ គេ​បញ្ជូន​ទៅ​តុលាការ​ហើយ

ភ្នំពេញ ៖ អាជ្ញាធរ​ថៃ​ប្រចាំ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្រាប់​អាជ្ញាធរ​កម្ពុជា​នៅ​ទី​នោះ​ថា​រឿង​ជន​ជាតិ​ខ្មែរ​៧​នាក់​ដែល​ឃាត់​ខ្លួន​នៅ​ក្នុង​ផ្សារ​រុងក្លឿ ពី​បទ​ប្រើប្រាស់​លិខិត​ស្នាក់​នៅ​ហួស​សុពលភាព នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ សូម​កុំ​ឲ្យ​ភាគី​កម្ពុជា​អន្តរាគមន៍។
ភាគី​ថៃ​បាន​ប្រាប់​ទៀត​ថា ជនជាតិ​កម្ពុជា​ទាំង​៧​នាក់​នេះ នឹង​ត្រូវ​បើក​សវនាការ​នៅ​តុលាការ​ខេត្ត​ស្រះ​កែវ នៅ​ថ្ងៃ​ទី​២៤​​ខែ​មករា ឆ្នាំ​២០១១​ខាង​មុខ​នេះ។ ដូច្នេះ​ទោស​ទណ្ឌ​របស់​ពួក​គេ​ទុក​ឲ្យ​តុ​លាការ​ជា​អ្នក​សម្រេច។
ពលរដ្ឋខ្មែរទាំង៧រូបនោះមានឈ្មោះ ១-សែន មករា ភេទប្រុស អាយុ២២ឆ្នាំ, ទី២-សន ពៅ ភេទប្រុស អាយុ២២ឆ្នាំ, ៣-ឈ្មោះឆេង ណា ភេទប្រុស អាយុ២៣ឆ្នាំ, ទី៤-ឈ្មោះឆេង ជីត ភេទប្រុស អាយុ២៤ឆ្នាំ, ទី៥-ឈ្មោះទិន សុង ភេទប្រុស អាយុ២០ឆ្នាំ, ទី៦-ឈ្មោះណេត សិទ្ធ ភេទប្រុស និងទី៧-ឈ្មោះឆ ឆេង ភេទប្រុស។
ឫទ្ធី

តុលាការ​​ចោទសួរ​​ជនជាតិ​ថៃ​២​នាក់​ក្រោយពី​ទទួល​ការចោទប្រកាន់​បន្ថែម


ភ្នំពេញ​: ជនជាតិ​ថៃ​២​នាក់​ក្នុងចំណោម​៧​នាក់​ត្រូវបាន​គេ​នាំ​ឡើង​តុលាការ​ម្តងទៀត​នៅ​ព្រឹក​នេះ​ដើម្បី​សាកសួរ​បន្ថែម​ពី​ចេតនា​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ក្នុង​ទឹកដី​កម្ពុជា​។ 

​លោកស្រី​ចាំង ស៊ី​ណាត ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ អនុរក្ស​ពន្ឋនាគារ​ព្រៃ​ស​បញ្ជូន​ជនជាតិ​ថៃ​ទាំង​២​នាក់​ដែល​រង​នូវ​ការចោទប្រកាន់​បន្ថែម​ពី​បទ​ប៉ុនប៉ង​ប្រមូលផ្តុំ​ពត៌មាន​ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារជាតិ មក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១១​នេះ​ដើម្បី​ធ្វើ​ការសាកសួរ​អំពី​ការចោទប្រកាន់​ថ្មី​នេះ​។​
 
​ជនជាតិ​ថៃ​ទាំង​២​នាក់​ដែល​ត្រូវបាន​គេ​នាំ​ឡើង​តុលាការ​ព្រឹក​នេះ​មានឈ្មោះ វិរៈ​ស៊ុំ​ក្វាម​ឃីត​( Veera Somk wamkit ) អាយុ​៥៣​ឆ្នាំ ជា​អគ្គលេខាធិការ​បណ្តាញ​ប្រជាជន​ប្រឆាំង​អំពើពុករលួយ និង ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន (Ratree Paiputanapaiboon) ភេទ​ស្រី ជា​អ្នកលក់​គ្រឿងទេស​និង​ជា​អ្នកសារព័ត៌មាន​។​

​តាម​ប្រភព​មួយ​បាន​បង្ហើប​ឱ្យដឹង​ថា​ដើមចម​ដែលនាំឱ្យ​មាន​ការសាកសួ​រ​នេះ​គឺ​កើតឡើង​កាលពី ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១១ ក្នុងខណៈពេល​ដែល​លោក​សុខ រឿន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​បន្ថែម​លើ​ជនជាតិ​ថៃ​ទាំង​២​នាក់ នេះ​ពី​បទ​ប៉ុនប៉ង​ប្រមូលផ្តុំ​ពត៌មាន​ដែល​អាច​ធ្វើ​អន្តរាយ​ការ​ការពារជាតិ​។​

 ដូច្នេះ​តាម​នីតិវិធី​ចៅក្រម​ស៊ើបសួរ​ត្រូវ​ហៅ​ជនជាតិ​ថៃ​២​នាក់​នេះ​មក​ធ្វើការ​សាកសួរ​បន្ថែម​ជុំវិញ​ការចោទប្រកាន់​ថ្មី​នេះ​។ ប្រភព​ដដែល​បាន​អះអាង​ថា​ក្រៅពី​បញ្ហា​ខាងលើ​នេះ តុលាការ​បាន​រកឃើញ​តម្រុយ​សន្មត​មួយចំនួន​ដែល​បង្ហាញ​ថា​ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ​ជា​មេក្លោង​ក្នុង​ការដឹកនាំ​ជនជាតិ​ថៃ​៥​នាក់​ផ្សេង​ទៀត​ចូល​មក​ទឹកដី​ប្រទេស​កម្ពុជា​តាម​រូបភាព​ថត​វីដេអូ និង​ផ្តិត​យក​រូបភាព​។​

​តែ​ធាតុពិត ពួកគេ​មាន​គោលបំណង​ផ្សេង ពោល​គឺ​មុននឹង​ចូលមក វិរៈ​ស៊ុំ​ក្វាម​ឃីត បាន​បែងចែក​កម្លាំង​ជា​៣​ក្រុម មាន​ក្រុម​ដាច់ខាត ក្រុម​ជួប​ប្រជារាស្ត្រ និង​ក្រុម​ពិនិត្យ​បង្គោល​ព្រំដែន បើទោះជា​ដឹងថា​ទីតាំង​នោះ​ជា​ទឹកដី​កម្ពុជា​ក៏ដោយចុះ ក្នុងនោះ​ស្ត្រី​រ៉ាត់​ទ្រី ពូ​តា​ណា​ប៉ៃ​ប៊ូ​ន បាន​លាក់​ម៉ាស៊ីនថតសំឡេង​ដែល​អាច​ថត​បាន​ដល់​២០០​ម៉ោង​និង​ស្រូប​សំឡេង​ជុំវិញ​ខ្លួន​រាប់សិប​ម៉ែត្រ​សម្រាប់​បំពេញ​បេសកកម្ម​ក្នុង​ទឹកដី​កម្ពុជា​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ឋនាគារ​ព្រៃ​ស​ហើយ វិរៈ​ស៊ុំ​ក្វាម​ឃីត នៅតែ​បន្ត​ទំនាក់ទំនង​មក​ខាងក្រៅ​តាមរយៈ​ការសរសេរ​សំបុត្រ​ផ្ញើ​ចេញមក​ដែល​ខ្លឹមសារ​ក្នុង​សំបុត្រ​នោះ​មាន​ភាពស៊ីសង្វាក់​ទៅ​នឹង​សកម្មភាព​តាមរបៀប ចារកម្ម​ឆ្លងដែន​យ៉ាង​ដូច្នេះ​ដែរ​៕

បណ្តាញ​អ្នកស្នេហាជាតិ​ថៃ កុំ​ឆ្លាត​ពេក​!

ភ្នំពេញ: ​កាសែត​បាងក​កប៉ុស្ត៍ថៃ​បាន​ចេញផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែល​និយាយ​​អំពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ ​(Thai Patriots Network)​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅមុខ​វិមាន​រដ្ឋាភិបាល​ថៃ​។ 

​យោង​តាម​អត្ថបទ​កាសែត​បាងកក​ប៉ុស្ត៍​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​បាន​ថ្លែង​នៅក្នុង សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ស្នើអោយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ចុះចេញ​ពី​តំណែង ដោយ​ពួកគេ​ខឹងសម្បារ​នឹង​ថ្នាក់ដឹកនាំ​ទាំង​នោះ​ដែល​ប្រកាស​ទទួលស្គាល់​ថា​ជនជាតិ​ថៃ​ទាំង​៧​នាក់​បាន​ដើរ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។​

​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​ក៏​បាន​ស្នើ​អោយ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​គោរពអនុសញ្ញាក្រុង​ហ្សឺ​ណែវ​ទី​៤ ដែល​អនុសញ្ញា​នេះ​និយាយ​អំពី​ការការពារ​ជន​ស៊ីវិល​នៅក្នុង​តំបន់​សង្គ្រាម​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បណ្តាញ​អ្នកស្នេហា ជាតិ​ថៃ​សរសេរ​បន្ថែមថា​អនុសញ្ញា ទីក្រុង​ហ្សឺ​ណែវ​ទី​៤​បានចែង​ហាមឃាត់​មិន អោយ​មាន​ការចាប់​ឃាត់​ខ្លួន​និង​កាត់ទោស​ជន​ស៊ីវិល នៅ​លើ​តំបន់​ជម្លោះ​។​

​លោក​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​! ហេតុ​អ្វី​លោក​មិន​ដែល​ស្រែកប្រាប់​ទាហាន​ថៃ​របស់​លោក អោយ​ឈប់​បាញ់ប្រហារ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ទន់ខ្សោយ​ដែល​គ្រាន់តែ​ប្រកប​របរ​រកស៊ី​ចិញ្ចឹម ជីវិត​នៅ​តាម​ព្រំដែន​ផង​? ហេតុ​អ្វី​ជីវិត​ជនជាតិ​ថៃ​របស់​លោក​មាន​តម្លៃ​ជាង​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​? ហេតុអ្វី​បានជា​មាន​តែ​កម្ពុជា​ដែល​ត្រូវ​អនុវត្ត​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ទី​៤ ចំពោះ​ជនជាតិ​ថៃ ៧​នាក់​ដែល​ទទួលស្គាល់​ខ្លួនឯង​ថា បាន​ដើរចូល​ទឹកដីកម្ពុជា​ខុស​ច្បាប់​ដែរ​នោះ​? 

​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​! លោក​មិន​បាន​យល់​ទេ​ឬ​ថា​ប្រសិនបើ​ទាហាន​ខ្មែរ​មិន​គោរព​ច្បាប់ ដូច​លោក​គិត​នោះ ជនរួមជាតិ​របស់​លោក​ទាំង​៧​នាក់​អាច​មាន​វាសនា​ដូច​ប្រជាជន​ខ្មែរ​ស្លូតត្រង់ ដែល​ទាហាន​ថៃ​របស់​លោក​តែង​បាញ់ប្រហារ​អីចឹង​? ដូច្នេះ​អស់លោក​គួរតែ​បង្វែ​សំណើរ​នេះ ទៅកាន់​ទាហាន​ថៃ​នៅ​តាម​ជាយ​ដែន​វិញ​ទើប​ត្រឹមត្រូវ​ជាង​។ កុំ​ចេះ​ពេក​ប្រយត្ន័​របេះក្បាច់​៕

ថៃ​បង្កើន​កម្លាំង​នៅតាម​ជាយដែន​ស្រុក​អារញ្ញ​ប្រាថេត​

បន្ទាយមានជ័យ: ​ប្រភព​ពី​ជាយ​ដែន​ឲ្យដឹងថា​ថៃ​បាន​និង​កំពុង​បង្កើន​កម្លាំង​ទ័ព​ជាច្រើន​នៅ​តាម​ជាយ​ដែន​ស្រុក​អារញ្ញ​ប្រាថេត​ទល់មុខ​នឹង​តំបន់​គោក​ធ្យូង​ខេត្ត​បន្ទាយមានជ័យ​។ ការបន្ថែម​កម្លាំង​នេះ​បាន​ធ្វើឡើង​ក្រោម​ហេតុផល​ថា​ដើម្បី​ទប់ស្កាត់​ក្រុម​អាវ​លឿង​កុំឲ្យ​មក​តវ៉ា​នៅ​ទី​នោះ​គឺ​ទី​ដែល​ជន ជាតិ​ថៃ​៧​នាក់​ដើរ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ហើយ​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០១០​។​

​ស្រប​ពេល​គ្នា​នោះ ច្រករបៀង​មួយចំនួន​ត្រូវបាន​ភាគី​ថៃ​បិទ​ជា​ឯកតោ​ភាគី​។ ច្រករបៀង​ទាំងនោះ​មានដូចជា ច្រក​សិលា​ខ្មែរ ច្រក​ទំនប់​ដាច់ ច្រក​ជោគជ័យ ច្រក​អូរ​បី​ជាន់ ច្រក​តំបន់​៥ ច្រក​តំបន់​១ និង​ច្រក​ចម្កា​រគ​។​

​ប្រឈម​នឹង​សភាពការណ៍​បែប​នេះ ភាគី​កម្ពុជា​ក៏​បង្កើន​ការ​ប្រុងប្រយត្ន័​ខ្ពស់​ជាង​មុន​ដែរ​ដើម្បី ត្រៀម​ទប់ទល់​សភាពការណ៍​ដែល​អាច​កើតមាន​ជាយថាហេតុ​៕