Thursday, January 13, 2011

ក្រុមថៃអាវលឿងបរាជ័យមិនអាច បិទច្រកអារ៉ាញ់បាន

ក្រុមថៃអាវលឿងបានដក កម្លាំងចេញពីផ្សារឡុងកឿ ក្រោយការប៉ុនប៉ងបិទច្រកព្រំដែនថៃ កម្ពុជា មិនបានសម្រេច ដោយសារតែប្រជាជន ថៃ តាមព្រំដែនខេត្តស៊ីសាកេត បាននាំគ្នាតវ៉ា ។ ប្រធានការិយាល័យទំនាក់ទំនង ច្រកព្រំដែនកម្ពុជាថៃ លោកវរសេនីយ៍ ឌីផេន បានមានប្រសាសន៍ថា ការដកកម្លាំង បានធ្វើកាលពីម៉ោង១ថ្ងៃត្រង់ ។

សេចក្តីរាយការណ៍ពី ប្រទេសថៃបានអោយដឹងថា អ្នកស្រុកចំនួន៣០០ នាក់ពីក្នងស្រុក៤នៃខេត្តស៊ីសាកេត គឺពីស្រុកតាផ្រាយ៉ា ស្រុកឃុក ស៊ុង ស្រុកអារញ្ញប្រាថេត និងស្រុកខ្លងហាត បាននាំគ្នាដាក់ពង្រាយ នៅមុខសាលាស្រុកអារញ្ញប្រាថេត ដើម្បីរារាំងក្រុមថៃអាវលឿងដែល បានលើកគ្នាចង់មកបិទច្រកថៃមិនអោយមានការចេញចូលពីច្រក អារ៉ាញ៉ប្រាថេត ចូលទៅក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។ ប្រជាជនថៃ ដែលប្រឆាំងក្រុមថៃអាវលឿងបាននិយាយថា សុវត្តិភាពរបស់ពួកគេ ដែលជាប្រជាជនតាមទល់ដែននឹងអាចប្រឈមគ្រោះថ្នាក់ប្រសិនណា បើមានសង្គ្រាមផ្ទុះឡើង។ សូមជំរាបក្រុមថៃអាវលឿងពេលនេះ កាន់ តែខឹងនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ក្រោយពីសកម្មជនរបស់គេ២នាក់ ត្រូវគេចោទបន្ថែមទៀតពីបទធ្វើចារកម្មព័ត៌មានដែលអាចនាំអោយ ជាប់គុកពី៥ទៅ១០ឆ្នាំ។ ក្រុមថៃអាវលឿងបានស្រែកទាមទារអោយ នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីតចុះចេញពីតំណែង នៅគ្រាដែល ក្រុមអ្នកស្រុកថៃនៅសាកែវ បាននិយាយការពារលោកអាប់ភីស៊ីត។ ក្រុមអ្នកស្រុកនៅខេត្តសាកែវ បាននិយាយថាការជួយថៃទាំង៧នាក់ ដែលកំពុងជាប់គុកនៅកម្ពុជា មិនមែនជាការទទួលខុសត្រូវរបស់ពួក ថៃ អាវលឿងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវ របស់រារដ្ឋាភិបាលថៃ និងក្រសួងការបរទេស។

ពលរដ្ឋ​ខ្មែរ ​៧​នាក់ ​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​អធឹកអធម

បន្ទាយមានជ័យ: ​ពលរដ្ឋ​ខ្មែរ ​៧​នាក់ ​ដែល​អាជ្ញាធរ​ថៃ​សម្រេច​ដោះលែង​នៅ​ថ្ងៃនេះ​ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាងអធឹកអធម​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ដោ​យ​មាន​ទាំង​បាច់ផ្កា​សម្រាប់​ជូន​ទៀតផង ​។ ការទទួល បដិសណ្ឋារកិច្ច​នេះ​បាន​ទទួល​ការណែនាំ​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ដែល​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័​យមាន​អភិបាលខេត្ត​ផង​ទៅ​ទទួល​ដល់​ព្រំដែន ប៉ោយប៉ែ​ត​តែម្តង ​។​

​អាជ្ញាធរ​ថៃ​បានសម្រេច​ដោះលែង​ជនជាតិខ្មែរ ​៧​នាក់ ​ដែល​ខ្លួន​ចាប់​នោះ​ឲ្យ​វិលត្រឡប់​មក​ប្រទេស​វិញ​នៅ​ល្ងាច ​ថ្ងៃ​ទី​១៣ ​មករា​នេះ ​។ ការដោះលែង​នេះ​ក្រោម​ហេតុផល​ថា​ពួកគេ​គ្មាន​កំហុស​ធ្ងន់ធ្ងរ​ឡើយ​ពោល​គឺ​គ្រាន់តែ​បណ្ណ័​ចេញចូល​របស់​ពួកគេ​ហួស​សុពលភាព​តែប៉ុណ្ណោះ​ ។ ពួកគេ​ត្រូវបាន​បញ្ជូន​មកដល់​ព្រំដែន​នៅ​ម៉ោង ​៦និង១២នាទី​ល្ងាច​នេះ ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ អាជ្ញាធរ​ខេត្ត​ស្រះកែវ​បាន​អះអាង​ប្រាប់​ភាគី​កម្ពុជា​ថា​ពី​នេះ​ទៅ​ដល់​ថ្ងៃទី​២៤ ​មករា ​ដែល​ជា​ថ្ងៃ​កំណត់​បើក​សវនាការ​របស់​តុលាការ គេ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ​។ ប៉ុន្តែថ្ងៃនេះ ពួកគេ​បាន​ប្តូរ​ចិត្ត​វិញ​ដោយ​សុខចិត្ត​ដោះលែង​ជនជាតិ​ខ្មែរ​ទាំង​ ៧​នាក់ ​ឲ្យមក​ស្រុក​វិញជាមួយនឹង​ការបង់ប្រាក់​លោះ​ខ្លួន​ចំនួន​ជាង​មួយ​ពាន់​បាត ​។​

​ពលរដ្ឋ​ខ្មែរ​ទាំង ​៧ ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០​ មករា​ដោយសារតែ​បណ្ណ័​ចេញ​ចូល​ដី​ថៃ​របស់​ពួកគេ​អស់​សុពលភាព ​។ ពលរដ្ឋ​ទាំង​នោះ​តែង​ចេញ​ចូល​ទៅ​រកស៊ី​នៅលើ​ទឹកដី​ថៃ​ជាពិសេសក្នុង​ផ្សារ​រុងក្លឿ​ជិត​ទល់ដែន​ខ្មែរ ​៕

កិច្ចសន្យា​បោះពុម្ព​ផែនទីដី​គោក​ថ្មី​កម្ពុជា​វៀតណាម​ត្រូវបាន​ចុះហត្ថលេខា​


 កិច្ចសន្យា​បោះពុម្ព​ផែនទីដី​គោក​ថ្មី​កម្ពុជា​វៀតណាម​ត្រូវបាន​ចុះហត្ថលេខា​

 ភ្នំពេញ​: គណៈកម្មការ​ព្រំដែន​កម្ពុជា​ដែល​មាន​លោក​វ៉ា គឹមហុង​ជា​តំណាង និង​គណៈកម្មការ​ព្រំដែន ​វៀតណាម​ដែល​មាន​លោក​ហូ ស៊ិន​សឺ​ន​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស
​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​វៀតណាម​ជា​តំណាង ព្រមទាំង​តំណាង​ក្រុមហ៊ុន​ប្ល៊ូ​ម បាន​ចុះហត្ថលេខា​នៅរ​សៀល​ថ្ងៃ​ទី​១៣​មករា​នេះ​លើ​កិច្ចសន្យា​បោះពុម្ព​ផែនទី​ដីគោក​ថ្មី​ រវាង​កម្ពុជា​និង​វៀតណាម ។​

​លោក​វ៉ា គឹមហុង​អះអាងថា ការបោះពុម្ព​ផែនទី​នឹង​បញ្ចប់​នៅ​ខែ​កក្កដា​ឆ្នាំ​២០១២ ដោយ​ប្រើ​​បច្ចេកទេស​ថត​រូបភាព​ពីលើ​យន្តហោះ​។ បន្ទាប់មក​គេ​នឹង​បញ្ចូល ​ទិន្នន័យ​ទាំងឡាយ​ពោល​គឺ​​បង្គោល​ព្រំដែន​ទាំង​៣៧៥​បង្គោល​រួមទាំង​ទិន្នន័យ​ភូមិសាស្ត្រ​ផ្សេងទៀត​។ លោក​ហូ​ស៊ិន​សឺ​ន​​បញ្ជាក់ថា ការបោះពុម្ព​ផែនទី​ថ្មី​នេះ​គឺ​ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ព្រំដែន​ច្បាស់លាស់​និង​ប្រកប ដោយ​មិត្តភាព និង​ការអភិវឌ្ឍន៍​។​

​នាយក​ក្រុមហ៊ុន​ប្ល៊ូ​ម​អះអាងថា ក្រុមហ៊ុន​នេះ​មាន​បទពិសោធន៍​ជា​ច​ច្រើន​មក​ហើយ​ក្នុង​បណ្តា​​ប្រទេស​អាស៊ាន ហើយ​គេ​នឹង​ធ្វើ​ផែនទី​ទៅតាម​លក្ខណៈ​បច្ចេកទេស​។​

​ក្រុមហ៊ុន​ប្ល៊ូ​ម​ត្រូវបាន​ជ្រើសរើស​ឲ្យ​បោះពុម្ព​ផែនទី​នេះ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​៥​ដែល​បាន​ដាក់​ដេញថ្លៃ​។ ក្រុមហ៊ុន​ប្ល៊ូ​ម​របស់​ប្រទេស​ន​រ័វេស និង​ដា​ណឺ​ម៉ាក​បាន​ដាក់​តម្លៃ ១  ៥២៨ ០០០ ដុល្លារ​។​
 
​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ព្រមព្រៀង​គ្នា​ចេញថ្ល​ពាក់កណ្តាល​ម្នាក់​សម្រាប់​ការបោះពុម្ព​​ផែនទី​ថ្មី​នេះ​។ បើ​យោង​តាម​លោក​វ៉ា គឹមហុង ផែនទី​ថ្មី​នេះ​នឹង​ត្រូវ​បោះពុម្ព​ដោយ​ខ្នាត​១​លើ​ ២៥ ០០០ ដែល​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​មុន​៕
 

ដោយ : រតនា

បទវិចារណកថា៖ អធិបតេយ្យភាព​របស់កម្ពុជា​ត្រូវតែ​គោរព​ដាច់ខាត​ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១១

ក្នុងរយៈពេលជិតពីរ សបា្ដហ៍កន្លងទៅនេះ មានការធ្វើសេចក្ដី អត្ថាធិប្បាយជា ច្រើនក្នុងចំណោម មជ្ឈដ្ឋាន ជាតិ និងអន្ដរជាតិ ជុំវិញការ ចាប់ខ្លួនជនជាតិ ថៃទាំង ៧នាក់ ដោយអាជ្ញាធរ កម្ពុជា កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ ដែល​ក្នុង ចំណោមនោះមាន វីរៈ សុមខ្វាមឃិត ជាមេដឹកនាំ នៃបណ្ដាញ អ្នកស្នេហា ជាតិថៃ និងម្នាក់ទៀត ជា សមាជិកសភា មកពីគណបក្ស​ប្រជាធិបតេយ្យដែល​ កំពុងគ្រប់គ្រង​អំណាច របស់ប្រទេស​ថៃ បានឆ្លងដែន​ចូលទៅ ក្នុងទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ ហើយបាន​ចូលទៅក្នុង​តំបន់​យោធា របស់កម្ពុជា។ 

            មតិជាតិ និងអន្ដរជាតិបាន យល់ដឹងយ៉ាងច្បាស់ថា ខ្សែបន្ទាត់​ព្រំដែន អន្ដរជាតិរវាង​កម្ពុជា និងថៃត្រូវបាន កសាង​ឡើងដោយអនុសញ្ញា​ឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយផែនទី​អន្ដរជាតិឆ្នាំ ១៩០៨ ត្រូវបាន​ផលិត និងចែក​ចាយដល់ ប្រទេស​ពាក់ព័ន្ធ និងដល់បណ្ដា​ប្រទេស ដទៃទៀតដូច​ជាអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរុស្ស៊ី ។ល។ ហើយប្រទេស​ទាំងពីរកម្ពុជា និងថៃបាន​ប្រើប្រាស់ ផែនទី​អន្ដរជាតិ​ឆ្នាំ ១៩០៨ អស់​រយៈពេលជាង ១០០ឆ្នាំ មកហើយ។ ពិសេស នៅក្នុងឆ្នាំ ១៩៦២ ក្នុងរឿងក្ដីអំពីប្រាសាទ ព្រះវិហារ តុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ បានប្រើប្រាស់​ផែនទីឆ្នាំ ១៩០៨ ដើម្បី​សម្រេចក្ដី ហើយបានរកឃើញ​នូវសុពលភាព និងនីត្យា​នុកូលភាព អន្ដរជាតិ​នៃផែនទីឆ្នាំ ១៩០៨ នឹងបាន​កំណត់ ហៅផែនទី​នោះថា មានតម្លៃ​លើសលុប​លើបញ្ញត្ដិនៃ​អនុសញ្ញា ឆ្នាំ ១៩០៤ និង​សន្ធិសញ្ញា ១៩០៧។ ខ្សែ​បន្ទាត់ព្រំដែន​អន្ដរជាតិ រវាងកម្ពុជា និងថៃ ជាខ្សែ​បន្ទាត់​ព្រំដែន ច្បាស់លាស់ និងស្ថាពរ ដែលគ្មាន​តំបន់ជម្លោះ អ្វីឡើយរវាង​ប្រទេស​ទាំងពីរ។
 
            ការឆ្លងដែន​ចូលជ្រៅ​ទៅក្នុង​ទឹកដីកម្ពុជា តាមបង្គោល​ព្រំដែនលេខ ៤៦ ដោយខុស​ច្បាប់ និងចូល ទៅក្នុងតំបន់​យោធាកម្ពុជា ដោយ​ជន​ជាតិថៃ​ទាំង ៧នាក់  ត្រូវបាន​​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​ក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយ​មានជ័យ ដែលជា​ភូមិសាស្ដ្រ​ស្ថិតក្នុងទឹក​ដីកម្ពុជា។ រូបភាព​វីឌីអូខ្លីបដែល ត្រូវបានអាជ្ញាធរ កម្ពុជា​រឹបអូស​បានដែល ថតដោយ​ជនជាតិទាំង ៧នាក់ បានបង្ហាញ​​យ៉ាងច្បាស់​លាស់ អំពីទីតាំង នៃ​ភូមិសាស្ដ្រ​នោះ ស្ថិតនៅ​ក្នុងទឹកដី កម្ពុជា​ពិតប្រាកដ ដែលគេ​មិនអាច​ប្រកែកបាន។ ហើយរូបភាព​វីឌីអូខ្លីប គឺជា ភ័ស្ដុតាង​មួយបាន​បង្ហាញ នូវអំពើ​នៃការឆ្លង​ចូលដោយ​ខុសច្បាប់ និងចូលទៅ​ក្នុងតំបន់យោធា​កម្ពុជាដោយ​ជនជាតិ ថៃទាំង ៧នាក់ ដែលអំពើ ទាំងនេះ បានរំលោភ​ទាំងស្រុង​ទៅនឹង​អធិបតេយ្យ និងធ្វើឱ្យប៉ះពាល់​សន្ដិសុខជាតិ​របស់ កម្ពុជា ដែលចាត់​ទុកថា ជាអំពើធ្វើ​ឡើងតាម ផែន​ការ​គិតទុក​ជាមុនរបស់ ជនជាតិថៃ​ទាំង ៧នាក់ នេះ។ 

            ក្រោយពីបានចាប់ខ្លួន ជនជាតិថៃទាំង ៧នាក់ នេះ និងដោយបាន​ពិនិត្យ មើលឃើញ​នូវភ័ស្ដុតាង ដែលអាជ្ញាធរ កម្ពុជារឹប​អូសបាន គឺមន្ដ្រីជាន់ខ្ពស់​នៃរដ្ឋាភិបាលថៃ ក្នុងនោះ​រដ្ឋមន្ដ្រី ការបរទេសថៃ កាស៊ីត ភិរម្យ៉ា ក៏បានទទួលស្គាល់ថា ជនជាតិថៃទាំង ៧នាក់ នោះ ពិតជាបាន​ឆ្លងចូលទៅក្នុង​ទឹកដីកម្ពុជាដោយ​ខុសច្បាប់។  នៅថ្ងៃទី ១១ ខែ មករា កន្លង​ទៅនេះ តាមការចុះផ្សាយ​របស់សារព័ត៌មាន​អាយអ៊ិនអ៊ិន​អនឡាញ របស់ថៃដោយ​ស្រង់សំដី​របស់ ឧត្ដម​សេនីយ៍ទោ ថៈវ៉ាត់ឆៃ សមុតសាខន មេបញ្ជាការ​ភូមិភាគ ២ ថៃ បានថ្លែងថា ៉ថៃត្រូវទទួល​ស្គាល់ថា ថៃ ៧នាក់ បាន​បំពាន​ចូលទឹកដី​កម្ពុជាតាម​អំពើចិត្ដ ដែលមិន​បានជូនដំណឹង​ដល់សមត្ថកិច្ច​ជាមុន ប្រសិន បើបានជូន ដំណឹង​ជាមុននោះ ក៏នឹងគ្មាន​បញ្ហាពិបាក​ដោះស្រាយ​តាមក្រោយ​ទេ។ បើសិន​នរណាចូល ក្នុងទឹកដី ថៃក្នុង​លក្ខណៈបែបនេះ ក៏ត្រូវចាប់​ខ្លួនដូចគ្នា ព្រោះ​ជារឿង​សេចក្ដីថ្លៃថ្នូរ​ត្រូវតែផ្ដល់​កិត្ដិយស ឱ្យគ្នាទៅវិញទៅមក​។ ៉ 

គួររំលឹកថា នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ ជនជាតិថៃទាំង ៧នាក់ ត្រូវបានតុលាការកម្ពុជា ធ្វើការចោទ ប្រកាន់​ពី​បទឆ្លងដែនចូល ទៅក្នុងទឹកដី​កម្ពុជាដោយ​ខុសច្បាប់ ដែលរំលោភ​ទៅនឹង​ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពី អន្ដោ​ប្រវេសន៍​កម្ពុជា។ នៅព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១១ ហើយតុលាការនៃ ប្រទេសកម្ពុជា ក៏បានធ្វើ ការចោទ​ប្រកាន់ថែម​ទៀត លើជនជាប់ចោទ ២នាក់ ក្នុងចំណោម​ជនជាប់ចោទទាំង ៧នាក់ គឺ វីរៈ សុមខ្វាមឃីត និង រ៉ាទ្រី ភីភាត​តាណា​ពៃប៊ុល ក្នុងបទធ្វើចារកម្ម ដោយបាន​ប្រើឧបករណ៍ បច្ចេកវិទ្យាទំនើប ដើម្បីប្រមូលចង ក្រងព័ត៌មាន នាំឱ្យអន្ដរាយ​ប៉ះពាល់ដល់ ការងារ​ការពារជាតិ និងសន្ដិសុខជាតិ របស់កម្ពុជា​តាមរយៈ​ភ័ស្ដុតាង ដែល ត្រូវបាន​រកឃើញ។ គួររំលឹក​ផងដែរថា វីរៈ សុមខ្វាមឃិត ធ្លាប់បានប្រឆាំង​នឹងកម្ពុជា ក្នុងកិច្ចចុះ​បញ្ជីប្រាសាទ ព្រះវិហារ​ជាសម្បត្ដិ បេតិកភណ្ឌ​ពិភពលោក និងលើកឡើង​នូវផ្ទៃដី ៤.៦ គីឡូម៉ែត្រក្រឡា តាមរយៈ​ផែនទីសម្ងាត់ គូស​ដោយ​ឯកតោភាគី​របស់ ថៃដែលអន្ដរជាតិ​មិនបានទទួលស្គាល់ក្នុង គោលបំណង​ឈ្លានពានទឹកដីកម្ពុជា និង ញុះញង់ឱ្យ​មានការ​សើរើការចុះ បញ្ជីប្រាសាទ​ព្រះវិហារក្នុង សម័យប្រជុំលើកទី ៣៣ នៃគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​នៅក្រុង​សេវីល ប្រទេសអេស្ប៉ាញ ហើយថែមទាំង​បានជេរប្រមាថ ថ្នាក់ដឹកនាំ​នៃប្រទេស កម្ពុជាទៀត ផង ដោយបាន​បំពុលបរិយាកាស ក្នុងគោលដៅដើម្បី អំណាចផ្ទាល់ខ្លួន និងគូកន។

            នៅក្នុងពិភពលោក សម័យទំនើបនេះ  រដ្ឋស៊ីវិល័យមួយ​ត្រូវប្រកាន់យក នីតិរដ្ឋក្នុងទំនាក់ទំនង អន្ដរជាតិរបស់ ខ្លួនជាមួយ​បណ្ដារដ្ឋនានា ដើម្បីរក្សាបាន​សុខសន្ដិភាព ស្ថេរភាព និងសណ្ដាប់​ធ្នាប់ពិភពលោក។ ដូច្នេះហើយ​ករណី ជនជាតិថៃ​ទាំង ៧នាក់ ដែលត្រូវបាន​ចាប់ខ្លួនក្នុងទឹកដីកម្ពុជា គឺត្រូវធ្លាក់ទៅ​ក្នុងប្រព័ន្ធច្បាប់ របស់កម្ពុជា​ក្នុងឋានៈ កម្ពុជាជារដ្ឋ​អធិបតេយ្យ​មួយ។ ករណីនេះ​គ្រាន់តែជា សមត្ថកិច្ចធម្មតារបស់ ប្រទេសនិមួយៗ ហើយអាស្រ័យទៅ តាមច្បាប់​របស់ប្រទេសនោះ ក្នុងចំណាត់ការ​តាមនីតិវិធីធម្មតា​នៃតុលាការរបស់​ប្រទេស​នីមួយៗ ដែលប្រទេស ដទៃ​ទៀត​ត្រូវតែ​គោរព ហើយមិនអាច​ប្រទេស​ដទៃទៀត លូកដៃចូល​ក្នុងកិច្ចការ ផ្ទៃក្នុង​របស់ប្រទេស មួយបាន ឡើយ។  ហើយ​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​នៃប្រទេសថៃ ទំនងជា​បានយល់​ដឹងអំពីប្រព័ន្ធ ច្បាប់កម្ពុជា​ដោយបានណែនាំ​ឱ្យក្រសួង ការបរទេសថៃ​យកចិត្ដទុក ដាក់អំពីជនជាតិ​ថៃទាំង ៧នាក់ នេះ ហើយព្រមជាមួយ​គ្នានោះ ថៃក៏ត្រូវតែរក្សា នូវទំនាក់​ទំនងទ្វេភាគី​រវាងប្រទេសទាំងពីរ។ នេះជាឥរិយាបថ​ធម្មតាក្នុង​ទំនាក់ទំនង​អន្ដរជាតិ ដែលរ​ដ្ឋាភិបាលថៃ ត្រូវប្រកាន់​យកដើម្បីរក្សា​ចំណង មិត្ដភាពរវាង​រដ្ឋនិងរដ្ឋ ហើយប្រទេស​ទាំងពីរសម្លឹងមើលឃើញនូវ​ផលប្រយោជន៍ យូរអង្វែង​ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ​ដែលមាន តម្លៃលើសលុប ពីករណីធម្មតាមួយ ដែលត្រូវដំណើរ​ការ តាមនីតិវីធីច្បាប់។
ដោយ សេក ស

ថៃ​និង​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​៧​នាក់​នៅ​ល្ងាច​នេះ​

ពលរដ្ឋ​ខ្មែរ​៧​នាក់​ដែល​​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នៅ​ផ្សារ​រុង​ក្លឿ​ និង​ត្រូវ​ដោះលែង​នៅ​ល្ងាច​នេះ​តាម​ច្រក​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្រ្តី​ជាន់​ខ្ពស់​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ តាម​ពិត​ពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់​ តុលាការ​ថៃ​ខេត្ត​ស្រះ​កែវ​គ្រោង​កាត់​ទោស​នៅ​ថ្ងៃ​ទី​២៤​មករា​ខាង​មុខ​ តែ​ឥឡូវ​បាន​លុបចោល​វិញ​បន្ទាប់​ពី​តុលាការ​កម្ពុជា​សម្រេច​ឲ្យ​ជន​ជាតិ​ថៃ​២នាក់​ក្នុង​ចំណោម​៧​នាក់​បាន​នៅ​ក្រៅ​ឃុំ​ ៕
                                                                                                                          ឫទ្ធី

ពលរដ្ឋ​​ទល់ដែនថៃ​​១.៥០០នាក់​​ត្រៀមទប់​ទល់​​​ពួកអាវលឿង​​ ខណៈ​​ស៊ូ​ថេប ​អះ​អាង​​ថា ​មិន​​អនុញ្ញាត​​​ឱ្យពួក​អាវ​លឿង​បិទ​​​ប៉ុស្តិ៍​​ឆែកឆេរ​​ព្រំដែន

ពលរដ្ឋ​​ថៃ​នៅទល់ដែន​ប្រមាណ១.៥០០​នាក់​​មកពី​ស្រុក​ចំនួន​​​៤ នៅ​ខេត្តស្រះកែវ ​​ជាប់​តំបន់​​ព្រំដែន​​​កម្ពុជា-ថៃ ​បានប្រមូលផ្តុំ​គ្នា​នៅ​បរិ​វេណ​ទល់​មុខ​​សាលាស្រុក​​​អារញ្ញ ​ដើម្បីធ្វើបាតុ​កម្ម​​ប្រឆាំង​​​​​បណ្តាញ​អ្នកស្នេហាជាតិ​​ថៃ ឬ​ក្រុម​អាវ​លឿង ដែលគំរាមធ្វើ​​ដំណើរ​​​មក​កាន់​ស្រុក​អារញ្ញ​ ហើយធ្វើ​បាតុ​កម្ម​​ឱ្យបិទ​ច្រក​ឆ្លង​កាត់​ព្រំដែន​​អារញ្ញ​​-ប៉ោយប៉ែត ។ អ្នក​ភូមិ​​​ទល់ដែនថៃ​ទាំង​នោះ​និយាយ​ថា ​​​ការ​ទទួល​ខុសត្រូវ​​ចំពោះ​​ការជួយពលរដ្ឋ​​ថៃ​​៧​នាក់​​ដែលកំពុង​​ជាប់ឃុំឃាំង​​នៅ​គុកព្រៃ.ស​ក្នុង​ប្រទេស​​​កម្ពុជា​គឺស្ថិត​​​​លើ​រដ្ឋាភិបាល​ និងក្រសួង​ការបរទេស ប៉ុណ្ណោះ​ មិន​មែន​ស្ថិត​​លើក្រុមអាវ​លឿង​ស្អី​នោះ​​ទេ និង​​ជាពិសេស​គឺស្ថិត​លើទិដ្ឋ​​ភាពច្បាប់ ​។ ​អ្នកដែល​​រស់​នៅ​​​តាម​​បណ្តោយ​​ព្រំដែន​​​ថៃ​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​​​​សេដ្ឋ​​កិច្ច​ ​ឬ​គ្រោះថ្នាក់​​ផ្សេង​ទៀត ប្រសិនបើក្រុម​​អាវ​លឿង​​ធ្វើបាតុ​កម្ម​នៅ​តំបន់ព្រំដែន ។​

ជាមួយគ្នានេះ ​នាយប៉ូលិស​​ខេត្តស្រះកែវ ​លោក Theerayuth Thammasaroj បាន​បញ្ជា​​ឱ្យ​ប៉ូលិស​​នៅស្រុក​​​ជាប់ព្រំដែន​​ចំនួន​​៤​បង្កើត​​ប៉ុស្តិ៍​​ឆែក​ឆេរ ដើម្បី​​ឆែកឆេរ​​​រថ​យន្ត​​ចេញ-ចូល​តំបន់​ព្រំដែន​​ក្រែង​​មានលាក់អាវុធ​បង្ក​ភាពអសន្តិសុខ​ ។ ​បញ្ជី​​ឈ្មោះ​សមា​ជិក​បណ្តាញ​អ្នកស្នេហា​ជាតិ​ថៃ និងស្លាក​​លេខ​រថ​យន្ត​របស់ក្រុម​នេះ​ត្រូវ​បាន​​ចែកជូន​​​ទៅ​ឱ្យ​ប៉ូលិស​​ដែល​ឈរជើង​នៅ​តាមប៉ុស្តិ៍​​ឆែកឆេរ​​​ក្នុងទឹកដី​​​ខ្លងឡឹក ឬ​ក្នុង​​ស្រុក​អារញ្ញ​​ទាំង​មូល ដើម្បី​​បង្ក​លក្ខណៈ​ងាយស្រួល​​ផ្នែក​សណ្តាប់ធ្នាប់​​ ធ្វើយ៉ាង​ណា​ឱ្យ​វ​ាស្ថិតក្នុង​​​ភាព​ជា​ប្រក្រតី​ ។

ចំណែក​លោកស៊ូ​ថេប ​ធឿ​ក​ស៊ូបាន់ ​ឧ​ប​នាយក​រដ្ឋ​មន្ត្រីថៃ​​ឯណោះវិញ ​កាលពីព្រឹក​ថ្ងៃទី​​១៣ មករា ដដែល ​​បានថ្លែង​​ផងដែរ​ថា រដ្ឋាភិ​បាល​​​ក្រោម​​​ការដឹកនាំ​របស់លោកអាប់ភីស៊ីត ​វេ​ចាជីវ៉ា នឹង​មិន​អនុញ្ញាត​​​ឱ្យ​​បណ្តាញ​​អ្នក​​ស្នេហា​ជាតិ​​ថៃ ឬ​ក្រុមអាវលឿង​នោះ​​បិទប៉ុស្តិ៍​​​​ឆែកឆេរ​​ព្រំដែន​សំខាន់​ៗ នៅ​​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ឡើយ ​ព្រោះ​ការបិទ​ប៉ុស្តិ៍​​ឆែកឆេរ​ព្រំដែន​នេះ​ជាការរំលោភបំពាន​​សិទ្ធិ​​​​ពលរដ្ឋ​​ថៃ​ផ្សេង​ទៀត​ដែលរស់នៅ​​តាម​បណ្តោយ​​ព្រំដែន។ ​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​រូបនេះ​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរ​នៅ​តំបន់​ព្រំដែន​​បំពេញ​តួនាទីរៀង​ខ្លួន​​ដូច​ធម្ម​តា ។​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​​១៣ មករា ផង​ដែរ​ ​ក្រុម​ជ្រុល​និយម​​​​អាវលឿង​​សៀម​បានទៅ​ប្រមូល​ផ្តុំ​គ្នា​​នៅបរិវេណ​​ទល់មុខ​​វិមានរដ្ឋាភិបាល ​ក្នុងទីក្រុង​​​បាង​កក ដើម្បី​​​ទាមទារ​​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​​អាប់ភី​ស៊ីត ​ឆ្លើយ​តប​​​តាម​​ការ​ទាមទារ​​របស់​ពួកគេ​​ទាក់ទិន​នឹង​​ពលរដ្ឋ​​ថៃ​​​៧​នាក់ ដែលកំពុង​​ជាប់ឃុំឃាំង​​នៅពន្ធនាគារ​​ព្រៃ.ស ក្នុងរាជធានីភ្នំពេញ ។ ក្រុម​ជ្រុល​​និយម​នេះ ក៏​មានផែនការ​​ដាក់​ញត្តិ​ថ្វាយ​ព្រះ​​មហាក្សត្រ​​ភូមិ​បុល អាឌុលយ៉ាដេត ​ចោទ ប្រកាន់​​រដ្ឋាភិបាល​​​លោក​​អាប់ភីស៊ីត ​ពីបទ​បរា​ជ័យ​ក្នុង​ការជួយ​ពល​រដ្ឋ​ថៃ​​៧​នាក់​​នោះ ។​

លោក Chaiwat Sinsuwong ​មេដឹកនាំ​​សំខាន់មួយរូបរបស់​​បណ្តាញ​អ្នកស្នេហា​​ជាតិថៃ ​ក្រុម​អាវលឿង កាលពីថ្ងៃទី​​១២ មករា និយាយ​ថា ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​បាតុកម្ម​​បិទច្រក​ព្រំដែន​​អចិន្ត្រៃយ៍​​អារញ្ញ-​ប៉ោយប៉ែត​​​ ជាពិសេស​បិទច្រក​ព្រំដែន​ណាដែល​ផ្តល់​​​ផលប៉ះពាល់​ដល់​កម្ពុជា​ ដើម្បី​​គាប​សង្កត់​​កម្ពុជា​​ឱ្យដោះលែង​​​ពលរដ្ឋ​ថៃ​​៧​នាក់នេះ ។ ប៉ុន្តែ​​ទោះបី​​បែបណា គំរោង​របស់​ក្រុម​​​ជ្រុល​និយម​​នេះ​នឹង​ត្រូវបរាជ័យ​យ៉ាង​អាម៉ាស់​​ ព្រោះមិន​អាច​​បំពានច្បាប់​​បានឡើយ ៕

ដោយ ៖ កោះឯករាជ្យ

ក្រុម​អាវ​លឿង​ដែល​ប៉ុនប៉ង​សម្រុក​មក​ព្រំដែន​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ថៃ

បន្ទាយមានជ័យ: ​ប្រភព​ពី​ជាយ​ដែន​ឲ្យដឹងថា​ក្រុម​អាវ​លឿង​ថៃ​មួយក្រុម​ដែល​គេ​ប្រកាស​ថា​មាន​គ្នា​៥០០​នាក់​កំពុង​ព្យាយាម​បុក​មក​ព្រំដែន​ខ្មែរ​ជា​ពិសេស​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​២៦​
ត្រង់​កន្លែង​ដែល​អាជ្ញាធរ​ខ្មែរ​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​៧​នាក់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ ឆ្នាំ​២០១០ និង​បង្គោល​លេខ​៣៤​ជិត​ច្រក​បឹង​ត្រកួន​។​

​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​ជនជាតិ​ថៃ​ទាំង​៧​នាក់​​នោះ​វិញ​។ ក្រុម​អាវ​លឿង​នេះ បាន​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​ស្រះកែវ​ មក​កាន់​ស្រុក​អារញ្ញ​ប្រាថេត​ ប៉ុន្តែ ពួក​ជ្រុលនិយម​ទាំងនោះ​ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ ​ដែនដី​របស់​ថៃ​ជា​ច្រើន​កន្លែង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​រុល​មក​ព្រំដែន​បានទេ​។​

​មាន​ការឆែកឆេរ​ជាច្រើន​ដំណាក់​នៅតាម​ផ្លូវ​មកកាន់​ព្រំដែន​ខ្មែរ​ហើយ​ចំណុច​ឆែកឆេរ​ធំ​ចុងក្រោយ​​គឺ​នៅ​ចន្លោះ​ស្រុក​អា​រញ្ញា​និង​ច្រក​ខ្លង​លឹក​។ ប្រភព​ព័ត៌មាន​ឲ្យដឹងថា រាល់​ការធ្វើ​ដំណើរ​ដែល​មាន​លក្ខណៈ​ជា​ក្រុម​ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ​ថៃ​ពីព្រោះ​ពួកគេ ​បារម្ភ​ខ្លាចក្រែង​ពួក​អាវ​លឿង​បន្លំ​ខ្លួន​ចូល​មក​ព្រំដែន​ជាពិសេស​ចូលមក​ផ្សារ​រុងក្លឿ ​ដែល​ជា​ផ្សារ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦​ដោយ អ្នក​ស្និទ្ធ​ជាមួយនឹង​អតីត​នាយក រដ្ឋមន្ត្រី​ថាក់ស៊ីន​៕

ដោយ : សុផុន

ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​​ស្ងប់ស្ងាត់​​ខណៈ​ពួកអាវលឿង​​ប៉ុនប៉ង​ធ្វើការ​​អុកឡុក​​​តំបន់ខ្លងឡឹកទល់មុខ​ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ​ ៖ ​តាម​អ្នក​យកព័ត៌​មាន​​កោះសន្តិភាព​​ប្រចាំ​​ក្រុងប៉ោយប៉ែត​​បាន​ឱ្យ​​ដឹ​ងថា ​ព្រឹក​ម៉ោង​៨ ​ថ្ងៃទី​​១៣ មករា ២០១១ ​បន្ទាប់ពី​​សមត្ថ​កិច្ច​​ទាំង​​២ភាគី​​កម្ពុជា​-ថៃ​ បើក​​ច្រកទ្វារ​​​អន្តរជាតិ​ចេញ-ចូល​​​រួចមក​នោះ គេ​​សង្កេត​ឃើញ​​ការចេញ-ចូល​​របស់​ភ្ញៀវ​​ទេសចរ​​មានសភាព​​ស្ងប់ស្ងាត់​​​ជាង​សព្វ​​មួយដង ឯ​ការ​ដឹក​ទំនិញ​​​ទៅមក​ក៏ត្រូវ​​បានកាត់បន្ថយ​​ដែរ ។ ​ភាព​ស្ងប់​​ស្ងាត់​​​ដែលគួរ​ឱ្យ​​​កត់សំគាល់​​នេះ​បាន​កើត​មាន​ព្រម​​ពេលជាមួយគ្នា​នឹង​​ពួកជ្រុល​និយម​​អាវ​លឿង​​សន្យា​ថា ​នឹង​ប្រមូល​គ្នា​​ឱ្យបានច្រើន​​​សន្ធឹក​សន្ធាប់​​មក​អុកឡុក​​នៅតាមខ្សែ​​បន្ទាត់ព្រំដែន​​​​ ជា​ពិសេស​​​​​ច្រកទ្វារ​​អន្តរជាតិ​​ខ្លង​ឡឹក​​ ទឹកដី​ថៃ ​ទល់​មុខ​ក្រុង​​​​​ប៉ោយប៉ែត​​ ទឹកដីកម្ពុជា ប្រយោជន៍​​ទាមទារ​​​ឱ្យ​មានការ​ដោះ​លែង​ពលរដ្ឋ​ថៃ​៧​នាក់​​ដែល​កំពុង​ជាប់​គុកព្រៃ.ស​ក្នុងប្រទេស​កម្ពូជា ។​
ចាប់​ផ្តើម​​​តាំង​ពី​រសៀលម្សិលមិញ​​រហូត​មក​ដល់ព្រឹក​​នេះ (ទី​១៣ មករា ២០១១) ​ក្រុមជ្រុល​និយម​សៀម​​​​អាវលឿង​​បានចាកចេញ​ពីទីក្រុង​បាង​កក ​មក​ប្រមូលផ្តុំគ្នា​​នៅទីប្រជុំ​ជន​ស្រុក​អារញ្ញ​​​ ខេត្ត​ស្រះកែវ ​ដោយមានការ​​ចាក់មេក្រូ​​ លើក​បដា​​ព្រោងព្រាត ​ហើយពួក​​គេប៉ុនប៉ង​​​ចូល​ទៅ​កៀក​ស្ថាន​កុងស៊ុល​​​កម្ពុជា​ប្រចាំ​ខេត្ត​​​​ស្រះកែវ (ស្ថិត​ក្នុង​​ស្រុកអារញ្ញ) ​​ដើម្បី​​ធ្វើការ​តវ៉ា​​ឱ្យ​រដ្ឋា​ភិបាល​​កម្ពុជា ដោះលែង​​ជនជាតិថៃ​​​៧​នាក់ដែល​​​ត្រូវ​បាន​ចាប់ឃាត់ខ្លួន​​​​ពីបទ​ចូល​ក្នុងទឹកដី​កម្ពុជា​​ដោយ​ខុស​ច្បាប់​​​កាលពី​​ព្រឹកថ្ងៃទី​​២៩ ធ្នូ ២០១០។
ទន្ទឹម​​នឹងការមកដល់​របស់ពួកអាវលឿង ​ក្នុង​ទីប្រជុំ​ជន​​ស្រុកអារញ្ញ្​​នេះ គេសង្កេត​ឃើញ​​កំលាំង​ចំរុះ​​របស់ថៃ​​ជាច្រើន​រយនាក់​​កំពុង​​ត្រៀម​​ទប់ស្កាត់​​ និង​រៀបចំ​សណ្តាប់ធ្នាប់​​នៅ​ចំងាយ​ប្រមាណ​​​​៣គីឡូម៉ែត្រ ​ពីច្រក​ទ្វារ​អន្តរជាតិ​​ខ្ល​ង​ឡឹក ទឹកដីថៃ (ច្រក​ប៉ោយប៉ែត​​កម្ពុជា)​...​គេ​មិន​​ទាន់ដឹង​​​ការ​ទប់ស្កាត់​​របស់សមត្ថ​កិច្ចថៃ និង​​ការ​ប៉ុនប៉ង​​អុកឡុក​​របស់ក្រុមអា​វលឿង​​​ អ្នកណា​ខ្លាំង​​ជា​ងអ្នក​ណា​នោះទេ ។​
គួររំលឹក​​ថា កាលពី​វេលា​ម៉ោង​​​៣រសៀល​ថ្ងៃទី​១២ មករា ២០១១ ​ម្សិលមិញ​​នេះ​តាម​​ប្រភព​ព័ត៌មាន​​ពីមន្ត្រីប៉ូលិស​​ការពារ​ព្រំដែន​​តាម​ខ្សែ​​បន្ទាត់ព្រំដែន​​ក្រុង​ប៉ោយប៉ែត បាន​ឱ្យ​ដឹង​ថា ​ក្រុម​ជ្រុល​​​និយម​អាវលឿង​​ប្រមាណពី​​៣០​ទៅ​​៤០នាក់​បាននាំគ្នាមកដល់​ផ្សារ​​​លើ (ផ្សារ​ទី​២) ​តំបន់​ខ្លង​ឡឹក ​ស្រុកអារញ្ញ ​ព្រំដែន​​​­ប្រទេសថៃ ​ទល់​មុខ​​ក្រុងប៉ោយប៉ែត ​ប្រទេស​កម្ពុជា ដើម្បី​​ធ្វើ​ការ​តវ៉ា​​ឱ្យមាន​ការ​ដោះលែង​​ប្រជាពលរដ្ឋ​​ថៃ​៧​នាក់ ដែលសមត្ថកិច្ច​​​កម្ពុជា​ចាប់ខ្លួន​​​ពីបទ​ចូល​ទឹក​ដីកម្ពុជា​ដោយខុសច្បាប់ ។​
ប្រភព​ព័ត៌មាន​​​បាន​ឱ្យ​​ដឹង​ថា ​ក្រុមជ្រុល​និយម​​​អាវលឿង​​ដែល​​មកកាន់​តំបន់ទល់មុខ​ក្រុងប៉ោយប៉ែត​​នេះ មិនត្រឹមតែ​មាន​​គ្នា​​ប្រមាណ​ពី​៣០​​ទៅ​៤០​នាក់ប៉ុណ្ណោះទេ ​ពួកគេ​នឹង​មក​ច្រើន​​ថែមទៀត ដែលតាម​ការ​អះអាង​​ថា រាប់​ពាន់​​ឯណោះ​​ ។ ​តាចមេ​ចលនាក្រុមអាវលឿង​​ស្រែក​ឡូ​ឡា​ថា ​ពួកគេ​នឹង​​​តវ៉ា​ ឬ​អុកឡុក​​តំបន់​ទល់មុខ​​ក្រុងប៉ោយប៉ែត​​​ដូចជា​បិទ​ច្រកទ្វារ​​ចេញ​-​ចូល, អុក​ឡុកសមត្ថកិច្ច​​​មិន​ឱ្យធ្វើ​ការ​កើត​ជា​ដើម​...​។​
ស្របពេលជាមួយគ្នានេះ​ដែរ គេ​​ឃើញ​ក្រុម​សមត្ថ​កិច្ច​​ចំរុះ​​ថៃ​ត្រូវ​បានបញ្ជូន​​ប្រមាណ​​៤​ឡាន ​ទៅដាក់​ពង្រាយ​​ចាប់ពី​តំបន់​​​ទល់មុខ​​ច្រកទ្វារ​​អន្តរជាតិ​​ប៉ោយប៉ែត ​រហូត​ដល់​ផ្សារ​លើ​​​ ដែល​មាន​ចំងាយ​​ប្រមាណ​​៣០០ម៉ែត្រ ​ពីផ្សារ​​រុងក្លឿ ដើម្បី​​ត្រៀម​ទប់​ស្កាត់​​កុំ​ឱ្យ​ពួកអាវលឿង​​ធ្វើការ​អុក​ឡុក​​​ផ្តេស​ផ្តាស ។ ចំណែក​សមត្ថកិច្ច​​កម្ពុជា​​​បាន​ត្រៀម​​​ខ្លួនរួច​​ជាស្រេច​ក្នុងការការពារ​​អធិប​តេយ្យ​ភាព​​ បូរណ​ភាពទឹកដី ​ប្រសិនបើ​ក្រុម​​អាវ​លឿង​​ហ៊ាន​​​ធ្វើអ្វី​ផ្តេស​ផ្តាស​​មក​ក្នុងទឹកដី​​កម្ពុជា​នោះ​​កង​កំលាំង​​កម្ពុជា​នឹង​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ៕



ដោយ ៖ កោះឯករាជ្យ

ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ដោះលែង​ជនជាតិ​ថៃទាំង៧នាក់​ឲ្យនៅ​ក្រៅ​ឃុំ​

ភ្នំពេញ​: ​លោកស្រី​ចាំង ស៊ី​ណាត ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១១​នេះ បាន​ចេញ​ដីកា​សម្រេច​មិន​ព្រម​ដោះលែង​ឱ្យ​ជនជាតិ​ថៃ​៧​នាក់ ដែល​ជាប់​ឃុំ​នៅ​ពន្ឋនាគារ ព្រៃ​ស​ឲ្យនៅ​ក្រៅ​ឃុំ​តាម​ការស្នើសុំ​របស់​មេធា​វី​ឡើយ​។​

​ការសម្រេច​មិន​ព្រម​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី លោក​សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចារ​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ថា “​មិន​អនុញ្ញាតិ​ឱ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​នៅ​ក្រៅ​ឃុំ​តាម​ការស្នើសុំ​របស់​លោក​មេធាវី​ប៉ិច វិច្ឆិកា និង​លោក​មេធាវី​រស់ អូន ព្រោះ​ការ ស៊ើបអង្កេត​ក្នុង​រឿងក្តី​នេះ​ពុំ​ទាន់​មានការ​ជឿនលឿន​ទេ​”​។​

​ការសម្រេច​បែបនេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​មេធាវី​ការពារ​ក្តី​ជនជាតិ​ថៃ​ទាំង​៧​បាន​ដាក់​លិខិត​សុំ​ធានាខ្លួន​កូនក្តី​របស់​ខ្លួន​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី​១០​មករា​។ 

​លោករ​ស់ អូន និង​លោក​ប៉ិច វិច្ឆិកា មេធាវី​ការពារ​ក្តី​ជនជាតិ​ថៃ​ទាំង​នោះ​បាន​ដាក់​លិខិត​អម​ជាមួយ​លិខិត​របស់​ស្ថានទូត​ថៃ​មួយ​ច្បាប់​ផង រួម​ជាមួយ​ប្រាក់​ធានា​ចំនួន​៧​លាន​រៀល​។ លោក​មេធាវី​អះអាងថា កូនក្តី​របស់​លោក​ត្រូវ​គេ​ចោទ​ពី​បទ​មជ្ឈឹម​ដូច្នេះ​លោក​មាន​លទ្ធភាព​ធានា​ឲ្យនៅ​ក្រៅ​ឃុំ បាន​តាមរយៈ​ការ​តម្កល់​ប្រាក់​ធានា​។ 

​ឯកអគ្គរាជទូត​ថៃ​បាន​សុំ​ធានា​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​ត្រូវ​ស្នាក់នៅ​ក្នុង​ស្ថានទូត​ថៃ​ដើម្បី​រង់ចាំ​ការកាត់ក្តី​។​ ប៉ុន្តែ ក្តីសង្ឃឹម​នេះ​មិន​អាច​បាន​សម្រេច​ដូច​ប្រាថ្នា​ទេ​ដោយ​ចៅក្រម​បាន​បដិសេធ​មិន​ព្រមឲ្យ​នៅ​ក្រៅ​ឃុំ​។​

​ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ក្នុងនោះ​មាន​សមាជិក​សភា​ម្នាក់​ផង​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០១០​ខណៈ​ដែល​ពួកគេ​បាន​ដើរចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់​។ ពួកគេ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា​ដោយ​ទុច្ចរិត​រួចហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​ចុងក្រោយ​នេះ ជនជាតិ​ថៃ​២​នាក់​គឺ វីរៈ ស៊ុម ខ្វាម​ឃី​ត Veera Somk wamkit និង រ៉ា​ទ្រី 
ប៉ៃ​ពូ​តា​ណា​ប៉ៃ​ប៊ូ​ន Ratree Paiputanapaiboon​ ត្រូវបាន​ចោទប្រកាន់​បន្ថែម​ពី​បទ​ប៉ុនប៉ង ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​៕