Sunday, January 30, 2011

ទស្សនៈ ៖ ការបង្ករឿងជាថ្មីរបស់ថៃដើម្បីប្រកាសសង្រ្គាមឈ្លានពានកម្ពុជា


ជាថ្មីម្តងទៀត ប្រទេសថៃកំពុងតែរន្ថើនធ្វើសង្រ្គាមមកលើកម្ពុជា បន្ទាប់ពីមានសេចក្តីថ្លែងការណ៏​ របស់​នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលត្រូវបានស្រង់សំដីកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១១ ដោយកាសែត The Nation ក្រោមចំណងជើងថា ភ្នំពេញត្រូវតែដកទង់ជាតិចេញ” និងបណ្តាញ​ឃោសនា​ដទៃទៀត ដោយបាននិយាយថា កម្ពុជាគ្មានសិទ្ធិបង្ហូតទង់ជាតិរបស់ខ្លួននៅលើតំបន់ព្រំដែន​វិវាទ ស្ថិតនៅជិត​ប្រាសាទ​ព្រះវិហារទេ។​ សេចក្តីថ្លែងការណ៏​របស់​នាយក​រដ្ឋមន្រ្តីថៃបែបនេះ គឺជា​ទង្វើ​មួយដើម្បី ជាលេសប្រកាស​សង្រ្គាមឈ្លានពានកម្ពុជា។ រដ្ឋាភិបាល​ថៃ​គ្មានសិទ្ឋិប្រើកំលាំង យោធា​ប្រឆាំង​នឹង​អធិបតេយ្យ​ភាពរបស់ប្រទេសណាមួយនោះឡើយ។ ទីតាំងដែល​នាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទាមទារឲ្យ​រដ្ឋាភិ​បាល​កម្ពុជា​ ដកទង់ជាតិរបស់ខ្លួនចេញនោះត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាវត្តកែវសិក្ខាគិរីស្វារៈ ជា​ទី​កន្លែងដែល កងទ័ពថៃបានឈ្លានពាន​ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។

បើនិយាយអំពីទំនាក់ទំនងរវាង កម្ពុជា-ថៃ នោះ វាច្បាស់ណាស់ថាទាំងមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងប្រាកដថា ប្រទេសទាំងពីរមានខ្សែបន្ទាត់ព្រំដែនមួយយ៉ាងច្បាស់​លាស់ដោយផ្អែកលើផែនទី​ដងរែក ខ្នាត ១/២០០.០០០ នៃឧបសម្ព័ន្ឋ១ ដែលត្រូវបានផលិតឡើងនៅឆ្នាំ ១៩០៨ ស្របតាម​អនុសញ្ញា ឆ្នាំ១៩០៤ និងសន្ឋិសញ្ញា ឆ្នាំ១៩០៧ ទាំងស្រុង។ អាស្រ័យហេតុនេះ វាច្បាស់ណាស់ថា ពុំមានតំបន់ វិវាទ ឬត្រួតស៊ីគ្នានោះទេ។ ផ្ទុយទៅវិញ អំពើប្រទូស្តរាយដោយប្រទេសថៃ ដែលបានគូស​ផែន​ទីសំងាត់ ជាឯកតោភាគី ដែលគ្មានភាពស្របច្បាប់ជាអន្តរជាតិ គឺដើម្បីបំរើនូវ​មហិច្ឆតា​របស់​ប្រទេសនេះដើម្បី ឈ្លានពានកម្ពុជា និងដណ្តើមយកទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ឬក៏​ជាង​នេះទៅទៀត ដាក់​ទឹក​ដី​កម្ពុជាជាឧបសម្ព័ន្ឋដោយបង្ខំតាមមធ្យោបាយយោធា ក្នុងការប៉ុនប៉ង​បែប​អត្តឃាត​ដ៏ឆ្កួតលីលាដើម្បីយក ឈ្នះដោយកំលាំងបាយ ប៉ុន្តែត្រូវបានបរាជ័យតាមមធ្យោបាយ​ផ្លូវច្បាប់​អន្តរជាតិរួចទៅហើយ។

កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយដកស្រង់សេចក្តីសំរេចតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានខ្លឹមសារដូចខាងក្រោម៖
១.“…ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា”។
២. “…ប្រទេសថៃមានកាតព្វកិច្ច ដកកំលាំងទ័ព ឬប៉ូលីស ឬអ្នក​ថែរក្សាផ្សេងៗ ឬឆ្មាំដទៃទៀត ដែលបានដាក់នៅប្រាសាទ ឬក្នុងតំបន់ជុំវិញ​ប្រាសាទ​ដែល​ស្ថិតក្នុងទឹកដីកម្ពុជា”។

សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់សាជាថ្មីផងដែរនៅ មាត្រា ១(គ) នៃអនុស្សរណៈនៃការ​យោគយល់​គ្នា​រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីអំពី​ការ វាស់វែង និងកំណត់​ខ័ណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដែលទទួល​ស្គាល់​ផែនទីផងដែរ ដូចបានរៀបរាប់ខាងលើ ថាជាមូលដ្ឋានច្បាប់សំរាប់ការវាស់វែង និង​កំណត់​ ខ័ណ្ឌ​សី​មា​ព្រំដែន​គោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

យោងតាមផែនទីដែលផលិតដោយគណៈកម្មការ បារាំង-សៀម  វត្តកែវសិក្ខាគិរីស្វារៈ ដែល​ប្រជាជនកម្ពុជា​បាន​កសាងឡើងកាលពីឆ្នាំ១៩៩៨ ច្បាស់​ណាស់មានទីតាំងស្ថិតនៅក្នុងទឹកដី​កម្ពុជា។ ហេតុនេះការដាក់​បង្ហោះ​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើវត្តនេះគឺជាការសមស្របតាមច្បាប់។

ម្យ៉ាងវិញទៀតសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាសេចក្តីថ្លែងការណ៏របស់ នាយករដ្ឋមន្រ្តីថៃ ដែលធ្វើឡើងស្របគ្នានឹងការធ្វើសមយុទ្ធយោធារបស់ថៃ តាមបណ្តោយព្រំដែនជាប់​ប្រទេសកម្ពុជា គឺជាអំពើប្រទូស្តរាយយ៉ាងច្បាស់ក្រឡែត និងជា​ទង្វើ​ដើម្បីជាលេស សំរាប់​ឈ្លានពាន​កម្ពុជា​នា​ថ្ងៃ​អនាគត​យ៉ាង​ជាក់​ច្បាស់។ ហើយ កម្ពុជាមិនអាចទទួលយកដាច់ខាត និងបដិសេធយ៉ាង​ដាច់​អហង្ការ​ចំពោះសេចក្តីថ្លែងការណ៏ដែលមានលក្ចណៈមើល​ងាយមើលថោក​បែប​នេះ​។

ដោយមានឯកសារគតិយុត្តិទទួលស្គាល់ជាអន្តរជាតិ គួបផ្សំជាមួយនឹងការ​កាន់កាប់ទឹកដី​ក្រោម អធិប​តេយ្យជាក់ស្តែងរបស់កម្ពុជា គឺជាមូលដ្ឋានគតិយុត្តិដ៏រឹងមំាសំរាប់កម្ពុជា ដែលថៃ​មិនអាច​រំលោភ​បំពានបានជាដាច់ខាត។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា​ម្តងហើយម្តង​ទៀតបាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់នូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការប្រើប្រាស់សិទ្ធិស្វ័យការពារ ដូចមានចែងក្នុងមាត្រា ៥២ និង៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។​
­­
ទោះបីជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានប្រកាន់ខ្ជាប់ ដោយ​ឥតងាករេនូវមធ្យោបាយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ទាំងអស់ក្នុងការដោះស្រាយបញ្ហាព្រំដែរវាងប្រទេសទាំងពីរ។ ដូច្នេះ ការព្រមានចង់ប្រើកំលាំងទ័ពប្រឆាំងនឹងកម្ពុជា ឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​ពី​បំណងទុច្ចរិតរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការប្រើប្រាស់កម្ពុជាជាចំណាប់ខ្មាំងនៃនយោបាយ​ផ្ទៃ​ក្នុង របស់ខ្លួន ចំពេលដែលក្រុមអ្នកតវ៉ាទាំងពួកអាវក្រហម និងអាវលឿងកំពុងប្រមូលផ្តុំគ្នាយ៉ាង​ច្រើន​សន្ធឹកន្ធាប់ ធ្វើការតវ៉ាយ៉ាងធំប្រឆាំងនឹងរដ្ឋាភិបាល មុនពេលមានការបោះឆ្នោតសកល​ដែលនឹង​​ធ្វើ​ឡើងក្នុងឆ្នាំនេះ។
          នេះគឺជាយុទ្ឋសាស្រ្តនយោបាយដែលបានគិតគូយ៉ាងដិតដល់ ដោយក្រុមមនុស្សនៅក្នុងគណបក្ស ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក្នុងការទូងស្គរប្រកាសសង្រ្គាម និងបំផុសអារម្មណ៍​ជាតិនិយម​ជ្រុល ​ដើម្បីបង្វែរការយកចិត្តទុក្ខដាក់ប្រជាជនខ្លួន ចេញពីវិបត្តិនយោបាយផ្ទៃក្នុងរបស់​ខ្លួន​ដែល​បង្ក​ឡើង ដោយក្រុមប្រទូស្តរាយពហុពណ៌ និងសកម្មជនប្រដាប់អាវុធ។
            សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់ពួកល្ងង់ខ្លៅថៃ ដែលបញ្ឆេះ​ឡើង ដោយពួកអាវលឿង និងបក្ខពួករបស់គេ ក្នុងខណៈដែលពួកគេធ្វើអ្វីៗសព្វបែបយ៉ាង​ជាមួយនឹងរបៀបវរៈ ច្បាស់លាស់នោះគឺ ឈ្លានពានកម្ពុជាជាមួយគំនិតជាតិនិយមដ៏ងងឹតងងល់ និងរក្សា​​អំណាចនយោបាយ នៅក្រុងបាងកក។
          ដោយសារការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងជៀសវាងភាពតានតឹងដែលមិនមានភាពចាំបាច់ នោះ កម្ពុជាបានដកចេញនូវថ្មពីរផ្ទាំងដែលសរសេរថា តំបន់នេះជាកម្មសិទ្ធិរបស់កម្ពុជា ហើយបាន​ឈ្លានពាន
 ដោយកងទ័ពថៃក្នុងឆ្នាំ ២០០៨ ចេញពីវត្តកែវសិក្ខាគិរីស្វារៈ​។
            នេះមិនមែនជាសញ្ញាប្រាប់ដល់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីទំនើងរបស់ខ្លួន ឲ្យគិតថាជាសកម្មភាព កំសោយ ហើយបានចិត្តដោយទាមទារឲ្យកម្ពុជា ដកទង់ជាតិចេញពីទឹកដីរបស់កម្ពុជានោះទេ។​ នេះគឺមាន​
ន័យស្មើទៅនឹង កម្ពុជាប្រាប់ទៅថៃ ឲ្យដកទង់ជាតិថៃចេញពីប៉ុស្តិ៍ព្រំដែននៅខាងថៃ។ ត្រូវចាំថាហឹង្សានឹងនាំ​
មក​នូវហឹង្សា។​
          ទង្វើបែបអគតិ ដែលបង្ហាញឱ្យឃើញតាមរយៈការបំពានលើនិយាម​ដែល​ទទួលស្គាល់ជាអន្តរជាតិ ការបំពានទំនាក់​ទំនងទ្វេភាគី និងពហុភាគី គឺជាភាពល្ងីល្ងើពកថ្ងាសរបស់​ក្រុម​ស្រទាប់ជាន់​ខ្ពស់​បំផុត​ថៃ។

(ដោយ ធី ម៉ូហាន អ្នកវិភាគនយោបាយនៅកម្ពុជា)

បទអត្ថាធិប្បាយ៖ អាប់ភីស៊ីត វេចាជីវ៉ា៖ យកកម្ពុជាជាចំណាប់ខ្មាំង នៅពេលដែលមានវិបត្ដិនយោបាយផ្ទៃក្នុង

ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃត្រូវតែផ្អែកទៅលើកិច្ចព្រមព្រៀង នានា ដែលចុះហត្ថលេខា ដោយតំណាងភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងទាំងនោះ។ នៅក្នុងឆ្នាំ១៩០៤ និង ១៩០៧ នៅពេលដែលកម្ពុជាស្ថិតក្រោម អាណាព្យាបាលរបស់បារាំង កិច្ចព្រមព្រៀង នានារវាងបារាំង និងសៀម មានជាអាទិ៍អនុសញ្ញាក្នុងឆ្នាំ១៩០៤ និងជាពិសេសសន្ឋិសញ្ញា ឆ្នាំ១៩០៧ ត្រូវនៅក្រោមបទដ្ឋានច្បាប់អន្ដរជាតិ។ ក្នុងឆ្នាំ២០០០ អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីខ័ណ្ឌសីមាព្រំដែនគោក​ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងថៃដែលជារដ្ឋអធិបតេយ្យពីរ ជាសមាជិកអាស៊ាន និងជាសមាជិករបស់អង្គការសហប្រជាជាតិ។ អនុស្សរណៈ ឆ្នាំ២០០០ នេះមានតម្លៃគតិយុត្តិដែលត្រូវគោរពតាម។

ប្រសិនបើអ្នកនយោបាយថៃទាំងអស់ រួមទាំងនាយករដ្ឋមន្ដ្រី អាប់ភីស៊ីត វេចាជីវ៉ា ដឹកនាំ រដ្ឋាភិបាលថៃប្រកបដោយ សេចក្ដីថ្លៃថ្នូរជាអន្ដរជាតិ ដោយគោរពតាមខ្លឹមសារ និងស្មារតីនៃកិច្ច ព្រមព្រៀង អន្ដរជាតិទាំងអស់ដែលមាន ​និង​កំពុង​តែ​ចូលជា ធរមានពេញលេញនោះ ទំនាក់ ទំនងរវាងកម្ពុជា និងថៃនឹង តែងតែជាទំនាក់ទំនងប្រកបដោយក្ដីសង្ឃឹម សម្រាប់ការ​អភិវឌ្ឍ និង អន្ដរសកម្មដោយសន្ដិវិធីរវាងប្រជាជន កម្ពុជានិងប្រជាជនថៃ ដែលរស់នៅតាម​បណ្ដោយ​ព្រំដែន​រួមគ្នា​រវាង​ប្រជា​ជាតិទាំងពីរ និង រវាងរដ្ឋាភិបាល ទាំងពីរ។ ប៉ុន្ដែអ្នកនយោបាយថៃខ្លះ រួមទាំង អាប់ភីស៊ីត វេចាជីវ៉ា គឺមានប្រពៃណី​ជា​អ្នក​ជាតិនិយម ឬជា អ្នក ជាតិនិយមជ្រុលក្នុង មហិច្ឆិតា ដណ្ដើមទឹកដីកម្ពុជា។ ឥរិយាបប្រភេទនេះគឺជាបុព្វហេតុនៃជម្លោះ និង​ជួន​កាល គឺជាបុព្វហេតុនៃ ការប៉ះទង្គិចគ្នាផ្នែកយោធារវាងប្រទេសទាំងពីរ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហាន​របស់​ថៃបានឈ្លានពានប្រទេស កម្ពុជា និងបានកាន់កាប់ទឹកដីក្បែរប្រាសាទព្រះវិហារ រួមមានវត្ដកែវ សិក្ខាគីរីស្វារៈ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០០៨ ទាហាន ថៃបានវាយប្រហារទៅលើទី តាំងផ្សេងៗ របស់ប្រទេសកម្ពុជានៅវាលឥន្ទ្រីយ៍ ភ្នំទ្រព្យ និងវត្ដកែវ​សិក្ខាគីរីស្វារៈ​។ នៅខែមេសា ឆ្នាំ២០០៩ កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារ និងដុតឲ្យរាបដល់ដីភូមិផ្សារដែលស្ថិត​នៅក្បែរ​ជណ្ដើរ ខាងជើង ប្រាសាទព្រះវិហារ បានបង្កឲ្យមានវិនាសកម្ម ដែលមិនធ្លាប់មានពីមុន មកដល់ ប្រជាជនកម្ពុជាចំនួន ៣១៩​គ្រួសារ ហើយនិងបំផ្លាញ ផ្នែកខ្លះនៃប្រាសាទព្រះវិហារទៀតផង។

ជំហររបស់ព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលគឺមានភាពច្បាស់លាស់និងរឹងមាំថា រវាងកម្ពុជានិង ថៃមានខ្សែបន្ទាត់ព្រំដែន អន្ដរជាតិចុងក្រោយ និងមានស្ថិរភាព ដែលត្រូវបានកំណត់ដោយ គណៈកម្មការ ចម្រុះ ដែលមានសមាសភាពមន្ដ្រីបារាំង និង សៀម ដែលបានបង្កើត ឡើងក្រោម នៃអនុសញ្ញាឆ្នាំ១៩០៤ ដែលបានព្រមព្រៀង និងចុះហត្ថលេខាដោយ បារាំងនិងសៀម ទទួល ស្គាល់ដោយបារាំង និងសៀម និង ទទួលស្គាល់ដោយបណ្ដាប្រទេសមហាអំណាចពិភពលោក បណ្ដាប្រទេសជាច្រើន និង សហគមអ្នក បោះពុម្ពផែនទីជាច្រើនទៀតនាពេលនោះ។ ដូចនេះ ពុំមានទាល់តែសោះនូវតំបន់ត្រួតស៊ីគ្នា ឬតំបន់​មានវិវាទ នៅក្នុងតំបន់ក្បែរប្រាសាទព្រះវិហារ ដោយផ្អែកទៅលើផែនទីដងរែក ដែលត្រូវបានគេស្គាល់ ផងដែរថា ជាផែន​ទីឧបសម្ព័ន្ឋ ១ នៅសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ យោងតាម កត្ដាខាងលើ កម្ពុជាអាចប្រើប្រាស់ និងបង្ហាញនូវអធិបតេយ្យរបស់ខ្លួនក្រោម រូបភាពបែប ណាក៏ដោយ ដែលកម្ពុជាចង់​ធ្វើនៅលើទឹក​ដី​ទាំងអស់របស់ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស នៅលើខ្សែព្រំដែនខាងកម្ពុជា ដែលបានគូសនៅលើផែនទីដងរែក ឬ​ផែន​ទី​ឧបសម្ព័ន្ឋ ១។

វាគឺជាសេចក្តីប្រកាសបែបប្រមាថ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា នៃ​រាជា ណាចក្រ​ថៃ ដូចដែល បានចេញផ្សាយដោយសារព័ត៌មានដឺណេសិន ​នៅថ្ងៃទី២៨​ ខែ​មករា ថា “ប្រសិនបើមាន ទង់ជាតិកម្ពុជា (បង្ហូតឡើងនៅវត្តកែវ សិក្ខាគីរីស្វារៈ)វាត្រូវតែដក ចេញវិញ”។   អាប់ភីស៊ីត វេចាជីវ៉ា ត្រូវតែ ដកសេចក្តីប្រកាស ​ដែល​មិនអាចទទួលយកបាននេះ​ចេញវិញពីព្រោះ​វត្តនេះស្ថិតនៅចំងាយប្រមាណជាង​៣០០​ម៉ែត្រ​ ខាងលិចប្រាសាទ​ព្រះវិហារ​ និងប្រមាណជា​ ៧០០​ម៉ែត្រពីបន្ទាត់ ព្រំដែនខាងក្នុងប្រទេស កម្ពុជា។
វាបាន ក្លាយទៅជាទម្លាប់ទៅហើយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ  គឺនៅពេលដែលប្រទេស ថៃធ្លាក់ទៅក្នុងការប្រឈម មុខរវាងបក្ស និងបក្ស និងជម្លោះផ្ទៃក្នុងរវាងរដ្ឋាភិបាលក្រុមអាវលឿង បណ្តាញអ្នក ជាតិនិយមថៃនិកាយសន្តិអាសោក រឺក្រុមអា ក្រហម។ អ្វីដែលពួកគេតែងតែគិត នោះ គឺយកប្រទេស កម្ពុជា ធ្វើជាចំណាប់ខ្មាំង។ នាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា បង្ករឿង ដដែលៗ នៅពេលដែលខ្លួនបានចេញសេចក្តីប្រកាសបែបប្រមាថ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែបង្ហាញនូវសកម្មភាព ប្រទូស្តរាយយ៉ាង ច្បាស់ក្រឡែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញទង្វើដើម្បីជាលេសសំរាប់ឈ្លានពានកម្ពុជាថែមទៀតផង។

(Waddhana P, អ្នកស្រាវជ្រាវ និងវិភាគជាន់ខ្ពស់ពីទំនាក់ទំនងកម្ពុជា-ថៃ នៃវិទ្យាស្ថានកិច្ចការអន្តរជាតិកម្ពុជា)