Friday, September 23, 2011

Commentary, at the international forum on “Asian Century: Challenges and Prospects”



Clarification, The Spokesperson of the Press and Quick Reaction Unit of the Council of Ministers of the Royal Government



កិច្ចសម្ភាសន៍រវាង លោកបណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យា​ស្ថាន​ពល​រដ្ឋ​វិជ្ជា ស្តី​ពីព្រឹត្តិ​ការណ៍​នយោ​បាយ​សំ​ខាន់ៗ​នៅ​កម្ពុជា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា កន្លង​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ

ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១១
         លោក ជុំ កុសល​
សំណួរ៖ គិត​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ២០១១ កន្លង​មក​នេះ នៅក្នុង​​ព្រះរាជាណា​​ចក្រ​​កម្ពុជា​​យើង​​ មានព្រឹត្តិការណ៍​សំខាន់ៗ​​ជា​ប្រវត្តិសាស្ត្រ​​ជាច្រើន​ដូចជា ដំណើរទស្សនកិច្ច​របស់​​លោកជំទាវ​ យីងឡាក់ មាន​ការធ្វើ​បទបឋកថា​ស្តីអំពី​សេដ្ឋកិច្ចអាស៊ី ក៏ដូចជានៅក្នុងតំបន់​ដោយ​លោក​បណ្ឌិត ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា​ យើងក៏​មានការ​ជួបជុំអ្នក​នយោបាយ​ប្រជាធិ​បតេយ្យ​និយម​កណ្តាល​អន្តរជាតិ​​អាស៊ី​​-ប៉ាស៊ីហ្វិក​ ហើយយើងក៏មានពិធីបំពាក់មេដាយ​​ពីសំណាក់ប្រមុខ​រាជរដ្ឋា​ភិបាល​​ជូនដល់​ឥស្សរជននយោបាយប្រជាធិបតេយ្យទាំងនោះ​​ និងមានមហាសន្និបាត​អន្តរសភា​អាស៊ាន​​​លើកទី៣២​ AIPA នៅក្នុងរាជធានីភ្នំពេញរបស់យើង​ ហើយនេះគឺជាការលើក​ស្ទួយ​នូវ​កិត្យានុ​ភាព​​របស់​ប្រទេស​កម្ពុជា​​យើង​។ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​ការអបអរសាទរ​ ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​​ចំពោះព្រឹត្តិ​ការណ៏នេះ​ បែរជាគណបក្ស​ប្រឆាំង​ ទាំងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិម​នុស្ស​ និយាយថា​ មហាសន្និបាតអន្តរសភានេះ​មិនបានការអ្វីទាំងអស់ ក្រៅតែពីចំណាយ​លុយ​​ជាតិ​អត់​ប្រយោជន៍ទៅវិញ​។​ ជុំ​វិញបញ្ហានេះសូមលោកបណ្ឌិតជួយធ្វើអត្ថាធិប្បាយ​ ដើម្បីពន្យល់​ជូន​ជនរួមជាតិ​?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ រឿងព្រឹត្តិការណ៍ដែលបានកើតឡើងចាប់ពីថ្ងៃទី​១៥ ខែ​កញ្ញា មក​ដល់ពេលនេះ​គឺជា​ព្រឹត្តិការណ៍​​ដែលបង្ហាញ​អំពី​កិត្តិយស​​ជាតិយើង​នៅលើ​ឆាក​អន្តរជាតិ​​ ដោយកម្ពុជា​បានដើរ​តួជា​ម្ចាស់​ផ្ទះ​​ក្នុងនាម​ជាប្រទេស​ ឯករាជ្យ ប្រជាធិបតេយ្យ​ អាចស្វាគមន៍ចំពោះថ្នាក់ដឹកនាំ​សំខាន់ៗ ជា​ពិសេស​​នៅ​ក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសជិតខាងរបស់យើង​ ដែលពីមុនប្រទេសទាំងពីរ​ធ្លាប់​​បាន​រងគ្រោះ​មួយរយៈតូច​កាលក្នុង​រជ្ជកាល​លោក អាប់ភីស៊ីត​​ គឺប្រទេសថៃតែម្តង​។​
ដំណើរទស្សនកិច្ចរបស់លោកជំទាវ យីងឡាក់ គឺជាចំណុចចាប់ផ្តើម​នៃកិច្ចសហប្រតិបត្តិការ​គ្នាជាថ្មីឡើងវិញ ដែល​ត្រូវបាន​​ល្អក់កករនៅក្នុងយុគ្គសម័យរដ្ឋាភិបាល​របស់លោក អាប់ភីស៊ីត​ ។ ការ​​ចាប់​ផ្តើមនេះ មិនមែនជា​ការក​សាង​ឡើងវិញទេ​ តែ​វាជាការបន្តឡើងវិញនូវអ្វីដែលកម្ពុជា និងថៃ​ ធ្លាប់ល្អ​និងគ្នា ហើយ​បានធ្វើកិច្ចការច្រើនជាមួយគ្នា​។ ការចាប់ផ្តើមនេះ គឺជាការ​​ចាប់ផ្តើម​របស់ រដ្ឋាភិបាល​លោកជំទាវ យីងឡាក់​ តែម្តងចំពោះកម្ពុជា​។ វាគឺជាការ​ដែលប្រជាជាតិទាំងពីរ និង​អន្តរជាតិ កំពុងរង់ចាំ និង​​​​​ស្វាគមន៍ នូវដំណោះស្រាយ​ដែលកើតចេញពីការបង្កជម្លោះដោយ​ក្រុម​ជាតិ​និយម​ជ្រុលរបស់លោក អាប់ភីស៊ីត​ និងក្រុមអាវលឿង​ រហូត​ដល់កម្ពុជា​​ឈាន​ទៅដល់​ដំណោះ​ស្រាយ​​​តាមបែប​ពហុភាគី​ និងតាមបែប​យុត្ថាធិការ​អន្តរជាតិ​ គឺតុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ​​។ នេះ​ជា​ដំណោះស្រាយ​មួយតាម​ការព្រម​ព្រៀងគ្នារវាងលោក​ជំទាវ យីងឡាក់​ ជាមួយភាគីកម្ពុជា ដែល​ប្រមុខ​រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់​ពីជំហរស្រុះស្រួលគ្នា​ ក្នុងការឯកភាព គោរព​នូវ​សេចក្តី​សម្រេច​ ឬ​ក៏​វិធានការណ៍​បណ្តោះអាសន្ន របស់តុលាការ​យុត្តិធម៌​​អន្តរជាតិ​​ គឺយើង​មិនត្រឡប់​ទៅរក​ការ​ប្រទាញ​ប្រទង់​គ្នាតាមបែប​អូសបន្លាយ មិនស្មោះត្រង់របស់ក្រុមអាប់ភីស៊ីតទៀត​ទេ។​ កិត្យានុភាព​នេះ មិនមែន​បានតែ​ប្រយោជន៍​សម្រាប់​កម្ពុជា-ថៃ នោះទេ​​ តែវាបាន​​ជាប្រយោជន៍​​អន្តរជាតិ​ដែល​បង្ហាញ​ថា​ បើគ្មាន​រដ្ឋាភិ​បាលថៃដែលមាន​ការ​យល់គ្នា​ទៅវិញ​ទៅមក​​ចំពោះរដ្ឋាភិបាលកម្ពុជា​ទេ​​ អំណាច​​យុត្ថាធិការ​អន្តរជាតិ នឹងត្រូវរាំងស្ទះ​ដោយសារតែនយោបាយជាតិនិយមជ្រុល​របស់ថៃ​នេះ​ឯង​​។ ឥឡូវ​​នេះទោះបីជា​ចំណុច​ទាំងអស់​មិនទាន់​ត្រូវ​បាន​ដោះស្រាយភ្លាមៗក៏ដោយ​ ក៏ប៉ុន្តែមាន​ការ​ព្រម​ព្រៀង​​​គ្នា​អនុវត្ត និងគោរព​ទៅតាម​វិធានការណ៍​បណ្តោះ​អាសន្ន​​របស់​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​​ទីក្រុង​ឡា​អេ​​​​​​ផងដែរ​ ដែលនេះគឺជាចំណុចសំខាន់ណាស់​។ ចំណុចមួយទៀត​ ដែល​ប្រជាជាតិ​ខ្មែរ​ត្រូវ​ទទួល​ស្គាល់ និងអត់ធ្មត់​ ដើម្បីកុំឲ្យចាញ់នូវឃោសនា​ និងឧបាយកលរបស់គណបក្សប្រឆាំង​ គឺថា​នៅ​ពេល​ដែល​រដ្ឋាភិបាលថ្មី ទើប​តែជាប់ឆ្នោតរបស់ថៃ ដែលកំពុង​តែទទួល​ស្គាល់​នូវ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា យើងក៏​ត្រូវ​ទទួល​ស្គាល់ដែរ​អំពីបន្ទុកធ្ងន់​របស់ លោកជំទាវ យីងឡា​ក់ ដែរ​នៅ​ក្នុង​ស្ថាន​ការណ៍​នយោបាយក្នុងប្រទេស ដែល​គាត់កំពុងប្រឈម ​តទល់ទៅនឹង​នយោបាយ​ជាតិ​និយម​ជ្រុល​របស់​​​ក្រុម​លោក អាប់ភីស៊ីត ផង និងន​យោ​បាយ​គាប​សង្កត់​ ដែលជាបញ្ហាផ្ទៃក្នុងរបស់ថៃផង​ គឺបញ្ហា​គោរព និងទទួល​ស្គាល់នូវ​នយោបាយ​ប្រជាធិបតេយ្យនេះឯង​។ ដូច្នេះ​យើងត្រូវមានសុទិដ្ឋិនិយម គឺអ្វីៗ មិនអាចចង់បានលឿននោះទេ ​ដោយសារមានកត្តា​ផ្សេងៗ​ជាច្រើន​ទៀត​ដែលដាក់​សម្ពាធ​មក​លើ​​រដ្ឋាភិបាលលោកជំទាវ យីងឡាក់​ ក្នុងការដោះស្រាយនូវអ្វីៗដែល​នៅ​សេសសល់​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺមិន​បានភ្លាមៗនោះទេ​។​ សុទិដ្ឋិនិយមនេះ យើងបានឃើញរួចទៅហើយ​ ជាមួយ​នឹង​ការ​បើកច្រកព្រំដែន​ ទំនាក់ទំនងពាណិជ្ជកម្ម​ និងមានលទ្ធផលនៃការជួបសវនាការ​រវាង​ថ្នាក់​ដឹកនាំ​​នៃ​ប្រទេសទាំងពីរ នៅក្នុងការព្រមព្រៀង​គ្នា​ និងបានបន្ធូរនូវ​បរិយាកាស​នយោបាយ​ច្រើន​ណាស់​ ដូច​ជា​កិច្ចការទេសចរណ៍​ កិច្ចការជំនួញពាណិជ្ជកម្ម​ និងកិច្ចការវីសា​ ​សម្រាប់ប្រទេស​បីបួន​នេះ​ទៀត​។ ទាំងនេះគឺជាផ្លែផ្កា​បញ្ជាក់ថារដ្ឋាភិបាលនៃប្រទេសទាំងពីរ​កំពុងធ្វើកិច្ចសហ​ប្រតិបត្តិការ ដើម្បី​ផ្តល់​នូវ​ការ​ជឿជាក់​​ដល់ប្រជាជាតិរបស់​ខ្លួនក្នុងការទទួល​បាននូវផលប្រ​យោជន៍​ទាំង​សង្ខាង​​។
ជាមួយគ្នានេះក្រុមរបស់លោក អាប់ភីស៊ីត​ កំពុងតែ​មិនសប្បាយចិត្តចំពោះកិច្ចល្អូកល្អើន និង​កិច្ច​សហប្រតិបត្តិការល្អ​របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថ្មីរបស់ថៃ​នោះទេ​ គឺភាពច្រណែន​ឈ្នានីស​​នេះ បានបង្ហាញឲ្យឃើញថា ក្រុមរបស់ អាប់ភីស៊ីត កំពុងតែ​ធ្វើចំណាត់ការក្នុងគំនិតទុច្ចរិត ដើម្បី​រាំងខ្ទប់​ ឬ​បំពុលបរិយាកាសចំពោះទំនាក់ទំនងល្អនេះ​​។
ជាក់ស្តែង​ចំពោះវត្តមានរបស់ឯកឧត្តម ថាក់ស៊ីន​ មកកម្ពុជាគឺជាចំណុច​មួយដែល​ធ្វើឲ្យក្រុម​ជាតិ​និយម​ជ្រុល​ ពិសេស​គឺដៃគូ​សត្រូវនយោបាយដែលជាក្រុម អាប់ភីស៊ីត​ បានរុកគួន និងឈ្នានីស​ប្រទេស​កម្ពុជា ដោយមិនគោរព​ប្រទេស​កម្ពុជា​ដែលជាប្រទេសមានអធិបតេយ្យ​ក្នុងការ​សម្រេច​ទទួល​​​​ភ្ញៀវ ឬក៏ជាមិត្តភក្តិ​របស់ថ្នាក់ដឹកនាំ​។ រឿងរបស់​លោកថាក់ស៊ីន ត្រូវបានអន្តរជាតិ​​ទទួល​ស្គាល់​​ថា​ជា​រឿង​នយោបាយ​​ គឺមិនមែនជារឿងតុលាការទេ​។ ​ក្រុមលោក អាប់ភីស៊ីត មិនដែល​ហ៊ាន​ទាម​ទារ​​ចំពោះ​ប្រទេស​ទាំងឡាយណាដែលឯកឧត្តម ថាក់ស៊ីន ​បានទៅដល់ទេ គឺ​ហ៊ានទាមទារតែ​ករណី​​​កម្ពុជា​តែប៉ុណ្ណោះ​​ ឲ្យ​បញ្ជូនខ្លួន​ ឬចោទប្រកាន់​រដ្ឋាភិបាលថា​ការពារទណ្ឌិត ឬបំភ្លៃ​ថា​កម្ពុជា​មិន​គោរព​នូ​វ​អំណាច​តុលាការ​​ថៃ​​ទៅវិញ​​​​។ រីឯរឿង​ទណ្ឌិតពីរនាក់របស់ថៃ​ដែលកំពុងនៅ​ក្នុង​គុគ​ព្រៃស​​ខ្មែរ​​​ បែរជាក្រុមលោកអាប់ភីស៊ីត​ ចោទ​ថាជា​រឿង​នយោ​បាយទៅវិញ​នោះ​ តើ​រឿងនោះ​វាយ៉ាង​ម៉េច​​ដែរ?​​ ដែលភស្តុតាងជាក់ស្តែងគឺ​ អំពើចារកម្ម​របស់អ្នកទាំងពីរនោះ​ ហើយនិយាយឲ្យពិតទៅ​មួយក្រុម​ដែល​មកធ្វើចារកម្មចរិត​ក្រអើតក្រទមនោះ​ ​ភាគីកម្ពុជាបានដោះលែង​អស់ហើយ​នៅ​សល់​​តែ​ពីរ​ទេ​ដែល​​ជាមេក្លោង​ទទួលខុសត្រូវមុខច្បាប់​។​ យើងសួរថាតើភាគីលោក​ ​អាប់ភីស៊ីត មាន​ពិចារណា​​លើ​ចំណុច​​​នេះឬ​អត់​​?​​​ តើវាមានតុល្យភាពក្នុងការគិត​ឬ​អត់? ហើយចំណុចនេះ​សួរថា​កម្ពុជា​​មាន​សុភវិនិច្ឆ័យ​ជាក់​លាក់​យ៉ាង​ម៉េច​​ចំពោះ​ឯកឧត្តម ថាក់ស៊ីន​?​ គឺទីមួយមិនមែន​មានន័យថា​ជា​​លក្ខណៈ​បុគ្គល​នោះទេ​ តែជាលក្ខណៈយុត្តិធម៌សម្រាប់​ឥស្សរភាពរបស់លោកថាក់ស៊ីន​ ពីព្រោះ​លោក​ថាក់ស៊ីន​ គឺជាអ្នកដឹកនាំមួយ​ដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យ ហើយប្រទេសកម្ពុជា​គាំទ្រ និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យណាស់​មិនមែនគ្រាន់តែថាដូចអ្នកប្រឆាំងនោះទេ​។ អញ្ចឹង​បើ​ថ្នាក់​ដឹក​នាំ​ប្រទេសមួយដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យ​ ហើយ​ត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារ​ ហើយ​​ដែល​​គេតាមប្រមាញ់ដោយប៉ងធ្វើឃាត​នោះ​ សួរថាតើកម្ពុជាគួរតែមានកាតព្វកិច្ច​អន្តរជាតិដែរ​ឬអត់​​?​ ចំណុច​នេះដែល​យើងត្រូវពិចារណាទាំងអស់គ្នា​ ដូច្នេះមិនត្រឹមតែជាកាតព្វកិច្ចទេ តែវាជា​គុណធម៌​​ដ៍​ធំ​បំផុតដែល​ប្រមុខ​រដ្ឋាភិ​បាល ហើយសម្រាប់ប្រជាជាតិខ្មែរទៀត ក្នុងការផ្តល់ជូនលោក​ថាក់ស៊ីន និងក្រុមអាវក្រហម​។ ភាពឈ្នានីសរបស់​ក្រុមជ្រុល​និយម​លោកអាប់ភីស៊ីតកំពុង​តែមួរម៉ៅ​ក្តៅ​ក្រហាយ​ ហើយបំភ្លៃបរិយាកាសឲ្យវែងឆ្ងាយ​តទៅទៀត ប៉ុន្តែ​វាជារឿងរបស់ពួកគាត់ទៅចុះ ដែល​នេះ​ហើយ​គឺជាចរិតជ្រុលនិយម មិនប្រជាធិបតេយ្យ​​របស់ក្រុម​លោក អាប់​ភីស៊ីត​​​។​​​ ទំនាក់​ទំនង​ល្អ​មួយទៀត​ គឺ​ប្រជាជាតិថៃបោះឆ្នោតគាំទ្រ​​នយោបាយសហប្រតិបត្តិការ​ មិនមែនបោះឆ្នោតគាំទ្រធ្វើ​សត្រូវ​គ្នារវាងកម្ពុជា-​ថៃនោះទេ ពីព្រោះថាបើបោះឆ្នោតគាំទ្រឲ្យមានសង្គ្រាម ប្រហែលជាក្រុម​របស់​លោក អាប់ភីស៊ីត ជាប់ឆ្នោតហើយ​​។​ ប្រជា​ជាតិថៃ និងប្រជាជាតិកម្ពុជា គឺស្រឡាញ់សន្តិភាព និង​ស្រឡាញ់​យុត្តិធម៌ដូចគ្នា​ និងចង់ទទួល​នូវផល​ប្រយោជន៍ដូចៗគ្នា ប៉ុន្តែ​ដើម្បីឲ្យ​ផលប្រយោជន៍​ទាំងពីរ​​ក្លាយទៅ​ជា​ប្រសិទ្ធិភាព​ជាក់ស្តែង​ គឺត្រូវ​ការគោរពនូវ​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​​​។
ផ្អែកលើការប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​​ប្រមុខរាជរដ្ឋាភិបាល​ គឺ​យើង​​មិនអនុវត្តនូវនយោបាយ​ជ្រុលនិយម​ដូច អាប់ភីស៊ីត ឬក៏ដូចគណបក្សប្រឆាំងនៅកម្ពុជាទេ​ គឺ​យើង​អនុវត្តនយោបាយរក​វិធីឲ្យមានផល​ប្រយោជន៍​ទៅវិញទៅមក​ ឈរលើគតិយុត្តិធម៌ទាំងអស់គ្នា​ ហើយ​​ផ្អែកទៅលើនីតិអន្តរជាតិនេះឯង​។​​
ពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍ដែលជាមុខមាត់របស់កម្ពុជាមួយទៀត​ គឺ​ការប្រជុំអន្តរសភា​អាស៊ាន​​ AIPA ។ មុននឹងខ្ញុំពន្យល់អំពីកិត្យានុភាព​ និងផលប្រយោជន៍នៃកិច្ចប្រជុំនេះ ខ្ញុំសូម​ពន្យល់​បញ្ច្រាស​ទៅនឹងទស្សនៈជ្រុលនិយម​របស់​គណបក្សប្រឆាំងនៅកម្ពុជា ពាក់ព័ន្ធនឹងរឿង​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះឲ្យកិច្ចប្រជុំ AIPA នេះ​។ គណបក្ស សម រង្ស៊ី និងគណបក្ស លោក កឹម សុខា​ បានចោទប្រកាន់​ និងវាយតម្លៃថា ការប្រជុំនេះ​មិនបានការ និងចំណាយ​លុយឥត​ប្រយោជន៍​។ អ្នកនយោបាយទាំងអស់នេះតែងតែអួតខ្លួនឯងថាស្រឡាញ់ជាតិ​ តើពួកគេ​ស្រឡាញ់ជាតិយ៉ាងម៉េច?​ បើស្រឡាញ់ជាតិ​នៅក្នុងនយោបាយថោកទាប​ មិនចង់ឲ្យកម្ពុជាមានមុខ មានមាត់បែបនេះ​​។​ យើង​អាច​​ពិចារ​ណា​ទៅ​លើ​បុគ្គ​លអស់លោកដែលជាគណបក្សប្រឆាំង​ថា តើគាត់ទៅធ្វើការ ទៅប្រជុំ​ ឬជួប​អ្នកនេះ អ្នកនោះ តើគាត់បានគិតអំពី​មុខមាត់​នយោបាយរបស់គាត់ដែរឬអត់​? នេះគ្រាន់តែ​ខ្នាត​តូច​ជាបុគ្គលសម្រាប់ធ្វើនយោបាយផង​​ ចុះទម្រាំដល់​ខ្នាត​ជាតិ​នោះ​តើ​ កម្ពុជាជាប្រទេសជាតិមួយ​ដែល​ធ្លាប់តែមានឈ្មោះអាក្រក់ក្នុងភាពអន្ធកាល​ ក្នុង​របបខ្មែរ​ក្រហម​នោះ​ តើក​ម្ពុជា​គួរ​តែ​មាន​​កាតព្វកិច្ច​​រៀបចំរូបភាពរបស់ខ្លួន​ ក្នុងរូបភាពល្អសម្រាប់ឆាក​អន្តរជាតិ​ដែរឬអត់​? ឬក៏ចេះ​តែ​ដើរ​ត្រុនៗ​​ទៅចូលប្រជុំនៅបរទេស ហើយខ្លួនឯង​កុំរៀបចំខ្លួន​ឯង​ឲ្យ​ក្លាយ​ទៅ​ជា​​ម្ចាស់ផ្ទះម្តង​ឬក៏យ៉ាង​ម៉េច​​?​ ចំណុចនេះ​ហើយ​ដែល​គួរ​ពិចារណា បើយក កត្តា​​ ១,៣ លានដុល្លារ​ សម្រាប់​​ការចំណាយ​របស់​កម្ពុជា​ ចំពោះការរៀបចំការប្រជុំ AIPA ក្នុងនាម​ជាប្រ​ទេសមួយ បើយើងគិតថា​ ១,៣ លាននេះវាច្រើន​ សម្រាប់អស់លោកអ្នកប្រឆាំង ប៉ុន្តែតើយើងនឹងបានអ្វីមកវិញ​?​ ហើយក្នុងនាម​កម្ពុជា ជារដ្ឋមួយ​ដែលជាសមាជិកអាស៊ានផង សមាជិកអង្គការសហប្រជាជាតិផង​ តើកម្ពុជាគួរ​មាន​កាតព្វកិច្ច​ក្នុងអន្តរជាតិដែរឬអត់?​ ហើយបើកម្ពុជា​សហការជាមួយ​បណ្តាប្រទេស​ក្នុង​ពិភពលោក​​ក្នុង​ការ​អភិវឌ្ឍប្រ​ទេស​ខ្លួន​​យើង​ តើយើងគួរតែលះបង់​ខ្លះសម្រាប់គេដែរឬអត់​?​។ ចំណុចនេះហើយ​ដែល​អស់​លោក​អ្នកនយោបាយគ្មានដឹងអ្វី​ទាំង​អស់ ហើយចេះតែតាំងខ្លួនជាអ្នក​ស្រឡាញ់ជាតិ​បែប​នេះ​ តើ​ស្រឡាញ់ជាតិយ៉ាងម៉េច បើមិនឲ្យ​កម្ពុជា​មាន​មុខ​មាន​មាត់​?​។ តាមពិតអ្នកទាំងអស់នោះ​ច្រណែន​ឈ្នានីសទេ​ ពីព្រោះគេបាននិយាយចំហើយ គេថាការ​ចំណាយ​ប្រជុំ AIPA នេះ​​គឺគ្រាន់​តែ​ជា​ការលើកមុខ លើកមាត់រដ្ឋាភិបាល​។​ អញ្ចឹងចរិតមាយាទ​ជន​ទាំងអស់​នេះ​​គឺជាចរិតមាយាទ​ច្រណែន​​ឈ្នានីស​រដ្ឋាភិបាល​ ដោយពួកគេមិនបាន​ចាត់ទុក​រដ្ឋាភិបាល​ថាជា​រដ្ឋាភិ​បាល​ប្រជាធិប​តេយ្យ ដែលជារដ្ឋាភិបាល​របស់ប្រជាជាតិខ្មែរ ហើយដែលជារដ្ឋាភិបាល​ទទួល​ធុរកិច្ច​​រៀបចំ​កិច្ចការ​អន្តរជាតិ​របស់កម្ពុជានោះ​​ទេ​​​ ពួកគេបែរ​ជាគិ​ត​ថារដ្ឋា​ភិបាលគឺជាសត្រូវរបស់គេ ដាច់ខាត​គឺមិនត្រូ​វ​មានមុខ មានមាត់​ទេ​។ ដូច្នេះហើយ ចរិតប្រឆាំង​របស់​ពួកគេ​គឺ​ជាចរិត​ប្រឆាំង​ដ៏ឆ្កួត​លីលាសុទ្ធសាធ​​​​ ពីព្រោះគ្មានប្រទេសណាមួយដែលគេប្រឆាំងរបៀបនេះទេ​។​ កម្ពុជាគឺជារដ្ឋមួយ​ ជាសមាជិកអាស៊ាន​ផង​ សមាជិកអង្គការអន្តរជាតិ​ផង​ដូចជា អង្គការសហប្រជាជាតិ​ តើយើងគួរ​តែ​មាន​កាតព្វកិច្ច​ដែរ​ឬអត់​​?​។ ឥឡូវនេះកម្ពុជាមិនមែនត្រឹមតែមានកាតព្វកិច្ចនយោបាយក្នុងស្រុក​​នយោបាយ​​​​ការបរទេស​ទ្វេភាគីជា​មួយ​ប្រ​ទេស​ជា​មិត្តទេ​​​​ គឺកាតព្វកិច្ចអន្តរជាតិ​ ដូចយើងបានលះបង់​ កិច្ចការ​យើងច្រើន​ណាស់​ ដូចជា​ក្នុងការ​ចូលរួម​ដោះ​មីន​នៅក្នុង​បណ្តាប្រទេសនានា​ជាដើម ក្នុងក្របខណ្ឌអង្គការ​សហប្រជាជាតិ​ និងការស្នើសុំចូលជាសមាជិក​មិនអចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ទៀត​។​ ដូច្នេះតម្លៃកិត្តិយស​ដែលកម្ពុជា​​ធ្វើជាម្ចាស់ផ្ទះ​នៃការប្រជុំ​អន្តរសភា​អាស៊ាន​ គឺ​ជា​ការគ្រប់គ្រាន់ដែលប្រជាពលរដ្ឋអាចធ្វើការវិនិច្ឆ័យ​ ចំពោះការវិវឌ្ឍរបស់យើង​ ហើយអាចធ្វើ​ការ​វិនិច្ឆ័យ​​ចំពោះ​នយោបាយទុច្ចរិត និង​ល្ងង់ខ្លៅរបស់​ក្រុមប្រឆាំងនៅកម្ពុជាបានហើយ​​។​
ពាកព័ន្ធទៅនឹង ការប្រជុំរបស់គណបក្ស​នយោបាយ​ប្រជាធិបតេយ្យនិយមកណ្តាល​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ យើងពិនិត្យ​មើល​ ថាតើកម្ពុជា ជាពិសេសគណបក្សគ្រប់គ្រងរដ្ឋាភិបាល​ គឺ​គណបក្ស​ប្រជាជនកម្ពុជា​ ដែលគណបក្សប្រឆាំងច្រើន​តែចោទថា​​ ផ្តាច់ការ កុំម្មុយនីស​ តើអស់លោក​នោះ​មានសម្ព័ន្ធភាពជាមួយអន្តរជាតិទេ​?​ បើគណបក្ស សម រង្ស៊ី សម្ព័ន្ធភាពជាមួយគណបក្ស អាប់ភីស៊ីត​ ទៅវិញ​ នេះជាភាពថ្លៃថ្នូររបស់គេហើយ​។​
ប្រជាពលរដ្ឋត្រូវដឹងថា ការជួបជុំ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំរបស់​ គណបក្ស​ប្រជាធិប​តេយ្យនិយមកណ្តាល​នៅអាស៊ី-ប៉ាស៊ីហ្វិកនេះ​ គឺមានកិត្តិយសធំណាស់ ដើម្បីបញ្ជាក់​ពីការ​ចូល​រួមចំណែក​ក្នុងការលើកទឹក​ចិត្តដល់​អ្នកនយោ​បាយ​​ដែល​បាន​បរិច្ចាគសម្រាប់​ មនុស្សលោក​ ក្នុង​នោះ​មានឥស្សរជនធំៗបីរូប​ គឺអតីតអនុ​ប្រធានាធិបតី ហ្វីលីពីន​ អតីតនាយករដ្ឋមន្ត្រីថៃ លោក​ថាក់ស៊ីន​ ហើយនិង​អតីតប្រធានតុលាការ​កំពូលរបស់ហ្វីលីពីន​ ដែលបាន​ទទួលគ្រឿង​ឥស្សរីយស​របស់​អង្គការ​គណបក្សប្រជាធិបតេយ្យ​និយមកណ្តាល​នេះ​។​ ជាមួយគ្នានោះកម្ពុជា​ក៏បានប្រគល់​គ្រឿង​ឥស្ស​រីយ​ស​​​​​ដល់អ្នកនយោបាយនិយមកណ្តាល​ដ៏ទៃទៀតជាច្រើន​ ដែលសុទ្ធតែជាអតីត​ថ្នាក់​ដឹក​នាំ​នៃបណ្តា​ប្រ​ទេស​នៅ​អា​ស៊ាន​​។ នេះជាការបង្ហាញនូវការប្រកៀកស្មាគ្នាដើម្បីពង្រឹងនូវសន្តិភាព និង​​ភាពសុខក្សេម្ភក្សាន្ត​ សុខុមាលភាព នៅក្នុងតំបន់​ អាស៊ាន អាស៊ី-ប៉ាស៊ីហ្វិក និងនៅ​ក្នុង​ពិភពលោក​ ដែលជាកិត្តិយសរបស់កម្ពុជា និងបញ្ជាក់ថាកម្ពុជា​មិនមែនជាប្រទេសឯកកោនោះទេ​ ទាំង​ឆាកនយោបាយ និងសេដ្ឋកិច្ច​។​
លោកជុំ កុសល​
សំណួរ៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា​ ធ្វើ​ជា​ទិវា​សន្តិភាព​ពិភពលោក​ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញនូវសារលិខិត​ចូលរួមអបអរសាទរទិវាសន្តិភាពនេះ​ ដោយបានចាត់ទុកថាទិវាសន្តិភាពនេះ មានសារៈសំខាន់​ណាស់​ ពីព្រោះសង្គ្រាមវាបានធ្វើឲ្យមានការព្រាត់ប្រាស់និរាស និងបាន​បន្សល់នូវ ស្ត្រីម៉េមាយ​ ជនពិការ ក្មេងកំព្រា ។ល។​ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រដ្ឋាភិបាល ដែលទទួលបន្ទុក​។​ ក៏ប៉ុន្តែ​មេ​បក្ស​ប្រឆាំង​ក្រៅស្រុកមួយនោះ គាត់បែរជាគិតតែពីរឿងប្តឹងបុគ្គល សម្តេច​តេជោ ហ៊ុន សែន គិតតែពីរឿង​អំពាវ​នាវឲ្យប្រជាពលរដ្ឋប្រើអំពើហឹង្សា​ធ្វើបដិវត្តផ្កាម្លិៈ ដែលផ្ទុយនិងចរន្ត​នយោបាយ​ពិភពលោក ដែល​គេត្រូវ​ការ​សន្តិភាព​។ ម៉្យាងទៀត មេបក្សសិទ្ធិមនុស្ស​ គិតតែពី​ចោទថា រដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​របស់​​​​គណបក្ស​ប្រជាជន​ធ្វើឲ្យ​ជាតិ​​ជិតរលត់រលាយហើយ​ ។ ជុំវិញបញ្ហានេះ តើលោកបណ្ឌិត​យល់​ឃើញ​យ៉ាង​ម៉េច​ដែរ​?​​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ សាររបស់ប្រមុខរាជរដ្ឋាភិបាល​ ពាក់ព័ន្ធនឹង​ទិវាអន្តរជាតិ​ដែលមានឈ្មោះថា​”វប្បធម៌សន្តិភាព “នេះ​ គឺយើង​មាន​មោទនភាព ដោយយើងបានឆ្លងកាត់​នូវបទពិសោធន៍​ដ៏​សោកសៅ​ ដែលតាមរយៈនេះតម្លៃ​សន្តិភាព​របស់​ប្រជា​ជាតិ​ខ្មែរ​គឺថ្លៃខ្លាំងណាស់​។ សារនេះ​បង្ហាញ​ថា​​​នៅពេលដែលយើងទើបតែទទួលបាននូវសុខសន្តិភាព​រយៈពេល ១៣ឆ្នាំ គឺគិតចាប់ពី​ឆ្នាំ១៩៩៨​មក​​។​ ដូច្នេះគឺយើងមានការស្រឡាញ់ និងថ្នាក់ថ្នម នូវបរិយាកាស​សន្តិភាពនេះ​ខ្លាំងណាស់ និង​ចង់បាន​នូវវប្បធម៌​សន្តិភាពនេះធំធេង​ណាស់​ ដូចដែលមាននៅក្នុងអត្ថន័យ​នៃសារ​របស់ប្រមុខ​រដ្ឋាភិបាល​អញ្ចឹងដែរ​​។ ការឲ្យតម្លៃសន្តិភាពនៅក្នុងប្រទេសកម្ពុជានេះ ក៏ជាការចូលរួមឲ្យ​តម្លៃ​នៃ​សន្តិភាព​នៅក្នុងពិភពលោកផងដែរ​ ពីព្រោះ​កម្ពុជា​ទទួលបានសន្តិភាព ដោយកម្លាំងជាតិ​ខ្លួនឯងផង និង​ដោយ​កម្លាំងសហប្រតិបត្តិការពីអន្តរជាតិផង​។​
ផ្ទុយមកវិញ​ ទង្វើរបស់​មេដឹកនាំគណបក្សប្រឆាំង​​គឺខុសគ្នា​ទាំងស្រុងពី​ឆន្ទៈរបស់​ប្រជាពល​រដ្ឋ​​ដែលស្រឡាញ់សន្តិភាព​។ ទុក្ខសោកដែលប្រជាជន​កម្ពុជាធ្លាប់បានឆ្លងកាត់​ គឺច្បាស់ជាងលោក សម រង្ស៊ី​ ហើយក៏ស្គាល់​អត្ថន័យ​ច្បាស់​ជាង​មេបក្ស​សិទ្ធិ​មនុស្ស​​ដែរ​។ មេបក្សសិទ្ធិមនុស្ស​គ្រាន់តែ​យក​បរិបទ​ទាំងអស់នោះមក​កេងចំណេញ ឯប្រធានគណបក្ស សម រង្ស៊ី​ គ្រាន់តែបង្កបញ្ហា​ដើម្បីបន្ទាប ឲ្យអាប់ឱននូវកិត្តិយស​របស់សម្តេចប្រមុខរដ្ឋាភិបាលតែប៉ុណ្ណោះ​។​មិនមែនជាការរក​យុត្តិធម៌​សម្រាប់ប្រជាជាតិខ្មែរទេ​។ ហើយការប្រកូកប្រកាសឲ្យធ្វើបដិវត្តក៏ដើម្បីតែរឿង​សួនតួ​នៃ​អំណាច​ទេ មិនមែន​ជារឿង​​ពង្រឹងនូវប្រជាធិបតេយ្យ និងរក្សានូវចីរភាព​នៃដំណើរការប្រជាធិបតេយ្យ និង​ការអភិវឌ្ឍប្រទេសទេ​។វាគឺជា​រឿង​ផ្តួលរំលំ និងធ្វើឲ្យអាប់ឱនកិត្តិយស​បុគ្គល​របស់​សម្តេចប្រមុខ​រដ្ឋាភិបាល​​។ ឧទាហរណ៍ រឿង ក៥​ ប្រហែលជាលោក សម រង្ស៊ី គាត់អត់ដឹង ពីព្រោះគាត់​រស់នៅ​ឯណា​ឯណោះ​។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ​ពិតជាដឹង​ ចំណែកលោក កឹម សុខា ប្រហែលជា​គាត់​ទៅ​លួចអង្ករ​នៅទីណា​​ហើយបានជាគាត់មិនដឹង​។​
នៅពេលដែលយើងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត​​ ហើយ របបនេះនៅ​តែប៉ុនប៉ង​វិល​ត្រលប់មកវិញ​​។ យុទ្ធសាស្ត្រ ក៥ គឺជាយុទ្ធសាស្ត្រការពារ​ជាតិ និងយុទ្ធសាស្ត្រការពារ​អាយុជីវិត​​ប្រជាពលរដ្ឋ​ ហើយនេះគឺជា​កាលៈ​ទេសៈ​សង្គម​តម្រូវឲ្យមាន​ការលះបង់​។​
សម្រាប់លោក សម រង្ស៊ី គឺគាត់មិនដែលស្គាល់នូវការគម្រាមកំហែងអាយុជីវិតម្តងណាឡើយ​ គឺគាត់ទៅរស់នៅ​ក្នុង​ប្រទេសដែលស៊ីវីល័យ​ ហើយមិនដែលស្គាល់​ពីទុក្ខសោក​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​ឡើយ​ ហើយឥឡូវនេះ​នៅពេល​ដែល​កម្ពុជា​បានទទួលនូវសេចក្តីសុខក្សេម្ភក្សាន្ត​ និងកំពុង​អភិវឌ្ឍ​ប្រទេសជាតិ គាត់បែរជា​បង្កនូវការញុះញង់ អុជអាល​ ឲ្យប្រជាពលរដ្ឋក្រោកឈរឡើងបះបោរ​ ក្រោមផ្លាកផ​លិតកម្មបដិវត្តផ្កាម្លិៈ​ទៅវិញ​។ ម៉្យាងទៀត លោក សម រង្ស៊ី​​ គាត់ក៏ដឹងច្បាស់ណាស់ថា​ គ្មាន​តុលាការ​ប្រទេសណាមួយ​​គេទៅជឿតាម​គាត់ទេ​ ក៏ប៉ុន្តែគាត់ធ្វើបែបនេះ​គឺគ្រាន់តែ​ជា​ឈ្នួននៃ​ភ្លើង​​សង្គម ដោយចង់ឲ្យសង្គម​មានកំហឹងមួយ​ ទៅលើរដ្ឋាភិបាល ឬទៅលើប្រមុខរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយគណបក្សប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។ ការឆ្កឹៈឆ្កៀលរបស់លោក សម រង្ស៊ីនេះ គឺគ្មាន​តុលាកា​រ​ណាដែល​គេធ្វើតាម​បំណង​របស់​គាត់​ទេ​។​
សរុបមក ខ្ញុំចង់បញ្ជាក់ទៅប្រជាពលរដ្ឋ កុំឲ្យភ័ន្តច្រឡំទៅនឹងវោហាស័ព្ទ​ទុច្ច​រិត​របស់​មេ​គណបក្ស​​ប្រឆាំង​​​នៅកម្ពុជា​។ មានឧទាហរណ៍ជាក់ស្តែងច្រើនណាស់ នៅកម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ណាក៏ដោយ​គឺជាការ​សំខាន់​ណាស់​នៅក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះគ្រប់មនុស្ស រួមទាំង​គណបក្ស​ប្រឆាំងផង​។ ប៉ុន្តែនៅកម្ពុជា គឺនៅមានលក្ខណៈពិសេសមួយទៀត​ ដោយសារ​យើង​ធ្លាប់​មាន​អតីតកាលជូរចត់​ យើងចង់ថែរក្សានូវឯកភាពជាតិ​ ផ្សះផ្សារជាតិ ជាមួយនិង​ការពង្រឹងនីតិរដ្ឋ ក៏​យើង​​នៅមានការអនុវត្ត​នូវ​នយោបាយ​ យោគយល់​ផងដែរ​។ ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា​ បើសិនជា​អនុវត្ត​ច្បាប់ឲ្យម៉ឹងម៉ាត់​ មេគណបក្សប្រឆាំង អស់លោកដែលមាននិន្នាការប្រឆាំង មិនដឹង​ជា​ជាប់គុគ​ប៉ុន្មាន​​ដងបាត់ទៅហើយ​។​ដូច លោក សម រង្ស៊ី និងលោក កឹម សុខា បើគ្មាននយោបាយ​សន្តោស​ប្រណី​នេះទេ​ គឺមិនអាចចេញពីគុគបានទេ​។​ ករណីសព្វដងនេះទៀត បើនៅតែប្រកាន់​ជំហរសត្រូវ​ដដែល ហើយនៅស្រែកបរិហារកម្ពុជា​ នៅឯក្រៅប្រទេស គឺមិនអាច​បម្រើនូ​វវប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ និងអភិវឌ្ឍនៅកម្ពុជា​បានទេ​​​ ហើយ​មិនអាចចៀស​ឲ្យផុតពីការ​មកពឹង​ទេវតាបានទេ​។​ ដូច្នេះគួរកែគំនិតនយោបាយរបស់ខ្លួនចេញ​ ក្នុងការបំផ្លាញនូវវប្បធម៌សន្តិភាព​នេះទៅ​ ពីព្រោះកម្ពុជា ជាប្រជាតិមួយដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម​ អំពើហឹង្សា​ និងរងគ្រោះ​ដោយការញុះញង់​បំបែក​បំបាក់​ជាតិ​បែបនេះ​​រួ​ចមក​ហើយ​​៕​