Tuesday, October 4, 2011

បទសម្ភាសន៍ លោកបណ្ឌិត គួយ ធាវី ស្តីពី ការរៀបចំរដ្ឋធម្មនុញ្ញបែបណា ដើម្បី​កុំឲ្យនាំទៅរក​ការ​ដួល​រលំ​នៃ​របប​ដឹក​នាំ​មួយ


 ថ្ងៃទី ៤ ខែ តុលា​​ ​ ឆ្នាំ២០១១
លោក ណន រីណា
          សំណួរ៖ កាល​ពី​សប្តាហ៍​មុន​យើង​បាន​ពិភាក្សា​អំពី​ ការផ្លាស់​ប្តូរ​ដ្ឋធម្មនុញ្ញ​ពី សម័យ​ ១៩៤៧​ របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ រហូត​មក​ដល់​សម័យ​របប​សាធារណរដ្ឋ​ ហើយ​ក៏​បាន​ឈាន​ចូល​មក​ដល់​ដំណាក់​កាល​មួយ​ទៀត​ កម្ពុជា​ប្រជាធិបតេយ្យ​។ ឥឡូវ​នេះ​សូម​ឲ្យ​លោកបណ្ឌិត​ មេត្តា​បញ្ជាក់​ជូន​បន្ថែម​ទៀត​អំពី​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​ពី សាធារណ​រដ្ឋ​ចូល​មក​ដល់កម្ពុជាំ​​ប្រជាធិបតេយ្យ​។

លោក​បណ្ឌិត គួយ​ ធាវី
          ចម្លើយ៖​  កង​ចក្រ​នយោបាយ​វាធ្វើ​ដំណើរពី​​រាជាធិបតេយ្យ​ទៅជា​ អភិជនាធិបតេយ្យ​ ហើយ​ពី​អភិជ​នា​ធិប​តេយ្យ​ ទៅ​ប្រជាធិបតេយ្យ​​ ហើយ​ប្រជាធិបតេយ្យ​វិល​ដំណើ​រ​មក​រក​អភិជានាធិបតេយ្យ មក​រាជាធិបតេយ្យ​ រាជា​ធិប​តេយ្យ​វិវដ្ត​ ទៅ​រក​អភិជនាធិបតេយ្យ​ អភិជនាធិបតេយ្យ​ វិវដ្ត​ទៅ​រក​ប្រជាធិប​តេយ្យ​ ហើយ​វិល​ត្រលប់​ចុះ​ឡើង​នៅ​ក្នុង​ចក្រវាល នយោបាយ​ ឬ​ដំណើរ​វិល​ជុំ​របស់​របប​នយោបាយ​ ឬ​របប​រដ្ឋ​ ហើយ​រឿង​នេះ​ មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ វាជា​ច្បាប់​នយោបាយ​សកល​។ វា​មាន​បែក​តូចៗ​ជា​ច្រើ​ន​តែ​ខ្ញុំ​និយាយ​តែ​គ្រោង​ធំ​នៃ​ដំណើរគោចរ​របស់​ ចក្រ​វាល​នយោបាយ​ ដែល​ច្បាប់​នយោបាយ​ត្រូវ​តែ​វិល​អញ្ចឹង​។ ខ្ញុំ​បាន​និយាយ​ទៅ​ដល់​ពី​វិដ្ត​ពី​អភិជានាធិបតេយ្យ​ ទៅ​ដល់​ប្រជាធិបតេយ្យ​។ អញ្ចឹង​ខ្ញុំ​សុំ​និយាយ​សង្ខេប​ឡើង​វិញ​បន្តិច​ ​។ អ្នក​សង់​រដ្ឋ​ ឬ​ អ្នក​រៀប​រដ្ឋ​ច្រើន​តែ​ចាប់​ផ្តើម​រៀប​យក​រាជាធិបតេយ្យ​។ អ្នក​សង់​រដ្ឋ​ខ្លះ​ ចាប់​ផ្តើម​ដាក់​អភិជនាធិបតេយ្យ​ ប៉ុន្តែ​អ្នក​សង់​រដ្ឋ​ខ្លះ​ពេល​ពេល​រៀប​រដ្ឋ​ គេ​នឹក​ទៅ​ដល់​របប​ប្រជាធិបតេយ្យ​ អញ្ចឹង​គេ​ចាប់​យក​ណាមួយ ក្នុង​ចំណោម​បី​។ បីនេះ​ជា​អ្នក​កាប់​គ្នា​ធ្វើ​ឲ្យ​វិល​ជុំ​នៃ​របប​នយោបាយ​ កាប់​គ្នា​នេះ​ដែល​យើង​ហៅ​ថា បដិវត្ត​ផ្លាស់​ប្តូរ​របប​។​ ពេល​ដែល​កាប់គ្នា​​ម្តង​ៗ​ប្រើ​ពេល​ ៤ទៅ១០ ឆ្នាំ ២០ ទៅ ៣០ ឆ្នាំ ទៅ​អាច​រាប់​រយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ឈាម​បែក​ខ្ទេច​ពេញ​សង្គម​​មនុស្ស​។  ពួក​អ្នក​ប្រាជ្ញ​ ពួក​អ្នក​ទស្សនវិទូ ខិត​ខំ​ពិចារណា​រក​រូបមន្ត​ទប់ កុំ​ឲ្យ​កងចក្រ​នយោបាយ​វិវដ្ត​ទៅ​អញ្ចឹង ហើយ​សួរ​ថា មាន​ឬអត់​ ? មាន គេ​មាន​រូបមន្ត​របស់​គេ​។ ឥឡូវ​យើង​ពិនិត្យ​អាវិលជុំ​បន្ត​ទៀត​ ។ ប៉ុន្តែ​ចាំបាច់​គួរ​តែ​យល់​ពាក្យ​នេះ​មួយ​សិន មូណូឃី មក​ពី​ មូណូ បូក ឃី  mono ជា​ភាសា​ក្រិច​ មាន​ន័យ​ថា one គឺ​មួយ ហើយពាក្យថា ឃី ជាភាសាក្រិច​ប្រើបាន​ពីរ បី យ៉ាង មាន​ន័យ​ថា អធិបតេយ្យ​ របប​​គ្រប់​គ្រង រដ្ឋាភិបាល​ មាន​ន័យ​ថា​អញ្ចឹង ។ អធិបតេយ្យ​លើ​ដៃ​មនុស្ស​ម្នាក់​ មនុស្ស​ម្នាក់​កាន់​រដ្ឋ​ អំណាច​កំពូល​នៅ​ក្នុង​មួយ​តួ​ខ្លួន​រដ្ឋ​ហ្នឹង តាំង​ពី​រដ្ឋមន្រ្តី មក​ដល់​ ចៅហ្វាយខេត្ត​ ចៅ​ហ្វាយក្រុង​ ចៅ​ហ្វាយ​ខ័ណ្ឌ​ បាន​អំណាច​ម្តុំ​ៗ​ ខាង​លើ​ឲ្យ​។ ធំបំផុត​ខាង​លើ​មួយ​ ខាងលើ​អ្នក​ឲ្យ​ ខាង​លើ​អ្នក​ដាក់ ខាង​លើ​អ្នក​ដក​ អញ្ចឹង​អធិបតេយ្យ​លើ​មួយ​ ។ កាល​ណា​អធិប​តេយ្យ​លើ​មួយ​អញ្ចឹង​ គឺ​គេ​ហៅ​ថា​រាជាធិបតេយ្យ​។ គេ​មិន​មែនសំដៅ​ថា អ្នក​ហ្នឹង​កូន​ស្តេចទេ​ ឲ្យ​តែ​រដ្ឋ​មួយ​ប្រគល់​អំណាច​មួយ​ទៅ​ឲ្យ​ម្នាក់​ ហើយ​ម្នាក់​ហ្នឹង​ជា​អ្នក​ដឹក​នាំ​ចាត់​ចែង​ ហើយ​មួយ​ហ្វូង​ចាំ​តែ​ធ្វើ​តាម​ទាំង​អស់​ គឺ​រាជាធិបតេយ្យ​ហើយ ។ ហើយ​បើ​រាជាធិបតេយ្យ​ហ្នឹង​តកូន​គេ​ហៅថា រាជាធិបតេយ្យ​ដំណរ​វង្ស​។ ព្រោះ​ស្តេច​ឡើង​ដំបូង​សុទ្ធរាស្រ្ត​​ដែរ​តើ។ ប៉ុន្តែ​ក្រោយប្រគល់​អំណាច​​ត​កូន​ទៅជា​រាជាធិបតេយ្យ​ដំណរវង្ស​​។ តាត្រសក​ផ្អែម​ឡើង​ដំបូង​មិន​រាស្រ្ត​ដែរ​ ឧត្តម​សេនីយ៍​ ជ័យ ឧត្តមសេនីយ៍​ ត្រសក់​ផ្អែម​ តាជ័យ​ តាសួស ដល់​តកូន​មក​ដល់​ឥឡូវ​គឺ​រាជាធិបតេយ្យ​។ ប៉ុន្តែ​សង្គម​ខ្លះ​អំណាច​លើ​ដៃ​មនុស្ស​មួយ​ក្រុម​ ហើយ​មួយ​ក្រុម​ហ្នឹង​ជា​ក្រុម​អភិជន​ noble, aristocrat អភិជន​ ​ និយាយ​ឲ្យ​ខ្លី​គឺ​ពួក​អ្នក​មាន​ ប៉ុន្តែ​ពេល​ខ្លះ​ noble ខាង​ចំណេះ​ គំនិត​ ខួរក្បាល​ ហើយអំណាច​រដ្ឋ​ប្រមូល​លើ​តែ​មួយ​ក្រុម​ហ្នឹង​ទេ​ មិន​មែន​ម្នាក់​គឺ​ជា​សម្រេច​ក្នុង​មួយ​ក្រុម​ កិច្ច​ការ​តែតាំង​មនុស្ស​ក្នុង​រដ្ឋ ដក​ហូត បញ្ជា​ ដឹកនាំ​ មួយ​ហ្វូង​សង្គម​មនុស្ស​ គឺ​គេ​សម្រេច​នៅលើ​​មួយ​ក្រុម​លើ​ ដូ​ចជា​នៅ​ចិន នៅ​វៀតណាម នៅក្នុង​បក្ស​កុំម្មុយនីស្ត​ គឺ​គេ​ច្រើន​តែ​សម្រេច​មួយ​ក្រុម​ ហើយ​មួយ​ក្រុម​ហ្នឹង​គេហៅ​មជ្ឈឹម​បក្ស ឬ​ការិយាល័យ​អចិន្ត្រៃយ៍ ឬ​ការិយាល័យ​គណៈគម្មាធិកា​កណ្តាល​​ គណៈ​កម្មាធិកា​រ​នាយក​ ជាដើម។ អំណាច​ហ្នឹង​ សូម្បី​តែ​ង​តាំង​មនុស្ស​នៅ​ក្នុង​តួខ្លួន​ធំ​ៗ​ ក្បាល​ៗ​រដ្ឋ​លើ​ៗ​ទៀត​ក៏​សម្រេច​ក្នុង​មួយ​​ក្រុម​ហ្នឹង​ដែរ ដូច​ជា​ប្រធាន​រដ្ឋ​សភា អនុប្រធាន​រដ្ឋ​សភា ព្រឹទ្ធសភា​សមាជិក​ព្រឹទ្ធសភា​ រដ្ឋ​មន្រ្តី​ ប្រធានាធិបតី នាយករដ្ឋ​មន្រ្តី​ សមាជិក​គណៈរដ្ឋ​មន្រ្តី ​ក៏​គេ​សម្រេច​ក្នុង​មួយ​ក្រុម​ហ្នឹង​ដែរ។ ​នៅ​វៀត​ណាម​ប្រជាជន​មាន​សម្រេច​អត់? អត់ទេ។​ បោះឆ្នោត​តែង​តាំង​រដ្ឋាភិបាល​ ដក​រដ្ឋាភិបាល​ សម្រេច​នយោបាយ​រដ្ឋាភិបាល​ ប្រជាជន​អត់​ចូល​រួម​ទេ​ គឺគេ​សម្រេច​នៅ​ខាង​លើ​ ប៉ុន្តែ​មិន​មែន​តែ​ម្នាក់​ទេ​ ។ ដូច​នៅ​ប្រទេស​ចិន​ ប្រជាជន​ចិន​មាន​​ចូល​ទៅ​បោះ​ឆ្នោត​តែ​ង​តាំង​រដ្ឋាភិបាល ដក​ហូត​រដ្ឋភិបាល​ឯណា​ អត់​ទេ​ អំណាច​មិន​មែន​នៅ​លើ​ប្រជាជន​​ចិន​ទេ​ គឺ​សម្រេច​នៅ​ខាង​លើ​មួយ​ក្រុម​របស់​ចិន​។ រាស្រ្ត​អត់​មាន​​ទៅ​បោះ​ឆ្នោត ឈរឈ្មោះបោះ​ឆ្នោត​ ធ្វើ​នយោបាយ​បើក​បក្ស ​អត់​បាន​ទេ​។​​ មាន​មួយ​ទៀត​អំណាច​នយោបាយ​គឺ​​គេ​ដាក់​ឲ្យ​អ្នក​ក្រ​។ វា​មាន​ style ប្រជាធិបតេយ្យ​បែប​ អារីស្តូត និង​ style  ប្រជាធិបតេយ្យ​បែប​ទំនើប​។ បែប​ អារីស្តូត គាត់​ថា កាល​ណា​អំណាច​អ្នក​ក្រទទួល​បាន​ អ្នក​ក្រ​គឺ​ប្រជាជន​ទូ​ទៅ​ អញ្ចឹង​រដ្ឋាភិបាល​ហ្នឹង​គឺ​រដ្ឋាភិបាល​ប្រជា​ធិបតេយ្យ។ បែប​បប្រជាធិបតេយ្យ​ទំនើប​ គឺ​គេ​មិន​គិត​ប្រជាជន​អ្នក​ក្រ​ ​គឺ​គិត​ប្រជាជន​ទូទៅ​មួយ​រដ្ឋ​ បោះ​ឆ្នោត​តែ​ង​តាំង​រដ្ឋាភិបាល​ ដូច​យើង​ គឺ style  ប្រជាធិបតេយ្យ​ទំនើប​ គឺ​ប្រជាជន​មួយ​ប្រទេស​ចេញ​ទៅ​បោះ​ឆ្នោត​តែង​តាំង​រដ្ឋា​ភិ​បាល​ ដក​រ​ដ្ឋាភិបាល​។ បើ​រដ្ឋាភិបាល​ឡើង​កាន់​អំណាច​ល្អពេល​ចប់​ ៥ ឆ្នាំ អំណាច​ត្រូវ​បង្វិល​មក​ឲ្យ​ម្ចាស់​ដើម​វិញ​ គឺ​សង្គម​ ហើយ​សង្គម​គឺជា​ម្ចាស់​ដើម​នៃ​អំណាច​នយោបាយ​ អំណាច​នយោបាយ​គឺ​ អំណាច​នីតិបញ្ញត្តិ​ អំណាច​នីតិប្រតិបត្តិ អំណាច​តុលាការ។ ហើយ​ម្ចាស់​ដើម​បង្វិល​ទៅ​ឲ្យ​អ្នក​ដដែល​វិញពេល​បោះ​ឆ្នោត​​ ឬ​បង្វិល​ទៅ​ឲ្យ​អ្នក​ផ្សេង​ អញ្ចឹង​អំណាច​នៅ​លើ​សង្គម​ទាំង​មូល​ មិន​មែន​នៅ​លើ​រដ្ឋាភិបាលទេ​​ អញ្ចឹង​ប្រភព​អំណាច​ធំជាង​គេ​គឺ​ចេញពី​អង្គ​ប្រជាពលរដ្ឋ អង្គសង្គម​ទាំង​មូល​​នេះ​ប្រជាធិបតេយ្យ​បែប​ទំនើប​។ ឥឡូវ​ខ្ញុំ​និយាយ​ពី​ stile  អារីស្តូត​ អារីស្តូត​ គឺ​ជា​ទស្សនវិទូក្រិក​​ គឺ​គាត់​និយាយ​ថា ស្តេច​ រាជាធិបតេយ្យ មនុស្ស​ម្នាក់​ អភិជនាធិបតេយ្យ​ អភិជន​មនុស្ស​មួយ​ក្រុម​ ហើយ​ the poor គឺ​ប្រជា​ជន​ទូទៅ​ ហើយ​ការ​កាប់​ចាក់​គ្នា​គឺ​រវាង​តែ​បី​ហ្នឹង​។ ស្តេ​ច​ជួន​កាល​អភិជន​ទម្លាក់​ ដូច​ប្រទេស​យើង​ លន់ណុល ចេងហេង អ៊ិនតាំ សារិមតៈ បាន​​ទម្លាក់​សម្តេច​សីហនុ ។ កាល​ណា​វាយ​រាជាធិបតេយ្យ​ហើយ​ជា​គោល​ការណ៍​វា​​អត់​ទៅ​រាជាធិបតេយ្យ​វិញ​ទេ​ វា​ត្រូវ​វិល​ទៅ​រក​របប​មួយ​ថ្មី គឺ​គ្រប់​គ្រង​ជា​ក្រុម​វិញ​ ហើយ​មួយ​​ក្រុម​នេះ​ ក៏​មាន​ក្រុម​ប្រជាជន​ច្រើន​បះបោរ​ ដូច​យើងមាន​​ក្រុម​ ប៉ុល​ពត ។ បដិវត្ត​ន៍ ប៉ុលពត មិន​បដិវត្ត​រាស្រ្ត​។ ​បដិវត្ត​ន៍ ហូជីមិញ បដិវត្ត​ន៍ ម៉ៅសេទង់ និង​បដិវត្តន៍​កុំម្មុយនីស្ត​នៅ​អឺរ៉ុប​ខាង​កើត​ មិន​ជាបដិវត្ត​រាស្រ្ត​ រាស្រ្ត​ចាប់​កាន់​អាវុធ​ វាយ​អភិជន​ឈ្លើយ​ ។ អញ្ចឹង​​ក្រុម​ដែល​ឈ្នះ​ក្រោយ អារីស្តូត​ ហៅថា ​ក្រុម​ The poor ​គឺ​ កម្មករ កសិករ ពលករ វណ្ណៈអធន​ ជា​ពលរដ្ឋ​ទូ​ទៅ​ ងើប​ឡើង​វាយ​ទម្លាក់​។ រដ្ឋធម្មនុញ្ញ​ ឆ្នាំ ១៩៤៧ អនុម័ត​យក​របប​​រាជាធិបតេយ្យ​ រដ្ឋធម្មនុញ្ញ​ ១៩៧២ យក​​​របប​អភិជ​នាធិបតេយ្យ​។​ បើ​មើល​ទម្រង់​ខាង​ក្រៅ​​​ ប្រជាធិបតេយ្យ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ប៉ុន្តែ​មើល​ឲ្យ​ដល់​សារជាតិ​របប​ន​យោបាយ​​ គឺ​ក្រុម​អភិជន​មួយ​ក្រុម​ អញ្ចឹង​រាស្រ្ត​ផ្ទុះ​ឡើង​ រាស្រ្ត​សង់​រដ្ឋ​រាស្រ្ត​មួយ​ដាក់​ឈ្មោះ​ថា ពួក​ប្រជាធិបតេយ្យ​ ដូច​ឈ្មោះ​ ប៉ុលពត​ ដាក់​ឲ្យ​គឺ​ដាក់​តាម​អារីស្តូត​ហើយ គឺ​កម្ពុជាប្រជាធិបតេយ្យ​​ មិន​មែន​ប្រជាធិបតេយ្យ​ style  ទំនើប​ដូច​យើង​សព្វថ្ងៃ​។ អញ្ចឹង​ពួក​អ្នក​ប្រាជ្ញ​ខិត​ខំ​រក​រូប​មន្ត​ធ្វើ​ម៉េច​កុំ​ឲ្យ​វាវិល​ចុះ​ វិល​ឡើង​ គឺ​ដាក់​ទាំង​បី​នៅ​ក្នុង​អង្គ​នយោបាយ​តែ​មួយ​ ហើយ​មាន​ចំណែក​នៃ​អំណាច​រៀង​ៗ​ខ្លួន​ ។ ទាំង​ស្តេច​ក៏​ដាក់​ ទាំង​អភិជន​ក៏​ដាក់​ ទាំង​ប្រជាជន​ក៏​ដាក់​ ពី​ព្រោះ​បើ​អត់​ដាក់​ទេ​មួយ​កំទេច​មួយ​ៗ អញ្ចឹងសើ​​រើ​កាប់ចាក់​គ្នា​ទៅវិញ​ទៅ​មក​រហូត​។ ដូចយើង​រដ្ឋ​ធម្មនុញ្ញ​យើង​ ១៩៩៣ ដាក់​ស្តេច​វិញ។ លន់ ណុល ច្រានស្តេច​ចោល​ ប៉ុលពត ច្រាន​ស្តេចចោល​ យក​ទៅ​ឃុំ​ទុក​ក្នុង​វាំង​។ ដល់​ក្រោយមក​​មាន​ក្រុម​ប្រជាធិបតេយ្យ ក្រុម​ប្រជាជន​មួយ​ក្រុម​ថ្មី​គឺ​ក្រុម សម្តេច​ ហ៊ុន សែន សម្តេច​ ជា ស៊ីម សម្តេច​ ហេង សំរិន គឺ​ក្រុម​ប្រជាធិបតេយ្យ​ថ្មី​ គឺ​ក្រុម​រាស្រ្ត​​ ផុះធ្លោឡើង​វាយ​ក្រុម​ ប៉ុលពត ទម្លាក់​ទៅ​ ដល់​ ១៩៩៣ គឺ​ដាក់​ស្តេច​ឡើង​វិញ​ ប៉ុន្តែ​រក្សា​ចំណែក​របស់​ក្រុម​ប្រជាធិបតេយ្យ​ គឺ​ក្រុម​រាស្រ្តដែរ​​ គឺ​គណបក្ស​ប្រជាជន​ គឺ​ក្រុម​ សម្តេច​ ហ៊ុន សែន សម្តេច​ ជា ស៊ីម សម្តេច​ ហេង សំរិន ។ ដាក់​រាជាធិបតេយ្យ ដាក់​ប្រជាធិបតេយ្យ​ អត់​ផ្តួល​គ្នា​ទេ​។ ហើយ​ស្តេចដើម្បី​​កុំ​ឲ្យ​បាត់​បង់​អ្វី​ៗទាំង​អស់​ សុខចិត្ត​ទទួល​យក​ប្រមុខ​រដ្ឋ​ និមិត្តរូប​។ អញ្ចឹង​សំណង់​កម្ពុជា​ចាប់​ផ្តើម​សាង​​រវាង​រាជាធិបតេយ្យ និង​វណ្ណៈ​ប្រជាធិបតេយ្យ​ ឲ្យ​មាន​ចំណែក​នៅ​ក្នុង​រដ្ឋ​ ។ ​ក្រោយ​មក​គេ​បង្កើត​ព្រឹទ្ធសភា​មួយ​ទៀត​ ឆ្នាំ ១៩៩៩ ។ ព្រឹទ្ធសភា​ គឺព្រឹទ្ធសភា​​អភិជន​ សុទ្ធតែ​ពួក​ឧកញ៉ា វណ្ណៈ​អ្នក​មាន​​ ព្រឹទ្ធសភាជាផ្ទះ​របស់​ឧកញ៉ា​ អញ្ចឹង​យើង​មាន​អាពាហ៍​ពិពាហ៍​ហើយ គឺ​រាជាធិបតេយ្យ​ អភិជន និង​​រដ្ឋសភា​ ប្រជាធិបតេយ្យ​ បោះចេញ​ពី​ប្រជាជន​ខាង​ក្រោម​ អាពាហ៍ពិពាហ៍​រវាង​រាជាធិបតេយ្យ​​ អភិជនាធិបតេយ្យ និង​ប្រជាធិបតេយ្យ​ ឥឡូវ​ពីណា​ផ្តួល​ពីណាទៀត​ បើ​យើង​ដាក់​ទាំង​អស់​គ្នា​ហើយ។
          កម្ពុជាយើង​អត់​មាន​ភ័​ពសំណាង​ល្អ​បាន​ទទួល​កាដូ​ទី១ នៃ​វាសនា គឺ​អ្នក​ប្រាជ្ញ​ទស្សន​វិទូ​ ព្រោះ​សង្គម​ខ្លះ​គេ​ផលិត​បាន​អ្នក​ប្រាជ្ញ​ គេ​ផលិត​បាន​ទស្ស​ន​វិទូ​ យើង​គេ​ជួយ​រៀប​​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​រដ្ឋ​ហ្នឹង ហើយ​រដ្ឋ​នេះ​អត់​រំលំ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​កាប់​ចាក់គ្នា​​ទេ ព្រោះ​គេ​ថ្លឹង​អំណាច​ តុល្យការ​​នយោបាយ​រវាង​វណ្ណៈដែល​មាន​អំណាច​ក្នុង​រដ្ឋ អត់​មាន​អ្នក​ណា​ផ្តួល​គ្នា អត់​មាន​អ្នក​ជិះជាន់​គ្នា​ ព្រោះ​ទប់​គ្នា​ទៅវិញ​ទៅ​មក​ គឺ​ឲ្យ​មាន​អំណាច​រៀង​ៗ​ខ្លួន​ នៅ​ក្នុង​អង្គប្រាណនយោបាយ​តែ​មួយ​។ កម្ពុជា​មាន​សំណាង​ទទួល​ការដូ ទី​២ ពី​ភ័ព្វ​វាសនា​ ត្រង់​ថា កម្ពុជា​កាប់​គ្នា​ឯង​ទៅ​វិញ​ទៅ​មក​ ស្តេច​ ផាត់​អភិជន​ផាត់​រាស្រ្ត អភិជន​ផាត់​ស្តេ​ច​ផាត់​រាស្រ្ត​ រាស្រ្ត​ផាត់​ស្តេច​ផាត់​អភិជន​ ផ្តួល​ទៅ​ផ្តួល​មក​។ ដល់​យើង​សង់​ចុង​ក្រោយ​នេះ​ រដ្ឋធម្មនុញ្ញ​ ឆ្នាំ​១៩៩៨ នេះ​ យើង​ដាក់​ទាំង​ស្តេច ទាំងអភិជន ទាំង​រាស្រ្ត​ អញ្ចឹង​យើង​ដាក់​ទាំង​អស់​មានអ្នក​​ណាផាត់​អ្នក​ណា​ទៀត​។ ទស្សនវិទូ ស៊ីសារ៉ុង អ្នក​ប្រាជ្ញ​ រ៉ូមាំង ជា​អ្នក​ប្រាជ្ញ​ច្បាប់​ផង អ្នក​ប្រាជ្ញ​នយោបាយ​ផង​ គាត់​ថា លាយ(mix)  អញ្ចឹង​ល្អ​ ហើយ​មាន​ទស្សនវិទូ​មួយ​ទៀត​ ជា​ទស្សន​វិទូ រ៉ូមាំង​ដែរ​ ឈ្មោះ​មីក្រូម៉ាសែល គាត់​ថា លាយ(mix)  អញ្ចឹង​ល្អ​​។​ អ្នក​ទស្ស​ន​វិទូ​គេ​ចែក​រដ្ឋ​ជា​ពីរ គឺ​រដ្ឋធម្មនុញ្ញ​ត្រូវ និង​រដ្ឋ​ធម្មនុញ្ញ​ខុស​។ រដ្ឋធម្មនុញ្ញ​​ត្រូវ​គឺ​គិត​ប្រយោជន៍​រដ្ឋទាំង​មូល​ អ្នក​ដឹក​នាំ​រដ្ឋ​ខ្លះ​គាត់​ខិត​ខំ​គិត​គូរ​ផល​ប្រជោជន៍​ ការពារ​រដ្ឋ​ អភិឌ្ឍន៍​​​ឲ្យ​រដ្ឋ​ ដើម្បី​ឲ្យ​រដ្ឋ​ល្អ។ ប៉ុន្តែ​អ្នក​ដឹក​នាំ​រដ្ឋ​​ខ្លះ​ពេល​ដឹក​នាំ​រដ្ឋ​ទៅ​ គាត់​បំផ្លាញ​ ដូច​ប៉ុលពត​ បំផ្លាញ​ជីវិត​ បំផ្លាញ​ទ្រព្យ​ អ្នក​ខ្លះ​គិត​តែ​រឿង​សប្បាយ​តែ​ម្តង​។ ​មនុស្ស​ចេះ​តែ​ទន្ទ្រាន​គ្នា​ ទន្ទ្រាន​ជីវិត​ ទន្រ្ទាន​ទ្រព្យ សំលាប់​គ្នា។ កាល​ណា​មាន​ទ្រព្យ​ដណ្តើម​​គ្នា អ្នក​ណាខ្លាំង​ដណ្តើម​បាន​ច្រើន​។​ អញ្ចឹង​មនុស្ស​រក​រូបមន្ត​ចេញ​ពី​សភាព​ធម្មជាតិ​ អញ្ចឹង​គេត្រូវ​តាំង​រដ្ឋាភិបាល​ខ្លាំងមួយ​ គេរក​អ្នក​ណា​ដែល​ខ្លាំងជាង​គេ​ ក្លាហាន​ជា​ងគេ​​ ដើម្បី​ការពារ​គេ​ទាំង​អស់​ អញ្ចឹង​គេ​រើស​មនុស្ស​ណា​ដែល​ល្អ​ជាងគេ ដែល​ពូកែ​លើស​គេ​ ប៉ុន្តែ​សួរ​ថា អ្នក​ល្អ​រស់​រហូត​ឬអត់? ច្បាប់ធម្មជាតិ​ស្លាប់​តាម​អណត្តិធម្មជាតិ​ ជីវិត​លើ​លោក​ទាំង​អស់​អញ្ចឹង​។​​ អ្នក​កាន់​រដ្ឋ​ល្អ​ ជាមនុស្ស​គតិបណ្ឌិត​ ប៉ុន្តែ​ជួន​កាល​មន្រ្តី​អ្នក​ទាញ​ទៅ​តែ​ម្តង​ ព្រោះ​មន្រ្តី​មិន​ប្រាកដ​​ថា​មនុស្ស​ល្អ​ ព្រោះ​មនុស្ស​ពី​ធម្មជាតិ​តែ​ង​មាន​និស្ស័យ​ទាញ​ទៅ​រក​អាក្រក់​ គឺ​គ្រប់​គ្នា ឆាប់​ទាញ​ទៅ​រក​លោភលន់​ ទាញ​ទៅ​រក​ទ្រព្យ​ ទាញ​ទៅ​រក​មហិច្ឆតា ហើយ​អាទាញ​នេះ​នាំ​ឲ្យ​ទន្រ្ទាន​គេ​ ។ អញ្ចឹង​បើ​យើង​រើស​បាន​ស្តេច​ដ៏ល្អមួយ​ ឬ​ សម្តេច​ដ៏​ល្អ​មួយ​​បង្កើត​រាជាធិបតេយ្យល្អ ចុះ​ទៅ​ក្រោយ​ៗ​កូន​របស់​គាត់​ ជូន​កាលគាត់​ល្អ​ហើយ ប៉ុន្តែ​មន្រ្តី​របស់​គាត់​។ ស្តេច​ ឬ សម្តេច​ខ្លះ​ត្រូវ​បាត់​បង់​រដ្ឋ​ បាត់​បង់​តំណាង​ ជួន​កាល​ដល់​បាត់​បង់​ជីវិត​ទៀត​ ដោយ​វណ្ណៈ​អភិជន​ទម្លាក់​ ដូ​ច​សម្តេច​សីហនុ​មិន​វណ្ណៈអភិជនទម្លាក់​ ។ ស្តេច​ ឬ សម្តេច​ខ្លះ​ធ្លាក់​ដោយ​ប្រជាជន​ទម្លាក់​ ដូច​ជា​នៅ​ស្រុក​ចិន​ គឺ​រាជវង្ស​ ម៉ាន់ជូ បេនអាលី នៅ​ទុយណេស៊ី នៅ​អេស៊ីប​ ហូស្មីមូបារ៉ាក់ កាដាហ្វី នៅ​លីបី​។ ស្តេច​ ឬ សម្តេច​ខ្លះធ្លាក់​ដោយ​កង​ទ័ព​ទម្លាក់​។ ស្តេច​ ឬ សម្តេច​ខ្លះទម្លាក់​ដោយ​​ អភិជន កង​ទ័ព និង​ប្រជាជន ប៉ះទង្គិច​គ្នា​ផ្ទុះរដ្ឋឡើង​ធ្លាក់ខ្លួន​ឯង​។ ស្តេច​ ឬ សម្តេច​ខ្លះ បាត់​រដ្ឋ​ បាត់​តំណែង​ដោយសារ​តែ​សង្រាម​ចំហ។ ស្តេច​ ឬ សម្តេច​ខ្លះបាត់​រដ្ឋ​ដោយ​ពួក​ក្បត់​សម្ងាត់​។
លោក ណន រីណា
          សំណួរ៖ ឥឡូវ​ខ្ញុំ​ចង់​សួរលោក​បណ្ឌិត​​អំពី​សហរដ្ឋ​អាមេរិក​វិញ​ គេ​បាន​រៀប​ប្រព័ន្ធ​យ៉ាង​ម្តេច​ដែរ​ ដែល​កកើត​រដ្ឋ​ធម្មនុញ្ញ​តាំ​ងពីឆ្នាំ ១៧៧៧ រហូត​ដល់​សព្វ​ថ្ងៃ​ តើ​បែប​ផែន​គេ​រៀប​យ៉ាង​ម្តេចដែរ​?
លោក​បណ្ឌិត គួយ ធាវី
          ចម្លើយ៖​  មុន​ឆ្លើយ​ខ្ញុំ​សូម​បញ្ចាក់​ថា ធម្មតា​រដ្ឋ​ដែល​ចាប់​ផ្តើម​រៀប​ គឺមាន​រៀប​ខុស​ រៀប​ត្រូវ​ រៀប​ខុស​ខ្ទេច​ខ្ទី ផ្តួល​គ្នា​ទៅវិញ​ទៅ​មក ហើយ​រៀប​ត្រូវ​ក៏​មិន​ប្រាកដ​ថា​រស់​បាន​យូ​ដែរ​ ព្រោះ​ថា​សំណង់​រដ្ឋ​មួយ​មិន​មែន​មនុស្ស​ទាំង​អស់​ភ្នែក​ភ្លឺ​ចេះ​មើល​យល់​ ទាំង​អស់​អញ្ចឹងជួនកាល​គេ​អត់​ពេញ​ចិត្ត​ រដ្ឋ​មួយ​មិន​ទាន់​ឈរ​ងើប​ស្រួល ធ្វើ​សុក្រឹដ្ឋកម្ម​នៃ​ខ្លួន​ប្រាណ​រដ្ឋ​បាន​ល្អ​ផង​ គេ​ចាប់​ផ្តើម​ទម្លាក់​ចោល​។ អញ្ចឹង​ទាល់​តែ​មនុស្ស​ទាំង​អស់​ចេះ​មើល​យល់​ទាំង​អស់​ ហើយ​ខុស​កំប៉ិកកំប៉ុក​ គេ​អត់​គិត​ទេ​ គេ​គិត​តែ​ថាតើសង់​រដ្ឋ​ត្រូវ​ឬនៅ ? បើ​សង់​ត្រូវ​ហើយ អាខុស​កំប៉ិកកំប៉ុក​គេចាប់​ផ្តើម​កែ​ ហើយ​រុញ​រដ្ឋ​ឲ្យ​ធ្វើ​សុក្រិដ្ឋ​កម្ម​កាន់​តែ​ល្អ​ទៅៗ ។ ប៉ុន្តែ​រដ្ឋ​ខ្លះ​រៀប​អាក្រក់​ខ្ចាត់​ខ្ចាយ​កាប់​ចាក់​គ្នា​ឡើង​រលាយ​រដ្ឋ​ ​ ហើយ​រលាយ​ខ្លួន​ចូល​ក្នុង​រដ្ឋ​ដ៏​ទៃ​ ឬ​ធ្លាក់​ក្រោម​ចំណុះ​រដ្ឋ​ដ៏ទៃ​ ​។ ប៉ុន្តែ​រដ្ឋ​ខ្លះ​រៀប​ត្រូវ​ហើយ​មិន​ប្រាកដ​ថា​រស់​បាន​រហូត​ដែរ​ ព្រោះ​ច្បាប់​ថ្មី​ សំណង់​រដ្ឋ​ថ្មី​ ដាក់​មកភ្លាម​មិន​មែន​មនុស្ស​ទាំង​ទទួល​យក​ភ្លាម​ៗ​ទេ អញ្ចឹង​ខុស​កំប៉ិក​កំប៉ុក​អាច​បង្ក​ទៅ​រឿង​ធំ​ ជូន​កាល​រឿង​តូច​តាច​ តែ​បង្ក​ទៅ​រឿង​ធំ ​អត់​មើល​ឃើញ​អាចំណុច​ល្អ​ អត់​មើល​ឃើញ​ដុំ​ពេជ្រ​ ដុំ​មាស ក៏​ផ្តួល​ទៅវិញ​ទៅ​ អញ្ចឹង​រដ្ឋ​ទើប​តែងើប​ឡើង​មិន​ទាន់​រឹង​ខ្លួន​នំា​គ្នា​វាយ​ចោល​ទៀត​ អាហ្នឹង​រលាយ​ទៅទៀត​។ សំណង់​រដ្ឋ​កម្ពុជា​ត្រូវ​ហើយ ល្អហើយ អត់​មាន​កាដូទី​១ ពី​ធម្មជាតិ​ តែ​មាន​កាដូ​ កាប់គ្នាទៅ​វិញ​ទៅ​មក​ ដាក់​ទាំង​បី ​យើង​នឹក​ឃើញ​អាហ្នឹង​ល្អ ដើ​រ​ត្រូវ​ហើយ ប៉ុន្តែ​អាកំប៉ិក​កំប៉ុក​នៅ​មាន​ច្រើន​ ប៉ុន្តែ​គ្រោង​ធំ​ល្អ​ អញ្ចឹង​គេ​ត្រូវ​រក្សា​គ្រោង​ កុំ​ឲ្យ​វា​ដួល​ទៅ​វិញ​។
          រដ្ឋ​ធម្ម​នុញ្ញ​សហរដ្ឋអាមេរិក​មុន​ដំបូង​សរសេរ​គ្នា​ ៥៥ នាក់​ ហើយ​ ៥៥​នាក់ គឺ​សុទ្ធតែជា​​អភិជន​​​ គឺ​រដ្ឋ​ធម្មនុញ្ញ​របស់​អ្នក​មាន​ រួម​ទាំង​ ចេមីឌីស្ទឹម ដែល​ជា​មេ​កំពូល​រៀប​រដ្ឋ​ គាត់​ដូច​ជា​អ្នក​ប្រាជ្ញ​ ដូច​ជា​អ្នក​ទស្សនវិទូ​អញ្ចឹង តា​ម​ពិត​គាត់​ចម្លង​គំនិត​ចេញពី​​សៀវ​ភៅ​ ​ ចនឡុក និង​សៀវ​ភៅ​ ម៉ុងតេស្យើ មក​រៀប​សហរដ្ឋ​អាមេរិក​។ ដាក់​តែ​វណ្ណៈ​មួយ​គឺ​វណ្ណៈ​អ្នក​មាន​ ដោយ​ផាត់​វណ្ណៈ​ថ្នាក់​ក្រោម​ដែល​ជាក្រុម​ប្រជាជន​ជា​ទាសករ​ មិន​ត្រឹម​ផាត់​ចេញ​ទេ​ យក​ទៅ​ធ្វើ​សត្វ​របស់​អ្នក​មាន​ទៀត​ គេ​ទិញ​គេ​លក់​ ហ៊ាន​តែ​តស៊ូ​គេបង្ក្រាប​ គេ​ដុត​ទាំងរស់ កប់​ទាំង​រស់​។ ពួក​អ្នក​មាន​មាន​ដី​រាប់​ពាន់​ម៉ឺន​ហិកតា ពួក​អភិជន​ទាំង​នោះ​ច្រើន​ទៅ​ពី​បរទេស​ មាន​បារាំង​ អេស្បាញ​ជា​ដើម​ ពេល​គ្រីស្តូខូឡុម រក​ឃើញ​សហរដ្ឋ​អាមេរិក​ ដូច្នោះ​គេ​ត្រូវ​ការ​ទាសករ​ ដែល​ជា​វណ្ណៈ​ត្រូវ​គេ​ផាត់​ចេញ​ពី​នយោបាយ​ ដើម្បី​ប្រើ​។ នៅ​សហរដ្ឋអាមេរិ​ប្រជា​ជន​បោះ​ឆ្នោត​ធម្មតា​តែ​អ្នក​ចូល​កាន់​តំណែងដូច​ជា​ នៅក្នុង​សភា​អាមេរិ​ក​ជាដើម​ ​គឺ​ច្រើ​ន​តែ​ពួក​អ្នក​មាន​ ។ អញ្ចឹង​អំណាច​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​ ដំបូង​ដើម​ទី​ច្រើន​នៅ​ខាង​លើ​ គឺ​ពួក​អភិជន​។ ប៉ុន្តែ​ក្រោយ​មក​មាន​បដិវត្តន៍​​មួយផ្ទុះ​ឡើង​ផ្តួល​រំលំ​រដ្ឋ​ធម្មនុញ្ញ​​ ​អាមេរិក​ គឺ​ជា​សង្គ្រាម​ដ៏​ធំសំបើម​ ។ ពួក​វណ្ណៈ​អ្នក​ក្រ​បង្កើត​បាន​កូន​អ្នក​ប្រាជ្ញ​មួយ​គឺ​អាប្រាហាំលីងខុន​ គាត់​ជា​អ្នក​ក្រមែន​តែ​ខួរ​ក្បាល​គាត់​ពូកែ​។ ​អាប្រាហាំលីងខុន​ កើត​ឆ្នាំ ១៨៦០ ជា​ប្រធានាធិបតី​​អាមេរិកទី​ ១៦ គាត់​ផលិត​ទ្រឹស្តី​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​គឺ​ «រដ្ឋាភិបាល​របស់​ប្រជាជន​ ដោយ​ប្រជាជន​ និង​ដើម្បី​ប្រជាជន​» ​។ ពេល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​គាត់​រុះ​រើ​រដ្ឋ​ធម្ម​នុញ្ញ​ដែល​ផាត់​អ្នក ​ក្រចេញ​ ហើយ​ដាក់​ពួក​ទាសករ​ឲ្យ​មាន​សិទ្ធ​សេរី​ភាព​ធ្វើ​ឲ្យ​អ្នក​មាន​ដែល​មាន​ដី​ រាប់​ម៉ឺ​ន​ហិកតា មិន​សប្បាយចិត្ត​ចង់​ទាត់​ប្រធានាធិបតី​ចេញ​​ បណ្តាល​ឲ្យ​កើត​សង្គ្រាម​ធំ​នៅ​សហរដ្ឋ​អាមេរិក​រវាង​វណ្ណៈ​ក្រីក្រ​ ទាសករ​ ជា​មួយ​នឹង​វណ្ណ​អភិជន​ ។ ពេល​វណ្ណៈ​អ្នក​ក្រ​ដឹក​នាំ​ដោយ​​អាប្រាហាំលីងខុន​ ឈ្នះ​ក៏​បាន​ដោះ​លែង​ពួក​ទាស​ករ​ ​ឲ្យ​មាន​សិទ្ធិ​ក្នុងរដ្ឋ​ ដូច​គ្នា​ជាមួយ​ពួក​អភិជនាធិបតេយ្យ​ ។​ នៅក្នុង​សភា និង​ព្រឹទ្ធសភា​អាមេរិក​ គឺ​មាន​ពួក​អ្នក​ក្រ​ផង​ និង​ពួក​អ្នក​មាន​ផង​ ដូច្នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​គេ​បើក​ទូលាយ​ទូទៅ​ខុស​ពី​ style អារីស្តូត ដែល​បែង​ចែក​រវាង​អ្នក​ក្រ និង​អ្នក​មាន​។​ អាមេរិក​ជា​សាធារណរដ្ឋ​មាន​តំណែង ប្រធានាធិបតី​ដែល​មាន​អណត្តិ​ ៥ ឆ្នាំ បោះ​ឆ្នោត​ម្តង​ ។ ពាក្យ​ថា​ Republic គឺ​​មាន​ពាក្យ Return បូក Public តែ​គេ​លុប​ចោ​ល​ turn ទុក​តែ​ Republic ជា​សាធារណរដ្ឋ​តែ​ពួក​ទស្សន​វិទូ​ខ្លះ​ក៏​ហៅ​ថាជា​របប​រាជាធិបតេយ្យ​ដែរ ។ ព្រោះ​ពេល​ឡើង​កាន់​រដ្ឋ​លោក​ ប៉ារ៉ាក់​អូបាម៉ា គឺ​ជា​មនុស្ស​ម្នាក់​កាន់​អំណាច​ អញ្ចឹង​បើ​អំណាច​មូល​លើ​មនុស្ស​ម្នាក់​គេ​អាច​ចាត់​ទុក​​​ថា រាជាធិបតេយ្យ​បាន​ គ្រាន់​តែ​ជា​រាជាធិបតេយ្យ​កំណត់​អណត្តិ​។ ព្រោះ​ ចនឡុក​ ថា បើ​អំណាច​លើ​ដៃ​មនុស្ស​ម្នាក់ ​ហើយ​​បង្វិល​ ផ្ទេរ​អំណាច​ឲ្យ​កូន​ចៅ​ គឺ​ជា​រាជាធិបតេយ្យ​តំណវង្ស​ តែ​បើ​អង្គខាង​ក្រោម​បោះ​ឆ្នោត​ជ្រើ​ស​តាំង​ឡើង​វិញ​គឺ​ជា​រាជាធិបតេយ្យ​ ជ្រើស​តាំង​។ សរុប​សេច​ក្តី​មក​នៅ​សហរដ្ឋ​អាមេរិកគឺ​ជា​សាធារណរដ្ឋ​ តែ​បើ​និយាយ​តាម​របៀប​ម្យ៉ាង​គឺ​ ជា​រាជាធិបតេយ្យ​ ហើយ​ បើ​តាម​ ចនឡុក បារ៉ាក់​អូបាម៉ា គឺ​ជា​ស្តេច​របស់​សហរដ្ឋ​អាមេរិក​។ នៅ​ក្នុងសភា ព្រឹទ្ធសភាអាមេរិក​ប្រមូល​ផ្តុំ​ដោយ​ពួក​អភិជន​ អញ្ចឹង​គឺ​ជា​អភិជនាធិបតេយ្យ​ហើយ តែ​វាមាន​កន្លែង​សម្រាប់​ពួក​ប្រជាជនដែរ​​ អញ្ចឹង​វា​លាយ​គ្នា​ដែរ​។
លោក ណន រីណា
សំណួរ ៖ លោក​បណ្ឌិត​និយាយ​ថា ក្នុង​ប្រទេស​មួយ​បើ​រដ្ឋ​ធម្ម​នុញ្ញ​មួយ​សរសេរ​មិន​ស្រួល​វាធ្វើ​ឲ្យ​​ ប៉ះទង្គិច​គ្នា ឯនៅ​ប្រទេស​អង់គ្លេស​រដ្ឋ​ធម្មនុញ្ញ​មិន​បាន​កើ​ត​ឡើង​ដោយ​ការ​សរសេរ​ទេ​ តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​អង់គ្លេស​​នៅ​​ឋិត​ថេរ​?

លោកបណ្ឌិត គួយ ធាវី​
ចម្លើយ​៖ តាម​ការ​ពិត​វាមាន​ច្បាប់​និយាយ​(speaking law) និង​ច្បាប់​ស្ងាត់​ស្ងៀម​(silent law ) ។ ឧទាហរណ៍​មន្រ្តី​រដ្ឋ​ គឺ​ជា​ ​speaking law និយាយ​ទៅ​តាម​អ្វី​ដែល​ silent law ថា silent law ថាម៉េច​គាត់​និយាយ​អញ្ចឹង​​។ អ្វី​ទៅ​ silent law ? silent law ដូច​ជា​អត្ថបទ​កាសែត​ លិខិត​គតិយុត្តិ​ដែល​គេ​អនុម័ត​ អញ្ចឹង​បើ​ silent law បញ្ជាថាម៉េច​មន្រ្តី​ត្រូវ​មាន​សកម្ម​ភាព​តាម​ហ្នឹង​ ។ ដូច​ជា​ចៅក្រម​គាត់​កាត់​សេចក្តី​តាម​ច្បាប់​កំណត់​។ silent law តាម​ទ្រឹស្តី​ច្បាប់ ទំនៀមទំលាប់​ក៏​ជា​ច្បាប់​ដែរ​ នេះ​បើ​តាម​ទ្រឹស្តី​ទូលាយ​ តែ​បើ​ន័យ​ចង្អៀត​គេ​ទុក​ជា​ច្បាប់​គឺ​ជា​អ្វី​ដែល​ចេញ​ពី​សភា។ នៅ​ប្រទេស​អង់គ្លេស​ ដែល​គេ​ហៅ​ថា រដ្ឋធម្មនុញ្ញ​អត់​សរសេរ​នោះ​ គឺ​ដោយ​សារ​អ្នក​សរសេរ​ពាក្យ​ទេ​ រដ្ឋ​ធម្មនុញ្ញ​អង់គ្លេស​គឺ​សរសេរ​ គ្រាន់​តែ​មិន​បាន​សរសេរ​ដុំ​ជា​សៀវ​ភៅ​ គឺ​គេ​សរសេរ​នៅ​ក្នុង​ច្បាប់ដោយ​ឡែក​ៗ​ គឺ​គេ​អត់​ចង​ជា​កូន​សៀវ​ភៅ​ដូច​យើង​ ឬ​ អាមេរិកទេ​។ នៅ​ប្រទេស​អង់គ្លេស​ ច្បាប់​សភា​ផ្សេង​ ច្បាប់គណៈរដ្ឋ​មន្រ្តី​ផ្សេង ច្បាប់​មហាក្សត្រ​ផ្សេង​ គេ​អត់​ប្រមូល​ផ្តុំ​គ្នា​ទេ​ ការ​ពិត​ច្បាប់​ធម្មនុញ្ញ​នៅ​ប្រទេស​អង់​គ្លេស​គេ​សរសេរ​ គ្រាន់​តែ​មិន​សរសេរ​ដុំ​ដូច​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ផ្សេងៗ​៕​