Monday, October 10, 2011

សេចក្តីថ្លែងការណ៍របស់​សហព្រះរាជអាជ្ញាអន្តរជាតិ​ ទាក់ទិននឹងដីកាបង្គាប់ឲ្យដកព័ត៌មាន​ចេញរបស់​សហ​ចៅក្រមស៊ីបអង្កេត​​ក្នុងសំណុំរឿង០០៣



ប្រជាពលរដ្ឋរងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ចំនួន​​ ៦៨០ គ្រួសារ​ នៅ​ខេត្ត​តាកែវ​ ទទួល​បាន​អំណោយ​ពី​ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន



          ប្រជាពលរដ្ឋ​ចំនួន​ ៦៨០ គ្រួសារ​មក​ពី​ ៧ ឃុំ​ នៃ​ស្រុក​គីរីវង្ស​ បុរីជលសារ​ និង​ស្រុក​កោះអណ្តែត​ ខេត្ត​តាកែវ​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​គិត​ត្រឹម​ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១១ បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី និង​លោកជំទាវ​។
          ក្នុង​ពិធី​ចែក​អំណោយ​សង្គ្រោះ​នា​ព្រឹក​ថ្ងៃទី ០៩ ខែ​តុលា ឆ្នាំ ២០១១ នៅ​ទីរួម​​ស្រុក​គីរីវង្ស​ឯកឧត្តម​បណ្ឌិត សុខ អាន ​ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​តាកែវ​ ​ចុះ​ជួយ​ស្រុក​គីរី​វង្ស​ បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​តាកែ​វ​ ក៏​ដូច​ជា​ឯកឧត្តម​ថ្នាក់​ដឹក​នាំថ្នាក់​កណ្តាល​ ដែល​ជា​ក្រុ​ម​ការងារ​តែ​ង​តែ​មាន​វត្ត​មាន​ជួប​ និង​ជួយ​ប្រជាជន​ពេល​មាន​បញ្ហា​លំបាក​។ ពេល​ប្រជាជន​មាន​បញ្ហា​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ពេល​នេះ​ក្រុម​ការងារ​ទាំង​អស់​ ពិសេស​រាជរដ្ឋាភិបាល​ដឹក​នាំ​ដោយ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បាន​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ចំពោះ​មុខ​ ទាំង​ស្បៀង​អាហារ និង​ការ​ស្នាក់​នៅ​ ពិសេស​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ ដែល​ជា​ការ​ផ្សាភ្ជាប់​រវាង​រាជរដ្ឋាភិបាល ​និង​ក្រុម​ការងារ​ជាមួយ​ប្រជាពលរដ្ឋ​។
          ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ឆ្នាំ ២០១១ នេះ​ គឺ​ជា​​ជំនន់​ធំ​ដូច​ឆ្នាំ ២០០០ កន្លង​មក​ដែរ ហើយ​​មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ​ គឺ​ប្រទេស​ផ្សេង​ៗទៀត​​ ដូច​ជាទ្វីបអាមេរិក អាមេរិកឡាទីន នៅ​អាហ្វ្រិក ក៏​មាន​ជួប​បញ្ហា​គ្រោះ​ធម្មជាតិលិច​ទឹក​​ដែរ​ មូល​ហេតុ​ដោយ​សារ​មាន​បំរែបំរួល​ធាតុ​អាកាស​។ នៅ​ប្រទេស​ថៃ​​ទីក្រុង​បាងកក​ក៏ទទួល​ការ​គំរាម​កំហែង​ដោយ​សារ​ទឹក​ជំនន់​ដែរ​ ហើយ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា​ប្រទេស​ ចិន កន្លែង​ខ្លះ​ក៏​ប្រឈម​បញ្ហា​លិច​លង់​ដែរ​។ ដូច្នេះ​​នេះ​គឺ​ជា​គ្រោះ​ធម្ម​ជាតិ​ ដែល​ពិភព​លោក​កំពុង​រក​វិធាន​ការ​ការពារ​ និង​ដោះ​ស្រាយ​។ ឯកឧត្តម​បណ្ឌិត សុខ អាន ក៏​បាន​អំពាវ​នា​វ​ឲ្យ​ប្រជាពលរដ្ឋ​​​គឺត្រូវ​​​ខិត​ខំ​បង្ក​បង្កើន​ផល​ក្រោយ​ពេល​ទឹក​សម្រក​ ពិសេស​គឺ​កុំ​លក់​ស្រូវ​ពូជ​ ពីព្រោះ​​​​រាជរដ្ឋាភិបាល​កំពុង​ដាក់​ចេញ​នូវ​វិធាន​ការ​​​កសាង​ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​​ ដែ​ល​ខូច​ខាត​ឡើង​វិញ​។​          ​
          ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​មក​ពី​ស្រុក​ទាំង​បី​​នៃ​ខេត្ត​តាកែវ ទទួល​បាន​អំណោយ​ពី​ឯកឧត្តម​បណ្ឌិត សុខ អាន និង​លោក​ជំទាវ​ រួម​មាន​អង្ក​ ២៥ គីឡូក្រាម មី១កេះ ត្រីខ ១០ កំប៉ុង មុង ១ និង​ថវិកា​មួយ​ចំនួន​ក្នុង​មួយ​គ្រួសារ​។ បន្ទាប់​ពី​ការ​ចែក​អំណោយ ​ ឯកឧត្តម​បណ្ឌិត សុខ អាន និង​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​ការងារ​បាន​អញ្ចើញ​ចុះ​ពិនិត្យ​ សកម្ម​ភាព​លក់​ដូរ​ក្នុង​ផ្សារ​ភូមិ​មួយ​ផលិតផល​​មួយ​ ស្ថិត​នៅ​ភូមិ​​ពោធិ​ខ្វិត​ ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ និង​ចុះ​ពិនិត្យ​ផ្ទះ និង​ចែក​អំណោយ​ដល់​​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​​ទឹក​ជំនន់​នៅ​ក្នុង​ភូមិ​ត្រើយ​ទន្លាប់​ ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ ស្រុក​គីរីវង្ស​ផង​ដែរ​។
លោក តឹក តុងលីម អភិបាល​ស្រុក​គីរី​វង្សបាន​ឲ្យ​ដឹង​ថា គិត​​ត្រឹម​ថ្ងៃទី ៨ ខែ តុលា ឆ្នំាំ ២០១១ នៅ​ក្នុង​ស្រុក​គីរីវង្ស​ ឃុំ​ចំនួន​ ១០ និង​ ៥៥ ភូមិ​ ក្នុង​ចំណោម ​១២ ឃុំ បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​ ក្នុងនោះ​ប៉ះពាល់ផ្ទះ​ប្រជា​ពលរដ្ឋ ១១៨៥ ខ្នង​ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ជាង​ ២ ម៉ឺន ម៉ែត្រ សាលារៀន ២៨ បន្ទប់​ វត្ត​អារាម ២ កន្លែង​ សាលាឃុំ ១ ប៉ុស្តិ៍ប៉ូលីស​ឃុំ ១  ប៉ុស្តិ៍​វីរព្រះ​ដែន​ ៦០៣ ចំនួន ១ លិច​ស្រូវ​វស្សា ៥៥៨២ ហិកតា ក្នុង​នោះ​ខូច​ខាត​ ១៥២៤ ហិកតា ចំការ​ ៣,៥ ហិកតា ប៉ះពាល់​ទំនប់​ទឹក​ ជំលៀស​ប្រជាពលរដ្ឋ​ ១៨៨ គ្រួសារ និង​គោ ១៤៤ ក្បាល ​មក​កាន់​​ទីទួល​សុវត្ថិភាព​។









កម្ពុជា​រៀប​ចំ​ការ​ប្រ​កួត​បាល់​ទាត់​អន្តរ​ជាតិ​ពាន​រង្វាន់​យុវ​ជន អាយុក្រោម២១ ឆ្នាំ នៃ​បណ្តា​ប្រ​ទេស​ទន្លេ​មេ​គង្គ



នា​រសៀល​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១១ ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយករដ្ឋ ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ បាន​ប្រកាស​បើក​ការ​ប្រកួត​​បាល់​ទាត់​អន្តរជាតិ​ពាន​រង្វាន់​យុវជន​អាយុ​ ក្រោម​ ២១ ឆ្នាំ នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ រាជធានីភ្នំពេញ​។​

          ដោយ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់​ទាត់​អន្តរជាតិ​ពាន​ រង្វាន់​យុវជន​អាយុ​ក្រោម​ ២១ ឆ្នាំ នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គជា​ចំណុច​ចាប់​ផ្តើម​នៃ​ទិវាបាល់ទាត់​យុវជន​នៃ ​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ គឺ​​ជា​ការ​លើក​កំពស់​វប្បធម៌​សហការ និង​ការ​អត់​ឱន​ ឯកឧត្តម​បណ្ឌិត សុខ អា​ន តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក ​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា កីឡា​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​ ទាំងផ្លូវ​កាយ​ ផ្លូវ​ចិត្ត និង​បញ្ញា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​រួម​ចំណែក​​ដល់​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ កិច្ច​សហ​ការ​ផ្នែក​សង្គម​វប្បធម៌​ ទំនាក់​ទំនង​អន្តរជាតិ​ ការ​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍ និង​កិច្ច​​ការ​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត​។​

          ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ​ អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​ មេ​បញ្ជាការ​​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោម​គំនិត​ផ្តួច​ផ្តើម​ និង​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​ពី​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក ​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ បាន​សហការ​ជា​មួយ​ធនាគារ​វិនិយោគ​ ដើម្បី​អភិវឌ្ឍន៍​នៅកម្ពុជា​(BIDC) បាន​រៀប​ចំ​បាល់​ទាត់​លក្ខណៈ​អន្តរជាតិ​ពាន់​រង្វាន់​ធនាគារ​ BIDC នៅ​កម្ពុជា​ឆ្នាំ​ ២០០៩(International Football Tournament BIDC Cup 2009) ប្រកប​ដោយ​ជោគ​ជ័យ​។

          បន្ត​តាម​គោល​នយោបាយ​នេះ​ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​សម្រាប់​ប្រទេស​នៅ​ក្នុង​ តំបន់​ទន្លេ​មេគង្គ​ និង​បាន​ទទួល​ការ​គាំទ្រ​ពី​សហព័ន្ធ​បាល់​ទាត់​​ក្នុង​បណ្តា​ប្រទេស​ទាំង​ អស់​នេះ​ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​បន្ត​សហការ​​ជាមួយ​ធនាគារ​វិនិយោគ​ ដើម្បី​អភិវឌ្ឍន៍​នៅកម្ពុជា​(BIDC) ព្រម​ទាំង​ដៃ​គូរ​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​រៀប​ចំការ​ប្រកួត​បាល់ទាត់​ អន្តរជាតិ​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម​ ២១ ឆ្នាំ នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គ ឆ្នាំ ២០១១ (Mekong Region Youth U21 International Football Tournament BIDC Cup 2011) ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​បាល់​ទាត់​តំណាង​ប្រទេស​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៍ និង​ វៀតណាម​ នៅ​រាជធានី​ភ្នំ​ពេញ​ ចាប់​​ពី​ថ្ងៃទី ០៨ ដល់ ១៦ ខែ​ តុលា ឆ្នាំ ២០១១។

          កម្ម​វិធីប្រកួត​ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១១ ក្រុមបាល់ទាត់​​យុវជន​កម្ពុជា​ឈ្នះ​​ក្រុម​យុវជន​ឡាវ​ ២ គ្រាប់ ទល់នឹង ០។ ទី​២ ក្រុម​បាល់ទាត់​​យុវជន​ចិន​ប្រកួត​ជាមួយ​ក្រុម​យុវជន​វៀត​ណាម​ ស្មើ ១ ទល់នឹង​ ១​។ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១១ ក្រុម​បាល់ទាត់​​យុវជន​មីយ៉ាន់ម៉ា​​ប្រកួត​ជាមួយ​ក្រុម​យុវជន​ឡាវ។ ​ទី​២ ក្រុម​បាល់ទាត់​​យុវជន​ចិន​ប្រកួត​ជាមួយ​ក្រុម​យុវជន​ថៃ​ឡង់ដ៍​។ ថ្ងៃទី ១២ ខែ​តុលា ឆ្នាំ ២០១១ ក្រុម​បាល់ទាត់​​យុវជនថៃឡង់ដ៍​ប្រកួត​ជាមួយ​ក្រុម​យុវជន​វៀត​ណាម។ ទី​២ ក្រុម​បាល់ទាត់​​យុវជន​មីយ៉ាន់​ម៉ា​​ប្រកួត​ជាមួយ​ក្រុម​យុវជន​កម្ពុជា​ បន្ទាប់​មក​នៅ​ថ្ងៃទី ១៤ ខែ​ តុលា ឆ្នាំ ២០១១ ប្រកួត​រវាង​អ្នក​ឈ្នះ​រវាង​ក្រុម ក និង​ក្រុម ខ ។ ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ ២០១១ ប្រកួត​ផ្តាច់​ព្រ័ត្រ​។

          ក្រុម​ហ៊ុន ដែល​ចូលរួម​ឧបត្ថម្ភមាន ក្រុម​ហ៊ុនទូរស័ព្ទ Metfone ក្រុម​ហ៊ុនរុករក​រ៉ែ​ ហងអាញ់ចាល័យ និង​សណ្ឋាគារ​ ណាហ្គាវើល​។​





បទអត្ថាធិប្បាយ៖ ស្នៀតនយោបាយ​បោក​ប្រាស់​របស់​សម្ដេចក្រុម​ព្រះ ៖ តើ​ជាការ​បែង​ចែក​អំណាច ឬជា​ការ​អនុវត្ត​តាមរដ្ឋ​ធម្មនុញ្ញ?


ក្រោយ ​ពីបទទំ​នួញ​ប្រែត​នារដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​កន្លង​ផុត​ទៅ ទំនួញ​សូសៀង​ថ្មី ក៏​បាន​ចាប់​ផ្ដើម​​បន្លឺ​ឡើង​នាអំឡុង​ពេល​រដូវ​បោះឆ្នោត​ឈាន​ជិតចូល​មក​ ដល់។​ ពេល​ខ្លះ​ឮសម្លេង​ថ្ងូរ និង​ជួន​​កាល​ ពេល​​​ខ្លះ​​ទៀត​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់ ​យូរៗឮម្តងនូវ​​ព្រះ​សូសៀង​របស់​ សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ ដែល​​បាន​មាន​បន្ទូលបោក​បញ្ឆោតគេឯងថា «ខ្ញុំ​ព្រះ​ករុណា​បម្រើ​ឪ បម្រើ​ឪពុកខ្ញុំ​ លោក​ហៅ​ខ្ញុំ​មក​ប្រាប់​ថា កូន​ឈ្នះ​ឆ្នោត​ តែ​ឪ​ពុក​​សូម​កូន​អ្នក​ឈ្នះ​ ចែក​អំណាច​ជា​មួយ​គេ​» បើ​កូន​មិន​ចែក​អំណាច​ជា​មួយ​គេ​ទេ  យើង​បាត់​បង់​ទឹក​ដី​ ។ ទឹក​ដី​យើង​សម័យ​អង្គ​រ​ធំ​ណាស់​ រួញៗ​មក​នៅ​ត្រឹម​ទឹក​ដីយើង​សព្វ​ថ្ងៃ​នេះ។
ពុទ្ធោអើយ! កោត​តែ​សម្ដេច​ក្រុម​ព្រះហ៊ាន​ពោល​បែប​នេះ ទៅ​រួច​៖
ស្មេរ យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​សម្ដេច​ក្រុម​ព្រះ​ខាង​លើ​នេះ ហាក់​ដូច​ជា​ព្រះអង្គ​ចាត់​​ទុក​ខ្លួន​​ឯងជា​អាទិ​ទេព​(អ្នក​​ជប់​ទឹក​ដី​ ខ្មែរ​ឱ្យ​មាន​ឯក​ភាព​ជាតិ​តែ​ម្នាក់​ឯង​អញ្ចឹង​) ប៉ុន្តែ​អ្វី​ដែល​ជា​កា​រ​​​ពិត​ព្រះ​អង្គគួរ​គប្បី​ស្វែង​យល់​ថា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៣ ក្នុង​ក្រប​ខណ្ឌនៃ​ការ​រៀប​ចំ​រាជរដ្ឋាភិ​បា​​ល​ តើវាជាការបែងចែកអំណាចក៏​ជា​​ការ​អនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ​? ។ ក្នុ​ង​​បុព្វ​ហេតុ​នេះ បើតាម​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ ១៩៩៣ មាត្រា៩០ វាក្យ​ខណ្ឌ៧ បាន​ចែង​យ៉ាង​ច្បាស់​ថា ដើម្បីបង្កើត​រាជ​រដ្ឋាភិបាល​បា​ន រដ្ឋសភាត្រូវ​បោះ​ឆ្នោតទុក​ចិត្តដោយ​សម្លេងភាគ​ច្រើន​ដាច់​ខាត២ភាគ​៣នៃ​ សមាជិក​សភាទាំង​អស់ ។
 ដូចនេះ​ បើយើង​ពិនិត្យអំពី​អសនៈរបស់​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច នៅ​ក្នុង​ការ​បោះ​ឆ្នោតកាលពី​ឆ្នាំ១៩៩​៣ គឺ​ទទួ​ល​បានតែ​ ៥៨អសនៈ គណបក្ស​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា ទទួ​ល​បាន​ ១០​អស​នៈ​​ រីឯ​គណបក្ស​ម៉ូលី​ណា​ការ​ ទទួល​បាន​ ១ អសនៈ គណបក្ស​ទាំង​ ៣ នេះ បូក​រួម​បញ្ចូល​គ្នា យ៉ាង​ណា​ក៏​ដោយ​ បាន​ត្រឹម​តែ​ ៦៩ អសនៈតែ​ប៉ុណ្ណោះ គឺ​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន​នោះ​ទេ ព្រោះ​មិន​បាន​ ២ ភាគ​ ៣ នៃ​អសនៈ ១២០ នោះ​ឡើយ ។ គួររំ​លឹក​ផង​ដែរថា​ ​សម្លេង​ឆ្នោតរបស់​​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច ដែល​ទទួល​បាន​៥៨ អសនៈ​កាលណោះ គឺ​បាន​មក​ដោយ​សារ​ការ​ឃុប​ឃិតគ្នា​ជាមួយ​​អ៊ុន​តាក់​ តាម​រយៈ​ល្បិច​កេង​​បន្លំ​ លួចសន្លឹក​ឆ្នោត​ ដើម្បី​ឈ្នះ ដែល​​​គណបក្ស​ប្រជា​ជន​កម្ពុជាបាន​ប្តឹង​ជំ​ទាស់​នូវ​លទ្ធផល​នៃ​ការ​បោះ​ ឆ្នោត​នោះ។ ប៉ុន្តែ ដោយ​ស្មារតី​បង្រួប​បង្រួម​ជាតិ​ដ៏​មោះ​មុត​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា ​​ ចង់​ឱ្យមាន​ការ​ឯកភាព​ទឹក​ដី​ ទើបគណបក្ស​ប្រជា​ជន​កម្ពុជា សុខចិត្តចូល​រួម​សហការ​ក្នុង​ការ​បង្កើត​រាជ​រដ្ឋាភិបាល​ឡើង​ ដែល​ការ​បង្កើត​នោះ ​មិន​មែន​ជា​ការ​ចែក​អំ​ណាច​នោះ​ទេ​ ។
 ហេតុ​ ដូច​នេះ គណបក្ស​ហ៊្វុនស៊ីន​ប៉ិច ដែល​ដឹក​នាំដោយសម្តេច​ក្រុម​ព្រះ​ កាលណោះ មិន​អាច​បង្កើត​រដ្ឋា​ភិបាល​​ដោយ​ខ្លួន​ឯង​បាន​ទេ ដូច្នេះ​ គ្មានជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​តែ​រួម​សហការជាមួយ​គណបក្ស​​​ប្រជាជន​កម្ពុ​ ជា ដើម្បី​បង្កើត​រដ្ឋាភិបាល​​តាម​រដ្ឋ​ធម្មនុញ្ញ​។​ ការ​ដឹកនាំ​រាជ​​​រដ្ឋាភិបាលក្រោយ​មក​ ក៏​ត្រូវ​បាន​ គណបក្ស​ប្រជា​ជន​កម្ពុជា យកមក​​អនុវត្តន៍ ជា​មួយ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ក្នុងនាមដៃគូរនៃ​រដ្ឋាភិបាលចំរុះ នៅក្នុងអាណត្តិទីពីរ និងទីបីកន្លងមកដែរ។
          ដូច្នេះ ការបង្កើតរដ្ឋាភិបាលក្នុងអាណត្តិទី កាលពីឆ្នាំ ១៩៩៣ មិនមែនជាការបែងចែកអំណា ដូចបន្ទូល​បោកប្រាស់ធ្វើប្រជាភិថុត របស់សម្តេចក្រុមព្រះ​ ​នរោត្តម រណឬទ្ធិនោះទេ ក៏ប៉ុន្តែវាជាកា​រ​​អនុវ​ត្ត​ន៍​យ៉ាង​ខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ 
          អ្វីដែលសម្តេចក្រុមព្រះបានមានព្រះបន្ទូលដដែលៗ ម្តងហើយម្តងទៀតបែបនេះ គឺវាគ្រាន់ តែ​បង្ហាញពី​សារជាតិនៃ​មេដឹក​នាំ​នយោបាយគ្មានការទទួលខុសត្រូវ និង​មិនទទួលស្គា​ល់​​ការ​ពិត ក្នុង​បំណងបោក​ប្រាស់​ប្រជាពលរដ្ឋ​ ដើម្បីទាក់ទាញការគាំទ្រតែប៉ុណ្ណោះ។
          ក៏ប៉ុន្តែទោះជាយ៉ាងណាក្រុមអ្នកវិភាគមើលឃើញ និងយល់ថា ការដែលគណបក្សហ៊្វុន​ស៊ិន​ប៉ិច របស់សម្ដេចក្រុមព្រះ បែកបាក់រលំរលាយ រហូតព្រះ​អង្គ​ត្រូវបានបណ្តេញចេញពីព្រះ​ប្រធាន​ប្រវត្តិ​សាស្រ្តរបស់​ បក្សនោះ គឺមិនមែនបណ្តាលមកពីការចូល​រួមបង្កើតរដ្ឋា​ភិ​បា​ល ជាមួយគ​ណប​ក្ស​ប្រជា​ជ​ន​កម្ពុជា​ នៅឆ្នាំ ១៩៩៣ នោះ​ទេ ការពិត គឺបណ្តាលមកពីការអសមត្ថ​ភាពក្នុងការដឹកនាំ និង​កង្វះ​បទ​ពិសោ​ធ​ន៍នយោបាយរបស់សម្តេចក្រុមព្រះ​អង្គឯង​តែ​ប៉ុណ្​ណោះ។ ជាក់ស្តែង សូម្បីតែម​ន្ត្រីជំនិត​របស់​​​ព្រះអង្គជាច្រើន​រូប​ ក៏បានចាកចេញជាបន្ត​បន្ទា​ប់ ពីគណបក្សហ៊្វុនស៊ិប៉ិច ចាប់តាំងពីឆ្នាំ ១៩៩៣ មកម្លេះ ដោយ​ពួកគេ​អស់​ជំនឿ​លើការ​ដឹកនាំ​គ្មាន​អំណោយ​ទាន​របស់​ព្រះ​អង្គ និង​នៅ​ពេល​ចុង​ក្រោយ​នេះ​ មន្ត្រីដែល​ស្និទជាមួយ​ព្រះ​អង្គមួយ​ចំ​នួន​ទៀត​ សូម្បី​តែ​តារាកំប្លែងម្នាក់​ គឺ លោក​ ប៉ុក ថារ៉េត ហៅ​នាយ​ ឡោស៊ី​ មុន​នឹង​ទទួល​មរណៈភាព​ ដោយ​គ្រោះ​ថ្នាក់​ចរាចរ ក៏បាន​ចាក​ចេញ​ពី​ ព្រះអង្គដែរ​  គឺពួក​គេបាន​នាំគ្នាមក​ចូល​រួម​ជាមួយគណបក្ស​ប្រជា​ជន​កម្ពុជាជាហូរ​ហែរ​ ។
អ្វីដែលជាការ​ចាប់អា​រម្មណ៍របស់​មជ្ឈ​ដ្ឋាន​មហាជន​ គឺត្រូវបានគេមើលឃើញយ៉ាងជាក់ច្បាស់ថា ស​ម្តេ​ច​ក្រុមព្រះ នរោត្តមរណឬទ្ធិ ព្រះអង្គ​ជា​បុគ្គល​ដែល​មានចំណង់​ចំ​ណូលចិត្ត​ភ្លើតភ្លើន និង​ការ​​សប្បាយ ច្រើ​ន​ជាងការ​គិតប្រ​យោជន៍​ប្រទេស​ជាតិ​ និងកិត្តិយសរបស់​រាជ​វាំង​។ បើតាម​ការ​​ចំណាំ​របស់​ចាស់បុរាណ គេហាម​មិន​ឱ្យសេពគប់ទេ​ មនុស្ស​ជំពូក​ក្រ​ឡិក​​ក្រឡុច និង​និយាយ​មិនទៀងបែប​នេះ​។​ ជាក់​ស្តែង​ ក្នុងសន្និសីទសារ​ព័ត៌​មាន​ កាលពី​ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០០៨ នៅសណ្ឋាគារ ហ៊ី​ម៉ាវារី​ ​  ព្រះអង្គ​បាន​មាន​បន្ទូលថា «ខ្ញុំសូមសន្យាថា ចាប់ពីពេនេះទៅ ខ្ញុំឈប់​​​ធ្វើនយោបាយទៀតហើយ ប៉ុន្តែ ខ្ញុំសូមគាំទ្រចំពោះដំណោះស្រាយព្រំដែនរបស់រដ្ឋាភិបា ជាមួយ​ប្រទេស​ជិតខាងក៏ដូចជាបញ្ហាដោះស្រាយភាពក្រីក្រ របស់ប្រជាពលរដ្ឋ»
          ការប្រកាសដើចេញពីឆាកនយោបាយ របស់សម្តេចក្រុមព្រះ បានធ្វើឱ្យ​មា​ន​កា​រ​​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​របស់​មជ្ឈដ្ឋាន​ជាតិ និងអន្តរជាតិ ដោយយល់ថា ការបញ្ចប់​អា​ជី​ព​នយោបាយនេះ ជាការ​ចូលរួមយ៉ាង​ធំ​មួយ ក្នុងការ​លើក​កំពស់​ ព្រះកិត្តិនាម នៃត្រកូល​រាជវង្សានុវង្សឡើងវិញ ព្រោះ​ថា ក្នុង​អាជីពនយោបាយរបស់ព្រះអង្គ លោកមិនដែល​បា​ន​កសាង​អ្វីដែលជាស្នាដៃ សម្រាប់ជាតិក្រៅពី​ការ​ដែលយកព្រះកិត្តិនាម ព្រះបិតា និង​រាជ​វ​ង្ស​ ធ្វើ​ជាដើមទន់​នៃន​យោបាយ​បោកបញ្ឆោត​រាស្ត្រ​នោះ​ទេ។
          ប៉ុន្តែ​ មិន​បាន​ប៉ុន្មាន​ថ្ងៃផង ក្រោយ​ពី​ការប្រកាស​ សម្ដេចក្រុមព្រះ ​ ក៏បាន​វិលមក​ចូលធ្វើ​ជា​មេគណបក្សថ្មី​មួយ​ គឺ គណ​បក្ស នរោត្តមរណឬទ្ធិ មក​ទល់នឹង​ឥឡូវ​នេះ​។
នយោ​ បាយបោកបញ្ឆោត​រាស្ត្របែប​នេះ ត្រូវបាន​ឆ្លុះបញ្ចាំងតាមរយៈលទ្ធផល​ជាក់ស្តែង ​នៃ​ការបោះឆ្នោត  ក្នុងអា​ណត្តិ​នីមួយ​ៗ ដូចជា កាលពី​ឆ្នាំ ១៩៩៣  គណបក្សរបស់ព្រះ​អង្គ ​ទទួលបាន ៥៨ កៅអី ឆ្នាំ១៩៩៨ ទទួលបាន ៤៣ កៅ​អី  ឆ្នាំ ២០០៣ ទទួលបាន ២៣ កៅ​អី  ឆ្នាំ ២០០៨​ ទទួលបាន ២ កៅ​អី ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោ​តឆ្នាំ ២០១៣ ខាងមុខ​នេះ ​សម្តេចក្រុមព្រះ ទួញ​សោ​ក​បោ​កប្រាស់​រាស្រ្ត ថា សុំយ៉ា​ង​ណា​ឱ្យ​​បា​ន​លើសពី​១ កៅអី ។
បើ សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ​ គិត​ត្រឹម​តែ​កន្ទុយ​ក្បិន​​បែបនេះ​ ធ្វើ​ម៉េច​ អាច​ក្លាយ​ជា​កម្លាំង​កសាង​ជាតិ​ទៅ​កើត​។ សមដូចពាក្យចាស់​បុរាណ​ពោលថា «សម្តីសរជាតិ មាយាទសរពូជ» អញ្ចឹងមែន៕

ចាន់ សាវុធ (អតីតសកម្មជនគណបក្ស នរោត្តមរណឬទ្ធិ នៅខេត្តកំពង់ចាម​)