Friday, October 14, 2011

បទ​សម្ភាសន៍​លោក​សាស្ត្រា​ចារ្យ​បណ្ឌិត ហេង វ៉ាន់ដា នាយក​វិទ្យា​ស្ថាន​វ៉ាន់ ដា គណ​នេយ្យ ស្តីពី​នយោ​បាយពន្ធ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា

ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១១
លោកជុំ កុសល​
សំណួរ៖ ពាក់ព័ន្ធ​ទៅនឹង​រឿងពន្ធដារ​ សូមលោកសាស្ត្រាចារ្យ​បណ្ឌិត​ជួយ​ពន្យល់​ប្រជាពល​រដ្ឋ​​​បន្តិច​បាទ​ ដូចម្តេច​ដែល​ហៅ​ថាពន្ធ​?​

លោកសាស្ត្រាចារ្យ​បណ្ឌិត​ ហេង វ៉ាន់ដា​


ចម្លើយ៖​ ហេតុដូច​ម្តេចបានជាខ្ញុំយល់ដឹងច្រើនអំពីបញ្ហាពន្ធនេះ ពីព្រោះថាខ្ញុំមានអាជីព​ជា​អតីត​អ្នក​ធ្វើការ​ខាង​ពន្ធ​ដារ​តាំង​ ពីឆ្នាំ១៩៨២​ រហូតដល់ឆ្នាំ​២០០៤​ គឺរយៈពេល២២​ឆ្នាំ​។​ពន្ធនេះ​វា​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​​ជាមួយ​ គណនេយ្យ​ និង​សវនៈកម្ម​​នេះ​តែម្តង​​ បើសិន​​ជា​យើង​​មិនចេះ​​គណនេយ្យ​​​ក៏​យើង​​មិនយល់​​ពីបញ្ហា​ពន្ធ​ ហើយបើ​យើង​រៀន​អំពី​​ពន្ធ តែ​យើងមិនចេះ​​គណនេយ្យ​​ក៏អត់​​កើត​​ដែរ​​​​ ទាំងពីរ​នេះគឺស្ទើរតែ​ផ្សារ​សាច់​ផ្សារ​ឈាម​ចូលគ្នា​​​ គឺត្រូវចេះទាំង​ពីរ​​។ ដូចម្តេច​​ដែល​ហៅ​ថា​ពន្ធ​​?​​ ពន្ធគឺជាចំនួន​ទឹកប្រាក់​ដែលប្រជាពលរដ្ឋ​គ្រប់រូប​​ត្រូវមាន​កាតព្វកិច្ច​​ ដក​ទឹកប្រាក់​​របស់​​ខ្លួន​​មួយ​ចំនួន​​ ដើម្បី​​បង់​​ជូនរដ្ឋ​​​ ដើម្បីរដ្ឋ​យកប្រាក់នេះ​ទៅធានា​​ចំណាយ​​សាធារណៈ​ ចំណាយទូទៅ​របស់រដ្ឋ​​ របស់​ជាតិ​​។​ បើយើង​មើលប្រវត្តិ​របស់ពន្ធ​កន្លង​មក​ គឺមានប្រវត្តិ​​ជា​យូរលង់​​ណាស់​​មក​ហើយ​ តាំង​​ពី​ជំនាន់​​ក្រិច​ ជំនាន់​​ឡាតាំង​​មកម្លេះ​​ ប៉ុន្តែ​យើងមិន​លើក​យក​​មក​និយាយ​​នៅ​​ពេល​នេះ​ទេ​ គឺ​កាត់​ត្រឹម​​តែ​ពន្ធ​ដែល​មាន​លក្ខណៈ​អភិវឌ្ឍ​​។ ពន្ធ​វាខុស​ពីប្រាក់​បុណ្យកឋិន​ បុណ្យ​ផ្កា​ បុណ្យ​ផ្សេងៗ​ ដែល​ប្រជាពល​រដ្ឋ​បង់ដោយ​​ឧទ្ទិស បង់​ដោយចិត្ត​សទ្ធាជ្រះថ្លា​​ជូន​ទៅដើម្បីយក​ម​គ្គ យកផល​​។ ប៉ុន្តែ​​ពន្ធ​​មិនមែន​ជាទឹកប្រាក់​ដែលប្រជាពលរដ្ឋ​បង់ដូចបុណ្យ​កឋិន​​ ឬបុណ្យ​ផ្កានោះ​ទេ​ ពន្ធប្រជាពលរដ្ឋ​គឺត្រូវ​​តែ​មានកាតព្វកិច្ច​ប​ង់​ ហើយត្រូវ​បង់តាមច្បាប់​ទៅទៀត​​ ច្បាប់​កំណត់​​ឲ្យបង់​ប៉ុន្មាន​​គឺត្រូវ​​តែបង់​​ប៉ុន​​នោះ​​។​​ ប្រសិន​បើប្រ​ជាពល​រដ្ឋ​មិនបង់​ រដ្ឋក៏គ្មាន​ថវិកា​ឯណា​ទៅ​ធានា​​ចំណាយ​​ទូទាំង​ប្រទេស​ទេ​ ដូចជាចំណាយ​ការពារទឹកដី​ទៅ​លើកង​​ទ័ព​​ ចំណាយ​ទៅលើ​ប៉ូលីស​ ចំណាយ​ទៅលើមន្ត្រី​រាជការ​​ ចំណាយ​ទៅលើផ្លូវ​ថ្នល់ សាលារៀន មន្ទីរ​ពេទ្យ​ ។ល។​ ករណី​ដូចគ្រោះទឹក​ជំនន់​អញ្ចឹង គឺ​លុយ​របស់​ជាតិ​ដែលដក​ទុក​មួយចំនួន​​ដែលបាន​មកពីការបង់ពន្ធនេះ​គឺអាច​ បង្វែរ​ទៅ​ជួយ​​ប្រ​ជា​ពលរដ្ឋ​​​​​​​។​ ទោះបី​វា​ខុស​ប្លែក​ពីបុណ្យកឋិន​ក៏ដោយ​ ក៏ការ​បង់ពន្ធ​របស់ប្រជាពលរដ្ឋ​​ទោះបី​តិចក្តី​ច្រើនក្តី​​តែងតែ​បន្សល់​ នូវការ​ឈឺចាប់​​របស់​ប្រជាពលរដ្ឋ​ជានិច្ច​​ ហេតុដូច្នេះ​ហើយ​​បាន​ជាពន្ធ​ក្នុងពិភពលោក​ គេប្រើ​វិធីសាស្ត្រ​​ដើម្បី​ដកហូត​​។​ វិធីសាស្ត្រ​ដកហូត​ពីប្រជាពលរដ្ឋ​ ជួនកាល​​ឲ្យ​ដឹង​ខ្លួន​ ជួនកាល​មិន​ឲ្យ​ដឹង​ខ្លួន​​ ហើយពន្ធនេះ​គឺត្រូវបង់​គ្រប់ប្រភេទ​​តាំងពីកើត​មកក៏ត្រូវបង់ពន្ធ​ដែរ​ អ្នកខ្លះអត់ដឹងថា​ខ្លួន​ឯង​បង់ពន្ធ​ចាប់តាំងពីពេល​ចាប់កំណើត​ទេ​​។​ តាមពិត​ចាប់ពី​ចាប់កំណើ​តមក យើងទៅសុំ​បញ្ជីជាតិ​​ គឺចុះ​អត្រា​នុកូល​ដ្ឋាន ពេលនោះ​សាលា​សង្កាត់​​គេឲ្យ​យើង​បិទ​តែម​​ គឺពន្ធ​​តែម​​ មាន​ន័យ​ថា​ពន្ធ​ទៅ​លើ​កំណើត​របស់​មនុស្ស​​។ ដូច្នេះ​តាំងពីកើត​រហូត​ដល់ស្លាប់​គឺត្រូវបង់ពន្ធ​គ្រប់ពេល​ទាំង​អស់​​​ ដោយ​វិធីសាស្រ្ត​​គ្រប់បែបយ៉ាង​​ដោយ​សិល្ប៍វិធី​ផ្សេងៗ​​។ ហេតុម៉េច​​ បានជា​ចាំបាច់​ត្រូវប្រើសិល្ប៍​វិធី​ និង​បច្ចេកវិជា្ជ​​បែបនេះ​​ ពីព្រោះបើ​មិនប្រើវិធី​នេះទេគឺពិបាក​នឹងដក​យកណាស់​​ ហើយ​គេមិនឲ្យ​ទេ​​។​​ ដូច្នេះ​គឺត្រូវធ្វើការដកហូត​បន្តិចៗ​បែបនេះ​ពីប្រជាពលរដ្ឋ​ប្រចាំឆ្នាំ​​ ដើម្បី​ធានា​នូវការចំណាយ​​ទូទាំង​ប្រទេស​ប្រចាំឆ្នាំ​​ដែ​រ​​។ ​ពន្ធនេះ​គេចែកចេញ​ជាពីរ​ប្រភេទ​ គឺ​ពន្ធប្រយោល​ ( Indirect Tax )​ និងពន្ធ​ដោយ​ផ្ទាល់​​ ( Direct Tax )​។​ ចំពោះ​ពន្ធ​ដោយប្រយោល​ ឧទាហរណ៍​​បើរដ្ឋ​ចង់ដក​ហូត​ពន្ធ​​ពី​​​ឯកឧត្តម​ គឺរដ្ឋ​មិនដក​ពីឯកឧត្តម​ទេ តែ​រដ្ឋ​​ត្រូវ​ទៅដកហូត​ពីនរណាមួយ​ផ្សេងទៀត​​ ហើយ​ឲ្យ​អ្នក​​ម្នាក់​​នោះ​​​ទៅប្រមូល​​ពីឯកឧត្តម​​មកឲ្យ​រដ្ឋ​​​វិញ​​ ដូចជា​ការចូលទៅហូបនៅ​ក្នុងភោជនីយដ្ឋាន​​ ការទិញ​​អីវ៉ាន់​​នៅ​​ក្នុង​ហាង​​ ឬការ​ទិញ​អ្វីៗ​​ជាដើម​​នៅតាម​ទីផ្សារ ឬនៅតាម​ទីសាធារណៈ​​ គឺរដ្ឋបានដកហូត​ពីយើង​គ្រប់​គ្នា​រួចហើយ​ តែយើងអត់ដឹងខ្លួនទេ​​​។ រីឯពន្ធដោយផ្ទាល់ គឺមានដូចជា​ ការបង់ពន្ធលើ​មធ្យោបាយ​​​ដឹកជញ្ជូន​ ពន្ធលើប្រាក់​ចំណេញ​ ពន្ធផ្ទេរកម្មសិទ្ធិផ្ទះ​ ជាដើម​។​ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​ធំៗនៅក្នុងពិភពលោក គេតែងតែបញ្ចូល​នូវ​កម្មវិ​ធីសិក្សា​អំពី​ពន្ធ​នេះ​នៅ​ក្នុង​កម្មវិ​ធី​ សិក្សា​ដល់​ថ្នាក់​កុមារដ្ឋាន​ ដើម្បីឲ្យជ្រួតជ្រាបពីបញ្ហាពន្ធនេះ​គឺបណ្តុះវប្បធម៌បង់ពន្ធតាំងពីក្មេង​មក​ កុំឲ្យទើបតែ​ពេល​ធំហើយ​ទើបចាប់​ផ្តើម​យកពន្ធ​​ និងដើម្បី​កាត់បន្ថយ​នូវ​ការឈឺចាប់​កុំ​ឲ្យប្រជាពលរដ្ឋ​មាន​ការ​​ថ្នាំង​ ថ្នាក់​ខ្លាំង​ពេក​​។​


លោកជុំ កុសល
សំណួរ៖​ នៅក្នុង​ពិភពលោក​នេះ​ប្រព័ន្ធពន្ធដារ តើគេផ្អែកទៅលើ​កត្តាអ្វីខ្លះ​ក្នុងការ​រៀបចំ​អត្រា​​ពន្ធ​​​?​
លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា​


ចម្លើយ៖​ នៅក្នុងពិភពលោកការបង់ពន្ធ​​គឺគេកំណត់ទៅលើ​អត្រាពន្ធ បើអត្រាតិច​គឺ​ត្រូវ​បង់​តិច​ បើអត្រាច្រើន​គឺត្រូវ​បង់​ច្រើន​​។​ អត្រាដែលគេកំណត់ឡើងគឺមានពីរលក្ខណៈ​ គឺអត្រាកំណើន​តាម​ថ្នាក់ ហៅថា ( Progressive Rate ) ​និង​អត្រា​បន្ថយតាមថ្នាក់ ហៅថា ( Regressive Rate )។​ ឧទាហរណ៍ពន្ធអត្រាកំណើនតាមថ្នាក់ គឺ​ដូចជា​ការ​យកពន្ធ​លើ​អច​លនៈ​ទ្រព្យ​ដូច​សព្វថ្ងៃ​នេះ​អញ្ចឹង​​ ពន្ធលើប្រាក់ខែក៏អញ្ចឹងដែរ​ បើអ្នកណា​មានចំណូលកាន់តែខ្ពស់​ អត្រាពន្ធ​ក៏កាន់​តែខ្ពស់​ដែរ​។​គេធ្វើអញ្ចឹង ដើម្បីឲ្យប្រជាពលរដ្ឋ​ដែលមានប្រាក់ចំណូលមកនោះ​អាចបង់ពន្ធឲ្យ​មានលក្ខណៈ​ យុត្តិធម៌​​​​សមស្រប​ នេះគេហៅថា​ Progressive ។​ រីឯអត្រាបន្ថយតាមថ្នាក់វិញ ពេលណា​ដែល​មាន​ចំណូល​កាន់តែខ្ពស់​ អត្រាពន្ធ​កាន់តែថយ​ ជួនកាលអត្រាពន្ធថយចុះនេះគេកំណត់ ( Fixe ) តែម្តង​។​ ឧទាហរណ៍ បើកាល​ណាគេ​ចង់​ទាក់​ទាញ​ពួកអ្នកវិនិយោគ ឲ្យមកវិនិយោគស្រុកគេ​ខ្លាំង គេតែង​តែ​យក​ពន្ធតាមអត្រាបន្ថយនេះឯង​ បើអ្នកឯង​ដាក់ទុន​វិនិយោគ​កាន់តែច្រើន​យកពន្ធកាន់តែតិច​ ហើយ​ពេល​ខ្លះអត់យកពន្ធទៀតផង​។​ ខ្ញុំសូមបញ្ជាក់ថា អត្រាពន្ធ​ពីរនេះ​គឺជាទស្សនៈ ឬជាគំនិតមួយ​ សម្រាប់​​ដល់អ្នករៀបចំច្បាប់ពន្ធ​ក្នុងពិភពលោក ពីព្រោះអ្នកណាក៏ដោយ អង្គភាព​ណាក៏​ដោយ​​នៅ​ពេល​ដែល​គេ​រៀប​ច្បាប់​ពន្ធ​គឺគេ​គិតទៅ​លើ​អត្រា​ពីរ​ នេះ​ហើយ​​។​​​


លោកជុំ កុសល
សំណួរ៖​ សម្រាប់ប្រទេសយើង តើលោកបណ្ឌិតយល់ឃើញថា​នយោបាយពន្ធដារ​របស់​រដ្ឋាភិបាល​ ដែលរដ្ឋ​បាន​កំណត់​ពន្ធ​នោះ​ តើគ្រប់ហើយឬនៅ​ ហើយ​អត្រា​ពន្ធ​នោះគិត​របៀប​ណា និង​ផ្អែក​លើកត្តាអ្វីខ្លះ​​​?​ និងដូច​ការកំណត់​ពន្ធរបស់​ប្រទេស​នានាលើពិភពលោកដែរឬទេ?​

លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា​
ចម្លើយ៖​ នៅក្នុងការយកពន្ធនៅប្រទេសគេ ជាពិសេសប្រទេស​​ G8 គឺគេយកទ្រឹស្តី​ទាំងបី​មក​ប្រើ​ ហើយអត្រាពន្ធ​របស់គេខ្ពស់​ៗ​ណាស់​​​​។ ឧទាហរណ៍ ពន្ធទៅលើសាជីវកម្ម​ដែល​បាន​បោះ​ភាគ​ហ៊ុនលក់នោះគឺ​អត្រាមានពី២០% រហូតដល់​៤០%​ ក្រុមប្រទេសទាំងអស់​នោះ​មិន​ដែល​មាន​ប្រទេស​​ណា​ដែល​ក្រោម​២០%​ទេ​​​។​ ប្រទេសកាណាដាមួយគឺ​មានពី១១% ទៅ១៩%​។​ បើពន្ធ​លើ​ប្រាក់​ចំណូលវិញគឺមានពី១៥% ទៅ​៤០% គឺអត្រានេះខ្ពស់ណាស់​។ ពន្ធលើ​ប្រាក់​ខែ​សម្រាប់​​ប្រទេស G8 នេះ គឺមានពី១២% ទៅ​៤៥% ឯណោះ​។ សម្រាប់ប្រទេស G12  គឺប្រទេស​នៅអាស៊ី​ប្រែប្រួល​ពីចន្លោះ១០% ទៅ៣០%​ ជាមធ្យមគឺ២០%។ សម្រាប់ប្រទេសចិន ពន្ធ​លើសាជីវកម្មគឺ​៣៣%​ ចំណែកពន្ធ​លើប្រាក់​ចំណូល​គឺ​៣០%​ មានន័យថាបើ ប្រាក់ខែ១០០ដុល្លារ គឺរដ្ឋដក​យក៣០ដុល្លារបាត់ទៅហើយ​។ សម្រាប់ប្រទេសក្រិច អៀរឡង់ ព័រទុយហ្គាល​ អេស្បាញ អ៊ីតាលី ដែល​ប្រុង​នឹងក្ស័យធន​នោះ​ អត្រាពន្ធគឺដូចគ្នា និងអាចតម្លើងថែមទៀត​។ សម្រាប់​​ប្រទេស​នៅ​អាស៊ាន​ គឺយើងឃើញមានប្រែប្រួល​ពី២០% ទៅ៣០%​ ហើយសម្រាប់ប្រទេសសាំងហ្គាពួរ​មួយទេ​ដែល​មានត្រឹម​​១៧%​។ ឯពន្ធលើប្រាក់ចំណូលគឺប្រែប្រួលពី៥% ទៅ​​៣០%​។ រីឯសាំងហ្គាពួរ​គឺ​យក​ត្រឹម​២០%​ និងកម្ពុជាផងដែរ​ ក្រៅពីនោះគឺយក​សុទ្ធតែខ្ពស់ទាំងអស់​​។ សម្រាប់ប្រទេសកម្ពុជាយើង​ គឺ​មានយកពន្ធ១៨ មុខហើយ​ ប៉ុន្តែគឺយើងយកមិនទាន់អស់មុខ​នៅឡើយ​ទេ​ បើប្រៀបធៀប​ជាមួយ​ប្រទេស​​នៅក្នុងពិភពលោក​​។ ហើយក​ត្តា​ដែល​គេរៀប​ចំអត្រាពន្ធនេះក៏​ឈរ​ទៅលើ​ កត្តា Progressive Regressive ដែលបង្កើតឡើងដោយលោក អាដាមស្មីត កាល់​ម៉ាក្ស និង​លោក​ចនម៉ាកេន​​ ដែរ​។​ ទាក់ទងដល់អត្រាពន្ធ ប្រទេសយើងនៅមានការអនុគ្រោះច្រើន​ ដូចជាពន្ធលើ​សាជីវ​កម្ម គឺ​យកត្រឹម​២០%​។​ យើងក៏មានការអនុវត្តពន្ធតាមប្រព័ន្ធRegressive ដែរ ដូចជា​អាករលើផលរបរ ដូចជា VAT អ្នកវិនិយោគជាដើម​។

លោកជុំ កុសល
សំណួរ៖​ ថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលនៅក្រៅប្រទេស គាត់​បាន​លើក​យកបញ្ហា​ពន្ធលើ​អចលនៈ​ទ្រព្យ​ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងបានអនុវត្ត​ទៅ​ហើយ​​​​នោះ​​សម្រាប់ប្រជាពល​រដ្ឋដែល​រស់នៅ​រាជ​ធានី និង​ទីប្រជុំជន ហើយមានសក្តានុពល​សេដ្ឋកិច្ច​ផ្នែក​​ពាណិជ្ជ​កម្ម​ ប៉ុន្តែមិនបានយកពន្ធ​លើអចលនៈទ្រព្យ​របស់​ប្រជាកសិករ​ ឬដីធ្លីប្រជា​ពលរដ្ឋ​​​ធ្វើ​កសិកម្ម​ គឺរដ្ឋាភិបាលលោកអត់បានកំណត់ទេ ហើយពន្ធនោះគឺមាន​ភាព​អនុគ្រោះ​ថែមទៀត​គឺ​ត្រឹម​តែ០,១%​ គិតតម្លៃចាប់ពីមួយរយលានរៀលឡើងទៅទើប​បានគិត​។ ការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការគាបសង្កត់ប្រជាពលរដ្ឋបែបនេះ​ តើលោកបណ្ឌិតអាចធ្វើការប្រៀបធៀប​​ ថាការ​លើក​​ឡើង​​នេះជារឿង​ដែល​ត្រឹមត្រូវ​ ឬជារឿង​ដែល​គាត់​លើក​ដើម្បី​ចំណេញ​ខាង​នយោបាយ​របស់​បក្ស​ខ្លួន​?​​​

លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា​
ចម្លើយ៖​ ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា ចំណូលពន្ធ​ ពេលដែលដកយកពីប្រជាពលរដ្ឋមក ពន្ធ​នេះ​ចូលទៅថវិកាជាតិ​ មិនអាចពន្ធដារណាយកលុយនេះទៅចាយបានទេ​។ បងប្អូនប្រជាពលរដ្ឋ នៅពេលដែល​ទទួលបង្កាន់​ដៃបង់​ពន្ធ​តាម​ចំនួន​​ទឹកប្រាក់ដែលខ្លួនបានបង់ហើយ គឺលុយ​នោះពិត​ជា​ចូល​​​រដ្ឋ​ហើយ​​មិនបាច់​ព្រួយ​ទេ​​។​ កាលណាចូលក្នុងថវិកាជាតិ លុយ​នោះត្រូវ​ចូលដល់សភា ហើយ​ទើប​សភាអនុមត្តិ​តាមសំណើសុំរបស់រដ្ឋាភិបាល​ សម្រាប់ចំណាយទៅលើអ្វី​ខ្លះ​ ហើយ​មិន​អាច​ចាយ​លើស​បាន​ទេ​​។ ហើយរដ្ឋប្រគល់ជូនបងប្អូនប្រជាពលរដ្ឋវិញ តាមរយះការកសាងផ្លូវថ្នល់ សាលា​រៀន មន្ទីរពេទ្យ​ និងមានសិទ្ធិ​អាចប្រើប្រាស់បានស្មើៗគ្នា​​។ ពន្ធលើអចលនៈទ្រព្យ​គឺជា​ប្រភេទ​ពន្ធ​មួយ​ដែល​យក​​លើ​អ្នក​មាន និងថ្នាក់កណ្តាល​ មិនមែនយកលើបងប្អូន​ប្រជាពលរដ្ឋ តិចតួច​នោះ​ទេ​​​ដូច្នេះសូមបងប្អូនកុំព្រួយ​។​


ចំណែកឯកឧត្តម សម រង្ស៊ី ដែលជាអតីត​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស្គាល់ច្បាស់​ណាស់​លើរឿងនេះ​។ ដូច្នេះត្រង់លោកនិយាយដើម្បីទាក់ទាញ​ដើម្បីចំណេញ​នយោបាយ​​ពិតជារឿង​ បញ្ហានេះពិតមែន ។​ ចំណែក​ឯរឿងបចេ្ចកទេសវិញ គឺអត់មានប៉ះពាល់អ្វីទេ​ចំពោះ​ប្រជាពលរដ្ឋតូចតាច​។​​


លោកជុំ កុសល
សំណួរ៖​ តើស្ថានភាពនៃវិបត្តិបំណុលមានសភាពយ៉ាងណាដែរ?


លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា
ចម្លើយ៖​ ទាក់ទងទៅនឹងវិបត្តិបំណុល បើយើងសម្លឹងទៅមើល​សហរដ្ឋអាមេរិក និងប្រទេស​នៅ​អ៊ឺរុប​ ជាពិសេស​វិបត្តិ​នៅប្រ​ទេសអ៊ីតាលី គឺបារាំង និងអង់គ្លេស ​មិនសប្បាយចិត្តទេ។​ ខ្ញុំមាន​តួលេខ​ច្បាស់លាស់​ ការមានបំណុល​នេះដោយ​សារការ​រកស៊ីខាត​មិនចំណេញ​ជាច្រើនដង និង​ការ​ខ្ចី​បុល​គេបន្ថែមទៀត​។​ បើកាលណា​ខ្ចីគេហើយ គ្មានកាលវិភាគសងគេ​ឲ្យបានត្រឹមត្រូវ​ទេ​​​​ នោះ​វានឹង​ឈាន​ទៅរកការក្ស័យធនជាក់ជាមិនខាន​។​ ចំពោះប្រទេសអាមេរិក បំណុលគឺមាន​ការកើន​ឡើង​សម្បើម​ណាស់​ បំណុលនៅប្រទេសអ៊ឺរុបទាំងអស់ មិនស្មើនឹង​បំណុល​នៅប្រទេស​អាមេរិក​មួយទេ​។ ប្រទេស​នៅអ៊ឺរុបក៏បំណុលកាន់តែកើនខ្លាំងណាស់ដែរ​ ទោះបីជាប្រទេសបារាំង និង​អង់គ្លេស ប្រកាស​កាត់​បន្ថយ​ចំណាយសាធារណៈ បង្កើនចំណូលពន្ធ​ ក៏នៅតែជួបនូវវិបត្តិដដែល​។​ ដើម្បី​ចៀសវាង​នូវបញ្ហានេះ គឺ​មាន​តែការ​កាត់​បន្ថយនូវ​ការរស់នៅក្នុងឋានៈជាប្រទេស​ដែល​ខ្ពង់ខ្ពស់​ បំផុត​ ឲ្យ​ធ្លាក់ចុះទាបមកនៅស្មើនឹង​ប្រទេស​នៅអាស៊ីតែ​ប៉ុណ្ណោះ​។ បើពីមុនធ្លាប់ហូប ហាំប៊ឺហ្គ័រ បី ត្រូវ​កាត់​បន្ថយ​មកនៅត្រឹមពីរ​ តែ​បើនៅតែ​មិនកើន​ទៀតមាន​តែបន្ថយ​ពាក់​កណ្តាលទៀត​​​ រហូតទាល់​តែ​មាន​លំនឹង​ ពីព្រោះនេះគឺជាការវិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក​ និងការវិវឌ្ឍនូវវណ្ណៈ​។ ទាំង​នេះ​គឺ​ជាអ្វី​ដែល​ខ្ញុំ​បានជម្រាប​ជូន​ ដែលជាវិធីសាស្ត្រ​ដើម្បីកាត់បន្ថយបំណុល​​ មានន័យថា​កាត់​បន្ថយ​​ឋានៈ​ប្រទេស​របស់​ខ្លួនពី​ប្រទេស​ដែល​មានភាព​ស៊ីវីល័យ ​ ឲ្យចុះ​មកនៅ​ស្មើ​ជាមួយ​ប្រទេស​គេ​ផ្សេងៗ​​ទៀត​៕​​