Thursday, October 27, 2011

បទវិចារណថា​ ប្រជាធិបតេយ្យ​តែ​ម្នាក់​ឯង



          ជាប្រតិកម្ម​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ ដែល​អ្នក​តំ​ណាង​រាស្ត្រគណបក្ស​ប្រឆាំងនិយម​ចូល​ចិត្ត​​យក​មកប្រើ ដើម្បីបិទ​បាំង​អំពើទុច្ចរិត​របស់​ខ្លួន​ នៅ​ពេល​ដែលមធ្យោបាយ​អាក្រក់​ទាំង​ឡាយ​ទាំង​ពួង​នោះ ​ត្រូវ​បាន​បកស្រាយ​បំ​ភ្លឺតប​តវិញ​ ​​បង្ហាញ​ពីការ​ពិត និង​បាន​ផ្សព្វ​ផ្សាយ​ជាសាធារណៈ ​ដោយមន្ត្រី​រដ្ឋាភិបាល​ និង​​​សមាជិកគណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ។

          ជាទូ​ទៅ​ គេបាន​សង្កេត​ឃើញ​ថា​ អ្នក​​នយោបាយប្រឆាំង​នៅ​​កម្ពុជា ពុំ​មាន​ទម្លាប់​​គោរព និង​អនុវត្ត​ឱ្យ​​បាន​ត្រឹម​ត្រូវ​តាម​តួ​នាទី​ ភារកិច្ច​របស់​ខ្លួនជា​អ្នក​តំ​ណាង​រាស្ត្រ​នោះ​ទេ​ ​ គឺតែង​តែ​ប្រើ​នូវ​កលល្បិច​បោកប្រាស់​ បំភ័ន្ត​ការ​ពិត​ និង​មិន​ដែល​ទទួល​ស្គាល់ម្តង​ណាឡើយ​​ នូវ​ភាព​វិជ្ជមាន​ ដែល​ជា​ជោគ​ជ័យធំ​ៗរបស់រាជ​រដ្ឋាភិបាល ក្នុង​ការ​  ធានាបាន​នូវ​​សុខសន្តិ​ភាព​ជូ​ន​ប្រទេស​ជាតិ​ទាំង​មូល ដូចមាននាពេល​បច្ចុប្បន្ននេះ​ទេ។ ពួក​គេ មិន​ត្រឹម​តែមិន​បាន​​​ចូល​រួម​ថែ​រក្សា​សន្តិ​ភាព​ ដែល​មាន​​ប៉ុណ្ណោះទេ ថែម​ទាំង​បាន​បង្កើ​ត​នូវ​យុទ្ធ​នាការ​វាយ​ប្រហារ​រិះ​គន់​ ជេរ​ប្រមាថ​កាត​ទាន មកលើ​រាជ​រដ្ឋាភិបាល​ ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​កាន់​តែខ្លាំង​ឡើងៗ​ ដោយ​​​​​ពាក្យ​​សម្តី​មួល​បង្កាច់គ្រប់​ទិដ្ឋភាព​ ​និ​ង​ពុំ​បាន​ផ្អែកទៅ​លើ​មូល​ដ្ឋានច្បាប់ និង​សច្ចៈធម៌​​ឡើយ ។

ជានិច្ចកាល មហាជន​ ក្នុង​ និង​ក្រៅ​ប្រទេស បាន​ឮនូវ​ការ​​ឃោសនា​​អកុសល និងការ​បញ្ចេញ​មតិ​ របស់​ក្រុម​ប្រឆាំង​យ៉ាង​កង​រំ​ពង និង​ដ៏​ហួសព្រំ​ដែននៃច្បាប់​បាន​កំ​ណត់​ ​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​ប្រតិកិរិយា​មួយ​​ចំ​នួន ​ដែល​កំ​ពុង​បំ​រើឱ្យ​នយោបាយ​គណបក្ស​ប្រឆាំងដោយ​ចំ​ហរ​ និង​ពុំ​បាន​គិត​ពី​​ផល​ប៉ះ​ពាល់ ឬ​សង្គម​បែក​បាក់ ​ដោយ​​សារ​សម្តី​ អុជ​អាល​ ដុត​បញ្ឆេះកំ​ហឹង​ របស់​​អ្នក​នយោបាយទាំងនោះ​ឡើយ​ គឺពួក​គេគិត​តែ​ពីផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​ស្រប​ទៅ​តាម​សុច្ចរិត​ភាព​នៃ​វិជ្ជាជី​វៈ ​និង​សតិសម្បជញ្ញៈ​ មនសិការ​ជាតិ​ទេ​។

នៅ​ថ្ងៃ​ទី​២៦ ខែ​ តុលា ឆ្នាំ ២០១១ ជាប្រតិកម្ម​តប​ជាមួយ​ការ​បំ​ភ្លឺចំ​ៗ របស់​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​​ ស្តី​ពី​​សភាព​ការ​ណ៍​បច្ចុប្បន្ន​ភាពកម្ពុជា​ នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​​មួយ​ចំ​នួន​ថា​​ រដ្ឋាភិបាល​មិន​បាន​គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​ ឯកឧត្តម​ កែវ រ៉េមី​ រដ្ឋលេខាធិការ​ និង​ជាប្រធាន​ក្រុម​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី បំ​ភ្លឺថា​ កិច្ចព្រម​ព្រៀង​នោះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​អនុវត្ត​បាន​យ៉ាង​ពេញ​លេញ​ និង​បាន​អនុវត្ត​ដល់​ចំ​នុចកំ​ពូល ​លើសពី​​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀងនោះ​ទៅ​ទៀត ត្រូវ​បាន​លោកស្រី មូរ សុខហួរ​ ខឹង​សម្បារជាមួយ​នឹង​ការ​បក​ស្រាយ​​​នោះ​ និង​បាន​ឆ្លើយ​តប​វិញ ​តាម​រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​បរទេស​​​មួយ​និយាយ​ជា​ខេមរភាសា ដោយ​បាន​លើក​ឡើង​ថា​ « ​​អ្នក​ស្រី​មិន​ចង់​ឃើញ​អង្គភាព​ប្រតិកម្ម​រហ័សនេះ​ រង់​ចាំ​តែ​បកស្រាយ​ដើម្បី​បិទ​បាំង​ភាព​អវិជ្ជ​មាន​នោះ​ទេ។​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ធ្លាក់​ចុះ​ស្ថានការណ៍​ការ​នៃការ​គោរព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ សិទ្ធិ​បញ្ចេញ​មតិ​ និង​បញ្ហា​បូ​រណភាព​ទឹក​ដី​ជា​ដើម »។

ការ​លើក​ឡើង​ដូច្នេះ​ គឺបាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ លោកស្រី​ មូរ សុខហួរ កំ​ពុង​ប្រកាសដេញ​ប្រជាពល​រដ្ឋជាង​១៤ លាន​នាក់​ចេញ​ពី​ស្រុក​ខ្មែរទាំង​អស់​ ដើម្បីងាយ​ស្រួល​ ​លោកស្រី​ប្រើប្រាស់​​ប្រជាធិបតេយ្យ​តែ​ម្នាក់​ឯង។

នេះ​ឬ អ្នក​តំ​ណាង​រាស្ត្រ​ ដែល​អួត​ខ្លួន​ថា​ គោរព​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ ? ការ​ពិត​សម្តី​ បែប​នេះ​ គឺជាការ​​ បញ្ជាក់​ថា​ លោកស្រី​ មូរ សុខហួរ​ បាន និងកំ​ពុង​អនុវត្តជាក់​ស្តែង​នូវ​មេរៀនផ្តាច់​ការ​តាម​គំ​រូ​ប៉ុល ពត​ ឬ​ជាការ​ប្រកាសខ្លួន​ជាចំ​ហរអនុវត្ត​នូវ​ច្បាប់​ព្រៃ​​ ដែល​មិន​ត្រូវ​ជា​មួយ​នឹង​តថភាព​សង្គម​ខ្មែរឡើយ​។

មាត្រា៤១ នៃច្បាប់​រដ្ឋធម្ម​នុញ្ញ បាន​ចែង​ថា​ ប្រជាពល​រដ្ឋមាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន។​ដូច្នេះ ​ប្រជាពល​រដ្ឋនឹង​មិន​អនុញ្ញាតឱ្យសេរី​ភាព​របស់​ខ្លួនដែល​ធានាដោយ​ច្បាប់ ត្រូវ​បាន​​ដក​ហូត​ដោយ​លោកស្រី​ មូរ សុខហួរ នោះ​បាន​ឡើយ។ ម៉្យាង​វិញ​ទៀត ​​​ វាជា​ការ​ពុំ​គួ​រគប្បី​ទាល់​តែ​សោះ​ ដែល​លោកស្រី​ មូរ សុខហួរ​ ​បាន​និង​កំ​ពុង​ទទួល​បាន​នូវសិទ្ធិ​សេរី​ភាព​យ៉ាង​ពេញ​លេញ​ ទាំង​សិទ្ធិ​រស់​រាន​មាន​ជី​វិត ក្រោយ​ថ្ងៃរំ​ដោះ​ ​៧ មករា ឆ្នាំ ១៩៧៩ សិទ្ធិ​ចូល​រួម​នយោបាយ ការ​បោះ​ឆ្នោត​ ការ​បញ្ចេញ​មតិ ​ ​ បង្កើតអង្គការ​សមាគម​ និង​សិទ្ធិ​ក្នុង​ការ​ទំ​នាក់​​​ទំ​នងជាសាធារ​ណៈនានា ដែល​សង្គម​ផ្តល់​ឱ្យ​.......។ល។និង​។ល។ 

ការ​ទទួល​បាន​នូវសេរី​ភាពដ៏​លើសលប់​ រហូតប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ហួសព្រំ​ដែន​ លោកស្រី​មូរ សុខហួរ​ក៏ធ្លាប់​មាន​រឿង​អាស្រូវ​ប្តឹង​ផ្តល់​តាម​ផ្លូវ​តុលាការ​ និង​ត្រូវ​បាន​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ ដោយ​ការ​បញ្ចេញ​មតិ​ជ្រុល​ ប៉ះ​ពាល់​​ដល់​​​សិទ្ធិ​សេរី​ភាព​អ្នក​ដ៏​ទៃ​ ជាពិសេសប៉ះ​ពាល់​ដល់​កិត្តិ​យស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ថ្នាក់​ដឹក​នាំប្រទេស នា​ពេល​កន្លង​មក​ ​​ ប៉ុន្តែ បុគ្គល​​​​ម្នាក់​នេះ​នៅ​តែចោទ​ថា​ ​កម្ពុជា​មាន​ការ​បំ​បិទសិទ្ធិ​សេរី​ភាព​ទៅ​វិញ។ សួរ​ថា ចុះ​ពេល​នេះ​ ហេតុ​អ្វី​បាន​ជា លោកស្រី​ មូរ សុខហួរ​ ប្រកាសហាម​ប្រាម​មន្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​នៃ​រាជ​រដ្ឋាភិបាល​មិន​ឱ្យ​បញ្ចេញ​មតិ​ទៅ​វិញ​ ឬ​ក៏​ចង់​ឱ្យ​សម្លេង​នៃ​យុទ្ធនាការ​ដើរភូត​កុហក់របស់​ខ្លួន​បាន​សម្រេច និង​សង្គម​ធ្លាក់​ចូល​ក្នុង​គ្រោះ​​មហន្ត​រាយ​ ខ្ទេសខ្ទី​អស់​​ ទើប​លោកស្រី​​ទទួល​ស្គាល់​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យពេញ​លេញ ?។

ប្រជាធិបតេយ្យមិន​មែន​ជាកម្ម​សិទ្ធិ​ផ្តាច់​មុខរបស់អ្នក​ណាម្នាក់​ គណបក្សនយោបាយ​ណាមួយ​  បុគ្គល​ឬ​​​ក្រុម​ជន​ណាមួយ​​ ហួង​ហែង​ យក​​​មកប្រើ​ប្រាស់តែម្នាក់​ឯង​ និង​ខ្ទប់​មាត់​អ្នក​ដ៏​ទៃមិន​ឱ្យ​និយាយស្តី​នោះ​ទេ។

ប្រជាធិបតេយ្យ​ មាន​អត្ថ​ន័យ​ថា​  « ភាព​នៃប្រទេស​ដែល​មាន​ប្រជារាស្ត្រ​ជាអ​ធិបតី​ គឺប្រទេស​ ឬរដ្ឋ​បាល​ ដែល​មាន​ប្រជា​ជន​ជាធំ​ ក្នុង​ការ​រើសតំ​ណាង​របស់​ខ្លួន​ឱ្យ​ជា​អ្នក​សំ​រេច​កិច្ច​ការក្នុង​ប្រទេស ​» ។

ព្រះ​រាជាណាចក្រកម្ពុជា​ ជាប្រទេស​អនុវត្តនយោបាយ​​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស​ ។ ប្រជាពល​រដ្ឋខ្មែរជាម្ចាស់​នៃ​វាសនា នៃប្រទេស​ជាតិ​របស់​ខ្លួន ហើយ​អំ​ណាច​ទាំង​អស់​ជារបស់​ប្រជាពល​រដ្ឋ។

វាមិន​ខុសគ្នា​នោះ​ទេ រវាង​អ្នក​នយោបាយ​ និង​កី​ឡាករប្រដាល់​ ពេល​ឡើង​សង្វៀនប្រកួត​ ៖ បើយើង​មិន​វ៉ៃគេ គឺគេវ៉ៃ​យើង ហើយ​យើង​ប្រាកដជា​​ចាញ់​ ប៉ុន្តែ បើយើង​វ៉ៃ​គេ គឺ​គេនឹងវ៉ៃយើង​វិញ វាជារឿង​ធម្ម​តា តែ​លទ្ធ​ផល​ចាញ់​ ឬ​ឈ្នះ​ គឺ​វាអាស្រ័យ​នឹង​ភាព​រហ័ស​រហួន ភាព​ប៉ិន​ប្រសព្វ​ និង​ការ​ពូកែប្រើស្នៀត​ ក៏​ប៉ុន្តែ​ ភាគី​ទាំងពីរ​ចាំ​បាច់​ត្រូវ​តែ​គោរព​តាមលក្ខខណ្ឌដែល​បាន​កំ​ណត់​ដោយ​ច្បាប់​នៃ​រាល់​ការ​ប្រកួត​នី​មួយ​ៗ។

យ៉ាង​ណា​មិញ បុគ្គល​ជាអ្នក​នយោបាយ​គ្រប់​រូប​ ក៏​ត្រូវតែប្រកាន់​យក​នូវ​ផ្នត់​គំ​និត​ដូចគ្នា​នេះ​ដែរ បើ​មាន​​នូវ​មហិច្ចតា​ចង់​​យ​កឈ្នះ​ដៃគូនយោបាយ​ គឺត្រូវ​តែគោរព​ និង​អនុវត្ត​ ឱ្យ​បាន​ត្រឹម​ត្រូវ​តាមគោល​ការ​ណ៏​ច្បាប់​ និង​បទដ្ឋាន​គតិ​យុត្តនានា និង​គិតគូរពី​​ផល​ប្រយោជន៍​ប្រជាពល​រដ្ឋជាធំ​ ជាពិសេស ត្រូវ​តែ​គោរព​តាម​ជា​ដាច់​ខាត​​ «​រដ្ឋធម្ម​នុញ្ញ»ដែល​ជា​ច្បាប់​កំ​ពូល​របស់​ប្រទេស​ ដោយ​មិន​អាចប្រព្រឹត្តរំ​លោភ​បំ​ពាន​បាន​ឡើយ។

ដូច្នេះ​ ដើម្បី​បញ្ចៀសបាន​នូវ​ការ​យល់​ខុសពី​សំ​ណាក់សាធារណមតិ​ជាតិ​ ​និង​អន្តរជាតិ​​ បង្ក​ឡើង​ដោយ​​ការ​បញ្ចេញ​មតិ​​​ភូត​កុហ​ករបស់​អ្នក​នយោបាយ​ទាំង​នោះ​ ទើបមាន​ការ​បកស្រាយ​បំ​ភ្លឺជាហូរហែរ​របស់​​​​​មន្ត្រី​រាជ​រដ្ឋាភិ​បាល​ ស្រប​តាម​ច្បាប់​រដ្ឋធម្ម​នុញ្ញ ក្នុងកាតព្វកិច្ចត្រូវ​តែឆ្លើយ​តប​ទៅ​នឹង​មតិ​ផ្ទុយ​នានា ដែល​មាន​ចរិត​ញុះ​ញង់​ បង្ក​ភាព​ចលាចល​សង្គម​​ និង​ការ​ជំ​រុញ​ឱ្យ​ប្រព្រឹត្តបទ​ល្មើសបំ​ពាន​ច្បាប់​
យ៉ាង​ណាមិញ រាល់​ការ​បកស្រាយ​បំ​ភ្លឺ​របស់មន្ត្រី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​ ទៅ​កាន់​សាធារ​ណមតិ ជាតិ និង​អន្តរជាតិ​ គឺ​បាន​ធ្វើ​ឡើង​ដោយ​មាន​មូល​ដ្ឋានច្បាស់​លាស់​ ជា​លក្ខណៈ​ផ្លូវ​ច្បាប់ ស្រប​តាម​គោលនយោបាយ​របស់រាជ​រដ្ឋាភិបាល​ និង​ដើម្បី​ទប់​ស្តាត់​នូវ​រាល់​មតិ​របស់​មជ្ឈដ្ឋាន​នានា ដែល​មាន​ចរិត​អវិជ្ជ​មាន​ និង​ក៏​ដើម្បី​រក្សា និងការ​ពារ​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​ សំ​ដៅ​លើក​កំ​ពស់​អត្តសញ្ញាណ​ជាតិ​ ក៏​ដូច​ជា​ការ​​រក្សាបា​ននូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ សណ្តាប់​ធា្នប់​សាធារណៈ​ ជាពិសេស ប្រឆាំង​ដាច់​ខាត​រាល់​សកម្ម​ភាព​​ទាំង​ឡាយ​ណា​ដែល​រំ​លោភ​លើច្បាប់​រដ្ឋធម្ម​នុញ្ញ និង​ការ​ង្កើត​​ចលនាប្រឆាំង​នានា ដែល​​ប៉ុនប៉ង​រុញ​ច្រាន​សង្គម​កម្ពុជាឱ្យ​ធា្លក់​ចូល​ទៅ​ក្នុង​​ភាព​ចលាចល។

ដូច្នេះ​ ប្រតិកម្ម​របស់​លោកស្រី​ មូរ សុខហួរ ​ជុំ​វិញ​ការ​បកស្រាយ​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល​ដែល​បានផ្តល់​នូវ​ព័ត៌មាន​ពិត​ ឥត​លំ​អៀង​ដល់​មហាជន អំពី​ជោគ​ជ័យ និង​សមិទ្ធផលយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​របស់​រាជ​រដ្ឋាភិបាល​ និង​ការ​ពិត​អំពី​​សន្តិ​ភាព​ដែល​ពល​រដ្ឋកម្ពុជា​ទទួល​បាន​នាពេល​បច្ចុប្បន្ន ​​ប៉ុន្តែ ​បែជា​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​សេរី​ភាព​មិន​ឱ្យ​បញ្ចេញ​មតិ​​ដោយ​អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី  គឺបាន​ន័យ​ថា​ លោកស្រី​ មូរ សុខហួរ កំ​ពុង​រស់​នៅ​ជាមួយ​ប្រជាធិប​តេយ្យ​តែ​ម្នាក់​ឯង និង​​ការ​បង្ខំ​ឱ្យ​ពល​រដ្ឋខ្មែរជឿលើ​ការ​បោក​ប្រាស់​របស់​ខ្លួន ដែល​ឈាន​ទៅ​រក​ការ​វឹក​វរក្នុង​សង្គម​ ឬចាត់​ទុក​ថា លោកស្រី​កំ​ពុង​​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ផ្លូវ​ច្បាប់៕

ដោយៈ ពូន សំ​រេច​