Saturday, October 29, 2011

ជា​ត្រូវ​បាន​ចាត់​ទុក​ជា​តារាមួយ​ក្នុង​ស្ថាប័ន​ ICCAP


          ឯកឧត្តម​បណ្ឌតិ​ សុខ អាន ឧបនាយករដ្ឋ ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​​​នារាត្រី​ថ្ងៃទី ២៩ ខែ​ តុលា ឆ្នាំ ២០១១ ថា បទពិសោធន៍​ និង​គំរូ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លង​មក​ ត្រូវ​បាន​ទទួល​ស្គាល់​ និង​វាយ​តម្លៃ​ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​ ICCAP ។​
          ថ្លែង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ពេល​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ការដឹក​នាំ​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ តាម​ការ​ចាត់​តាំង​​​ពី​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ឲ្យ ​ទៅ​ចូលរួម​ប្រជុំ​គណៈ​អចិន្ត្រៃយ៍លើក​ទី​១៦​ នៃ​អង្គការ​គណបក្ស​នយោបាយ​នៅ​អាស៊ី​ ICCAP ​នៅ​ទី​ក្រុង​ សេអ៊ូល នៃ​សាធារណ​រដ្ឋ​កូរ៉េ​ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ ប្រសាសន៍ថា ជោគ​ជ័យ​នៃ​ការ​រៀប​ចំ​មហាសន្និបាត​លើក​ទី​៦ នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី​ ICCAP នៅ​រាជធានីភ្នំពេញ​កាល​ពី​ចុង​ខែ​ធ្នូ ​ឆ្នាំ ២០១០​ និង​ជោគជ័យ​នៃ​ការ​កសាង​សន្តិភាព​ ស្ថេរភាព​ជាតិ​ និងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ដោយ​សារ​នយោបាយ​ឈ្នះ​ឈ្នះ​ របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ត្រូវ ​បាន​ស្ថាប័ន​ ICCAP ​វាយ​តម្លៃ​ខ្ពស់​ និង​ចាត់​ទុក​ថា ជា​គំរូ​ដ៏​ល្អ​​មួយ​របស់​កម្ពុជា​។ ស្ថាប័ន​ ICCAP  ​បាន​ជម្រុញ​ និង​បន្ត​លើក​ទឹក​ចិត្ត​ដល់កម្លាំង​នយោបាយ​នៅ​ក្នុង​ប្រទេស​ណេប៉ាល់​ ឲ្យ​ពិនិត្យ​ និង​រៀន​សូត្រ​ពី​គំរូ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​។​​ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​បញ្ជាក់ថា កម្ពុជា​សព្វ​ថ្ងៃ​ជា​តារាមួយ​របស់​ស្ថាប័ន ICCAP ​។
          យោង​តាម​ប្រសាសន៍​របស់​ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន ​ឲ្យ​ដឹង​ថា គណបក្ស​ធំ​ពីរ​ ដែល​មាន​អសនៈ​ក្នុង​សភា​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ជាអ្នក​ទទួល​រៀប​ចំ​ជួប​ ប្រជុំ​គណៈចិន្ត្រៃយ៍​ ICCAP លើក​ទី​១៦ ក្នុង​គោល​បំណង​ពិនិត្យ​កម្មវិធី​ការងារ​ជា​បន្ត​ រួម​មាន​ការ​ប្រជុំ​គណៈអចិន្ត្រៃយ៍​ ICCAP ជា​បន្ត​បន្ទាប់​ និង​មហា​សន្និបាត ICCAP លើក​ទី​៧ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ក្នុង​ប្រទេស អាហ្សែបៃហ្សង់​ ក៏​ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​យន្ត​ការ​ផ្សេង​ៗ​​របស់​ ICCAP ​ផង​ដែរ​​។​
          ​យន្ត​​ការ​ទាំង​នោះ​មាន​ជា​អាទិ៍​ យន្ត​ការ​​នៃ​ចលនា​យុវជន​ ICCAP និង​យន្ត​ការ​ព័ត៌មាន របស់​ICCAP ដើម្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំពី​សកម្ម​ភាព​របស់​ ICCAP ​។ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍ថា កម្ពុជា​បាន​លើក​សំណើរ​ ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បញ្ជូន​យុវជន​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ ក្នុង​យន្ត​ការ​របស់​យុវជន​ ICCAP ​ជាពិសេស​គឺ​ការ​ចូលរួម​​នៅ​ក្នុង​វេទិកាអន្តរជាតិ​​នានា​របស់យុវជន ICCAP ដើម្បី​រៀន​សូត្រ​ និង​ដក​ពិសោធន៍​ ។
          ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សតវត្ស​ទី​២១ នេះ​ជា​សតវត្ស​អាស៊ី​ ព្រោះ​អា​ស៊ី​មាន​ប្រជាជន​ច្រើន និង​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​។ ដូច្នេះ​ស្ថាប័ន​ ICCAP ​កំពុង​គិតគូរ​អំពី​ការ​បង្កើត​យន្ត​ការ​ ដើម្បី​ដោះ​ស្រាយ​ទំនាស់​នៅ​ក្នុង​តំបន់​អាស៊ី​ ដើម្បី​ឲ្យ​ទ្វីប​អាស៊ីមាន​សុខសន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ពង្រឹង​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត។​ ព្រោះ​បើ​ទ្វី​ប​អាស៊ី​ដោះស្រាយ​ទំនាស់​អស់​ មាន​ស្ថិរភាព​នយោបាយ​ នោះ​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នឹង​កាន់​តែ​មាន​ល្បឿន​លឿនទៅ​មុខ​ ហើយ​សក្តានុពល​នេះ​មិន​ត្រឹម​តែ​ជួយ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​អាស៊ី​ទេ​ គឺ​នឹង​ជួយ​ក្នុង​ការ​អភិវឌ្ឍន៍​ក្នុង​ពិភពលោក​ផង​ដែរ​។ ក្រៅ​ពី​ការ​រៀប​ចំ​យន្ត​ការ​ដើម្បី​ដោះស្រាយ​ទំនាស់​ និង​ពង្រីក​សកម្ម​ភាព​របស់​ខ្លួន​ ជា​មួយ​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ៗ​ ស្ថាប័ន​ ICCAP ​​ក៏​កំពុង​ធ្វើ​ដំណើរ​ការ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ជា​អ្នក​ សង្កេត​ការណ៍​នៅ​គ្រប់​ការ​ប្រជុំ​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ​ ។​
          សម្រាប់​កម្ពុជា​ដែល​ចូល​រួម​ក្នុង​ស្ថាប័ន ICCAP ​ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​តែ​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ប្រកប​គតិបណ្ដិត​របស់​សម្តេច​​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ស្តី ​ពី​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​ឆាក​អន្តរជាតិ​។ ព្រោះ​កន្លង​មក​កម្ពុជា​ធ្លាប់​ទទួល​ការ​ហ៊ុមព័ទ្ធ​​ខាង​​ការទូត ​និង​សេដ្ឋកិច្ច​ ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ តែ​បច្ចុប្បន្ន​កម្ពុជា​យើង​បាន​ជោគជ័យ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ស្ថាប័ន​ អន្តរជាតិ​ធំ​ៗ​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​សកលលោក​។​
          ICCAP ជា​ស្ថាប័ន​គណបក្ស​នយោបាយ​នៅ​អាស៊ី​ដែល​មាន​គណបក្ស​នយោបាយ​មាន​អសនៈ​ក្នុង​ សភា​ចំនួន​ ៣៤៩ គណបក្ស​ មក​ពី​ ៥២ ប្រទេស​ចូលរួម​បង្កើត​៕​


សារថ្វាយព្រះពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ


សារថ្វាយព្រះពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំ​ណាង​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រាជ​ការ​នៃ ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី សូមក្រាប​បង្គំទូល​ថ្វាយ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ


សារថ្វាយព្រះពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាង​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រាជ​ការ​នៃ ទីស្តី​ការគណៈ​រដ្ឋមន្រ្តី សូមក្រាបបង្គំទូល​ថ្វាយ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​បរ​មនាថ នរោត្តម សីហមុនី


សារថ្វាយព្រះពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា