Saturday, November 5, 2011

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​បើ​ក​ការដ្ឋាន​សាង​សង់​ស្ពាន​ជ្រោយ​ចង្វា​ថ្មី​



សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​ឯកឧត្តម ផាន គ័ងស៊ា ឯកអគ្គ​រដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នា​ព្រឹក​ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១១ បាន​រួម​គ្នា​ប្រកាស​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ជ្រោយ​ចង្វា​ថ្មី​​ប្រវែង​ ៧១៩ ម៉ែត្រ​ ឆ្លង​កាត់​ទន្លេ​សាប​​ រាជធានី​ភ្នំពេញ​​ក្នុង​តម្លៃ​​ប្រមាណ​ ២៧.៥ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រាក់​កម្ចី​របស់​សាធារណរដ្ឋ​​ប្រជា​មា​និត​ចិន​។​


សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា ស្ពាន​ជ្រោយ​ចង្វារ​ទី២ នេះ គឺ​ជា​ស្ពាន​មិត្តភាព​កម្ពុជា-ចិន លើក​ទី៥ហើយ។ ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន លើកទី១​ គឺ​ស្ពាន​សេកុង​ស្ថិត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ទី២ ស្ពាន​ព្រែកក្តាម ទី៣ ស្ពាន​ព្រែ​កតាម៉ាក់ ដែល​ស្ពាន​ទាំង​៣​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រួច​រាល់​ហើយ រីឯស្ពានមិត្តភាពកម្ពុជា-ចិន ទី៤ គឺ​ស្ពាន​តាខ្មៅ ដែល​ទើបតែ​បើក​ការដ្ឋាន សាង​សង់​កាល​ពីប៉ុន្មាន​ខែមុន​នេះ ហើយ​ស្ពាន​លើក​ទី៦​អាច​នឹង​កើតមាន នៅ​តាម​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ស្ទឹង​ត្រែង នៅ​ពេល​ដែល​ផ្លូវ​ពី​ខេត្ត​ព្រះវិហារ​ភ្ជាប់​មក​ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន ​សាងសង់។ ស្ពាន​មិត្តភាព​កម្ពុជា-ចិន លើក​ទី៧​អាច​ធ្វើ​ឡើង​នៅ​កោះធំ ឆ្លង​កាត់​ទន្លេ​បាសាក់ ប្រសិន​បើរដ្ឋាភិបាល​ចិន ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ទៀតនោះ។ ​
ជាមួយគ្នា​នេះ​សម្តេចតេជោ​ ក៏​បានមាន​ប្រសាសន៍​ឲ្យដឹង​ផងដែរ​ថា ខណៈ​ដែល​ស្ពាន​ជ្រោយ​ចង្វារ កំពុង​ដំណើរ​ការសាង​សង់​នោះ ក៏​មានកិច្ច​ព្រមព្រៀង​មួយទៀត​ គឺការ​សាងសង់​ផ្លូវ​ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ ទៅ​ផ្លូវ​កែង ដែល​មាន ៤ គន្លង ដោយ​២ គន្លង​ចេញ​ពី​រាជធានី​ភ្នំពេញ និង​ ២ គន្លង​ទៀត​ចូល​រាជធានី​ភ្នំពេញ។
សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​ បានមាន​ប្រសាសន៍​បន្តថា អំឡុង​ពេល​ដែល​សម្តេច​ធ្វើដំណើរ​ទៅ​ចូល​រួម ការតាំង​ពិព័រណ៍ នៅ​ទីក្រុង​ណាននីង ក្នុង​ខេត្តខ្វាង​ស៊ី ប្រទេស​ចិន សម្តេច​បាន​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្រ្តី​ចិន ហើយ​សម្តេច​បាន​ស្នើ​ប្រាក់​កម្ចី៥០០​លានដុល្លារ សម្រាប់​ប្រើប្រាស់​៧​គម្រោង រហូត​ដល់​ឆ្នាំ ២០១២ ហើយ​គម្រោង​សាងសង់​ផ្លូវ​ពីគល់​ស្ពាន​ជ្រោយ​ចង្វារ ទៅ​ផ្លូវ​កែង ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​នេះ​ផងដែរ។ សម្តេចតេជោ​ក៏បានបញ្ជាក់​ថា បើយើង​ទទួល​បាន​ប្រាក់​កម្ចី​នេះ យើង​នឹង​សាង​សង់​ផ្លូវ​បន្ថែម​ពីផ្លូវ​កែង ទៅ​ខេត្ត​សៀមរាប ដែល​មាន​ប្រវែង ២៧៤គីឡូ​ម៉ែត្រ ដោយ​ចំណាយ១៥០លាន​ដុល្លារ​អាមេរិក ហើយ​ផ្លូវ​៤គន្លង​គឺធ្វើ​ពី​ផ្លូវ​កែង​ទៅដល់​ស្គុន តែ​ចាប់​ពីស្គុន​ទៅ​កំពង់ធំ និងខេត្ត​សៀម​រាប ធ្វើ​ត្រឹម ១៤ ម៉ែត្រ​បាន​ហើយ មិន​បាច់​ធ្វើ ៤ គន្លង​នោះទេ។ សម្តេច​​បានមានប្រសាសន៍បន្ថែមថា ជាមួយ​គ្នានេះ​ក៏កំពុង​តែ​ពិភាក្សា​ពី​ការកសាង​ផ្លូវ​ពី​ភ្នំពេញ ទៅ​ព្រែក​ក្តាម។ សម្តេចតេជោ បាន​បញ្ជាក់​ថា គម្រោង​ធ្វើផ្លូវ និងស្ពាន ដែល​ជា​កិច្ចព្រមព្រៀង​រវាងកម្ពុជា-ចិន តែងតែធ្វើឡើងជាបន្តបន្ទាប់ ហើយរួចរាល់មុនការគ្រោងទុក។ ​ការ​កសាង​ផ្លូវ​ស្ពាន​នេះ​សម្តេចក៏​បាន​មាន​ប្រសាសន៍ផងដែរ​ថា គម្រោង​ធ្វើ​ផ្លូវ និងស្ពាន​នេះ ដើម្បី​ងាយស្រួល​សម្រាប់​ក្រុម​បក្សប្រឆាំង ធ្វើ​ដំណើរ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ២០១២ និង​ងាយស្រួល​ក្នុង​ការដើរ​ជេរ​រដ្ឋាភិបាល។
ទាក់ ​ទង​នឹង​​ប្រាក់​កម្ចី​ដែល​កម្ពុជា​​បាន​ខ្ចី​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ ដែល​មាន​ការ​លើក​ឡើង​ខ្លះ​ថា កម្ពុជា​បាន​ខ្ចីប្រាក់​ពីប្រទេស​ចិនអស់​ចំនួន​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​បាន ​ប្រកាស​ឲ្យ​ដឹង​ថា ជំនួយ​ឥតសំណង​កម្ចីឥតការប្រាក់ និង​កម្ចី​សម្បទាន ដែល​កម្ពុជាខ្ចី​ពីប្រទេស​ចិន​មក​​ដល់​ពេលនេះ​មានចំនួន​ជាង ២​ពាន់លាន​ដុលា្លរ​អាមេរិក។​
ឯ ​ប្រាក់​កម្ចីដទៃ​ទៀត សម្តេច​តេជោ​បាន​ឲ្យ​ដឹង​ថា គឺ​ជាកម្ចី​នៃវិស័យ​ឯកជន​ទេ ដូចជា​ការធ្វើ​វារីអគ្គិសនី​​ជាដើម យើង​គ្រាន់តែ​ធានា​គេដូច ជាអគ្គីសនី​យើង​ធានាថា បើ​គេផលិត​ភ្លើងបាន ២០០ មេហ្គាវ៉ាត់​ត្រូវ​ទិញ​របស់​គេ​ឲ្យ​អស់ បើទិញមិន​អស់​ត្រូវសង ហើយ​ធានាខាង​ផ្លូវច្បាប់​បែប​នេះ ហើយ​និងមាន​ការធានា​មួយចំនួន​ទៀត ប៉ុន្តែ​មិនមែន​ធានាហានិភ័យ​ធានា​លើ បញ្ហា​សំណង​នោះទេ។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​បញ្ជាក់ថា នៅ​លើពិភព​លោក​នេះ គ្មាន​ប្រទេស​ណាមួយ​ដែល​គ្មាន​ជាប់ បំណុល​នោះ​ទេ។ ដូច្នេះ​សំណាង​ណាស់​គេអ្នក​ឲ្យ​ខ្ចី គេមិន​ទៅភ័យ​ផង មកភ័យ​អ្នក​​ដែល​​​ទៅខ្ចី​​គេ។​ អ្នក​ឲ្យលុយ​ខ្ចី គួរ​តែចិន ជប៉ុន កូរ៉េ​ខាងត្បូ​ងដែលឲ្យ​លុយ​យើង​ខ្ចីធំៗ គួរ​តែអ្នក​ទាំងនោះ​ទេភ័យៗ​ខ្លាច​យើង​ថ្ងៃ ក្រោយ​គ្មាន​លុយ​សង​គេ មិនគួរ​យើង​ដែល​មាន​លទ្ធភាព គេ​ឲ្យខ្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប ហើយ​យើង​មិន​ព្រមខ្ចី។ សម្តេច​តេជោ​បន្តថា ខ្ញុំសូម​ជម្រាប​គ្រាន់​តែក្រុម​ហ៊ុន​ព្រលាន យន្ត​ហោះ​បារាំង ដែល​កសាង​ព្រលាន​យន្ត​ហោះ ពោចិន​តុងពង្រីកព្រលានយន្តហោះសៀមរាប និងព្រលាន យន្តហោះក្រុងព្រះសីហនុ សុទ្ធតែ​ខ្ចីលុយ​បរទេស ហើយ​ខ្ចីលុយ IFC ទៅ​ទៀត ដើម្បី​មករក​ស៊ី។ ដូច្នេះ​ក្រុមហ៊ុន ចិន គឺ​ជាក្រុមហ៊ុន​ដែល​មាន​សំណាង​ព្រោះ ធនាគារ​ចិនអនុញ្ញាត​ឲ្យក្រុមហ៊ុន​ចិន​បានខ្ចី​ទុនយក​មកធ្វើ​អាជីវកម្ម ក្នុង​ប្រទេស​របស់​យើង ពិសេស​វារី អគ្គិសនី​ដែល​យើង​កំពុង​ខ្វះ គ្រាន់​តែលើ​វារីអគ្គិសនី​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក។
សម្តេចតេជោ​ នាយក​រដ្ឋមន្រ្តី​សង្កត់​ធ្ងន់លើ​បញ្ហា​បំណុល​បរទេស​ថា យើង​មិនមែន​ខ្វះ​ការទទួល​ខុសត្រូវ​អំពី​ការគ្រប់គ្រង​បំ ណុល​នោះ​ទេ មក​ដល់ពេល​នេះ យើង​មាន​អនុបាត​បំណុល​ត្រឹមតែ ២៧,៧ ភាគរយ​បើប្រៀប​ធៀប​អនុបាត​គោល​៤០ ភាគ​រយ នៅ​ពេល​ដែល នាយក​រដ្ឋមន្ត្រី​ថៃអាភីស៊ីត​វីចាជីវ៉ា ប្រកាស​ចេញពី​តំណែង​ផ្សាយ​តាមទូរទស្សន៍​ថា បំណុល​សាធារណៈ​​មាន ៤០​ភាគរយ​នៃ GDP។ យើង​(កម្ពុជា)​ទើបតែ​ជំពាក់គេ ២៨​ភាគរយ(នៃ​GDP) មិន​ទាន់មាន​រឿង​អ្វីដែល​គួរ​ឲ្យខ្វល់​ខ្វាយ​នោះទេ ហើយប្រទេស​ដែល​គេឲ្យ​យើង​ខ្ចីគេ​ដឹង​សមត្ថភាព​របស់​យើង​អាចមាន​លទ្ធភាព​ សងគេ។ ឯ​កម្ចី​ពាណិជ្ជ​កម្ម​ រាជរដ្ឋាភិបាល​អត់ទាន់​ឲ្យខ្ចី​ប្រទេស​ណាមួយ​នោះ​ទេ វិស័យ​ឯកជន​ទេ នៅខ្ចីកម្ចី​ប្រាក់​ពាណិជ្ជកម្ម​ សូម​បញ្ជាក់​អំពី​បញ្ហានេះ។
សម្តេច ​តេជោ​នាយក​រដ្ឋមន្រ្តី​​បាន​មានប្រសាសន៍ឲ្យ​ដឹង​​នៅក្នុង ឱកាស​នោះ​ដែរ​ថា ពេលប្រទេស​កម្ពុជា​កំពុង ស្ថិត​នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏​លំបាក ដែល​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ទឹកជំនន់​យ៉ាង ធ្ងន់ធ្ងរ​នោះ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​យ៉ាងច្រើន រហូតដល់​៥០​លាន​យន់ ក្នុង​ឆ្នាំនេះ យើង អាច​វាយតម្លៃ​បាន​ថា ចិន​ជា​ប្រទេស មហាមិត្ត ជា​បងប្អូន​រួម​សុខទុក្ខ​របស់ កម្ពុជា​។ សម្តេច​តេជោ​ បញ្ជាក់ថា អ្វី ​ដែល​ចិន​បាន​ជួយ​កម្ពុជា​គឺ ស្រប​តាម​សំណូមពរ​និង​សេចក្តីត្រូវការ ចាំបាច់​របស់​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ ស្មុគស្មាញ និង​ទាន់​ពេលវេលា​ដើម្បី​ចូល រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច​។​ សម្រាប់​ជំនួយ​សង្រ្គោះសម្តេច​តេជោ​បាន ​ឲ្យ​ដឹង​ថា​ ជំនួយ​ចិន មាន​ទំហំ​ធំជាងគេ ជិត​ដល់ ១១ លាន​ដុល្លារ​អាមេរិក។ ឯជំនួយ​ពី​ប្រទេស​នានា ដូចជា ថៃ វៀតណាម ឡាវ កូរ៉េ កាកបាទ​ក្រហម​សាំង​ហ្គា​ពួ អាមេរិក បារាំង អូស្ត្រាលី ​និង​អង្គការ​សហប្រជាជាតិ ផ្តល់​ជំនួយ​មក គឺ​ដឹក​យក​ទៅ​ចែក​ភ្លាមៗ ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ ដោយ​ដាច់បាយ​នោះទេ​។​ សម្តេច​តេជោ បានបញ្ជាក់​បន្តថា ប្រជាពលរដ្ឋ​ដែល​ស្លាប់​នៅក្នុង​គ្រោះទឹកជំនន់​ឆ្នាំ​២០១១ មាន​ចំនួន​ជាង ២៥០ នាក់​ហើយ​។ ទឹកជំនន់​ធ្វើឲ្យ​ខូច​ស្រូវវស្សា​ចំនួន​ជាង ២២ សែន​ហិច​តា ដែល​ខូចខាត​ស្រូវ​ជាង ៩% ទៅ ១០% នៃ​ស្រូវ ដែល​ធ្វើបាន​ចំនួន​ជាង ២,៤ លាន​ហិច​តា ប៉ុន្តែ​អ្វី​ដែល​ជា​ការលំបាក​ជា​រៀងរាល់ឆ្នាំ គឺ​ស្រូវប្រដេញទឹក និង​ស្រូវ​បាំង​ធ្វើបាន​ពាក់កណ្តាល​ហើយ តែ​នៅ​ឆ្នាំនេះ ធ្វើ​បាន​តិច​ដោយសារ​ទឹក​ស្រក​យឺត ធ្វើឲ្យ​តំបន់​នៅ​កំពង់ធំ កំពង់ឆ្នាំង សៀមរាប បាត់ដំបង នៅ​លិចលង់​បន្ត​យូរ​។​


សម្តេចតេជោនាយក ​រដ្ឋមន្ត្រី បាន​បញ្ជាក់ឲ្យ​ដឹង​ពី​វិធាន​ការ​សង្គ្រោះ​របស់​រាជរដ្ឋាភិបាល​ថា "​ខ្ញុំ​ព្រះករុណា ពិតជា​មាន​មោទនភាព ដោយ​យន្តការ​ដោះស្រាយ​ឆ្នាំ​នេះ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០០០​។ ឆ្នាំ​២០០០ យើង​ទើបនឹង​បាន​សន្តិភាព ហើយក៏​មិន​នឹកស្មានថា ជំនន់​សហសវត្ស​រ៍ម​ក​ដល់​។ អីចឹង​ទេ យន្ត​ការឆ្លើតប​ពេលនោះ យើង​មាន​ការលំបាក​បន្តិចរ​អាក់រ​អួល ២ អាទិត្យ ទើប​យន្តការ​ដោះស្រាយ​បាន​ចេញ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​បាន​រៀបចំ​យន្តការ​ឆ្លើយតប​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ មហន្តរាយ ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់មូលដ្ឋាន ដែលមាន​នាយករដ្ឋមន្ត្រី ធ្វើជា​ប្រធាន​ជាមួយ​នោះ​ដែរ កាកបាទក្រហមកម្ពុជា ដែល​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌​ក៏​បាន​ធ្វើ​ សមា​ហរណកម្ម​ខ្លួន ជា​មួយ​ជា​អាជ្ញាធរ​ដែនដី​រួម​ទាំង​កងកំលាំងប្រដាប់អាវុធ។ ចំពោះ​អំណោយ​ទឹកជំនន់ ក៏​ត្រូវបាន​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ប្រកាស​ពី​ការ​ចែកចាយ​អំណោយ​ដល់​ ប្រជាពល រដ្ឋ​រងគ្រោះ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ស្នើ​ឲ្យ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ត្រូវ​រួមគ្នា​ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយគណបក្សប្រឆាំង ក៏​មិន​គួរ​រិះគន់ និង​វាយប្រហារ​រដ្ឋាភិបាល​ចំពោះ​ការផ្តល់​ជំនួយ​សង្គ្រោះ​ទឹកជំនន់​នាពេលនេះ ​។
​ឯកឧត្តម​ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន​មានប្រ សាសន៍​ថា គម្រោង​សាងសង់​ស្ពាន ជ្រោយចង្វា​ទី​២ ឆ្លងកាត់​ទន្លេសាប​គឺជា ស្ពាន​ភ្លោះ​ទី​២ បន្ទាប់​ពី​ស្ពាន​ភ្លោះ​ព្រះ មុនី​វង្ស​នៅ​ក្បាលថ្នល់ ។ ស្ពាន​នេះ មាន ប្រវែង​តួ​៧១៩​ម៉ែត្រ​  ក្បាលស្ពាន​ផ្នែក ខាងលិច​ជាប់រង្វល់​មូល​ស្តា​តចាស់ និង ផ្នែក​ខាងកើត​ស្ថិត​ត្រង់​ភូមិ​៣ សង្កាត់ ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ ដែល​គ្រោង ប្រើ​ថវិកា​សរុប​២៧.៥​លាន​ដុល្លា​រអា​មេ រិក​។
ឯកឧត្តម ​ត្រាំ អ៊ីវតឹក បន្តថា ស្ពាន ជ្រោយចង្វា​ថ្មី​នេះ មាន​លក្ខណៈខុស​ពី ស្ពាន​ជ្រោយចង្វា​ចាស់ ត្រង់​ស្ពាន​ថ្មី​ជា ស្ពានបេតុង ហើយ​ស្ពាន​ចាស់​ជា​ស្ពាន ដែក ផ្នែក​កណ្តាល​ស្ពាន​ថ្មី​មាន​សសរ តិច​ជាង​ចំនួន​ស្ពាន​ចាស់​២​សសរ ប៉ុន្តែ ស្ពាន​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ដូចគ្នា​ត្រង់ ផ្នែក​សោភ័ណភាព គម្លាត​ពី​គែម​ស្ពាន ថ្មី​មក​ស្ពាន​ចាស់​ប្រវែង​១២.៧១​ម៉ែត្រ​។​តួ​ស្ពាន​មាន​ទទឹង​១៣.៥​ម៉ែត្រ មាន​គន្លង ផ្លូវ​២​សម្រាប់​រថយន្ត គន្លង​នីមួយៗ​មាន ទទឹង​៣.៥​ម៉ែត្រ គន្លង​ផ្លូវ​២​សម្រាប់ ទោចក្រយានយន្ត​មាន​ទទឹង​១.៩​ម៉ែត្រ និង​គន្លង​សម្រាប់​អ្នក​ថ្មើរជើង​មាន​ទទឹង ១.៤​ម៉ែត្រ​។ 

បទអត្ថាធិប្បាយ ​អត្ថន័យដ៏ឧត្តុង្គឧត្តម នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​ធំ​បី​នៅកម្ពុជា​


            ព្រះ​រាជ​ពិធី​បុណ្យដ៏​អឹកអធឹក​ចំ​នួន​បី​បាន​កើត​មាន​ឡើង​ព្រម​គ្នា នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​​រៀប​ចំ​​​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​គឺបានបង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​ត្រចះ​ត្រចង់ បង្ហាញ​ពី​ភាព​សុខដុមរមនា​របស់​ប្រជាពល​រដ្ឋកម្ពុជា​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ការ​ឯកភាព​ជាតិ​ ទឹក​ដី​ ក៏​ដូច​ជា​ ការ​គោរព​តាម​យ៉ាង​ត្រឹម​ត្រូវ​នូវ​របបរាជានិយម​អាស្រ័យ​ធម្ម​នុញ្ញ ដែល​មាន​ព្រះ​មហាក្សត្រគ្រង​រាជសម្បត្តិ​។
ព្រះ ​រាជ​ពិធី​បុណ្យដ៏​ធំទាំង​បី ​បាន​ចាប់ផ្តើមប្រារព្ធ​ធ្វើ​ឡើង​​តាំងពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ ២០១១​មកម្លេះ ​ដែល​មាន​ការ​​រៀប​ចំ​ភ្លឺចំ​រុះ​ពណ៌​នៅ​តាម​ដង​វិថី​តូច​ធំ​នា​នា ​ការ​បាញ់​កាំ​ជ្រួច​អប​អរយ៉ាង​​កង​​រំ​ពង​ ជាពិ​​សេស វត្តមាន​នៃ​ការ​ចូល​រួមថ្វាយ​ព្រះ​សព្វ​សារ​ធុការពរពី​សំ​ណាក់​​ថ្នាក់​ដឹក​ នាំ​នៃ​រាជ​រដ្ឋា​ភិបាល​​​ជា​ច្រើន​រូបនោះ ​គឺ​ព្រះ​​​រាជ​ពិធី​បុណ្យ​គម្រប់​ខួប​ព្រះ​ជន្មវស្សា៨៩ យាងចូល​៩០ ព្រះ​វស្សា ពី​ធី​បុណ្យ​​ខួបគម្រប់២០ឆ្នាំ​នៃ​ការ​​យាង​និវត្តន៍មកកាន់មាតុភូមិរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះមហាវីរៈក្សត្រ ព្រះវររាជ​បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រមទាំងព្រះ​រាជ​ពិធី​បុណ្យ​ខួបគម្រប់៧​ឆ្នាំនៃការ​គ្រប់គ្រង​រាជសម្បត្តិ​ របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។
នៅ ​ក្រោម​បរិយាកាសដ៏មហានក្ខត្តឬក្ស នៃ​ការ​បាន​ឃើញ​ព្រះ​វត្តមាន​របស់​អតី​តព្រះ​មហា​ក្សត្រ និង​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ គង់​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង គឺជាសក្ខីភាពក​តញ្ញូដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​ របស់រាជ​រដ្ឋាភិបាល​ ឆ្លើយ​តប​ទៅ​នឹង​គុណូបក្ការគុណ​របស់​​ព្រះករុណា​ ព្រះបាទបរមនាថនរោត្តមសីហមុនី ព្រះ​មហាក្សត្រប្រកបដោយទសពិធរាជធម៍ និងព្រះបាទនរោត្តមសីហនុ ព្រះវររាជបិតា បង្រួបបង្រួមជាតិ ក៏​ជា​ឱកាសមួយ​ ដើម្បីផ្តល់​លទ្ធ​ភាព​ បាន​ទូលថ្វាយអំពីសមិទ្ធផលដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ក្រោ​មការ​ដឹកនាំ របស់រាជរដ្ឋាភិបាល ក្នុង​​​រយៈ​ពេល​២០មក​នេះផង​ដែរ។​
ការ ​រក្សាបាន​នូវ​របបរាជា​និយម​អាស្រ័យ​ធម្ម​នុញ្ញ​ គឺបាន​កើត​មាន​ឡើងដោយ​ការ​​លះបង់ខ្ពស់​បំផុតរបស់​សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បច្ចុប្ប​ន្ន ជាមួយ​អតី​តព្រះ​មហាក្សត្រកម្ពុជា​ គឺ​សម្តេច​ព្រះ​នរោត្តម​ សី​ហនុ​​ សម្តេចឪ សម្តេចតា សម្តេច​តាទួតនៃ​យើង​ទាំង​អស់​គ្នា​ ដើម្បី​ការ​ចង់​បាន​សន្តិភាព និងការបង្រួបបង្រួមជាតិ ទើប​រួម​គ្នាបង្កើត​ជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង​បាន​យាងសម្តេចឪ សម្តេចតា ចូលស្រុកវិញ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ១៩៩១ ឱ្យ​គង់​ធ្វើ​ជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា និង​រៀប​ចំ​ឲ្យមានការ​បោះ​ឆ្នោតនៅឆ្នាំ១៩៩៣ ដោយ​អ៊ុន​តាក់​ ដែល​ក្រោយ​មក​បង្កើត​បាន​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​សន្តិ​ភាព​នោះ​មិន​បាន​ផ្តល់​នូវ​ភាព​សុខសាន្ត​ដល់​​ប្រជាពល​ រដ្ឋទាំង​ស្រុង​នោះ​ទេ​ គឺ​កើត​មាន​ឡើង​ក្រោម​នយោបាយ​ឈ្នះ​‑ឈ្នះ​ របស់​សម្តេច​ ហ៊ុន ​សែន នៅ​ចុង​ឆ្នាំ ១៩៩៨​ តែ​ប៉ុណ្ណោះ​។
          ទោះបីរាជរដ្ឋាភិបាលបានគោរពត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញរបស់​ខ្លួន ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញ​សហប្រជាជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ដើម្បីពង្រឹង​នីតិរដ្ឋ និង​នូវ​បានប្រើ​ឧបករណ៍​ច្បាប់ជាច្រើន​ទៀត​ ដើម្បី​កិច្ចការពារ​អធិប​តេយ្យ​បូរណ​ភាពទឹក​ដី​ និងផល​ប្រយោជន៍​ជាតិខ្មែរ យ៉ាង​ណា​ក៏​ដោយ ក៏ពួកក្រុមគណបក្សប្រឆាំង នៅ​កម្ពុជា​ និងអង្គការ​មិន​មែន​រដ្ឋាភិបាលមួយចំ​នួន​តូច តែងតែលើក​ឡើង​ដដែល ជាដដែល នូវការចោទប្រកាន់គ្មានមូលដ្ឋាន ទម្លាក់​កំហុស​លើរាជ​រដ្ឋាភិបាល ដើម្បីយក​ប្រៀប​ខាងនយោបាយ និង​ខ្វះមនសិការជាតិ​ចាប់​រហូត​មក​។ ប៉ុន្តែ​ ការពិត​ រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​មេស្ថាបនិក​ ក្នុង​​ការ​​បង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស  ជាពិសេស បង្កើត​ឱ្យមាននូវអង្គ​ជំ​នុំ​ជម្រះ​វិសាម​ញ្ញ​តុលាការ​កម្ពុជា ដែល​គាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសថ្នាក់ដឹក​នាំកំពូលៗ​នៃរបបខ្មែរក្រ​ហម​។ តុលាការនេះ បាន​និង​កំ​ពុង​ឆ្ពោះ​ទៅ​មុខក្នុង​ទិសដៅ​ជោគ​ជ័យ​ និងបាន​នាំមក​នូវ​យុត្តិ​ធម៌​ដល់​ពល​រដ្ឋគ្រប់​រូប​ដែល​​ជាជន​រងគ្រោះ​ក្នុង ​របបនោះ​។
          ដូច្នេះ​ សន្តិ​ភាព​ដែល​មាន​នាពេល​បច្ចុប្បន្ន​ គឺពិត​ជាកើត​ចេញ​ពីការ​រួម​ចំ​ណែក​ដ៏​ធំ​របស់​ព្រះ​មហាវី​រក្សត្រ​កម្ពុជា​ ដែល​មិន​អាច​ខ្វះ​បាន ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ប្រកាន់​ខ្ជាប់​តាម​រដ្ឋធម្ម​នុញ្ញ និង​បាន​រៀប​ចំ​​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ខួបរបស់​ព្រះ​មហាវីរក្ស​ត្រ​    និង​ព្រះ​រាជ​ពិធី​បុណ្យ​គ្រង​រាជ​សម្បត្តិ ​នៃ​ព្រះ​មហា​​ក្ស​ត្រ ​គឺ​ជាសារមួយ​​បង្ហាញ​ប្រាប់​ពិភព​លោក​ថា​ កម្ពុជា​កំ​ពុង​រស់​នៅ​ជាមួយ​នឹងសុខ​សន្តិ​ភាព​ដ៏​ពេញ​បរិបូរណ៍​ ហើ​យ​ ​កំ​ពុង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ​ ការ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចី​រភាព​៕ ​
ដោយ ទិត សារុនរ៉េត (ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា)
ថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១១


បទវិចារណកថា ​ដំណើរការ​នៃ​សាលា​ក្តី​​កាត់​​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​​បាន​ទទួល​​ការ​​កោត​​សរសើរពី​​​បណ្តា​ប្រ​ទេស​​នានា


អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( ​អ.វ.ត.ក) បានបង្កើត​ឡើង​ដោយមាន​កិច្ចខិត​ខំ​​ប្រឹង​​ប្រែង​ និង​​ការ​ប្តេជ្ញា​​ចិត្តខ្ពស់របស់​រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ​ដើម្បីការ​កាត់ទោស​មេដឹក​នាំ​ខ្មែរ​ក្រហមដែល​ទទួល​ខុសត្រូវ​ខ្ពស់បំ​ផុត​ និងមេដឹកនាំខ្មែរក្រហម​ដែលមានឋានៈខ្ពស់ ដែល​បាន​ធ្វើ​សកម្ម​ភាព​កាប់​សម្លាប់​ប្រជាពល​រដ្ឋខ្មែរគ្នាឯង​ នៅ​ចន្លោះ​ថ្ងៃ​ទី១៧ខែមេសាឆ្នាំ១៩៧២ដល់​ថ្ងៃទី​៦ខែមករាឆ្នាំ​១៩៧៩។ ហេតុដូចនេះ​ទើបមានកិច្ចព្រម​ព្រៀង​នេះ​ឡើង​ដែលត្រូវ​បាន​​សម្រេច​នៅ​ក្នុង​ មហា​សន្និ​បាតអង្គ​កា​រ​​​​សហ​ប្រជាតិ  ចុះ​​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០០២ ។
          ដំណើរការរបស់​អ.វ.ត.ក ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាពិសេស​បណ្តាញ​សារ​​​ព័ត៌​​មាន​​ក្នុង និង​ក្រៅ​ប្រទេស​បានផ្សព្វផ្សាយពាសពេញពិភពលោកសម្រាប់​ជាសារជូន​ដល់​អ្នក​​ ជំនាន់ក្រោយឲ្យ​​​មាន​​​ការ​​ចៀសវាង និងកុំយកគំរូតាមរបបដ៏​ព្រៃ​ផ្សៃ កាប់សម្លាប់មនុស្សជាតិបែប​នេះ​ ។
          ថ្មីៗនេះមានតំណាងប្រតិភូមកពីប្រទេសអូទ្រីស បានមកទស្សនាក្នុងអ.វ.ត.ក ដែលមាន​សមាស​ភាព​ប្រមាណ៥០រូបក្នុងចំណោមអ្នកទាំងនោះ រួមមាន អ្នកច្បាប់ មេធាវី អង្គចៅក្រម ព្រះរាជអាជ្ញា ជាដើម   បាន​​​​វាយតំលៃខ្ពស់អំពី​ជោគ​ជ័យ​របស់​កម្ពុជា​ក្នុង​ដំ​ណើរការ​នីតិវិធី​ ក្នុង​សំ​នុំ​រឿង​០០១ដែល​បាន​បញ្ចប់ទៅ​​​ និង​ការ​បើក​សវនាការ​សំ​នុំ​រឿង​​០០២ នាចុង​ខែខាង​មុខ។ ដែលគណៈប្រតិភូ​ទាំង​នោះ​គេបាន​ពេញ​ចិត្ត នឹង​លទ្ធ​ផល​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ​ក្នុង​ របបនោះ​។
          ជោគ​ជ័យ​​លេចធ្លោរ ដ៏សំ​ខាន់​ៗរបស់​ អ.វ.ត.ក ត្រូវ​បាន​បញ្ជាក់​តាម​រយៈ៖
 . ការ​ចំណាយថវិការ​តិច បើប្រៀប​ធៀបនឹង​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិនានា
.ការអនុវត្តកិច្ចការនិង​អនុម័តវិធានការ​​ផ្ទៃក្នុងដោយ​ល្បឿនលឿន​​​ដោយ​ប្រើរយៈពេល​មិន​ដល់​មួយឆ្នាំផង។
.តុលាការខ្មែរក្រហមបានចាប់ខ្លួនជនសង្ស័យចំនួន​៥រូប​ប្រព្រឹត្ត​ដោយ​រលូន​ និង​ឆាប់រហ័ស​ដោយ​គ្មានការគេចខ្លួន ដោយរយៈពេលត្រឹម៤ខែប៉ុណ្ណោះ។
.អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានអនុញ្ញាតឲ្យមានការចូលរួម​​របស់ជនរងគ្រោះដោយ​ ផ្ទាល់ក្នុងដំណើរការជំនុំជម្រះក្តីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។នេះគឺជាការវិវឌ្ឍន៍​ឈាន​ទៅមុខគេ របស់ អ...ក ក្នុងចំណោមតុលាការព្រហ្មទណ្ឌអន្តរជាតិនានាហើយការចូលរួមរបស់ដើមបណ្តឹង​​​​រដ្ឋប្បវេណី​នេះ អាច​​នឹងក្លាយជាយុទ្ធ​សាស្រ្តនា​ពេល​អនាគត​សម្រាប់​​តុលាការដទៃទៀត។ ​
.មានការចូលរួម និងគាំទ្រដ៏ច្រើនលើសលប់ពីសាធារណជន។ រហូតមកដល់ឆ្នាំ២០១១នេះ ប្រជាជនជិត ១០ម៉ឺននាក់ ហើយដែលបានចូលរួមក្នុងដំណើរទស្សនកិច្ច និងចូលទស្សនាដោយផ្ទាល់ នៅអ...ក។
....ក   ធ្វើការជំនុំជម្រះក្តីលើជន​ជាប់ចោទ ៤​រូប ជាអតីតមេដឹក​នាំជាន់​ខ្ពស់​នៃ​របប​មួយ​  តាំង​ពី
ប្រមុខ​រដ្ឋ​ ប្រធានសភា ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស រដ្ឋមន្ត្រី​ក្រ​សួង​​សង្គម​កិច្ច ក្នុងសំ​ណុំរឿង០០២។ 
.... នឹងបន្សល់ទុកនូវកេរ្តិ៍តំណែលដ៏ល្អសម្រាប់ប្រព័ន្ធតុលាការជាតិចាប់តាំងពីរដ្ឋបាលរហូត​ដល់គ្រប់​នីតិវិធីតុលាការ។
          បើយោង​តាម​សេចក្តី​ប្រកាសព័ត៌មានក្រោយ​ជំ​នួប​រវាង ឯក​ឧត្តម​​​​ឧប​នា​យករដ្ឋមន្រ្តី​ សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែល​បាន​​ជួបពិភាក្សា​ជាមួយ​​​ លោកជំទាវ​ Patricia O’Brien អគ្គ​លេខាធិការរង​​អង្គការ​សហប្រជាជាតិទទួលបន្ទុក​កិច្ចការ​ច្បាប់​ និង​ជា​អ្នកប្រឹក្សា​ផ្នែក​​ច្បាប់ ​ស្តីពី​ការ​​វិវត្តន៍ថ្មី​ៗ​របស់​​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​ តុលាការ​កម្ពុជា​(...)​ភាគីទាំង​ពីរ​​​បាន​បញ្ជាក់​សារជា​ថ្មី​​នូវ​ការ​គាំទ្រ​យ៉ាង​​មុត​​មាំ​ចំពោះ​កិច្ច​ការ​របស់​ ...និងបាន ​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់​​ជំនួយ ព្រម​ទាំង​​​មាន​មោទនភាព​ចំពោះ​​​​ជោគ​ជ័យ​​ដែល​​តុលាការ​នេះ​ទទួលបាន​រហូត​ មក​ដល់បច្ចុប្បន្ន​​ ក្នុង​នោះ​​​​​រួមមាន​ ការ​ចូល​រួម​គាំទ្រ​ដ៏ច្រើន​លើ​សលុប​​ពី​សាធារណជន។ ភាគី​ទាំងពីរ​បាន​ផ្តោត​សារៈសំខាន់​ផងដែរ​​​លើ​​សំណុំ​រឿង​០០២ ​ដែល​​ជា​សំណុំ​រឿង​មួយដ៏​សំខាន់​បំផុត​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​តុលាការ​ យុត្តិធម៌​អន្តរជាតិ​ ដោយ​​បាន​នាំ​មក​កាត់​ទោស​នូវមេដឹក​នាំ​ជាន់​ខ្ពស់​​​​​​នៃ​របប​​ប្រល័យ​ពូជ ​សាសន៍​ ដែល​នៅ​រស់​រានមាន​ជីវិត។
ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ សុខ អាន​ បាន​មាន​ប្រសាសន៍​ ដោយ​សង្កត់​ធ្ងន់​អំពី​ភាព​ចាំ​បាច់​របស់​អ្នក​ធ្វើ​ការ​សម្រេច​ចិត្តនៃភាគី ​ទាំងពីរ​ ដើម្បី​បំពេញ​​​​​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ ការ​រំខាន​ពី ការ​បំប៉ោងព័ត៌មាន​ ការ​ដាក់​គំនាប​ និង​ការ​ជ្រៀត​​​ជ្រែក​ដ៏​ខ្លាំង​ពី​សំណាក់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ពី​សំណាក់​ភាគី​ខាង​ក្រៅ​ដទៃៗទៀត​។
ឯកឧត្តម​ឧប​នាយក​រដ្ឋមន្រ្តី សុខ អាន  និងលោកជំទាវ​ Patricia O’Brien ក៏​​​បាន​ស្វាគមន៍ផង​ដែរ​នូវ​​សាលដីកាស្ថាពរ​នៃ​សំណុំ​រឿង​០០១ ដែល​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ និង​សេចក្តី​ប្រកាស​ស្តី​ពី​ដំណើរការ​សវនការ​លើ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​ ០០២​​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ហើយ​ភាគី​ទាំង​ពីរ​​ក៏បាន​សំដែង​នូវ​​ឆន្ទៈ​​ឱ្យ​ដំណើរ​ការ​​តុលាការ​បន្ត​ ទៅ​មុខ​​​​ យ៉ាង​ឆាប់​រហ័ស​ និង​ដោយ​រលូន​ ។
ជំ​នួប​នេះ​ គឺ​បាន​បង្ហាញយ៉ាង​ច្បាស់ អំ​ពី​ការ​យកចិត្តទុកដាក់ខ្ពស់​ទៅលើអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយ​រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ស្រប​ពេលដំ​ណើរការរបស់ ...កំពុងតែឆ្ពោះ​ទៅ​មុខ ដោយរលូន ដែលជាការចង់​ឃើញរបស់​ប្រទេស​កម្ពុជា និង​ អង្គការ​សហប្រជាជាតិ​​ស្រប​តាម​កិច្ច​ព្រមព្រៀង​ ដែល​បាន​សំ​ដែង​នូវ​កង្វល់​អំ​ពី​គោល​ការណ៍​សន្តិ​ភាព​ ការផ្សះផ្សា និងបង្រួបបង្រួមជាតិ និង​ដើម្បី​ ​ស្ថេរភាព ចៀសវាងនូវ​សង្រ្គាម​ស៊ីវិល​បន្ត​ទៀត។  
ជារួម ដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បាន និងកំពុងតែទទួលនូវការគាំទ្រ​​នៅ​លើឆាក​អន្តរជាតិ ដោយសារតែភាពជោគជ័យនៃដំណើរការសំណុំរឿង ០០១​ និង០០២ ថ្មី​ៗនេះ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​គោល​បំណង​​​​​​​ត្រៀមរៀប​ចំបង្កើតជាសារៈ​មន្ទី​រហាយនភាព​ (International Holocaust) អន្តរជាតិហើយនឹង​ប្រមូ​ល​​​​ចងក្រង​​ឯកសារឧក្រិ​​ដក​ម្មនានាមក​ រក្សាទុកដើម្បីសិក្សាអប់រំដល់​យុវវ័យជំនាន់​ក្រោយ​មិនចំពោះ​យុវវ័​យ​​​ កម្ពុជា​ប៉ុណ្ណោះ​ទេ គឺចង់អប់រំដល់យុវវ័យជំនាន់លើពិភពលោក ឲ្យបានដឹង និង​ត្រូវ​តែ​ចៀស​វាង​នូវទង្វើ​មហន្ត​រាយទាំងនេះ មិន​អនុញ្ញាត​ឱ្យ​កើតមានឡើងសារជាថ្មីម្តង​ទៀត​បាន​ឡើយ​៕

 រួម ជាតិ

បទអត្ថាធិប្បាយ ប្រសិនបើ គ្មានថ្ងៃ ៧មករា ក៏គ្មានអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាដែរ


ការលាលែងរបស់លោក ស៊ីកហ្វ្រិដ ប្ល៊ង់ សហចៅក្រមស៊ើបអង្កេតអន្ដរជាតិ កាលពីថ្ងៃទី០៩ ខែតុលា កន្លងទៅ បាន​ក្លាយ​ជាលេសដដែលៗរបស់ក្រុមប្រឆាំងមួយចំនួននៅក្នុងប្រទេស និងជនអគតិអន្ដរជាតិមួយចំនួន ដែលថារដ្ឋាភិបាល កម្ពុជាបានជ្រៀតជ្រែកចូលទៅកិច្ចការរបស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា។ អង្គជំ​នុំជំ​រះ​វិសាម​ញ្ញ​ក្នុង​តុ​លាការ​កម្ពុជា​ ជាតុលាការកូនកាត់​មួយដែលត្រូវបានបង្កើត​ឡើងដោយមានកិច្ច​សហប្រ​តិបត្ដិ​ការ​ ជាមួយ​អង្គការ​សហ​ប្រ​ជា​ជាតិ។
ដើម្បីរក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខឱ្យបានគង់វង្ស ប្រជាជនកម្ពុជាអាចមើលឃើញថា ការ ដំណើការលើសំណុំរឿង០០១ និង០០២ មានសារៈសំខាន់ ដែលអាចត្រូវបានដាក់​ទណ្ឌកម្មសំរាប់ការ​ទទួលខុសត្រូវ​ពីបទ​ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់មេដឹកនាំកំពូល និងជាអ្នកដែលទទួលខុស​ត្រូវខ្ពស់បំផុត​នៃរបបកម្ពុជាប្រជា​ធិបតេយ្យ ដែលត្រូវបានប្រព្រឹត្ដិនៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយម្យ៉ាងទៀតក៏ជាការ ឆ្លើយតបទៅ នឹង​ការ​អនុវត្ដ​នូវ​នីតិ​រដ្ឋ ដើម្បី លុបបំបាត់ចោលនូវវប្បធម៍គ្មានទោសនៅកម្ពុជាផងដែរ។ ចំពោះសំណុំរឿង០០១ ដែលត្រូវ​បានដំ​ណើរការ​ក្ដីដោយអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានមជ្ឈដ្ឋានអន្ដរជាតិបានចាត់ទុកថា ជាកំណត់ត្រា​ជាប្រវត្ដិ​សាស្ដ្រ និងជាតុលាការគំរូមួយ ដែលកម្ពុជាសម្រេចបាននូវឯតទគ្គកម្មដែលមិនធ្លាប់មានពីមុនមក ហើយ​ដោយ​បាន​ទទួលការគាំទ្រពីមជ្ឍដ្ឋានជាតិ និងអន្ដរជាតិ ក្នុងលក្ខខណ្ឌមួួយដែលសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខ ត្រូវបា​ន​ធានា និងការពារយ៉ាងរឹងមាំ ដើម្បីបង្កឱ្យមាន បរិស្ថានសំរាប់ការកសាង និងការអភិវឌ្ឍជាតិមាតុភូមិ។ តើហេតុ​ដូចម្ដេច​ទើបតែនៅពេលនេះមាន ក្រុមប្រឆាំងអគតិមួយចំនួន លើកឡើងនូវករណី​ជុំវិញការកាត់​ទោស​មេដឹក​នាំខ្មែរ​ក្រហម​ និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ យកមកធ្វើ​ជាបញ្ហាដើ​ម្បីវាយ​ប្រហារ​មកលើរ​ដ្ឋាភិបាលកម្ពុជាដោយអយុត្ដិធម៌ និងគ្មានមូលដ្ឋានយ៉ាងដូច្នេះ?
តើអ្នកបានដឹងដែរឬទេ នៅពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅស្ថានភាពដូចគុកឥតជញ្ជាំង ត្រូវបានគេបង្ខំឱ្យ ធ្វើការងារលើសកំលាំង និងគ្មានចំណីអាហារ ហើយរងចាំអង្គការហៅយកទៅសម្លាប់​ចោលក្នុងពេលណា​មួយមិនច្បាស់លាស់​ នោះពេលនោះគ្មានអ្នកណាម្នាក់មិនថា នៅក្នុងស្រុក ឬក្រៅស្រុកបាននិយាយអំពីសិទ្ធី សេរីភាព កិត្ដិយស និងសេ​ចក្ដីថ្លៃថ្នូរ របស់មនុស្ស ឬនីតិរដ្ឋ? វាច្បាស់ណាស់ថា សិទ្ធិ សេរីភាព និងយុត្ដិធម៌ ត្រូវបានរំដោះយក​ជូនជាតិ​មាតុភូមិ និងប្រជាជន កម្ពុជាវិញនៅថ្ងៃប្រាំពីរមករា ឆ្នាំ១៩៧៩ ដោយគុណូបក្ការៈនៃការធ្វើពលីជីវិតនៃយុទ្ធជន យុទ្ធនារីនៃរណៈសិរ្សសាមគ្គីរំជាតិ កម្ពុជារបស់យើង។ 
សមិទ្ធផលថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ ប្រាកដជាបានផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសំរាប់ជាតិខ្មែរទាំងមូល ដែលបាន ងើបឡើងពីបាតដៃទទេ ហើយឥឡូវ ប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់រូប បានខិតខំកសាង ខ្លួនឯងដោយការ ពង្រឹង និងការអនុវត្ដនីតិរដ្ឋជាបណ្ដើៗ ក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ព្រម​ជាមួយ​គ្នានឹងការបន្ដអនុវត្ដ នយោបាយបង្រួបបង្រួមជាតិ ពិសេស សន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខ​ពេញ​លេញ ដែលកម្ពុជាសម្រេចបាន នៅដើម ឆ្នាំ១៩៩៩ គឺជាមូលដ្ឋានគ្រឺះដ៏រឹងមាំដើម្បីធា​នាឱ្យបាននូវ​ការអភិវឌ្ឍ​ និង​សេច​ក្ដីសុខ​ដុមរមនារបស់ជាតិមាតុភូមិ និងប្រជាជន កម្ពុជា។ ហើយប្រជាជនកម្ពុជា​គ្រប់រូបត្រូវមាន​កាតព្វកិច្ច ថែរ​ក្សា​ការពារសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះឱ្យបានគត់មត់បំផុត។
វាប្រាកដណាស់ដែលយើងត្រូវចងចាំថាថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ គឺជាមូលដ្ឋានគ្រឹះនៃការចរចារសន្ដិភាព ហើយ​ក៏ជា​មូល​ដ្ឋាននៃការផ្សះផ្សាជាតិ និងការបង្រួបង្រួមជាតិខ្មែរក្នុងឆ្នាំ១៩៩១ ដែលសម្រេចបាននូវការបង្កើតឱ្យមាន រដ្ឋធម្មនុញ្ញដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោត។ វាជាភ័ព្វសំណាង​ណាស់របស់​ប្រជា​ជន​ កម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍បានដឹកនាំ និងបង្រួប​បង្រួម​ជាតិ​ខ្មែរ គ្រប់និន្នាការទាំងអស់ឱ្យបានវិលត្រឡប់ចូលមករួមរស់ក្នុងសង្គមគ្រួសារតែមួយ ក្នុងស្មារតី ឯកភាពជាតិ ទាំងទឹកដី និង រដ្ឋបាលដ៏រឹងមាំនៅទូទាំងប្រទេស ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ក្នុងផ្នត់ គំនិតមួយរបស់ប្រជាជនកម្ពុជា ដែលថាគ្មាន អ្នកឈ្នះស៊ីដាច់ម្នាក់ឯង (ឍរៀ-្សុម Game) ក្នុងដើមឆ្នាំ១៩៩៩។
នៅពេលដែលសន្ដិភាព ស្ថិរភាព និងសន្ដិសុខនៅទូទាំងប្រទេសត្រូវបានធានានោះ ការអនុវត្ដនីតិរដ្ឋ ក៏បាននិង កំពុងចាក់គ្រឺះ ដើម្បីធានាការពារសិទ្ធិ សេរីភាពបុគ្គុល ហើយវប្បធម៌គ្មានទោសក៏ត្រូវបានលុបចោល ក្នុងស្មារតីដើម្បី ការពារនីតិរដ្ឋ និងសណ្ដាប់ធ្នាប់សង្គមផងដែរ។
ហេតុដូច្នេះហើយ គេគ្រប់គ្នាក៏ មានការចងចាំមិនភ្លេចនូវបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលត្រូវបានប្រព្រឹត្ដ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥-១៩៧៩ ហេតុដូច្នេះហើយ រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាខ្លាំងក្លាក្នុងការនាំ យកមេដឹកនាំខ្មែរក្រហមកំពូល និងអ្នកទទួលខុសត្រូវខ្ពស់បំផុតដើម្បីកាត់ទោស និងនាំយកយុត្ដិធម៌ ជូនប្រជាជនរងគ្រោះ រាប់លាននាក់ដែលត្រូវបានកាប់សម្លាប់។
ដូច្នេះហើយ នៅក្នុងឆ្នាំ១៩៩៧ រដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពីអង្គការសហប្រជាជាតិ ដើម្បីនាំយកមេដឹកនាំ ខ្មែរក្រហមទៅកាត់ទោសដោយឈរលើគោលការណ៍ជាមូលដ្ឋាន នៃកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរដ្ឋា ភិបាលកម្ពុជា។  ក្នុងឆ្នាំ២០០៣ រដ្ឋសភានៃប្រទេសកម្ពុជាបានអនុម័តច្បាប់ ស្ដីពីការបង្កើតឱ្យមានអង្គ ជំនុំ​ជំរះ​វិសាម​ញ្ញ​បូក ជាមួយ​ច្បាប់វិសោធនកម្ម ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៣ និងព្រះរាជ​ក្រម​ប្រកាសឱ្យប្រើច្បាប់ ស្ដីពីការអនុម័តលើកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៤ ទាក់ទងនឹងការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែល ប្រ​ព្រឹត្ដិ​នៅក្នុង​រយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ឆ្លងកាត់រយៈពេលជាង៥ឆ្នាំ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបង្ហាញនូវសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយ តបទៅនឹងសេចក្ដីត្រូវការសំរាប់ការទទួលខុសត្រូវចំពោះប្រជាជនកម្ពុជា ពិសេស ការអនុវត្ដនីតិរដ្ឋ ដើម្បីឈានទៅដល់ការ លុបចោលនូវវប្បធម៌គ្មានទោសនៅកម្ពុជា។ មជ្ឈដ្ឋានអន្ដរជាតិជាច្រើនបានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ សមត្ថភាពនៃអង្គជំនុំជម្រះវិសា​មញ្ញក្នុងតុលាការ​កម្ពុជាថាជាគំរូអន្ដរ​ ជាតិមួយដែល​បានដំណើរ​ការសំណុំេរឿងលេខ០០១
អាស្រ័យដោយការប្រើប្រាសពេលវេលាខ្លី ថវិកាតិច ប្រសិនបើប្រៀបធៀបជាមួយតុលាការអន្ដរជាតិដទៃទៀត ព្រមជា មួយគ្នានោះក៏បានធានានូវសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខ ពេញលេញក្នុងប្រទេសផងដែរ  ហើយប្រាកដណាស់ នឹងដំណើរការសំណុំរឿងលេខ០០២ នាពេលខាងមុខដ៏ខ្លីនេះ។
ជាក់ស្ដៃងថ្មីៗនេះ ចៅក្រម និងរដ្ឋអាជ្ញានៃប្រទេសអូទ្រីសចំនួន៥២រូប បានមកសិក្សាអំពីគំរូនៃអង្គជំនុំជំរៈ វិសាមញ្ញក្នុងតុលាការកម្ពុជា។ 
រាជរដ្ឋាភិបាលជប៉ុនថ្មីៗនេះ បានសរសើរដល់ដំណើការរបស់អង្គជំនុំជំរះក្នុងតុលាការកម្ពុជា ហើយក៏បានសន្យា ផ្ដល់ថវិកាដើម្បីកសាងបណ្ណាល័យរក្សាទុកឯកសាររបស់អង្គជំនុំជំរះក្នុងតុលាការកម្ពុជា សំរាប់ទុកឱ្យអ្នកសិក្សា​ស្រាវ​ជ្រាវ​ ជំនាន់ក្រោយៗ ធ្វើការសិក្សាទៅអនាគតផងដែរ។ ហើយសូម្បីអតីត​អគ្គរដ្ឋទូត​បារាំងប្រចាំនៅ​កម្ពុជា ក៏បាន​និយាយ​ថា ប្រទេសលីប៊៉ីគួរគប្បីយកគំរូនៃប្រព័ន្ធយុត្ដិធម៌របស់កម្ពុជាក្នុង​ ការវិនិច្ឆ័យ​រឿងក្ដី។
សរុបសេចក្ដីមក គុណូបក្ការៈនៃថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ គឺជាមូលដ្ឋាននៃការបង្រួបបង្រួមជាតិឈាន សម្រេច បាននូវរដ្ឋធម្មនុញ្ញប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឈ សុភមង្គល និងសុខុមរមនា របស់​ជាតិ​មាតុ​ភូមិ​ និងប្រជាជនកម្ពុជាគ្រប់រូប។ ដូច្នេះហើយ ប្រសិនបើគ្មានថ្ងៃ ០៧ មករាទេ ក៏គ្មានអង្គជុំនុំជរះ​វិសា​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ឡើយ ហើយសមិទ្ធផលទាំងអស់នេះត្រូវតែបាន​ទទួលបាននូវការការពារ​ឱ្យបានគង់វង្ស និងគត់​មត់​ជារៀង​រហូត​ទៅ។
ដោយ ឡុង សុគុណ