Wednesday, November 9, 2011

ក្រុម​ហ៊ុន AEON មក​ពី​ប្រទេស​ជប៉ុន​មាន​គម្រោង បើក​មជ្ឈ​មណ្ឌល​លក់​ទំនិញ​នៅ​កម្ពុជា


សម្តេចអគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន​ បាន​ស្វាគមន៍​ចំពោះ​គម្រោង​បើក​មជ្ឈមណ្ឌល​លក់​ទំនិញ​ របស់​ក្រុមហ៊ុន ​AEON ​ដែល​ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន​ ដោយសម្តេច​​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា ​ការ​គិតគូរ​របស់ ​ក្រុមហ៊ុន​នេះ ​គឺ​ត្រឹមត្រូវ​តាម​និន្នាការ​របស់​កម្ពុជា​ ដែល​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​នឹង​ផ្តល់​អនុសាសន៍​ដល់​ការ​វិនិយោគ ​នេះ​។


ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​បាន​ឲ្យ​ដឹង​ថា នៅពេល​​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ព្រឹក​​ថ្ងៃទី ៨ ខែ​វិច្ឆិកា ឆ្នាំ ២០១១​លោក SOICHI OKAZAKI នាយក​ក្រុមហ៊ុន AEON មាន​ថ្លែងថា ក្រុមហ៊ុន AEON ជា​ក្រុមហ៊ុន​លំដាប់​លេខ​១ នៅ​ប្រទេស​ជប៉ុន និង ជាប់​លំដាប់ថ្នាក់​លេខ ១០ ឬ ១១ នៅលើ​ពិភពលោក ដែលមាន​មជ្ឈ​មណ្ឌល​ធ្វើ​អាជីវកម្ម​លើ​ទំនិញ។លោកនាយក​ក្រុមហ៊ុន ថ្លែងថា ក្រុមហ៊ុន AEON ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​ឥឡូវនេះ​ក៏​កំពុង តែ​ពង្រីក​អាជីវកម្ម​ទៅលើ​វិស័យ​អចលនៈវត្ថុ ហិរញ្ញវត្ថុ និង វិស័យ​សេវាកម្មផ្សេងៗទៀតផង​ដែរ។ 

លោក SOICHI OKAZAKI មានប្រសាសន៍ថា គោលដៅ​សំខាន់​របស់​ក្រុមហ៊ុន AEON គឺ​ធ្វើ​អាជីវកម្ម​លក់រាយ​នៅក្នុង​ប្រទេស ដែលមាន​សន្តិភាព ហើយ​នៅពេល នេះ​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​មក​ធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម នៅក្នុង​កម្ពុជា​ដោយ​ផ្តោត​ក្តី​សង្ឃឹមថា នឹង បាន​ចូលរួមចំណែក​ដល់​វិស័យ​អាជីវកម្ម​លក់រាយ​នៅក្នុង​កម្ពុជា​ឲ្យ​មានការ​ រីកលូតលាស់ ក៏ដូចជា​ការ ចូលរួមចំណែក​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។​

លោក SOICHI OKAZAKI ថ្លែងថា ការបើក MALL AEON នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន មាន​សង្ឃឹមថានឹង​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ​ពី ១៥០០ នាក់​ទៅ ២៥០០ នាក់ និង មានសង្ឃឹម​ផងដែរ​ថា ក្រុមហ៊ុន AEON នេះ​នឹង​ជួយ​លើកស្ទួយ​កសិផល និង ផលិតផល​កម្ពុជា​តាមរយៈ​ការ​លក់រាយ​ក្នុង MALL AEON នេះ និង MALL AEON ដទៃទៀត​នៅក្នុង​អាស៊ាន​នោះ។ លោក​នាយក​ក្រុមហ៊ុន​ថ្លែងថា​ ផែនការអាជីវកម្មរ​បស់​ក្រុមហ៊ុន ​AEON រហូតដល់​ឆ្នាំ ២០២០ គឺមាន​ទឹកប្រាក់​ចំនួន​ប្រមាណ ៦ លាន​ដុល្លារ​អាមេរិក ហើយ​ជំហាន​ដំបូង​ក្រុមហ៊ុន​នឹង​បង្កើត​មជ្ឈមណ្ឌល​លក់ទំនិញ  នៅក្នុង​រាជធានី​ភ្នំពេញ និង ពង្រីក​ទៅ​ទី​រួម​ខេត្តផ្សេងៗទៀត​។ លោក SOICHI OKAZAKI បានបញ្ជាក់ ថា ក្រុមហ៊ុន​របស់លោក​បាន​ទិញ​ដីរួចហើយៗការសាងសង់​នឹង​ចាប់ផ្តើម និង ត្រូវ​បញ្ចប់​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ ២០១៤ ​ខាងមុខនេះ។

យោងតាម ​លោកនាយក​ក្រុមហ៊ុន AEON ឲ្យ​ដឹងថា ក្រុមហ៊ុន AEON វត្តមាន​នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៨ ហើយ​បាន​ជួយ​កម្ពុជា​ក្នុង​ការផលិត​អវៈយវៈ​សិប្ប​និមិត្ត​នៅ​ខេត្ត​បាត់ ដំបង ជួយ​កសាង​សាលារៀន​ចំនួន ១៤៩ ខ្នង សាងសង់​សារៈមន្ទី​រស​ម្តេច​ព្រះ សីហនុ នៅ​ខេត្ត​សៀម រាប ហើ់យ​នៅ​ខែធ្នូ​ខាងមុខនេះ ក្រុមហ៊ុន​មាន​គម្រោង​កសាង​សាលារៀន​ម​ន្ថែ​ម​មួយ​ខ្នង​ទៀត ដើម្បីគម្រប់​សាលា​រៀន​ចំនួន ១៥០ ខ្នង​តែម្តង៕