Monday, November 14, 2011

Press Release of Ministry of Foreign Affairs and International Cooperation


សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ


សុន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ផ្ហូវ​ជាតិ លេខ ៣ ពីភ្នំពេញ ចោមចៅ ដល់​ទីរួម​ខេត្ដ​កំពត






សម្តេចតេជោនាយករដ្ឋមន្រ្តីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិមិត្តភាពកម្ពុជា-កូរ៉េ





កំណាត់ផ្លូវ ​ជាតិ​លេខ ៣ ពី​ចោមចៅ​រាជធានី​ភ្នំពេញ​ ទៅកាន់​ទីរួមខេត្ត​កំពត ដែល​កសាង​ឡើង​ដោយ​​ឥណទាន​កំចី​របស់​សាធារណ រដ្ឋកូរ៉េ ត្រូវ​​បាន​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវ​ការ​ហើយ​នៅ​ថ្ងៃទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បំផុត​របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន  និង​ឯកឧតត្តម ចាង ហូជីន(Jang Ho Jin) ឯកអគ្គរដ្ឋទូត នៃសាធារណ​រដ្ឋកូរ៉េប្រចាំ​នៅកម្ពុជា ហើយ​ត្រូវបាន​ប្រសិទ្ធ​នាមថា ជាផ្លូវមិត្តភាព​កម្ពុជា​-កូរ៉េ ដូច​គ្នានឹង​ចំណែកផ្លូវ​ជាតិ​លេខ ៣ ពី​ត្រពាំងរពៅ មកដល់​ទីរួម​ខេត្តកំពត​ផងដែរ។​


សម្តចតេជោនា​យករដ្ឋមន្រ្តី​មានប្រសាសន៍ឲ្យ ​ដឹងអំពី​ផល​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ហិរញ្ញប្ប​ទាន​បរទេស​ ក្នុងពិធីសម្ពោធ​ថា គំរោង​ទាំងបួន ដែលប្រើ​ប្រាស់​ដោយ​ហិរញ្ញ​ប្ប​ទាន​របស់សាធារ​ណ​រដ្ឋ​កូរ៉េ និង បី​គំរោង​ទៀត ដែល​ប្រើប្រាស់​ហិរញ្ញប្ប​ទានរបស់​ធនា​គារ​​អភិវឌ្ឍន៏​​អាស៊ី និង ជំនួយឥត​សំណង​របស់​ប្រទេស​អូស្ត្រាលី ដែល​​​​កំពុងតែបើក​ការដ្ឋាននេះ​ គឺ​​សុទ្ធ​តែ​ជា​ហេដ្ឋា​រចនាសម្ពន្ធយុទ្ធសាស្រ្ត​ក្នុងនោះ​សំណង់​​ ប៉ុស្តិ៍ត្រួតពិនិត្យការ​ឆ្លងកាត់ព្រំ​ដែន គឺជា​ការ​ជួយ លើកកំពស់ប្រសិទ្ធភាពភាព​ និង ផាសុខភាព ក្នុង​​ការឆ្លង​កាត់​ព្រំដែន ហើយ​ការធ្វើឲ្យ​ប្រសើរ​ឡើងកំណាត់​ផ្លូវជាតិ​លេខ ៣ ពីទីរួមខេត្ត​កំពត​ដល់​វាល​រេញគឺ​ជាការ​ធ្វើឲ្យ​បណ្តាញ​ផ្លូវ​តភ្ជាប់​ទៅនឹង ​ផ្លូវជាតិ លេខ ៤ ឆ្ពោះ ទៅកាន់​កំពង់ផែ​សមុទ្រទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សី​ហនុ មាន​ភាពប្រទាក់​ក្រឡា​បំពេញ​សក្តានុ​ពល​ឲ្យ​គ្នា ទៅ​វិញ​ទៅ​មក ក្នុងតួនា​ទី​ជា​ច្រក​របៀង​សមុទ្រស្រប​ទៅនឹងការយកចិត្ត​ទុក​ដាក់របស់​សហគមន៏ អន្តរ​ជាតិ ជា​ពិ​សេស​ ប្រទេសក្នុង​មហា​​អនុតំបន់​មេគង្គ និង កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា វៀតណាម​។ សម្តេច​តេជោ​បាន ​បញ្ជាក់​ថា ដោយ​សារ​តែ​បណ្តាញ​​ផ្លូវ​ទាំង​នេះ ​ដែលមិន​ត្រឹម​តែបំរើ​ឲ្យ​ចរាចរណ៍ដឹក​ជញ្ជូនតភ្ជាប់​ពីរាជធានីភ្នំពេញ និង​ ពីតំបន់​ដទៃ​នៃប្រទេស​កម្ពុជា ​ទៅ​កាន់កំពង់​ផែសមុទ្រប៉ុណ្ណោះទេ​គឺថែមទាំងបានបំពេញ​តួនាទី​ជាផ្លូវ ​វាង​រំដោះ​ការ​កក​ស្ទះ​​ចរាចរណ៏ ដែល​រាជរដ្ឋាភិបាល​កម្ពុជាកំពុង​តែខិតខំ​ដោះ​ស្រាយ ​ដើម្បី​កាត់​​បន្ថយ​គ្រោះ ថ្នាក់ចរាចរណ៏ ដែល​បណ្តាលឲ្យមានពិការ​ភាព និង បាត់បង់​ជីវិត​មនុស្សព្រម​ទាំង​​បាត់បង់​ទ្រព្យ​​សម្បត្តិ​រដ្ឋ និង​ ទ្រព្យ​សម្បត្តិ​ឯកជនជាច្រើននោះ ។

សម្តេចតេជោ ថ្លែងឲ្យ ​ដឹង​អំពី​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​​ដែល​ទទួល​បាន​ពី​ផ្លូវ​ជាតិ​នេះ​ថា ជារួម​ផ្លូវ​ជាតិ​លេខ ៣ និង ​បណ្តាញផ្លូវ​ដែល​បែក​​ចេញពីផ្លូវ​ជាតិលេខ ៣ នេះ គឺជា មធ្យោបាយ ដែល​អាច​ជួយ​សំរួល​យ៉ាង​ធំធេង​​ដល់ការ​ផ្លាស់​ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម​លើគ្រប់​វិស័យ និង ទេសចរណ៏​​តាមច្រក​របៀង​សមុទ្រ​ខាងត្បូង​ឈាងខាងលិច​ឆ្ពោះ​​ទៅ​ប្រទេស​ថៃ និង ពី​តំបន់​របៀង​ឆ្នេរ​នេះ ទៅ​កាន់​រាជធានី​ភ្នំពេញ និង ទៅកាន់​ប្រទេស​​វៀត​ណាម ឡាវ តាមផ្លូវ​គោកដោយងាយស្រួល ហើយ​ឆាប់រហ័ស និង មានតម្លៃទាប​ផង​ដែរ ។ ដូចនេះ​ហើយ ​ទើបដៃ​គូអភិវឌ្ឍន៏​បាន​កំណត់​ថា ជា​ចំណែក​​មួយ នៃ​អនុ​របៀង​សេដ្ឋ​កិច្ច មាត់​សមុទ្រភាគ ខាង ត្បូង​របស់​មហា​អនុតំបន់​មេគង្គ ដែល​ត​ភា្ជប់​បណ្តាញ​ផ្លូវ​អាស៊ាន​លេខ​ ១២៣ ពី​ប្រទេស​ថៃ​មក​ប្រទេស កម្ពុជា​តាមរយៈ​ផ្លូវជាតិ​លេខ​ ៤៨ ដោយ​ឆ្លង​កាត់​ផ្លូវជាតិ​លេខ ៤ និង ផ្លូវជាតិ​លេខ ​៣ ត្រង់​ចំណុច​ផ្លូវ បំបែក វាលរេញ ហើយ​បន្ត​ហួស​​ទៅប្រទេស​វៀតណាម​តាម​ផ្លូវ​ជាតិលេខ ៣៣ ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ព្រែក​ចាក (កំពត) សាសៀរ (ហាទៀង) និង ​តាម​ផ្លូវជាតិ​លេខ ២ តាម​ច្រកភ្នំដិន​ ដែលអាច​ជួយ​ជំរុញ​សន្ទុះ នៃការធ្វើ​សមាហរ​ណ​កម្មរបស់​កម្ពុជា ​​ទៅ​ក្នុង​តំបន់លើ​គ្រប់​វិស័យ ដែល​អាច​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សំរេច​ជោគជ័យ​លើ​គោល​​ដៅនៃ​កម្មវិធី​លើក​កំពស់កំណើន​សេដ្ឋ​កិច្ច​ជាតិ និង ជីវិភាព​ប្រជាពល​រដ្ឋ ឲ្យ​ប្រសើរ​ទ្បើង​ជា​លំដាប់ ។


សម្តេចតេជោ ថ្លែង​បន្តឲ្យ​ដឹង​​ថា ការសម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ៣ និង​ការ​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​បន្ថែម​ទៀត គឺ​ជាលទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​កម្រិត​កំពូល​រវាង​ប្រមុខរដ្ឋាភិបាល​ កម្ពុជា និង​ប្រធានា​ធិបតី របស់​សាធរណ​រដ្ឋ​កូរ៉េ ទាំង​អតីត​ប្រធានាធិបតី គឹម ដេ យ្យុង និង​ប្រធានធិបតី​បច្ចុប្បន្ន លី ម្យុងបាក់ ដែល​សុទ្ធ​តែបាន​គាំទ្រ​នូវគម្រោង​ទាំងឡាយ​របស់កម្ពុជា​។

ឯកឧត្តម ចាង ហូជីន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅកម្ពុជា​ថ្លែង​ថា រដ្ឋាភិបាល និង ប្រជាជន​សាធារណរដ្ឋ​កូរ៉េ​មានសេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដោយ​បានចូល​ រួម​ចំណែក​នៅ ក្នុង ឱកាស​នេះ ដើម្បី​គម្រោង​កែ​លម្អ​នូវ​ហេដ្ឋា​រចនា​ស័ម្ពន្ធ​របស់​ប្រទេស​មួយនេះ។ ឯកឧត្តម ចាង ហូជីន មាន​ប្រសាសន៍​ថា ខ្ញុំសូម​សំដែង​នូវការដឹង​គុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ចំពោះ ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ក្លា​ដល់ការអនុវត្ត​ប្រកបដោយ​សុវត្ថិភាព​យ៉ាង​ រឹងមាំ នូវចំណង​មិត្តភាព និង កិច្ចសហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរនោះ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង ដឹកជញ្ជូន​ថ្លែងថា ការចំណាយ​ថវិកា​សរុប សម្រាប់​ការសាង​សង់​កំណាត់​ផ្លូវជាតិ​លេខ ៣ ប្រវែង ១៣៤,៨០គម ពី​ចោមចៅ​ដល់​ទីរួមខេត្ត​កំពត​មាន ប្រមាណ ៤១,៥ លាន​ដុល្លារអាមេរិក ក្នុងនោះ​កំចីឥណទាន​ពីរដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ចំនួន ៣៦,៩ លាន​ដុល្លារ​អាមេរិក និង ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៤,៦ លានដុល្លារ​អាមេរិក​ដោយ ប្រើប្រាស់​រយៈ​ពេលសាង​សង់​ចំនួន ៣៦ ខែគិត​ចាប់ពី​ថ្ងៃទី ០២ ខែ​មិថុនា ឆ្នាំ ២០០៨ និងបាន​បញ្ចប់ រួច រាល់​កាល​ពីថ្ងៃទី ០១ ខែ​មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ​តាម​ពេល​វេលា​កំណត់។
ឯកឧត្តម ​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការដ្ឋាន​ផ្លូវជាតិ​លេខ​៣១,៣៣,១១៧ និងផ្លូវវាង​ទីរួម​ខេត្ត​កំពត មាន​ប្រវែង​សរុប ១០៦គីឡូម៉ែត្រ​ ដែល​បានបើក​ការដ្ឋាន​នេះនឹង​ត្រូវ​ចំណាយ​ថវិកា​​សរុប​ប្រមាណ ៣៥,៣ លាន ដុល្លារ​អាមេរិក ក្នុង​នោះថវិកា​កម្ចីឥណទាន​ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េចំនួន ៣០ លានដុល្លារ អាមេ រិក និង ថវិកាបដិភាគ​រាជរដ្ឋាភិបាល​កម្ពុជាចំនួន ៥,៣ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់ចំនួន ៣០ ខែ គិតចាប់ពីថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០១១ រហូត​ដល់ខែម​ករា ឆ្នាំ ២០១៤ ខាងមុខ។ 




ចំណែក ​គម្រោង​ធ្វើឱ្យប្រសើរ​ឡើងវិញ​ផ្លូវជាតិលេខ ៣៣ ពីកំពង់​ត្រាច​ដល់​ព្រំដែន​កម្ពុជា-វៀត ណាម​ប្រវែង ១៥,៨៤គ.ម និង​គម្រោងឯ​ទៀតៗ​នឹងត្រូវ​ចំណាយ​ថវិកា​សរុប ១៨,៧០ លានដុល្លារ​អាមេរិក ក្នុង​នោះ​ថវិកា  បដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជាចំនួន ១,១ លាន​ដុល្លាអាមេរិក ត្រូវ​ប្រើរយៈពេល​សាង សង់​ចំនួន ១៨ ខែ គិត​ចាប់ពី​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១១ រហូត​ដល់ចុង​ខែធ្នូ ឆ្នាំ២០១២ ។

សូម ​បញ្ជាក់ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវជាតិ​មិត្តភាព​កម្ពុជា-កូរ៉េ​ ក៏​មាន​ការ​ប្រកាស​បើក​ការ​ដ្ឋាន​នាពេល​​ជាមួយ​គ្នា​នោះ​ដែរ​​រួមមាន​គម្រោង ​កែលម្អផ្លូវចំនួន ៦ គម្រោងមាន​ប្រវែង​សរុប​​ ១០៦ គ.ម ដែល បួនគម្រោង​ត្រូវ​​បានអនុវត្ត​ក្រោម​ឥណទាន​កម្ចី​របស់​សាធារណ​រដ្ឋកូរ៉េ គឺ​(១) ផ្លូវជាតិលេខ ៣១ ចាប់​ពីបែក គូស ដល់​កំពង់​ត្រាច (២) ផ្លូវ​ជាតិលេខ ៣៣ ចាប់ពី​កំពង់​ត្រាច ដល់​ទីរួម​ខេត្ត​កំពត (៣) ផ្លូវ​ខេត្ត​លេខ ១១៧ ចាប់ពី​អង្គ​សុភី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ ៣១​ ដល់​តន់​​ហន់​(ព្រំដែនកម្ពុជា-វៀតណាម)​ និង (៤) ផ្លូវ វាង​ទីរួម​ខេត្ត កំពត ចាប់​ពីឃុំ​ជុំគ្រៀល​ បំបែក​​​ផ្លូវ​ជាតិ​លេខ ៣៣ ដល់ឃុំ​កំពង់​គ្រែង ចំណុច​បំបែក​ផ្លូវជាតិ​លេខ ៣ និង ​បី គម្រោងទៀត​អនុវត្ត​ក្រោម​​ឥណ​ទាន​កម្ចីរបស់​ធនាគារ​អភិវឌ្ឍន៏អាស៊ី និង​ ជំនួយ​ឥតសំណង​របស់​ប្រទេស​អូស្ត្រា​លី គឺ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ទ្បើងវិញផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពង់ត្រាច​ដល់​ព្រំដែន​កម្ពុជា-វៀតណាម គម្រោង​​​សាង​សង់ប៉ុស្តិ៍​ព្រំដែន ​កម្ពុជា-វៀតណាម ព្រែកចាក (កំពត) សាសៀរ (ហាទៀង)​ និង​គម្រោង​ថែ​ទំា​ផ្លូវ​ជាតិលេខ ៣ ពីទី​រួមខេត្ត​កំពតដល់​វាលរេញ ។

តាមរយៈ ​ឯក​អគ្គ​រដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ជំនួយ​សរុបរបស់​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្តល់​ដល់កម្ពុជា​តាមរយៈ​កំចីឥណទាន​សម្រាប់​ការអភិវឌ្ឍន៍​ សេដ្ឋកិច្ច នឹង​កើន​ឡើង​ចំនួន ៣៤០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ។


បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថាន ពលរដ្ឋវិជ្ជា​ជាមួយទូរទស្សន៍បាយ័ន ស្តី​ពី​ ​គំនិត​ទុច្ចរិត​របស់​គណបក្ស​ សម រង្ស៊ី ក្នុង​ការ​បំផ្លាញ​កិច្ច​ប្រជុំ​សភា​




 ថ្ងៃទី ១៤ ខែ វិច្ឆិកា​ ​ ឆ្នាំ២០១១

លោក សត្យា រក្ស
          រឿង​ដែល​យើង​ចង់​បង្ហាញ​ជន​រួម​ជាតិ​សម្រាប់​ធ្វើ​ការពិចារណា​​ និង​ស្វែងយល់​ឲ្យ​បាន​ច្បាស់​អំពី​ចរិត​ទុច្ចរិត​របស់​គណបក្ស​ សម រង្ស៊ី ​ ដោយ​ហេតុ​ថា អ្វី​ដែល​គណបក្ស​ សម រង្ស៊ី បាន​ធ្វើ​និង​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ននេះ​ គឺ​គេ​បាន​ប្រមូល​ក្រុម​អ្នក​នយោបាយ​របស់​គេ​ហ្នឹង​ ដើម្បី​ពិភាក្សា​និង​ជជែក​គ្នា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សភា​ជាតិ​របស់​យើង​មាន​ការ​រាំង​ស្ទះ ​ក្រោយ​​ដែល​​សម្រាក​វិសមកាល​អស់​រយៈ​ពេល​​ ៣ ខែ​មក​នេះ​ ហើយ​តាម​ប្រតិទិន​គឺ​យើង​ឃើញ​ថា សភា​នឹង​ចាប់​ផ្តើម​ប្រជុំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​​ អ្វី​ដែល​សំខាន់​នោះ​គឺ​ ក្នុង​នោះ​ក៏​មាន​ការ​ជជែក​ទាក់ទង​ទៅ​នឹង​ច្បាប់ថវិកា​ជាតិ​ ដើម្បី​រាជរដ្ឋាភិបាល​មាន​ឱ​កាស​ក្នុងការ​យក​ថវិកាទាំង​អស់​នេះ​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ក្រោយ​គ្រោះ​ទឹក​ជំនន់​ ក៏​ដូច​ជា​ជួយ​ទៅ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ខូច​ខាត​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នេះ​ផង​ដែរ​។ អញ្ចឹង​គោល​បំណង​​ដ៏​ទុច្ចរិត​របស់​គណបក្ស​ប្រឆាំង​ គឺ ទី១ គេ​នឹង​មិន​ចូលរួម​ប្រជុំ​ ហើយ​ទី​២ គេ​មាន​ចេតនា​នៅ​ក្នុង​ការ​ ​ឲ្យ​សមាជិក​របស់​ខ្លួន​លាលែង​ចេញ​ពី​តំណែង​​មួយ​ចំនួន​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សមាជិក​សភា​នៅ​ក្នុង​ការ​ប្រជុំ​ គឺ​មិន​គ្រប់​ ១២០ ។ នេះ​ជា​ចំណុច​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ទុច្ច​រិត​របស់​គណបក្ស​ សម រង្ស៊ី ដោយ​គេ​សំអាង​លើ​មាត្រា ៧៦ យក​មក​ប្រើ​ប្រាស់។​​ អញ្ចឹង​ជា​ការ​បំភ្លឺ​ទៅ​ដល់​ជន​រួម​ជាតិ​ ចំពោះ​មាយាទ​ទុច្ចរិត​របស់​របស់​គណបក្ស​ សម រង្ស៊ី នេះ​ កម្ម​វិធី​របស់​យើង​បាន​អញ្ជើញ​​លោក បណ្ឌិត​ ឈឹម ផលវរុណ ដើម្បី​បំភ្លឺ​ជុំ​វិញ​បញ្ហា​នេះ​។​

សំណួរ៖ តើ​មាត្រា ៧៦ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ អាច​ធ្វើ​ឲ្យ​សម រង្ស៊ី សម្រេច​នូវ​បំណង​ទុច្ចរិត​របស់​ខ្លួន​​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​សភា​រាំង​ស្ទះ​បាន​ទេ​ លោក​បណ្ឌិត ?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  មុន​នឹង​​ដឹងអំពី​​នយោបាយ​ទុច្ច​​រិត​​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជានេះ​ ​មាន​ចរិត​ពិត​ប្រាកដ​ក្នុងការ​ទប់​ស្កាត់​បំផ្លាញ​ការ​ប្រជុំ​របស់​សភា​ជា​ប្រក្រតី​ដែល​យើង​ធ្លាប់​មាន​ជា​​បន្តបន្ទាប់​ហ្នឹង ដំបូង​បំផុត​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យល់​ ថា តើ​មាត្រា ៧៦ មាន​ន័យ​យ៉ាង​ដូច​ម្តេច​?​ ហើយ​ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រឆាំង​នៅ​តែ​​​យក​គំនិត​បញ្ច្រាស់​ជើង​របស់​ខ្លួន​ ដោយ​ប្រើ​មា​​ត្រា​​ ៧៦ ដើម្បី​បំផ្លាញ​សភា​ហ្នឹង​។​ ខ្ញុំ​ចង់​រំលឹក​ថា កាលកន្លង​ទៅ​ប៉ុន្នាន​ឆ្នាំ​មុន គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​បក​ស្រាយ​ទៅ​តាម​សំណើរបស់​គណបក្ស​ប្រឆាំង​ទៅ​លើ​​អត្ថន័យ​​នៃ​មា​ត្រា ៧៦ របស់​រដ្ឋធម្មនុញ្ញ​ម្តង​រួច​ទៅ​ហើយ។​ ប៉ុន្តែ​មាយាទ​របស់​គណបក្ស​ប្រឆាំង​ នេះ​នៅ​តែ​ឆ្លៀត​ឱ​កាស​ គេ​ហៅ​ថា ធ្វើ​នយោបាយ​បញ្ច្រាស់​ជើង ប្រើ​មាត្រា​ ៧៦ ដើម្បី​បំផ្លាញ​តទៅ​ទៀត ដោយមិន​គោរពទៅនឹង​ស្មារតី​ពិត អត្ថន័យ​ពិត​ នៃ​ការ​បក​ស្រាយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ ឥឡូវ​ខ្ញុំ​ឆ្លៀត​ឱកាស​ហ្នឹង​​ គឺ​ឆ្លើយ​ទៅ​​សំណួរ​របស់​លោក សត្យា រក្ស ចង់​ពន្យល់​ប្រជាពលរដ្ឋ​​ឲ្យ​យល់​ ពី​ខ្លឹម​សារ​មាត្រា​ ៧៦ សិន ហើយ​និង​មាត្រា ផ្សេង​ៗ​ទៀត​របស់​រដ្ឋ​ធម្មនុញ្ញ ថា​តើ​ជា​ឧបករណ៍​សម្រាប់​ឲ្យ​គណបក្ស​ប្រឆាំង​បំផ្លាញ​សភា ឬ ក៏​មាត្រា ៧៦ ជា​ឧបករណ៍​សម្រាប់​​ឲ្យ​គណបក្ស​ប្រឆាំង​គោរព​ និង​ចូល​រួម​ធ្វើ​អោយ​​​សភា​ដំណើរ​ការ​។ ​នៅ​ក្នុង​មាត្រា​ ៧៦ នៃ​រដ្ឋធម្មនុញ្ញ​ នៅ​វាក្យ​ខ័ណ្ឌទី១ ចែង​ថា រដ្ឋ​សភា​មាន​សមាជិក​ជាតំណាង​រាស្រ្ត​យ៉ាង​តិច​ ១២០ រូប ។ នៅវាក្យ​ខ័ណ្ឌទី២​ មាត្រា ៧៦ ដដែល​បាន​ចែង​ថា តំណាង​រាស្រ្ត​​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ជា​សកល​ ដោយ​សេរី​ និង​ស្មើ​ភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់​ ហើយ នៅវាក្យ​ខ័ណ្ឌ​ទី ៥ បាន​ចែង​ថា អង្គការ​រៀប​ចំការ​បោះ​ឆ្នោត​ បែប​បទ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​កំណត់​ក្នុង​ច្បាប់​បោះ​ឆ្នោត។​វាក្យ​ខ័ណ្ឌទាំង ៣ ហ្នឹង ទី១ ទី២ និង​ទី៥ នៃ​មាត្រា​៧៦ ដែល​ខ្ញុំ​បាន​រៀប​រាប់​ហ្នឹង​តើ​មាន​ន័យ​យ៉ាង​ម៉េច?​ គឺ​មាន​ន័យ​ថា ការ​បង្កើត​រដ្ឋ​សភា​សម្រាប់​នីតិកាល​នីមួយ​ៗ គឺ​ត្រូវ​ផ្អែក​លើ​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្រ្ត ។ សមាជិក​សភា​សម្រាប់​នីតិកាល​នីមួយ​ៗ​ត្រូវ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើ​ភាព​ ហើយ​និង​​បែប​សម្ងាត់​នេះ​ឯង​ អញ្ចឹង​គ្មាន​សមាជិក​សភាព​ណា​ដែល​កើត​ចេញ​ក្រៅ​ពី​​ការ​បោះ​ឆ្នោត​ទេ​។ ឥឡូវ​បើ​យើង​និយាយ​ត្រឹម​តែ​នីតិ​វិធី​បែប​បទ​ គឺ​ថា​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ ចុះ​ត្រូវ​ជ្រើស​រើស​​យក​អ្នក​តំណាង​រាស្រ្ត​ប៉ុន្មាន​អ្នក​ រដ្ឋ​ធម្មនុញ្ញ​បាន​កំណត់​ច្បាស់​ទៀត​ ​។ ​តំណាង​រាស្រ្ត​ ដើម្បី​ឲ្យ​បំពេញ​តួនាទី​ជា​សមាជិក​សភា​​ ​​សម្រាប់​នីតិកាល​នីមួយៗ​ យ៉ាង​តិច​បំផុត​ ១២០ រូប​ បាន​ន័យ​ថា បើ​ជ្រើស​រើស​តំណាង​រាស្រ្ត​ក្រោម​ ១២០​ រូប​គឺ​អត់​បាន​ទេ​។​ បាន​ន័យ​ថា រដ្ឋ​សភា​របស់​កម្ពុជា​ សម្រាប់​​នីតិកាល​នីមួយ​ៗ ត្រូវមាន​សមាជិក​យ៉ាង​តិច​ ១២០ រូប ។​តើ​ចំណុច​នេះ​មាន​ន័យ​យ៉ាង​ម៉េច? ​គឺ​បើ​យើង​ភ្ជាប់​ទៅ​នឹង​មាត្រា​មួយ​ទៀត​ ដើម្បី​ឲ្យ​សភា​ដែល​ជាប់​ឆ្នោត​ហើយ អាច​ដំណើរ​ការ​ដោយ​ខ្លួន​មាន​សមាសភាព​សមាជិក​របស់​ខ្លួន​ ១២០ រូប​ហ្នឹង តើ​មាន​អត្ថន័យ​យ៉ាង​ម៉េច​ក្នុង​ស្មារតី​រដ្ឋធម្មនុញ្ញ​។​ ខ្ញុំ​ភ្ជាប់​ជា​មួយ​នឹង​មាត្រា ៨២ នៃ​រដ្ឋ​ធម្មនុញ្ញ​ជា​ពិសេស​នៅ​ក្នុង​វាក្យ​ខ័ណ្ឌ​មួយ បាន​ចែង​ច្បាស់​ណាស់​ រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​​ដំបូង ៦០ ថ្ងៃយ៉ា​ង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត មិន​មែន​ក្រោយ​ពេល​វិសមកាល​ទេ​​ ។ បាន​ន័យ​ថា សភា​ដែល​ទើប​តែ​ជាប់​ឆ្នោត​ បោះ​ឆ្នោត​ហើយ​ ៦០ ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ត្រូវ​បើក​សម័យ​ប្រជុំ​ដំបូង​ ប៉ុន្តែ​ដោយ​សារ​សភា​ទើប​តែ​ជាប់​ឆ្នោត​ ដូច្នេះ​ការ​បើក​សម័យ​ប្រជុំ​ដំបូង​ ត្រូវ​ធ្វើ​ឡើង​មាន​ចែង​នៅ​ក្នុងវាក្យ​ខ័ណ្ឌ​​១ ​មាត្រា ​៨២ ដដែល​ តាម​ការ​កោះ​អញ្ចើញ​ ឬ​កោះ​ប្រជុំ​ពី​ព្រះ​មហាក្សត្រ។​​ ចំណុច​នេះ​ចែង​ច្បាស់​ណាស់​។​ អញ្ចឹង​នៅ​ពេល​ដែល​យើង​ភ្ជាប់​មាត្រា ៧៦ វាក្យ​ខ័ណ្ឌ​​១ វាក្យ​ខ័ណ្ឌ​២ វាក្យ​ខ័ណ្ឌ​​៥ បូក​នឹង​មាត្រា​ ៨២ វាក្យ​ខ័ណ្ឌ​១​ នៃ​រដ្ឋ​ធម្មនុញ្ញ​ថា​តើ​ន័យ​ទាំង​អស់​ហ្នឹង​មាន​សេច​ក្តី​ថាម៉េច​ មាន​ន័យ​ថា រដ្ឋសភា​ដែល​ទើប​តែ​ជាប់​ឆ្នោត​ ឬ ក៏​ដែល​ត្រូវ​ទើប​តែ​បាន​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ហើយ យើង​លើក​ឧទាហរដូច​សភា​ឆ្នាំ ២០០៨ កន្លង​ទៅ​គឺ​នីតិកាល​ទី ៤ គឺ​យើង​ឃើញ​ហើយ​ ពេល​ដែល​​យើង​បោះ​ឆ្នោត​ហើយ រដ្ឋ​សភា​ត្រូវ​ចូល​កាន់​តួនាទី អង្គការ​នីតិបញ្ញត្តិ​ក្នុង​អាណត្តិ​បោះ​ឆ្នោត​របស់​ខ្លួន​ ថា​តើ​មាន​រយៈ​ពេល​ប៉ុន្មាន​ គឺ​រយៈ​ពេល​ ៦០ ថ្ងៃ បាន​សេច​ក្តី​ថា ក្រោយ​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ត្រូវ​តែ​រួសរាន់​ខ្លួន​យ៉ាង​យឺត​ មាន​ពេល​ ៦០ ថ្ងៃ​តែ​ប៉ុណ្ណោះ ដើម្បី​​រៀប​ចំ​ខ្លួន​ជួប​ជុំ​គ្នា​បើក​សម័យ​ប្រជុំ​។​ ពាក្យថា​ បើក​សម័យ​ប្រជុំ​គឺ​ដើម្បី​រួស​រាន់​ទទួល​តួនាទីខ្លួន​ជា​អង្គការ​នីតិបញ្ញតិ្ត​ក្នុង​អាណត្តិ​នីតិកាល​ទី៤ រដ្ឋសភា​ យើង​យក​ឧទាហរណ៍ឆ្នាំ​​ ២០០៨ ហើយ​ចំណុច​នៃ​រយៈ​ពេល​ ៦០ ថ្ងៃ ដែល​រដ្ឋ​ធម្មនុញ្ញ​កំណត់​ឲ្យ​សភា ដែល​ទើប​តែ​ជាប់​ឆ្នោត​រួសរាន់​រៀប​ខ្លួន​ក្នុង​ការ​ទៅ​ទទួល​យកតួនាទី​ជា​អង្គការ​នីតិ​បញ្ញត្តិ​​ គឺ​ផ្តើម​ចេញ​ពី​ចំណុច​ទី ១ តែ​ម្តង​ គឺ​ការ​បើ​សម័យ​ប្រជុំ​ហ្នឹង​ឯង។​​ ​​ការ​បើក​សម័យ​ប្រជជុំ​នេះ គឺ​បើក​សម័យ​ប្រ​ជុំ​តាម​ការ​កោះ​ហៅ​ពី​ព្រះ​មហាក្សត្រ​ អញ្ចឹង​តើ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​រដ្ឋ​សភា​ទៅ​ប្រជុំ​បាន​ ពី​ព្រោះ​​ពាក្យថា​​រដ្ឋ​សភា ទាល់​តែ​មាន​សមាជិក​​បាន​ទៅ​ប្រជុំ​កើត​​ ត្រង់​ហ្នឹង​ហើយ​បាន​រដ្ឋ​ធម្មនុញ្ញ​នៅ​កម្ពុជា​ នៅបណ្តាប្រទេស​នានា​ក្តី​គឺ​គេ​កំណត់​ពេល​វេលាមួយ​ សម្រាប់​ឲ្យ​រដ្ឋ​សភា​មាន​ឱកាស​ ៦០ ថ្ងៃ​ក្នុងការ​​រៀប​ចំខ្លួន​នៃ​សមាជិក​របស់​​ខ្លួនទៅ​ជួប​ប្រជុំ។​​ តើ​ដំណើរ​ការ​ហ្នឹង​គឺ​គេ​រៀប​យ៉ាង​ម៉េច​ ៦០ ថ្ងៃ ដើម្បី​អ្វី ។ ៦០ ថ្ងៃ​សម្រាប់​បើក​ការ​ប្រជុំ​លើក​ដំបូង​​ គឺ​ជា​ពេល​វេលា​​សម្រាប់​ការ​ពិនិត្យ​និយ័ត្យកម្ម​​នៃ​ការ​បោះ​ឆ្នោត​ ពី​ព្រោះ​ធម្មតា​មាន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ទម្រង់​សភា​ពហុបក្ស​ វា​មាន​ការ​ទាស់​ទែង​ ការ​មិន​ទទួល​ស្គាល់​ ដោយ​ចោទ​ប្រកាន់​ប្រក្រតី មិន​ប្រក្រតី​យ៉ាង​ម៉េច​ហ្នឹង​ អញ្ចឹង​ត្រូវ​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​មួយ​គេ​ពិនិត្យ​ពី​និយ័ត្យកម្មនៃ​ការ​បោះ​ឆ្នោត​ ថា​តើ​ការ​បោះ​ឆ្នោត​​​ហ្នឹង​ សេរី យុត្តិធម៌​ ឬអត់​ ទទួល​យក​បាន​ឬ​អត់​។​​ អញ្ចឹង​ហើយ​នៅ​កម្ពុជា​មាន​ គ.ជ.ប​ មាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដើម្បី​ពិនិត្យ​ ទាំង​អស់ ទាំង​សំនុំរឿង​ប្តឹង​ផ្តល់​ ។ល។​ អញ្ចឹង​ហើយ​នៅ​ពេល​ស្ថាប័ន​មាន​សមត្ថកិច្ច​គេ​ទទួល​ស្គាល់​ គេ​ប្រកាស​ថា មាន​និយ័ត្យកម្ម​ហើយ​ការ​បោះ​ឆ្នោត​ហ្នឹង​ វាឈាន​ដល់​ដំណាក់​កាល​ពិនិត្យ​នូវ​លក្ខណៈ​សម្បត្តិ​ ស្រប​ច្បាប់​របស់​បុគ្គល​ជា​តំណាង​រាស្រ្ត​ ដែល​ជាប់​ឆ្នោត​។​ ​ ឧទាហរណ៍​​នៅ​ប្រទេស​ថៃ គេ​ត្រូវ​ពិនិត្យ​សុពល​ភាព​របស់​បុគ្គល​ដែល​ជាប់​ឆ្នោត​ទៀត​​ តើ​អ្នក​នោះ​​បំពេញ​លក្ខខណ្ឌ​ដូច​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ឬ​អត់​ ដូច​រដ្ឋធម្មនុញ្ញ​ឬ​អត់ ហើយ​គ្រប់​អស់​ឬនៅ​ តើ​បុគ្គល​ដែល​មាន​សុពល​ភាព​ជា​លក្ខណៈ​ស្រប​ច្បាប់​ធ្វើ​ជា​តំណាង​រាស្រ្ត​គ្រប់​ ១២០ យ៉ាង​តិច​ដែរ​ឬអត់​ ព្រោះ​ជូន​កាល​​បោះឆ្នោត​អញ្ចឹង​មែន​ ប៉ុន្តែ​សុពលភាព​ជា​លក្ខណៈ​ស្រប​ច្បាប់​របស់​បុគ្គល​​ម្នាក់​ៗ​ ដែល​ទៅ​យក​តំណែង​ជា​តំណាង​រាស្រ្ត​ វា​អត់​គ្រប់​ ១២០ ទេ។​ កាល​ណា​អត់​គ្រប់​ ១២០ គឺ​គេ​ត្រូវ​រើស​ថែម​ទៀត​ ដើម្បី​ឲ្យ​គ្រប់​យ៉ាង​តិច១២០​។​​ អញ្ចឹង​បើ​សិន​គេ​ពិនិត្យ​អស់​ហើយ​ ពីបុគ្គលិកលក្ខណៈ​របស់​បុគ្គល​​​ដែល​ជាប់​ឆ្នោត​ហ្នឹង​បំពេញ​លក្ខណៈ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ ១២០ ហើយ ​​ពេល​ហ្នឹង ព្រះមហាក្សត្រ កោះ​អញ្ជើញ ហើយ​សភា​អាច​បើក​សម័យ​ប្រជុំ​ខ្លួន​ឯង​បាន​តាម​ដំណើ​រ​ការ​នៃ​ការ​ទទួល​តួនាទី​ជា​អង្គការ​នីតិបញ្ញាត្តិ​ ហើយ​សភា​ដំណើរ​ការ​ទៅ​បាន​ និង​​លែង​ត្រូវ​ការ​​អ្វី​ទៀត​ទាំង​អស់​ ហើយ​សភា​អាច​ចាត់​ចែង​កិច្ច​ការ​សភា​របស់​ខ្លួន​ ហើយ​ចាត់​ចែង​តួនាទី​ខ្លួន​ជា​អង្គការ​នីតិបញ្ញត្តិ​ហ្នឹង​ឯង​។​

លោក សត្យា រក្ស ៖
ត្រង់​ចំណុច​នេះ​បើ​តាម​ការ​ដែល​ខ្ញុំ​ប្រៀប​ធៀប​ទៅ​​នឹង​អ្វី​ដែល​ជា​ការ​បំភ្លឺ​របស់​លោក​បណ្ឌិត​ ហើយ​សំឡឹង​មើល​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ គឺ​លោក​ សម រង្ស៊ី ខ្ញុំ​គិត​ថា ប្រហែល​ជា​គាត់​​​មិន​បានគិត​​ស៊ី​ជម្រៅ​ទៅ​លើ គោល​ការណ៍​នៃ​រដ្ឋ​ធម្មនុញ្ញ​ ជាពិសេស​គឺ​មាត្រា​ ៧៦​ ហ្នឹង​តែ​ម្តង​ ប្រហែល​ជា​គាត់​មាន​ចេតនាច្រឡំ ឬ​ក៏​គាត់​​ច្រឡំ​ដោយ​ការ​ដែល​គាត់​មិន​ស៊ី​ជម្រៅ​ទៅ​លើ​មាត្រា​ហ្នឹង​ក៏​អាច​ថា​បាន​ ពីព្រោះ​ថា ដំណើរ​ការ​ប្រជុំ​សភា​លើក​ដំបូង​គឺ​តម្រូវ​ឲ្យ​មាន​​​សមាជិក​ ១២០ រូប​ អញ្ចឹង​ពេល​នេះ​គឺ​ជា​ភាព​ខុស​គ្នា​មួយ​ ​គាត់​អាច​ច្រឡំ​ជា​មួយ​នឹង​ដំណើរ​ការ​នៃ​ការ​ប្រជុំ​សភា​ ដែល​មិន​មែន​ជា​លើក​ដំបូង​ក្នុង​នីតិកាល​នេះ​លោក​បណ្ឌិត។​

លោក​បណ្ឌិត ឈឹម ផលវរុណ ៖
 ត្រឹម​ត្រូវ​ណាស់​ ចំណុច​នេះ​គឺ​គណបក្ស​ប្រឆាំង​ អាច​មាន​ពីរ​បញ្ហា ទី១ ដោយ​សារ​ខ្លួន​គ្មាន​អ្នក​ជំនាញ​ស៊ីជម្រៅ​ទៅ​លើ​នីតិ​រដ្ឋធម្មនុញ្ញ​ ឬក៏​មួយ​ទៀត​ខ្លួន​អាច​យល់​ដោយ​សារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្លាប់​បក​ស្រាយ​ដែរ​ ប៉ុន្តែ​ចរិត​មានះ​ប្រឆាំង​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ជា​មធ្យោបាយ​ទុច្ចរិត​ ឬ​ ក៏​គំនិត​ទុច្ច​រិត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​យន្ត​ការ​សភា​រាំង​ស្ទះ​​​ គឺ​គេ​ចេះ​តែ​បង្កើត​បញ្ហា​អោយ​មាន​ ។ អាច​មាន​ពីរ​ករណី​ហ្នឹង ទុក​ឲ្យ​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ឆ្លើយ​ គ្រាន់​តែ​យើ​ង​ចង់​ជម្រាប​ជូន​ប្រជាពលរដ្ឋ​វិញ​ថា រឿង​ ១២០ រូប ដែល​ជា​តួលេខ​តម្រូវ​ចាំ​បាច់​គឺ​តម្រូវ​តែ​សម្រាប់​​ជ្រើសរើស​អ្នក​តំណាង​រាស្រ្ត ​យ៉ាង​តិច​១២០ រូប គឺ​ទាំង​ច្បាប់​បោះ​ឆ្នោត​ ទាំង​ច្បាប់​ណា​ក៏​ដោយ​ មិន​អាច​ជ្រើ​ស​រើស​សមាជិក​សភា​តិច​ជាង​ ១២០ រូប​ ហើយ​ទៅ​រើស​សភា​ សមាជិក​ផ្សេង​ទៀត​ ដែល​មិន​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​ការ​បោះ​ឆ្នោត​ឲ្យ​មក​បង្គ្រប់​​នោះបាន​​ទេ​ បាន​ន័យ​ថា សភា​ត្រូវ​តែ​មាន​សមាជិក​តំណាង​រាស្រ្ត​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ យ៉ាង​តិច​បំផុត​​១២០ រូប​ មិន​ឲ្យ​ក្រោម​១២០ រូប​ ហើយ​តួ​លេខ​នេះ​គឺ​ជា​តួលេខ​សម្រាប់​បញ្ជាក់​និយ័ត្យកម្ម​នៃ​សភា​នីតិកាល​នីមួយៗ​​ មុន​នឹង​ខ្លួន​ទៅ​ទទួល​យក​តំណែង​ក្នុង​អាណត្តិ​បោះ​ឆ្នោត​​ សម្រាប់​រយៈ​ពេល​​៥ ឆ្នាំ គឺ​ត្រូវ​តែ​យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​បាន​ជ្រើស​រើស​សមាជិក​សភា​យ៉ាង​តិច​ ១២០ រូប​សិន​​ ទើប​​បាន​បើក​សម័យ​ប្រជុំ​លើក​ដំបូង​ ហើយ​បើ​បើក​សម័យ​ប្រជុំ​លើក​ដំបូង​ហើយ ចាប់​ពី​ពេល​ហ្នឹង​មក​លែង​ត្រូវ​ការ​វត្តមាន​អស់លោក​តំណាង​រាស្រ្ត​ឲ្យ​គ្រប់​១២០ ទៀត​ហើយ។​ បាន​ន័យ​ថា សភា​បើក​សម័យ​ប្រជុំ​នៅ​ពេល​ដែល​សភា​មាន​សមាជិក​យ៉ាង​តិច​ ១២០ រូប​ហើយ ហើយ​ធ្វើ​ដំណើរ​ការ​បាន​ហើយ ដល់​ពេល​ដំណើរ​ការ​សភាបន្ត ​ចង់​វត្តមាន​ ឬ អវត្ត​មាន​នៃ​បុគ្គល​ផ្ទាល់​នៅ​ពេល​ប្រជុំ​សភា​ គ្រប់​ ១២០ ឬ មិន​គ្រប់​ ១២០ ឬ​ក៏​តិច​មែន​ទែន​ អាហ្នឹង​គឺ​ជា​រឿង​បញ្ហា​កូរ៉ុម​វិញហើយ ព្រោះ​បញ្ហា​កូរ៉ុម​គេអត់​គិត​ទៅ​លើ​សមាសភាព​សភា​យ៉ាង​តិច​១២០ រូប​ទេ​ អត្ថន័យ​កូរ៉ុម​ គឺ​ជា​ចំនួន​នៃ​លក្ខខ័ណ្ឌ​ចាំ​បាច់​ ដើម្បី​ឲ្យ​សភា​អាច​ប្រជុំ​បាន​​ និង​​អាច​អនុម័ត​ច្បាប់​បាន។​ អញ្ចឹង​សភា​អាច​ដំណើរ​ការ​ហើយ ព្រោះ​កាល​ណា​បើក​សម័យ​ប្រជុំ​ហើយ សភា​បាន​កើត​ហើយ​ ហើយ​មាន​តំណាង​រាស្រ្ត​យ៉ាង​តិច​ ១២០ ប៉ុន្តែ​ចាប់​ពី​កើត​ហើយ គឺ​ចាប់​ផ្តើម​ដើរ​ ដើរ​តេះតាស់​ក្តី ដើរ​ដោយ​ស្វាហាប់​ក្តី វាអាស្រ័យ​ទៅ​ហ្នឹង​កិច្ច​ការ​សភា​ខ្លួន​ឯង​​ផ្ទាល់​ ដូច្នេះ​លែង​អាស្រ័យ​ទៅ​ហ្នឹង​វត្តមាន​​តំណាង​រាស្រ្ត​ ឬក៏​តួលេខ​ ១២០ ទៀត​ហើយ ពេល​ហ្នឹង​គឺ​គេ​និយាយ​អំពី​កូរ៉ុម​។​ កូរ៉ុម​​គឺ​មាន​ន័យ​ថា ជា​ចំនួន​​​ចាំ​បាច់​ សម្រាប់​ឲ្យ​សភា​​ប្រជុំ​ពេញ​អង្គ​បាន សម្រាប់​ឲ្យ​សភា​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​ ឬ​សេច​ក្តី​ស្នើ​ច្បាប់​បាន​។ល។ រដ្ឋធម្មនុញ្ញ​យើង​ចែង​ថា កូរ៉ុម​ គឺ​សម្រាប់​អនុម័ត​ច្បាប់​ធម្មតា​គឺ​ភាគ​ច្រើន​ដាច់​ខាត​ អញ្ចឹង​ឲ្យ​តែ​សភា​មាន​តំណាង​រាស្រ្ត​ សម្រាប់​ចូលរួម​ពិភាក្សា​អនុម័ត​ច្បាប់​ឲ្យ​តែ​បាន​លើល​ពី​ភាគ​ច្រើន​ដាច់​ខាត​ ​គឺ​យ៉ាង​តិច​ឲ្យ​តែមាន​ ៦២ នាក់​ឡើង​ទៅ​គឺ​សភា​ដំណើរ​ការបានហើយ​។​​ ឯរឿង​តួលេខ ​១២០ គឺ​ជា​តួលេខ​នៃ​រឿង​ជ្រើស​រើស​តំណាង​រាស្ត្រ​ដំបូង​បំផុត​ទេ។​ ​នេះ​ជាចំណុច​សំខាន់​ ហើយ​ពេល​នេះ​សភា​យើង​​លែង​ត្រូវ​ការ​តទៅ​ទៀត​ហើយ​ទៅ​លើ​តួលេខ​ ១២០ គឺ​យើង​ត្រូវ​ការ​តែ​កូរ៉ុម​​ គឺ​ភាគ​ច្រើន​ដាច់​ខាត​ នោះ​​សភា​ដំណើរ​ការ​បានហើយ​។
         
លោក សត្យា រក្ស
សំណួរ ៖​ គោល​គំនិតសំខាន់របស់​លោក​ សម រង្ស៊ី ក៏​ដូច​ជា​ក្រុម​របស់​លោក​ សម រង្ស៊ី ការ​ដែល​គាត់​មាន​ចេតនា​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​សភា​គាំង​ មិន​ដំណើរ​ការ​ទៅ​កើត​ គឺ​គំនិត​ទុច្ចរិត​របស់​គាត់​ទី១ គឺ​គាត់​ថា នៅ​ពេល​ដែល​សភា​មិន​អាច​ដំណើរ​ការ​បាន​ ពេល​នោះ​គាត់​ហ្នឹង​អំពាវ​នាវ​ដល់​​អន្តរជាតិ​។​ យើង​មិន​ដឹង​ថា អន្តរជាតិ​គាត់​ហ្នឹង​គឺ​ជា​អន្តរជាតិ​ណា​នោះ​ទេ​ ដើម្បី​ធ្វើ​ការ​គាប​សង្កត់​ទៅ​ដល់​សភា​​ និង​គាប​សង្កត់​ទៅ​ដល់​រដ្ឋាភិបាល​ ដែល​ធ្វើ​ឲ្យ​កើត​នូវ​វិបត្តិ ឬ​ កលិយុគ្គ​ មួយ​នៅ​ក្នុង​សភា អញ្ចឹង​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ណាដែរ​នូវ​គំនិត​ទុច្ចរិត​របស់​ សម រង្ស៊ី ដែល​មាន​គំនិត​បែប​នេះ​?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​គំនិត​ទុច្ច​រិត​របស់​លោក​ សម រង្ស៊ី ក៏​ដូច​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ គឺ​ផ្តើម​ចេញ​ពី​ ការ​យក​រដ្ឋធម្មនុញ្ញ​មក​បំភ្លៃ និង​ជាន់​ឈ្លី​ ហើយ​និង​​យក​រដ្ឋធម្មនុញ្ញ​ មក​ធ្វើ​ជា​ឧបករណ៍​មួយ​ហៅ​ថា ឧបករណ៍​បញ្ច្រាស់​ជើង​ យក​មក​ទប់​ស្កាត់​កុំ​ឲ្យ​យន្ត​ការ​សភា​ និង​យន្ត​ការ​គ្រប់​គ្រង​ប្រទេស​​ដំណើរ​ការ​ទៅ​បាន។​​ ចំណុច​នេះ​​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​​ ទាំង​គណបក្ស​ប្រឆាំង​ ទាំង​ក្រុម​និន្នាការ​ប្រឆាំង​ ទាំង​ក្រុម NGO សិទ្ធិ​មនុស្ស​មាន​និន្នាការ​ប្រឆាំង​ ពិចារណាឡើង​វិញ​។ គេ​ធ្លាប់​​ប្រើ​ពាក្យ​ថា ប្រឆាំង​ តិះតៀន​ ដើម្បី​ស្ថាបនា ​តែតាមពិតគឺ​រក​តែ​វិធី​ទប់​ស្កាត់​កុំ​ឲ្យ​​សភា​ដំណើរ​ការ​បាន​ទៅវិញ​។ ឥឡូវ​យើង​ទាញ​មើល​សភា​ដំណើរ​ការ​ទៅ​បាន​ ឬ​មិន​​​បាន​នៅ​ក្នុង​​​អាណត្តិ​របស់​ខ្លួន​គឺ​អាស្រ័យ​នឹង​ចំនួន​​កូរ៉ុម​ទេ​ ។​ បើ​គណបក្ស​ប្រឆាំង​មាន​ចរិត​ចង់​ដាក់​សម្ពាធ​នយោបាយ​ទៅ​លើ​សភា​គឺ​មាន​តែ​ចំនួន​កូរ៉ុម​ទេ លែង​ជា​ចំនួន​ ១២០ ហើយ។ មួយ​ទៀត​បើសិន​ជា​គណបក្ស​ប្រឆាំង​មាន​ចេតនាក្នុង​ការ​ស្ថាបនា​ ចូលរួម​ចំណែក​ជា​មួយ​និង​​ក្រុម​ភាគ​ច្រើន​ គឺ​ក្រុម​ដឹក​នាំ​រដ្ឋាភិបាល​ គេ​ហៅ​ថា ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ទល់​មុខ​គ្នា​​​ អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ជាតុល្យភាព​រវាង​ក្រុម​ភាគ​​តិច និង​ភាគច្រើន​​​ គឺ​គេ​អត់​យក​រដ្ឋធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍​ ដើម្បី​បំផ្លាញ​សភាទេ​។​ គេ​គួរ​​តែ​យល់​ឲ្យ​ច្បាស់​អំពី​ស្មារតី​វិជ្ជមាន​​របស់​រដ្ឋធម្មនុញ្ញ​ ហើយ​រួម​ជា​មួយ​រដ្ឋាភិបាល​ទល់​មុខ​គ្នា​ក្នុងការ​ជម្រុញ​ឲ្យ​ដំណើរ​ការ​សភា​មាន​គុណ​ភាព​ និ​ង​សមត្ថភាព​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ អាហ្នឹង​បាន​គេ​ហៅ​ថា តិះ​តៀន​ដើម្បី​ស្ថាបនា​ ចុះ​ហេតុ​អ្វី​បាន​ជាគណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ធ្វើ​ខុស​របៀប​យ៉ាង​នេះ​។ ដូច​លោក សត្យា រក្ស​ បាន​ចោទសួរ​ ដោយ​សារអ្វី​ ដោយសារ​តែ​គណបក្ស​ប្រឆាំង​ហ្នឹង​ គឺ​គេ​មាន​ចេតនា​ដែល​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ ហើយ​វេទិកា​យើង​ធ្លាប់​បំភ្លឺ​ច្រើន​ហើយ​ គណបក្ស​ប្រឆាំង​មាន​គោល​ជំហរ​ទុច្ចរិត​មួយ​គឺ​ ធ្វើ​បដិវត្ត​ផ្តួល​រំលំ​រដ្ឋាភិបាល​​ គឺ​គេ​គ្មាន​គំនិត​សហប្រតិបត្តិការ​ទល់​មុខ​គ្នា​ គឺ​ត​ទល់គ្នា​​រវាង​ក្រុម​ភាគ​ច្រើន និង​ក្រុម​ភាគតិច​ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទេ​ ផ្ទុយ​ទៅ​វិញ​គេ​ឈរ​លើ​ជំហរ​ បដិវត្ត​ផ្តួល​រំលំ​រដ្ឋាភិបាល ។ ​បាន​សេច​ក្តី​ថា ដរាប​ណា​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ប្រឆាំង​យ៉ាង​​ងុបងុល យ៉ាង​ទុច្ចរិត​នេះ​គឺ​ប្រឆាំង​រដ្ឋាភិបាល​បែប​ខ្មាំង​សត្រូវ​រហូត​ ។ ចេតនាគេ​គឺ​ចង់​ប្រើ​សម្ពាធពី​បរទេស​ ឲ្យ​មក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​។ ​យើង​គិត​មើល​ តាំង​ពីឆ្នាំ​​ ១៩៩៣ មក​ដល់​ឥឡូវ​ ឥទ្ធិពល​បរទេស​ ដែល​អាង​ទៅលើ​​លទ្ធភាព​ណា​មួយ​ចង់​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កាន់​តែ​កាត់​បន្ថយ​ ហើយ​ចំណុច​នេះ​គឺ​គណបក្ស​ប្រឆាំង​ខក​ចិត្ត​ណាស់​​ ដែល​គេ​ឃើញ​ថា សូម្បី​តែ​សហរដ្ឋ​អាមេរិក​ ពួក​បណ្តា​ប្រទេស​លោក ខាង​លិច​កាន់​តែ​សហ​ប្រតិ​បត្តិ​ការ​ខ្លាំង​ឡើង​ជា​មួយ​និង​​រដ្ឋាភិបាល​ ធ្វើ​ឲ្យ​គេ​ខក​ចិត្ត​ច្រើ​ន​ណាស់​ អញ្ចឹង​គេ​បង្កើត​ព្រឹត្តិការណ៍​ផ្សេង​ៗ​ ដើម្បី​បើក​លទ្ធភាព​ឲ្យ​អន្តរជាតិ​​ បន្ត​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​។​ នេះ​ហើយ​ជា​គំនិត​ទុច្ចរិត​។ ​មួយ​ទៀត​ សម្ពាធ​បច្ចុប្បន្ន​នេះ​គឺ​គេ​ចង់​ធ្វើ​ឲ្យ​​ ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​យើង​ជួប​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​ទឹក​ជំនន់​​នេះ​គឺ​យើង​ ខូច​ខាត​ច្រើ​ន​ណាស់​នូវ​ហេដ្ឋាចរនា​សម្ព័ន្ធ​រូបវ័ន​ ដូច​​លោក សត្យា រក្ស​ បាន​រៀប​រាប់​ គឺ​យើង​ត្រូវ​ការ​ជួស​ជុល​ឡើង​វិញ​ ហើយ​ជួស​ជុល​ឡើង​វិញ​ថវិការ​ប្រចាំ​ឆ្នាំ​ ដែល​យើង​ធ្លាប់​អនុម័ត​មាន​ខ្ទង់​យ៉ាង​តិច​ ១ ពាន់លាន​ដុល្លារ​ គឺ​​មិន​អាច​យក​ទៅ​ស្តារ​ឡើង​វិញ​នូវ​របស់​ដែល​យើង​ខូច​ខាត​ដោយ​គ្រោះ​ធម្ម​ជាតិ​ទេ​ ។​អញ្ចឹង​សម្រាប់​ថវិកា​ជាតិ​ឆ្នាំ ២០១២ គឺ​ត្រូវ​តែ​ច្រើន​ជាង​ឆ្នាំ សព្វ​ដង​ ព្រោះ​ដោយ​សារ​វាមាន​ហេតុ​ផល​ពិសេស​មួយ​ អញ្ចឹង​ហើយ​គណបក្ស​ប្រឆាំង​មាន​គំនិត​មួយ​បើ​គេ​ខ្ទប់​ រដ្ឋ​សភា​កុំ​ឲ្យ​ដំណើរ​ការ​ទៅ​បាន​ គឺ​មាន​ន័យ​ថា គេ​បង្ក​ឲ្យ​រដ្ឋាភិបាល​ជួប​នូវ​វិបត្តិ​ថវិកា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ អញ្ចឹង​វាចូល​ទៅ​នឹង​គំនិតទុច្ច​​រិត​​របស់​គេ​ គេ​ឲ្យ​បរទេស​ដាក់​សម្ពាធ​ហើយ​ចុង​ក្រោយ​គេ​បង្ក​នូវ​ចលាចល​ គឺ​ កលិយុគ្គ​មួយ​ ដើម្បី​ឲ្យ​គំនិត​ទុច្ចរិតបដិ​​វត្តរបស់​គេអាច​​ផ្តួល​​រំលំ​រដ្ឋាភិបាល​ឈាន​ទៅ​ដល់​គោល​ដៅ​របស់​គេ​ ចំណុច​ហ្នឹង​ហើយ គឺ​ជា​គំនិត​ទុច្ចរិត​បញ្ច្រាស់​ជើង​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។​

លោក សត្យា រក្ស
សំណួរ៖ តាម​អ្វី​ដែល​យើង​សង្កេត​ឃើញ​ទៅ​លើ​មាយាទ​គណបក្ស​ប្រឆាំង​នេះ​ ជាទូទៅ​គឺ​ចេតនា​របស់​គេ​ ដូច​លោក​បណ្ឌិត​មាន​ប្រសាសន៍​អញ្ចឹង​គឺ ធ្វើ​បដិវត្ត​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​។​ ជាទូទៅ​ការ​ដែល​គេ​យក​សម្ពាធ​ពី​បរទេស​ ឬ​ក៏​ប្រើ​ប្រាស់​ឈ្មោះ​បរទេស​ ដើម្បី​ដាក់​សម្ពាធ​ មក​លើ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​នេះ​ គឺ​មិន​មែន​ទើប​តែ​ពេល​នេះ​ឬ ​ក៏​ម៉ោង​នេះ​ដែល​យើង​ដឹង​នោះ​ទេ​ គឺ តាំង​ពី​យើង​ឮ​​សូរ​ឈ្មោះ​ សម រង្ស៊ី ពេល​ណា​ គឺ​ សម រង្ស៊ី តែ​ង​តែ​យក​ឈ្មោះ​បរទេស​នេះ​យក​មក​ប្រើ​ រហូត​ដល់​ប្រជាពលរដ្ឋ​គេ​ឲ្យ​រហ័សនាម​ សម សង្ស៊ី ថា ជា​ជន​ដែល​កើត​ជម្ងឺ​​បរទេស​និយម​ថែម​​ទៀត​ផង​។​ អញ្ចឹង​ករណី​នេះ​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​ជម្រាប​ជូនទៅ​ដល់​ជន​រួម​ជាតិ​ឲ្យ​បាន​ច្បាស់​​ផង​ដែរ​ថា ប្រសិន​បើ​គណបក្ស​ សម រង្ស៊ី ដែល​មាន​​គ្នា​ គាត់​ ២៦ នាក់ ហើយ​មួយ​ចំនួន​ត្រូវ​បាន​​បញ្ឈប់​ ចង់​និយាយ​ថា លាលែង​ចេញ​ពី​ដំណែង​បណ្តោះ​អាសន្ន​ក្តី​ ឬ​ លាលែង​ពី​តំណែង​រហូត​ក្តី​ ឬ ក៏​ទាំង​២៦ រូប​របស់​គាត់​លាលែង​ឈប់​តែ​ម្តង​ តើ​អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​សភា​បាន​ទេ​លោក​បណ្ឌិត​?

លោក​បណ្ឌិត ឈឹម ផលវរុណ 
ចម្លើយ៖ យើងអាច​​និយាយថា ​រុញទូក​បណ្តោយ​ទឹក​តែ​ម្តង​ទៅ​ ហើយ​​គ្រាន់​តែ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​យល់ ហើយ​ជា​សារ​ទៅ​អ្នក​ធ្លាប់​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ សមរង្ស៊ី​ផង។​ ទោះ​បី​ជា​គណបក្ស​ប្រឆាំង​​​​ ដក​ខ្លួន​ទាំង​ ២៦ នាក់​ ក៏​សភា​អត់​រាំង​ស្ទះ​ដែរ​ ។ ទី១ ផ្អែក​លើ​មូល​ដ្ឋាន​​នៃ​នីតិ​រដ្ឋធម្មនុញ្ញ​ ឲ្យ​តែ​យើង​មាន​កូរ៉ុម​គ្រប់​ចំនួន​ ក្នុង​ការ​ប្រជុំ និង​ក្នុង​ការ​អនុម័ត​ គឺ​សភា​ដំណើរការ​​ហើយ អញ្ចឹង​អត់​អាស្រ័យ​នឹង​ ២៦ នាក់​របស់​គណបក្ស​ សម រង្ស៊ី ទេ បើយើង​គិត​តួលេខ​សមាមាត្រ​នៅ​ក្នុង​សភា​​នីតិកាល​ទី៤ គឺ​សឹង​តែ​អត់​ជំពាក់​តួលេខ​ជា​មួយ​នឹង​គណបក្ស​ប្រឆាំង​ទេ​ ហើយ​មួយ​ទៀត​បើសិន​គណបក្ស​ប្រឆាំង​ចង់​បង្ហាញ​មុខ​មាត់​អាក្រក់​​ថា សភាខ្មែរ​មិន​ល្អ​ ទៅ​ដក​ថយ​ ទាំង​ ២៦ នាក់​ហ្នឹង​ទាំង​ស្រុង​ តើ​បរទេស​គេ​ឲ្យ​ទឡ្ហីក​រ​ ជឿជាក់​លើ​គណបក្ស​ប្រឆាំង​យ៉ាង​ម៉េច​  ហើយ​សួរថា តើ​រដ្ឋ​សភា​ស្ទះ​ឬ​អត់​​ ។ នៅក្នុង​រដ្ឋធម្មនុញ្ញ​​ក៏ដូច​ជា​ច្បាប់​ជ្រើស​តាំង​តំណាង​រាស្រ្ត​បាន​ចែង​ច្បាស់​ណាស់​ ក្នុង​ករណី​ដែល​គណបក្ស​មួយ​ដែល​មាន​អសនៈ​នៅ​ក្នុង​សភា​ ហើយ​គេ​ចង់​ធ្វើ​​ពហិការ បណ្តោះ​អាសន្ន​ក្តី​ ហើយ​ពហិការ យើង​ប្រើពាក្យថា អាក្រក់ថា វិច្ឆេទ​កម្ម​​ ទៅទៀត​ចុះ ដក​ខ្លួន​ទាំង​ស្រុង​ចេញ​ពី​សភា​ សួរ​ថា តើ​ខ្វះ​តួលេខ​ដែរ​អត់?​​ តើ​ច្បាប់​មាន​ផ្តល់​លទ្ធភាព​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​បេក្ខជន​ឈរ​ឈ្មោះ​មក​ជំនួស​ដែរ​ ឬអត់​?​ បើ​សិន​គណបក្ស​ សម រង្ស៊ី មិន​លាលែង​ទាំង​ស្រុង​ លាលែង​តែ​ពីរ បី​ នាក់​ ឬក៏​ ៥ នាក់​ ឬក៏​ ១០ នាក់ គណបក្ស​ សម រង្ស៊ី ដែល​ជា​បេក្ខ​ជន​នៅ​ក្នុង​លំដាប់​បន្ទាប់​ឡើង​ជំនួស​​ តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ សម រង្ស៊ី ។ ប៉ុន្តែ​បើ គណបក្ស​ សម រង្ស៊ី ថា អត់​ស្នើ​ទៀត​ហើយ​ចង់​រំលាយ​ខ្លួនទាំងស្រុង ដកចេញ​ទាំងស្រុង ក៏វា​គ្មាន​ការខាត​ប​ង់អ្វីដល់​សភាទេ តែជា​ការ​ខាត​បង់​​របស់​គណបក្ស សម រង្ស៊ី ខ្លួនឯង ហើយ​ជាការ​ក្បត់នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី​ ទៅវិញទេ ។ បានន័យ​ថាច្បាប់​បោះឆ្នោត​ បានផ្តល់​លទ្ធភាព​ឲ្យធ្វើការ​បែងចែក​អសនៈ​ដែល​នៅ​សល់​ ឧទាហរណ៍ថា២៦​ អសនៈ​នេះគឺយក​ទៅ​អង្កន់ គណនា​តាម​រូបមន្ត​មធ្យម​ភាគ​​ខ្ពស់​បំផុត​តទៅ​ទៀត​ ។ ឧទាហរណ៍នៅភ្នំពេញ​ តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី នៅភ្នំពេញមាន​៤ ឬ៥ រូប​ ហើយបើ​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី ដកខ្លួន​ចេញ​ទាំង​ស្រុងចេញ​ពីសភា​ ទាំង៥រូប​នោះ​​​សម្រាប់​មណ្ឌល​ភ្នំពេញ គឺទាំង​៥កៅអីនោះត្រូវ​យក​ទៅចែក​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស កឹម សុខា គណបក្ស​នរោត្ត​មរណរិទ្ធិ គណបក្សហ្វ៊ុនស៊ីនប៉ិច​ និងត្រូវ​បែងចែកតាម​រូមបមន្ត​ដែលមាន​រួចហើយ​​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​​រហូតដល់​អស់កៅអី​ទាំង៥​ ដែល​គណបក្ស សម រង្ស៊ី ដក​ខ្លួន​ទាំងស្រុង​នោះ​។ រូបមន្តនេះគឺត្រូវយកទៅគណនាដូចគ្នាទាំងនៅកំពង់ចាម​ កំពង់ស្ពឺ តាកែវ​ បាត់ដំបង ។ល។ គឺ​ដូច​គ្នាទាំងអស់ ។ អញ្ចឹង​ ពុំមានបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ​ និងបទបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត​ធ្វើ​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍នយោបាយ​ដោយសារតែគណបក្ស សម រង្ស៊ី ដកខ្លួនទាំង២៦​រូបនោះទេ​។ បើខ្ញុំ​គណនា​ទៅ ២៦កៅអីនេះគណបក្សប្រជាជនបានប្រហែល​ជាង២០ ហើយគណបក្ស ​កឹម សុខា ​អាចបាន១ គណបក្សនរោត្តមរណរិទ្ធិបាន១ គណបក្ស ហ្វ៊ុនស៊ីនប៉ិច បាន១ ក្រៅពីនោះ​គឺបាន​ទៅ​គណបក្ស​ប្រជាជន​​កាន់តែច្រើនថែម​ទៀត​។ អញ្ចឹងសាក​លាលែងទៅ ពេលនោះ​យើង​នឹងរុញទូក​ឲ្យទៅ​បណ្តោយ​ទឹក​តែម្តង​ ហើយពេល​នោះខ្លួននឹង​ខាតបង់​អ្វី ហើយបរទេស​នឹង​ស្រែក​ជយោ​ជាមួយ​គណបក្ស សម រង្ស៊ី កម្រិត​ណានោះ យើងនឹងចាំមើល​។ ពីព្រោះការអនុវត្ត​បែប​នេះ​មិនខុស​ទៅ​នឹង​ការអនុវត្តច្បាប់​ និង​បែបបទ​ប្រជាធិបតេយ្យនោះទេ​។

លោក សត្យា រក្ស
ការចង់លាលែង ឬមិនលា​លែង​របស់គណ​បក្សប្រឆាំង គឺគ្រាន់តែ​ច​ង់ជម្រាបថា អស់លោក​កំពុង​តែ​បំផ្លាញខ្លួនឯង​ និងកំពុងតែ​ទាត់ចោល​នូវកាតព្វកិច្ចដែល​ប្រជាពលរដ្ឋ​ផ្តល់ឱកាស​ជូន​ដល់អស់​លោក​​​នៅក្នុងការបម្រើប្រជាពលរដ្ឋ​ នៅក្នុងការអនុមត្តិច្បាប់ និងគោរពច្បាប់​ ​ជា​ពិសេស​គឺ​កាតព្វកិច្ច​​ដែល​ប្រជាពលរដ្ឋ​ផ្តល់ឲ្យ​​ក្នុងការ​បម្រើ​​ជាតិ​​។ ដូច្នេះគណបក្ស សម រង្ស៊ី គួរ​តែ​ពិចារណា​ បើ​សិន​ជាការលាឈប់នោះគឺជារឿងល្អ​ នោះគឺជាការសម្រេច​របស់គណបក្ស សម រង្ស៊ី​ ។ កម្មវិធី​របស់​យើង​គ្រាន់តែចង់លើកយកអំពី​បំណង និងចេតនាទុច្ចរិត​របស់គណបក្ស សម រង្ស៊ី ដើម្បីទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ពិចារណា​​​​​តែប៉ុណ្ណោះ​។​

          សំណួរ​៖​ តើលោកបណ្ឌិតអាចជម្រាបជូនប្រជាពលរដ្ឋ​បានទេថា តើបណ្តា​ប្រទេសនានា​ជុំវិញ​ពិភព​លោក​ ជាពិសេសប្រជាធិបតេយ្យដែល សម រង្ស៊ី តែងតែ​និយាយអំពីប្រទេសបារាំង ប្រទេស អាមេរិក​នោះ តើតំណាង​រាស្ត្ររបស់គេនោះ មានចរិត​​ចង់បំផ្លាញសភា ដូចអ្វីដែល សម រង្ស៊ី​ កំពុង​ធ្វើ​នេះ​ដែរ​ឬទេ​?​

លោកបណ្ឌិត ឈឹម ផលវរុណ

ចម្លើយ​៖​ នេះជាឱកាសមួយដែលអាចឲ្យខ្ញុំបានបកស្រាយពន្យល់ប្រជាពលរដ្ឋ​ឲ្យបានយល់ថា តើដំណើរការ​សភានិយម ដំណើរការរបស់​ក្រុមតំណាងរាស្ត្រ​របស់គណបក្ស​ប្រឆាំង​នៅ​បណ្តា​ប្រទេស​នានា​​គេធ្វើ​​អញ្ចឹង​​ឬអត់​​?​ ដើម្បីកុំឲ្យ​គណបក្សប្រឆាំងទាំង កឹម សុខា ទាំង​សមរង្ស៊ីក្តី ដែល​ចូលចិត្ត​តែ​អួតថា​ខ្លួនជាអ្នកប្រជាធិបតេយ្យ​ និងតែងតែអួតអំពី អាមេរិក បារាំង​ អូស្ត្រាលី​ កាណាដា ។ល។​ នោះ​គឺ​ជា​ការ​ភូត​ទេ​។

គណបក្សប្រឆាំងនៅបណ្តាប្រទេសជឿនលឿនទាំងអស់នោះ​ គឺនៅពេល​ដែលគេ​បាន​ទទួល​សម្លេង​គាំទ្រ​​ពីប្រជាពលរដ្ឋ​ រហូតដល់មានអសនៈ​នៅក្នុងរដ្ឋសភា គេខិតខំប្រើ​សម្លេង​នយោបាយ​របស់​គេ​​តំណាង​ឲ្យម្ចាស់ឆ្នោត បន្លឺឲ្យសភា​ ទោះបីជាគណបក្សតូចក្តី ធំក្តី​គឺគេចង់ឲ្យ​ជីវិត​នយោបាយ​គេ​បន្លឺ​ឡើង​​ក្នុងស្ថាប័នតំណាងរាស្ត្រ​។ នេះហើយជាកត្តាសំខាន់ ហើយដើម្បីអាចឲ្យគេប្រើសិទ្ធិ​អំណាច​តំណាង​ប្រជាពលរដ្ឋ​ក្នុងទស្សនៈនយោបាយនៃក្រុមភាគតិច ឬក្រុមភាគច្រើន​​នោះ គឺគេពុំដែល​មាន​ចេតនា​នយោបាយ​ទុច្ចរិត ធ្វើឲ្យសភា​ដំណើរការអត់បាន ឬមានគំនិតទុច្ចរិត​បំផ្លាញ​កិច្ច​ប្រជុំ​សភា​នោះ​ទេ គឺគេមិនដែលធ្វើបែបនេះទេ​។ គេអាចដាក់សម្ពាធនយោបាយគ្នាទៅវិញទៅមក​ នៅពេល​ដែល​មិនទាន់​មានឯកភាពនយោបាយណាមួយ​ ប៉ុន្តែគេ​ក៏មើល​នូវកម្លាំង​សមាមាត្រ​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​សភាដែរ​។​ បើសិនជាសម្លេងខ្លួនមិនអាចទៅមានឥទ្ធិពលធំ​នៅក្នុងន័យតុល្យភាព ដើម្បី​ដាក់សម្ពាធ​ទៅ​លើ​​ក្រុម​ភាគច្រើន ក៏គេមិនធ្វើដែរ​។ ឧទាហរណ៍ គណបក្ស កឹម សុខា ដែលមានតែ៣កៅអី បែរជា​ទៅ​​ដាក់​សម្ពាធ​ទៅលើ១២៣កៅអី​ទៀតនោះកើតទេ?​​។ ដូចគ្នានេះដែរ គណបក្ស សម រង្ស៊ី ដែល​មាន២៦​កៅអី​។​ បើ​នៅបណ្តាប្រទេសជឿនលឿនក៏គេមិនធ្វើដូចគណបក្សប្រឆាំងនៅកម្ពុជាដែរ​ ពីព្រោះ​គេ​មិនអាច​ដាក់​សម្ពាធ​ទៅលើក្រុមភាគច្រើនបានទេ​ គឺមិនអាចធ្វើហួសមាឌបានទេ​។​ ពីព្រោះ​ប្រជាធិបតេយ្យ​​គេឲ្យ​អាទិភាព​​ទៅលើ​​ក្រុម​ភាគ​ច្រើន​ ប៉ុន្តែ​គេ​ក៏ផ្តល់​លទ្ធភាព​ឲ្យក្រុម​ភាគតិច​បន្លឺ​សម្លេង​ដែរ​​​​ តែការបន្លឺ​សម្លេង​នេះ​មិនមែនបង្ខំឲ្យក្រុមភាគច្រើនធ្វើតាមទេ​ ពីព្រោះ​ក្រុមភាគច្រើន​គេមាន​ការ​ទទួល​​ខុសត្រូវ​ខ្ពស់​​ចំពោះ​​ប្រជាពលរដ្ឋ ចំពោះ​​ម្ចាស់ឆ្នោត​​ ឯក្រុមភាគ​តិច​ក៏មានការ​ទទួល​ខុសត្រូវ​ដែរ ប៉ុន្តែ​ទាបជាង​ និងតិចជាង​ក្រុមភាគ​ច្រើន​។

 សរុបមកនៅបណ្តាប្រទេសប្រជាធិបតេយ្យ​នានា លើសកលលោក មិនថាតែប្រទេសកម្ពុជាទេ សភានៅបណ្តាប្រទេសទាំងអស់នោះ គណបក្សប្រឆាំងគេមិនធ្វើដូចនេះទេ​ គឺគេខំប្រើអស់នាទី និង​កម្លាំង​កាយ កម្លាំងចិត្ត គំនិត​ របស់គេ​ ដើម្បីសហប្រតិបត្តិការទល់មុខគ្នា​ ដើម្បីអភិវឌ្ឍប្រទេស​ ដោយ​គេ​ខំបង្ហាញអំពីគំនិតនយោបាយក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​ក្នុងសង្គម តាមបែប​ទស្សនៈ​នយោបាយ​​របស់គេ​។ រីឯរដ្ឋាភិបាល និងគណបក្សដឹក​នាំរដ្ឋាភិបាល​គេមាន​ការដឹកនាំ​តាម​កម្មវិធី​នយោបាយ និង​ទស្សនៈ​យល់ឃើញរបស់គេ​។ នេះហើយជាការតស៊ូមតិ​នយោបាយ​តាមបែប​វប្បធម៌​នយោបាយ​​ប្រជាធិបតេយ្យ​​​​​។ តែគណបក្សប្រឆាំងនៅកម្ពុជាដើរផ្ទុយ​ទាំងស្រុង គឺគេគិតតែដើរអុជអាល ញុះញង់​ វាយប្រហារ ផ្តួលរំលំ គ្រប់វិធី​។​ ទាក់ទងទៅនឹងឯករាជ្យភាពជាតិវិញ គឺពួកគេតែងតែនិយាយ​ថា​រដ្ឋាភិបាល​ចំណុះ​ខាងនេះ ខាងនោះ ប៉ុន្តែខ្លួនឯងវិញ មួយម៉ាត់ណាក៏ពឹងបរទេស​ដែ​រ​។ រឿងដែល​អាច​ដោះស្រាយ​បាននៅក្នុងរង្វង់ជាតិរបស់ខ្លួន​ គឺក្នុងការបង្រួបបង្រួមជាតិ គណបក្ស​ប្រឆាំង​គ្មាន​សមត្ថភាព​​ធ្វើអ្វី​​ទាំងអស់​ បានត្រឹមតែការបំផ្លាញសភា បំផ្លាញការងាររដ្ឋាភិបាល​ រហូតដល់​ដេកគិត​រឿង​ធ្វើ​បដិវត្ត​រួមគ្នា​​​ជាមួយ​​​​​ អង្គការសង្គមស៊ីវិល​និន្នាការប្រឆាំង​ និងអង្គការអន្តរជាតិនិន្នាការ​ប្រឆាំង​ ទៅវិញ​​​ ដោយបង្កើតជារណសិរ្សប្រឆាំងមួយដើម្បីចង់ធ្វើបដិវត្ត​ផ្តួលរំលំរដ្ឋាភិបាល​​។ ពួកគេតែងតែ​អួតខ្លួន​គេថា​ជា​អ្នក​ប្រជាធិបតេយ្យ​ តាមពិត​គណបក្ស​ប្រឆាំង​នៅក្នុងប្រទេស​ប្រជាធិបតេយ្យ​គេអត់​ដែល​ធ្វើអញ្ចឹង​ទេ​​។​​ចរិតនយោបាយរបស់គណបក្ស​ប្រឆាំងនៅកម្ពុជា ទាំងគណបក្ស សម រង្ស៊ី ទាំងគណបក្សសិទ្ធិមនុស្ស​ មិនមែនជាចរិតនយោបាយពិតប្រាកដ​ ជាគណបក្សនៅក្នុងក្របខណ្ឌប្រជាធិបតេយ្យទេ​។​

លោក សត្យា រក្ស
សំណួរ​៖​ បំណងធំបំផុតរបស់គណបក្សប្រឆាំង គឺ​គេ​មានចេតនាធ្វើឲ្យសភា​រាំងស្ទះ​ ប៉ុន្តែ​បើឆ្លង​តាម​ច្បាប់ និងគោលការណ៍ គឺ គណបក្សប្រឆាំង​​មិនអាច​ធ្វើឲ្យដំណើរ​ការ​របស់​​សភា​អោយ​មាន​ការរាំង​ស្ទះ​បានទេ​។ ​អញ្ចឹង​ចេតនា​ក្នុង​ការដែលគណបក្សប្រឆាំង​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរ​ការ​​របស់​សភា​នោះ តើពួកគេមានគោលបំណងចំបង​ចង់បានអ្វី​ដែរ លោកបណ្ឌិត​?​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖​ នេះជាចរិតខុសឆ្គងរបស់គណបក្ស សម រង្ស៊ី​ ។ ចិត្តរបស់គេទី១ គឺគេចង់ឈ្នះ ប៉ុន្តែ​ទង្វើ​ដែល​គេ​ចង់​ឈ្នះនោះគឺមានន័យថា​​ជាការបំផ្លាញ​ទៅវិញទេ​​ ពីព្រោះនៅលើទីលាន​ប្រកួត​ប្រជែង​បែប​​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​ គឺគូរប្រកួតគេប្រកួតខាងគំនិត​​ ឲ្យប្រជាពលរដ្ឋគាំទ្រគំនិត​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​​ប្រទេស មិនមែនប្រកួតប្រជែងស្លាប់រស់នោះទេ​​។ អញ្ចឹងបើសិន​ជាការ​ប្រកួត​លើកនេះ​ខ្លួន​មិន​ឈ្នះ​​ទេ ខ្លួនត្រូវយកគំនិតទាំងនោះទៅគិតឡើងវិញ​ ដោយ​ធ្វើ​បច្ចុប្បន្នភាព​ឲ្យស៊ីទៅ​នឹង​តថភាព​សង្គម​ តើខ្លួនខុសចំណុចណាបានជាប្រជាពលរដ្ឋ​គាំទ្របានតែត្រឹមប៉ុណ្ណឹង​ គឺមិនត្រូវចេះតែសម្លឹង​មើល​ឃើញ​​តែ​គេអាក្រក់នោះទេ ។ គណបក្សសម រង្ស៊ី និងគណបក្សកឹម សុខា គិតតែពី​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល​ ។ ចុះបើរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា គេធ្វើត្រូវរហូតដល់៩០% ឬថា​ត្រឹម​៧៥%​ចុះ​ ពេលនោះ​ការគាំទ្រ​របស់ប្រជន​គឺ៧៥% ទៅហើយ ឯគណបក្ស​ប្រឆាំងគឺ​មានការគាំទ្រ​ត្រឹមតែ​២៥%​ទេ​​​។​ គណបក្សប្រឆាំងនៅកម្ពុជា គឺមិនបានធ្វើការអភិវឌ្ឍខ្លួនទេនៅពេលដែលចាញ់ សូម្បីតែការជេរ​របស់​​ពួកគេ​​ក៏​នៅតែដដែលដែរ អ្វីដែលធ្លាប់ជេរកាលពី១៥ឆ្នាំមុនគឺនៅតែជេរដដែល​ ដូចជា បញ្ឆេះ​កំហឹង​​វណ្ណៈ​ បញ្ឆេះកំហឹងជាតិនិយមឲ្យស្អប់នឹងវៀតណាម​ ។ល។ ការធ្វើរបៀប​នេះគួរ​តែ​គណបក្ស​ប្រឆាំង​​ទាំងអស់នោះ​ទទួលបាន​​សម្លេងឆ្នោត​​កើន តែទីបំផុតគឺមិនបានទទួលទេ​​​។​

ចំណុចនេះគួរតែគណបក្សប្រឆាំងកែខ្លួន ដោយជ្រើសរើសរកអ្នកដែលមានសមត្ថភាព​គិតពី​នយោបាយ តាក់តែងកម្មវិធីនយោបាយ​ ដើម្បីជាគំនិតយកទៅប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​សេរីពហុបក្ស​​​ វិញទើបជាការប្រសើរ​។​

លោក សត្យា រក្ស
សំណួរ​៖ អ្វីដែល សម រង្ស៊ី បានធ្វើ និងកំពុងធ្វើនេះ​ បើ​តាមទស្សនៈ​របស់​គណបក្សប្រឆាំង​គេ​​ថា សម រង្ស៊ី ធ្វើនេះគឺដើម្បីផលប្រយោជន៍​ជាតិ​ សម្រាប់លោកបណ្ឌិតវិញ តើលោកបណ្ឌិត​មាន​អ្វី​ដើម្បី​ជា​ការ​បំភ្លឺជូនជនរួមជាតិ​ អំពីអ្វីដែលជាការយល់ឃើញ​របស់ សម រង្ស៊ី នេះដែរឬទេបាទ?​​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ សំណួរនេះ​គឺចំទៅនឹងបច្ចុប្បន្នភាពរបស់កម្ពុជា​​តែម្តង​។ ប្រជាពលរដ្ឋអាចគិត និង​ត្រូវ​រួមគ្នាគិតជាមួយ​យើងទាំងអស់គ្នា​។ សព្វថ្ងៃយើង​កំពុងតែជួបនូវគ្រោះធម្មជាតិ​ទឹកជំនន់​ ទោះបី​ទឹក​ចាប់​ផ្តើម​ស្រក​ទៅវិញទៅហើយក្តី ប៉ុន្តែផលបច្ច័យនៃទឹកជំនន់នេះ​វាធ្វើអោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​​ ដូច្នេះយើងត្រូវ​រួមចំណែកជាមួយរដ្ឋាភិបាលដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះ​ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាពប្រជាពលរដ្ឋ ។ សម្រាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​វិញ គឺផ្លូវថ្នល់​មានការ​ខូចខាត​ច្រើន​ណាស់​ នេះបើតាមស្ថិតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​​ និងស្ថិតិ​របស់​ក្រសួង​ធនធាន​ទឹក​។ បញ្ហាខូចខាតស្រូវ​ ​ដូច្នេះយើងត្រូវដោះស្រាយស្បៀងជូនប្រជាពលរដ្ឋ​​​​ អញ្ចឹងហើយថវិកា​ដែល​យើងធ្លាប់ត្រូវការឆ្នាំ​២០១០-២០១១ គឺត្រូវកើនឡើងទ្វេដង​សម្រាប់ឆ្នាំ២០១២​​។ ចំណុចនេះ​វាគួរ​តែ​​គណបក្សប្រឆាំង​ចូលរួម​នៅក្នុង​កិច្ចការ​នយោបាយ​នេះ​។ បើសិនជា​ខ្លួនគ្មាន​សមានចិត្ត​យក​លុយ​១ដុល្លារ​ ទៅ​ជួយប្រជាពលរដ្ឋ ឬទៅជួយ​ប្រជាពលរដ្ឋដែលគាំទ្រគណបក្ស​ខ្លួន​ ហើយ​ដែល​កំពុង​រងគ្រោះ​ដោយទឹកជំនន់​ នៅពេលដែលគេចោទថារដ្ឋាភិបាលឲ្យទៅវាមិនគ្រប់​ ឬកាកបាទក្រហម​កម្ពុជា​ឲ្យ​ទៅមិនគ្រប់​​ គឺមិនចាំបាច់គិតដល់ប្រជាពលរដ្ឋទូទៅទេ​ គឺគ្រាន់តែថែមឲ្យសមាជិកបក្សរបស់ខ្លួនទៅ​ គឺ​មិនទាំងបានជួយ​​សមាជិករបស់ខ្លួនផង​ គឺពួកគេធ្វើ​មិន​កើត​ផង​។​ យ៉ាងហោច​ណាស់​ក៏ពួក​គេ​គ្រាន់​តែ​មាន​សម្បជញ្ញៈ​នយោបាយ​ជម្រុញរដ្ឋាភិបាល​ឲ្យ​ប្រជុំ​សភាឲ្យ​លឿន ដោយ​មិនបាច់បំផ្លាញកិច្ចប្រជុំទេ​ ដើម្បី​ជួយ​អនុម័ត​ថវិកា​ពិសេសដើម្បីទ្រទ្រង់​ តែផ្ទុយទៅវិញបែរជាមិនកោះប្រជុំ​វិសាមញ្ញទេ បែរទៅជា​ចង់​បំផ្លាញ​កិច្ចប្រជុំសាមញ្ញ​របស់សភា ដែលក្រោយពីបញ្ចប់វិសមកាល​៣ខែទៅវិញ។ នេះជាគំនិត​ទុច្ចរិត​ខ្លាំងណាស់​ នៅពេលដែលខ្លួនតែងតែនិយាយមួយម៉ាត់ណាក៏គិត​ពី​ប្រជាពលរដ្ឋ​​នោះ​ តែ​ផ្ទុយ​ទៅ​វិញ​​បែរជាចង់បំផ្លាញ​កិច្ចប្រជុំ​នេះទៀត​​។ ដូច្នេះ​ប្រជាពលរដ្ឋ​គួរតែពិចារណា​ចំពោះ​គណបក្ស​ប្រឆាំង​ហើយ ពីព្រោះ​ចរិត​របស់គេ​មិនចង់ជួយប្រជាពលរដ្ឋទេ ។ កម្ពុជាត្រូវការគណបក្សប្រឆាំង ប៉ុន្តែ​មិនមែន​គណបក្ស​ប្រឆាំង​បែប​មិន​បម្រើផល​ប្រយោជន៍ជាតិ​​ទេ​។​
សរុបមក ប្រជាពលរដ្ឋអាចពិចារណាដោយខ្លួនឯង​ ហើយយើងគ្រាន់តែ​បន្ថែមនូវ​អ្វី​ដែល​ជា​គំនិត​​ទុច្ចរិត​​ជាក់ស្តែង​​របស់គណបក្សប្រឆាំងប៉ុណ្ណោះ​។​ នៅក្នុងក្របខណ្ឌប្រជាធិបតេយ្យ គេមិនមែន​ចង​អាឃាត​គ្នាជា​សត្រូវទេ​ ប៉ុន្តែជាក់ស្តែង គណបក្សប្រឆាំងនៅកម្ពុជា​ គឺលោក សម រង្ស៊ី​ ដឹកនាំ​នយោបាយ​ប្រឆាំងមួយ​ ចងភាពជាសត្រូវជាមួយគណបក្សប្រជាជនកម្ពុជា​ បានន័យថា​ដរាប​ណា​រដ្ឋាភិបាល​ នៅតែគណបក្សប្រជាជនកម្ពុជាដឹកនាំ​ លោក សម រង្ស៊ី ដឹកនាំនយោបាយ​​​ប្រឆាំង​រហូតដល់អត្តឃាតខ្លួនឯង​ ក៏នៅតែដង្ហោយជេរគណបក្សប្រជាជនរហូត​។ ឥឡូវចូលដល់ចងអាឃាត ជាមួយឥស្សរៈភាព​បុគ្គល​ទៅ​ទៀត​ គឺ​ជាមួយប្រមុខរាជរដ្ឋាភិបាល ​រហូតដល់​ប្រមាថ​ ដោយហ៊ានប្រៀប​ធៀ​ប​ជាមួយ ហ្គាដាហ្វី ដែល​ជាមនុស្សដែលត្រូវគេ​សម្លាប់ មិនមែនជាមនុស្សដែលដឹកនាំប្រទេសទេ​ នេះគឺជា​គំនិត​យង់ឃ្នង​ខ្លាំង​ណាស់។​​ ម្យ៉ាងទៀត​ គឺគាត់​មិនត្រឹមតែប្តឹងប្រមុខរាជរដ្ឋាភិបាលទេ គឺថែម​ទាំង​​ប្តឹងលោកជំទាវ​ ប្រធាន​កាកបាទ​ក្រហមទៀត​ នេះជាគំនិតចងអាឃាត រហូតដល់​ក្រុមគ្រួសារ​ថ្នាក់​ដឹកនាំទៅទៀត​​​។​ កម្ពុជាគឺត្រូវការការរួប​រួម​គ្នាអភិវឌ្ឍ​ប្រទេស​ ទោះបីជា​យើង​មាននិន្នាការ​ខុសគ្នា​ក៏​ដោយ​ គឺយើងអាច​ឈ្លោះគ្នាតែរឿងគំនិត តែគណបក្សប្រឆាំងមិនមែនឈ្លោះនឹងគំនិតទេ តែបែរ​ជា​ច្រណែន​​ឈ្នានីស និងចងអាឃាត​។​ ដូច្នេះគណបក្សប្រឆាំងនៅកម្ពុជាគួរតែប្តូរ​ឥរិយាបថ​នយោបាយ​ បើខ្លួនមិនប្តូរ​​ឥរិយាបថនយោបាយទេ​ ឆាកនយោបាយរបស់គណបក្ស សម រង្ស៊ី​ នឹង​ត្រូវបាត់បង់ ហើយ​មិនមែន​គណបក្ស កឹម សុខា​ ទៅទទួលផលប្រយោជន៍ទេ ពីព្រោះចរិតដូចតែគ្នា​ទេ​។​​​
ចំណុចមួយទៀតដែលខ្ញុំចង់បញ្ជាក់​ ប្រមុខរាជរដ្ឋាភិបាល បានការពារខ្លួនរបស់គាត់ដែរ​ ពីព្រោះ​ទោះ​បី​ក្នុងឯកសណ្ឋាន​ ឬតួនាទីជានាយករដ្ឋមន្ត្រី​ ប៉ុន្តែក៏ជាពលរដ្ឋម្នាក់​ដែលមានសិទ្ធិ និងកាតព្វកិច្ច​ក្នុង​ការ​ការពារ​ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលត្រូវបាន​ធានានៅក្នុងរដ្ឋធម្មនុញ្ញ​ដែរ​។ អញ្ចឹង​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​បានចេញនូវពាក្យសម្តីប្រមាថ​ជីវិត របស់គាត់​ក្នុងនាម​ជាបុគ្គល​ម្នាក់​ ទៅនឹង ហ្គាដាហ្វី ដែល​ជាមនុស្ស​ដែល​ត្រូវគេសម្លាប់ តើត្រូវប្រើ​សិទ្ធិការពារ​ខ្លួន​ ឆ្លើយ​តប​ទៅ​វិញ​ឬទេ​​?​ សម្តេច​ប្រមុខ​រាជរដ្ឋា​ភិបាល​ ក៏មានសិទ្ធិ ដើម្បីតបតវិញដែរ ពីព្រោះនោះគឺជាការប្រមាថដល់ជីវិត​។ ត្រង់​ចំណុច​នេះ​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​​ ដែល​ខ្លួន​មិន​ទាន់​បាន​កាន់​អំណាច​ផង​ មិន​ទាន់​ទាំង​បាន​កាន់​មេ​ភូមិ​ណា​មួយ​ផង​នោះ​ ឬ មេ​ឃុំ​ផង​នោះ​គឺ​គេ​ហ៊ាន​ប្រមាថ​ជី​វិត​មនុស្ស​បាត់​ទៅ​ហើយ​ ចុះ​ទម្រាំ​ដល់​ខ្លួន​មាន​អំណាច​គឺ​សម្លាប់​រង្គាល​ ដោយ​នយោបាយ​សង​សឹក​ គំនុំ​ឈ្នានីស​ អាឃាត​ជា​មួយ​នឹង​បុគ្គល​ ដែល​ជា​អ្នក​ប្រកួត​ប្រជែង​​ជាមួយ​ខ្លួន​។ ចរិត​នេះ​ហើយ​ ដែល​កម្ពុជា​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​វិល​ត្រលប់​ ដូច​ចរិត​ខ្មែរ​ក្រហម​នេះ​​ជា​ដាច់​ខាត​ ហើយ​មិន​ត្រូវ​ឲ្យ​ចរិត​នេះ​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ ។ យើងទាំងអស់គ្នាត្រូវតែទប់ស្កាត់​ គឺយើងទប់ស្កាត់តាមរយះសន្លឹកឆ្នោត​ យើងនឹង​មិនបោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំងដែលកំពុង​តែសាបព្រោះនូវនយោបាយចងអាឃាតនេះទេ​។​

-មតិលោក សត្យា រក្ស
ចំណុចនេះយើងឃើញថា​ ទស្សនៈរបស់ សម រង្ស៊ីនេះ​ តែងតែលើកជារឿយៗមកថា​ « មាន សែន អត់ ង្ស៊ី មានង្ស៊ី អត់ សែន » នេះគឺជាទស្សនៈចងអាឃាតដ៏ធ្ងន់ធ្ងរមួយ​ ដែលយើង​អាច​ចាត់ទុក​ថា​ជា​ទស្សនៈ​ « ពៀរ​ មិនរំងាប់ដោយការមិនចងពៀរ​ » ឬ ទស្សនៈ «ទឹកឡើងត្រីស៊ីស្រមោច​ ទឹកហោច​ស្រមោច​ស៊ីត្រីវិញ​ » ។ នយោបាយបែប សម រង្ស៊ី នេះហើយ​គឺជានយោបាយ​មួយ​ដែលកម្ពុជា​របស់​យើង​​រងគ្រោះ​ និងប្រឈមមុខទៅនឹង​ការខ្ទេចខ្ទាំពីអតីតកាល​ ដោយសារ​តែចរិត​នៃ​អ្នកនយោបាយ​ដែល​មាន​មាយាទ​​ដូច សម រង្ស៊ី នេះឯង​។ ប៉ុន្តែភាពថ្លៃថ្នូរ​នៃសង្គម​ជាតិ​​បច្ចុប្បន្ននេះ​ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏លោកបានជម្រាបបញ្ជាក់ជូន​ជនរួមជាតិ​ ជារឿយៗ​ដែរ​គឺ​ លោកមិនអនុវត្តនូវទស្សនៈ « ទឹកឡើង​ត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនេះទេ »​​​ ។ រឿង សម រង្ស៊ី ដែលឃ្លាត​ឆ្ងាយ​ពី​ប្រទេស​ជាតិ​​ វាជាអំពើខុសឆ្គងរបស់ សម រង្ស៊ី​ មិនមែនជាសកម្មភាពដែលសម្តេច លោកដាក់ទណ្ឌកម្ម​លោក សម រង្ស៊ី នោះទេ​។ ដូច្នេះហើយដោយសារតែបំណងរបស់ សម រង្ស៊ី មិនបានសម្រេច មិនបាន​ជោគជ័យ ដោយខ្លួនឯង ហើយគួបផ្សំ​និងគំនិតទុច្ចរិតរបស់ សម រង្ស៊ី ដែលមានជាយូរមកហើយនោះ​ គឺ សម រង្ស៊ី តែងតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ​ និងការអភិវឌ្ឍ​ប្រជាពលរដ្ឋទៀត​។

លោក សត្យា រក្ស​
សំណួរ៖​​ ជុំវិញ​ចរិត និងមាយាទរបស់គណបក្សប្រឆាំង​ សម រង្ស៊ី នេះ​ ក្នុងនាម​លោកបណ្ឌិត​ជា​ប្រជាពលរដ្ឋ​​មួយរូប​ដែរ​នោះ តើលោកបណ្ឌិតមានអ្វីជាការ​ផ្តល់ជូនទៅអស់លោកនៅក្នុងគណបក្ស​ សម រង្ស៊ី ដែលកំពុងតែវង្វេង​ជាមួយនឹងទស្សនៈនៃការ​ចងអាឃាតគ្នានេះទេបាទ?​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ ជាសារ ​ហើយ​​​ដើម្បី​ជា​ប្រយោជ​ន៍​ការ​រក្សា​នូវ​​សណ្តាប់​ធ្នាប់​នៃ​ការ​ប្រកួត​ប្រជែង​នយោបាយ​លើ​ទីលាន​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ ដែល​យើង​ត្រូវ​យក​មូល​ដ្ឋាន​រដ្ឋធម្មនុញ្ញ​ជា​គ្រឹះ​ ហើយ​និង​​ការ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​សម្រាប់​ឲ្យ​ ការ​ប្រកួត​ប្រជែង​គ្នា​វា​រលូន។​​​ ហើយ​ទី​២ ដើម្បី​​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ព្រួយ​ចំពោះ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​គណបក្ស​ប្រឆាំង​កំពុង​តែ​មាន​ចេតនា​​ធ្វើ​ឲ្យ​វឹកវរ​​ ដែល​មួយ​ទៀត​សម្រាប់​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ ដើម្បី​ខ្លួន​មាន​អាទិភាព​​នយោបាយ​តទៅ​ទៀត​ បាន​ន័យ​ថា ដើម្បី​មាន​ជីវិត​នយោបាយ​បន្ត​ទៅ​ទៀត​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១២​-២០១៣ ត្រូវ​តែ​កែ​ជំហរ​របស់​ខ្លួន​ចេញ​ គឺ​ត្រូវ​ងើប​ពី​អណ្តូង​ដែល​ខ្លួន​កប់​ភក់​​ ឡើង​មកលើ​គន្លង​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ព្រោះ​ការ​ប្រកួត​ប្រជែង​ ដូច​ប្រកួត​ឡាន​អញ្ចឹង ចង់​វ៉ា​គេ​ធ្លាក់​ចូល​ភក់​ប៉ុន្មាន​ដង​ហើយ ហើយ​គេលើក​មក​វិញ​ដើម្បី​ឲ្យ​មក​ប្រកួត​ ឥឡូវ​ធ្លាក់​កាន់​តែ​ជ្រៅ ធ្លាក់​លើក​នេះ​ប្រហែល​គ្មាន​អ្នក​ណា​​មក​លើក​ឲ្យ​ឡើង​លើគន្លង​ផ្លូវ​ប្រកួត​ប្រជែង​ទៀត​ទេ​។​ ដូច្នេះ​ត្រូវ​តែ​តោង​​ឡើង​ខ្លួន​ឯង​ហើយ ព្រោះ​មាយាទ​ដែល​មិន​ចេះ​រាង​ចាល​ គិត​តែ​បង្ក​បញ្ហា​ ប្រហែល​គ្មាន​នរណា​ជួយ​ស្រង់ទៀត​​ទេ គឺ​ត្រូវ​ស្រង់​ខ្លួន​ឯង​​​ហើយ គឺ​ត្រូវ​កែ​ចរិត​ចេញ​ គឺ​ដើរ​តួ​ជា​ការ​ប្រកួត​ប្រជែង​ជា​ភាតរៈ​ ជា​ខ្មែរ​ជា​មួយ​គ្នា​ ប៉ុន្តែ​​យើង​ប្រកួត​ប្រជែង​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ទេ​ អញ្ចឹង​ថា កែយ៉ាង​ម៉េច​ ទី១ ខ្ញុំ​ថា ផ្លាស់​ប្តូរ​ជំហរ​បដិវត្ត​ហ្នឹង​ចោល ផ្លាស់​ប្តូរ​ការ​ចង​អាឃាត​ជាមួយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ចាត់​ទុក​គណបក្ស​ប្រជាជនកម្ពុជា​ និង​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជាគូរ​ប្រកួត​បាន​ហើយ។​ មួយ​ទៀត​បន្ទាប់​ពី​កែ​ចំណុច​ហ្នឹង​ តើខ្លួន​ត្រូវ​ធ្វើ​យើង​ម៉េច​ទៀត ​ត្រូវ​ប្រមូល​យក​មនុស្ស​ដែល​ចេះ​គិត​ចេះ​គូរ​ក្នុង​ការ​តាក់តែង​កម្មវិធីនយោបាយ​ ដើម្បី​បង្ហាញ​ថា កម្មវិធី​នយោបាយ​របស់​ខ្លួន​ សម្រាប់​ជា​មធ្យោបាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម ដើម្បី​យក​មកដាក់​លើ​តុ​ ប្រកួត​ប្រជែង​នឹង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ យើង​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ដឹង​ឲ្យ​ឮ​​ ដើម្បី​ថា ខ្លួន​អាច​អាច​ដោះ​ស្រាយ​វិធី​នេះ​ តើ​ប្រជាពលរដ្ឋ​យកវិធី​របស់​ខ្លួន​ ឬ​ក៏​យក​វិធី​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​ ។ ​ប៉ុន្តែ​បើ​ខ្លួន​នៅ​តែ​គ្មាន​សមត្ថភាព​អភិវឌ្ឍន៍​ខ្លួន​ឯង​ កែលម្អ​ខ្លួន​ឯង​ទេ​ គឺ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ជា​ច្រើន​លើក គឺ​ជីវិត​នយោបាយ​របស់​គណបក្ស​ សម រង្ស៊ី គឺ​នឹង​ត្រូវ​ចប់​ដោយខ្លួន​ឯង​ យើង​ហ៊ាន​​និយាយ​នេះ​គឺ​មិន​មែន​​ក្នុង​ន័យ​ចង់​ឲ្យ​ចប់​ទេ នៅ​ពេល​ដែល​យើង​ដឹង​ថា គណបក្ស​ប្រឆាំង​សម រង្ស៊ី កំពុង​តែ​ធ្លាក់​ចុះ យើង​ផ្តល់​រយៈ​ពេល​នេះ មួយ​រយៈពេល​ដែល​រលាយ​នោះ ព្រោះ​គណបក្ស​ច្រើន​ណាស់​ ដែល​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ រលាយខ្លួន​ជា​បន្តបន្ទាប់​។​ គណបក្ស​លោក​តា សឺនសាន​ មិន​រលាយ​ ហើយ​គណបក្ស​ផ្សេងៗ​ទៀត​យើង​មិន​បាច់​រំលឹក គ្រាន់តែ​ថា ឥឡូវ​នេះ​យើង​ផ្តល់​សារទាន់​ពេល​វេលាមួយ​ គឺ​កុំ​ធ្វើ​របៀប​ហ្នឹង​ ព្រោះ​យើង​បាន​ស្ទង់​មតិ​ក្រៅ​ផ្លូវ​ការ​ក្នុង​ការ​ទុក​ចិត្ត​គ្នា​គឺ​យើង​មើល​ឃើញ​ថា​ បើ​សិន​​គណបក្ស​ សម រង្ស៊ី នៅ​តែ​ប្រើ​ចរិត​របៀប​ហ្នឹង​ បាន​ប្រហែល​ជា ១០ ទៅ ១៥ កៅអី ហើយ​បើ​សិន​ជា​កាន់​តែ​ជ្រុល​ទៅ​ទៀត​ប្រហែល​មក​នៅ​ត្រឹម​ ១០ ព្រោះ​នយោបាយ​ជេរ​គេវាហួស ​កាន់តែ​ស្តែង​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​​នូវ​ចរិត​អមិត្ត​កាន់​តែ​ខ្លាំង​ហើយ។​ ដូច្នេះ​វាគ្រប់​គ្រាន់​ពេល​វេលា​ហើយ​ ពី​ឥឡូវ​រហូត​ដល់ ២០១២ រហូតដល់ ២០១៣ គឺ​នៅ​មាន​លទ្ធភាព​ដើម្បី​កែលម្អ​ខ្លួ​​​ន​ឯង​ឡើង​វិញ​ តែ​បើ​មិន​ធ្វើ​ទេ​គឺ​កុំ​បន្ទោស​អ្នក​ដទៃ​ ត្រូវ​យក​វប្បធម៌​បន្ទោស​ខ្លួន​ឯង​។ នេះ​ហើយ​នៅ​កម្ពុជា​គណបក្ស​ប្រឆាំង​គឺ​គេ​ប្រើ​វប្បធម៌​បន្ទោស​អ្នក​ដទៃ​គេ​មិន​ដែល​បាន​សារភាព​ថា ខ្លួន​ឯង​ខ្សោយ​ត្រង់​ណាទេ ហើយ​ចំណុច​ហ្នឹង​ជា​បុគ្គល​ក៏​ដោយ​ការ​អភិវឌ្ឍន៍​ខ្លួន​ ក្នុង​ការ​សិក្សា​រៀន​សូត្រ​ក្តី​ ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ន័យ​កីឡា​ក្តី​បើ​​យើង​អត់​សិក្សា​ពី​ចំណុច​ខ្សោយ​របស់​យើង​ទេ​ អ្នក​មាន​វាសនា​ឯ​ណា​​នឹង​គេ​​​ ហើយ​នេះ​ជា​សារ​ ជា​មេរៀន​សម្រាប់​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន​ដោយ​សារយើង ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​​សេរីពហុបក្ស​ និង​ប្រព័ន្ធ​គ្រប់​គ្រង់​រដ្ឋ​បែប​ប្រជាធិបតេយ្យ​សភានិយម​យើង​ត្រូវ​​​ការ​គណបក្ស​ប្រឆាំង​ដើម្បី​សហប្រតិបត្តិ​ការ​​ទល់​មុខ​គ្នា​ជា​មួយ​កណបក្ស​​គ្រប់​គ្រង​រដ្ឋាភិបាល ដើម្បី​​អភិវឌ្ឍន៍​ប្រទេស​ជាតិ​៕​