Friday, November 18, 2011

បទអត្ថាធិប្បាយ ៖ កឹម សុខា កោត​សរសើរ​របបប៉ុល ពត ថា មានសន្តិភាព​


ដោយៈពូនសំរេច

            សភាព​​មិនច្បាស់លាស់នៃយុទ្ធសាស្ត្រដឹកនាំ ក្នុងឋានៈខ្លួនជាប្រធានគណបក្សនយោបាយប្រឆាំងមួយនៅកម្ពុជា ដែលមហាជនក្នុងនិងក្រៅប្រទេសសង្ស័យថាត្រូវបានបង្កើតឡើងដោយសម្តេចហ៊ុន សែនតាមរយៈការធ្លាយចេញនូវ​​ឯកសារសម្ងាត់ ប៉ុន្តែឈុតឆាកនៃការសម្តែងគឺជាយុទ្ធនាការ​​វាយប្រហារ​​​ខ្លាំងៗដោយឥតសំចៃមាត់មកលើរាជរដ្ឋាភិបាលពីមួយថ្ងៃទៅមួយថ្ងៃ ​​តាមរយៈការដើរស្រែកឃោសនាគ្រប់ទីកន្លែងថា « ផ្លាស់ប្តូ​​​​ចេញទៅត្រូវតែប្តូរមេដឹកនាំប្រទេសសព្វថ្ងៃ ហើយដាក់ជំនួសអ្នកថ្មីវិញ»​​  មិនតែប៉ុណ្ណោះលោក កឹម សុខា បាន​​​សម្តែងការសរសើរ ថា របបបនប្រល័យពូជសាសន៍ ប៉ុល ពតមាននូវសន្តិភាពហើយមិនដែលឮស្នូរគ្រាប់កាំភ្លើង១គ្រាប់ផ្ទុះទេ
            ការប្រកាន់យកនូវទម្លាប់កុហក និងមិនទទួលយកការពិត​ ​ធ្វើជាមធ្យោបាយឃោសនា បាននាំឱ្យលោក កឹម សុខាគ្រប់គ្រងសតិអារម្មណ៍របស់ខ្លួនឯងលែងបាន រហូតមានការ​​បដិសេធតម្លៃ​​អ្នកចេះដឹង​​ ដូចជាប្រមាថចំពោះគោរមងាររបស់​​ឥស្សរជននៃថ្នាក់ដឹកនាំជាស្រ្តី​​ដែលបានខិតខំរួមចំណែក​​ស្តារ កសាង និងអភិវឌ្ឍប្រទេស​​ និងថែមទាំងមិនទទួលស្គាល់នូវសមិទ្ធផលដ៏ច្រើនលើសលប់របស់រាជរដ្ឋាភិបាល ថាជាជោគជ័យនៃការដឹកនាំឡើយ។​​​   
            ថ្មីៗនេះតាមរយៈបទវិចារណកថារបស់គណបក្សសិទ្ធិមនុស្ស ដែលបានផ្សព្វផ្សាយតាមកម្មវិធីសម្លេងសិទ្ធិមនុស្សពួកគេបានធ្វើការ​​ទាត់ចោលទាំងស្រុងនូវតម្លៃនៃសន្តិភាពនាពេលបច្ចុប្បន្ននិងនិយាយថា​ ​សព្វថ្ងៃគ្មានទេលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍គឺគ្មានសោះឡើយសន្តិភាពទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត។
            ផ្ទុយទៅវិញបទវិចារណកថាបានសរសេរថា​ « សម័យកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ពីចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ពេលនោះគឺជាពេលដែលមានសន្តិភាពពុំមានសង្គ្រាមរាំងជល់អ្វីទេ​....»
            ដោយឡែកបទអត្ថាធិប្បាយនយោបាយមួយទៀតរបស់កម្មវិធីសម្លេងសិទ្ធិមនុស្សផ្សាយថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១១ បានសរសេរចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា​ « ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទឹកដីខ្មែរជាច្រើនត្រូវបានបាត់បង់នឹងបាន​​ធ្លាក់ទៅជាទឹកដីរបស់ប្រទេសវៀតណាម ​ដោយសារតែការបោះបង្គោល​​ព្រំដែន ក្រៅពីនេះគេបានបន្ថែមថាស្ថានភាពទឹកដីកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយដូចសព្វថ្ងៃមេដឹកនាំគួរតែសម្រេច​​ចិត្តចាកចេញពីដំណែងទុកឱ្យយុវជនជំនាន់ក្រោយឡើងជំនួសវិញ​»
            សួរថា តើព្រំដែននៃសេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តរបស់លោក​ ​ កឹម សុខា មាននៅត្រឹមកំរិតណា​? ផ្តើមចេញពីអ្វី​ ? ហើយតើអ្វីទៅជាសន្តិភាពពិតប្រាកដនៅកម្ពុជា​ ? និងសួរថាហេតុអ្វីបានជាលោកកឹម ​សុខា សម្តែងការកោតសរសើរចំពោះរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដែលជារបបឃោរឃៅព្រៃផ្សៃ កាប់សម្លាប់មនុស្ស ធ្វើឃាតព្រះសង្ឃ កំទេចសាសនាបង្ខំឱ្យធ្វើការធ្ងន់ហួសកម្លាំងបង្អត់អាហារ ពេលឈឺគ្មានថ្នាំសង្កូវព្យាបាលនិងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ ​ដែលជារបបទមិឡឥតសាសនា​ ​ ថាជាសម័យដែលមាននូវសន្តិភាពទៅវិញ​?
ពិតណាស់ថានៅសម័យនោះមិនឮសូរស្នូរគ្រាប់កាំភ្លើងផ្លោងបាញ់ប្រហារគ្នា ប៉ុន្តែ សម្លេងនៃសំរែកស្រែកទួញសោកការព្រាត់ប្រាស់និរាស្ត្រក្រុមគ្រួសារកើតចេញពីការចាប់ចង​​មនុស្សយក​​ទៅកាប់សម្លាប់ចោល ដោយវាយនឹងត្បូងចបអារកនឹងធាងត្នោតនិងអំពើរទារុណកម្មផ្សេងៗជាច្រើននោះជាសន្តិភាពសម្រាប់លោក កឹម សុខា។
ពលរដ្ឋកម្ពុជាប្រមាណ​​ជិត២លាននាក់ត្រូវបានសម្លាប់នៅក្នុងរបបវាលពិឃាតចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដោយសារស្នាដៃមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ដែលធ្វើឱ្យពលរដ្ឋកម្ពុជា​ ​ រងនូវ​​ទុក្ខលំបាក វេទនា​ ​ ខ្លោចផ្សារ និងការរស់នៅដោយការ​​អស់សង្ឃឹមដូចយប់ងងឹតដែលពុំដឹងជាថ្ងៃណាបានរួចផុតពីរបបផ្តាច់ការដ៏យង់ឃ្នងនោះ។
នេះជាសន្តិភាពរបស់លោក កឹម សុខា​ ? តើលោក កឹម សុខា ចង់ទាញសន្តិភាពពិតប្រាកដ ដូចមាននាពេល​​​សព្វ​​ថ្ងៃ ឱ្យវិលទៅរករបបប៉ុល ពតទី យ៉ាងណា​? ចុះគោលនយោបាយសន្តិភាពរបស់​​គណបក្សសិទ្ធិមនុស្សយ៉ាងដូចម្តេចទៅ​? វាជាការបានកាន់កាប់អំណាចហើយកាប់សម្លាប់អ្នកចេះដឹង និងបំផ្លាញសង្គមជាតិឱ្យវិនាសហិនហោចអស់​​ យ៉ាងណា? បើ លោក កឹម សុខា ប្រកាន់ខ្ជាប់នូវការដឹកនាំមេរៀននយោបាយបែបប៉ុល ពតយ៉ាង​​នេះតើសកម្មជនគាំទ្រគណបក្ស សិទ្ធិមនុស្សគួរដើរតាមការបោកប្រាស់របស់លោក កឹម សុខា ដល់ពេលណាទៀត​?​​​​
បើទោះជាប្រធានគណបក្សប្រឆាំងម្នាក់នេះចង់ធ្វើជាវីរបុរសចិត្តអន្យតិរ្ថិយ មានបំណងចង់ទាញសន្តិភាពទៅរកដានកង់ប្រវត្តិសាស្ត្រនៃរបបប្រល័យពូជសាសន៍យ៉ាងណាក្តីក៏គំនិតទុទិដ្ឋិនិយមនោះនឹងមិនអាចក្លាយជាការពិតបានដែរ ពីព្រោះទម្រាំបានសន្តិភាពដូចពេលសព្វថ្ងៃគឺពិតជាបានមកដោយលំបាកជាទីបំផុតដោយគេមិនអាចបំភ្លេច មើលរំលងបានទេនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលរួមគ្នាជាកម្លាំងជាតិស្រោចស្រង់​​ជីវិតប្រជាពលរដ្ឋកម្ពុជាពីការកាប់សម្លាប់នោះ​  និងឈានទៅរកការចាប់ខ្លួនមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់សំខាន់ៗមកកាត់ទោស នៅអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ដែលមានការចូលរួមពីអង្គការសហប្រជាជាតិមកដល់សព្វថ្ងៃនេះ​​​ 
មេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់​​ វាសមល្មមគ្រប់គ្រាន់ហើយសំរាប់ពលរដ្ឋកម្ពុជាដែលបានហែលឆ្លងកាត់ និងជួបប្រទះ សព្វថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា​​ កំពុងរួមរស់នៅជាមួយសុខ សន្តិភាពដ៏ពេញបរិបូរណ៍ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវគោលនយោបាយសាមគ្គីជាតិ ដើម្បីប្រមូលកម្លាំងប្រជាជាតិទាំងមូលពីគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការនយោបាយទាំងនៅក្នុងនិងនៅក្រៅប្រទេសដើម្បីការរួមគ្នាជាធ្លុងមួយសំដៅកសាងការពារជាតិនិងសមិទ្ធផលសង្គមក្នុងបរិការណ៍ដែលប្រទេសមាននូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីប្រជាធិបតេយ្យនិងវឌ្ឍនភាពដ៏ថ្កើងថ្កាន
ដូច្នេះគោលគំនិតទុច្ចរិតរបស់បុគ្គលណាមួយដែលមានចេតនាចង់បង្វែរមាគ៌ាសន្តិភាពដោយការ​​ប៉ុនប៉ងដឹកនាំ ​​ចង់អនុវត្តផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ គឺនឹងអាចប្រឈម​​មុខចំពោះការថ្កោលទោសរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល អាចចាត់ទុកថាជាការប៉ុនប៉ងបង្កើតនូវវិបត្តិ កលយុគនិងភ័យអន្តរាយសម្រាប់កម្ពុជា
រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងបោះជំហានទៅមុខក្នុងផែនការអភិវឌ្ឍប្រកបដោយចីរភាពព្រមទាំងកំពុងលើកកំពស់តម្លៃសិទ្ធិសេរីភាពនិងសេចក្តីថ្ងៃថ្នូររបស់មនុស្ស​​​​ ហើយសិទ្ធិសេរីភាពដ៏ពេញលេញត្រូវបានផ្តល់ជូន និងធានាសម្រាប់ពលរដ្ឋគ្រប់រូបដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ ​សន្តិភាពដែលមានសព្វថ្ងៃគឺផ្តើមចេញពីសិទ្ធិរស់មានមានជីវិតនិងបញ្ចប់ការកាប់សម្លាប់​​ ហើយកម្ពុជាបាននិងកំពុងពង្រីកខ្លួនចូលក្នុតំបន់និងសកលលោក ដើម្បីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរដើម្បីការអភិវឌ្ឍដ៏វែងឆ្ងាយ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដំណើរការបោះបង្គោលព្រំដែនជាមួយនឹងបណ្តាប្រទេសជិតខាងដោយផ្អែកលើផែនទីទទួលស្គាល់ជាអន្តជាតិនិងតាមសន្ធិសញ្ញា  អនុសញ្ញា និងកិច្ចព្រមព្រៀងនានាជាមួប្រទេសជិតខាងដើម្បីការមាននូវព្រំដែនមួយដ៏ច្បាស់លាស់និងបញ្ចប់នូវវិវាទដ៏រាំរៃ គឺវាមិនដូចការចោទប្រកាន់របស់គណបក្សសិទ្ធិមនុស្សនិងក្រុមអ្នករិះគន់មួយចំនួនដែលថាការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃធ្វើឱ្យបាត់ទឹកដីនោះទេ​​ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងឡាយមកលើរាជរដ្ឋាភិបាលនិងការបញ្ចេញនូវទស្សនវិភាគដែលឱ្យតម្លៃធ្ងន់ទៅលើរបបមួយដ៏ឃោរឃៅថាជារបបដែលមានសន្តិភាពវាគ្រាន់តែជាការទាត់ចោលនូវសន្តិភាពពិតប្រាកដ ហើយ​​ងាកមករកការប៉ុនប៉ងអនុវត្តនូវបេសកកម្មខ្មៅ ដើម្បីជាមធ្យោបាយ​​ទាក់ទាញប្រជាប្រិយ៍​​​ភាពពីប្រជាពលដ្ឋ លាយឡំជាមួយនឹងភាពឡប់ឡែរបស់ខ្លួនតែប៉ុណ្ណោះ៕

ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១១