Sunday, November 20, 2011

បទអត្ថាធិប្បាយ ការប៉ុនប៉ងប្រើវិធីហិង្សារបស់មេដឹកនាំគណបក្សប្រឆាំង ជាអំពើខុសច្បាប់


 

          ស្ថិតក្នុងសភាពការណ៍រង្គោះរង្គើបែកបាក់ផ្ទៃក្នុងគណបក្សរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ និង​ធ្លាក់ក្នុងស្ថានភាពអស់សង្ឃឹមថា នឹងមិនអាចឈានទៅឈោងចាប់យកអំណាចតាមគោល​ការណ៍លទ្ធិប្រជាធិបតេយ្យបានក្នុងពេលខាងមុខនេះនោះ មេដឹកនាំគណបក្សប្រឆាំងហាក់​ដូចជា​បានបង្ហាញនូវការបាត់បង់អស់ភាពអត់ធ្មត់ ដោយស្ទុះស្ទារសាចុះសាឡើង ដោយគ្មាន​ឈរលើ​គោល​នយោបាយអ្វីច្បាស់លាស់ ជាក់លាក់ ដើម្បីជាប្រយោជន៍ក្នុងការថែរក្សាសន្តិ​ភាព ស្ថេរភាព ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រទេសជាតិនោះសោះឡើយ ។

          ជាក់ស្តែង មេដឹកនាំរូបនោះបានប្រដូច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ម្តង​ទៅ Slobodan Milosevic នៃអតីតប្រទេសយូហ្គោស្ថាវី ម្តងទៅលោក Ben Ali នៃប្រទេស​ទុយនេស៊ី ម្តងទៅលោក Hosni Mubarak នៃ​ប្រទេសអេហ្ស៊ីប ហើយក្រោយមក គេបាន​ផ្សព្វ​​​​ផ្សាយតតូងតតាងពីការត្រាច់ចរទៅរៀនមន្ត​អាគមគាថា ស្តីពីការធ្វើបដិវត្តន៍នៅទុយនីស៊ី ដើម្បី​យកមកសាបព្រោះដុតបញ្ឆេះ កកូរទឹកឲ្យ​ល្អក់នៅក្នុងប្រទេស ដើម្បីបំរើមហិច្ឆិតាផ្ទាល់ខ្លួន ។

          ធ្ងន់ធ្ងរជាងនេះទៀត គេថែមទាំងបានប្រដូច សម្តេចនាយករដ្ឋមន្រ្តី ទៅនឹង Qaddafi នៃប្រទេសលីប៊ី ដែល សម្តេច លោកបានព្រមានកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១១ ក្នុង​ពិធីសម្ពោធផ្លូវជាតិលេខ ០៣ ថា ជាទង្វើ «មិនអាចអត់អោនឲ្យបានទេ» ជា «ការប្រមាថជីវិត» និងជា «ការប៉ុនប៉ងសម្លាប់» សម្តេច ។ ប្រជាជនដែលបានឮប្រសាសន៍ សម្តេចតេជោ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ហើយបានចោទសួរទៅវិញថា ចុះបើប្រដូចលោក សម រង្ស៊ី ទៅនឹង ប៉ុល ពត វិញនោះ តើលោក សម រង្ស៊ី ព្រមទទួលយកឬទេ? ព្រោះទង្វើទាំងអស់​នេះបង្ហាញថា លោក សម រង្ស៊ី មានបំណងប្រើវិធីហិង្សា ប៉ុនប៉ងសម្លាប់ថ្​នាក់​ដឹកនាំ​ប្រទេស​​បង្កចលាចល បង្កអស្ថេរភាព ហើយនាំប្រទេសជាតិឲ្យធ្លាក់ក្នុងភ្លើងសង្រ្គាមសាជាថ្មីម្តង​ទៀត

          ចំពោះមុខ សកម្មភាព និងសំដីសំដៅខ្វះការទទួលខុសត្រូវ ប្រាស់ចាកសីលធម៌ ប្រាស់​​ចាកលក្ខណៈសម្បត្តិជាមេដឹកនាំរបស់មេគណបក្សប្រឆាំងរូបនេះ អ្នកការ​ទូតបរទេស​មួយ​ចំនួន​នៅភ្នំពេញបានសំដែងចម្ងល់ថា តើការចង់ឈ្នះគណបក្សប្រជាជនតាមរយៈការកំចាត់ថ្នាក់​ដឹកនាំ​តាមការគុំកួន ឈ្នានីស ព្យាបាទអាយុជីវិត ជាពិសេសចំពោះសម្តេចតេជោ ហ៊ុន សែន នោះ ជាគោលនយោបាយរបស់គណបក្សប្រឆាំងឬ? បើដូច្នោះមែន គណបក្សមួយនេះនឹងបាត់​​គោល​ដៅចម្បង (Raison d'être) របស់ខ្លួនហើយ ។ បើកាលណាបាត់បង់គោលដៅចម្បង ហើយ​នោះ គណបក្សនេះនឹងឈានទៅដល់ការរលំរលាយមិនខានឡើយ ព្រោះគណបក្ស​នយោ​បាយណាក៏ដោយ ស្ថិតក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សណាក៏ដោយ ក៏តែងតែមានគោលដៅចម្បងដូចគ្នា គឺដើម្បីឧត្តមផលប្រយោជន៍ជាតិ និងប្រជាជន ដោយ​ឈរលើគោលនយោបាយច្បាស់លាស់រៀងៗខ្លួន ។

          ម្យ៉ាងវិញទៀត ការដែលមេបក្សប្រឆាំងរូបនេះប្រមាថជីវិត សម្តេចនាយករដ្ឋមន្រ្តី មិន​មែនត្រឹមតែជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនសមជាមេដឹកនាំកាន់ព្រះពុទ្ធសាសនាទៀតផង ព្រោះថា ការ​ប្រមាថអាយុជីវិត និងការប៉ុនប៉ងប្រើវិធីហិង្សា ជាការប្រឆាំងនឹងអក្កោធនធម៌ គឺធម៌ជៀសវាង​ការស្អប់ខ្ពើម និន្ទាឈ្នានីស ចងសត្រូវនឹងគ្នា និងធម៌អវិហិង្សា គឺមិនត្រឹមតែជៀសវាងអំពើ​ហិង្សា និង​ការ​បំផ្លាញ​ជីវិតអ្នកដទៃប៉ុណ្ណោះទេ គឺត្រូវកសាងសន្តិភាពដោយការការពារសង្រ្គាម​កុំឲ្យ​កើត​ឡើងបាន​ទៀតផង ។

          ជាមួយគ្នានេះដែរ រាល់ការប៉ុនប៉ងណាមួយរបស់គណបក្សប្រឆាំង ដើម្បីអូសទាញ​កម្ពុជាឲ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមមហាវិនាសកម្មដូចនៅលីប៊ី គឺជាការឆោតល្ងង់ខ្លាំង​ណាស់ ព្រោះពួកគេមិនទាំងស្គាល់ស្ថានភាពពិតប្រាកដនៃប្រទេសខ្លួនឯង ដែលបានធ្វើ​ដំណើរបានឆ្ងាយណាស់ហើយតាមផ្លូវត្រឹមត្រូវនៃលទ្ធិប្រជាធិបតេយ្យ ។ ទង្វើរបស់ពួកគេ នឹង​ក្លាយជាទង្វើមិនត្រូវចំពេលវេលា និងខ្វះការពិចារណាត្រឹមត្រូវ ។ ប្រសិនបើគេហ៊ានប្រថុយ​ប្រថាននោះ មេដឹកនាំបក្សប្រឆាំងរូបនោះ នឹងទទួលវាសនាអាក្រក់ដូច Qaddafi មិនខាន គឺ​ច្បាស់ជាមិនមែន សម្តេចតេជោ ហ៊ុន សែន ទេ ។

          ប្រជាជនខ្មែរទូទៅដែលធ្លាប់ទទួលរងការឈឺចាប់ដោយសារអស្ថេរភាពនយោបាយ​ដោយសារសង្រ្គាមបង្ហូរឈាមរាប់ទសវត្សមកនោះ ច្បាស់ជានឹងមិនបណ្តោយឲ្យពួកអ្នក​នយោបាយជ្រុលនិយមមួយចំនួនណាមួយនោះ យកសុខសន្តិភាព និងស្ថេរភាពនយោបាយ​របស់​ប្រទេសជាតិ ដែលពួកគេគិតស្មានថា ជាការងាយស្រួល មកជាន់ឈ្លី បំផ្លិចបំផ្លាញ ដើម្បី​បំរើតែ​មហិច្ឆិតាផ្ទាល់ខ្លួនរបស់ពួកគេបានឡើយ ។ ផ្ទុយទៅវិញ ការកសាងសុខសន្តិភាព ឯក​ភាព​ទឹកដី​នៅកម្ពុជា វាមិនមែនជាការងាយដែលពួកគេមិនត្រូវយកចិត្តទុកដាក់ជួយថែរក្សា​នោះទេ ដូចអ្វីដែល សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកបានហៅថា «ជាការលំបាក​ណាស់ ទម្រាំរក​បាន​សន្តិភាព ស្ថេរភាព ការបង្រួបបង្រួមជាតិបាន មិនមែនជាការស្រួលទេ វាពិបាកណាស់» ។

          គឺក្នុងស្មារតីយកឧត្តមផលប្រយោជន៍ជាតិ និងប្រជាជនជាធំនេះហើយ ដែលប្រជាជន​ខ្មែរស្នេហាសុខសន្តិភាពចង់ឃើញគណបក្សប្រឆាំងមួយនេះ លះបង់គោយនយោបាយជ្រុល​និយម ហើយវិលមករកផ្លូវកណ្តាល គឺប្រកាន់យកសម្មាទិដ្ឋិ ការយល់ឃើញ ត្រូវ និងសម្មាវាចា​ការនិយាយត្រូវ ។ល។ តាមកន្លងធម៌ដ៏ល្អបវរនៃព្រះបរមគ្រូនៃយើង ។

          ឥឡូវនេះ គ្មានអ្វីដែលមេដឹកនាំគណបក្សប្រឆាំងរូបនោះត្រូវបារម្ភទេ ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកធ្លាប់បានប្រកាសម្តងជាពីរដងរួចមកហើយ ក្នុងករណីគណបក្សប្រជា​ជនចាញ់ឆ្នោត លោកត្រៀមទទួលស្គាល់លទ្ធផលបោះឆ្នោតភ្លាម «សូមមកវិមានសន្តិភាព ខ្ញុំ​ប្រកាសផ្ទេរតំណែងឲ្យដោយមិនចាំបាច់មានកង្វល់នោះទេ» ។ ប៉ុន្តែ អ្វីដែលលោកត្រូវខ្វល់​នោះ គឺរូបលោកជាទណ្ឌិត គឺរូបលោកជាបញ្ហា ដោយលោកមិនបានប្រកាន់យកសម្មាទិដ្ឋិ និងសម្មាវាចា ដោយរូបលោកបានពោលពាក្យចង់សាបព្រោះអំពើហិង្សាចំពោះជាតិ និងប្រជា​ជនរួមជាតិរបស់លោក ។ រាជរដ្ឋាភិបាល និង សម្តេចតេជោ ហ៊ុន សែន មិនមែនជាបញ្ហាទេ ដូចអ្វីដែលអតីតប្រធានាធិបតី Bill Clinton ធ្លាប់បានថ្លែងថា «រដ្ឋាភិបាលមិនមែនជាបញ្ហាទេ ហើយរដ្ឋាភិបាលក៏មិនមែនជាដំណោះស្រាយដែរ ។ យើងប្រជាជនអាមេរិក យើងជាដំណោះ​ស្រាយ» ។ (យោងសេចក្តីថ្លែងការណ៍របស់លោក Bill Clinton ក្នុងពិធីសម្ពោធតំណែងប្រធា​នាធិបតីអាណត្តិទី ២ ថ្ងៃ ២០ ខែ មករា ឆ្នាំ ១៩៩៧) ៕

សាន់ដ្រា  អេង
ទីប្រឹក្សាអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស