Saturday, November 26, 2011

បទសម្ភាសន៍​រវាង​លោក​បណ្ឌិត ឈឹម ផលវរុណ ប្រ​ធាន​វិទ្យា​ស្ថាន​ពល​រដ្ឋ​វិជ្ជា​ ជា​មួយ​លោក ជុំ កុសល ក្នុង​កម្ម​វិធី បញ្ញា​ជន ស្តីពីចេតនា​ធ្វើឲ្យ​អធម្មនុញ្ញ​ភាព​​សភា របស់​គណ​បក្ស សម រង្ស៊ី​


ថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០១១
លោកជុំ កុសល
សំណួរ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ​២៤ ម្សិលមិញនេះ សភាបានប្រជុំអនុម័ត​សេចក្តីព្រាង​​ច្បាប់​​ស្តីពីការគ្រប់គ្រង​ថវិកាជាតិ​ ឆ្នាំ២០១២​។​ ក្នុងនោះយើងសង្កេតឃើញថា​សមាជិក​សភាដែលចូលរួម មានគណបក្សប្រជាជនកម្ពុជាចំនួន៤២រូប គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ០២​រូប គណបក្ស​នរោត្តមរណរិទ្ធិ​ ០២រូប​ សរុបគឺ៨៦រូប​ ហើយបាន​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ជាឯកច្ឆ័ន្ទ គឺ៨៦/៨៦​​ ដោយលើសកូរ៉ុមទៀត​​។ ដោយឡែក គណបក្ស សម រង្ស៊ី គាត់បានរៀបចំធ្វើសន្និសីទ​សារ​ព័ត៌មាន​​មួយដូចជាការ​ឈ្លោះជាមួយ​អ្នក​ សារព័ត៌មាន​​អញ្ចឹង​​ ដោយលើកថា​គឺជាសកម្មភាពអហឹង្សា​ស្របច្បាប់​ ដោយ​គាត់​គិតតែ​ពីលើក​ពីមាត្រា​៧៦​នៃរដ្ឋធម្មនុញ្ញ​ ដោយមិនពិចារណាទៅលើខ្លឹមសារនៃច្បាប់នោះទេ​។​តាម​ពិត​​នៅក្នុង​មាត្រា៧៦ នៃរដ្ឋធម្មនុញ្ញគឺបានសរសេរច្បាស់អំពីសមាសភាព អំពីចំនួន​សមាជិក​​សភានៅក្នុងរដ្ឋសភា​ ដែលនិយាយថា​ចំនួន​​នៃអ្នកតំណាងរាស្ត្រ​សរុបគឺ​មាន​យ៉ាងតិច​​​១២០រូប​​ ប៉ុន្តែការបកស្រាយរបស់គណបក្ស សម រង្ស៊ី​ គាត់បែរទៅជា​និយាយថា​រដ្ឋសភា​មាន​ចំនួនយ៉ាងតិច​១២០​រូប​ ហើយបើក្រោម១២០រូប នោះវាទៅជា​មិនគ្រប់ទឹក​ទៅវិញ​ នេះជាសិទ្ធិលើកឡើងរបស់គាត់ទេ ប៉ុន្តែ​លោកគ្មាន​សមត្ថកិច្ចក្នុង​ការបកស្រាយ​រដ្ឋធម្មនុញ្ញ​ទេ​។ ព្រំដែនសមត្ថកិច្ចគឺមាន​តែមួយគត់ដែលមានសិទ្ធិ គឺស្ថាប័នក្រុមប្រឹក្សាធម្ម​នុញ្ញ​ ដែល​លោក​មាន​សមត្ថកិច្ចបកស្រាយ​។ ជុំវិញ​បរិបទនេះ តើលោកបណ្ឌិត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ដែរ សូម​​ធ្វើ​អត្ថា​ធិប្បាយជូនជនរួមជាតិ​?​​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ បញ្ហានេះ ទី១ ខ្ញុំចង់ជម្រាបជូន​ប្រជាពលរដ្ឋខ្មែរ​ទូទៅ​ ហើយក៏​ជា​ទស្សនៈ​មួយទៀត​​ដើម្បី​ឲ្យ​បរ​ទេស​មើល​ឲ្យ​ឃើញ​​ ចរិតលក្ខណៈរបស់គណបក្សប្រឆាំង​នៅកម្ពុជា​។​
កាលណាយើងនិយាយអំពីនីតិរដ្ឋ គឺយើងអត់និយាយអំពីការពេញចិត្តទេ​ គឺយើង​និយាយ​អំពី​ការគោរពនូវរដ្ឋធម្មនុញ្ញ​ ដោយយើងបានព្រមព្រៀងគ្នា​ចែង​ និងបង្កើ​តនូវ​ស្ថាប័ន​ធម្មនុញ្ញ​មួយនេះ​ ដែលមានឈ្មោះថាក្រុមប្រឹក្សាធម្មនុញ្ញ​ សម្រាប់បកស្រាយរដ្ឋធម្មនុញ្ញ​។​ រឿងមាត្រា៧៦នេះ គឺក្រុមប្រឹក្សាធម្មនុញ្ញ​ធ្លាប់បាន​បកស្រាយ​ជូនក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ម្តងហើយដែលស្នើ​ឲ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ ហើយ​បាន​បកស្រាយ​ជាផ្លូវការ​រួច​ទៅ​ហើយ​។ ដូច្នេះទោះបីពេញចិត្ត ឬមិនពេញចិត្ត ត្រូវនឹងឆន្ទៈ ឬមិន​ត្រូវ​នឹងឆន្ទៈ​ ជាទម្លាប់នៃការគោរព និងប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ​​ និងនីតិរដ្ឋ គឺគេ​ត្រូវ​គោរព​នូវការ​សម្រេច​របស់​​​ស្ថាប័ននេះ គឺបានចែងថា បិទផ្លូវតវ៉ា​ ហើយជា​ការ​សម្រេចចុងក្រោយបង្អស់ គ្មាននរណាមកជំទាស់បានទេ​ ។ អញ្ចឹង​ទោះបី​ជា​ចិត្តយើងចង់ ឬមិនចង់​ក្នុង​ការសម្រេច គឺយើងត្រូវមានទម្លាប់មួយ​ក្នុងការគោរព និង​ទទួល​យក​ នូវ​សេចក្តី​សម្រេច​របស់​​ក្រុមប្រឹក្សាធម្មនុញ្ញ នោះយើងនឹង​អាចអភិវឌ្ឍប្រទេស​ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​ ដោយ​ផ្អែក​ទៅលើការពង្រឹងនូវនីតិរដ្ឋ​នេះឯង​។​​ ប្រសិនបើយើងមិន​គោរព ហើយ​យកឆន្ទៈ​ប្រឆាំង​របស់​យើងទៅតតាំង​ ពេលនោះ​ប្រទេស​យើងនឹង​កើត​ចលាចល​​ហើយ​ នៅពេល​ដែល​យើង​មិនគោរពនូវគោលការណ៍នេះ​។​ ម្យ៉ាងទៀត​សិទ្ធិនៃការបកស្រាយក្រៅផ្លូវការ​ គឺគាត់​អាច​បកស្រាយបាន ប៉ុន្តែការបកស្រាយក្រៅផ្លូវការនេះ​គឺត្រូវគោរពក្រុមប្រឹក្សាធម្មនុញ្ញ​។ គាត់អាច​និយាយ​ទៅតាមការ​យល់​របស់​គាត់បាន ដូចវេទិការរបស់យើងអញ្ចឹងដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋអាច​ពិចារណា​​ទៅ​តាម​ការមើល​ឃើញ​របស់​យើង​ដែរ​។ ប៉ុន្តែ​ទោះបី​ជា ​យ៉ាង​ណា​ គឺយើង​ត្រូវគោរ​ព​ទៅតាម​គោល​ការណ៍​នៃការ​សម្រេច និងបិទផ្លូវតវ៉ា​ និងការ​សម្រេច​ចុង​ក្រោយ​​របស់ក្រុមប្រឹក្សាធម្មនុញ្ញ​។​
ទាក់ទងទៅនឹងការបកស្រាយខុសឆ្គងរបស់គណបក្ស សម រង្ស៊ី​ កាលពីម្សិលមិញ វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​ក៏បាន​តាម​ដាន​មើល​ផងដែរ ព្រោះនេះគឺជាកិច្ចការរបស់វិទ្យាស្ថាន​ដែលត្រូវយល់ដឹងអំពីការវិវឌ្ឍ​​ នៃសង្គមខ្មែរពីមួយថ្ងៃទៅមួយថ្ងៃ​​នៅក្នុងសង្គមខ្មែរ​។ ​ការធ្វើ​សន្និសីទ​​កាសែត​របស់​គាត់ យើងឃើញថាមានចរិតមួយមិន​សុច្ចរិត​ មានន័យថា​បើគាត់​អាន​​រដ្ឋធម្មនុញ្ញ​ឲ្យត្រូវឃ្លាសិន រួចចាំនិយាយ​តាមទស្សនៈរបស់ខ្លួន នោះវាមិនអីទេ​ ប៉ុន្តែ​គាត់​​មិនអានទេ​ គឺគាត់​និយាយ​ខុស​អត្ថន័យ​ ដោយលើកឡើងថា មាត្រា៧៦ចែងថា​សភា​អាច​ដំណើរការទៅបានលុះត្រាតែមានចំនួនសមាជិក​យ៉ាងតិច​១២០​ គឺគាត់ថា​រដ្ឋធម្មនុញ្ញ​ចែងអញ្ចឹង ដូច្នេះ​ត្រង់នេះ​​គឺខុសបាត់​ទៅហើយ​។
-មតិលោក ជុំ កុសល​
ខ្ញុំបានមើលច្បាស់ នៅក្នុងវាក្យខ័ណ្ឌទីមួយ គេសរសេរ​ថា​ « រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រ​យ៉ាងតិច​១២០​រូប​ »។​
-មតិលោកបណ្ឌិត ឈឹម ផលវរុណ​
ត្រង់ចំណុចនេះ គាត់គួរតែអាននូវឃ្លាជាក់លាក់សិន រួចចាំ​ធ្វើការបកស្រាយ​ជា​ក្រោយ​​ចុះ​ ប៉ុន្តែគាត់បែរជាទៅ​និយាយថា រដ្ឋធម្មនុញ្ញចែងថា «​ រដ្ឋសភា​អាចដំណើរ​ការ​ទៅ​បាន​​​​ទាល់តែមានសមាជិកសភា​១២០រូប​ » គឺគាត់ ​ចាត់​ទុកជារបៀបកូរ៉ុមទៅវិញ​។ ពាក្យថា​ដំណើរការទៅបានគឺថា​ទាល់តែមានតួលេខចាំបាច់​នៃ​វត្តមានតំណាងរាស្ត្រ​ ដែល​គេហៅថា​កូរ៉ុម​ហើយ​។​ ដោយសារគាត់ចង់ធ្វើអ្វីទៅតាមទំនើងចិត្ត​ តាមឆន្ទៈនយោបាយរបស់គាត់​នៃ​ភាព​ងប់ងល់ខាងប្រឆាំងរបស់គាត់នោះហើយ ដែលចេះតែទាញគាត់​ពីរឿងសមាជិកភាព ឲ្យ​ទៅ​ជារឿងកូរ៉ុម ដូច្នេះគាត់ត្រូវកាឡៃរដ្ឋធម្មនុញ្ញ​។​ ខ្ញុំមានថតសម្លេង​ទុក ប្រសិន​បើ​គណបក្ស​ សម រង្ស៊ី គាត់ជំទាស់​យើងអាចចាក់ផ្សាយ​រឿងនេះបាន​។​​ចំណុចមួយទៀត​ បើ​និយាយ​អំពីខ្លឹមសារ តើមាត្រា៧៦ មានន័យយ៉ាងម៉េច​?​ ខ្ញុំ​សូមរៀប​រាប់​ចាប់​ពីវា​ក្យ​ខណ្ឌ១ វាក្យខណ្ឌ២ រហូតដល់វាក្យខណ្ឌ៥​។ វាក្យខណ្ឌ១ គឺដូចលោក ជុំ កុសល អានរួចហើយ​ថា​៖​ » រដ្ឋ​សភា​មាន​សមា​ជិកជាអ្នកតំណាងរាស្ត្រយ៉ាងតិច​១២០​រូប »​ ។ វាក្យខណ្ឌ២​បានបញ្ជាក់​តទៅ​ទៀត​ថា ចំនួន១២០រូបនេះ គឺ​បាន​មកពីការបោះឆ្នោត​ជាសកល ដោយស្មើភាព​ និង​គោលការណ៍​ទាំងប៉ុន្មាន​នោះ​គឺគេរៀប​រាប់​ទាំង​អស់​នៅក្នុង​រដ្ឋ​ ធម្មនុញ្ញ ហើយនៅក្នុង​វាក្យខណ្ឌ​៥ គេបាន​បញ្ជាក់ទៀតថា​ អង្គការដែលមានសមត្ថកិច្ច​រៀបចំ​ការ​បោះឆ្នោត និង​បែបបទ​នៃការប្រព្រឹត្តទៅនៃការបោះឆ្នោត​ គឺត្រូវកំណត់​នៅក្នុង​ច្បាប់​បោះឆ្នោត​​។ ដូច្នេះ​រដ្ឋ​ធម្មនុញ្ញ​បានកំ​ណត់​ហើយ​ថាឲ្យទៅមើលអំ​ពី​ការកំណត់​នៃ​ច្បាប់​ បោះឆ្នោត​ គឺច្បាប់នេះ​បាន​ចែងអំពីការបោះឆ្នោតដោយសេរី​ ដោយស្មើភាព ដោយ​ចំពោះ ដោយវិធី​ជ្រើស​ឆ្នោត​ជា​សម្ងាត់ ជាសកល​ ជាដើម​គឺបានចែងនៅក្នុងច្បាប់បោះឆ្នោត​។​ អញ្ចឹង​យើង​ត្រូវ​ពិនិត្យ​មើល​​ថា តើកម្ពុជាបោះឆ្នោត​ផ្អែកលើប្រព័ន្ធ​អ្វី​ គឺយើងបោះឆ្នោតផ្អែកលើប្រព័ន្ធសមាមាត្រ​ តាម​មណ្ឌលបោះ​ឆ្នោត​ខេត្តក្រុង​។ មានន័យថាកម្ពុជាបោះឆ្នោតរដ្ឋសភាហ្នឹង​ គឺបោះឆ្នោត​ទូទាំង​ប្រទេស​ ដោយ​បែង​ចែក​ជាមណ្ឌល​ខេត្តក្រុង​ចំនួន​២៤​ បានសេចក្តី​ថា​យើង​មិនមែន​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ ក្រៅពីអ្វីដែលច្បាប់កំណត់នោះទេ​។ អញ្ចឹង​គឺមាន​ការ​បែងចែក​អាសនៈ​នៅតាមមណ្ឌលទូទាំងខេត្តក្រុងទាំង២៤​។ ដូច្នេះសម្រាប់​រដ្ឋសភា​នីតិកាល​​​ទី៤នេះ គឺច្បាប់បោះឆ្នោតបា​ន​កំណត់ថា​គឺ​មាន​អាសនៈ​ទូទាំង​ខេត្តក្រុង​គឺ​មាន​ចំនួន ​១២៣​។ ចំនួន១២៣នេះគឺត្រូវបែងចែកទៅតាមមណ្ឌលខេត្តក្រុងទាំង២៤​ ដោយ​គណនា​​ទៅតាមចំនួនប្រជាពលរដ្ឋ​ បរិស្ថាន​ផ្សេង​ៗទៀតដែលមានចែងនៅក្នុងច្បាប់​។ ឧទាហរណ៍ ភ្នំពេញមាន១២អាសនៈ​ កំពង់ចាមមាន១៨អាសនៈ​ កំពង់ស្ពឺមាន៦ តាកែវមាន​៨​ ខេត្តកណ្តាលមាន១១ ឬបាត់ដំបងមាន៨ ។ល។​ បានន័យថា​អ្នកភ្នំពេញ​បោះឆ្នោត​ជ្រើសរើស​​អ្នកតំណាងរាស្ត្រសម្រាប់​ មណ្ឌលភ្នំពេញ អ្នកកំពង់ស្ពឺ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាងរាស្ត្រ​សម្រាប់៦អាស​នៈ​ នៅកំពង់ស្ពឺ​។​បន្តមកទៀត​ ចំពោះគណបក្ស​ណា​ដែលចង់​ឈរ​ឈ្មោះបោះឆ្នោតអាចជ្រើសរើស​មណ្ឌលបោះ​ឆ្នោត​ឈរ​បាន​ អាចឈរ​ទាំង២៤ខេត្ត​ក្រុង​ក៏បាន អាចឈរតែមណ្ឌលតែមួយក៏បាន​ ឬក៏ពីរក៏បាន អាស្រ័យ​លើ​លទ្ធភាព​នៃ​គណបក្ស​នីមួយៗ​​។ អញ្ចឹង​ហើយបានជានៅ​ក្នុងតារាង​គណបក្ស​នោះមិនមែន​គណបក្ស​ទាំងអស់​​ឈរ​គ្រប់​ មណ្ឌល​​ខេត្តក្រុងនោះទេ​​​​​ គឺមានតែគណបក្សប្រជាជនកម្ពុជា និងអាច​គណបក្ស សម រង្ស៊ីដែរ​ អាចមានលទ្ធភាពឈរ​គ្រប់មណ្ឌលខេត្តក្រុងទាំង២៤​។ ប៉ុន្តែ​គណបក្ស​ដ៏ទៃទៀតគឺមិនអាច​​ឈរបានគ្រប់នោះទេ។​ ដូច្នេះការ​ប្រកួតប្រជែង​គឺ​ប្រកួត​ដណ្តើម​​យកអាសនៈនៅតាមខេត្តក្រុងនីមួយៗ​​ ។​ ឧទាហរណ៍ នៅកំពង់ស្ពឺ គឺត្រូវប្រកួត​ប្រជែង​គ្នាដណ្ដើម​យក៦​អាសនៈ​នោះហើយ​ ។ដូច្នេះច្បាប់បោះឆ្នោតបានតម្រូ​វ​ឲ្យ​គណបក្ស​​នីមួយៗរៀបចំបញ្ជី​ បេក្ខជនគណបក្ស​រៀងៗខ្លួន​។​ បញ្ជីបេក្ខជននេះ ច្បាប់​បោះឆ្នោត​បានកំណត់ហើយថា ចំនួនបេក្ខជន​ត្រូវស្មើនឹងចំនួនអាសនៈនៅ​តាមមណ្ឌល​ខេត្ត​ក្រុង​នីមួយៗ​​។ បានន័យថា​ បើនៅកំពង់ស្ពឺ​ចំនួន​អាសនៈមាន៦​ អញ្ចឹង​គណបក្ស​នីមួយៗ​ត្រូវ​រៀបបញ្ជី​បេក្ខជន​គណបក្ស​របស់​ខ្លួន​​ គឺបេក្ខជនពេញសិទ្ធិចំនួន៦នាក់​។ ជាមួយ​គ្នា​នោះគឺត្រូវមានបេក្ខជនបម្រុង​៦រូបទៀត​។ ដូច្នេះ​ហើយ​បាន​ជានៅ​ក្នុងបញ្ជី​ឈរ​ឈ្មោះ​បេក្ខជន​​របស់គណបក្សនីមួយៗ​ គឺត្រូវមាន១២រូប សម្រាប់ខេត្តកំពង់ស្ពឺ​ ដែល​មាន​៦​អាសនៈ​​។ អញ្ចឹងតួលេខ​នៃបេក្ខជនឈរឈ្មោះសម្រាប់គណបក្ស​មួយគឺច្រើន​ជាង​ចំនួន​អាសនៈ​ ពិតរួចទៅហើយ​។ ទី២ គឺប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើស​បញ្ជីបេក្ខជន​របស់​គណបក្ស​ គឺមិនជ្រើសរើសតាមបែបឯកត្តនាមទេ​។ អញ្ចឹង​ជាក់​ស្តែង​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០០៨ គណបក្ស សម រង្ស៊ី​ ប្រកួតប្រជែងបានឈ្នះ១ អាសនៈ សម្រាប់​មណ្ឌល​កំពង់​ស្ពឺ​នេះ​ ឯគណបក្សប្រជាជនកម្ពុជាបានឈ្នះ៥ អាសនៈ​។ នៅក្នុង​ច្បាប់បោះឆ្នោត​គេបាន​បែងចែក​​តាម​លេខ​រៀង​ជាបន្ត​បន្ទាប់មកទៀត​ ដូច្នេះសម្រាប់គណបក្ស សម រង្ស៊ី ​ដែល​ទទួល​បាន១ អាសនៈ អ្នកដែលឈរលេខរឿងទី១​ គឺមានអាទិភាពទៅអង្គុយកៅអីនោះឯង​។​ ចំណែកអ្នកដែលមានលេខរៀងទី២ ឬទី៣ គឺមិនទាន់មានសិទ្ធិទេ តែអ្នកទាំងនោះ​គឺមាន​សិទ្ធិ​ត្រៀមជំនួសអ្នកលេខរៀងទី១ដែរ នៅពេលដែលអ្នកទីមួយទទួលមរណៈ ឬលាឈប់​ អញ្ចឹង​អ្នកដែល​ត្រៀមធ្វើជាសមាជិករដ្ឋសភា​ មានច្រើនជាង១២៣​ទៅទៀត​ គឺអត់មាន​ខ្វះ​ទេ​​។ ចំណែក​អាសនៈ​គឺគេ​បានកំ​ណត់​រួចទៅហើយ​គឺ១២៣ សម្រាប់​រដ្ឋសភា​នីតិកាលទី៤​នេះ​ ដូច្នេះគឺមិនមែនមិនគ្រប់​១២០នោះទេ អញ្ចឹងគឺ​សភា​មាន​គ្រប់​លក្ខណៈ​ហើយ​។​ ដូច្នេះ​គឺ​អត់មានការបោះឆ្នោត​តទៅទៀតទេ បានន័យ​ថាប្រជា​ពល​រដ្ឋនៅខេត្តកំពង់ស្ពឺ បោះ​ឆ្នោត​គាំទ្រ​​​​បញ្ជីបេក្ខជនគណបក្ស​រួចហើយ​។ ដូចនេះ​នៅពេល​ដែល​អ្នក​ដែលមានលំដាប់ទី១ លាលែង​ពីសមាជិកភាព កៅអីនោះ​គឺនៅតែជាអាសនៈបុព្វសិទ្ធិរបស់គណបក្ស សម រង្ស៊ី​ ដដែល​ទេ ប៉ុន្តែគណបក្ស សម រង្ស៊ី ត្រូវបញ្ជូន​អ្នកលេខរៀងបន្ទាប់មកជំនួស​។ ផ្ទុយទៅវិញ បើគណបក្ស​​សម រង្ស៊ី​ អត់បញ្ជូន មានន័យថា​គាត់​មានចេតនាទុកអាសនៈនៅទំនេរ ។ ការទុកអាសនៈ​​​ឲ្យនៅទំនេរមិនមែនមានន័យថាកាត់បន្ថយកៅអី​ ឬក៏កាត់បន្ថយ​សមាជិក​​​រដ្ឋសភា​ទេ​ គឺសមាជិកនៅតែ១២៣ដដែល​ គ្រាន់តែគណបក្ស សម រង្ស៊ី​មិនបញ្ជូន​មនុស្ស​ទៅ​​។ ការមិន​បញ្ជូន​នេះគឺ​​គណបក្ស សម រង្ស៊ីត្រូវទទួលខុសត្រូវចំពោះម្ចាស់ឆ្នោត​នៅ​ខេត្តកំពង់ស្ពឺ​ ចំណែកឯរដ្ឋសភា​គឺនៅតែ​មាន​ចំនួន​១២៣​ដដែលទេ​ ហើយ​ក៏មិនមែន​ជា​ឧបសគ្គ​សម្រាប់រដ្ឋសភានោះទេ​។​
ចំណុចមួយទៀតប្រសិនបើគណបក្ស សម រង្ស៊ី ក្លាហាន​ហ៊ានបញ្ជាក់ជាផ្លូវការ​មក​រដ្ឋសភា​​ថា​ មិនលាលែង​តំណែងតែ​ម្នាក់​ទេ តែបើហ៊ានអះអាងជាផ្លូវការថា លះបង់អាសនៈ​នៅ​ខេត្កំពង់ស្ពឺ​ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ​​នោះគឺ​មិន​មែន​ ជារឿង​របស់រដ្ឋសភាដែរ វាជា​រឿង​របស់គណបក្ស សម រង្ស៊ីខ្លួនឯងដែលបានបោះបង់ចោលអាសនៈ​។ ដូច្នេះ​អាសនៈ​នោះគឺមិនទំនេរទេ​ ពីព្រោះខ្លួនបានបោះបង់បុព្វសិទ្ធិរបស់ខ្លួនហើយ អញ្ចឹង​អាសនៈនៅ​សល់នោះ​ គឺត្រូវបែងចែកទៅតាមច្បាប់បោះឆ្នោត​ដោយគណនាទៅតាម​មធ្យមភាគ​ខ្ពស់​ទៅ​ ឲ្យគណបក្សណា​ដែលមាន​មធ្យមភាគ​ខ្ពស់ជាង​គេ​ ហើយអាសនៈ​នោះ​គឺ​ត្រូវ​បានទៅ​គណបក្ស​នោះហើយ​។​ ប៉ុន្តែរហូតមកដល់ពេលនេះ គណបក្ស សម រង្ស៊ី មិនទាន់​ក្លាហាន​ប្រកាស​ថាបោះបង់ចោលអាសនៈទាំងបី ដែលខ្លួនបានលាលែងនោះទេ​ គឺ​គ្រាន់​​តែ​បោះចោល​ជាសមាជិកភាពតែប៉ុណ្ណោះ​។​
-មតិលោក ជុំ កុសល​
រឿងរបស់គណបក្ស សម រង្ស៊ីនេះ គឺលោកដើរទៅធ្លាក់រណ្តៅដោយខ្លួនឯងទេ​ តែ​នៅ​ពេលដែលខ្លួនធ្លាក់​ហើយបែរជាមកតាំងខ្លួនថាធ្វើដើម្បីជាតិ​ទៅវិញ។ តាម​ពិត​ចេតនា​របស់​គណបក្ស សម រង្ស៊ី​ គឺគាត់ចង់​ដកសមាជិក​ភាពចេញ ដោយធ្វើម៉េច​ឲ្យ​នៅ​ក្រោម​​១២០​ ដោយយកឡេះទៅលើមាត្រា៧៦ តែការអះអាងរបស់គាត់នោះគឺវាអត់ត្រូវ​។ ការ​ដែល​មានគំនិតចង់ឲ្យសភាគាំង ធ្វើការអត់កើតនេះ​គឺមិនអាចទៅរួចទេ ពីព្រោះ​គេ​មិន​អនុញ្ញាត្តិ​​អ្នកឯងធ្វើផ្គរធ្វើភ្លៀង​ស្រេចតែចិត្តនោះទេ​។ បើសិន​ជាគណបក្ស សម រង្ស៊ី គាត់ធ្វើ​អញ្ចឹង​បានមែននោះ ហើយសភាត្រូវគាំង​មែននោះ​ វាធ្វើឲ្យ​ប្រទេស​ក្លាយ​ទៅ​ជា​អាណា​ធិប​តេយ្យ​ជាមិនខាន​​។ នៅកម្ពុជាសុពលភាពនៃសភា គឺយើង​បានធ្វើ​តាំង​ពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៨​ ក្រោយពីបោះឆ្នោត៦០ថ្ងៃ​ ដោយមានព្រះមហាក្សត្រ​ យាង​ជាព្រះរាជាធិបតី​​ដ៏ខ្ពង់ខ្ពស់ នៅក្នុងកិច្ចប្រជុំ​ដំបូង​នៃរដ្ឋសភាដែលមានសមាជិក១២០រូប​ ទើប​យើង​បង្កើត​រដ្ឋាភិបាល​បាន​ ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ និង​សមាជិក​រដ្ឋាភិបាលដំណើរការមក​ពាក់កណ្តាលអាណត្តិទៅហើយ​ គាត់បែរជា​ទើបតែនឹក​ឃើញ​ដកខ្លួន​​ឲ្យនៅក្រោម១២០ ដើម្បីឲ្យ​សភាអធម្មនុញ្ញភាព​។ ដោយសារ​តែគាត់ធ្វើ​របៀប​នេះ​ហើយបានជា ច្បាប់បោះឆ្នោត​នៅក្នុងជំពូក៩ មាត្រា​១២០ថ្មីនៃច្បាប់បោះឆ្នោតរបស់គ ជ ប គេបានកំណត់ ចៀសវាងខ្លាចខូចអញ្ចឹង​។ច្បាប់បោះឆ្នោតនៅក្នុងមាត្រា១២០ថ្មី បាន​សរសេរ​ច្បាស់ ថាសមាជិកសភាណាដែលលាលែង​ អ្នកបន្ទាប់ត្រូវ​ឡើងមក​ជំនួស​​ តែបើ​គ្មាន​អ្នកជំនួស ច្បាប់​ គ ជ ប គេមិនទុកឲ្យ​អាសនៈនោះនៅទំនេរទេ​ ពីព្រោះចំនួននៃ​សមាជិក​សភាមាន១២៣រូប តែបើលាលែង៣រូប គេមិនទុកឲ្យនៅ​១២០ទេ​​គេត្រូវតែ​បំពេញ​ឲ្យ​គ្រប់១២៣វិញ​ ដើម្បីឲ្យសភានៅមានចំនួនគ្រប់​ដដែល​។ ដូច្នេះ​បើសិន​ជាគណបក្ស​លាលែង​​នោះមិន​មានអ្នកជំនួស អញ្ចឹងគេត្រូវបែងចែកទៅតាមចំនួនសមាមាត្រពីធំទៅតូច​។​ ឥឡូវគណប​ក្ស​ សម រង្ស៊ី ថាដក​ ៤នាក់ទាំងលោក សម រង្ស៊ី អញ្ចឹងសមាជិកសភា​គឺនៅ​សល់​១១៩​រូប​ ដែលជាចេតនាដើម្បីធ្វើ​កុំឲ្យសភាទៅមុខរួច​។ ចំណុចនេះគឺខុសហើយ ពីព្រោះ គ ជ ប​ តាមច្បាប់ដែលមានចែងគឺមិនអនុញ្ញាតិឲ្យទុកបែបនេះទេ​។ បើអ្នកឯង​មិន​ជំនួស​ នោះគេនឹងយក​ចំនួនអាសនៈ​៣ដែលអ្នកឯងលាលែងនោះទៅបែងចែកហើយ​ គឺទៅ​ឲ្យ​គណបក្ស​​ផ្សេងៗដែលមានសម្លេង​នៅក្នុងសភា​នោះ​ដើម្បីឲ្យមាន​លំនឹង គឺចំនួន១២៣​ដដែល​​ ពីព្រោះច្បាប់បានកំណត់អញ្ចឹង​។​
គំនិតរបស់គណបក្ស សម រង្ស៊ី​ គាត់ចង់ធ្វើការលាលែង៣ ឬ៤ រូបចេញទៅដើម្បី​ឲ្យ​រដ្ឋាភិបាល​ត​ថ្លៃ​ ឬចរចារ ប៉ុន្តែសម្តេចតេជោ លោកបានបញ្ជាក់យ៉ាងច្បាស់​ ដោយ​ប៊ិចក្រហម​ទៅទៀតថា « អត់ឆ្កួតទេ​ ទៅឆ្កួតតែឯងទៅ​ ហើយបើជ្រុលទេ លាលែង​ទាំង២៦​ទៅ​ » ហើយចាំមើលថាតើនីតិវិធីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ត្រូវធ្វើម៉េច​នៅ​ពេល​ដែលអ្នកឯងលាលែង​ទាំង២៦នោះ។​ចំណែកលោក សម រង្ស៊ី គាត់បែរ​ជា​ទៅ​និយាយ​​ផ្សេងថា តាមមាត្រា១២០ថ្មីរបស់ គ ជ ប លុះត្រាតែ​រំលាយគណបក្សហ្នឹង​ ទើប​បាន​​​គេរើសយកមកបែងចែក ។ ចំណុចនេះគឺខុសហើយ​គឺមិនចាំបាច់រំលាយទេ​ ពីព្រោះ​លោកបណ្ឌិតបានបកស្រាយច្បាស់ហើយ ហើយ​លោក​មាន​ជំនាញ​ច្បាស់ខាង​នីតិរដ្ឋ​ធម្ម​នុញ្ញ​​នេះ​។​ ដូច្នេះ​សូមឲ្យជនរួម​ជាតិ​ពិចារណា​ទៅលើ​ទង្វើ​របស់​គណបក្ស សម រង្ស៊ី​ គឺ​មិនអាច​តាំងខ្លួនជាវីរៈបុរសជាតិទេ​ ប៉ុន្តែគឺជា​ចេតនា​ចង់​ធ្វើ​វិទ្ធង្សនា​​នៃដំណើរ​ការ​សភា​​ ដើម្បីឲ្យសភាគាំ ឲ្យសភារលាយនិងរលាយទៅដល់រដ្ឋាភិបាលទៀត ដូច្នេះ​ទង្វើ​របស់​គាត់​នេះ​គឺ​ជាចេតនាអាក្រក់ខ្លាំងណាស់​ ហើយជាទង្វើខុសឆ្គង​ទាំងស្រុង​តែម្តង​។ ការធ្វើ​​របៀប​នេះ​មិនអាច​ធ្វើឲ្យបរទេសមើលមកឃើញថា​​អធម្មនុញ្ញភាព និងដាក់​ការគាបសង្កត់​មក​លើ​រាជរដ្ឋាភិបាល​បានទេ​។ បើសិនជាបរទេសគេដឹងរឿងហ្នឹង គឺ​គេ​សើច​ចំអកឲ្យគណបក្ស សម រង្ស៊ី ទៅវិញទេ​។ នេះគេហៅថាអត្តឃាតនយោបាយ​ ការធ្វើ​អត្តឃាតនេះ​គឺ​ធ្វើ​ទាំង​ល្ងង់​ទៅ​ទៀត​​។​
-មតិលោកបណ្ឌិតឈឹម ផលវរុណ​
ខ្ញុំចង់បញ្ជាក់ថាទង្វើរបស់គណបក្ស សម រង្ស៊ី គឺ​គាត់ចង់​អះអាង​ថាគាត់ចង់​ធ្វើឲ្យ​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ ប៉ុន្តែគាត់អត់យល់​អំពីពាក្យវិបត្តិរដ្ឋធម្មនុញ្ញ​នេះទេ​។ ខ្ញុំលើក​ឧទាហរណ៍​មួយ​ សម្រាប់ប្រជាពលរដ្ឋពិចារណា​ នៅក្នុងរដ្ឋធម្មនុញ្ញយើងក៏​បាន​ចែង​ដែរ​។​ ឧទាហរណ៍​រដ្ឋាភិបាលកើតឡើងដោយរដ្ឋសភា​ ហើយបច្ចុប្បន្ននេះគឺត្រូវមាន​ភាគច្រើន​ដាច់ខាត​​​​​៥០ បូកមួយ។ បើសិនជារដ្ឋាភិបាលនោះកើតឡើងដោយសម្ព័ន្ធភាព​រវាង​គណបក្ស​២ ហើយដៃគូរសម្ព័ន្ធភាពនោះ​ធ្វើការជាមួយគ្នាបាន១ឆ្នាំ ឬ២ឆ្នាំ​ ក៏​មាន​ទំនាស់​សម្ព័ន្ធភាព​ បែកគ្នា​នោះវាធ្វើឲ្យរដ្ឋាភិបាល​បាត់បង់នូវ​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​ ចំណុច​នេះមានន័យ​ថារដ្ឋាភិបាលត្រូវផ្តួលរំលំហើយ។ ប៉ុន្តែអត់អាចផ្តួលរំលំរដ្ឋសភា​ទេ​នៅក្នុងរដ្ឋធម្មនុញ្ញក៏មានចែងដែរ​។ រដ្ឋាភិបាលអាចផ្តួល​រំលំ២​ដងក្នុង១ឆ្នាំ​ក្នុងករណីហ្នឹង ទើបអាចទៅរំលាយ​រដ្ឋសភា​។ បានន័យថារដ្ឋសភាអាចរំលាយបាន​លុះត្រាតែ​រដ្ឋាភិបាល​បាត់បង់​សម្លេងភាគច្រើន​ ២ដងក្នុងរយះពេល១២ខែ​។ តែឥឡូវនេះអត់មានបាត់ទេ​ ភាគ​ច្រើន​ដាច់ខាត​ក៏អត់មានបាត់ដែរ មិនចាំបាច់មានរហូតដល់៩០អាសនៈនោះទេ​។ ដូច្នេះ​រដ្ឋាភិបាល​អត់បានផ្តួលរំលំទេ​ ដូច្នេះរដ្ឋសភាក៏អត់ត្រូវបានរំលាយដែរ​ ដូច្នេះគ្មាន​វិបត្តិ​រដ្ឋធម្មនុញ្ញទេ​។​ ទី២​ ដែលគណបក្ស សម រង្ស៊ី ចង់យកមាត្រា៧៦ ឬ១២០យ៉ាងតិចមក​ធ្វើ​ជា​​វិបត្តិរដ្ឋធម្មនុញ្ញ គឺដោយសារគាត់​មាន​ចេតនា​អាក្រក់​តែម្តង​។ រដ្ឋធម្មនុញ្ញ​គឺ​អត់បាន​មាន​វិបត្តិ​ទេ​ មានវិបត្តិគឺគេបានចែងអំពី​សមាសភាព ហើយនឹង​ដំណើរ​ការ​។ ដំណើរការ​ចែង​នៅ​ក្នុង​មាត្រា៨៨ សមាសភាព​ចែង​នៅ​ក្នុង​​មាត្រា​​​​​​៧៦​។ ហើយសមាសភាព​នេះគឺបាន​កើត​យ៉ាង​​ច្បាស់​លាស់​​ ដោយសំអាងនៅក្នុងច្បាប់បោះឆ្នោតទៀតផង​ដោយបញ្ជាក់​ថា១២៣រូប​។​​​ បើ​សិន​ជាច្បាប់​បោះឆ្នោត​សរសេរ​​ថា១១៥រូប​ ឬ១១៩រូប អាហ្នឹង​ទើប​ហៅ​ថា​អធម្មនុញ្ញភាព​ ប៉ុន្តែពេល​នេះគឺមាន​តែលើស​ទៅទៀត​​ ដូច្នេះគឺមិន​មាន​​​បាត់​បង់​នូវ​ធម្មនុញ្ញភាព​ទេ​។​ដូច្នេះ​គណបក្ស​ ប្រឆាំងត្រូវតែពិចារណា​ ខ្លួនចង់​បង្កើត​ឲ្យ​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​​​ទាល់តែ​យើង​យល់​អំពី​ ពាក្យ​វិបត្តិរដ្ឋធម្មនុញ្ញជាមុន​សិន​។ ដូច្នេះ​មិនអាច​មានវិបត្តិ​រដ្ឋធម្មនុញ្ញទេ​ពីព្រោះ​ច្បាប់​បោះឆ្នោត​​ បានបើកទូលាយ​ឲ្យ​មាន​មនុស្សជំនួសរហូត​ ដោយមិនចាំបាច់បោះឆ្នោត​ទេ​ ដោយសារ​យើង​ផ្អែក​លើប្រព័ន្ធ​សមាមាត្រ​ខេត្ត​ក្រុង អញ្ចឹង​អ្នកដែល​ជាប់ឆ្នោត​នោះ​គឺ​មាន​ជាប់ឆ្នោត​​នៅក្នុងបញ្ជីគណបក្ស​​ រួចទៅហើយ​។ ចំណុចមួយទៀត ក៏ត្រូវ​បាន​​ច្បាប់​បោះឆ្នោត​គិតទុករួចជាស្រេចទៀត​។ បើគណបក្ស សម រង្ស៊ី​ មានបុគ្គល​លាលែង តែ​គណបក្ស​ ​សម រង្ស៊ី អត់​បោះ​បង់ចោលអាសនៈទេ​ អញ្ចឹងអាសនៈនោះ​នៅ​តែ​ជា​បុព្វសិទ្ធិ​របស់​គណបក្ស ​សម រង្ស៊ី​ តែអ្នកត្រូវ​បញ្ជូន​មនុស្ស​ទៅជំនួស​ បើសិនមិនបញ្ជូនទៅជំនួស​ ឬយឺតយ៉ាវវាជារឿង​ការទទួល​ខុសត្រូវ​ចំពោះម្ចាស់ឆ្នោត​ បានន័យ​ថាគណ​បក្ស​សម រង្ស៊ី បានធ្វើឲ្យអាក់ខានចំពោះ​សម្លេងប្រជាពលរដ្ឋនៅក្នុង​រដ្ឋសភា​៕​​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​