Thursday, December 15, 2011

ឧបទ្ទវ​ហេតុ​ឧទ្ធម្ភា​គចក្រ​សៀម​រំលោភ​លើទឹក​ដីកម្ពុជា ​កម្ពុជាបាញ់​ដោយ​កាំភ្លើង​AKរា​រាំង សៀម​បាញ់តប​ដោយ​កាំភ្លើង​យន្ត

ដោយ​ ៖ ប្រុសកោះ


ខេត្ត​​​កោះ​កុង ៖ ឧបទ្ទវហេតុ​​​​ស្មាន​​មិន​ដល់មួយ​​បាន​​កើត​​​មាន​នៅ​​​ចំណុច​​​ឈរ​ជើង​​​ របស់​កងទ័ព​​កម្ពុជា​​​​​ ដែល​ឧទ្ធម្គាគ​ចក្រ​​​​សៀមមួយ​គ្រឿង​បាន​​ព្យាយាម​រំលោភ​​​​ដោយ​បំពាន​​​ចូល ​ក្នុង​​ទឹក​ដី​​​កម្ពុជា​ ហើយ​ក៏​​​ត្រូវ​បាន​​​កងទ័ព​​កម្ពុជា​​​​បាញ់​រះ​​​​ដោយ​​​កាំភ្លើង​​​​អាកា ​ ដើម្បី​​​រារាំង​​។ ដោយ​​​ការ​បាញ់​​​រារាំង​​​​ពី​សំណាក់​​​កងទ័ព​​កម្ពុជានោះ ​​ខាង​សៀម​​ក៏​បាញ់​​ដោយ​​កាំភ្លើង​​ដែល​បំពាក់​​លើ​​ឧទ្ធម្ភាគ​ចក្រ​​​​​​​ តប​វិញ​ដែរ​  រួច​ក៏​​ហោះ​​ចូល​​ទៅក្នុង​​ទឹកដី​​របស់​ខ្លួន​វិញ ។  ​នេះ​ជា​​ឧបទ្ទវហេតុ​​​​ផ្ទុះ​​​អាវុធ​​​​លើក​ទី១​​ហើយ ​​​បន្ទាប់​​​ពី​មានការ​​​ស្ងប់​​​ស្ងាត់​​​​​តាម​​បន្ទាត់​​ព្រំ​ដែន​​​ ក្រោយ​​ពេល​ដែល​​​ប្រទេស​​​ថៃ​បាន​​​​​ផ្លាស់​​ប្តូរ​​​​​​រដ្ឋា​ភិបាល​​​ ក្រោយ​​ការ​បោះ​ឆ្នោត​​កាលពី​ខែ​​កក្កដា​ កន្លង​មក​ ។

តាម​​​សេចក្តី​​​រាយការណ៍​​ពី​ហេតុការណ៍​​នេះ​ត្រូវ​ បាន​​ឱ្យ​ដឹង​ថា ​កាលពី​​​វេលា​ម៉ោង​​​​១​និង​​៣០នាទី​​​​​រសៀល​​ថ្ងៃទី​​១៥ ធ្នូ ​២០១១ ​មាន​ឧទ្ធម្ភាគ​​ចក្រ​​​​​ទាហាន​​ថៃ​​មួួយគ្រឿង​​បាន​​ហោះ​​​រំលង​​ចូល​ ក្នុង​​ទឹក​ដី​​កម្ពុជា​ ​​លើ​ចំណុច​​ឈរជើង​​របស់​​វរៈការពារ​​ព្រំដែន​​លេខ​៣០៣​ ចំណុះ​ឱ្យ​​តំបន់​​ប្រតិបត្តិការ​​​​សឹក​​​​កោះ​កុង​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​ភូមិ​​កោះ​​ប៉ោ ឃុំ​​ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីមា​​ ​ខេត្ត​កោះ​កុង ​ហើយ​បាន​ហោះ​​​បន្ទាប​ខ្លួន​​​ទំនង​​នឹងធ្វើ​​ការ​​ចុះ​​ចត​​ត្រង់​ចំណុច​​ ឈរជើង​​​របស់​​កងទ័ព​​​​កម្ពុជា​​ ​តែត្រូវ​​បាន​​កងទ័ព​ចំណុះ​​​​​ឱ្យ​វរៈសេនា​​តូច​លេខ​​៣០៣​ ​ការពារ​ព្រំដែន​​បាញ់​​ប្រហារ​​​ដោយ​​អាវុធ អាកា​​ជា​ច្រើន​គ្រាប់​​​ដើម្បី​​រារាំង​​​កុំឱ្យ​​​មានការ​ចុះចត​ ​។ ​បន្ទាប់​មក យន្ត​​​​ហោះ​​​ឈ្លាន​ពាន​នេះ​ក៏​ធ្វើ​​ការ​​ហោះ​ហើរ​​ចូលក្នុង​​​ទឹក​ដី​​ថៃ ​វិញ ។

តាម​មន្ត្រី​​​យោធា​កម្ពុជា​​មួយ​រូប​​​សុំមិន​បញ្ចេញ ​ឈ្មោះ​​បញ្ជាក់​ថា  យន្ត​ហោះ​​​​ថៃ​បាន​បន្ទាប​​​​ខ្លួន​​​​បម្រុង​​​​ចុះ​ចត​​ត្រង់​​​ចំណុច​​ លេខ​​៣២៦ ជាតំបន់​​គ្រប់គ្រង​​ដោយ​ទាហាន​​​កម្ពុជា​​ វរសេនា​​តូច​លេខ​​​៣០៣​ ​តែត្រូវ​​បានកង​​​ទ័ព​កម្ពុជា​​​បាញ់​រះ​​ដោយ​​អាវុធ​​អាកា​​ ជា​ច្រើន​​គ្រាប់​​សំដៅ​ទៅ​​យន្ត​​​ហោះ​​​នោះ​​ ហើយ​​ខណៈ​​នោះ​ដែរ ទាហាន​​ដែល​​ជិះ​ក្នុង​​​យន្ត​​​ហោះ​​​​ក៏​បាន​​បាញ់​​តបត​មក​លើ​​​កងទ័ព​ កម្ពុជា​យើងវិញ​អស់​ជា​ច្រើន​​គ្រាប់​ដែរ​ដោយ​កាំភ្លើង​យន្ត ។ ប៉ុន្តែ​​មិន​យូរ​ប៉ុន្មាន​​​​​​​​យន្ត​​ហោះ​​ថៃ​​ក៏​ហោះ​​​ចូល​ទៅ​​ ក្នុងទឹក​​ដីគេវិញទៅ ហើយ​ក៏​​មិន​មាន​គ្រោះ​ថ្នាក់​ដោយ​ឧប្បត្តិ​ហេតុ​​បាញ់​តដៃ​គ្នា​​នោះ​ទេ ។ 

មន្ត្រី​​ទំនាក់ទំនង​​​ព្រំដែន​​​កម្ពុជា​​-ថៃ​បាន​​ ថ្លែង​ថា  ពេល​នេះ​យន្ត​ហោះ​​ថៃ​បាន​​ហោះ​ទៅ​ចុះ​ចត​​នៅ​ចំណុច​ខៅ​​ឡាន ​ស្ថិត​​​ក្នុង​ស្រុក​​ខ្លង​​​យ៉ៃ ខេត្ត​​ត្រាត ​ជាបន្ទាយ​​​​របស់​ទាហាន​​​ឈុតខ្មៅ​ថៃ ​ហើយ​​ភាគី​ថៃ​​​បាន​​អះអាង​ថា យន្ត​ហោះ​​របស់​ពួក​​គេ​​ត្រូវ​​​ខូចខាត​​​ដោយ​​​​គ្រាប់​​​កាំភ្លើង​​របស់​ ​ទាហាន​​ខ្មែរ ។ ប៉ុន្តែ​​ការ​ចោទ​ប្រកាន់​​ពុំទាន់​​មាន​ដំណោះ​​ស្រាយ​​​នៅ​ឡើយ ព្រោះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ការពារ​​ជាតិ ៕

ឧទ្ធម្ភាគចក្រ​​ថៃ​មួយ​​គ្រឿង​​ត្រូវ​​បាន​​ទាហាន​​​កម្ពុជា​​​បាញ់​ប្រឆាំង​​បណ្ដាល​ឱ្យ​​ឃ្លីងឃ្លោង​​​ខណៈហោះ​បំពាន​ចូលទឹក​ដីកម្ពុជា


ដោយ​ ៖ ប្រុសកោះ
ខេត្តកោះកុង: ​ ​ឧទ្ធម្ភាគចក្រ​​ថៃ​មួយ​​គ្រឿង​​ត្រូវ​​បាន​​ទាហាន​​​កម្ពុជា​​បាញ់ប្រឆាំង​ បណ្ដាល​ឱ្យ​ឃ្លីងឃ្លោង​​ខណៈហោះ​ចូលមក​ក្នុង​​បូរណភាព​​ទឹកដី​​កម្ពុជា​ត្រង់ ​ចំណុច ៣២៩​ ភ្នំ​តា​មីន​ សិ្ថ​ត​ក្នុងឃុំ​​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង​​ កាលពី​​វេលា​​ម៉ោង ១​ និង ៤០​ នាទី​​រសៀល ​ថ្ងៃទី​១៥​ ធ្នូ ​២០១១ ។
 មន្រ្ដីយោធា ​កម្ពុជា​​ការពារ​ព្រំដែន​បាន​និយាយ​​ឱ្យដឹង​ថា ​ខណៈ​ឧទ្ធម្ភាគ​ចក្រ​​ថៃហោះ​ចូល​​មក​​ក្នុង​បូរណភាព​​​ទឹក​ដី​កម្ពុជា​​ គឺទាហានកម្ពុជា​បាញ់ដោយ​កាំភ្លើងដៃ​ប្រឆាំងដើម្បី​កាពារទឹកដី​ជិត ​១០០​​ គ្រាប់​​ ហើយឃើញថា ​ឧទ្ធម្ភាគចក្រ​​​ថៃនោះត្រូវ​ស្លាបក៏បង្ខំ​​ចុះចត​​ជាបន្ទាន់​​នៅ​ក្នុង​ ទឹកដី​របស់ខ្លួន​វិញ​នៅចំខាវ​ឡាន​ ស្រុកខ្លង​យ៉ៃ​ ​ខេត្តត្រាត​ ដោយមុន​ពេល​ចុះចត​ ​ថៃ​ក៏​បានបាញ់​កាំភ្លើងប្រភេទ​១២​ក្បៀសមក​លើភាគី​កម្ពុជា​វិញដែរ។ ប៉ុន្តែ​ទោះជាយ៉ាង​ណា​​ភាគី​ទាំងពីរមិនមានរងបួសអ្វីនោះទេ ហើយថា ការផ្ទុះអាវុធ​នេះ​កើត​ឡើង ​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​របស់​​យោធា​ថៃ ១ គ្រឿង បាន​ព្យាយាម​ចុះចត​នៅក្នុង​ភូមិសាស្ត្រ ៣២៩ ភ្នំ​តា​មីនខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ​សិ្ថ​ត​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ក៏ត្រូវយោធា​កម្ពុជា​ដែល​​ការពារតំបន់​នោះ រារាំង​មិន​ឲ្យ​ចុះចត​។​
សូមបញ្ជាក់ថា ចំណុច​កើតហេតុ គឺជា​ចំណុច​ដ៏​ក្តៅគគុក​មួយ​ដែល​យោធា​ថៃ​តែងតែ​ព្យា​យា​យាម​លើកទ័ព​ចូលមក​ កាន់កាប់ ប៉ុ​នែ្ត​ជានិច្ច​ជា​កាល​ត្រូវ​យោធា​ខ្មែរ​យើង​ទប់ស្កាត់​មិន​ឲ្យ​ជ្រៀត​ ចូលមក​បានឡើយ​។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តិចទៀតនេះ៕

ឯកឧត្តម​បណ្ឌិត សុខ​ អាន​ ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​អាគារ​សិក្សាថ្មី ​១​ខ្នង​ នៃ​អនុវិទ្យាល័យ​​ ក្រពុំ​ឈូក​



             អាគារ​សិក្សា​ថ្មី ​១​ខ្នង​មាន​ ៦ បន្ទប់​ នៃ​អនុវិទ្យាល័យ​​​ក្រពុំ​ឈូក​​សាង​សង់​ឡើង​​ដោយ​ថវិកា​អំណោយ​ផ្ទាល់ពី​ ឯកឧត្តម អូកាដា ជូន​ចំពោះ​ឯក​ឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋ ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ ។

           នៅ ​ចំពោះ​មុខ​លោក តាគុយ៉ា អូកាដា (TAKUYA OKADA) តំណាង​ឲ្យ​​ក្រុម​ហ៊ុន​ អេអូន (AEON) ​ជា​ក្រុម​ហ៊ុន​បង្កើត​មូលនិធិអូកាដា​ ដែល​មាន​វត្តមាន​​ក្នុង​ពិធីសម្ពោធ​​ ដែល​ប្រារព្ធឡើង​នៅ​ក្នុង​អនុវិទ្យាល័យ​​ ក្រពុំ​ឈូក ស្ថិត​នៅ​ក្នុង​ ឃុំ ក្រពុំ​ឈូក ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវនោះដែរ​​ ​ឯក​ឧត្តមបណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា អាគារ​សិក្សា​ថ្មី​១​ខ្នង​នេះ​ គឺ​ជា​អាគារ​សិក្សារ​ទី​ ១៥០ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ឯកឧត្តម​ អូកាដា ដែល​ជា​ប្រធាន​មូលនិធិ​ អូកាដា តាម​រយៈ​ឯកឧត្តម​ផ្ទាល់​​ជូន​ប្រជាពល​រដ្ឋ​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រៅ​ពី​ការ​សាង​សង់​សាលា​រៀន​ សារមន្ទីរ​អង្គរ និង​ការ​ចូល​រួម​​ដាំ​ដើម​ឈើ​​នៅ​​តំបន់​ប្រាសាទ​អង្គរ​វត្ត​ស្ថិត​ក្នុង​ ខេត្ត​សៀម​រាប​​ នៅ​ពេល​ខាង​មុខ​នេះ​ក្រុមហ៊ុន​​ អេអូន (AEON) ដែល​ជា​ក្រុម​ហ៊ុន​កសាង​ផ្សារ​ជា​ច្រើន​ពាន់​នៅ​ក្នុង​ពិភពលោក​ ក៏​នឹង​ដាក់​ទុន​វិនិយោគ​សាង​សង់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ផង​ដែរ​។ វត្ត​មាន​​ក្រុមហ៊ុន​​ អេអូន (AEON) ដែល​ជា​​​ធុរកិច្ច​ជន​ជប៉ុន​ ​ និង​សមិទ្ធផល​នានា​ ដែល​កសាង​ឡើង​ដោយ​មូលនិធិ​អូកាដា​​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ ឯក​ឧត្តមបណ្ឌិត សុខ អាន ចាត់​ទុកថា គឺ​ដោយ​សារតែ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​សុខ​សន្តិភាព​ ស្ថិរ​ភាព​នយោបា​យ​ ដែល​កើត​ឡើង​ដោយ​នយោបាយ​​ឈ្នះ!ឈ្នះ​របស់​សម្តេច​អគ្គ​ម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​

          ឯក​ឧត្តមបណ្ឌិត សុខ អាន ដែល ​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​កសាង​អភិវឌ្ឍន៍​ ខេត្ត​តាកែវ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​ ផ្ទុយ​ពី​ប្រទេស​នានា​ដែល​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ និង​នយោបាយ​ ហើយ​ប្រទេស​ខ្លះ​នៅ​មាន​សង្គ្រាម​រាល់​ថ្ងៃ​នៅ​ឡើយ​។​ តាម​រយៈ​នៃ​ការ​​​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ការ​ចូលរួម​ពី​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏ដូច​ជា​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​ សម្តេច​អគ្គ​ម​ហាសេនា​បតីតេជោ ហ៊ុន សែន ក្នុង ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ពិសេស​ក្នុង​ស្រុក​កោះ​អណ្តែត​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​ទាំង​១០ នៃ​ខេត្ត​តាកែវ ដែល​មាន​ភាព​ក្រខ្សត់​ជាង​គេ​នោះ​ បាន​ជួយ​ធ្វើ​ឲ្យ​​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការ​ប្រែប្រួល​រីកចម្រើន​។​

           លោក​ វ៉ែន កប​ ប្រធាន ​ក្រុម​ប្រឹក្សា​ស្រុក​កោះអណ្តែត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្រុកកោះ​អណ្តែត មាន​វិទ្យាល័យ​ ២ កន្លែង អនុវិទ្យាល័យ ៤ កន្លែង សាលាបឋមសិក្សា ១៩ កន្លែង សាលាមត្តេយ្យ ១០ កន្លែង​ ដែល​មាន​សិស្ស​សរុប​ជាង​ ១១ ពាន់ ក្នុង​នោះ​សិស្សស្រី​ជាង ៥ ពាន់​នាក់​។​ តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន អាគារ ​សិក្សា​១៣ ខ្នង​ ស្មើ​​រ​នឹង ៦៦ បន្ទប់​ ត្រូវ​បាន​កសាង​ឡើង​ និង​អាគារ​ថ្មី​១ខ្នង​ ស្ថិត​ក្នុង​ អនុវិទ្យាល័យ​ក្រពុំ​ឈូក​ ដែល​បច្ចុប្បន្ន​ហៅ​ថា អនុវិទ្យាល័យ​​ ក្រពុំ​ឈូក​ ដែល​ត្រូវ​បាន​​បំផ្លិច​បំផ្លាញ​ក្នុង​របប​ ប៉ុលពត​ ហើយ​ត្រូវ​បាន​កសាង​​ឡើង​វិញ​កាល​ពី​ឆ្នាំ ១៩៨៤​ លើ​ផ្ទៃ​ដី​​ប្រមាណ​ ៣០ ពាន់​មែត្រ​ក្រឡា​ ។ ក្រៅ​ពី​នេះ​មាន​សិស្ស​​ក្នុង​ស្រុក​កោះអណ្តែត​ ១០៧ នាក់ បាន​ទទួល​អាហារូបករណ៍​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន ។ ជា​មួយ​គ្នា​នេះ​មាន​ប្រឡាយ​ទឹក​ជា​ច្រើន​ពាន់​ម៉ែត្រ​ ក្លោង​ទ្វា​វត្ត​ ដំបូល​ព្រះវិហារ ទីស្នាក់​ការ​គណបក្ស​ស្រុក ១ និង​ឃុំ ​៦ ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ចុះ​ជួយ​ស្រុក​ កោះអណ្តែត​។ ឯអាគារ​សម្ភព​ ១ ខ្នង​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​រមិញ​ ក្នុង​ស្រុក​កោះអណ្តែត​ ដែល​ជា​អំណោយ​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន ក៏​នឹង​ត្រូវ​កសាង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

          ចាប់​អារម្មណ៍​​នៅ​ក្នុង​ពិធីសម្ពោធ​អាគារ​សិក្សា​ថ្មី​នៃ​អនុវិទ្យាល័យ​ ក្រពុំ​ឈូក នេះ​ដែរ​ លោក តាគុយ៉ា អូកាដា (TAKUYA OKADA) តំណាង​ឲ្យ​មូលនិធិ​ អូកាដា​ ក៏​ដូច​ជា​​​ក្រុមហ៊ុន​​ អេអូន (AEON)​ បាន​បង្ហាញ​ពី​សមាន​ចិត្តរីករាយ​​ក្នុង​ការ​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ​ ក៏​ដូច​ជា​បំណង​នៃ​ការ​​​រក​ស៊ី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕



អនុសាសន៍សំខាន់​ៗ​របស់​​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ពេល​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី ១៧



ថ្លែង ​នៅក្នុង​​​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ ទី១៧ នៅ​វិមាន​សន្តិភាព​ក្នុង​រាជ​ធានី​​ភ្នំពេញ នា​​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន   នាយក​រដ្ឋមន្រី្ត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បន្ត​ជំរុញ​ការខិតខំ​ប្រឹងប្រែង​ ដោះ​ស្រាយ បញ្ហា​គ្រោះ​​ថ្នាក់​ចរាចរណ៍ ដែលជា​បញ្ហា​ប្រឈមមុខ​ដ៏​សំខាន់​នៅក្នុង​តំបន់ និង ក្នុង​ពិភព​លោក​​នោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​បានថ្លែងថា ជា​រៀងរាល់ឆ្នាំ​នៅក្នុង​តំបន់​អាស៊ាន​មាន​មនុស្ស​រាប់ពាន់​នាក់​បាត់បង់​ ជីវិត រាប់ម៉ឺន​នាក់​បាន​រងរបួស និង បាត់បង់​ថវិកា​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក យើង​មិន​ទាន់​​គិតដល់​ការបាត់បង់​កម្លាំង​ពលកម្ម ដែលជា​ផ្នែក​មួយ​នៃ​កំណើន សេដ្ឋ​កិ​ច្ជ​ជាតិ​នៅឡើយ​នោះទេ។​ សម្តេច​តេ​ជោ​បាន​មាន​ ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋមន្ត្រី​ដឹកជញ្ជូនអាស៊ាន និង ប្រទេស​ជា​ដៃគូ​ទាំងអស់​គួរ​ជំរុញ​កសាង​ឲ្យ​បាន​នូវ​ផែនការ​សកម្មភាព សុវត្ថិភាព​ច​រា ចរណ៍​រួមមួយ​ដែល​ស្រប​នឹង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ សកម្មភាព សុវត្ថិភាព ចរាចរណ៍​ទសវត្ស​សកលលោក ដែល​ផ្តើមចេញពី​ផែនការ​រួម​នេះ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន នឹង​អាច​ឈានទៅ​កសាង​នូវ​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ដែល​នឹង​ត្រូវដាក់​ឲ្យ​អនុវត្ត​នៅតាម​ប្រ ទេស​និមួយៗ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន។ 
ទាក់​ទង​នឹង​ការ​ធ្វើ​សមាហរណកម្ម​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា យើង​ត្រូវ​ជំរុញ​បន្ត​ការតភ្ជាប់​ផ្លូវ​រថភ្លើង​សាំង​ហ្គាពួរ គុន​ម៉ិ​ញ​ ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​ដំណាលគ្នា​ជាមួយនឹង​ការបង្កើត​សហគមន៍​អាស៊ាន ឆ្នាំ ២០១៥ ឫ យ៉ាង​យឺត​នៅត្រឹម​ឆ្នាំ ២០២០ ដែល​នេះ​ជា​ឆន្ទៈ​នយោបាយ និង ជា​របៀបវារៈ​ដែល​នៅ​ជាមួយ​អាទិភាពរបស់​អាស៊ាន ដែល​បានលើកឡើង​តាំងពី​កិច្ចប្រជុំ​កំពូល​ឆ្នាំ ១៩៩៩ មក​នោះ។ ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ប្រទេស​ដែលមាន​ទីតាំង​នៅជាប់​នឹង​មាត់សមុទ្រ ឫ​ជាប្រទេស​ដែល​ប្រជុំ​ទៅដោយ​កោះតូចៗនោះ យើង​ក៏ត្រូវ​កសាង​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ មួយ ដែលមាន​លក្ខណៈ​ប្រកួតប្រជែង មាន​ប្រសិទ្ធភាព និង ប្រទាក់ក្រឡា​គ្នា ដែល​ការងារ​នេះ​ទាមទា ឲ្យ​យើង​បង្កើតឡើង​នូវ​ទីផ្សារ​នាវាចរ​រួមមួយ​របស់​អាស៊ាន ដែលជា​ជំហាន​ដំបូង​យើង​គួរ​បង្កើតឡើង​នូវ ផ្លូវ​នាវាចរ​ដែលមាន​លក្ខណៈ​ទៀងទាត់ មាន​ប្រសិទ្ធភាព ដែល​ក្នុងនោះ​ក៏មាន​ផ្លូវ​នាវាចរ សម្រាប់​នាវា ចម្លង​រថយន្ត និង ខ្សែ​ផ្លូវ​សម្រាប់​រថភ្លើង​ផងដែរ។

សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងឲ្យ ​ដឹង​ថា រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង ប្រទេស​ដៃគូ​សន្ទនា​កំពុងតែ ពិភាក្សាគ្នា​អំពី​ការងារ​នេះ ដែល​​ទាំងអស់គ្នា​សង្ឃឹមថា កិច្ចការ​នេះ​នឹង​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។ សម្តេច​តេជោ​ មាន​ប្រសា​ន៍​ថា ពិតណាស់​វិស័យ​ដឹកជញ្ជូន​អាស៊ាន​ពិតជា​មានការ វិវត្តន៍​គួរកត់សម្គាល់ ដែល​អាច​ឲ្យ​យើង​ធ្វើដំណើរ​ឆ្ពោះទៅរក​សហគមន៍​អាស៊ាន នៅ​ឆ្នាំ ២០១៥ យ៉ាងពិត​ប្រាកដ ដូចដែល​បានបង្ហាញ​យ៉ាងច្បាស់​នៅក្នុង​តារាង​វាយតម្លៃ នៃ​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​របស់​យើង​។
សម្តេច​តេ​ជោ​ ថ្លែងថា អ្វីដែល​ខ្ញុំ​សូម​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ថែមទៀត​នោះ គឺ​ការជំរុញ​បញ្ចប់ រាល់​កិច្ចព្រមព្រៀង និង វិធាន​ការដែល​នៅ​សេសសល់ និង ការដាក់​ឲ្យ​អនុវត្ត​ដោយ​ពេញលេញ និង មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង និង វិធាន​ការដែល​បាន​ចុះហត្ថលេខា និង អនុម័ត​រួចហើយ ដើម្បី សម្រេច​នូវ​គោលបំណង​នានា ដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន និង សហគមន៍​សេដ្ឋកិច្ច របស់​យើង​នោះ។សម្តេច​មានប្រសាសន៍ថា លោក​ក៏បាន​ដឹងផង​ដែរ នូវ​រាល់​កិច្ចព្រមព្រៀង​ពិធីសារ និង ផែនការ​នានា ដែល​ទាមទា​នូវ​បែបបទ​ទៅតាម​នីតិវិធី​របស់​ប្រទេស​និមួយៗទើប​អាប​អនុវត្តបាន ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គណៈប្រតិភូ​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ សូមជួយ​រិៈ​រក​វិធី សាស្ត្រ​ជំរុញ​ការបំពេញ​បែបបទ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ពិធីសារ និង វិធានការ​ទាំងនេះ អាចអនុវត្ត​បាន​ពេញលេញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

សម្តេច​តេ​ជោ​ ក៏បាន​ស្នើ​ឲ្យ​មាន​វេទិកា​អចិន្ត្រៃយ៍​មួយទៀត ជាមួយនឹង​ដៃគូ​របស់​អាស៊ាន គឺ​កិច្ច ប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង ឥណ្ឌា ដែល​បច្ចុប្បន្ននេះ​ឥណ្ឌា​មាន​តួនាទី​កាន់តែ​សំខាន់​ឡើង នៅក្នុង​ពិភពលោក ជាពិសេស នៅក្នុង​តំបន់​អាស៊ាន​នេះ​តែម្តង។

នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​បំផុត ចំពោះ​​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​អាស៊ាន ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​២ ខែ​មុននេះ ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ដំណើរ​ការកសាង​សេដ្ឋកិច្ចជាតិ​ក្នុងនោះ​កម្ពុជា ក៏​ជា​ប្រទេសមួយ​ទទួល​នូវ​ផលវិបាក​នេះ​ផងដែរ ធ្វើ​ឲ្យ​ហេ​ដ្ឋ​រចនា​សម្ព័ន្ធ​​រូបវន្ត​មួយចំនួន ត្រូវ​ទទួលរង​នូវ​ការខូចខាត និង​បាត់បង់​អាយុជីវិត​។

​          តាមរយៈ​នេះដែរ សម្តេច​តេ​ជោ ក៏បាន​ស្នើ​តាមរយៈ​ប្រតិភូ​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​ទាំងអស់ ពាំ​នាំនូវ​សេចក្តី​ថ្លែងអំណរគុណ​នេះ ទៅជូន​ចំពោះ​ប្រជាជន និង​រដ្ឋ​ជា​សមាជិក​អាស៊ាន នៃ​ប្រទេស​ដៃគូ ដែល​ផ្តល់ជំនួយ និង​ការឧបត្ថម្ភ​ជា​ជំនួយ​សង្គ្រោះ ដល់​ប្រជាជន​កម្ពុជា​បាន​ទាន់ពេលវេលា​។​
​          សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តទៀតថា វិធី​ដែល​យើង​បានធ្វើ និង​កំពុង​ធ្វើ គឺ​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​សម្រាប់​សន្តិភាព ស្មើភាព និង​ការអភិវឌ្ឍ​រួម ផ្ទុយទៅវិញ​ការប្រឈម​មុខ​ដាក់គ្នា​ខាង​នយោបាយ ដែល​បង្ហាញ​ពី​ការមិនចុះសម្រុង​គ្នា​នោះ និង​នាំទៅដល់​បញ្ហា​។

​          សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ថា “​ខ្ញុំ​យល់ថា ការលើក​កំពស់​កិច្ចសហប្រតិបត្តិការ ការជំរុញ​សមាហរណកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​គឺជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ ប្រសើរ​​សម្រាប់​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​”​។​

​          សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តទៀតថា ឈរលើ​ទស្សនៈ​នេះ យើងទាំងអស់គ្នា​ត្រូវ​បន្ត​នៅ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​​ចក្ខុវិស័យ​របស់​អាស៊ាន​ក្នុង​ការកសាង​សហគមន៍​ អាស៊ាន​នៅ​ឆ្នាំ​២០១៥ ដែល​នេះ​ជា​មហិច្ឆតា​របស់​អាស៊ាន​។

កម្ពុជា​​គាំទ្រ​និង​បន្ត​គាំទ្រ​​​ចំពោះ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​



ឯកឧត្តម​​ អ៊ាង សុផល្លែត​ ជំ​នួន​ការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឱកាស​ទទួល​ជួប​សវនាការ​​​ជាមួយ​លោក ​SAID ABU ALI ​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ប៉ា​លេ​ស្ទី​ន​ នា​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០១១ ​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​ ​បាន​ថ្លែង​ថា ​ជំហរ​របស់​កម្ពុជា​គឺ​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​គ្មាន​ការ​ងាករេ​នោះ​ឡើយ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា ជា​រៀងដរាបមក​កម្ពុជា​តែងតែ​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន ហើយ​ជំហរ​របស់​កម្ពុជា​មិនមាន​ការផ្លាស់ប្តូរ​ទេ ដែល​នោះ​គឺ​កម្ពុជា​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​ឯករាជ្យ និង អធិបតេយ្យភាព​តាមរយៈ​ព្រំប្រទល់​ឆ្នាំ ១៩៦៧ ហើយនឹង​គាំទ្រ​ប៉ា​លេ​ស្ទី​ន​ឲ្យ​ទៅជា​សមាជិក​ពេញ សិទ្ធិ​របស់​អង្គការសហប្រជាជាតិ​ផងដែរ ។ ​សម្តេច​តេ​ជោ​ក៏ ​បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​ប្រជាជន និង រដ្ឋាភិបាល​ប៉ា​លេ​ស្ទី​ន ដែល​នៅពេល​កន្លងមក​តែងតែ​ជួយ​ដល់​កម្ពុជា ជាពិសេស​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​សន្តិភាព និង បង្រួបបង្រួម​ជាតិ​នោះ។ 

ឯកឧត្តម​ SAID ABU ALI  បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ដំណើរ​បេសកកម្ម​រប​ស់លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពាំនាំ​នូវ​ការគោរព​ពី​ប្រធានាធិបតី​ប៉ា​លេ​ស្ទី​ន​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង ទូលថ្វាយ​ព្រះមហាក្សត្រ​កម្ពុជាព្រះករុណា​ព្រះ​បាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង ដើម្បី​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​តែងតែ​គាំទ្រ  ដល់​រដ្ឋ​ប៉ា​លេ​ស្ទី​ន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​នោះ។ឯកឧត្តម​ SAID ABU ALI ក៏​បាន​ជំរាបជូន សម្តេចនាយក​រដ្ឋមន្ត្រី​អំពី ​ប្រវត្តិ និង បញ្ហា​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប៉ា​លេ​ស្ទី​ន ហើយក៏​បានបញ្ជាក់​អំពី​បំណង ចង់​ឲ្យ​កម្ពុ​ជាមាន​ទំនាក់ទំនង​កាន់តែខ្លាំង​ឡើងជា​មួយ​ប៉ាលេស្ទីន និង បាន​សំដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​ជោគជ័យ​ក្នុងការ​អភិវឌ្ឍន៍​ និង ទទួលបាន​នូវ​ការគោរព​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​នោះ៕

សេចក្តី​ជូនព័ត៌មាន របស់ក្​រសួង​ការ​បរទេស និង​សហប្​រតិ​បត្តិការ​អន្តរជាតិ ស្តីពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី៤ មហា​អនុ​តំបន់​មេគ្គង