Friday, December 30, 2011

ទស្សនៈវិភាគ​ ៖ តើ​ជា​លិខិត​​ស្នើ​សុំព្​រះ​រាជ​​អន្តរាគមន៍​ ឬ​ក៏​ជា​ការ​ប្រមាថ​?



          លោក សុន ឆ័យប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីត្រូវបានគេមើលឃើញថាបាន និងកំពុង​​ភ្លេចនូវតួនាទីរបស់ខ្លួនឯងជាអ្នកតំណាងរាស្ត្រជាអ្នកចេះច្បាប់និងមានកាតព្វកិច្ចត្រូវតែគោរព និងអនុវត្តតាម​​ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសប៉ុន្តែបែរជាហ៊ានបង្គាប់បញ្ជានិង​​​​​​ធ្វើ​​​​ការ​​​ប្រមាថចំពោះ​​ព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ពលរដ្ឋកម្ពុជាទៅវិញ
          លោក សុនឆ័យបានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១១ ផ្ញើជូន​​​ព្រះបាទសម្តេចព្រះបរមនាថ​​ នរោត្តសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្នើ​ជំរុញឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យស្រាវជ្រាវដើម្បីដាក់វិន័យចំពោះចៅក្រម និង​​ព្រះ​​រាជ​​​អាជ្ញាតុលាការខេត្តកណ្តាលក្រោមហេតុផលដើម្បីពង្រឹងភាពឯករាជ្យនៃប្រព័ន្ធតុលាការ
          ប៉ុន្តែ  សេចក្តីសន្និដ្ឋានចុងបញ្ចប់នៅក្នុងលិខិតនោះត្រូវបានលោក សុន ឆ័យប្រើវិធីរបៀប​​​អង្វករសុំការអន្តរាគមន៍លាយឡំជាមួយនឹងការប្រមាថត្រង់ៗចំពោះព្រះមហាក្សត្រកម្ពុជាត្រង់ពាក្យថា ​« ព្រះមេត្តាជំរុញឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមិនទាន់ឯករាជ្យផងដែរនេះ បំពេញតួនាទីខ្លួនឱ្យបានត្រឹមត្រូវដោយធ្វើការស៊ើបអង្កេតឱ្យបានជាក់លាក់ត្រឹមត្រូវដើម្បីដាក់វិន័យនិងផ្តន្ទាទោសចៅក្រមនិងព្រះរាជអាជ្ញា....... ឱ្យសមនឹងបទល្មើស......»
        ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាជំពូកទី អំពីព្រះមហាក្សត្រ មាត្រា៧ បានចែងថាអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ បន្ថែមពីលើនេះរដ្ឋធម្មនុញ្ញក៏បានចែងផងដែរថាព្រះមហាក្សត្រព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ព្រះមហាក្សត្រទ្រង់ជាអ្នកធានានូវឯករាជជាតិអធិបតេយ្យ​​​ និងបូរណភាពទឹកដីទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសិទ្ធិសញ្ញាអន្តរជាតិ ក្នុង​​ន័យនេះសួរថាតើលិខិតរបស់លោក សុន ឆ័យជាចេតនាដោយស្មោះដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ក៏ជាការប្រមាថ​? ពីព្រោះសិទ្ធិស្របច្បាប់របស់ព្រះអង្គនៅក្នុងខណៈពេល​​នេះ​​​អាចត្រូវបានគេមើលឃើញថាមានការបំពារបំពានដោយអ្នកតំណាងម្នាក់របស់គណបក្សប្រឆាំង
          ​លោក សុន ឆ័យ មិ​​នអាចនឹងបដិសេធបានឡើយអំពីការស្តីបន្ទោស ការប្រឈមមុខផ្លូវច្បាប់ក៏ជាការប្រតិកម្មតបណាមួយ​​ពីសាធារណជនក្នុងនិងក្រៅប្រទេសដែលមានសេចក្តី​​គោរពនិងស្រឡាញ់ដ៏ជ្រាល​​ជ្រៅ​​បំផុត​​ចំពោះព្រះមហាក្សត្រកម្ពុជា
លោក សុន ឆ័យបានដឹងយ៉ាងប្រាកដណាស់ថា​  ព្រះមហាក្សត្រ​​ ព្រះអង្គគង់ជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហេតុនេះការចេញលិខិតជាផ្លូវការណាមួយដែលបង្កប់ដោយពាក្យសម្តីប្រមាថចំពោះការបំពេញព្រះ​​រាជកិច្ចរបស់ព្រះមហាក្សត្រគឺមានតម្លៃស្មើនឹងការប្រមាថចំពោះព្រះអង្គដោយផ្ទាល់​​ ដែលអំពើនោះត្រូវទទួលទោសបន្ថែមពីលើការរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។
ព្រះរាជតួនាទី​​ដ៏ឧត្តុងឧត្តមបំផុត​​របស់ព្រះមហាក្សត្រដែលព្រះ​​អង្គគង់ជាព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចកោះអញ្ជើញ​​សមាជិកទាំងអស់របស់ព្រះអង្គដើម្បីពិភាក្សានូវរាល់ការងារពាក់ព័ន្ធទៅនឹង​​គ្រប់បញ្ហាដែលមានចែងនៅក្នុងអំណាចនៃស្ថាប័ននោះ ការដាក់ទោសទណ្ឌ ឬដាក់​​វិន័យ ទៅលើចៅក្រមនិងព្រះរាជអាជ្ញា បើទោះជាមានការតម្រូវឱ្យសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំងអស់ប្រជុំពិភាក្សាគ្នាយ៉ាងណាមុននឹងមានសេចក្តីសំរេចលើវិធានការអ្វីមួយ គឺមិនអាចត្រូវបានធ្វើឡើងដោយការគាបសង្កត់ទទួលការបង្គាប់បញ្ជាដោយត្រង់ពីសំណាក់បុគ្គលណាមួយឡើយ អំណាចរបស់ព្រះមហាក្សត្រមានតម្លៃជាធរមានដោយមិនអាចត្រូវបានជនណាមួយអ្នកនយោបាយណាមួយដកហូតបានទេ។
បើពិចារណាទៅលើលិខិតរបស់លោក សុន ឆ័យហាក់ដូចជាលោកតាំងខ្លួនជាឥស្សរជនខ្លាំងតែម្នាក់ឯងហើយត្រូវទទួលរងនូវការឈឺចាប់និងទុក្ខទោសទារុណកម្មដ៏ធ្ងន់ធ្ងរហួសកំរិតពីសង្គមសព្វថ្ងៃ ហើយថា ក្នុង​​ឋានៈខ្លួនលោកជាអ្នកតំណាងរាស្ត្រគឺពុំ​​អាចទទួល​​យកបាននូវការប្រើអំណាចដោយរំលោភលើប្រព័ន្ធតុលាការសព្វថ្ងៃ ក្នុង​​​ការប្រើប្រាស់​​តួនាទីខ្លួនបំរើបក្សពួកនយោបាយធ្វើការជិះជាន់ចោទប្រកាន់ដាក់ទោសដល់អ្នកនយោបាយនិងសកម្មជននៃគណបក្សមិននៅក្នុងរដ្ឋាភិបាលបានឡើយ
 ការចេញមុខការពារសមាជិក និងប្រធានក្រុមបក្សនយោបាយរបស់​​ខ្លួនដែលអ្នកខ្លះកំពុង​​មានពិរុទ្ធភាពនិងមួយចំនួនបាននិងកំពុងរត់គេចខ្លួនទៅ​​ក្រៅប្រទេសនិងអ្នកខ្លះទៀតត្រូវបានតុលាការចោទប្រកាន់​​​ពី​​បទសង្ស័យប្រព្រឹត្តអំពើខុសច្បាប់នានា ជាពិសេសការផ្តល់មធ្យោបាយក្នុងសកម្មភាពរំដោះអ្នកទោសចេញពី​​ពន្ធនាគារ​​ គឺអាចចាត់ទុកទង្វើរបស់លោក សុន ឆ័យ ថា ជាចេតនារួម​​គំនិតគ្នាមិនអនុវត្តតាមច្បាប់និងគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីការកសាងនីតិរដ្ឋនោះឡើយ
លិខិតតវ៉ារបស់លោក សុន ឆ័យបានចង​​ភ្ជាប់​​នូវបញ្ហាជាច្រើនបង្កប់ដោយ​​ចរិតមុតស្រួចហាក់ដូចបិទភ្នែកជាការមើលរំលងពីភាពខុសច្បាប់របស់បុគ្គលទាំងនោះ ហើយបែរជាភ្ជាប់បញ្ហាកំហុសបុគ្គមកច្នៃបន្លំជារឿងនយោបាយដើម្បីធ្វើជាលេសវាយប្រហារមកលើរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍​​ហើយថា​​ជនណាក៍ដោយបើធ្វើខុសត្រូវតែ​​ដោះស្រាយជាមួយផ្លូវច្បាប់បញ្ហានេះសមាជិករបស់គណបក្សប្រជាជនកម្ពុជា​​ក៏ដូចគ្នាដែរ។
មន្ត្រីអ្នកមានអំណាចមួយចំនួននៅតាមក្រសួងស្ថាប័នរដ្ឋ ជានគរបាលយុត្តិធម៌ ប៉ូលីស ទាហានដែលមានបុណ្យសក្តិធំនិងមន្ត្រីរាជការស៊ីវិលខ្លះ ដែលបានប្រព្រឹត្តបទល្មើសបំពានច្បាប់អ្នកខ្លះបាន​ ​និងកំពុងជាប់ពន្ធនាគារ​​ ប៉ុន្តែ លោក សុន ឆ័យ​  ពុំមានសេចក្តីក្លាហាន​​ទទួលយកការពិតនិងសរសើរពីជោគជ័យនៃការកែទម្រង់ច្បាប់និង​​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាសោះឡើយលោកបានមើលរំលងអំពីបញ្ហានេះដោយទាញយកតែផលប្រយោជន៍នយោបាយនិងបង្កើតតែគំនិតដៀលត្មេះនិយមមកលើស្ថាប័នតុលាការ ដែលឥរិយាបថនេះដូចគ្នាទៅនឹង​​អ្វីដែលលោក សម រង្ស៊ីបាននិងកំពុងធ្វើអីញ្ចឹងដែរ។
ចុងក្រោយនេះតាមរយៈលិខិតដែលលោកសុន ឆ័យបានផ្ញើជូនព្រះមហាក្សត្រកម្ពុជាដើម្បីអ្វីមួយដែលខ្លួនចង់ឃើញឱ្យមានការពង្រឹងស្ថាប័នយុត្តិធម៌ប៉ុន្តែសួរថា​  តើលោក សុន ឆ័យមានខួរក្បាល និងបញ្ញាស្មារតីគិតអំពីទិដ្ឋភាពច្បាប់ដែរឬទេ នៅពេលដែលខ្លួន​​ជាអ្នកតំណាងរាស្ត្រ បែរជាហ៊ានប្រើពាក្យប្រមាថ​​ចំពោះព្រះមហាក្សត្រខ្លួនឯង​​​បែបនេះ​?


អត្ថបទរៀបរៀងដោយៈ សាន ពន្លក