Friday, August 31, 2012

ព្រះមហាក្សត្រ​ប្រោស​ព្រះ​រាជទាន​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ​​ទីទ័ល​ក្រ​៤៧០​គ្រួសារ​នៅ​កំពង់ស្ពឺ​


ដោយ​ ៖ សំរិត
​ខេត្តកំពង់ស្ពឺ​​ ៖​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែសីហា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​យាង​ទៅ​កាន់​ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ជាទី​ដែល​ព្រះរាជា​បាន​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជា​ មួយ​គ្រួសារ​មួយ​ចំនួន​និង​បាន​ ប្រោស​ ព្រះ​រាជទាន​នូវ​ព្រះរាជ​អំណោយ​របស់​ព្រះ​អង្គ​ដល់​ ប្រជារាស្ត្រ​ទីទ័ល​ក្រ​ចំនួន​៤៧០​គ្រួសារ​។​
​មាន​ព្រះរាជ​បន្ទូល​នា​ឱកាស​នេះ​ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បួ​ង​ជាទី​សក្ការៈ​ ព្រះ​អង្គ​ បាន​សំដែង​នូវ​ព្រះរាជ​ហ​ឬ​ទ័យ​សប្បាយ​រីករាយ​ ដោយ​បាន​ជូ​ប​លោកតា​លោកយាយ​ និង​ប្រជារាស្ត្រ​ ជា​កូន​ជា​ចៅ​របស់​ព្រះ​អង្គ​ព្រមទាំង​មាន​ព្រះរាជ​បន្ទូល​ពាំនាំ​នូវ​ព្រះរាជ​បណ្តាំ​សាក​សូរ​សុខទុក្ខ​ ពី​សំ​ ណា​ក់ស​មេ្ត​ច​ឪ​ សម្តេចម៉ែ​ ស​មេ្ត​ច​តា​ សម្តេច​យាយ​ ស​មេ្ត​ច​តា​ទូត​ ស​មេ្ត​ច​យាយ​ទូត​ជូន​ប្រជារាស្ត្រ​ជា​ កួន​ជា​ចៅ​ ចៅ​ទូត​ ចៅ​លូត​របស់​ព្រះ​អង្គ​ ដែល​ព្រះ​អង្គ​ទាំង​ទ្វេ​ តែងតែ​យក​ព្រះរាជ​ហ​ឬ​ទ័យ​ទុកដាក់​ ពី​សុខទុក្ខ​ និង​ការ​លំបាក​ក៏​ដូច​ជា​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​គ្រប់ពេលវេលា​បើ​ទោះបី​ព្រះ​អង្គ​ កំពុង​គង់​ប្រថាប់​ព្យាបាល​ព្រះ​រោគ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏​ដោយ​។​
​ស្ថិត​ក្នុង​ឱកាស​ស្តេច​យាង​ដល់​ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំ​ស្រូ​ច​ ព្រះករុណា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ជាទី​សក្កា​រះ​ដ៏​ខ្ពង់ខ្ពស់​ ដង្ហែ​ព្រះរាជ​ដំណើរ​ដោយ​ សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ ឧ​ប​ នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ លោក​ គុយ​ សុផល​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ ការ​ទូទៅ​ព្រះ​បរមរាជវាំង​ និង​នាម៉ឺន​សព្វ​មុខមន្ត្រី​ នៃ​ព្រះ​បរមរាជវាំង​ ព្រមទាំង​អាជ្ញាធរ​ដែនដី​ផង​ដែរ​។​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ ស្តេច​យាង​ជួប​សំ​ណោះ​សំ​ណា​ល់​ ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់​របស់​ប្រជារាស្ត្រ​ក្រីក្រ​ចំនួន​ ៦​ គ្រួសារ​ ព្រមទាំង​ប្រោស​ព្រះ​រាជទាន​នូវ​ព្រះរាជ​ អំណោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​ ៥០​គ​.​ក​ មី​ ១​ កេស​ និង​ឃី​ត​មួយ​កញ្ចប់​(​ មាន​មុង​ ១​ ភួយ​ ១​ សារុង​ ១​ ក្រមា​ ១)​ និង​អាវយឺត​ ១​ មាន​ផ្លា​ក​ព្រះរាជ​អំណោយ​ ព្រះករុណា​ព្រះមហាក្សត្រ​ និង​ថវិកា​ ៥០.០០០​ រៀល​ ។​
​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង​ជាទី​សក្ការៈ​បាន​សំដែង​នូវ​ព្រះ​ហ​ឬ​ទ័យ​ កោតសរសើរ​ចំ​ ពោះ​ការ​ខិតខំ​ប្រឹងប្រែងរ​បស់បង​ប្អួ​ន​ប្រជារាស្ត្រ​ទាំងអស់​ក្នុង​ការ​ប្រកប​របប​កសិកម្ម​ និង​ប្រកប​របប​ ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ ។​ ទន្ទឹម​នេះ​ព្រះមហាក្សត្រ​បាន​សំណូមពរ​ដល់​ប្រជារាស្ត្រ​ ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ លើ​ការងារ​ធ្វើស្រែ​ចំការ​ ការ​ដាំ​ដំណាំ​ផ្សេងៗ​ ការ​ចិញ្ចឹម​ និង​របប​ផ្សេងៗ​ ដើម្បី​លើ​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​កាន់តែ​រីក​ចំរើន​ឡើង​។​
​បន្ទាប់​ពី​ព្រះរាជ​បន្ទូល​សំណេះសំណាល​រួម​មក​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង​ ជាទី​សក្ការៈ​ ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ស្តេច​យាង​ប្រោស​ព្រះ​រាជទាន​នូវ​ព្រះរាជ​អំណោយ​ ដោយ​ផ្ទាល់​ព្រះ​ហ​ស្ថ​របស់​ព្រះ​អង្គ​ ដល់​លោកតា​លោកយាយ​ និង​ប្រជារាស្ត្រ​ទីទ័ល​ក្រ​ប្រកបដោយ​ ទឹក​ព្រះ​ទ័យ​សប្បាយ​រីករាយ​ និង​អាណិត​ស្រលាញ់​ជាទី​បំផុត​ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​ ៥០​គ​.​ក​ មី​ ១​កេស​ និង​ឃី​ត​មួយ​កញ្ចប់​(​មាន​មុង​ ១​ ភួយ​ ១​ សារុង​ ១​ ក្រមា​ ១)​ និង​អាវយឺត​ ១​ មាន​ផ្លា​ក​ ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ថវិកា​ចំនួន​ ៥០​ ០០០​ រៀល​ ។​
​ប្រជារាស្ត្រ​ក្រីក្រ​ដែល​បាន​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​ បាន​ថ្លែង​នូវ​អំណរ​ព្រះ​ គុណ​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ ដែល​បាន​ប្រោស​ព្រះ​រាជទាន​នូវ​ព្រះរាជ​អំណោយ​ផ្ទាល់​របស់​ ព្រះ​អង្គ​ជូន​ប្រជា​ពល​រាស្ត្រ​ក្រីក្រ​ និង​បាន​គោរព​ព្រះ​រាជានុញ្ញាត​ថ្វាយព្រះពរ​ជូន​ព្រះករុណា​ជា​អម្ចាស់​ ជី​វិ​លើ​ត្បូង​ សូម​ព្រះ​អង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​ និង​ព្រះ​ព​លា​នុ​ភាព​មាំមួន​ដើម្បី​គង់​ប្រថាប់​នៅ​ជា​ម្លប់​ ដ៏​ត្រជាក់​សម្រាប់​កូនចៅ​របស់​ព្រះ​អង្គ​តរៀង​ទៅ​ ៕

ទំនិញ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​សហរដ្ឋអាមេរិក​​នៅ​ឆ្នាំ​២០១១​មានការ​កើនឡើង​


ដោយ​ ៖ សាគុណ
​ខេត្តសៀមរាប ​៖​ យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​មាន​ ស្តី​ពី​កិច្ច​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ ជាមួយ​តំណាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ នៅ​សណ្ឋាគារ​អ​ប្សា​រា​អង្គរ​រី​ស្សត​ នៅ​ក្រុង​សៀមរាប​ ក្រោម​អធិបតី​ លោក​ទេស​ រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​ កម្ម​កម្ពុជា​ និង​លោក​ Ron​ Kirk​ តំណាង​រដ្ឋមន្ត្រី​ ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ កាលពី​ព្រឹក​ ថ្ងៃ​ទី​៣០​ សីហា​ ឆ្នាំ​២០១២​ បាន​ឲ្យ​ដឹង​ថា​ តាម​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ ថា​ ទំនិញ​ពាណិជ្ជកម្ម​សរុប​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១១​ កើនឡើង​ ៩.២%​ គឺ​កើន​ពី​១៧៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​១៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​ លើស​ពី​ឆ្នាំ​ មុន​ ។​ ទំនិញ​ពាណិជ្ជកម្ម​អាស៊ាន​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​ បាន​កើនឡើង​ជិត​៨.៦%​ គឺ​ ៧៦,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ខណៈ​ដែល​ទំនិញ​ពាណិជ្ជកម្ម​អាស៊ាន​ នាំ​ចេញ​ទៅ​ សហរដ្ឋអាមេរិក​បាន​កើនឡើង​ ៩.៨%​ គឺ​ កើន​១១៨.២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ ឆ្នាំ​២០១១​ ។​
​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នោះ​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់​ បាន​ធ្វើការ​កត់​ សំគាល់​អំពី​ទំនាក់ទំនង​លើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​វិស័យ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​ និង​សហរដ្ឋ​អា​ មេ​រិ​ក​ មាន​ភាពរឹងមាំ​ និង​រីក​ចំរើន​ ។
​ដោយឡែក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​១​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​មេ​ឌី​យ៉ា​ណ​អង្គរ​ នា​ព្រឹក​ថ្ងៃ​នោះ​ដែរ​ លោក​អគ្គលេខាធិការ​ អាស៊ាន​ ស៊ូ​រិ​ន្ទ​ ពិត​ស៊ូ​វណ្ណ​ (​ Surin​ Pitsuwan​ )​ មាន​ប្រសាសន៍​ថា​ អាស៊ាន​ទាំងអស់​ពិត​ ជា​បានដឹង​យ៉ាង​ច្បាស់​ហើយ​ថា​ ប្រសិនបើ​អាស៊ាន​មិន​បាន​ត្រៀមខ្លួន​ ដោយ​ប្រុង​ប្រ​ យ័​ត្ន​ និង​បើ​មិន​មាន​ភាព​វៃឆ្លាត​ ព្រមទាំង​មិន​បាន​គិតគូរ​ជ្រើសរើស​ភាព​ជា​ដៃគូ​ សម្រាប់​រៀបចំ​ អនាគត​របស់​ខ្លូ​ន​នោះ​ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ទំនង​នឹង​ស្ថិត​នៅ​ក្នុង​ភាព​ភយន្តរាយ​ ដូច្នេះ​សហរដ្ឋអាមេរិក​ គឺជា​ដៃគូ​មួយ​ដ៏​ល្អ​សម្រាប់​ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ។
​លោក​ ដេ​វិត​ ខា​រិ​ន​ តំណាង​លោក​ Ron​ Kirk​ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​អះអាង​បញ្ជាក់​ជា​រួម​ថា​ កិច្ចប្រជុំ​អាជីវកម្ម​ធុរកិច្ច​ អាស៊ាន​លើក​ទី​១​ ខ្ញុំ​ជឿជាក់​ថា​អា​មេ​រិ​កបាន​អា​មេ​រិ​ក​ បាន​ស្គាល់​ក្រុង​សៀមរាប​-​អង្គរ​ របស់​ កម្ពុជា​ ជា​បន្តបន្ទាប់​ទាំង​ពី​ទស្ស​វ​ត្យ​ឆ្នាំ​១៩៦០​ ហើយ​ក្នុង​នោះ​ពួក​គេ​ ក៏​បាន​ស្គាល់​ប្រទេស​ នៅ​អាស៊ី​-​អាគ្នេយ៍​ផង​ដែរ​ ។​ ហើយ​ការ​ទំនាក់ទំនង​ និង​ការ​នាំ​ទំនិញ​ចេញ​ ចូល​ ក៏​ចាប់​ ផ្ដើម​មាន​ និង​មានការ​កើនឡើង​រាប់​កោដិ​ដុល្លារ​ ដែល​ជា​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ យើង​រួម​គ្នា​ក្នុង​ការ​ជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​វិនិយោគ​ និង​ពង្រីក​ទីផ្សារ​ឲ្យ​បាន​ទូលំទូលាយ​ឡើង​រវាង​ អាស៊ាន​ និង​អា​មេ​រិ​ក​ ៕

ក្រុង​ពាលី​រូបសំណាក​មេ​ទ​ព័​ក្លាហាន​សតវត្ស​ទី​១៧​ តេ​ជោ​មាស​ តេ​ជោ​យ៉​ត​ បង្ហាញ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​


ដោយ​ ៖ សំរិត 
​ភ្នំពេញ​ ៖​  លោក ​កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ និង​ម​ន្រី្ដ​ក្រោម​ឱវាទ​ជា​ច្រើ​រូប​បាន​ចូល​រួម​ក្នុង​ពិធី​ក្រុង​ពាលី​ ប្រសិទ្ធពរ​ជ័យ​ដល់​រូបសំណាក​មេទ័ព​២​រូប​ដ៏​ល្បីល្បាញ​ខាង​ធ្វើសឹក​សង្គ្រាម​នា​សតវត្ស​ទី​១៧​ គឺ​រូបសំណាក​តេ​ជោ​មាស​ តេ​ជោ​យ៉​ត​ បាន​បង្ហាញខ្លួន​យ៉ាង​អង់​អាច​ក្លាហាន​នៅ​មុខ​វត្ត​ឧណ្ណាលោម​ ។​  រូបសំណាក​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ជិះសេះ​ មាន​ស្ពាយ​ដាវ​នៅ​ជាប់​នឹង​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន ​នៅ​ពេល​ចេញ​ធ្វើសឹក​ស​ង្រា​ម​ជា​មួយ​សត្រូវ​ ។​ការ​ស្ថាបនា​នូវ​រូបសំណាក​មេទ័ព​ទាំង​២​នាក់​នេះ​  គឺ​ក្នុង​គោលបំណង​រំលឹក​ដល់​ វី​រៈ​ភាព​ និង​ទឹកចិត្ត​ក្លាហាន​នៃ​មេទ័ព​ទាំង​២​ ក្នុង​ការ​ការពារ​ទឹកដី​ពី​ខ្មាំងសត្រូវ​នា​សម័យកាល​នោះ​។​
ក្រុម​វិចិត្រករ​ខ្មែរ​ដែល​បាន​ស្ថាបនា​នូវ​រូបសំណាក​ដ៏​ល្អ​ប្រណិត​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​សំ​ណា​ក​មេទ័ព​តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត​  ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ក្រុម​វិចិត្រករ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​សូន្យ​រូប​ ដោយ​ធ្វើ​ឡើង​អំពី​ស្ពាន់​ មាន​ទម្ងន់​ប្រមាណ​២​តោន​ប្រើប្រាស់​ពេលវេលា​នៃ​ការ​ស្ថាបនា​រូបសំណាក​ទាំង​ ២​នេះ​អស់​រយៈពេល​៦​ខែ​ទើប​រួចរាល់​មុន​ និង​យក​មក​ដាក់​នៅ​លើ​សួនច្បារ​ ខាង​មុខ​វត្ដ​ឧ​ណា្ណ​លោម​នេះ​ ។​  ចំណែក​ឯជើង​ថ្ម​ទម្រ​រូប​សំ​ ណា​ក​ទាំង​២​ នេះ​ គឺ​ត្រូវ​បាន​នាំ​យក​មក​ពី​ភ្នំ​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ដែល​មាន​ទំហំ​១​ដុំ​ធំ​ និង​មាន​ទម្ងន់​រហូត​ដល់​ទៅ​ជាង​៣០​តោន​។​
លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​ កាលពី​រសៀល​ ថ្ងៃ​៣០​ ខែសីហា​ ឆ្នាំ​២០១២​ ថា​  រូបសំណាក​ តេ​ជោ​មាស​ និង​ តេ​ជោ​យ៉​ត​ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ដែល​បាន​ស្ថាបនា​ឡើង​ បន្ទាប់​ពី​រូបសំណាក​សម្ដេច​សង្ឃ​ជូន​ណាត​ លោកតា​ភារ​ម្យ​ង៉ុ​យ​(​ហៅ​លោកតា​ក្រម​ង៉ុ​យ​)​  រូបសំណាក​យាយ​ដូនពេញ​ ហើយ​លោក​ នឹង​មាន​គ្រោង​ធ្វើការ​សាងសង់​នូវ​រូបសំណាក​បុព្វបុរស​ជំនាន់​ដើម​ដែល​មាន​ស្នាដៃ​ ល្បីល្បាញ​ជា​ច្រើន​រូប​ទៀត​ ដូច​ជា​រូបសំណាក​តេ​ជោ​ដំ​ឌិន​  និង​អ្នក​ល្បីៗ​ជា​ច្រើន​ផ្សេង​ទៀត​  ។​ តែ​ជ្ញា​ធរ​ ក៍​កំពុង​គិត​រក​ទីតាំង​ដាក់​រូបសំណាក​ទាំងនោះ​មិន​ទាន់​បាន​នៅឡើយ​។​ 
រូបសំណាក​មេទ័ព​ដ៏​ល្បី​ល្បាញ​ទាំង​២​នេះ​ នឹង​បើក​សម្ពោធ​កាត់​ខ្សែ​បូជា​ផ្លូវការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​លោក​ជំទាវ​ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ​និង​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​៕

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ជំរុញ​ឲ្យ​សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ពង្រឹង​តួនាទី​ឡើងវិញ​

ភ្នំពេញ: ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ក្រោម​ប្រធានបទ "​សន្តិភាព​យូរអង្វែង តាមរយៈ​អភិបាលកិច្ច​រួម​គ្នា​ជា​សកល​" នៅ​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ នា​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ឡើង​ថ្លែង​សន្ទរកថា​គន្លឹះ​មួយ ដោយ​ជំរុញ​ឲ្យ​សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ពង្រឹង​តួនាទី​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម​ថ្មីៗ​នេះ​។​

​ក្នុងនាម​ក​ម្ពជា ជា​ស្ថាបនិក និង​និម្មាបនិក​មួយ នៃ​ចលនា​ដ៏​មាន​សារៈសំខាន់ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​យើងទាំងអស់គ្នា ពិតជា​មាន​មោទនភាព ចំពោះ​សមិទ្ធផល​រយៈពេល ៥ ទស្សវត្ស​កន្លង​មក របស់​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ក្នុង​ការតស៊ូ​ដើម្បី​ឯករាជ្យ នៃ​ប្រទេស​ជាច្រើន ក៏ដូចជា ក្នុង​ការផ្តល់​នូវ​វេទិកា​អព្យាក្រឹត្យ សម្រាប់​បណ្តា​ប្រទេស​ទន់ខ្សោយ​ទាំងឡាយ​ប្រើប្រាស់ ដើម្បី​គោលដៅ​នៃ​ការធានា​នូវ​សុខសន្តិភាព និង​ភាព​រីកចម្រើន​ដោយ​សុខដុម ស្របតាម​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​ដោយ​សមធម៌​"​។​

​ទន្ទឹមនឹងនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​យើង​ក៏​ត្រូវ​ទទួល​ដែរ​ថា ក្នុង​ដំណាក់កាល​បច្ចុប្បន្ន សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ កំពុង​ជួប​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន ទាំង​ក្នុង​កម្រិត​តំបន់ និង​កម្រិត​សកល ដូចជា ការធ្លាក់ចុះ​នៃ​សន្តិភាព និង​សន្តិសុខ​សកល ភាព​ផុយ​ស្រួល​នៃ​ដំណើរការ​ងើបឡើង​វី នៃ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍ ការ​អូស​បន្លា​ញ​នៃ​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ​ក្នុង​តំបន់​អឺរ៉ុប ការ​កើត​មាន​កលិយុគ​នយោបាយ និង​សង្គម នៅក្នុង​តំបន់​មជ្ឈឹម​បូព៌ា និង​អាហ្វ្រិក​ខាងជើង តម្លៃ​ប្រេង​ឡើង​ខ្ពស់ ការធ្លាក់ចុះ​នៃ​សន្តិសុខ​ថាមពល និង​សន្តិសុខ​ស្បៀង ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយ​ធម្មជាតិ​កាន់តែ​ញឹកញាប់ អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ខ្ញុំ​យល់​ថា នៅក្នុង​បរិការណ៍​ថ្មី​នេះ សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​ក្រសោប​ប្រមាណ​ជា ៦០% នៃ​អាសនៈ​នៅក្នុង​អង្គការសហប្រជាជាតិ គួរ​រួមគ្នា​ធ្វើការ​សំដៅ​ធានា​ឲ្យ​ចលនា​នេះ ង​វិញ ហើយ​អាច​បង្កើត​តួនាទី និង​សារៈសំខាន់​របស់​ខ្លួន ក្នុង​ការការពារ​ផលប្រយោជន៍​នៃ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ក៏ដូចជា ចូល​រួមវិភាគទាន​ដល់​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ធំៗ ទាំងឡាយ ទាំង​ក្នុង​កម្រិត​តំបន់ ទាំង​ក្នុង​កម្រិត​សកល​"​។​

​ក្នុង​ស្មារតី​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន ក៏​បាន​គូស​រំលេច​នូវ​អាទិភាព​ជាក់ស្តែង​មួយ​ចំនួន នៅក្នុង​សន្ទរកថា​គន្លឹះ នៅពេល​បើក​សន្និសីទ​កំពូល លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​រួមមាន​៖ ការពង្រឹង​តួនាទី​របស់​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ការបន្ត​ជំរុញ​របៀបវារៈ នៃ​ការលុបបំបាត់​ទាំងស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ ការបង្កើត​កិច្ចខិតខំ​ប្រឹងប្រែង និង​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​គ្នា ការជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង ការជំរុញ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការលើកកម្ពស់​ការចូល​រួម ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន ជាដើម​។​

.​សម្តេច​ហ៊ុន​សែន ជំរុញ​ឲ្យ​ប្រទេស​សមាជិក ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ចូលរួម​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ដោយ​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ គួរ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ស្តីពី បម្រាម​មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដោយ​ពុំ​មាន​ការពន្យារពេល​ទៀត​ទេ​។ ក្នុងន័យនេះ សន្ធិសញ្ញា​ស្តីពី​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ គួរតែ​ត្រូវបាន​ធ្វើ​ជា​លក្ខណៈ​សកល​។ ក៏ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា យើង​ក៏​ត្រូវ​គូសបញ្ជាក់​ផងដែរ អំពី​សិទ្ធិ​មិន​អាច​កាត់ផ្តាច់​បាន​របស់​ប្រទេស​ទាំងអស់ ក្នុង​ការប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ ក្នុង​គោលដៅ​សន្តិភាព ដើម្បី​កា​អភិវឌ្ឍ​។​

.​សម្តេច​ហ៊ុន​សែន ស្វែងរក​ការគាំទ្រ​បេក្ខភាព​កម្ពុជា ក្នុង​អាសនៈ​នៅ អ​.​ស​.​ប​.

​ជាមួយនឹង​គ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា "​យើង​គួរតែ​បន្ត​ពង្រឹង​យន្តការ​របស់​អង្គការសហប្រជាជាតិ ដែល​ជា​ស្ថាប័ន​ពហុភាគី សម្រាប់​អភិបាលកិច្ច​ជា​សកល​។ កម្ពុជា​គាំទ្រ​ការពង្រីក​សមាជិកភាព ទាំង​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ក្នុង​គោលបំណង​ធ្វើឲ្យ​ក្រុមប្រឹក្សា​នេះ អាចអនុវត្ត​តួនាទី​របស់​ខ្លួន កាន់តែ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា "​ដោយ​មាន​បទពិសោធន៍ ក្នុង​ការដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​របស់​ខ្លួន តាមរយៈ​ការចរចា និង​ការផ្សះផ្សារ​ជាតិ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដើម្បី​រួមចំណែក​ដល់​ការរក្សា​សន្តិភាព​សកលលោក និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ ក្នុង​បុព្វហេតុ​នេះ កម្ពុជា​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន សម្រាប់​សមាជិក​ភាព​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ​២០១៣-២០១៤ ក្នុង​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តឡើង នៅ​ខែ​តុលា ឆ្នាំ​២០១២ ខាងមុខ​។ នេះ​គឺជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន នៅក្នុង​ស្ថាប័ន​ដឹកនាំ​របស់​អង្គការសហប្រជាជាតិ​"​។​

​សម្តេច​ហ៊ុន​សែន បាន​លើកឡើង​ថា "​តាំងពី​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៥៥ មក កម្ពុជា​មិន​ដែល​បាន​ទទួល​អាសនៈ​ណាមួយ នៅក្នុង​ស្ថាប័ន​ដឹកនាំ​នៃ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នោះឡើយ​។ ដូច្នេះ ការគាំទ្រ​ដ៏​ថ្លៃថ្លា​ពី​ប្រទេស​ជា​សមាជិក​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ទាំងអស់ គឺជា​ការចាំបាច់​ណាស់ សម្រាប់ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ នៅ​ក្នុង​ការ​ឈរឈ្មោះ​ជា​លើកដំបូង​នេះ​"​។​

​នៅ​ទី​បញ្ចប់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​គូសបញ្ជាក់​ជា​ថ្មី​ថា "​កម្ពុជា បាន​ដើរតួនាទី​ជា​សមាជិក​ដ៏​សកម្ម​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ តាំង​ពី​ចាប់បដិសន្ធិ​មក​។ កម្ពុជា​ប្តេជ្ញា​គាំទ្រ​ចំពោះ​ការតស៊ូ​ជា​បន្ត​របស់​ចលនា​នេះ សំដៅ​ជំនះ​ឲ្យបាន ប្រកបដោយ​ប្រសិទ្ធភាព នូវ​បញ្ហា​ប្រឈម​ជា​សកល​ទាំងឡាយ តាមរយៈ​ការស្វែងរក​តុល្យភាព​កាន់តែ​ប្រសើរ​ឡើង​នៃ​អភិបាលកិច្ច​សកល ដោយ​ឈរ​លើ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ដោយ​សមធម៌​"​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​កំពូល លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ត្រូវបាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ដោយមាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ មកពី​បណ្តា​ប្រទេស​ទាំង ១២០ ដែល​ជា​សមាជិក របស់​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ និង​ប្រទេស​ជា​អ្នក​អង្កេត​ការណ៍​ចំនួន​១៧​។ កិច្ចប្រជុំ​នោះ បាន​ធ្វើឡើង​នៅ​សាល​សន្និសីទ​អន្តរជាតិ ទី​ក្រុងតេអេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​។ 

​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ត្រូវបាន​បង្កើតឡើង កាលពី​ឆ្នាំ​១៩៦១​។ កិច្ចប្រជុំ​កំពូល ត្រូវបាន​ធ្វើឡើង​រៀងរាល់ ៣ ឆ្នាំ​ម្តង​។ រហូតមកដល់​ពេលនេះ មាន​កិច្ចប្រជុំ​កំពូល​ចំនួន ១៥ លើក រួចមកហើយ​។ ក្នុងនោះ​កិច្ចប្រជុំ លើក​ទី​១ បាន​ប្រព្រឹត្តទៅ នៅ​ឆ្នាំ​១៩៦១ នៅ​ទីក្រុង​ប៊ែល​ក្រាដ ប្រទេស​យូ​ហ្គោ​ស្លា​វី​។ រី​ឯ​កិច្ចប្រជុំ​កំពូល លើក​ទី​១៥ បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០០៩ នៅ​ទីក្រុង​សាម​អ៊ែល​ស្ហែក (Sharm El Sheikh) ប្រទេស​អេ​ហ្ស៊ី​ប​។​

​កិច្ចប្រជុំ លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​ចូលរួម​ដោយ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​សមាជិក ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុងតេអេ​រ៉ង់ ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់​លោក ម៉ា​មូដ អា​ម៉ា​ឌី​ណេ​ចា​ដ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អ៊ីស្លាម អ៊ីរ៉ង់​។ ក្នុង​កិច្ចប្រជុំ​កំពូល​នោះ លោក បាន គីម​ម៉ូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​បាន​ចូលរួម​ផងដែរ​៕

ក្រសួងមហាផ្ទៃ យល់ព្រម ចុះបញ្ជី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ: ​ទី​បំផុត​ទៅ ក្រសួងមហាផ្ទៃ ដែល​ជា​ស្ថាប័ន ចុះបញ្ជី​គណបក្សនយោបាយ បាន​យល់ព្រម ទទួល​ចុះបញ្ជី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើត​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ឆ្លើយតប​តាមរយៈ​លិខិត​មួយច្បាប់ ទៅកាន់​លោក ប៉ុល ហំ​ម តំណាង​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ដោយ​លើកឡើង​ថា “​ក្រសួងមហាផ្ទៃ បាន​ទទួល​សេចក្តីជូនដំណឹង ស្តី​អំពី​សំណើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីស្នាក់កា​រក​ណ្តា​លតាំង​នៅផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ហើយ​។ ដើម្បី​ទទួល​សុពលភាព គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បំពេញ​បែប​ទ និង​លក្ខខណ្ឌ​ដូច​មានចែង​នៅក្នុង​មាត្រា​២០ ជំពូក​ទី​៥ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​"។ 

យោងតាមមាត្រា២០ នៃច្បាប់ស្ដីពី គណបក្សនយោបាយ បានកំណត់ថា គណបក្ស​នយោបាយ ត្រូវបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជី ដើម្បីទទួលបានសុពលភាព ដោយ​មានស្នាមមេដៃសមាជិកគណបក្ស ចំនួន ៤ពាន់នាក់ យ៉ាងតិច ហើយត្រូវបញ្ជូន ទៅ​កាន់​ក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀត។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍​ថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ពិនិត្យ​បញ្ជី​បែបបទ​តាម​ជំនាញ​ច្បាប់ ហើយ​បាន​ឯកភាព​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​បង្កើត​គណ​បក្ស ទៅតាម​ច្បាប់ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​វិញ​ហើយ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវមាន​ជំហាន​ទី​២​ទៀត ដើម្បី​ចុះ​ឈ្មោះ​គណបក្ស ហើយ​តាម​ច្បាប់ ត្រូវ​រក​ឲ្យបាន​ចំនួន​អ្នកគាំទ្រ​ឲ្យបាន ៤.០០០ នាក់​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​សម​រង្ស៊ី ជា​ប្រធាន បានដាក់​សំណុំ​ឯកសារ​ជា​ថ្មី ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។ គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ លើកដំបូង កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ តែ​ដោយ​ខ្វះខាត​ចំណុច​ខ្លះ ទើប​ក្រសួង​មហាផ្ទៃ ឲ្យ​កែតម្រូវ​ឡើង​វិញ​៕​

លោក សុន ឆ័យ ចង់បាន​ព័ត៌មាន​ពី​ការគ្រប់គ្រង​វិស័យ​រ៉ែ នៅ​កម្ពុជា​

ភ្នំពេញ: ប្រធាន​ក្រុម​អ្នកតំណាងរាស្ដ្រ​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ បាន​ផ្ញើលិខិត​ជូន​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ស្នើសុំ​ផ្ដល់ព័ត៌មាន​ពី​ការគ្រប់គ្រង​វិស័យ​រ៉ែ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​លិខិត​ស្នើសុំ របស់លោក សុន ឆ័យ ចុះ​ថ្ងៃ​ទិ​២៤ ខែសីហា ឆ្នាំ​២០១២ បាន​លើកឡើងថា “​ក្នុងនាម​ជា​សមាជិក​រដ្ឋសភា យើងខ្ញុំ ពុំដែល​ទទួលបាន​នូវ​ឯកសារ​ជា​ផ្លូវការ​ណាមួយ ដែល​បង្ហាញ​ពី​ចំនួន​អាជ្ញាប័ណ្ណ​រុករក ឬ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ព្រះរាជាណាចក្រ​កម្ពុជ​នៅឡើយ​ទេ តែ​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ កន្លងទៅនេះ មានការ​ប្ដឹងតវ៉ា​ជាច្រើន​ករណី​ពី​សំណាក់​ពលរដ្ឋ​លើ​ការ​ដឹកយក​រ៉ែ​មាស និង​ត្បូង បែប​អាណាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន​មួយចំនួន ដូច​កើតមាន​ក្នុង​ខេត្តកំពង់ធំ និង​ខេត្តរតនគិរី ជាដើម​”​។​

​នៅក្នុង​លិខិត​នោះ លោក សុន ឆ័យ បាន​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម ឆ្លើយបំភ្លឺ ដូចតទៅ​៖

១. តើ​ការសម្រេចចិត្ត​របស់​ក្រសួង ឲ្យ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ ឬ​ធ្វើ​អាជីវកម្ម​រ៉ែ ទៅ​ក្រុមហ៊ុន​ណាមួយ គឺ​ធ្វើ​ដោយ​យក​គោលការណ៍​អ្វី ជា​មូលដ្ឋាន​?

២. តើ​មកដល់ពេលនេះ មាន​ក្រុមហ៊ុន​ទាំងអស់​ប៉ុន្មាន​ហើយ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ក្នុងការ​រុករក ឬ​ជីក​យក​រ៉ែ ហើយ​មាន​ទីតាំងនៅ​ទីកន្លែង​ណាខ្លះ​?

៣. តើ​ក្រុមហ៊ុន​បង​កម្រៃ​ជូន​រដ្ឋ​ប៉ុន្មាន ក្នុងការ​ទទួលបាន​អាជ្ញាប័ណ្ណ ហើយ​មាន​កិច្ចសន្យា​អ្វីខ្លះ​?

៤. តើ​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ មាន​សិទ្ធិ​លក់​អាជ្ញាប័ណ្ណ​បន្ត ឬ​យក​អាជ្ញាប័ណ្ណ​ទៅ​ដាក់​ជាមួយ​ក្រុមហ៊ុន​ដទៃ​ដែរឬទេ​?

៥. ក្នុងករណី​ក្រុមហ៊ុន​វៀតណាម ឈ្មោះ Nam Hai Mineral Joint Stock យក​អាជ្ញាប័ណ្ណ​ទៅ​លក់ និង​ហ៊ុន បាន​កម្រៃ​ប្រមាណ ៣​លាន​ដុល្លារ​នោះ តើ​រាជរដ្ឋាភិបាល​បាន​ចំណែក​ដែរឬទេ​?

៦. មាន​ក្រុមហ៊ុន​ចិន​មួយ កំពុង​ជីក​យក​រ៉ែ​មាស​នៅក្នុង​ខេត្តរតនគិរី​។ តើ​មានការ​ត្រួតពិនិត្យ​លើ​ចំនួន​មាស​ដែល​ជីក​បាន និង​ការបែងចែក​ផល​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាងណា​? តើ​ការដឹកជញ្ជូន​រ៉ែ ដែល​នាំ​ឲ្យ​ខូច​ផ្លូវ​ក្នុងភូមិ​ឃុំ​នោះ នរណា​ជា​អ្នកទទួលខុសត្រូវ​?

៧. តើ​ការផ្ដល់​ផ្ទៃដី​ទៅ​ក្រុមហ៊ុន​ក្នុងការ​រុករក ឬ​ជីក​យក​រ៉ែ​មានការ​គិតគូរ​ដល់​ផលប៉ះពាល់ ចំពោះ​ដី​សហគមន៍​ជនជាតិដើម និង​បរិស្ថាន ដល់​កម្រិតណា​?

​នៅក្នុង​លិខិត​ដដែល​នោះ លោក សុន ឆ័យ បាន​លើកឡើងថា សេចក្ដី​ជា​សំណួរ​ទាំងនេះ សង្ឃឹមថា លោក​រដ្ឋមន្ត្រី​នឹង​បំភ្លឺ​រួមទាំង​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​ស្របតាម​ការទទួលខុសត្រូវ ជា​សមាជិក​រាជរដ្ឋាភិបាល ដែល​តម្រូវ​ដូច​មានចែង​ក្នុង​មាត្រា ៩៦​នៃ​រដ្ឋធម្មនុញ្ញ​ពុំខាន​។​

​រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ការឆ្លើយតប​នូវ​សំណួរ​ទាំង​ប្រាំពីរ របស់​ប្រធាន​ក្រុម​អ្នកតំណាងរាស្ដ្រ​បក្សប្រឆាំង​សមរង្ស៊ី នៅឡើយ​ទេ​។​

​កាលពីដើម​សប្តាហ៍​នេះ អង្គការ​អុក​ស្វា​ម​អាមេរិក ដែលជា​អង្គការ​មនុស្សធម៌ និង​អភិវឌ្ឍន៍​អន្តរជាតិ បាន​ស្វាគមន៍​ដល់​គណៈកម្មការ​មូលប័ត្រ​អាមេរិក (SEC) ដែល​នៅ​ទីបំផុត បានការ​អនុម័ត​បញ្ញត្តិ​ចុងក្រោយ ដើម្បី​អនុវត្ត​ច្បាប់​តម្លាភាព ដែល​នឹង​ផ្តល់ព័ត៌មាន​ដ៏​សំខាន់ ដល់​អ្នកវិនិយោគ និង​ជួយ​កាត់បន្ថយ​អំពី​ពុករលួយ នៅក្នុង​ប្រទេស ដែល​សម្បូរ​ធនធានធម្មជាតិ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ អុក​ហ្វា​ម នៅ​កម្ពុជា បង្ហាញថា បញ្ញត្តិ​ចុងក្រោយ ដែល​ត្រូវ​បានអនុម័ត កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ តម្រូវ​ឲ្យ​ក្រុមហ៊ុន​រ៉ែ ប្រេង ឧស្ម័ន ដែល​បាន​ចុះបញ្ជី​នៅ​គណៈកម្មការ​មូលប័ត្រ​អាមេរិក លាតត្រដាង​អំពី​បង់ប្រាក់ និង​ចំណាយ​ផ្សេងៗ​របស់ខ្លួន​ដល់​រដ្ឋាភិបាល​សាមី​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ​អុក​ហ្វា​ម អាមេរិក សម្រាប់​ការចេញផ្សាយ​បន្ទាន់ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ បាន​លើកឡើងថា សម្រាប់​ប្រទេស​កម្ពុជា ការអនុវត្ត​នេះ មានន័យថា ក្រុមហ៊ុន​ដែល​កំពុងតែ​ប្រតិបត្តិការ​អាជីវកម្ម នៅក្នុង​ប្រទេស ដូចជា ក្រុមហ៊ុន Chevron តូ​តា​ល់​(Total)​និង China National Offshore Oil Corporation(CNOOC) នឹងត្រូវ​អនុវត្តន៍​តា​ម​បទបញ្ញត្តិ​ថ្មី​នេះ ដោយ​ត្រូវ​បង្ហាញ​ព័ត៌មាន​ពី​ការបង់ប្រាក់​របស់ខ្លួន សម្រាប់​គម្រោង​នីមួយៗ សម្រាប់​គ្រប់​ឆ្នាំសារពើពន្ធ ដែល​ចប់​ក្រោយ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២៕​

លោកញឹកប៊ុនឆៃ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលគណបក្សប្រឆាំងចំនួនជាង ១.០០០ នាក់ នៅបន្ទាយមានជ័យ

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រាប់​ឲ្យ​ថា សមាជិក​នៃ​គណបក្សប្រឆាំង​ពីរ ដែលមាន​គ្នា​ជាង ១.០០០ នាក់ បាន​ចុះចូល​ជាមួយនឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នកតំណាងរាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ ថា នៅ​ថ្ងៃទី​១ ខែកញ្ញា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តបន្ទាយមានជ័យ នឹងធ្វើ​ពិធី​ទទួល​សមាជិក ដែល​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន​ជាង ១.០០០ នាក់​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បន្តថា សមាជិក​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ចំនួន​ជាង ១.០០០ នាក់​នោះ អ្នកខ្លះ​មាន​លិខិត​តែងតាំង ធ្វើជា​ក្រុមការងារ និង​ទទួលខុសត្រូវ​តាម​បណ្តា​ស្រុក និង​ឃុំ នឹង​នាំមក​ជាមួយ​នូវ​កាត​សមាជិក​របស់​គណបក្ស​ទាំងពីរ បង្ហាញ​ថែមទៀត ដើម្បី​ចៀសវាង​ការចោទប្រកាន់ថា ជាការ​ឃោសនា ក្នុង​ការទទួល​សមាជិក​ថ្មី​នេះ​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា បន្ទាប់ពី​ធ្វើ​ពិធី​ទទួល​សមាជិក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន​ជាង ១.០០០ នាក់ នៅ​ខេត្តបន្ទាយមានជ័យ​រួចហើយនោះ លោក​នឹង​បន្តធ្វើ​ពិធី​ទទួល​បញ្ចូល​សមាជិក មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​ចំនួន ៤​ខេត្ត​ទៀត ស្ថិតនៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប ដែលមាន​គ្នាច្រើន​រយ​នាក់​។​

​កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ នៅ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ពិធី​ទទួល​សមាជិក មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ន​រោ​ត្ត​រណឫទ្ធិ ដែល​មន្ត្រី​គណបក្ស​នោះ អះអាងថា មាន​ចំនួន ១៤៦ នាក់ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា​នេះដែរ​។​
 ក៏ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​បដិសេធថា គ្មាន​សមាជិក​របស់​គ​ណ​បក្ស​បក្ស​ហ្វ៊ុនស៊ិនប៉ិច ជាង ១០០ នាក់ នៅ​ភ្នំពេញ ទៅ​ចូល​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ គឺ​មិនមែនជា​ការពិត​ទេ ដែល​លោក​ថា នេះ​គ្រាន់តែ​ជាកា​ឃោសនា បែប​សង្គ្រាមចិត្តសាស្ត្រ របស់​ក្រុមមន្ត្រី​គណបក្សប្រឆាំង​ប៉ុណ្ណោះ​៕​

អ្នកជំនាញ​យល់ថា អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ធ្ងន់ធ្ងរ តែ​សាក្សី​យល់​ឃើញ​ផ្ទុយ​ពីនេះ​


ភ្នំពេញ: ក្រុមគ្រូពេទ្យ​ជាតិ និង​អន្តរជាតិ ផ្នែក​វិកល​វិទ្យា ដែល​ជា​អ្នកជំនាញ ក្នុង​ការវាយតម្លៃ​លើ​អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ អាយុ ៨០ ឆ្នាំ ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច សម័យ​ខ្មែរក្រហម បាន​លើកឡើង​ថា ស្ថានភាព​ជំងឺ​វង្វេងវង្វាន់​របស់​លោក​ស្រី អៀង​ធីរិទ្ធ នៅពេលនេះ មិន​បាន​ធូរស្រាល​ទេ​។ ក៏​ប៉ុន្តែ​សាក្សី ដែល​ជា​វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិទ្យា ជា​គ្រូពេទ្យ​កម្ពុជា បាន​យល់​ឃើញ​ផ្ទុយ​ពី​នេះ​។​

​ក្នុង​បន្ទប់​សវនាការ នៅ​តុលាការ​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ( Seena Fazel ) អ្នកជំនាញ​ឯកទេស វាយតម្លៃ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ដែល​មាន​វេជ្ជបណ្ឌិត ៤ រូប បាន​លើកឡើង​ថា ការ​វាយតម្លៃ​ជា​ថ្មី​របស់​ក្រុម​វេជ្ជបណ្ឌិត អ្នកជំនាញ​វិកល​ចរិក និង​ជំនាញ​មនុស្ស​ចាស់ បាន​លើកឡើង​ថា មកដល់ពេលនេះ អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ គ្មាន​ការធូរស្រាល​ណាមួយ​ទេ ទោះបីជា​មាន​ការព្យាបាល​អស់​រយៈពេល ៦ ខែ​មក​ហើយ​ក៏​ដោយ​។​

​លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល បាន​លើកឡើង​ថា "​គឺ​យើង​រកឃើញ​ថា គ្មាន​ភស្តុតាង​នៃ​ការធូរស្រាល​ណាមួយ​ឡើយ បន្ទាប់​ពី​ប្រើប្រាស់​ឱសថ រ៉ាស់​ហ្វា​ស្ទិក​មីន និង​កម្មវិធី​ដាស់​បញ្ញា​សតិ គឺថា យើង​ឃើញថា មាន​ការធ្លាក់ចុះ​នូវ​សតិ​បញ្ញា​ក្នុង​រយៈពេល​កន្លងមក បានន័យថា មិន​មាន​ការកើនឡើង ឬក៏​ការប្រែប្រួល​ទៅ​លើ​ការជំរុញ​សតិ​ស្មារតី​នោះឡើយ ព្រោះថា នៅពេលដែល​យើង​ប្រើប្រាស់​បទដ្ឋាន​ធ្វើ​តេស ដើម្បី​វាយតម្លៃ​លើ​បញ្ហា​នេះ គឺ​យើង​ទទួលបាន​លទ្ធផល​បែបនេះ​។ រោគសញ្ញា​ផ្នែក​អាកប្បកិរិយា ដូចជា ទំនាក់ទំនង​ជាមួយ​នឹង​បុគ្គលិក​សន្តិសុខ ក៏ដូចជា មុខងារ​ក្នុង​ការយកចិត្តទុកដាក់​ចំពោះ​ខ្លួន​របស់​គាត់ មាន​ការថយចុះ​។ ដូច្នេះ​យើង​មិន​គិត​ថា មាន​វិធីសាស្ត្រ​ព្យាបាល​ណាមួយ ដែល​អាច​ជួយ​ជំរុញ​ដល់​សតិបញ្ញា​របស់លោក​ស្រី អៀង ធីរិទ្ធ បាន​នោះឡើយ​។ ហេតុដូច្នេះ​ហើយ យើង​មិន​មាន​អនុសាសន៍​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ ដើម្បី​ផ្តល់​ដល់​ជូន​នោះឡើយ​។ គឺ​យើង​ឯកភាព​ជា​ឯកច្ឆន្ទ ដោយ​មាន​ភស្តុតាង​រួមគ្នា ដែល​យើង​បាន​ប្រើប្រាស់​នូវ​ប្រភព​ព័ត៌មាន​ផ្សេងគ្នា ដើម្បី​គាំទ្រ​ដល់​ការ​រក​ឃើញ​របស់​យើង​"​។​

​ការលើកឡើង​របស់​វេជ្ជបណ្ឌិត អ្នកជំនាញ​ដូច្នេះ ជា​ការឆ្លើយតប​នឹង​លោកស្រី​ចៅក្រម ស៊ី​វៀល ខាត់​វ្រា​យ ក្នុង​សវនាការ​នា​ព្រឹក​មិញ​។  

​ក៏​ប៉ុន្តែ​លោកស្រី ចក់ ធីតា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ទីក្រុង​ភ្នំពេញ បាន​លើកឡើង​ថា តាមរយៈ​ការវាយតម្លៃ​ផ្នែក​ចិត្តសាស្ត្រ​ជាច្រើន ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១១ គឺ​លោកស្រី អៀង ធីរិទ្ធ មិន​បាន​ទទួលរង​នូវ​ការ​ថមថយ​ផ្នែក​សតិបញ្ញា​ស្មារតី ដែល​ជា​ជំងឺ​វង្វេងវង្វាន់​នោះទេ​។ ពោល​គឺ​លោកស្រី​អៀង​ធីរិទ្ធ មិនមាន​ជំងឺ​ខាង​ផ្លូវចិត្ត ឬក៏​ជំងឺ​វិកល​ចរិក​ទេ តែ​លោក​ស្រី អៀង ធីរិទ្ធ រាង​ភ្លេចភ្លាំង​បន្តិចបន្តួច​។​

​លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា បាន​ឆ្លើយតប​នឹង​សំណួរ​របស់​ចៅក្រម​ថា "​ឆ្លង​តាម​ការតាមដាន​ព្យាបាល និង​តាម​ការវាយតម្លៃ យើង​បាន​ធ្វើការ​វាយតម្លៃ​ជា​ហូរ​ហែល ហើយ​ក្នុងនោះ ទាក់ទង​នឹង​ការ​វង្វេងស្មារតី វា​ចែកចេញជា​ពីរ​ផ្នែក ទី​១-​មាន​សញ្ញា​វិកលចរិត និង​មួយទៀត ទាក់ទង​នឹង​ការ​វង្វេង​ដោយ​ការចងចាំ​។ ក្នុងនោះ ក្នុងការ​ធ្វើ​ការវាយតម្លៃ និង​អនុសាសន៍​របស់​នាង​ខ្ញុំ ដែល​នាង​ខ្ញុំ​ប្រើ និង​ឧបករណ៍​មួយចំនួន គឺ​ការយកចិត្តទុកដាក់ និង​ឧបករណ៍​របស់ខ្ញុំ​ផ្ទាល់ យើង​សង្កេតឃើញថា រោគសញ្ញា​វិកលចរិត គឺ​នាង​ខ្ញុំ​មិន​បាន​រកឃើញ​នោះទេ​។ ប៉ុន្តែ​ការ​ភ្លេច​ស្មារតី ទាក់ទង​នឹង​ការចងចាំ​បន្តិចបន្តួច គឺ​គាត់​មាន​"​។​

​របាយការណ៍ កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ របស់​លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា ក៏​ត្រូវបាន​ចៅក្រម​លើកឡើង ក្នុង​សវនាការ ដោយ​បង្ហាញ​ថា អ្នកជំងឺ ( លោកស្រី អៀង​ធីរិទ្ធ ) មាន​សភាព​ធូរស្រាល ផ្នែក​រាងកាយ មិន​មាន​សញ្ញា​ណា​ដែល​បញ្ជាក់ថា មាន​ជំងឺ​វិកលចរិត តែ​គាត់​អាច​មាន​ការ​ភ្លេច​បន្តិចបន្តួច ដែល​ត្រូវ​នឹង​វ័យ​របស់គាត់ និង​អាច​ជា​ជំងឺ​វង្វេងវង្វាន់​បន្តិច តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ឡើយ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​មេធាវី ផាត់ ពៅ​ស៊ា​ង សហ​មេធាវី​ជាតិ ការពារ​ក្តី​លោកស្រី អៀង ធីរិទ្ធ បាន​លើកឡើង​ក្នុង​ពេល​ចោទសួរ​ទៅកាន់​សាក្សី លោកស្រី​វេជ្ជបណ្ឌិត ចក់ ធី ដោយ​ច្រានចោល​នូវ​ការលើកឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ហើយ​ថា លោកស្រី អៀង ធីរិទ្ធ មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ ដោយសារតែ​លោក​ស្រី អៀង ធីរិទ្ធ មិន​ស្គាល់ សូម្បី​តែ​ប្តី​របស់​គាត់ ( លោក អៀង សារី ) និង​រូប​លោក​មេធាវី​។​

អំណះអំណាង​របស់​ក្រុម​វេជ្ជបណ្ឌិត ជា​អ្នកជំនាញ សាក្សី និង​មេធាវី​ខាងលើនេះ បាន​ធ្វើឡើង ក្នុង​សវនាការ​សាជាថ្មី របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរ​ក្រហម លើ​កាយសម្បទា និង​បញ្ញា​ស្មារតី លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​។​

​អង្គ​សវនាការ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​ឡើង ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ លើ​ស្ថានភាព​កាយ​សម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ នៅ​ក្នុង​ការចូលរួម​កា​រ​ជំនុំជម្រះ​ក្តី​។​

​ក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ រួមមាន​៖ ភាគី​សហ​ព្រះរាជអាជ្ញា ភាគី​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ការពារ​ជន​រងគ្រោះ និង​ភាគី​មេធាវី​ការពារ​លោកស្រី​អៀង​ធីរិទ្ធ​។​

​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាតិ និង​អន្តរជាតិ ៣ រូប គឺ​លោក​វេជ្ជបណ្ឌិត ហួត លីន​ណា លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ( Seena Fazel ) និង​លោក​សាស្ត្រាចារ្យ​ជំនាញ​មនុស្ស​ចាស់ ច​ន ខាំ​ប៊ែល ( John Campbell ) បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ ដើម្បី​ផ្តល់​នូវ​របាយការណ៍​វាយ​តម្លៃ​របស់​ខ្លួន លើ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ​។​

​អង្គុយ​ចំពោះមុខ​អង្គការ​សវនាការ នៅ​ព្រឹក​នេះ ក៏​មាន​សាក្សី​ម្នាក់ គឺ​លោកស្រី ចក់ ធីតា ជា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​សក្ខីកម្ម អំពី​ស្ថានភាព​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ផងដែរ​។ លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា បាន​ចូលរួម​ពិនិត្យ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១១​។​

​ចំណែក​លោក​ស្រី អៀង ធីរិទ្ធ រួមទាំង​លោក​អៀង​សារី ដែលជា​ស្វាមី​របស់​លោកស្រី មិន​បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ​ទេ តែ​ពួកគាត់​ទាំងពីរ ដែល​កំពុង​មាន​ជំងឺ ត្រូវបាន​គេ​អះអាងថា កំពុង​តាមដាន​សវនាការ​នៅ​ថ្ងៃនេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ ចេញពី​បន្ទប់​សវនាការ​។​

​មាន​អាយុ ៨០ ឆ្នាំ លោកស្រី អៀង ធីរិទ្ធ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជាតិ និង​អន្តរជាតិ បាន​អះអាង​កាលពី​ចុងឆ្នាំ​២០១១ ថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់ ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ ដែល​មិន​អាច​នាំមក​កាត់ទោស ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក អៀង សារី លោក​ខៀវ​សំផន និង​លោក នួន​ជា បានឡើយ​។​

​ក៏​ប៉ុន្តែ​ក្រោយមក អង្គជំនុំជម្រះ​របស់​តុលាការ​កំពូល នៅ​តុលាការ​ខ្មែរក្រហម បាន​កំណត់​ឲ្យមាន​ការ​ព្យាបាល​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ រយៈពេល ៦ ខែ គិត​មកដល់ពេលនេះ​។ ដូច្នេះ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ ត្រូវ​បង្ហាញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​ពី​ស្ថានភាព​របស់​ជំងឺ​លោកស្រី អៀង ធីរិទ្ធ​៕​

តុលាការ​ខ្មែរក្រហម ផ្តើម​សវនាការ​សាជាថ្មី លើ​កាយសម្បទា និង​បញ្ញា​ស្មារតី របស់​លោកស្រី អៀង ធីរិទ្ធ​

ភ្នំពេញ: ​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម នៅ​ម៉ោង ១០ និង ៣៥នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ បាន​បើក​សវនាការ​សាជាថ្មី លើ​កាយសម្បទា និង​បញ្ញា​ស្មារតី លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​។

​អង្គ​សវនាការ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ធ្វើឡើង ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ លើ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ នៅ​ក្នុង​ការចូលរួម​កា​រ​ជំនុំជម្រះ​ក្តី​។ 

​ក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ រួមមាន​៖ ភាគី​សហ​ព្រះរាជអាជ្ញា ភាគី​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ការពារ​ជន​រងគ្រោះ និង​ភាគី​មេធាវី​ការពារ​លោកស្រី ​អៀង ​ធីរិទ្ធ​។ 

អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាតិ និង​អន្តរជាតិ ៣ រូប គឺលោកវេជ្ជបណ្ឌិត ហួត លីនណា លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល ( Seena Fazel ) និងលោកសាស្ត្រាចារ្យ ជំនាញមនុស្សចាស់ ចន ខាំប៊ែល ( John Campbell ) បាន​បង្ហាញខ្លួន ក្នុងបន្ទប់ សវនាការ ដើម្បីផ្តល់​នូវ​របាយ​ការណ៍​វាយ​តម្លៃ​​របស់​ខ្លួន លើ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ​។​ 

អង្គុយចំពោះមុខអង្គការសវនាការ នៅព្រឹកនេះ ក៏មានសាក្សីម្នាក់ គឺលោកស្រី ចក់ ធីតា ជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យានិងជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្តល់នូវ​សក្ខីកម្ម អំពីស្ថានភាពជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ផងដែរ។ លោក​ស្រី​វេជ្ជបណ្ឌិត ចក់ ធីតា បានចូលរួមពិនិត្យអាការជំងឺរបស់លោកស្រី អៀង ធីរិទ្ធ ចាប់​តាំង​ពីខែកុម្ភៈ ឆ្នាំ២០១១។

​ចំណែក​លោក​ស្រី អៀង ធីរិទ្ធ រួមទាំង​លោក​អៀង​សារី ដែលជា​ស្វាមី​របស់​លោកស្រី មិន​បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ​ទេ តែ​ពួកគាត់​ទាំងពីរ ដែល​កំពុង​មាន​ជំងឺ ត្រូវបាន​គេ​អះអាងថា កំពុង​តាមដាន​សវនាការ​នៅ​ថ្ងៃនេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ ចេញពី​បន្ទប់​សវនាការ​។​

​មាន​អាយុ ៨០ ឆ្នាំ លោកស្រី អៀង ធីរិទ្ធ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជាតិ និង​អន្តរជាតិ បាន​អះអាង​កាលពី​ចុងឆ្នាំ​២០១១ ថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់ ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ ដែល​មិន​អាច​នាំមក​កាត់ទោស ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក អៀង​សារី លោក​ខៀវ​សំផន និង​លោក នួន​ជា បានឡើយ​។​

​ក៏​ប៉ុន្តែ​ក្រោយមក អង្គជំនុំជម្រះ​របស់​តុលាការ​កំពូល នៅ​តុលាការ​ខ្មែរក្រហម បាន​កំណត់​ឲ្យមាន​ការ​ព្យាបាល​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ រយៈពេល ៦ ខែ គិត​មកដល់ពេលនេះ​។ ដូច្នេះ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ ត្រូវ​បង្ហាញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​ពី​ស្ថានភាព​របស់​ជំងឺ​លោកស្រី អៀង ធីរិទ្ធ​៕​

សម្តេច ហ៊ុនសែន ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់ ដោយ​សុវត្ថិភាព​

ភ្នំពេញ: អ្នករាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ Mehrabad ទីក្រុង​តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ តាម​ជើងយន្តហោះ​ពិសេស របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ ប្រកបដោយ​សុ​វត្ថិភាព កាលពី​វេលា​ម៉ោង ១៥ និង ០៥ នាទី ម៉ោង​នៅ​ទីក្រុង​តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ត្រូវ​នឹង​ម៉ោង ១៧ និង ៣៥ នាទី ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២​។​ ​បន្ទាប់ពី​ចេញដំណើរ​ពី​ព្រលានយន្តហោះ​ភ្នំពេញ កាលពី​ព្រឹក​ម៉ោង ៨ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២ យន្តហោះ​ផ្ទុក​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន បាន​ចុះចតនៅ​រដ្ឋធានី ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា រយៈពេល ១ ម៉ោង និង ៣០ នាទី​។​ ​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច ហ៊ុន សែន ទៅកាន់​ប្រទេស​អ៊ីរ៉ង់ នៅពេលនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលលើក​ទី​១៦ នៃ​ប្រទេសចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១២​។ ​នៅក្នុង​កិច្ចប្រជុំ​កំពូលនៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថាទៅកាន់​កិច្ចប្រជុំ​កំពូល​លើក​ទី​១៦ នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ លើ​ប្រធានបទ​សន្តិភាព​យូរអង្វែង តាមរយៈ​អភិបាលកិច្ច​រួមគ្នា​ជាស​កល​។​ ​សេចក្តីរាយការណ៍​ពី​ទីក្រុង តេ​អេ​រ៉ង់ ក៏បាន​បង្ហាញថា វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល រា​ក់ទា​ក់​ពី​លោក Haji Babaie រដ្ឋមន្ត្រីក្រសួង​អប់រំ និង​លោកស្រី យស់ ម៉ា​កា​ណា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ព្រមទាំង​ឥស្សរជន​ការទូត នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​អ៊ីរ៉ង់​ជាច្រើនរូប​។​ ​ក្នុងឱកាស​នៃ​ការ​ស្នាក់នៅ​ទីក្រុង​តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ក្រៅពី​កិច្ចប្រជុំ​កំពូល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​បណ្ឌិត ម៉ា​មូ​ដ អា​ម៉ា​ឌី​ណេ​ចា​ដ (Mahmoud Ahmadinejad) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ និង​ជួប​ជាមួយ​លោក គីម យ៉ុង​ណា​ម ប្រធាន​គណៈ​ប្រធានសភា​ប្រជាជន​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ( កូរ៉េខាងជើង )៕​

Thursday, August 30, 2012

សម្តេចតេជោ អញ្ជើញទៅចូលរួមសន្និសីទកំពូល នៃប្រទេសចលនាមិនចូលបក្សសម័្ពន្ធនៅប្រទេសអ៊ីរ៉ង់ និងបន្តធ្វើទស្សនកិច្ចនៅប្រទេសចិន




គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាធ្វើដំណើរទៅកាន់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ដើម្បីចូលរួមក្នុងសន្និសីទកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ម៉ាមូដ អាម៉ាឌីណេចាដ (Mahmoud Ahmadinejad) ប្រធានាធិបតីប្រទេសអ៊ីរ៉ង់។
ក្រៅពីកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅទីក្រុងតេអេរ៉ង់ នៅក្រោមប្រធានបទនៃសន្និសីទគឺ «សន្តិភាពយូរអង្វែងតាម រយៈអភិបាលកិច្ចរួមគ្នាជាសកល»សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងឯកឧត្តមបណ្ឌិត ម៉ាមូដ អាម៉ាឌីណេចាដ និងជួបជាមួយឯកឧត្តម គីម យ៉ុងណាម ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងថា នៅក្នុងសន្និសីទដែលបើកជាផ្លូវការនៅថ្ងៃទី៣០ ខែសីហា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចលនាមិនចូលបក្សសម័្ពន្ធនឹងពិភាក្សា និងដោះស្រាយលើបញ្ហាជាច្រើន ដើម្បីសន្តិភាពយូរអង្វែងរបស់សកលលោកទាំងមូល។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការកើនឡើងនៃសង្រ្គាមការគំរាមកំហែងផ្សេងៗ បញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ ការប្រែប្រួលអាកាសធាតុ ការកែទម្រង់រចនាសម័្ពន្ធ របស់អង្គការសហប្រជាជាតិ…គឺសុទ្ធសឹងតែជាបញ្ហា ដែលសន្និសីទកំពូល នៃប្រទេសចលនាមិនចូលបក្សសម័្ពន្ធធ្វើការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណា ដើម្បីឲ្យចលនាមិនចូលបក្សសម័្ពន្ធមានតួនាទីកាន់តែខ្លាំងឡើងកាន់តែរឹងមាំឡើង នៅក្នុងការបញ្ចប់សង្រ្គាម ក៏ដូចជា រារាំងមិនឲ្យមានសង្រ្គាម និងរួមចំណែកនៅក្នុងការអភិវឌ្ឍធ្វើឲ្យប្រទេសទាំងអស់មានសន្តិភាព មានទំនាក់ទំនងល្អ មិនបានទទួលការកៀបសង្កត់ ហើយដោះស្រាយបញ្ហាទាំងអស់ ដើម្បីសន្តិភាពយូរអង្វែងរបស់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថា ចលនាមិនចូលបក្សសម័្ពន្ធមានប្រទេសជាសមាជិកទាំងអស់ចំនួន១២០ ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាសមាជិកស្ថាបនិកមួយដែរ។ ប្រទេសចលនាមិនចូលបក្សសម័្ពន្ធមាន ២ភាគ៣ នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងមានប្រជាជនចំនួន ៥៥% នៃប្រជាជននៅលើពិភពលោក។ ប្រទេសចំនួន២១ ជាប្រទេសសង្កេតការណ៍របស់ប្រទេសចលនាមិនចូល បក្សសម័្ពន្ធ ប៉ុន្តែមិនមែនជាសមាជិកនោះទេ។
ប្រទេសចលនាមិនចូលបក្សសម័្ពន្ធមានប្រហែលជា៥០ប្រទេស បានដឹកនាំជាន់ខ្ពស់ ថ្នាក់ប្រធានាធិបតីចំនួន២៧រូប មានថ្នាក់ព្រះមហាក្សត្រចំនួន២ព្រះអង្គ ជានាយករដ្ឋមន្រ្តី៧រូប អនុប្រធានាធិបតីចំនួន៩រូប មានប្រធានសភា២រូប ចំនួន៥រូបជាបេសកជនពិសេស និង ក្រៅពីនោះដឹកនាំដោយរដ្ឋមន្រ្តីការបរទេស ឬជារដ្ឋមន្រ្តីនៃក្រសួងផ្សេងៗ និងអង្គការសហប្រជាជាតិផងដែរ។
យោងតាមឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឲ្យដឹងថា តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងអ៊ូរុំឈី តំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន។ អំឡុងពេលស្នាក់នៅទីក្រុងអ៊ូរុំឈី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វេន ជាបាវ (Wen Jiabao) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋប្រជាមានិតចិន ។
ប្រតិភូអមនាយករដ្ឋមន្រ្តី ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា សម្តេចតេជោនឹងអញ្ជើញទៅកាន់ ទីក្រុងអ៊ូរុំឈី តំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី៣១ ខែសីហា ដោយមុននឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២៕
អត្ថបទ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន

សៀមរាប ៖ ​លោក Chen Demingរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​នៅ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លើក​ទី ១១ ដែល​ប្រព្រឹ​ត្ត​ទៅ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ២៩ សីហា ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​​ ព្រោះបាន​នាំ​ឲ្យ​ចិន និង​អាស៊ាន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​កាន់តែ​ល្អ​ប្រសើរ ។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក Chen Deming បាន​លើកយក​ឯកសារ​សំខាន់ៗ​នៃ​កិច្ចប្រជុំ សេដ្ឋកិច្ច​អាស៊ាន-ចិន​លើក​ទី ១០ ដែល​បាន​អនុម័ត​កាលពី​ខែ​វិ​ច្ឆិកា ឆ្នាំ​២០១១ នៅ​ប្រទេស ឥណ្ឌូ​នេស៊ី ដែល​បាន​ក្លាយទៅជា​ទិសដៅ​មួយ​យ៉ាង​សំខាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន កាន់តែ​ត្រូវ​បាន លើក​កម្ពស់​ទៅ​ក្នុង​វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម​នោះ ។ លោក Chen Deming ថ្លែង​ថា ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​បណ្តា​ទំនិញ​របស់​អាស៊ាន​បាន​ធ្វើ​ចរាចរ ដោយ​បាន​អះអាង​ថា «អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន» កាលពី​ឆ្នាំ ២០១១ កន្លងទៅ ដោយ ក្នុង​នោះ​យើង​ក៏បាន​ព្រមព្រៀងគ្នា​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន និង​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះ​ថា អាស៊ាន​នឹង​ខិតខំ​ពង្រឹង​បន្ថែម​ទៀត​លើ​ការ​វិនិយោគ​រវាង អាស៊ាន-ចិន ដើម្បី​ឲ្យ​វិស័យ​វិនិយោគ​នេះ​កាន់តែ​ប្រសើរ​ឡើង​ព្រោះថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ សំខាន់​មួយ​របស់​អាស៊ាន ក្នុងការ​​ជម្រុញ​​បន្ថែម​ទៀត​ទៅលើ​ការ​វិនិយោគ​សេដ្ឋកិច្ច​អាស៊ាន ។

ដោយឡែក​នៅក្នុង​ជំនួប​ចរចា​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ចិន Chen Deming កាលពី​យប់ ថ្ងៃទី ២៨ សីហា លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មាន​ចំនួន ២៥០០ លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ។ លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យើង​បាន សម្រេច​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទ្វេដង​ក្នុង​រយៈ ពេល ៥ ឆ្នាំ​ខាងមុខនេះ ។

នៅក្នុង​ជំនួប​ទ្វេភាគី​នោះ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​លើកកម្ពស់​​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ។ ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​ការនាំចេញ​ដំឡូង​មី ពោត និង​អង្ករ​ថា តើ​ត្រូវ​នាំទៅ​ប្រទេស​ចិន​ដោយ​របៀប​ណា?-ភាគី​ចិន​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​ដំឡូង​មី និង ពោត​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​កាន់​តែ​ច្រើន ។ ជាមួយគ្នា​នេះ​ដែរ ក៏បាន​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ចិន​មក វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត ជាពិសេស​លើ​វិស័យ​ផលិតកម្ម​ស្រូវ និង​សំលៀក​បំពាក់​កាត់ដេរ៕

ស្នាយ​ពល

មេទ័ព​តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត​ជិះ​សេះ​បង្ហាញខ្លួន​នៅ​លើ​សួនច្បារ​មុខ​វត្ត​ឧណ្ណាលោម​


ភ្នំពេញ ​៖ ​មេទ័ព​២​រូប​ដ៏​ល្បីល្បាញ​ខាង​សឹកសង្គ្រាម​នា​សតវត្ស​ទី​១៧ ​បាន​បង្ហាញ​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន​នៅមុខ​វត្ត​ឧណ្ណាលោម​នោះ​គឺ​រូបតំណាង​មេទ័ព​តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត ​ដោយ​រូប​សំណាក​នេះ​ត្រូវ​បាន​ស្ថាបនា​​ឡើង​ដោយ​ជិះ​សេះ​មាន​ស្ពាយ​ដាវ​នៅ​ជាប់​នឹង​ខ្លួន​។​ ការស្ថាបនា​នូវ​រូបសំណាក​មេទ័ព​ទាំង​២​នាក់​នេះ ​គឺ​ក្នុង​គោលបំណង​រំលឹក​ដល់​វីរភាព​ និង ទឹកចិត្ត​ក្លាហាន​នៃ​មេទ័ព​ទាំង​២ ​ក្នុង​ការ​ការពារ​ទឹកដី​ពី​ខ្មាំងសត្រូវ​នា​សម័យ​កាលនោះ។

​ ​ក្រុម​វិចិត្រករ​ខ្មែរ​ដែល​កំពុង​ស្ថាបនា​នូវ​រូបសំណាក​ដ៏​ល្អ​ប្រណិត​នេះ​បាន​ឲ្យ​ដឹងថា រូបសំណាក​មេទ័ព​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ក្រុម​វិចិត្រករ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​សូន្យ​រូប ដោយ​ធ្វើឡើង​អំពី​ស្ពាន់ ​មាន​ទម្ងន់​ប្រមាណ​២​តោន​ប្រើប្រាស់​ពេលវេលា​នៃ​ការស្ថាបនា​រូបសំណាក​ទាំង​២​នេះ​អស់​រយៈពេល​៦​ខែ រួចមកហើយៗ ត្រូវបាន​យក​មក​តំឡើង​នា​ពេលនេះ​។ ចំណែក​ថ្ម​ទ្រ​រូបសំណាក​ទាំង​២​ដោយ​មានការ​ជិះ​សេះ​នេះ គឺ​ត្រូវបាន​នាំ​យក​មកពី​ភ្នំ​សន្ទុក ខេត្តកំពង់ធំ ដែលមាន​ទំហំ​១​ដុំ​ធំ​និង​មាន​ទម្ងន់​រហូតដល់​ជាង​៣០​តោន​។​

​ ​លោក​កែប​ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​ក្រោយពី​បញ្ចប់​ការងារ​ពី​សាលា​រាជធានី កាលពី​វេលា​ម៉ោង​ថ្ងៃត្រង់​ទី២៩ ខែសីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​ទៅធ្វើ​ការពិនិត្យ​មើលរូប​សំណាក​មេទ័ព​ទាំង​២​នេះ ដើម្បី​ជំរុញ​ការស្ថាបនា​ឲ្យ​បាន​លឿន រួម​និង​ការ​តាំង​អំពូល​ភ្លើង​នៅ​នឹង​រូបសំណាក​នេះ​។​

​ ​រូបសំណាក​តេ​ជោ​មាស និង តេ​ជោ យ៉​ត ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ដែល​បាន​ស្ថាបនា​ឡើង​បន្ទាប់ពី​រូបសំណាក​សម្ដេច​សង្ឃ​ជូន​ណាត លោកតា​ភារ​ម្យ​ង៉ុ​យ រូបសំណាក​យាយ​ដូនពេញ ហើយនឹង​ធ្វើការ​ស្ថាបនា​នូវ​រូបសំណាក​បុព្វបុរស​ជំនាន់​ដើម​ដែល​មាន​ស្នាដៃ​ល្បីល្បាញ​ជាច្រើន​ទៀត​ដូចជា​រូបសំណាក​តេ​ជោ​ដំ​ឌិន ជាដើម អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​រក​ទីតាំង​ដាក់​រូបសំណាក​ទាំងនោះ​មិន​ទាន់បាន​។​

​ ​រូបសំណាក​មេទ័ព​ដ៏​ល្បីល្បាញ​ទាំង​២​នេះ​គ្រោង​នឹង​បើកសម្ពោធ​និង​ធ្វើ​ពិធី​សាសនា​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និ​ង រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​៕

ស្រីរ័ត្ន​

ប្រទេស​អូស្ត្រាលី​ផ្ដល់​ជំនួយ​ថវិកា​បន្ថែម​ចំនួន​១,៤​លាន​ដុល្លារ​អូស្ត្រាលី​ដល់​អ​.​វ​.​ត​.​ក​

ភ្នំពេញ ​៖​ ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​ជំនួយ​ថវិកា​បន្ថែមចំនួន​១,៤​លាន​ដុល្លារ​អូស្ត្រាលី​(​ប្រមាណ ១,៤៦​លាន​ដុល្លារ​អាមេរិក​)​ដល់​ភាគី​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​(​អ​.​វ​.​ត​.​ក​)​។ ជំនួយ​ថវិកា​ថ្មី​នេះ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ឯកឧត្តម​ បប់ ខារ ​រដ្ឋមន្ត្រីការបរទេស​ និង​ ជា​សមាជិកសភា​អូស្ត្រាលី​ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ឯកឧត្ដម​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែកក្កដា ឆ្នាំ​២០១២​ ត្រូវ​បាន​ផ្ទេរ​ទៅ​អង្គការសហប្រជាជាតិ​រួចហើយ​។​

ជំនួយ​ថវិកា​លើក​នេះ​គឺ​បន្ថែម​ទៅលើ​ថវិកា​ចំនួន​១,៦១​លាន​ដុល្លារ​អូស្ត្រាលី ដែល​ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​ដល់​ភាគី​ទាង​ពីរ​នៃ អ​.​វ​.​ត​.​ក​កាល​ពីដើមឆ្នាំ​២០១២​នេះ​។ បូករួម​ទាំង​ជំនួយ​លើក​នេះ​ផង ប្រទេស​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ថវិកា​ដល់ អ​.​វ​.​ត​.​ក សរុប​ចំនួន ១៩,៧១​លាន​ដុល្លារ​អូស្ត្រាលី​ហើយ​។​

​ ​ឆ្លើយតប​នឹង​ជំនួយ​ដ៏​មានតម្លៃ​នេះ ​ឯកឧត្តម ក្រាញ់ តូ​នី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្ដីទី និង​លោក ឃ្នុ​ត រ៉ូ​សិន​ហក ​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​អ​.​វ​.​ត​.​ក បាន​ថ្លែងថា​៖ «​ក្នុងនាម អ​.​វ​.​ត​.​ក យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បន្ត​ផ្ដល់​ការ​គាំទ្រ​ដំណើរការ​របស់​អ​.​វ​.​ត​.​ក​។ ​ក្នុង​កាលៈទេសៈ​ដែល អ​.​វ​.​ត​.​ក កំពុង​តែជួបប្រទះ​ការលំបាក​ផ្នែក​ថវិកា ជំនួយ​នេះ​មានតម្លៃ​ថ្លៃថ្លា​ជាទីបំផុត​ដើម្បី​ធានា​ថា អ​.​វ​.​ត​.​ក អាច​បន្ត​បេសកកម្ម​របស់ខ្លួន​ដោយ​ពុំ​មាន​ភាព​រអាក់រអួល​»