Sunday, January 1, 2012

លិខិត​ទាក់​ទង​និង​ករណី លោក សម រង្ស៊ី


បទសម្ភាសន៍រវាងលោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា​ ជាមួយទូរទស្សន៍ ស៊ីធីអ៊ីន ស្តីពីប្រជាធិបតេយ្យផ្តាច់ការ ​ នៅក្នុង​គណបក្សសម រង្ស៊ី​​ ​


ថ្ងៃទី៣០ ខែធ្នូ​​ ឆ្នាំ២០១១

លោកជុំ កុសល
សំណួរ៖ ដំណើរការបោះឆ្នោតព្រឹទ្ធសភា​ នឹងប្រព្រឹត្តិ​ទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាង​មុខនេះ​ គឺជាការបោះឆ្នោតអសកល ដែលមានន័យថា អ្នកដែល​មានសិទ្ធិ​ទៅ​ចូលរួមក្នុងការបោះឆ្នោតគឺមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​ និង​សមាជិក​រដ្ឋសភា​។ ប៉ុន្តែអ្វីដែលចម្លែក​ ដែលយើងត្រូវយកមកបកស្រាយនៅពេលនេះ​ គឺគណបក្ស សម រង្ស៊ី មេបក្ស​របស់ខ្លួនបានចេញបទបញ្ជាយ៉ាង​តឹងរ៉ឹងមួយ​ ដែលអាច​និយាយបានថា​គឺជាសិទ្ធិ​អំណាច​​ផ្តាច់ការ​ចំពោះអង្គបោះឆ្នោត​របស់ខ្លួន​។ ម្យ៉ាង​ទៀត​សារព័ត៌មាន​ក៏បានផ្សាយ​ជា​ទូទៅ​ផងដែរ​ ក្នុងនោះកាលពីថ្ងៃពុធ សម្តេចតេជោ​ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី​លោកបាន​អំពាវនាវឲ្យអង្គការសិទ្ធិមនុស្ស​មួយចំនួន​ដែលមានបេសកកម្ម​នៅកម្ពុជា​ឲ្យ​ចាប់​អារម្មណ៍ក្នុងរឿង​នេះផង​​ ពីព្រោះវាជាការរំលោភសិទ្ធិ​ធ្ងន់ធ្ងរ​ណាស់​ទៅលើ​សិទ្ធិ​បុគ្គល​​​នៃ​ប្រជាពលរដ្ឋ​​។ ថ្ងៃ២៨​ ខែកុម្ភៈ គេនឹងចាប់បង្ខំឲ្យអង្គបោះឆ្នោតទៅស្បថ​ស្បែរនៅ​មុខវត្ថុ​សក្កិសិទ្ធិ​​ក្នុងទីតាំងណាមួយ​ដែលមានខ្ទមអ្នកតា ឬក៏ក្នុង​វត្តអារាម​ណាមួយ​ដែល​សក្តិសិទ្ធិ​។​ នៅ​យប់នោះគេនឹងដកទូរស័ព្ទទាំងអស់ពីអង្គបោះឆ្នោត​ ផ្តាច់ការទំនាក់ទំនង​ពេញមួយយប់ ទម្រាំ​បោះឆ្នោតហើយបានគេប្រគល់​ឲ្យវិញ​។ នៅក្នុងន័យនេះ​តើលោក​បណ្ឌិត យល់​ឃើញ​យ៉ាង​​ម៉េច​ ចំពោះគណបក្សមួយដែលគេធ្លាប់តាំងខ្លួនថាជាគណបក្ស​មានប្រជាធិបតេយ្យ​ ឲ្យ​តម្លៃសិទ្ធិប្រ​ជាពលរដ្ឋ ហើយបែរជាទៅធ្វើបែបនេះ​​ទៅវិញ​?​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ចំណុច​នេះហើយដែលប្រជាពលរដ្ឋត្រូវពិចារណា​ចំពោះ គណបក្ស​ប្រឆាំង​ ដែលតែងតែលេងសម្តីថាខ្លួនជាអ្នកប្រជាធិបតេយ្យ​ ទាមទារ​ឲ្យមានការ​បោះឆ្នោត​សេរី និងយុត្តិធម៌​ ប្រជាធិបតេយ្យ និងតែងតែទាមទារឲ្យលើកស្ទួយសេរីភាពរបស់បុគ្គល​ ពិសេស​​សេរីភាពនយោបាយ ក៏ដូចជាសេរីភាពនៃការសម្តែងមតិ​ ក៏ដូចជា​សេរីភាព​ក្នុង​ការ​ជ្រើសរើស​។​ ប៉ុន្តែ​បើយើង​ពិនិត្យ​មើល​សំបកក្រៅនៃការលេងសម្តីរបស់គេនេះ គឺហាក់​បី​ដូចជា​​មិនឆ្លុះបញ្ចាំងភាពពិត​នៃ​រចនាសម្ព័ន្ធផ្ទៃក្នុងនយោបាយ​របស់គេឡើយ​។​ ខ្ញុំចង់​បញ្ជាក់​​​ថា មុននឹងឈានទៅរកការប្រើសេរីភាពនៅក្នុងការសម្រេចអ្វីមួយ ទោះបីជា​នៅក្នុង​កិច្ចការ​​នយោបាយក៏ដោយ គឺត្រូវនៅក្នុងបក្សនោះ​​មានទម្រង់​នៃដំណើរការ​ជាក់លាក់​៣​យ៉ាង​ ដែលគេហៅថាតម្លាភាពនៃដំណើរការ​នយោបាយ​។ ទី១ គឺសេរីភាព​ក្នុងដំណើរ​ការ​បង្កើត​​ឆន្ទៈនយោបាយរបស់​អ្នកនយោបាយក្នុងបក្សរបស់ខ្លួន​។ ទី២សេរីភាព​ក្នុងការ​សម្តែង​ឆន្ទៈនយោបាយ​ នៅក្នុង​ផ្ទៃ​ក្នុង​បក្សរបស់ខ្លួន​។ ទី៣ គឺសេរីភាពក្នុងការសម្រេច​ឆន្ទៈ​នយោបាយ​របស់ខ្លួន​។ គណបក្ស​ប្រឆាំង​ដែលអួតខ្លួនឯងថាប្រជាធិបតេយ្យ ប៉ុន្តែធាតុពិត​ផ្ទៃ​ក្នុងនៃ​គណបក្ស​របស់​ខ្លួន​បាត់បង់​នូវធាតុទាំងបីនេះ គឺបានន័យថា​មិនមែន​ជា​ប្រជាធិប​តេយ្យ​​ដូចអណ្តាត​ដែល​គេ​លេង​​សម្តីនោះទេ​។​ យើង​អាច​ពិនិត្យ​មើល​ មួយតំណាក់​កាល​ម្តង​ៗ​​។ ឧទាហរណ៍ ករណី​រឿង​​បោះឆ្នោតអសកល​គឺបោះឆ្នោតជ្រើសតាំង​ព្រឹទ្ធសភា​ ដែល​អង្គបោះឆ្នោត​មានចំនួន​តែ​ប៉ុន្មាន​​ម៉ឺននាក់​ប៉ុណ្ណោះ​ គឺសមាជិក សមាជិការ​ក្រុមប្រឹក្សាឃុំ សង្កាត់​ និង​សមាជិករដ្ឋសភា១២៣ បច្ចុប្បន្ននេះ​។​អញ្ចឹងចំនួន​មនុស្ស​គឺមិនច្រើន​ទេ​ ហើយ​បើយើង​គិតទៅអង្គបោះឆ្នោតមកពីគណបក្ស សម រង្ស៊ី​ ដែលជាគណបក្សប្រឆាំង គឺរិត​តែតិច​ទៅទៀត​ងាយស្រួល​ពិនិត្យ​ណាស់​។​ យើងសួរថា តើសមាជិក ឬក៏អង្គបោះឆ្នោត​ របស់​គណបក្ស សម រង្ស៊ី ម្នាក់ៗ​គឺសមាជិក សមាជិការក្រុមប្រឹក្សាឃុំ សង្កាត់ មួយរូបៗ​នោះ តើមាន​​សេរីភាព​ចូលរួមក្នុងការ​បង្កើតឆន្ទៈនយោបាយឬអត់? បានន័យថា​ការបង្កើត​ឆន្ទៈ​​នយោបាយរបស់ខ្លួនក្នុងការស្រឡាញ់​​​ពេញចិត្ត និងគាំទ្របេក្ខជន​គណបក្ស សម រង្ស៊ី​ ក្នុងបញ្ជីឈ្មោះ​របស់ខ្លួននៅតាមភូមិភាគនីមួយ​ៗឬអត់?​​ ​ ។ ទី២ តើ​មានសេរីភាព​ក្នុងការ​បង្កើត​​ឆន្ទៈនយោបាយ​ថានឹងគាំទ្រ​​​​ឬមិនគាំទ្រ ស្រឡាញ់ឬមិនស្រឡាញ់​ ឬកែលំអរ​បេក្ខភាព​​​ឈរឈ្មោះ​។ល។ ថាខ្លួនមានសេរីភាពក្នុងការសម្តែងឆន្ទៈដែរឬអត់​? ឧទាហរណ៍ ការ​សម្តែងឆន្ទៈគាំទ្របេក្ខភាព​ ឬបេក្ខជនឈរឈ្មោះក្នុងបញ្ជីគណបក្ស​សម រង្ស៊ី នៅ​ភូមិភាគ​​ភ្នំពេញ​ ថាតើបុគ្គលិក​លក្ខណៈរបស់បុគ្គល​នោះ​សមនឹងទទួលយក​តំណែង​ជា​សមាជិក​ព្រឹទ្ធសភាឬអត់​?​ តើសមាជិក ឬអង្គបោះឆ្មោតរបស់គណបក្ស សម រង្ស៊ី​ អាច​បញ្ចេញ​មតិនៅផ្ទៃក្នុងបក្សខ្លួនឯងឬអត់​?​ បើអត់មានទេ​គឺចូលដល់ចំណុចទី៣​ គឺដំណើរ​ការ​សម្រច​នូវឆន្ទៈនយោបាយ​ក្នុងការ​ជ្រើសរើសបេក្ខជន​ គឺគេត្រូវ​រើសរបស់​ណាដែល​គេមើល​ឃើញ​ថាល្អហើយ​ គឺមិនអាចបង្ខំឲ្យគេរើស​ដោយមិនបាន​សម្តែងឆន្ទៈ​ និងបង្ខំ​ឲ្យគេ​ទៅរើស​របស់​មួយដែលគេអត់ចង់នោះគឺទៅអត់រួច​។​​ ចំណុចនេះគឺ​យើង​ចង់​បង្ហាញ​អំពី​ប្រជាធិប​តេយ្យ​​​ផ្ទៃ​ក្នុង​របស់​គណបក្ស​ សម រង្ស៊ី ដើម្បីឲ្យប្រជាពលរដ្ឋ​យល់ និងកុំចេះ​តែជឿ​នូវ​វោហាស័ព្ទ​​របស់អសលោកអ្នកនយោបាយប្រឆាំង​ទាំងនោះ ដែលចូលចិត្ត​អួតថាខ្លួន​ឯង​ប្រជាធិបតេយ្យ​ ហើយវាយប្រហារគណបក្សដឹកនាំរដ្ឋាភិបាល​ថាគេមិនប្រជាធិបតេយ្យ ប៉ុន្តែ​បញ្ហាផ្ទៃក្នុង​របស់គណបក្សខ្លួនផ្ទុះចេញរហូត​។​ ការផ្ទុះ​ចេញ​នៃបញ្ហាពី​ក្នុងគណបក្ស​នយោបាយ មិនមែនសុទ្ធតែ​ជាការចោទ​ប្រកាន់ថា​រត់ទៅ​រក​លាភ​សាការៈ​ទេ​។ ទី១កាល​ណា​ គេចូលទៅក្នុងគណបក្សនយោបាយណាមួយ​ដែលគេ​សម្រេច​ចិត្តគឺគេចង់​ចូលរួម​ចំណែក​​​នៅក្នុងទស្សនៈរបស់គេក្នុងការបង្កើត​ការសម្តែង និងការសម្រេច​នូវឆន្ទៈ​នយោបាយ​​ផ្ទៃក្នុងបក្ស​។ ប៉ុន្តែបើគេចូលរួមហើយ គេមាន​តែ​តួនាទី​តែគេអត់​បាន​ចូល​រួម​សម្រេច​ ចូលរួម​សម្តែង ចូលរួមបង្កើត​ អញ្ចឹងថ្ងៃណាមួយគណបក្សនោះ​នឹងផ្ទុះ។ ជាក់ស្តែង​យើង​ឃើញហើយ​ គណបក្ស សម រង្ស៊ី​ក្តី គណបក្ស​ កឹម សុខាក្តី​ គឺតែងតែផ្ទុះរហូត ដោយ​សារ​តែខ្វះនូវសារធាតុបី​ចំណុច​ដែលខ្ញុំបានលើកមកនេះ​។
ចំណុចមួយទៀត តើសេរីភាពនៃការជ្រើសរើស សេរីភាពនៃការសម្រេចចិត្ត​លើ​សន្លឹក​​ឆ្នោត​​ជាដើម​ ដែលចំនួន​នៃអ្នកដែល​ចូលរួមក្នុង​អង្គបោះឆ្នោត​មានតែប៉ុន្មាន​ម៉ឺន​នាក់​នោះ​ ជាពិសេសគណបក្ស សម រង្ស៊ី​ដែលយើងទទួលព័ត៌មាន​ឃើញថាទៅជា​ឲ្យមាន​ការ​ស្បថស្បែរ​​។ តើភាពស្បថស្បែរនោះ ទោះបីជារឿងអរូបីយ​ ប៉ុន្តែចេតនា​ដែលតម្រូវ​ឲ្យ​អង្គ​បោះ​ឆ្នោតស្បថនោះ​វាជាការសង្កត់​សង្កិន​ផ្លូវចិត្ត​មួយបាត់​ទៅ​ហើយ​​។ ទោះ​បីជាអ្នក​ជឿ​រូបីយក្តី​ អរូបីយ​ក្តី​ តែការតម្រូវឲ្យស្បថស្បែរក្នុងការសម្រេចចិត្តបោះឆ្នោត​ បានន័យថា​មេ​គណបក្ស​​​ប្រឆាំង​ មាន​បញ្ហា​មួយដែលមិនទុកចិត្តសមាជិក​គណបក្ស​ខ្លួនឯងបាត់​ទៅ​ហើយ​​​​​ ។ លោក សម រង្ស៊ី តែងតែអួតថាសមាជិកគាត់​ក្លាហាន​ៗ មុះ​មុតរហូត​។ ប៉ុន្តែ​បើ​ដូច្នោះ​មែន​ទៅ​ចាំបាច់​អី​ភ័យព្រួយ​ខ្លាចគេមិនបោះឆ្នោតឲ្យ​ក្នុងបញ្ជីបេក្ខភាព​គណបក្ស​ខ្លួន​នោះ។ ​​នេះ​បញ្ជាក់​ថា​ សម្តី​ខាង​ក្រៅហាក់ដូចជាជឿជាក់​ ប៉ុន្តែទង្វើ​ហាក់បីដូចជា​ប្រឆាំង​គ្នា​ទាំងស្រុង​​។​ចំណុច​​មួយ​ទៀត ទី១​មេបក្សគៀបសង្កត់ឲ្យមានការស្បថស្បែរ​​​។ ទី២ តើការ​ស្បថស្បែរ​​ហ្នឹង​​​គេ​ស្បថ​ស្បែរ​​ដោយស្មគ្រចិត្ត​ គឺសាម៉ី​ខ្លួន​ស្បថដោយស្មគ្រចិត្ត ឬក៏ស្បថ​ស្បែរ​​ដោយ​តម្រូវ​​ចិត្ត​? ​បើ​ដោយ​ស្មគ្រចិត្តគឺមិនខ្លាចនឹងអនុវត្តទៅតាមឆន្ទៈរបស់គេទេ​។ តែបើ​ជាការ​ស្បថស្បែរ​​តម្រូវ​ចិត្ត​មេបក្ស​ បានន័យថាលទ្ធផលប្រាកដជាប្រាសចាកពី​អ្វី​ដែល​លោក សម រង្ស៊ី​​ចង់​​បាន​ហើយ​​​។អញ្ចឹងបើជាការស្បថស្បែរដោយតម្រូវចិត្ត​ អ្នកចាំ​មើល​លទ្ធផល​បោះឆ្នោត​នៅថ្ងៃ២៩ ខែមករា ឆ្នាំ២០១២ ចុះ​។​​ នេះជាចំណុច​ដែលខ្ញុំ​លើក​ពី​ទិដ្ឋភាព​ទូទៅ​ប៉ុណ្ណោះ គឺ​មិនទាន់​​និយាយ​ពីទិដ្ឋភាព​រំលោភ​ច្បាប់​នៅ​ឡើយ​ទេ​។​
-មតិ​លោកជុំ កុសល
បើនិយាយពីការស្បថដោយ​ស្មគ្រចិត្តគឺអត់មានទេ ហេតុអ្វី​បានជាខ្ញុំ​និយាយ​បែប​នេះ ខ្ញុំចាំបានថា​កាលពីឆ្នាំ២០០៧ ខ្ញុំ​ជាអ្នកទទួលបាននូវខ្លឹមសារសម្បថនោះមុនគេ​ ហើយ​មិន​ចាំបាច់​ចង់ដឹងថាចេញពីប្រភពណាទេ​។ គឺគណបក្ស ជាអ្នក​សរសេរ​នូវ​ខ្លឹមសារ​នេះ​តែ​ម្តង​​ដោយសរសេរនូវពាក្យធ្ងន់ៗ ហើយគេយកទៅចែកជូន​ឲ្យអង្គបោះឆ្នោត​ បន្ទាប់​មកគេ​នាំ​​ទៅ​ស្បថ​នៅមុខព្រះអង្គដងកាល​ មានវត្តត្រឡែងកែង ដែលគេគិតថាជា​តាំង​ដែល​សក្តិសិទ្ធិ​ ហើយឲ្យអ្នកដែលចូលរួមស្បថនោះនិយាយឲ្យឮៗតាមអ្វីដែលគេបានសរសេរ​នៅ​លើក្រដាសនោះ​។ អញ្ចឹង​បើ​អង្គបោះឆ្នោត គាត់អុជ​ធូបស្បថ​ដោយ​ស្មគ្រចិត្ត​នោះ​ទើប​មិនមែន​ជាការបង្ខំ​។​ ប៉ុន្តែនេះជាការរៀបចំដោយគណបក្ស​ សម រង្ស៊ី តែម្តង​គឺមេបក្ស​ជា​អ្នក​ចាត់​ឲ្យធ្វើ​។ ចំណុចនេះយើងមានការភ្ញាក់ផ្អើល​ នៅពេលដែលយើងឮ​យ៉ាងដូច្នេះ​ ពីព្រោះ​យើង​​ធ្លាប់​ឮគណបក្ស​នេះ​ថាជាគណបក្សប្រជាធិបតេយ្យ គណបក្សគោរពសិទ្ធិមនុស្ស​ ស្រប​ទៅ​តាម​បាវចនា​ស្អី​ដែលគេថា​សច្ចៈធម៌ សីលធម៌ យុត្តិធម៌​​​​ នោះ ប៉ុន្តែ​ការអនុវត្ត​គឺ​ប្រាស់ចាក​​ទាំងស្រុង​។ សម្រាប់ឆ្នាំ២០១២នេះ​ គឺកាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០០៧​កន្លង​ទៅ​ទៀត​​។ ឆ្នាំ២០០៧​ គឺមានតែតម្រូវឲ្យស្បថទេ តែអារឿងដកហូតទូរស័ព្ទ​នៅពេលនេះគឺ​មាន​ទាំង​ស្រុង​​តែម្តង​ដើម្បីផ្តាច់ទំនាក់ទំនង​។​
-មតិ​លោកបណ្ឌិត ឈឹម ផលវរុណ
ប្រជាពលរដ្ឋអាចនឹកឃើញពីការបោះឆ្នោតព្រឹទ្ធសភា​កាលពីឆ្នាំ២០០៧​ ពេលនោះ​សមាជិក​​នៃអង្គបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី​ ប្រហែលជាខ្ទង់៣០០នាក់​ មិន​បាន​បោះឆ្នោត​គាំទ្របេក្ខភាពក្នុងបញ្ជីគណបក្ស សម រង្ស៊ីទេ​។ អញ្ចឹង​យើង​អាច​ពិចារណា​​មើល​ ក្នុង​ចំណោមសមាជិកនៃអង្គបោះឆ្នោតសរុប​របស់ខ្លួន​​ជាង៣០០នាក់នោះ​ បើគិតជា​ភាគរយ​​គឺប្រហែល ២០% ទៅ៣០%​ មិនបោះឆ្នោតគាំទ្រ គឺជារឿងមួយដែលមិនធម្មតាទេ​ បានន័យថាគណបក្សនោះមានបញ្ហាប្រជាធិបតេយ្យផ្ទៃក្នុង​ និងបញ្ហាការដឹកនាំអតនោម័ត្ត​របស់មេបក្សហើយ​។ ប៉ុន្តែគណបក្ស​នេះ មិនកែចរិត​ បែរជា​ដាក់សម្ពាធ​កាន់តែខ្លាំង​ទៅ​ផ្ទៃក្នុង​គណបក្សរបស់ខ្លួន​ រហូតនៅសល់រយះពេល១ខែជិត​បោះឆ្នោត បែរជាដាក់សម្ពាធ​រហូត​​​​​មានការដកទូរស័ព្ទទៅទៀត​។ បើសិនជា​មាន​ករណី​ធ្វើ​ដូច្នេះ​មែន អ្នកនឹងបាត់បង់​​​សម្លេងពីអង្គបោះឆ្នោតរបស់ខ្លួន​ច្រើនជាង​ឆ្នាំ២០០៧​។ ពីព្រោះទោះបីជាអ្នកគៀបសង្កត់​ពីខាង​ក្រៅយ៉ាងណាក្តី​ ប៉ុន្តែនៅពេលដែលអង្គបោះឆ្នោតម្នាក់ៗ​ទៅដល់​កន្លែង​សម្រេច​សន្លឹក​ឆ្នោត​ គឺអង្គបោះឆ្នោតអាចសម្រេចចិត្ត​ដោយសេរីគ្មានការព្រួយបារម្ភ​ ពីព្រោះ​ការ​រៀបចំ​​បោះឆ្នោតដោយ គ ជ ប​ ដែលគណបក្សប្រឆាំងច្រើនតែចោទ​ ប៉ុន្តែការ​ពិត​ការរៀបចំ​​របស់ គ ជ ប​ ក្នុងការបោះឆ្នោតគឺធានានូវភាពសម្ងាត់ និងដោយសេរី​១០០%​ ហើយ​គ្មាន​នរណា​ដឹងពីការសម្រេចចិត្តរបស់អង្គអ្នកបោះឆ្នោតទេ​។ អញ្ចឹងខ្ញុំ​ជឿថា​អង្គបោះឆ្នោត​របស់​គណបក្ស សម រង្ស៊ី​ ប្រាកដ​ជា​យល់អំពីគោលការណ៏បោះឆ្នោតដោយសេរី​ និងដោយ​សម្ងាត់​យ៉ាងជាក់លាក់​។ សរុបមក នៅពេលដែលមានការគៀបសង្កត់​កាន់តែខ្លាំង បាន​ន័យ​ថា​មានការមិនទុកចិត្ត្កាន់តែខ្លាំង​ គឺបរាជ័យកាន់តែខ្លាំង​។​​
-មតិ​លោកជុំ កុសល
ខ្ញុំចង់ឲ្យជនរួមជាតិញែកឲ្យដាច់ ពីព្រោះ​មានអង្គការសង្គមស៊ីវិលមួយចំនួន​ គាត់​ដូច​ជា​​មានការភ័ន្តច្រឡំ​ អំពីរឿងពាក្យសម្បថនេះ​។ សូមកុំយកការដែលគណបក្ស សម រង្ស៊ី​ គាត់បង្ខំឲ្យអង្គបោះឆ្នោតទៅ​ស្បថ​ស្បែរបោះឆ្នោតឲ្យគណបក្សខ្លួនទៅប្រៀប​ធៀប​​ទៅនឹង​ការ​ស្បថស្បែរនៃសមាជិកសភា និងសមាជិកនៃរាជរដ្ឋាភិបាលនៅមុខ​នៅមុខ​ព្រះភ័ក្រ​ព្រះមហាក្សត្រ​ គឺវាខុសគ្នា​។ នៅលើពិភពលោកនេះ​ នៅពេលដែលថ្នាក់ដឹកនាំ ជាពិសេស​ប្រទេស​ដែលប្រកាន់របប​ប្រជាធិបតេយ្យ​ ដូចនៅសហរដ្ឋអាមេរិក ជាដើម នៅពេល​ដែល​គាត់​ទទួលបានសម្លេង​ដឹកនាំរដ្ឋាភិបាល គឺគាត់ទៅស្បថ​ដើម្បីចូលកាន់​តួនាទី​ដឹកនាំ​ប្រទេស​​។ យ៉ាង​ណាមិញ គ្រប់នីតិកាល ក្រោយពីយើងបោះឆ្នោតជ្រើសរើស​សភា​តំណាងរាស្ត្រ​ហើយ​ក្រោយពី​ប្រជុំ​ដំបូង ​គឺសភា​យើងចូល​ទៅស្បថ​នៅមុខព្រះភគ្រ័​សម្តេច​អគ្គ​​ព្រះមហាសង្ឃរាជ​ទាំងពីរ​គណៈ​​ ព្រះភគ្រ័​ព្រះមហាក្សត្រ​ នៅព្រះបរមរាជវាំង​ ដើម្បី​ចូល​កាន់​​ដើម្បីបម្រើប្រទេសជាតិ​ ហើយ​ខ្លឹមសារសម្បថគឺមិនធ្ងន់ធ្ងរហួសហេតុទេ​ ក្រៅ​ពីនោះ​ក៏​មាន​សមាជិករាជរដ្ឋាភិបាល​ ក្រុម​ប្រឹក្សានៃអង្គចៅក្រម​ ក្រុមប្រឹក្សាធម្មនុញ្ញ ជាដើម​ គឺស្បថ​ដើម្បី​បម្រើ​ជាតិ មិនមែន​ដើម្បី​បម្រើប្រយោជន៍គណបក្សទេ​ មិនបម្រើប្រយោជន៍បុគ្គល ឬ​ស្ថាប័ន​នីតិបុគ្គល​ណា​មួយ​ទេ​​។ ក៏ប៉ុន្តែ ចំពោះគណបក្ស សម រង្ស៊ី វិញ​ដែល​បង្ខំ​ឲ្យ​អង្គ​បោះឆ្នោត​របស់ខ្លួនទៅស្បថ​នេះ វាមិនមែន​បង្ខំឲ្យស្បថដើម្បីបម្រើប្រយោជន៍ជាតិទេ​ គឺបង្ខំ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ខ្លួន​​ដែលជានីតិបុគ្គលមួយតែប៉ុណ្ណោះ​ ហើយរាល់​ខ្លឹមសារ​នៃ​ពាក្យ​សម្បថនេះ វាធ្ងន់ធ្ងរ​ណាស់​ និងជាការបង្ហាញឲ្យឃើញពីការគៀបសង្កត់ផ្លូវចិត្ត​របស់​សមាជិក​ខ្លួន​។ ការដាក់​ចេញ​នូវនយោបាយផ្តាច់ការបង្ខំឲ្យសមាជិកខ្លួនស្បថបែបនេះ ទី១​គឺជា​ការ​មើល​ស្រាល​ទៅ​ដល់​សមាជិក​ខ្លួនបាត់ទៅហើយ​។ ទី២ ជាការ​រំលោភ​ទៅលើ​សិទ្ធិ​បុគ្គល​ ពីព្រោះ​ពាក្យថា​បោះឆ្នោត គឺសំដៅទៅលើការសម្រេច​ដោយបុគ្គលជាអ្នកគូស​ គឺ​មិនអាច​បង្ខំបានទេ​។​ ខ្ញុំ​សូម​លើកយកច្បាប់បោះឆ្នោតមកបង្ហាញបន្តិច។ យោងតាម​ជំពូក​ទី១១ ប្រការ១១ នៃ​បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​​ទី​៣ ដែលរៀប​ចំ​ដោយ គ ជ ប ។ « ការធ្វើការគៀបសង្កត់ ឬគំរាមកំហែង​ ឬបង្ខំធ្វើ​សម្បថ​ឲ្យ​គេ​បោះឆ្នោត​ជូន​គណបក្សនយោបាយរបស់​ខ្លួន ឬគណបក្ស​នយោបាយ​ណា​ដែល​ខ្លួនចូលចិត្ត​នឹងត្រូវ​ទទួល​ទោសទណ្ឌដោយពិន័យជាប្រាក់​ពី ៥លានរៀល ទៅ២៥​លានរៀល ដោយ​ពុំទាន់​គិត​ដល់​ទោសទណ្ឌផ្សេងទៀតចំពោះជនណា​ ឬក៏គណបក្ស​ណា​ដែល​បានប្រព្រឹត្តិ​អំពើ​រំលោភ​ច្បាប់​​ ប្រសិនបើរកឃើញថាមានកំហុសមែននោះ​។​​​​​ការពិន័យ និង​ដាក់ទោសទណ្ឌនេះ​ក៏​មាន​ចែងក្នុងមាត្រា១២៤ថ្មី​ នៃច្បាប់ស្តីអំពីការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​​ព្រឹទ្ធសភា​ផងដែរ​​ »។
ឥឡូវយើងក្រឡេកមើលសកម្មភាពរបស់គណបក្សសម រង្ស៊ី ដែលគាត់បានធ្វើនេះ គឺថិតនៅក្នុងកន្សោមនេះទាំងអស់​។ ទី១ រំលោភសិទ្ធិប្រជាពលរដ្ឋ ដែលត្រូវមានទោស និង​ត្រូវ​​ពិន័យថែម​​ទៀត​​​។​
-មតិ​លោកបណ្ឌិត ឈឹម ផលវរុណ
ត្រង់ចំណុចនេះបើយើងពិនិត្យ​ទៅលើទិដ្ឋភាពច្បាប់ គឺមានបរិបទ២​ បង្ហាញ​ពីភាព​ខុស​គ្នា​។ ទី១ ហៅថា​ស្បថ ឬសច្ចាប្រណិធានចូលកាន់តំណែង​ គឺមានន័យថា​បុគ្គល​នោះ​ត្រូវ​បានជ្រើស​តាំងរួចហើយ គឺមិនមែនមុនការជ្រើសតាំង​ទេ ហើយ​សំដៅ​ទៅលើ​បុគ្គល​ជាប់​ឆ្នោត​ ឬបុគ្គល​ដែលបានតែងតាំងមុននឹងចូលកាន់តំណែង​។ ប៉ុន្តែ​គេមិនដែល​ឲ្យអ្នក​ដែល​ប្រើ​សិទ្ធិ​បោះឆ្នោតទៅ​​ស្បថស្បែរនោះទេ​។​ រី​ឯ​គណបក្ស សម រង្ស៊ី បានធ្វើបញ្ច្រាស់​ទៅវិញ​។ យើងពិចារណាមើលទាំងអស់គ្នា​ តើការដែលតម្រូវឲ្យស្បថ របស់​អង្គបោះឆ្នោត​គណបក្ស សម រង្ស៊ី​ និងឈានទៅដល់ការដកហូតទូរស័ព្ទ​នោះ មានន័យថា​កាន់តែ​លែង​ទុក​ចិត្តគ្នាមែនទែនហើយ​។​
ដូច្នេះលក្ខណៈសម្បត្តិរបស់គណបក្សប្រឆាំងនៅកម្ពុជា គឺមិនមានលក្ខណៈ​សម្បត្តិ​ប្រជាធិបតេយ្យ​​ផ្ទៃក្នុងទេ​ ប៉ុន្តែពូ​កែទម្លាក់កំហុសទៅលើអ្នកដ៏ទៃ​។​ អញ្ចឹងក្នុងឱកាសនេះ ខ្ញុំ​សូម​ជម្រាបជូនទៅ​ដល់អស់លោក លោកស្រី​ដែលថិតនៅក្នុងអង្គបោះឆ្នោត​នៃគណបក្ស​សម រង្ស៊ី​ លោកនឹងពិចារណាឃើញ​ ពីព្រោះលោក​ក៏ជាប្រជាពលរដ្ឋ​ដែលមានសិទ្ធិ​ស្មើភាព​ដូច​​ប្រជាពលរដ្ឋដ៏ទៃដែរ​ លោកក៏ជាប្រជាពលរដ្ឋដែលត្រូវបានច្បាប់ការពារដែរ​ ប៉ុន្តែ​នៅ​ពេល​ដែលគណបក្សរបស់លោកប្រើនយោបាយផ្តាច់ការ​ គៀប​សង្កត់​ផ្លូវ​ចិត្ត​អស់លោក ដក​ហូត​សិទ្ធិទំនាក់ទំនង​របស់លោក និងសិទ្ធិបញ្ចេញមតិរបស់លោក​យ៉ាងដូច្នេះ តើអស់​លោក លោកស្រី​មានការ​ឈឺចាប់ទេ? តើអស់លោក លោកស្រីអាចពិចារណាថាទង្វើ​របស់​មេបក្ស​របស់ខ្លួនវាជាការធ្វើដោយ​ខុសច្បាប់​មកលើ​ខ្លួន​ឬទេ​? ចម្លើយគឺពិតប្រាកដ​ណាស់​ថា បងប្អូន កំពុងតែទទួលរង​​​​ ការឈឺចាប់យ៉ាង​អយុត្តិធម៌​ពីគណបក្សរបស់បងប្អូនហើយ​ អញ្ចឹង​ខ្ញុំគិតថាបងប្អូនពិចារណាទៅ​ ថាគួរបោះឆ្នោតឲ្យ ឬមិនគួរបោះឆ្នោតឲ្យ​ ? បើ​គេ​ធ្វើ​របៀប​នេះដាក់បងប្អូននោះ​។ ចំណុចមួយទៀត បងប្អូនត្រូវជឿខ្ញុំចុះ​ នៅ​កន្លែង​បោះឆ្នោត​បងប្អូន​ពិតជាយល់ច្បាស់ណាស់​ អំពីនីតិវិធីនៃការបោះឆ្នោត ។ ការបង្ខិត​បង្ខំ​គឺមាន​តែ​មួយ​ភ្លែត​ទេ​ ដូចជានាំទៅស្បថ​អីនោះ ក៏ប៉ុន្តែឧត្តមគតិបងប្អូន​គឺបានកំណត់ច្បាស់ហើយ​ថា​ត្រូវ​បោះឆ្នោត​ឲ្យគណបក្សណានោះ នៅពេល​ដែលបងប្អូន​ចូល​ទៅ​ដល់​ក្នុងបន្ទប់​សម្ងាត់​ គឺគ្មាន​នរណាមួយទៅចាប់បានទេ​។ ឆន្ទៈសម្រេច​របស់បុគ្គលម្នាក់​នៅក្នុងការគូស​​សន្លឹក​ឆ្នោត គឺថិតនៅក្នុងក្បាលទេ​។ ឧបមាថា​ខ្លួនជាអ្នក​ទ្រទ្រង់សម្រាប់អង្គបោះឆ្នោត​របស់​គណបក្ស សម រង្ស៊ី មែន​ គាំទ្រសកម្មភាព​នយោបាយ​របស់​គណបក្ស សម រង្ស៊ីមែន ក៏ប៉ុន្តែ​នៅ​​ពេលដែលគាត់ដើរចូលទៅក្នុងទីតាំង​បោះឆ្នោត គាត់បានសម្រេចចិត្ត​ថា​ អញ​ត្រូវ​សម្រេច​ចិត្តចុងក្រោយថាបោះឆ្នោត​គាំទ្របេក្ខភាព​គណបក្ស​ប្រជាជនកម្ពុជាហើយ​ គាត់​គូស​ទៅ នោះគឺជាសិទ្ធិស្របច្បាប់​របស់គាត់ទេ គឺអត់មានទោសទេ​។​​ អញ្ចឹង​សូម​ជនរួមជាតិ​ពិចារណា​ទៅ ជាពិសេសអង្គបោះឆ្នោត​គណបក្ស សម រង្ស៊ី នោះ​ បើតែរបៀបហ្នឹង​មិនបាច់​ទៅ​បោះឆ្នោតឲ្យទេ ជឿខ្ញុំទៅ​។​
ជាចុងក្រោយ ខ្ញុំចង់បញ្ជាក់ថាបើអង្គបោះឆ្នោតរបស់​គណបក្ស សម រង្ស៊ី គ្មានសិទ្ធិ​សម្តែង​មតិក្នុងគណបក្ស​ទេ​​ គឺអាចសម្តែងមតិនៅក្នុងសន្លឹកឆ្នោត​ទៅ ដើម្បីជាសារព្រមាន​ដល់​​មេដឹកនាំគណបក្សប្រឆាំង​។ ពីព្រោះការបោះឆ្នោតនៅឆ្នាំ២០០៧ ជាង៣០០នាក់ មិន​បោះឆ្នោត​ឲ្យ ជាសារមួយ​ហើយតែមេដឹកនាំគណបក្សប្រឆាំង​ពុំព្រមទទួលស្គាល់សារនោះ​ បែរ​ជារកវិធីគៀបសង្កត់​។ អញ្ចឹងអង្គបោះឆ្នោតព្រឹទ្ធសភា​សម្រាប់ឆ្នាំ២០១២នេះ ធ្វើសារ​មួយ​ទៀត​ដើម្បីឲ្យ​ធ្ងន់ជាងសារឆ្នាំ២០០៧​ គឺសម្រេចចិត្តតាមឆន្ទៈរបស់ខ្លួន​ ពេលនោះ​ការ​បាត់បង់​សម្លេងគាំទ្ររបស់គណបក្ស សម រង្ស៊ី កាន់តែច្រើន​ជាងមុន​នឹង​ជាការ​បង្ហាញ​នូវ​សារ​ដ៏ធ្ងន់​ថែមទៀតដើម្បីឲ្យមេដឹកនាំគណបក្ស​ប្រឆាំង​ ធ្វើការកែលំអរផ្ទៃក្នុងគណបក្ស​ ជា​ពិសេស​ឲ្យគោរព​សិទ្ធិនយោបាយ​របស់សមាជិក​គណបក្សខ្លួន​​នៅថ្នាក់ក្រោម​៕

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​​