Tuesday, January 10, 2012

សម្តេច​តេ​ជោ​ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុនឯកជន​ចំរុះ​កម្ពុជា​-វៀត​ណាម វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​ ឲ្យ​ជួយ​ដល់​ប្រជាពលរដ្ឋ​​​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​


យោង​តាម​ឯកឧត្តម ​ស្រ៊ី ថាមរុង្គ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ​ ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ នៅ​ថ្ងៃទី ​៩ ខែ​​មករា ឆ្នាំ​២០១២ បាន​ផ្តល់​អនុសាសន៍​ ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ចំរុះ​កម្ពុជា​-វៀតណាម ​​វិ​និយោគ​លើ​ការ​ដាំ​ដំណាំ​កៅស៊ូ​នេះ​ធ្វើ​យ៉ាង​ណា​រៀបចំ​ដោះ​ស្រាយ​​ផល​ប៉ះពាល់​​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជា​យូរ​មក​ ហើយ​នៅ​ក្នុង​តំបន់​ដែល​វិនិយោគ​ ជាពិសេស​​លើ​ការ​ធ្វើ​សមា​ហ​រណ​កម្ម​ក្នុង​កា​រដាំ​កៅស៊ូ​។​
នៅពេល​អនុញ្ញាត ​ឲ្យ​ក្រុមហ៊ុន​ភូ​ម៉ា​ឌី ​អ៊ិន​វេស​មេន ​គ្រួប​ជា​ក្រុមហ៊ុន​មកពី​ប្រទេស​វៀតណាម​ និង ក្រុមហ៊ុន​អាន​ម៉ារ​ឌី អ៊ិន​វេស​មេន​ គ្រួប​របស់​កម្ពុជា​ចូល​ជួប​សំដែង​ការ​គួរ​សម​នៅ​ភូមិ​គ្រឹះ​ក្បែរ​វិមានឯករាជ្យ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​​មានប្រសាសន៍ថា ជាធម្មតា​ការវិនិយោគ​លើដី​សម្បទាន​របស់​នេះ​វា តែងតែ​មាន​​ការប៉ះពាល់​ទៅលើ​ភូមិករ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ជា​យូរយារ​មកហើយ​នៅ ក្នុង​តំបន់​នោះ ដូច្នេះ​ក្រុមហ៊ុន​ដែល​ទទួលបាន​សម្បទា​ន​ដី គប្បី​ធ្វើយ៉ាងណា​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប ដោយ​ជាដំបូង​ត្រូវ​យកចិត្តទុកដាក់​លើ​ការជួយឧបត្ថម្ភ ដោយ​រៀបចំ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច និង ផ្លាស់ប្តូរ​ទំលាប់​ដាំ​ដុះ​ដែល​ទទួលបាន​ផល​តិចតួច មក​ធ្វើ​ការដាំដុះ​កៅស៊ូ​វិញ​ជាមួយនឹង​ការផ្តល់​ពូជ និង ដើមទុន ហើយ​នៅ​ពេល​បាន​ទទួលផល​ត្រូវ​លក់​ឲ្យ​ក្រុមហ៊ុន​វិញ។
សម្តេច​តេ​ជោ​មានប្រសាសន៍បញ្ជាក់​ថា ការធ្វើសមាហរណកម្ម​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ដី​សម្បទាន​​ឲ្យ​ប្រកាន់យក​មុខរបរ​ថ្មី ជា​អ្នក​ដាំ​កៅស៊ូ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ជីវភាព​ធូរ​ធានា​ពេល​បច្ចុប្បន្ន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានធ្វើ​ឲ្យ​កូនចៅ ជំនាន់​ក្រោយ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​មានមុខ​របរ​នៅ​ពេល​អនាគត​ផងដែរ។ 
ជា​មួយ​នឹង​ការ​ថ្លែង​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​​បានអនុញ្ញាត​ឲ្យ​រូបលោក​បាន​ចូល ជួប​សំដែង​ការគួរសម​  លោក ត្រាន់ ហ័ន (Tran Hoan) នាយក​ក្រុមហ៊ុន ភូ​ម៉ារ​ឌី អ៊ិន​វេស​មេន គ្រួបបាន​​ជម្រាប​ជូន​សម្តេច​តេជោ​អំពី​ គោលបំណងរបស់​ក្រុម​ហ៊ុន​​ភូ​ម៉ារ​ឌី អ៊ិន​​វេស​មេន​គ្រួប ក្នុង​ការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា ក៏ដូចជា​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ចនៅ​កម្ពុជា​ផងដែរ។
ឯលោក​ឧកញ៉ា អាន ម៉ា​ឌី នាយក​ក្រុមហ៊ុន អាន​ម៉ារ​ឌី អ៊ិន​វេស​មេន គ្រួប ក៏បាន​ជំរាបជូន សម្តេច​តេ​ជោ​ឲ្យ​ដឹង​ថា ​សរុប​ប្រាក់ចំណូល​ប្រចាំខែ​របស់​កម្មករចំការ​កៅ​ស៊ូម្នាក់ៗទទួលបាន​សរុប​ប្រមាណ​ជា ១ លាន ៥ សែន​រៀល​ដោយមាន​ទាំង​ផ្ទះ​នៅ​ស្រាប់ មានទឹក មាន​ភ្លើង​អគ្គីសនី​ស្រាប់ មាន​មន្ទីរពេទ្យ សា លា​រៀន និង មាន​វត្ត​អារាម​ផងដែរ។​ លោក​ឧកញ៉ា អាន ម៉ា​ឌី បាន​ឲ្យ​ដឹង​បន្ដ​ទៀត​ថា​ បើសិនជា​កម្មករ​ ទាំងនោះ​មាន​ដី​ដាំ​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ ពេល​ពួក​គាត់​ចៀរ​ជ័រ​បាន​ គឺ​អាច​ យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ ដោយ​ក្រុមហ៊ុន​ ទទួល​ទិញ​ក្នុង​តម្លៃ​១​គីឡូក្រាម​ ៨៥០​រៀល​ ។
លោក​ឧកញ៉ា​ អាន​ ម៉ារ​ឌី​ មាន​ប្រសាសន៍​ថា​   ស្ថានភាព​ដំណាំ​នៅ​ក្នុង​ខេត្ដស្ទឹងត្រែង​គឺ​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​កៅស៊ូ​តាម​បណ្ដា​​តំបន់​ផ្សេងៗ​ ពីព្រោះ​ស្ថានភាព​ដី​នៅ​​ខាងក្រោម​គឺ​មាន​ថ្ម​ ដូច្នេះ​ដំណាំ​កៅស៊ូ​​​នៅ​ទីនោះ​​ចាំបាច់​ត្រូវ​បង្ហូរទឹក​ ដោយ​​ប្រភព​ទឹក​ក្រោម​ដី​ពុំ​មាន​គ្រប់គ្រាន់​។
ទាក់ទង​នឹង​បញ្ហា​វិនិយោគ​ធ្វើ​ដំណាំ​កៅ​ស៊ូ​នៅ​កម្ពុជា​ ឯកឧត្តម​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា ចាប់តាំងពី​បានន​ទទួល​ដី​សម្បទាន​ពី​រដ្ឋ​កាលពី ប៉ុន្មាន​ឆ្នាំមុន រហូតមកដល់​ពេលនេះ លោក​ឧកញ៉ា អាន ម៉ារ​ឌី បាន​ពង្រីក​ផ្ទៃដី​ដី​ដាំ​ដុះ​កៅស៊ូ​បាន ប្រមាណ​ជា ៦ ម៉ឺន​ហិកតា​រួចហើយ​ដែល​ក្រុមហ៊ុន​ជា​ដៃគូរ​
ឯកឧត្តម ស្រ៊ី ថាមរុង្គ ឲ្យ​ដឹងថា ក្រុមហ៊ុន ភូ​ម៉ា​ឌី អ៊ិន​វេស​មេន គ្រួប ជា​ក្រុមហ៊ុន ដែល​បាន​ដាំ​កៅស៊ូ​បាន​ចំនួន ២ ម៉ឺន​ហិកតា​ក្នុងចំណោម​ដី​កៅស៊ូ ដែលមាន​ចំនួន ៣ ម៉ឺន​ហិកតា​នៅ​ក្នុងប្រទេស​វៀតណាម។ ក្រុមហ៊ុន​នេះ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន អាន​ម៉ារ​ឌី អ៊ិន​វេស​មេន​គ្រួប របស់លោក​ឧកញ៉ា អាន ម៉ារ​ឌី ដែល​វិនិយោគ​លើ​វិស័យ​ដំណាំ​កៅស៊ូ​នៅ​ខេត្តស្ទឹងត្រែង ដែល​ដាំ​កៅ ស៊ូ​បាន ៣០០០ ហិកតា​លើដី​កៅស៊ូ​ដែលមាន​ចំនួន ១ ម៉ឺន​ហិកតា។

ប្រជាពលរដ្ឋ​​ខេត្ត​​តាកែវ​​ប្រារព្ធ​​ពិធីមីទ្ទិញ​ខួប​អនុស្សាវរីយ៏ លើក​​ទី​៣៣ នៃទិវា​ជ័យជំនះ ០៧​ មករា (១៩៧៩-២០១២)


សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជាទូទាំង​ខេត្តតាកែវ ប្រមាណ​ជាង១ម៉ឺន​នាក់ បាន​ជួបជុំ​គ្នា នៅ​ទីរួមខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១២ ដើម្បី​​ប្រារព្ធមីទ្ទិញ​រំលឹកខួប​អនុស្សាវរីយ៍ លើក​ទី​៣៣ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧មករា (៧មករាឆ្នាំ១៩៧៩,៧មករាឆ្នាំ២០១២) ក្រោម​​អធិបតី​ភាព​ឯកឧត្តម​បណ្ទិត​សភាចារ្យ​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទូលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​លោក​ជំទាវ។

ថ្លែង​ក្នុង​ពិធី​ដ៏​មហោឡាឬក​នោះ​​ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី បានបញ្ជាក់​ថា ថ្ងៃ ៧ មករា ជាថ្ងៃ​កំណើត​ទី២ របស់​ខ្លួន បើគ្មាន​ជ័យជំនះ​៧មករា ក៏គ្មាន​អ្វីៗ ដូច​សព្វថ្ងៃ​នេះដែរ។​ ឯកឧត្តម​បណ្ឌិត​បាន ផ្តាំផ្ញើ​ តា យាយ​ ឳពុក ម្តាយ មីងមា បងប្អូន​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​របបប្រល័យ​ពូជ​សាសន៍​ដ៏​ឃោឃៅ​នេះ ធ្វើ​យ៉ាង​ណា​បន្ត​ពន្យល់​ដល់​យុវជន​ជំនាន់​ក្រោយៗ​ទៀត​ឲ្យ​បាន​ដឹង​អំពីទុក្ខ​វេទនា​នេះ និងចង​ចាំ​មិនអាច​បំភ្លេច​បាន ទាំង​នេះ​គឺជា​មធ្យោបាយ​មួយ​ដើម្បីទប់ស្កាត់​កុំ​ឲ្យ​មាន​ ការវិល​ត្រឡប់​មកវិញ​នូវ​របបប្រល័យ​ពូជសាសន៏​នេះ​។ ឯកឧត្តម​ បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថា ដូចនេះយើង​ត្រូវ​ធ្វើយ៉ាង​ណា​ឲ្យ​ក្មួយ ៗនិងយុវជន​ជំនាន់ក្រោយ​ ដែល​មិន​ធ្លាប់ឆ្លង​កាត់ របប​នេះ និង​មិនបាន​យល់ អំពីរ​បប​នេះ ត្រូវ​តែយល់ និង​ត្រូវតែ​ដឹង​អំពី​ការ​គាប​សង្កត់ ​អំពីការ​កាប់​សម្លាប់ នៃ​របប ដ៏សាហាវ​យង់​ឃ្នង ប្រល័យពូជ​សាសន៍​នេះ។ ឯកឧត្តម​បាន​បញ្ជាក់​ថា បើពុំ​មាន​ការ​រំដោះ​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ​ នោះប្រជាពល​រដ្ឋខ្មែរ​ប្រាកដ​ជានឹង​មាន​ការ​ស្លាប់​ជាបន្ត​បន្ទាប់​ជាច្រើន​។
ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៏​ឲ្យ​ដឹង​ថា យើង​បានសហការ​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្កើត​ឡើងនូវ​អង្គជំនុំ​ជំរះ​វិសាមញ្ញ ដើម្បី​កាត់​ទោស​អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​។ តុលាការ​នេះ​គឺ​ជានិមិត្ត​រូបមួយ​បញ្ជាក់​ឲ្យកាន់​តែច្បាស់​ថា បើគ្មាន​របប​ប្រល័យ​ពូជ​សាសន៍​ធ្វើដូច​ម្តេច​នឹង​បង្កើត​តុលាការ​នេះបាន? ហើយ​នេះក៍ជាសក្ខី​ភាព​មួយ​ដែល​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ប្រាកដ​ជាមិន​មាន​និទន្ទភាព​ទេ។ បាន​ន័យថា នរណា​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ត្រូវតែ​ទទួល​ទោស។

ឯកឧត្តម ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ក៏​បាន​ប្រកាស​បង្កើត ឲ្យ​មាន ជា​កម្មវិធី​ប្រលង​សូត្រ​កំណាព្យ​ជារៀងរាល់​ឆ្នាំ នៅ​ក្នុពិធី​មិទ្ទីញខួប​អនុស្សាវរីយ៍​៧ មករា ដែលជា​​បុណ្យ​ជាតិ និងជា​ថ្ងៃឈប់​សំរាក​ទូទាំង​ប្រទេស​ ហើយ​រាល់​ខ្លឹមសារ​នៃ​កំណាព្យ​ទាំង​នោះ​ត្រូវ​តែ​មាន​អត្ថន័យ​ទាក់ទង​និងអំពើ​ឧក្រិដ្ឋកម្ម នៃ​របបប្រល័យ​ពូជសាសន៍​នេះ។ ឯកឧត្តម​បណ្ឌិត សុខ អាន​ បាន​ជម្រុញ​បន្ថែម​ដល់ អ្នក​និពន្ធ បង្កើន​ការស្រាវជ្រាវ​ និងរៀន​សូត្រ​នូវ​ប្រវត្តិ​សាស្រ្ត​ដ៏​ជូចត់​នេះ និង​និពន្ធ​កំណាព្យ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ និង​អំពើ​ឃោរឃៅ​នេះ ដើម្បី​ឲ្យ​យុវជន​ជំនាន់​​ក្រោយ​បាន​យល់ដឹង និង​ចងចាំ​ព្រឹត្តិការ​នេះ​ជារៀង​រហូត ។

នៅ​ក្នុង​ការ​ប្រារព្ធ ពិធីមីទ្ទិញរំលឹក​​ខួប​អនុស្សាវរីយ៍​លើកទី​៣៣ នៃទិវា ជ័យជំនះ​៧មករា​​​នៅ​ទី​រួម​ខេត្ត​តាកែវ​នេះ​ដែរ​ឯកឧត្តម ស្រី បេន អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឡើងអាន សុន្ទរកថា សម្តេច​អគ្គធម្ម​ពោធិសាល ជា ស៊ីម ដែល​ ថ្លែង​ក្នុង​ពិធីមីទ្ទិញរំលឹក​​ខួប​អនុស្សាវរីយ៍​លើក​ទី៣៣ នៃទិវា ជ័យ​ជំនះ​៧មករា​​​​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ខ្លឹម​សារ​​បញ្ជាក់ថា ទោះបីជាជាង​៣៣​ឆ្នាំបាន​កន្លងផុត​ទៅហើយ​ក្តី ក៏យើង​ទាំងអស់​គ្នា​នៅតែ​ចង​ចាំមិន​អាច​បំភ្លេចបាន​ឡើយ​នូវ​មហា​សោក​នាដកម្ម និងគ្រោះ​មហន្តរាយ​របស់​ប្រជាជាតិ​យើង​​នៅក្នុង​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ពុំធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា ក៏ដូច​ប្រវត្តិសាស្រ្តកម្ពុជា។ មុនថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ នៅ​ក្នុង​រយៈពេល ៣ឆ្នាំ ៨ខែ ២០​ថ្ងៃ ពួកឃាតករប៉ុល ពត បាន​ប្រព្រឹត្ត​ឧក្រឹដ្ឋកម្ម​ដ៏សាហាវ​យង់ឃ្នង​បំផុត​មក​លើទឹក​ដី​មាតុភូមិ និង​ប្រជាជន​ខ្លួនឯង និង​បានរុញ​ច្រាន​ប្រជាជាតិ​កម្ពុជា​ទាំង​មូល​ឲ្យឈាន​ដល់​មាត់​រណ្តៅ​នៃ​ការ​រលាយ​សូន្យ​ទាំងស្រុង​បើ​សិន​គ្មានការ​ជួយសង្រ្គោះ​ទាន់ពេល​វេលាទេនោះ។ សន្ទរកថា សម្តេច​អគ្គធម្ម​ពោធិ​សាល ជា ស៊ីម ​​បាន​បញ្ជាក់ថា ​ជ័យជំនះ​៧ មករា បានបញ្ចប់​យុគ្គសម័យ​ដ៏ខ្មៅ​ងងឹត​បំផុត ហើយ​បើកឡើង​នូវ​ទំព័រថ្មី នៃ​ប្រវត្តិសាស្រ្ត​កម្ពុជា ដែល​ប្រជាជន​បានរួចចាក​ផុតពីភាព​ជាទាសករ​មក​ជាអ្នក​ធ្វើ​ម្ចាស់​លើ​ជោគ​វាសនា​របស់ខ្លួន​ពិតប្រាកដ។ ប្រជាជន​កម្ពុជា ចងចាំ​ជានិច្ច​ថា «៧មករា គឺជាថ្ងៃកំណើត​ទី២ របស់ខ្លួន ​បើគ្មាន​ជ័យជំនះ​៧មករា គឺ​ជាថ្ងៃ​កំណើត​ទី២​ របស់ខ្លួន ​បើ​គ្មានជ័យ​ជំនះ ៧មករា ក៏គ្មាន ៧មករា ក៏គ្មាន​អ្វីដូច​សព្វថ្ងៃ​នេះដែ»។
សន្ទរកថា​សម្តេចអគ្គ​ធម្មពោធិ​សាល ជា ស៊ីម បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៣៣ ឆ្នាំ កន្លង​មកនេះ​ប្រទេស​ជាតិ​យើង​បាន​ជួប​នឹង​បញ្ហា​ប្រឈម​ធំៗយ៉ាងច្រើនដូចជា៖ ការ​ប៉ុនប៉ង​វិល​ត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍​ ការស្តារ និង​កាសាងទឹក​ដីឡើង​វិញ  ការធ្វើ​សន្តិភាវូវនីកម្ម​ផ្ទៃក្នុង ការពារ​ស្ថិរ​ភាពនយោបាយ និង​ស្ថិរភាព​សង្គម ការដោះ​ស្រាយ​បញ្ហាសង្គ្រាម​ដ៏រ៉ាំ​រ៉ៃ​ដើម្បី​បង្កើត​សន្តិភាព​ពេញលេញ ​និង​ឯកភាព​ទឹកដី​ទាំង​ស្រុង ការប៉ុនប៉ង​ធ្វើឲ្យ​ជាប់គាំង​ខាង​នយោបាយ ការឆ្លង​កាត់វិបត្តិ​ពិភព​លោក ការ​ឈ្លាន ពាន​របស់​រដ្ឋាភិបាល​អាប់ភីស៊ីត​មកលើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា និងគ្រោះ​ធម្មជាតិ​ជាដើម។
នៅក្នុងឆ្នាំ ២០១១​កន្លង​មកនេះ​កម្ពុជា បាន​សម្រេច​នូវ​សមិទ្ធិផល​ថ្មីៗ​ជា​ច្រើន​លើគ្រប់​វិស័យ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏ឈ្លាស​វៃ​របស់​សម្តេច អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​បន្តជំរុញ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កម្ម​វិធីនយោ​បាយ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី២។ សេដ្ឋកិច្ច​កម្ពុជា​ដែល​បានងើប​ចេញ​ផុត ពី​ឥទ្ធិពល​នៃ​វិបត្តិហិរញ្ញវត្ថុ​អន្តរជាតិ​នៅឆ្នាំ ២០១០។ ដោយ​សម្រេច​បាន​កំណើន ៦% នោះបាន​បន្ត​រីក​ចម្រើន​ថែមទៀត​នៅឆ្នាំ ២០១១​នេះ ទោះ​បីជាកម្ពុជា​ត្រូវ​ប្រឈម​នឹងគ្រោះទឹក​ជំនន់​​ដ៏ធំក្តី​។ ទន្ទឹម​នឹងនេះ កម្ពុជា​ក៏បាន​ពង្រឹង​ពង្រីក​យ៉ាងខ្លាំង​ក្លានូវ​ទំនាក់​ទំនង  និង​កិច្ច​សហប្រតិ​បត្តិការជា​មួយប្រទេស​ជាមិត្ត តាមរយៈ​ការផ្លាស់​ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​ជា​បន្តបន្ទាប់ ទំនាក់ទំនង​ទាំង​នេះ​កាន់តែ​ត្រូវបាន​លើកកម្ពស់​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។ ក្នុង​ឆ្នាំនេះ​កម្ពុជា​បានធ្វើ​ជាម្ចាស់​ផ្ទះក្នុងកិច្ច​ប្រជុំធំៗ ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​ពិភពលោក ហើយ​នៅឆ្នាំ ២០១២​នេះ កម្ពុជា​នឹង​ធ្វើជា​ប្រធាន និង​ជាម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ជាកិត្តិយស​ដ៏ឧត្តុង្គឧត្តម​ថ្មីទៀត​សម្រាប់​ប្រជាជាតិ​យើង។​
ក្នុងស្មារតីនេះ​ ដើម្បី​ការពាររាល់​សមិទ្ធិផល​របស់ជាតិ និង​បង្កើត​បាននូវ​សមិទ្ធផល​ថ្មីៗ​ទៀត​ក្នុង​ដំណើរ​​ការកសាង​ និង​ការពារ​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​ គាំទ្រ​សកម្ម​ចំពោះ​ការខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បន្តអនុវត្ត​ប្រកបដោយ​ផ្លែផ្កា​នូវ ផែន​ការ​សយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្នកម្ម ​ឆ្នាំ ២០០៩ ២០១៣ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី២ សំដៅ​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ របៀប​វារៈ​គោល​នយោបាយ​សង្គម សេដ្ឋកិច្ច នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល។ តាម​រយៈ​ផ្លែផ្កា​នៃការ​ប្រឹងប្រែង​នេះ កម្ពុជា​នឹង​ឈាន​ទៅ​មុខ​ទៀត​​លើ​មាគ៌ា​នៃការ​អភិវឌ្ឍ ការកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជាជន ការលើក​កម្ពស់​លិទ្ធិប្រជា​ធិបតេយ្យ សិទ្ធមនុស្ស និង​នីតិរដ្ឋ​ព្រមទាំង​ការពង្រឹង​សន្តិភាព សិរភាព​នយោបាយ សន្តិសុខ និងសណ្តាប់ ធ្នាប់សង្គម។
ផ្នែក​លើ​ជោគ​ជ័យ​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​​ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែ​ន សន្ទរកថា​របស់​ សម្តេចអគ្គ​ធម្មពោធិសាល ជា ស៊ីម បាន​​​អះអាង​ថា ​គណបក្ស​ប្រជាជនកម្ពុជា បញ្ជាក់​យ៉ាង​ឧឡារឹកជា​ថ្មីទៀត នូវការ​គាំទ្រ បេក្ខភាព​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែ​ន ជា​នាយក​រដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​ ​និងអាណត្តិ​បន្តបន្ទាប់​ទៀត។​



នៅក្នុង ពិធី​មីទ្ទិញរំលឹក​​ខួបអនុស្សាវរីយ៍​លើក​ទី៣៣ នៃ​ទិវា ជ័យ​ជំនះ​៧មករា​​​នៅ​ទី​រួម​ខេត្ត​តាកែវ​នេះ​ដែរ​ឯកត្តម បណ្ឌិត​សភាចារ្យ​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ក៍បាន​ផ្តល់នូវ​រង្វាន់លើកទឹក ចិត្ត​ដល់​អ្នក​ដែល​ប្រឡង​សូត្រកំណាព្យ ទាក់ទង​និងអត្ថន័យ​នៃថ្ងៃ​ជ័យ​ជំនះ​៧មករា ជា​ប្រវត្តិសាស្ត្រ ក្នុងនោះ ជ័យ​លាភី​ផ្នែកសូត្រ​កំណាព្យ​លេខមួយ ទទូល​បាន​រង្វាន់​ម៉ាស៊ីន​បូមទឹក​មួយគ្រឿង និង​ជ័យលាភី​លេខមួយ ផ្នែក តែង​និពន្ធ​កំណាព្យ ទទូល​បាន​រង្វាន់​ម៉ូតូ១​គ្រឿង ហើយ​អ្នក​ទទូល​បានជ័យ​លាភី​បន្ទាប់ ទទូល​បានរង្វាន់​ជាថវិការ សំរាប់​លើក​ទឹក​ចិត្តផងដែរ៕
ដោយ សុរីដា