Tuesday, January 17, 2012

ឯកឧត្តម​​បណ្ឌិត សុខ អាន ជម្រុញ​​ឲ្យ​​បង្កើន​​ការ​​ប្រកួត​ ដើម្បី​​លើក​​កម្ពស់​​កីឡា​ប៉េតង់​​​កម្ពុជា​


          ជាមួយ​នឹង​​មោទនភាព​ ចំពោះ​ការ​រីក​ចម្រើន​កីឡា​ប៊ូល-ប៉េតង់​ នៅ​កម្ពុជា​ ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១២​បាន​ជម្រុញ​ឲ្យ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​រៀប​ចំ​ការ​ប្រកួត​​ ឲ្យ​បាន​ញឹកញាប់​ យ៉ាង​ហោច​ ៣ ខែ​ម្តង​ ដើម្បី​លើក​កម្ពស់​គុណភាព សមត្ថភាព​ និង​ការ​ចូលរួម​ក្នុង​កីឡា​ប៉េតង់​ពី​មហាជន​ឲ្យ​បាន​ច្រើន​។ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​កំណត់​យក​ខេត្ត​តាកែវ​ ដើម្បី​រៀប​ចំ​ការ​ប្រកួត​ជា​គំរូ​មុន​គេ​ ដោយ​អញ្ជើញ​យក​អ្នក​ដែល​ឈ្នះ​ក្នុង​កម្រិត​ជាតិ​ទៅ​ចូលរួម​ និង​បង្ហាត់​បង្ហាញ​ផង​ ។ ​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​នេះ​ត្រូវ​ចាត់​​ទុក​ថាជា​ជើង​ឯក​ប្រចាំ​ត្រីមាស​ ដោយ​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ដឹង​ទូទាំង​ប្រទេស​។​
នៅ​ក្នុង​ឱ​កាស​ចូល​រួម​ជា​​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ប៉េតង់ថ្នាក់​ជាតិ​ ​ដណ្តើម​ពាន​រង្វាន់​សុខ​អាន​លើក​ទី ៤ នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា  ដោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​គាំទ្រពី​សម្តេច​អគ្គ​​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ ដែល​ឯកឧត្តម​បាន​បង្កើត​សហព័ន្ធ​កីឡា​ប៉េតង់​ ព្រះ​រាជាណាចក្រ​កម្ពុជា​​មាន​មោទនភាព​ ដោយ​សារ​ក្រុម​កីឡា​ប៉េតង់​កម្ពុជា​ ដណ្តើម​បានមេដាយ​​ជាង​១៣០​ក្នុង​កម្រិត​ការ​ប្រកួត​ថា្នក់​តំបន់​ និង​​កម្រិត​ពិភពលោក​ ដែល​ក្នុង​នោះ​មាន​មេដាយមាស​ចំនួន ២៧ និង​ពាន​រង្វាន់​មាស​ចំនួន​៥ ​​​។​
ឯកឧត្តម​​ មាស សារិន អគ្គលេខាធិការ​​សហព័ន្ធ​កីឡាប៉េតង់​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​កម្ម​វិធី​ប្រកួត​រយៈពេល​ ៣ ថ្ងៃ (១៤-១៧ ខែ​មករា ឆ្នាំ ២០១២) ដើម្បី​ដណ្តើម​ពាន​រង្វាន់​សុខអាន​ លើក​ទី​៤ នេះ​ មាន​កីឡាករ​ចូលរួម​ចំនួន​ ១៨២ នាក់​ ក្នុង​នោះ​កីឡាការិនី ១៧ នាក់ មក​ពី​ក្លឹប​ចំនួន ២៤ ​នៅ​ទូទាំង​ប្រទេស​។​ ជា​លទ្ធផល​ក្នុងការ​​ប្រកួត​ផ្តាច់​ព្រ័ត្រ​ ៣ ទល់នឹង​ ៣ ដណ្តើម​ពាន​រង្វាន់​ធំ​ គឺ ម៉ូតូ ហុងដា វ៉េវ​ ចំនួន ៣ គ្រឿង ​ពាន​រង្វាន់​ និង​ខោអាវ​កីឡា​ ក្រុម​កីឡាករ​ប៉េតង់​មក​ពីក្លឹប​រដ្ឋាករ​ទឹក​ស្វយ័ត​​រាជធានីភ្នំ​ពេញ​​ទទួល​បាន​ជោគជ័យ​។​ ឯចំណាត់​ថ្នាក់​លេខ​ ២ បាន​ទៅ​ក្រុម​មក​ពី​ក្លឹប​យោធា​យោធភូមិ​ភាព​ពិសេស​ ទទួល​បាន​ថវិកា​ ៩០០ ដុល្លារ​អាមេរិក​ និង​ខោអាវ​កីឡា​ ។ ​ចំណាត់​ថ្នាក់​លេខ​ ៣ បាន​ទៅ​ក្រុម​​​កីឡា​ករ​មក​ពី​ក្លឹប​ ក្រសួង​​ការពារ​ជាតិ​ បាន​ទទួល​ថវិកា​ចំនួន ៦០០ ដុល្លារ​អាមេរិក​ និង​ខោអាវ​កីឡា​។​ ចំណែក​ការ​ប្រកួត​ផ្នែក​នារី​ម្នាក់​ៗ​ ដែល​មាន​កីឡាការិនីចូលរួម​ ១៧ នាក់​ ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ អ្នក​ស្រី កែ លេង ទទួល​បាន​ម៉ូតូមួយ​គ្រឿង​ លេខ ២ បាន​ទៅ​កីឡាការិនី អ៊ុក ស្រីមុំ ទទួល​បាន​ថវិកា​ ៤០០ ដុល្លារ​អាមេរិក​ និង​លេខ ៣ បាន​ទៅ​កីឡាការិនី ឌុច សោភ័ណ ទទួល​បាន​ថវិការ ៣០០ ដុល្លារ​អាមេរិក​។​ អ្នក​ទាំង​៣ មក​ពីក្លឹប​ក្រសួង​ការពារជាតិ​។​ ក្រៅពីនេះ​ក៏​មាន​ការ​ជូន​រង្វាន់​​ដល់​ការ​ប្រកួត​ជា​ក្រុម​​ផង​ដែរ​។​







បទសម្ភាសន៍រវាង ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ ទីប្រឹក្សារាជរដ្ឋាភិបាល​ និង​លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា​ ជាមួយទូរទស្សន៍ ស៊ីធីអ៊ីន ស្តីពីទស្សនៈអគតិ របស់គណបក្សប្រឆាំង ចំពោះថ្ងៃ៧មករា​ ​


ថ្ងៃទី១៣ ខែមករា​​ ឆ្នាំ២០១២

លោកជុំ កុសល
សំណួរ៖ ខ្ញុំ​ចង់​ដឹង​ពី​ទស្សនៈ​អត្ថាធិប្បាយ​ និង​វិភាគ​ទៅ​លើ​ជំហរ​នយោបាយ​​មិន​នឹងន៎របស់​លោក​ សម រង្ស៊ី ។ ខ្ញុំ​បាន​​ទទួល​លិខិត​ពី​លោក សយ សុភាព តាម​រយៈ​ អ៊ីម៉ែល​មក​ខ្ញុំ ។ លិខិត​ទី​១ របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១១ គឺ​ផ្ញើរ​ជូន​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ថ្លែង​អំណរ​គុណ​ចំពោះ​សម្តេច​ដែល​លោក​បាន​ឆ្លើយ​តប​ទៅ​​នឹង​សមាជិក​សភា​ ១៦ រូប របស់​ សម រង្ស៊ី សាក​សួរ​ពីរឿងបង្គោល​​ព្រំ​ដែន​ ជា​មួយ​វៀត​ណាម ហើយ​សម្តេច​បាន​ផ្ញើ​រត្រលប់​ទៅ​វិញ​តាម​រយៈ​សម្តេច​ប្រធាន​រដ្ឋ​សភា នៅ​ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១១ ហើយ​លោក សម រង្ស៊ី នៅ​ក្នុង​លិខិត​ហ្នឹង​សម្តែង​នូវ​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ ចំពោះ​ជំហរ​ដ៏​ត្រឹម​ត្រូវ​​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី ប៉ុន្តែ​ក្រោយ​មក​មិន​ដល់​១ខែ​ទេ នៅ​ថ្ងៃទី ៧ មករា ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក សម រង្ស៊ី បាន​ចេញ​លិខិត​មួយ​បែរ​​ទៅ​ជា​ប្រឆាំង​ជំទាស់​​យ៉ាង​ដាច់​អហង្ការ​ទៅ​វិញ រហូត​ដល់​ចោទ​អ្នក​ដែល​គាំទ្រ​ ៧ មករា សុទ្ធ​តែ​ជា​ជន​ក្បត់​ជាតិទាំង​អស់​។ អញ្ចឹង​យើង​មើល​មាយាទ​នយោបាយ​របស់​គាត់​គឺ​មិន​ នឹងន៎រ​ ជំហរ​របស់​គាត់​គឺ​មិន​ច្បាស់​លាស់​ មួយ​គាំទ្រ​ មួយ​ប្រឆាំង​ អញ្ចឹង​ជុំ​វិញ​បញ្ហា​លិខិត​នេះ​ តើ​ទាំង​លោក​បណ្ឌិត ទាំង​ឯក​ឧត្តម​​ យល់​ឃើញ​យ៉ាង​ម៉េច​ ?

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍
        ចម្លើយ៖ ខ្ញុំ​បាន​ឃើញ​លិខិត​នេះ​ ហើយ​ខ្ញុំ​បាន​ឮ​ ខ្ញុំ​គិត​ថា ប្រជាជន​កម្ពុជា​ទាំង​អស់​ដែល​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ក្លាយ​ខ្លួន​ទៅ​ជា​ជន​ក្បត់​ជាតិ ទាំង​រូប​ខ្ញុំ​​ ទាំង​កូន​ខ្ញុំ​ទើប​តែ​កើត​ក៏​ជា​ជន​ក្បត់​ជាតិ​ដែរ។​ អញ្ចឹង​បើ​សិន​ជា គាត់​កាន់​អំណាច​វិញ​ គាត់​នឹង​សម្លាប់​ច្រើន​ជាង​របប​ប្រល័យ​ពូជ​សាសន៍​ទៅទៀត​ ពី​ព្រោះ​របប​ប្រល័យ​ពូជ​សាសន៍​ សម្លាប់​ជាង ៣ លាននាក់​។​ អ្នក​ដែល​គាំទ្រ​ថ្ងៃ ៧ មករានេះ​លើស ពី​៣ លាន​នាក់​ទៅទៀត​ អញ្ចឹង​គាត់​ត្រូវ​សម្លាប់​ច្រើន​ជាង​របប​ប្រល័យ​ពូជ​សាសន៍​ ព្រោះ​គាត់​ចាត់​ទុក​ថា យើង​ជា​អ្នក​ក្បត់​ជាតិ​រួច​ទៅ​ហើយ ទាំង​អស់​គ្នា​គឺ​ជា​អ្នក​ក្បត់​ជាតិ​។ ត្រង់​ចំណុច​នេះ​ខ្ញុំ​បាន​ញែក​ឲ្យ​ឃើញ​ថា លោក សម រង្ស៊ី នេះ​គឺ​ជា​អ្នក​ដែល​មាន​គំនិត​សាហាវ​ជាង ប៉ុលពត​ ទៅ​ទៀត។​ មនោគមវិជ្ជា​​របស់​គាត់​គឺ​សាហាវ​ជាង​ ប៉ុលពត​ទៅទៀត បាន​ន័យ​ថា គាត់​ចាប់​ផ្តើម​ចាក់​បំបែក​នៅ​ក្នុង​សង្គម​ខ្មែរ​ ឲ្យ​មាន​វណ្ណៈ​ផ្សេង​គ្នា ពីព្រោះ​ប៉ុលពត​ គោល​នយោបាយ​របស់​គាត់​ គឺ​គាត់​ធ្វើ​ម៉េច​បំបែក​សង្គម​ខ្មែរ​​ ឲ្យ​មាន​វណ្ណៈ វណ្ណៈ​ពីរ​ផ្សេង​គ្នា គឺ វណ្ណៈ​ត្រូវ​គេ​ជិះ​ជាន់ និង​វណ្ណៈ​ជិះ​ជាន់​គេ​ រួច​ហើយ​ប៉ុល​ពត​គាត់​បញ្ឆេះ​វណ្ណៈ​ដែល​ត្រូវ​គេ​ជិះជាន់​ហ្នឹង ​ឲ្យ​មាន​កំហឹង​វណ្ណៈ​រួច​ហើយ​ផ្ទុះ​បដិវត្តន៍​ឡើង​។​ ចំណែក​​ លោក សម រង្ស៊ី គាត់​យក​​គំនិត​ហ្នឹង​មក​ទៀត​ គាត់​ចាប់​ផ្តើម​ញែក​នៅ​ក្នុង​សង្គម​កម្ពុជា​យើង ឲ្យ​មាន​កំហឹង​វណ្ណៈ​ ត្រង់​ចំណុច​នេះ​ខ្ញុំ​គិត​ថា ពី​អតីតកាល​អាច​ទៅ​រួច​ តែ​បច្ចុប្បន្ន​ទៅ​អត់​រួច​ទេ ដោយ​សារ​មូលហេតុ​អ្វី? ខ្ញុំ​សូម​ជម្រាប​​ថា យើង​មិន​ខ្លាចនិយាយ​ ហើយ​យើង​មិន​ត្រូវ​ថា ឲ្យ​តែ​គំនិត​របស់​ខ្មែរយើង​ អ្នក​ដឹក​នាំ​ធ្វើ​ល្អ​ ថា​មិន​កើត ​មិន​មែន​ទេ ខ្ញុំ​លើក​ឧទាហរ​ណ៍​នយោបាយ​ឈ្នះ-ឈ្នះ​។​ នៅ​ក្នុង​​ប្រវត្តិ​នៃ​ប្រទេស​កម្ពុជា គឺ​មាន​តែ​ ពីរទេ​។​ កាល​ពី​ព្រះ​បាទ​ជ័យ​វរ្ម័នទី ៧ ចំណុច​ខ្លាំង​គឺ​ការ​បង្រួប​បង្រួម​ជាតិ​ ដែល​មាន​ចេនឡា​ដីគោក និង​ចេន​ឡា​ដី​ទឹក ។ ដល់​មក​សម្តេច​តេជោ លោក ធ្វើ​នយោបាយ​មួយ​គឺ​ថា នយោបាយ​ឈ្នះ​-​ឈ្នះ​ អញ្ចឹង​ខ្មែរ​រួប​រួម​គ្នា លោក​មាន​ទិស​ដៅ​មួយ​ទៀត​គឺ​វប្បធម៌​ចែក​រំលែក​ ។ វប្បធម៌​ចែក​រំលែក​នេះ​ឯង​ដែល​ធ្វើ​ឲ្យ លោក សម រង្ស៊ី ពួក​ កឹម សុខា នេះក្តី ចាក់​បំបែក​កំហឹង​វណ្ណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អត់​កើត​។​ អញ្ចឹង​​គាត់​ដុត​អត់​ឆេះ​ទេ​ ពីព្រោះ​ថា សព្វ​ថ្ងៃនេះ​ យើង​ប្រកាន់​ទី​ផ្សារ​សេរី​ កាល​ណា​ទី​ផ្សារ​សេរី​ត្រូវ​តែ​មាន​រវាង​​អ្នក​មាន​ អ្នក​ក្រ​ ហើយ​បើ​សិន​ជា​យើង​ធ្វើ​កុំម្មុយនីស្ត​ គេ​ថា ធ្វើ​កុំម្មុយនីស្ត​ទៀត​ហើយ ។ អញ្ចឹង​ហើយ​បាន​សម្តេច​លោក​ឈ្លាសវៃ​ណាស់​លោក​បង្កើត​ឲ្យ​មាន​វប្បធម៌​ចែក​រំលែក​ ឃើញ​ទេ លោកឧកញ៉ា អ្នក​វិនិយោគ​ទុន​ធំៗ គឺ​បា​ន​ប្រមែរ​ប្រមូល​​ថវិកា​ទៅ​ជួយ​កសាង​ រចនាសម្ព័ន្ធ​ សង់​សាលារៀន​​។ល។ ជា​ច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​លទ្ធភាព ឲ្យជិត​គ្នាវិញ មិន​ឲ្យ​គំលាត​ពី​គ្នា។​ ត្រង់​ចំណុច​នេះ​ គឺ​ជា​ចំណុច​ខ្លាំង​មួយ​ធ្វើ​ឲ្យ​ពួក​ លោក សម រង្ស៊ី ក្តី​ ពួក​លោក កឹម សុខា ក្តី ដុត​បញ្ចេះ​ភ្លើង​បញ្ហា​នេះ​អត់​បាន។​ អញ្ចឹង​ខ្ញុំ​សូម​សរុប​មក​វិញ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ យើង​គិត​មើល​ថា​តើ​យើង​ទាំង​អស់​គ្នា​រស់​រង​ទុក្ខ​វេទនា​របៀប​ណា?​​ ​បើ​យើង​គិត​មក​ដល់​ពេល​នេះ​​គឺ​មាន​អាយុ ៣៣ ឆ្នាំ ហើយ​បើ​បូក​នឹង​អាយុ​របស់​យើង​ទៀត​ ខ្លះ​ក៏ ជាង ៤០ ឆ្នាំ ខ្លះ​ ៥០ ឆ្នាំ ជាង ខ្លះ​ ៦០ ឆ្នាំ ជាង។​ នៅ​ពេល​នោះ​ប្រជាជន​កម្ពុជា​យើង គឺទទួល​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់​ ហើយ​តែ​ង​តែ​បន់ស្រន់ថា អ្នក​ណា​ក៏​បាន​ដែរ​ឲ្យ​តែ​មក​រំដោះ​ខ្លួន​ ។ កាល​នោះ​បើ​សិន​​ លោក សម រង្ស៊ី មក​រំដោះ​ក៏​យើង​ទាំង​អស់​គ្នា​ដឹង​គុណ​គាត់​ដែរ​ តែ​វា​អត់​មាន​ អញ្ចឹង​​ហើយ​បាន​ជា​យើង​ដឹង​គុណ​ថ្ងៃ​ ៧ មករា គឺ​ជា​ថ្ងៃ​រំដោះ​ជីវិត​របស់​យើង​ទាំង​អស់​គ្នា​ឲ្យ​រស់​រាន​មាន​ជីវិត​មក​ដល់ថ្ងៃ​នេះ ហើយ​និង​​យើង​មាន​​អ្វី​ៗ​ទៅ​ថ្ងៃ​អនាគត​ទៀត​ បើ​គ្មាន​ថ្ងៃ ៧ មករា ទេ​ វាអត់​មាន​អ្វី​ទាំង​អស់​ វាស្មើ​សូន្យ​បាត់​ទៅ​ហើយ ម្លេះសឹង​ពូជសាសន៍​យើង​វា​បាត់​ពី​ក្នុង​សកល​លោក​នេះ​បាត់​ទៅ​ហើយ។​ អញ្ចឹង​​គាត់​ចោទ​ថា ពួក​យើង​ទាំង​អស់​គ្នា​អប​អរ​សាទរ​ថ្ងៃ​ ៧ មករា គឺ​ជាពួក​ក្បត់​ជាតិ​នេះ ខ្ញុំ​គិត​ថា ហ្នឹង​ហើយ​ជា​លទ្ធផល​នៃ​ការ​ដែល​គេ​មិន​គាំទ្រ​គាត់​​​ក្នុង​ការ​បោះ​ឆ្នោត​ទៅ​អនាគត​ហ្នឹង​ហើយ។​ ដូច្នេះ​ខ្ញុំ​គិត​ថា សុំទោស​មិន​មែន​ឃោស​នា​បោះ​ឆ្នោត​ទេ តែ​សុំ​និយាយ​ការ​ពិត​ថា ហ្នឹង​ហើយ​ដែល​គាត់​មិន​ចេះ​ គាត់​មិន​យល់​ ហើយ​មិន​រៀន​ពីនយោបាយ​។​

លោក បណ្ឌិត ឈឹម ផលវរុណ
        ចម្លើយ៖ សម្រាប់​ខ្ញុំ​ ខ្ញុំ​ចង់បញ្ចាក់​ថា​ អ្វី​ដែល​ លោក សម រង្ស៊ី ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​យក ៧ មករា ធ្វើ​ជា​សត្រូវ ហើយ​រហូត​ដល់​ចោទ​ប្រកាន់​អ្នក​ដែល​គាំទ្រ​ ៧ មករា ទៅ​ជា​ជន​ក្បត់​ជាតិ​ គឺ​ខ្ញុំ​សុខ​ចិត្ត​គឺ​ធ្វើ​ជា​សត្រូវ​នឹង​ លោក សម រង្ស៊ី គឺ​យើង​មិន​អាច​ឲ្យ​ជីវិត​យើង​បាត់​បង់​ ហើយ​មិន​អាច​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​​មក​វិញ​ទេ។​ ដូច្នេះ​សម្រាប់​អ្នក​នយោបាយ​ដែល​គ្មាន​កិត្តិយស​ គ្មាន​តម្លៃ​ចំពោះ​ជាតិ​ ហើយ​មិន​ស្គាល់​ការ​លំបាក​នៃ​របប​ខ្មែរ​ក្រហម​ ខ្ញុំ​ជា​បុគ្គល​មិន​ខ្លាច​នឹង​ដើរ​តួ​​ជា​សត្រូវ​របស់​ លោក សម រង្ស៊ី ទេ​។​ ពាក្យ​សត្រូវ​នេះ​មិន​មែន​សត្រូវ​ជា​បុគ្គល​ទេ​ គឺ​សត្រូវ​នឹង​គំនិត​នយោបាយ​ទុច្ចរិត​របស់​ លោក សម រង្ស៊ី គឺ​ខ្ញុំ​ប្រឆាំង​នឹង​នយោបាយ​បាយ​ដ៏​ទុច្ចរិត​របស់​ លោក សម រង្ស៊ី តែ​ខ្ញុំ​អត់​ប្រឆាំង​បុគ្គល​របស់​គាត់​ទេ ។ មួយទៀតខ្ញុំ​អាច​បញ្ជាក់​ជូន​ប្រជា​ពលរដ្ឋ​ទូ​ទៅ​ ហើយ​ជា​ពិសេស​ក្រុម​នយោបាយ​របស់​លោក សម រង្ស៊ី​ ក៏​ដូច​ជា​ក្រុម​នយោបាយ​របស់​លោក​ កឹម សុខា ដែល​ប្រឆាំង​នឹង​ ៧ មករា គឺ​ខ្ញុំ​អាច​បញ្ជាក់​ជា​ឧឡាឬក​ថា ខ្ញុំ​មាន​កំណើត​ពីរ​ កំណើត​១ ជា​កំណើត​ធម្ម​ជាតិ ដែល​ខ្ញុំ​កើត​ឡើង​តាម​រយៈ​ឪពុក​ម្តាយ​ខ្ញុំ​ជា​អ្នក​​ផ្តល់​កំណើត​​ ប៉ុន្តែ​កំណើត​របស់​ខ្ញុំ​នេះ​ បិះ​នឹង​អាច​បាត់​បង់​ បើ​សិន​ខ្ញុំ​ពុំ​បាន​ទទួល​នូវ​ឱកាស​បន្ត​ជី​វិត​ពី​របប​ ប៉ុល​ពត ដែល​ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ថ្ងៃ ៧ មករា ដូច្នេះ​កំណើត​ថ្មី​របស់​ខ្ញុំ​មក​ដល់​ថ្ងៃនេះ​ខ្ញុំ​អាយុ​ ៣៣ បូក​នឹង​កំណើត​ធម្ម​ជាតិ​​​របស់​ខ្ញុំ យើង​គណនា​ឃើញ​ថា​​ខ្ញុំ​មាន​កំណើតពីរ​ ។ ហើយ​មួយ​ទៀត​អ្នក​ដែល​ប្រឆាំង​ ថ្ងៃ ៧ មករា សព្វ​ថ្ងៃ​នេះ​គឺ​ជា​ក្រុម​ទុច្ច​រិត​ ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ឯកសណ្ឋាន​ត្រឹម​តែ​ជា​គណបក្ស សម រង្ស៊ី ឬ គណបក្ស​ កឹម សុខា ទេ រហូត​ដល់​ជ្រក​នៅ​ក្នុង​ឯក​សណ្ឋាន​អង្គការ​សិទ្ធិ​មនុស្ស​ទៀត ដែល​គេ​ចេះ​តែ​លើក​ហេតុ​ផល​ អញ្ចឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ខ្ញុំ​ឆ្លៀត​ឱកាស​ចូល​ក្នុង​ច្រក​ហ្នឹង​មួយ​ទៀត ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​​បាន​យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​យើង​មាន​ថ្ងៃ​ ៧ មករា?​ ហើយ​ហេតុ​អ្វី​បាន​ជា​ថ្ងៃ ៧ មករា ធ្វើ​ឡើង​ដោយ​សារ​ឥស្សរជន​ដែល​លះបង់​ ពលីកម្ម​ជីវិត​ ដើម្បី​គេច​​ចេញ​ពី​បន្ទាយ​នៃ​យោធា​ខ្មែរ​ក្រហម​ ហើយ​ទៅ​រំដោះ​ប្រទេស​ជាតិ​ ដោយ​រៀប​ចំ​គោល​នយោបាយ​ ដើម្បី​​​ឲ្យ​រដ្ឋា​ភិបាល​វៀត​ណាម​គាំទ្រ និង​ចូលរួម​ចំណែក​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យ​ពូជ​សាសន៍​​។ ហេតុ​ម៉េច​បាន​ជា​ជំនាន់​នោះ​ កម្ពុជា​​មិន​ទៅ​ពឹង​អង្គការ​សហប្រជា​ជាតិ​?​ ចំណុច​នេះ​យើង​មិន​បិទ​មាត់​អស់​លោក ប្រឆាំង​ទាំង​នោះ​ទេ តែ​យើង​ចង់​ពន្យល់​​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ នៅ​ពេល​ប្រជាពលរដ្ឋ​យល់​ ជន​ទុច្ច​រិត​ដែល​ងប់​ងល់​ប្រមាថ​ មាក់​ងាយ​ចំពោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ នឹង​ត្រូវ​សាប​សូន្យ​នូវ​ទស្សនៈ​ទុច្ច​រិត​របស់​ខ្លួន​​តាម​រយៈ​ការ​ដឹង​ ការ​យល់​ របស់​ប្រជាពលរដ្ឋ​។ នៅ​ទសវត្សរ៍ ៧០ -៨០ នេះ តើ​ពិភពលោក​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ គឺ​ជា​ស្ថាន​ភាព​ដែល​ពិភពលោកពុះចែក​ជា​ពីរ នៃ​មនោគមវិជ្ជា បែប​ប្រជាធិបតេយ្យ​លោកខាង​លិច និង​ ប្រជាធិបតេយ្យ​លោក​ខាង​កើត​ ហើយ​មនោគមវិជ្ជា​នេះ​បាន​ធ្វើ​ឲ្យ​មហាអំណាច​នៃ​ប្លុក​ទាំង​ពីរ​រុញ​ច្រាន​បង្កើត​បាន ទៅ​ជា​សង្គ្រាម​ត្រជាក់​មួយ​ ដែល​គំរាម​កំហែង ​សឹង​តែ​ក្លាយ​ទៅ​ជា សង្រ្គាម​លោក​លើក​ទី៣ ទៅ​ទៀត ។ សួរ​ថា​តើ​អង្គការ​​សហប្រជាជាតិ នៅ​ពេល​ដែល​មហា​អំណាច​ទាំង​៥ មិន​ស្ថិត​នៅក្នុង​សុភវិនិច្ឆ័យ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​ សេរីភាព សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ប្រជាពល​រដ្ឋ​ ជា​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ តើ​អង្គការ​សហប្រជាជាតិ​មាន​​យន្ត​ការ​​​ឯណា​ ពីព្រោះ​អង្គការ​សហប្រជាជាតិ​រហូត​មក​ដល់សព្វ​​ថ្ងៃ​នេះ​ គឺ​ចំណុះ​ទាំង​ស្រុង​ទៅនឹង​​អំណាច​របស់​មហា​អំណាច​ទាំង​៥ នេះ​ឯង​។​ អញ្ចឹង​កម្ពុជា​សុខ​ចិត្ត​អូស​បន្លាយ​រង​គ្រោះ​ដោយ​សារ​យន្ត​ការ​អង្គការ​សហប្រជាជាតិ​ដែល​អត់​ដើរ​ក្នុង​ស្ថាន​ភាព​សង្គ្រាម​ត្រជាក់​ ឬ​ក៏​កម្ពុជាត្រូវ​តែ​រក​ច្រក​ដើម្បី​រស់​ ហេតុ​អ្វី​ក៏​យើង​មិ​ន​ព្រម​ទទួល​ស្គាល់​ថា ច្រក​ដែល​យើង​បាន​រស់​ ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​មួយ​ដែល​គ្មាន​ដំណើរ​ការ​ មាន​តែ​សំបក​ ម៉េច​ក៏​យើង​មិន​កោត​សរសើរ​ឥស្សរជន​ខ្មែរ​ ដែល​រត់​រក​ច្រក​ចេញ​បាន​ ចំណុច​នេះ​សំខាន់​ណាស់​ ហើយ​​ហេតុ​អ្វី​បាន​ទៅ​ជា​យក​បញ្ហា​អង្គការ​សហប្រជា​ជាតិ​ ដែល​គេ​នាំ​គ្នា​មិន​ឲ្យ​តម្លៃ​ទៅ​ហើយ​ ឥឡូវ​យើង​មិន​ពិបាក​គិត​ទេ បើ​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ សួរ​ថាតើ​​ វា​មិន​ដែល​រដ្ឋាភិបាលប្រល័យ​ពូជ​សាសន៍​ទៅ​ស្នើ​សុំ​អង្គការ​សហប្រជាជាតិ​ឲ្យ​ផ្តួល​រំលំ​របប​ខ្លួន​ឯង​ទេ សូម្បី​តែ​ពិឃាតនេះពិឃាតរហូត​ដល់​ក្នុង​​​ជួរ​ដឹក​នាំ​បក្ស​របស់​ខ្លួន​ទៅទៀត​ សួរ​ថា​តើ​មាន​អ្នក​ណា​មាន​ឱ​កាស​ទៅ​ស្នើសុំ​អង្គការ​សហប្រជាជាតិ​ ដូច​កករល្អក់​​ឲ្យ​មេ​ប៉ុលពត​កំទេច​កម្ពុជា​កាន់​តែ​លឿន​ទៀត​ ។​​ អស់​លោក​ប្រឆាំង ​ក្រុម​អស់​លោក​ហ៊ាន​ទិ​តៀន​​រដ្ឋាភិបាល​ ហ៊ាន​ទិ​តៀនគណបក្ស​​ដឹក​នាំ​រដ្ឋាភិបាល​ ហ៊ាន​ទិ​តៀន​​រណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា​​ ដែល​ជា​អ្នក​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ ហ៊ាន​ទិ​តៀនភាព​ស្ម័គ្រ​ចិត្ត​ និង​អង់អាច​របស់​កង​ទ័ព​វៀត​ណាម​ក្នុង​ការ​ចូលរួម​​ជា​មួយ​រណសិរ្ស​  ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​​ខ្មែរ​។​ ចុះ​អ្នក​ម៉េចក៏​​មិន​​​ទិ​តៀនយន្ត​ការ​អង្គការ​សហប្រជាជាតិ​ ដែល​មាន​តែ​សំបក​ ដំណើរ​ការ​អត់​បា​ន​ផង​ ចុះ​អ្នក​ម៉េចក៏​​មិន​​​ទិតៀន​ គ្រាន់​តែ​នយោបាយ​ពិភពលោក​ សហរដ្ឋ​អាមេរិក​ និង​ប្លុក​លោក​ខាង​លិច​សុខ​ចិត្ត​ការ​ពារ​មេឃាត​ករ​ខ្មែរ​​ក្រហម​។​ ចំណុច​នេះ​ដែល​យើង​គួរ​ពិចារណា​ ត្រង់​ហ្នឹង​ដែល​ជា​សារ​មួយ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ដក​ឃ្លា​ចេញ​អំពី​ជន​ដែល​រំលោភ​ទៅ​លើ​ជី​វិត​ដែល​យើង​បាន​រស់​រាន​សល់​ពី​ស្លាប់​ ពី​របប​ប៉ុលពត​ យើង​ត្រូវ​ដក​ឃ្លា​ចេញ​ពី​ក្រុម​នយោបាយ​ទុច្ច​រិត​ ដែល​មិនឲ្យ​តម្លៃ​ជី​វិត​របស់​យើង​ និង​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​ពាក់​ស្លាក​សិទ្ធិ​មនុស្ស​​តែ​ជា​ក្រុម​ទុច្ច​រិត​ក្នុង​ការ​ប្រមាថ​មាក់​ងាយ​ជីវិត​របស់​​យើង​។​​ដូច្នេះ​អ្នក​ទាំង​​​អស់​​នោះ​គ្មាន​តម្លៃ​សម្រាប់​ការ​ទ្រ​ទ្រង់​សិទ្ធិ​មនុស្ស​ ជាពិសេស​ការ​ទ្រទ្រង់​សិទ្ធិ​រស់​រាន​មាន​ជីវិត​យើង​ទេ​។​

-មតិ​លោក ជុំ កុសល
        ខ្ញុំ​ពិនិត្យ​លើ​ខ្លឹម​សារ​លិខិត​របស់​លោក​ សម រង្ស៊ី ខ្ញុំ​ងាក​ក្រោយ​បន្តិច​ពីរឿង​លិខិត​ពីរ​វា​ខុស​គ្នា​។ ទី១ ខ្ញុំចង់​ទាញ​អារម្មណ៍​ជន​រួម​ជាតិ​ឲ្យ​មើល​ពី​ជំហរ​របស់​ថ្នាក់​ដឹក​នាំ​។ លោក​ សម រង្ស៊ី ជា​ប្រធាន​គណបក្ស​​ប្រឆាំង​ ធម្មតា​ប្រធា​ន​​​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ហើយ មាន​មហិច្ឆតា​ចង់​ឈោង​យក​អំណាច​​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ ដើម្បី​ដឹក​នាំ​ប្រទេស​ ប៉ុន្តែ​គ្រាន់​តែ​ប៉ុណ្ណឹង​ជំហរ​មិន​ច្បាស់​លាស់​ទៅ​ហើយ។ រឿង​ថ្នាក់​ដឹក​នាំ​បើគោល​ជំហរ​ឥរិយាបទ​នយោបាយ​មិន​ច្បាស់​លាស់​​គ្រោះ​ថ្នាក់​ដល់​ជាតិ​​ណាស់​ វា​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​ ថ្នាក់​ដឹក​នាំ​ជាតិ​ ។​ គ្រាន់​តែ​នៅ​ក្នុង​លិខិត​ កាល​ពី​ឆ្នាំ ២០០៥ ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​មក​លើ​សម្តេច​តេជោ ហ៊ុន សែន ហើយ​កាល​នោះ​​ជា​រឿង​បុគ្គល​ទេ​ ប៉ុន្តែ​សម្តេច​លោក​យោគយល់​​លោក​ដក​ពាក្យ​បណ្តឹង​ ដើម្បី​ឲ្យ​មាន​ឱកាស​ចូលរួម​មក​បោះ​ឆ្នោត​ ២០០៨ ទៅ។​ បើ​សិន​លោក​មិន​ដក​ ក៏​មិន​ដឹង​ធ្វើ​អ្វី​​លោក​ដែរ​ ព្រោះ​អ្នក​ឯង​ប្តឹង​គ្មាន​មូល​ដ្ឋាន​ ហើយ​ក្នុង​នាម​ជា​រូបវ័នបុគ្គល​ ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ជាតិ​ ត្រូវ​គេ​ជាន់​ឈ្លី​កិត្តិយស​ដូច្នេះ​​ លោក​ប្តឹង​ជា​រឿង​ធម្មតា​។​ ប៉ុន្តែ​សរសេរ​សុំ​ទោស​យ៉ាង​ច្បាស់​ ក្នុង​លិខិត​សុំ​ទោស ​វា​ប្រៀប​បានដូច​សាលក្រម​មួយ​យ៉ាង​ច្បាស់​ទៅ​ហើយ​ ប៉ុន្តែ​ លោក​ សម រង្ស៊ី ភ្លេច​អ្វី​ដែល​ខ្លួន​បាន​និយាយ​ មិន​ទទួល​ខុស​ត្រូវ​​ចំពោះ​ខ្លួន​ដែល​បាន​និយាយ​ បែរ​ទៅ​ជា​បំភ្លេច​​ពាក្យ​សុំ​ទោស​ អាហ្នឹង​យើង​មិន​បាច់​​និយាយ​ទេ ថា​វាផុត យើង​អាច​វាយ​តម្លៃ​ថា ជា​មនុស្ស​ដែល​មាន​ស្មារតី​មិន​ចង​ចាំ​ ព្រោះ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​មិន​ទទួល​ខុស​ត្រូវ​។ ដល់​មក​លិខិត​ថ្មី​ៗនេះ​ ថ្ងៃទី ២៦​ ខែ​ធ្នូ ២០១១ ​ចេញ​មក​គឺ​ថា ពិត​ច្បាស់​ណាស់​គឺ សូម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ចំពោះ​ជំហរ​ដ៏ត្រឹម​ត្រូវ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​។ ស្រាប់​តែ​ថ្ងៃ​ ៧ មករា ចេញ​មក​ជេរ​តែ​ម្តង​ សុទ្ធតែ​ជន​ក្បត់​ជាតិ​គាំទ្រ​ ៧ មករា សុទ្ធ​តែ​រដ្ឋាភិបាល​អាយ៉ង ។ល។ អាហ្នឹង​ជា​ភាសា​មួយ​ដែល​ខ្ញុំ​ធ្លាប់​លើកឡើង​ថា វា​មាន​តែ​ខ្មែរ​ក្រហម​ធ្លាប់​ប្រើ​។ ឥឡូវ​យើង​ក្រឡេក​មក​រឿង​​ដែល​គាត់​ចោទ​ថា អ្នក​ដែល​គាំទ្រ​ ៧ មករា សុទ្ធ​តែ​ជន​ក្បត់​ជាតិ​ ។ ខ្ញុំ​ចាំ​បាន​ថា ៧ មករា ដែល​យើង​ឈប់​​សំរាក​មួយ​ថ្ងៃ សិស្ស​ និស្សិត បញ្ញាវ័ន្ត​ មន្រ្តីរាជការ ដែល​ឈប់​មួយ​ថ្ងៃ​ចូលរួម​អប​អរ​ ពីព្រោះ​ថ្ងៃ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ជា​​ទិវា​បុណ្យ​ជាតិ​ សួរ​ថា ប្រកាស​ហ្នឹង​នៅ​ក្នុង​ដំណាក់​កាល​ដែល​សម្តេច​ព្រះ​វរៈបីតាជាតិ​ នរោត្តម សីហនុ ព្រះ​អង្គគង់​ប្រថាប់​ជា​ព្រះ​មហាក្សត្រ​ នៅ​ពេល​នោះ​ព្រះ​អង្គ​បាន​ឡាយ​ព្រះហស្ថ​លេខា ទទួល​ស្គាល់​ ៧ មករា ជា​បុណ្យ​ជាតិ​ ហើយ​ព្រះ​អង្គ​ក៏​អបអរ​សាទរ​បុណ្យ​ ៧ មករា ដែរ ពីព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​ឡើង​វិញ​ក៏​ដោយ​សារ​ ៧ មករា ព្រះ​អង្គ ធ្លាប់​មាន​ព្រះ​រាជ​បន្ទូល​ជា​មួយ​សម្តេច​តេជោ ថា បើ​កុំ​តែ​មាន​ ៧ មករា ព្រះ​កាយ​ព្រះ​អង្គ និង​ ព្រះ​ញាតិវង្សានុវង្ស ក៏​អស់​ដែរ អញ្ចឹង​ព្រះ​អង្គ​ទទួល​ស្គាល់​ អញ្ចឹង​បើ​ លោក​ សម រង្ស៊ី ចោទ​​ថា ​អ្នក​ដែល​គាំទ្រ​ ៧ មករា សុទ្ធ​តែ​ក្បត់​ជាតិ​ មាន​ន័យ​ថា ព្រះ​វរៈរាជបីតា ព្រះ​អង្គ​ចូល​នៅ​ក្នុង​លំដាប់​ហ្នឹង​ដែរ​ នេះ​យើង​យក​មក​ពិភាក្សា​ទាំង​អស់​គ្នា​។​ ហើយ​មួយ​ទៀត​រឿង​ ៧ មករា ឥឡូវ​បង​ប្អូន​ដែល​ឆ្លង​កាត់​របប​ហ្នឹង ទាំង​ខ្ញុំ​ ទាំង​លោក​បណ្ឌិត ទាំង​ឯកឧត្តម ហើយ​បងប្អូន​ជន​រួម​ជាតិ​ដ៏ទៃ​ទៀត​ដែល​ឆ្លង​កាត់​របប​ហ្នឹង ​រង​ទុក្ខ​វេទនា​ បង​ប្អូន​ចាត់​ទុក​ ៧ មករា ជា​​សត្រូវ​ជាមួយ​ពួក​អស់​ហ្នឹង​ដែរ​ ឬ​យ៉ាង​ម៉េច?​​ ​។ ខ្ញុំ​បាន​ឮ​​ពី​អ៊ំ​ម្នាក់​​ គាត់​ថា​ អាពួក​នេះ​វា​ឆ្កួត​អី​វា ៧ មករា រំដោះ​ជីវិត​ចេញ​ពី​អាពត​ វា​ទៅ​ជា​ចាត់​ទុក​ ៧ មករា ជា​សត្រូវ នេះ​ជា​សម្តី​របស់​អ្នក​រង​គ្រោះ​​មួយ​រូប​ ដែល​ឆ្លង​កាត់​របប​នេះ​​ សួរថា តើ​៧ មករា ដែល​បាន​ចាត់​ទុក​នរណា​ជា​សត្រូវ​របស់​ខ្លួន​ឯង​ឬនៅ? អត់ដែល​​ទេ ក្រៅពី​ប្រជាជន​ទូទៅ​ ដែល​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ ចាត់​ទុក​ថា ថ្ងៃនេះ​ជា​ថ្ងៃ​កំណើត​ទី​២ ដូច​លោក​បណ្ឌិត​បាន​លើក​ឡើង​។​ កំណើត​ទី១ យើង​កើត​តាម​ធម្មជាតិ ​ឪពុក​ម្តាយ​ផ្តល់​កំណើត​​ តាម​របៀប​ជីវវិជ្ជា ហៅ​ថាតំណរពូជ បង្កើត​កំណើត​ឲ្យ​យើង​មក​ឃើញ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​បន្ទាប់​ពី​យើង​មាន​ជីវិត​​​ ឃើញ​ពន្លឺ​ថ្ងៃ កកើត​មក​ហើយ គឺ​ជីវិត​យើង​រស់​ ប៉ុន្តែ​នៅ​ពេល​ដែល​ជីវិត​យើង​កំពុង​តែ​រស់​ ស្រាប់​តែ​បណ្តើរ​ទៅ​សម្លាប់​ ហើយ​ត្រូវ​មាន​អ្នក​មក​​សង្គ្រោះ​ឲ្យ​យើង​រួច​ផុត​ទៅ​វិញ​នោះ រឿង​អ្វី​យើង​ចាត់​ទុក​អ្នក​រំដោះ​ជា​សត្រូវ​ វា​មាន​តែ​មនុស្ស​ហ្នឹង​ជា​មនុស្ស ទមិឡ មាន​តែ​​ពួក​អត់​សាសនា ឬ​ដូច​រឿង​និទាន​ពួក​​ក្រពើ​វង្វេង​បឹង​ ដែល​គេ​ខំ​សង្គ្រោះ​ខ្លួន​ឯង​យក​ទៅ​ដាក់​នៅ​ក្នុង​ត្រពាំង​ ដឹក​ទៅ​ដល់​ត្រពាំង​ហើយ បែរ​ទៅ​ជា​មក​សម្លាប់​អ្នក​សង្រ្គោះ​ទៅ​វិញ​ អាហ្នឹង​ជា​ពពួក​ក្រពើ​វង្វេង​បឹង​។​ យើង​និយាយ​នៅ​ក្នុង​ទិដ្ឋភាព​ជាក់​ស្តែ​ង​ ដើម្បី​ពិចារណា​ទាំង​អស់​គ្នា​ តើ​អ្នក​ណា​មួយ​ដែល​ឆ្លង​កាត់​របប​ហ្នឹង​ ហើ​យ​ចាត់​ទុក​ ៧ មករា ជា​សត្រូវ វា​មាន​តែ​ខ្មែរ​ក្រហម​ទេ មេដឹក​នាំ​ខ្មែរ​ក្រហមទើប​​មាន​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​អង្គសវនាការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​ចាត់​ទុក​ ៧ មករា ជា​សត្រូវ​ ពីព្រោះ​ពួក​គេ​ជា​អ្នក​កាន់​អំណាច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​​ ដែល​ត្រូវ​បាន​ដួល​រលំ​ដោយ​សារ​ ៧ មករា អញ្ចឹង​គេ​ចាត់ទុក​៧ មករា ជា​សត្រូវ។​ ប៉ុន្តែ​នៅ​ពេល​ដែល​ លោក​ សម រង្ស៊ី លោក កឹម សុខា ចាត់​ទុក​ ៧ មករា ជា​សត្រូវ មាន​ន័យ​ថា គាត់​ស្ថិត​នៅ​ក្នុង​បញ្ជី​ពួក​ខ្មែរ​ក្រហម​ សូម្បី​តែ​នៅ​ក្នុង​លិខិត​របស់​គាត់​​​ សម្តី​របស់​លោក កឹម សុខា បាន​និយាយថា របប​ខ្មែរ​ក្រហម​ យួន​ជា​អ្នក​រៀប​ចំឆាក។ ឥឡូវ​ លោក​ សម រង្ស៊ី លិខិត​ចុះ​ថ្ងៃទី ៧ មករា ខ្ញុំ​លើក​យក​១ឃ្លា​ទេថា​ « ដូច្នេះ​​ព្រឹត្តិការណ៍​​នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ​ ៤០ កន្លង​មក​នេះ​ គឺ​សុទ្ធ​តែ​ ជា​ឆាក​ល្ខោន​ដែល​យួន​រៀប​ចំ​ ដើម្បី​បន្ត​នយោបាយ​វាទីទឹក​ដីរបស់​គេ » គឺ​ដូច​គ្នា ហើយ​ដល់​តែ​យើង​ស្តាប់​សម្តី​ នួន ជា មួយ​មាត់​ណា​ក៏​ចោទ​វៀតណាម​ អញ្ចឹង​​បី​ក្រុម​ហ្នឹង​ ​អត់​ខុស​គ្នា​ទេ​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ ហើយ​ចេញ​ផុត​ពីរបប​នេះ​ ដោយ​សារ​ ៧ មករា ទទួល​យក​បាន​អត់ទេ​​ ម្នាក់ៗ​​ស្អប់​ខ្មែរ​ក្រហម​ខ្លាំងណាស់​ ហើយ​ឥឡូវ​​​មេបក្ស​ទាំង​ពីរ​ហ្នឹង​ចេញ​មក គន្លង​ទៅ​ជាមួយ​ខ្មែរ​ក្រហម​។​​
          -មតិឯកឧត្តម ជា ចន្ទ័បរិបូរណ៍​
          បើយើងនិយាយអំពី​ទុក្ខវេទនានៃរបបប្រល័យពូជសាសន៍ គឺយើង​និទានប៉ុន្មានថ្ងៃ​ក៏មិនអស់ដែរ​ ហើយ​យើងសាកល្បង​គិតថា បើសិនកាលនោះ សម្តេចលោកទៅពឹងពាក់​វៀតណាមឲ្យជួយ តែវៀតណាម​អត់​ជួយ​វិញ​ តើយើងនឹងធ្លាក់ទៅដល់ជម្រៅណាទៀត? ពីព្រោះកាលនោះខ្ញុំនៅក្នុងកងចល័ត​ ពួក​ខ្មែរ​ក្រហម​​គេបានប្រកាសថា បើហ៊ានតែទៅវៀតណាម​នៅពេលដែលចាប់បានគេយកមកដូរអំបិលហើយ​។ ដូច្នេះ​គឺគ្មាន​នរណាមួយ​ហ៊ាន​ទៅ​ទេ​ ប៉ុន្តែនេះជាបេសកៈកម្មមួយ​យកជីវិត​ទៅប្តូរ​ដូច​សម្តេច​លោក​មាន​ប្រសាសន៍​អញ្ចឹង គឺយកជីវិតទៅប្តូរធ្វើដើមទុន។ បើសិនជាគេបដិសេធគឺត្រូវស្លាប់ទាំងអស់គ្នា​ មិនមែន​ស្លាប់​តែ​សម្តេចទេ គឺប្រជាជនទាំងអស់គឺត្រូវស្លាប់ទាំងអស់តែម្តង​។ ក្រោយថ្ងៃរំដោះ៧មករា​ បើយើង​គិត​មើល​គឺយើងឈឺចាប់ប៉ុណ្ណាទៀត​?​ គឺត្រូវបានអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ( អ ស ប )​មិន​ប្រគល់​អសនៈរបស់កម្ពុជានៅ អ ស ប ឲ្យកម្ពុជាយើងទៀត​។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែ​នៅ​ក្នុង​តំបន់​អាស៊ាន​ក៏គេអត់គាំទ្រយើងដែរ​ គឺគេគៀបសង្កត់យើងគ្រប់បែបយ៉ាង។​ នៅពេលដែលកម្ពុជាបានរំដោះ ក្រសួង​ខ្លះ​គឺចាប់ផ្តើមពីគ្នា២នាក់​ ៣នាក់ ដើររើសក្រដាស ឬសៀវភៅយកមករៀបចំ​ស្ថាប័ន​នីមួយៗ​គ្រប់​ទាំងអស់​​ ប្រជាជន​កម្ពុជា​ត្រូវបានបាក់កម្លាំងទាំងអស់ ហើយ​អ្នកចេះដឹង​គឺ​អត់មានទេ ពីព្រោះ​ខ្មែរ​ក្រហម​សម្លាប់​ចោល​ទាំងអស់ អ្នកទាំងនោះគឺជាមុខសញ្ញាទី១ហើយ បន្ទាប់មកគឺប្រជាជន​ធម្មតា និង តៗ​មកទៀត​​។​អញ្ចឹងធនធាន​មនុស្សក៏យើងអត់ ចាប់ផ្តើមកសាងពីបាតដៃទទេរ​។ បើយើង​ប្រៀបធៀប​កាលពី​ទទួល​ឯករាជ្យពីបារាំងគឺខុសគ្នាឆ្ងាយណាស់​ ពីព្រោះបារាំងបានបន្សល់ទុកឲ្យទាំងអស់ ទាំងរដ្ឋបាល​។ល។ ប៉ុន្តែសម្រាប់៧មករា គឺអត់មានទេ គឺចាប់ផ្តើមកសាងប្រទេសពីក្រោមសូន្យ​។ ធនធាន​មនុស្ស​ក៏​អត់​មាន​ សម្ភារៈក៏អត់មាន។​ ខ្ញុំចាំមិនភ្លេចទេ​ គឺយើងត្រូវរៀនផង​ ធ្វើពលកម្ម​សម្អាត​សាលា​ផង​ ហើយ​យើង​ម្នាក់ៗ​រស់ដោយភាពស្លេកស្លាំង​។ កាលនោះយើងប្រើពាក្យស្លោកថា « ដៃម្ខាងការពារ ដៃម្ខាង​កសាង​ »​​ ​។​ ការពារ​ គឺខ្លាចរបបខ្មែរ​ក្រហមត្រឡប់មកវិញ ហើយកសាង ​គឺកសាងអ្វីដែលខ្ទេចខ្ទាំ​។ អញ្ចឹងខ្ញុំគិតថា ថ្ងៃ៧មករា​នេះ គឺជាថ្ងៃមួយ​ដែលខ្មែរគ្រប់រូប មិនត្រឹមតែជំនាន់យើងទេ កូនចៅយើងក៏ត្រូវតែ​ចងចាំដែរ។​​ បើគ្មានថ្ងៃ៧មករាទេ​ គឺមិនមានថ្ងៃនេះទេ ហើយក៏គ្មានថ្ងៃស្អែកដែរ​។ អញ្ចឹង​ អ្នកដែលចាត់ទុកថ្ងៃ៧មករា​ជាសត្រូវ អ្នកនោះឯងគឺជាក្រុមលោក ប៉ុល ពត​ ហើយ​។​ ខ្ញុំគិតថាពួកនោះគឺជាក្រុមលោក ប៉ុល ពត ពីព្រោះ​មនោគមវិជ្ជា​ ទ្រឹស្តី ។ល។ ដែលគាត់យកមកធ្វើសព្វថ្ងៃនេះ​ គឺគាត់យកមនោគមវិជ្ជារបស់ ប៉ុល ពត​ មកធ្វើឡើងវិញ​។
          លោក ជុំ កុសល
សំណួរ៖ លោកបណ្ឌិត​ ការបកស្រាយរបស់អស់លោកខាងប្រឆាំង គាត់​លើកថា បើ​ក្រោយ​ថ្ងៃ​រំដោះ​​៧មករាហើយ ហេតុអ្វីវៀតណាមមិនដកចេញ​ភ្លាម? ម៉េចមិនទៅពឹង អ ស ប ? រឿងនេះ​គឺ​លោក​បណ្ឌិត​បានបកស្រាយហើយ​។ ក៏ប៉ុន្តែមានមនុស្សម្នាក់របស់គណបក្ស សម រង្ស៊ី នោះលើកថា មុនថ្ងៃ​៧មករា​គឺ អាពត វាសម្លាប់ទៅហើយ តែក្រោយថ្ងៃ៧មករា ក៏មិនខុសពី អាពត ដែរ​ គឺកេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យទៅស្លាប់នៅព្រំដែន​ បញ្ជូនកងកម្លាំងឲ្យទៅស្លាប់នៅព្រំដែន​។ សូមលោក​បណ្ឌិត​ជួយ​ធ្វើ​អត្ថាធិប្បាយ​ត្រង់​ចំណុច​នេះ​បន្តិច​បាទ​?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ ចំណុចទី១ ដោយសារពួកគាត់មានគំនិតដែលហៅ​ថា ជាសត្រូវ​ ឬជាតិនិយម​ជ្រុល​ហួស​​ហេតុ យកវៀតណាម​ជាសត្រូវ​ អញ្ចឹងខ្ញុំចង់បញ្ជាក់ថា តើការរំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​របប​ខ្មែរ​ក្រហម​​ជាវីរៈភាពដែរ ឬអត់? ។ ខ្ញុំសូមប្រៀបធៀប បើសិនជា​អាមេរិក ទៅវាយ​អាប់ហ្គានីស្ថាន​កាល​ជំនាន់​សង្គ្រាម​ត្រជាក់​នៅពេលនោះ រុស្ស៊ី និងចិនប្រាកដ​ជា​ដាក់វិញជាមិនខានឡើយ។ ដូច្នេះទៅអត់រួចទេ។ អាមេរិក វាយ អាប់ហ្គានីស្ថាន​គឺនៅក្រោយការបញ្ចប់សង្គ្រាមត្រជាក់ទេ​។ ពីព្រោះ​កាល​ជំនាន់​សង្គ្រាម​ត្រជាក់​​តែហ៊ាន​ធ្វើអ្វី​គឺប៉ះពាល់​​ដល់ផលប្រយោជន៍មហាអំណាចដ៏ទៃទៀត​។ ការរួមចំណែក​របស់​វៀតណាម​ក្នុងការរំដោះប្រជាពលរដ្ឋខ្មែរ​ គឺជាការអារ​កាត់​យ៉ាងលំបាកបំផុត​សម្រាប់​ប៉ះពាល់​ដល់​ផលប្រយោជន៍​​របស់ជាតិគេ។​ គ្រាន់តែការវាយផ្តួលរំលំខ្មែរក្រហម សហការជាមួយនឹងរណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា​ ប្រទេសមហាអំណាច​ចិន ពេលនោះដែលគាំទ្រប៉ុល ពត ក៏វាយលុក​ប្រទេស​វៀតណាម​ដែរ​។ ដូច្នេះការចូលរួមរំដោះប្រជាពលរដ្ឋខ្មែរ​ ដើម្បីផ្តួលរំលំរបប ប៉ុល ពត តាមរយះ​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា គឺជាការ​អារកាត់​របស់វៀតណាមដ៏ធំធេងណាស់​។​ ប៉ុន្តែហេតុអ្វី​បានជា​យើង​ទទួល​បាន​ជោគជ័យ​? ទី១ គឺហ៊ានប្រថុយ​ ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលបានរត់​ចេញ​ពី​បន្ទាយ​​យោធាខ្មែរក្រហមទៅវៀតណាមគឺជាការ​លះបង់​។ ក្រោយថ្ងៃរំដោះ៧មករាហើយ​ តើយើង​បាន​សន្តិភាព​ទេ​?​ គឺអត់ទេ គឺដៃម្ខាងយើងការពារ ការពារខ្លាចគេយកជីវិត​ គឺការពារនូវការវិលត្រឡប់នៃរបប​ប្រល័យ​ពូជសាសន៍ដែលមានមហាអំណាច​មួយចំនួនរួមទាំងបណ្តាប្រទេសអាស៊ាន​មួយចំនួនដែរ បាន​គាំទ្រ​​ ប៉ុល ពត ។ ដូច្នេះគឺយើងការពារជីវិត​ គឺជាចំណុចធំជាងគេ​។ អញ្ចឹងយើងសួរថា តើសង្គ្រាម​ក្នុង​ស្រុក ក្រោយថ្ងៃរំដោះ៧មករា​ ១៩៧៩​ ជាសង្គ្រាមតំណាងឲ្យនរណា? វាគឺជា​សង្ក្រាម​តំណាង​ឲ្យផល​ប្រយោជន៍​មហាអំណាច​សង្គ្រាមត្រជាក់​។ សម្រាប់កម្ពុជា គឺធំជាងសង្គ្រាមនេះទៅទៀត​ គឺកម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរក្រោមការគ្រប់គ្រង​ដោយសាធារណរដ្ឋប្រជាមានិតកម្ពុជា​ គឺជាសង្គ្រាមការពារជីវិត ទប់ស្កាត់​ការវិលត្រឡប់​នៃ​របបប្រល័យពូជសាសន៍​ ប៉ុល ពត​ ទោះបីជាអ្នកឯង​មាន​មនោគមវិជ្ជា​យ់ាងណា​ក៏​យើងអត់ខ្វល់ទេ យើងខ្វល់តែ​ការខ្លាចជីវិតយើងបាត់បង់ទៅវិញ​ម្តងទៀត។ អញ្ចឹង​គឺយើង​ខ្វល់​តែ​រឿង​កសាង​​ផង​ ការពារផង។​រឿងក៥ ដែលទាំង​អ្នកនយោបាយ​នៅគណបក្ស កឹម សុខា និងអ្នក​នយោបាយ​នៅ​​គណបក្ស សម រង្ស៊ី  ចោទ​។ សួរថា​តើសង្គ្រាម មិនចេះធ្វើឲ្យមានងាប់មនុស្សទេឬ?​ តើក៥ វាជា​សារធាតុ​​មួយពាក់ព័ន្ធទៅនឹងសង្គ្រាមក្នុងប្រទេសកម្ពុជាដែរ ឬទេ​?​ តើវាជាយុទ្ធសាស្ត្រ​ការពារនៃការ​វិល​ត្រឡប់​​នៃរបបប្រល័យពូជសាសន៍ដែរ ឬអត់​?​ មានន័យថា ទាល់តែមានសង្គ្រាមទើប​គេ​បញ្ជូន​ទាហ៊ាន​ឲ្យ​ទៅ​ច្បាំង​​។​ បើនិយាយ​ប្រឆាំងនឹងក៥ ក្នុងស្ថានភាព​នាពេល​នេះទើបវាខុស ប៉ុន្តែកាលនៅជំនាន់នោះ សារធាតុ​នៃយុទ្ធសាស្ត្រយោធា​ ក្នុងការការពារ​ទប់ស្កាត់មិនឲ្យ​របប​ខ្មែរ​ក្រហម​មកវិញ​គឺជាការត្រឹមត្រូវ​។ ប៉ុន្តែមិនមែនជារឿងកំហុសដូចអស់លោក​ចោទនោះទេ​ អ្នកទាំងអស់នោះគឺ​ងប់ងល់​ដោយ​នយោបាយ​ឆ្កួត​លីលា​​ដែលវង្វេងនៅក្នុងព្រៃ​ប្រជាធិបតេយ្យសេរីពហុបក្ស​។​
-មតិលោក ជុំ កុសល
រឿងវត្តមានកងទ័ពវៀតណាម ការជួយឧបត្ថម្ភ​ពីសំណាក់កងទ័ព​វៀតណាម​ជួយ​មក​ដល់​កម្ពុជា​ក្នុង​​ដំណាក់​កាលនោះ គឺ​ជាកាលៈទេសៈ ចាប់ជម្រុញ​ ហើយវាជារឿងស្របច្បាប់​ មិនមែន​សម្រាប់​តែ​កម្ពុជា​នៅ​ក្នុង​តំណាក់កាលនោះទេ​។ ប្រទេសជាច្រើនដែលមានបញ្ហានៅផ្ទៃក្នុងរបស់ខ្លួន​ ហើយ​សុំ​ជំនួយ​បរទេស​ឲ្យ​មក​ជួយ​​ គឺគេនិយាយ​គិតទៅដល់បញ្ហារឿងស្របច្បាប់ហើយ​។ ខ្ញុំបានអាន​សៀវភៅដែលសម្តេចតេជោ ហ៊ុន សែន លោកបាន​សរសេរ គឺ « ១៣ទស្សវត្ស​ នៃដំណើរកម្ពុជា​ » ដែលលោកជាតួអង្គសំខាន់​នៅ​ក្នុង​រឿង​រំដោះ​ប្រទេស​ជាតិ​។ លោកបានសរសេរ​ថា​ បើសិនជានៅក្នុង​តំណាក់កាលនោះ វៀតណាម​គេ​គ្មាន​ស្មារតី​​សាមគ្គី អន្តរជាតិអធនទេនោះ ពីព្រោះគេទើប​តែ​ចប់​ពី​សង្គ្រាម​ដែរ​ អញ្ចឹង​គេត្រូវ​ប្រមូល​កម្លាំង​កសាង​ប្រទេស​គេ​ដែរ​​​ ​។ ប៉ុន្តែរឿងអីដែលវៀតណាមសុខចិត្តបរិច្ចាគជួយយើង​? យើងត្រូវពិចារណា​ចំណុច​នេះ​ផង​ ហើយបើសិនជា​វៀតណាមគេមិនជួយ តើមានប្រទេសណា​ដែលចេញមុខមកជួយប្រទេសកម្ពុជា​? ហើយ​បើសិនជា​របប​ប្រល័យពូជសាសន៍នៅបន្តជីវិតរស់រហូតមកដល់សព្វថ្ងៃនេះ​ តើកម្ពុជាដ៏អភ័ព្វ​នៃ​យើង​នឹង​ក្លាយ​ទៅជាយ៉ាងម៉េច​?​ នៅក្នុងសៀវភៅនោះ​គឺលោកបានសរសេរអញ្ចឹង​។នៅក្នុង​តំណាក់កាល​សង្គ្រាម​លោក​លើក​ទី២​ អាមេរិក រុស្ស៊ី បារាំង អង់គ្លេស​ រួមគ្នាទៅវាយពួកហ្វាស៊ីស​ អាឡឺម៉ង់​។ អាមេរិក ជាមួយសហភាពសូវៀត រួមគ្នាទៅវាយពួកហ្វាស៊ីសជប៉ុន​ ដែលទៅឈ្លានពានប្រទេសដ៏ទៃ​ តើរឿង​នោះ​យ៉ាង​ម៉េច​ទៅវិញ​​?​។ ទាក់ទងទៅនឹងក្រោយថ្ងៃរំដោះ៧មករា​ គេមិនដែលបញ្ជូនកងទ័ព​ទៅច្បាំងដោយ​ស្រុក​គ្មាន​សង្គ្រាម​នោះទេ។​និយាយឲ្យងាយស្តាប់ បើឯងមិនមកវាយអញទេ​ អញក៏មិន​​ទៅវាយឯងដែរ។​ ការផ្តួល​រំលំ​របប​ប្រល័យ​​ពូជសាសន៍​ ទោះបីជាយើងផ្តួលរំលំអំណាចនៅទីក្រុងភ្នំពេញ​ក៏ពិតមែន ក៏ប៉ុន្តែ​មិនមែន​​មាន​ន័យថា​អង្គការ​ចាត់តាំងរបស់ខ្មែរក្រហម​ត្រូវបានបញ្ចប់ជាស្ថាពរ ហើយយើង​ចាប់ផ្តើម​មាន​សន្តិភាព​​តាំងពី​​ឆ្នាំ១៩៧៩ មកនោះទេ​​​​​។ ពួកនេះគ្រាន់តែគេចខ្លួនពីអំណាចនៅទីក្រុងភ្នំពេញ​ តែវា​ទៅ​បង្ក​អំណាច​​នៅព្រំដែន​​ដដែល ប៉ុន្តែទាំងអង្គការ​ចាត់តាំង ​យោធា​ និងនយោបាយ​របស់​ពួកវា​គឺ​នៅ​ដដែល​។ មិនតែប៉ុណ្ណោះនៅឆ្នាំ១៩៨២ គឺបានបន្ថែម២ភាគីថែមទៀត​ បង្កើតបានជារដ្ឋាភិបាលចម្រុះត្រីភាគី​មកប្រឆាំងជាមួយនឹងរដ្ឋាភិបាលរំដោះជាតិ​របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា​។ អញ្ចឹងតើ​ឲ្យថ្នាក់​ដឹកនាំ​សាធារណរដ្ឋត្រូវជ្រើសរើសយក​ផ្លូវណា?​ គឺត្រូវការពារកុំឲ្យរបបពួកនោះវិលត្រឡប់មកវិញ​ ពីព្រោះតែ​យើងផ្តួលរំលំវាហើយ វាមកវិញនោះវានឹងសម្លាប់គុណទ្វេរដងហើយ​។ នៅក្នុងរបប ប៉ុល ពត​ តួលេខ​មធ្យមដែលអាពត សម្លាប់ប្រជាជនក្នុងមួយថ្ងៃ​១៥០០នាក់​។ ដូច្នេះសូមឲ្យអស់លោក​ដែលនិយាយ​នេះ សូមឲ្យយកបញ្ហាប្រវត្តិសាស្ត្រ​មកដាក់​ជាមូលដ្ឋានក្នុងការនិយាយផង​។​លោកឪពុកខ្ញុំក៏ធ្លាប់ទៅក៥​ដែរ ការ​ដែល​លោក​ទៅ​នោះ​គឺទៅ​ដើម្បីការពារ​ព្រំដែន ការពារ​កុំឲ្យ​ពួកខ្មែរក្រហមវាបង្កជម្រក​។ បើសិន​ជា​អ្នក​ឯង​មិន​វាយ​ប្រហារមកលើរដ្ឋាភិបាលនាសម័យនោះ គេមិនមែនបញ្ជូន​កងទ័ពទៅទេ​។ ប៉ុន្តែ​អ្នកឯង​មកវាយ​គេ​ដែរ​ គឺកាលៈទេសៈចាប់ជម្រុញអញ្ចឹង​។​
-មតិឯកឧត្តម ជា ចន្ទ័បរិបូរណ៍
បើគិតពីការលំបាកកាលសម័យនោះ គឺមិនថាឡើយទៅដល់ព្រំដែន​ គឺចង់​ជម្រាប​ដល់​បងប្អូន​យុវជន​យើងសព្វថ្ងៃនេះ ។ដើម្បីទៅកំពង់ចាម គឺយើងទៅតាមព្រៃកុង​ ហើយសព្វថ្ងៃ​ក្លាយទៅ​ជា​ចំការ​ស្វាយចន្ទី និងមានភោជនីយដ្ឋាន​ជាច្រើន​។ តាមផ្លូវ​នោះ​ឡាន​កាកបាទ​ក្រហម​ដឹកសម្ភារៈទៅជួយប្រជាជន​ក៏​ឆ្លងអត់​បានដែរ​ គឺពួកនោះបាញ់​ឆេះទាំងអស់​។ ទោះបីជា​យើងជិៈ​កាណូត ពីក្រចេះ​ ពីឆ្លូងមកកំពង់ចាម ក៏​ពួក​​ខ្មែរ​ក្រហម​ស្ទាក់បាញ់នៅតាមផ្លូវ​នៅ ហានជ័យ​ ដែរ​​។​ អស់​លោក​​សង្គម​ស៊ីវិល​មួយ​ចំនួន គាត់​និយាយ​​ថា ជំនាន់ប៉ុល ពត មិនគួរឲ្យជឿទេ គឺជាឆាកល្ខោន​រៀបចំ​ទាំងអស់​ ពីព្រោះចាប់ពី២ធ្នូ​ ទៅ​ដល់​ថ្ងៃ៧មករា​ គឺមានរយះពេលតែ​​​​២០ថ្ងៃជាងទេ គ្រាន់តែចែកអាវុធ​ឲ្យទាហ៊ានក៏ចែកមិនទាន់ផង​។ ប៉ុន្តែគាត់អត់យល់ថានៅពេលនោះសភាពការណ៍វាទុំជោរ​ ប្រជាពលរដ្ឋ​លែងគាំទ្រ ដូចបក្ស​ប្រឆាំង​សព្វថ្ងៃ​អញ្ចឹង​​ដែលគាត់ប្រើពាក្យថា អ្នកដែលសល់ពីការរស់ពី៧មករា អ្នកគាំទ្រ៧មករា​ សុទ្ធតែពួកក្បត់ជាតិនោះ​ គឺប្រជាពលរដ្ឋលែងគាំទ្រអស់លោកបាត់ទៅហើយ​ បានន័យថាធ្លាក់បាត់ទៅហើយ​។ អញ្ចឹង​របប​ប្រល័យ​ពូជសាសន៍​គឺដូចគ្នាអញ្ចឹង​ គាត់សម្លាប់ប្រជាជន​ឯង​ គឺដល់​តំណាក់កាល​មួយ​ដែល​ប្រជាពលរដ្ឋ​គ្រាន់តែ​ឮ​សូរ​សម្លេង ស្នូរអាវុធបែរទៅជាញញឹម​ទៅវិញ​ថាយើងមានសង្ឃឹមរស់​។ តំណាក់កាលនោះហើយ ដែល​រយះ​ពេល​ខ្លីបំផុត​ ហើយបាន​ជោគជ័យ​ បានន័យថាប្រជាពលរដ្ឋចូលរួមគាំទ្រ​។​
-មតិលោកបណ្ឌិត ឈឹម ផលវរុណ
ឥឡូវនេះយើងមានសន្តិភាព​ យើងមានការលើកស្ទួយដំណើរការប្រជាធិបតេយ្យ​ ការលើក​ស្ទួយ​ការ​គោរពសិទ្ធិមនុស្ស​ និងការអនុវត្តច្បាប់។​ អស់លោកគណបក្សប្រឆាំង​ អង្គការ NGO ​​ពាក់ផ្លាក​សិទ្ធិមនុស្ស​​និន្នាការប្រឆាំង​ ឲ្យតែមានបញ្ហាកើតមានការអសកម្មនៅក្នុងសង្គម គាត់​តែងតែ​ទៅ​និយាយ​ពឹង​បរទេស នេះគឺអត់មានការប្រល័យពូជសាសន៍ផង​។ គ្រាន់តែរឿង​បញ្ហា​ក្នុង​សង្គម ទំនាស់​បរិបទ​​ដីធ្លីអីហ្នឹង​ គាត់​ទៅនិយាយពឹងបរទេស ចុះទម្រាំ​ប្រល័យពូជសាសន៍ សួរថាកម្ពុជា​ និង​អន្តរជាតិ ជាពិសេស​វៀតណាម​ តើ​គេមាន​សិទ្ធិ​មក​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរដែរ​ឬអត់​?​ ហើយអ្វី​ដែលអ្នក​ទាំងអស់​នោះ​កំពុង​តែ​បាត់បង់​​នូវ​​សេចក្តី​ថ្លៃថ្នូរ​ក្នុងនាមខ្លួន​ជាអ្នក​ប្រជាធិបតេយ្យ ជាអ្នកសិទ្ធិមនុស្សនោះ​ គឺដូចជា​លោក សម រង្ស៊ី ក្តី​មិនដែលស្គាល់នូវការឈឺចាប់ទេ​ ហើយគិតតែពីការញុះញង់​ទៅវិញ​។ ងាកទៅលោក កឹម សុខា​ តើ​គាត់​ស្គាល់នូវការឈឺចាប់ទេ នៅពេលដែល​ ពួក ប៉ុល ពត វាយសម្លាប់ឪពុកខ្លួនឯង​នៅចំពោះមុខ ហើយ​ទៅ​ជា​​ចោទប្រកាន់យកបញ្ហាឈ្លានពាន​ ចោទ​ប្រកាន់​វៀតណាម​​ថា​ឈ្លានពានទៅវិញ​ ។​ តើយើង​គិតថា​ជីវិត​ជា​បញ្ហាទី១ ឬ​ក៏បញ្ហាអ្នកដែលមករំដោះយើង​ ដោយ​យើងយកពាក្យឈ្លានពាននេះជាទី១​?​។ ចំពោះ​បញ្ហា​អាមេរិក​ កឹម សុខា គេឆ្លើយថា​នៅពេល​ដែល​អាមេរិកវាយ អ៊ីរ៉ាក់ គេសរ​សើរអាមេរិកណាស់​។ តែ​តាម​ពិត​​គ្មាន​ពលរដ្ឋ​អ៊ីរ៉ាក់ណា​មួយ​ទៅពឹង​អាមេរិក​ឲ្យមករំដោះប្រទេសពីរបបផ្តាច់ការរបស់ សាដាម នោះទេ​។ ផ្ទុយទៅវិញ កម្ពុជា​គឺមាន​លក្ខណៈ​សម្បត្តិ​លើសពីអាមេរិក​ទៅវាយអ៊ីរ៉ាក់​ទៅទៀត​ គឺការលះបង់​រក​ច្រកចេញ ដើម្បីឲ្យ​ប្រទេស​វៀតណាម​ដែល​ជាប្រទេសជិតខាងមករំដោះ​។ ឥឡូវ​ថាវៀតណាម​ឈ្លានពាន តើអ្នក​ឯង​ហ៊ាន​និយាយ​ថា​អាមេរិក​ឈ្លានពាន​​អ៊ីរ៉ាក់ឬនៅ​? បើមិន​ទាន់​ហ៊ាន​ថាទេ​ យើង​មិនបាច់​ពិភាក្សា​រឿង​​ឈ្លានពាន​​ពីកងទ័ព​ស្មគ្រ័ចិត្ត​វៀតណាមមកជួយកម្ពុជាទេ​។ ទី២ បើអ្នកគិតថា មករំដោះ​ហើយ​អត់​ព្រម​ចេញ​ ចុះអ្នកឯងមិនគិតរឿងអាមេរិកនៅអាប់ហ្គានីស្ថាន​។ សួរថាអាមេរិកវាយហើយ ដួលសាដាម ហើយ​​ចេញ​ឬអត់? តើរយះពេលប៉ុន្មានឆ្នាំ​ ? អាប់ហ្គានីស្ថានមិនទាន់ចេញនៅ​ឡើយទេ​។ នៅអ៊ីរ៉ាក់ រក​ចេញ ប៉ុន្តែមិនទាន់ដកនៅឡើយទេ​។​
-មតិឯកឧត្តម ជា ច័ន្ទបរិបូរណ៍
ដូច្នេះយើងជាខ្មែរ​ដែលរស់រានមានជីវិតដោយសារថ្ងៃ៧មករា​ យើងនឹងដឹងគុណអស់មួយជីវិត​ មិនថាជំនាន់យើងទេ កូនយើង​ ចៅយើង​ ចៅទួតយើង​ ចៅលាយើង ក៏ត្រូវដឹងគុណថ្ងៃ៧មករា​។ ចំពោះ​លោក សម រង្ស៊ីដែលចាត់ទុកថា យើងទាំងអស់គ្នា​ជាអ្នកក្បត់ជាតិ​​​​​បែបនេះ ប្រហែលជាលោក​គ្មានអ្នក​គាំទ្រ​តទៅទៀត​ទេ​ សូម្បីតែសមាជិករបស់លោក​​ក៏សុទ្ធតែរស់ពីថ្ងៃ៧មករាដែរ​ អញ្ចឹង​ជីវិត​នយោបាយ​របស់​លោក​ត្រូវបញ្ចប់ហើយ​ ដោយសារការយកមនោគមវិជ្ជារបស់ ប៉ុល ពត មកអនុវត្ត​​។​
-មតិលោកបណ្ឌិតឈឹម ផលវរុណ
ចំណុចនេះ ជាចុងក្រោយខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋ​​ នៅពេលដែលយើងយល់ហើយ គឺ​យើង​ងាយ​​នឹង​វាយសំពង​នយោបាយទុច្ចរិតរបស់អស់លោកប្រឆាំងណាស់​។ យើងអាចពិចារណាមើលថា ៧មករា មានគោលដៅ​ និងខ្លឹមសារស្នូលគឺការរស់រានមានជីវិត​។ ២៣តុលា គឺជាការបង្រួបបង្រួមជាតិ​ដែល​បែកបាក់​ដោយសារ​រឿង​មនោគមវិជ្ជាខុសៗគ្នា​ ប៉ុន្តែឱកាស​ដែលយើង​អាច​បង្រួបបង្រួម​គ្នា​ក៏​ដោយសារ​​តែយើងផ្តើមចេញពីចំណុចមានជីវិតដែរ​គឺថ្ងៃ៧មករា។​ អស់លោកមិនអាច​ទៅ​ធ្វើ​នយោបាយ​បាន ដោយការដែលគ្មានការរស់រានមានជីវិតនោះទេ​។ អញ្ចឹង​៧មករា គឺជាបរិបទនៃការរស់រានមានជីវិត​ ទើប​អាចផ្តល់ឲ្យ​យើង​មានការអភិវឌ្ឍ និងជជែកគ្នាអំពីការផ្សះផ្សារបង្រួបបង្រួម​ជាតិ រហូតដល់ អ៊ុនតាក់​មក​ចូលរួម​​គឺគ្រាន់​តែឈានបានមួយជំហ៊ាន​ទេ​ ប៉ុន្តែមិនទាន់ទទួលបានសន្តិភាពទេ​។ ទើប​តែ​មក​ដល់ចុង​ឆ្នាំ១៩៩៨ ​បានយើង​ទទួលបាននូវសន្តិភាពពិតប្រាកដ​​ និងជា​ឱកាស​ទូលំទូលាយ​ដែលយើង​អាចធ្វើ​ដំណើរ​បានទូទាំងប្រទេស មិនថាយប់ថាថ្ងៃ​ ហើយឥឡូវនេះ​ យើងអាច​ធ្វើដំណើរ​២៤ម៉ោង​ជុំវិញ​ផ្ទៃ​ប្រទេស​ និងអាចបង្រួមពេលវេលាឲ្យខ្លី តាមរយះការអភិវឌ្ឍ​នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ទៀត​។ ទាំងនេះ​គឺសុទ្ធ​តែជា​ការ​កើត​ចេញ​ពី​ការ​រស់រាន​មាន​ជីវិត​ ទើប​យើងមានកម្លាំង​ ដើម្បីធ្វើការអភិវឌ្ឍ​។​ បើសិន​ជា​អស់​លោក​ប្រឆាំង នៅតែវង្វេង​បែបនេះ អ្នកដែលច្រឡំ​បោះឆ្នោតឲ្យអ្នកទាំងអស់នោះ​​ គួរតែពិចារណាឡើងវិញ​ នៅពេលដែលមេបក្សរបស់ខ្លួន​កំពុងតែមាក់ងាយជីវិត​របស់ខ្លួនដែលកំពុងតែកាន់សន្លឹកឆ្នោត​ទៅបោះឆ្នោត​បែបនេះ​។​ ដូច្នេះ​សូម​ប្រជា​ពលរដ្ឋគួរ​ពិចារណាឡើងវិញ ចំពោះ​មេបក្សនយោបាយដែលកំពុង​វង្វេង​នៅក្នុង​ព្រៃ​ប្រជាធិបតេយ្យ​ ហើយ​​មាក់ងាយជីវិតរបស់យើងទាំង​អស់គ្នា​​ជាម្ចាស់ឆ្នោត​ គឺអ្នកទាំង​អស់​នោះ​គ្មាន​គុណ​តម្លៃអ្វី​សម្រាប់​​ការកសាង​ប្រទេសរបស់យើងទេ​៕​

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​ 

របាយ​ការណ៍​​កត​សំគាល់ ពីស្ថាន​ភាព​ឧស្សាហកម្ម វាយ​នភ័ណ្ឌ កាត់ដេរ​សំលៀល​បំពាក់​ និង​ស្បែក​ជើង​នៅ​កម្ពុជា ឆ្នាំ២០១១