Wednesday, January 25, 2012

សម្តេច​​​តេ​ជោ​​​ផ្តល់​​អនុសាសន៍​​​សំខាន់ៗ​​សម្រាប់​​​ឯក​​អគ្គ​រាជ​​ទូត​​ និង​​អគ្គ​កុងស៊ុល​​កម្ពុជា​

ឯកឧត្តម​ កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​​ពិធី​សំណេះសំណាល​​ជាមួយ មន្ត្រី​ការ​ទូត​របស់​កម្ពុជា​ប្រចាំ​នៅ​បណ្តា​ប្រទេស​ជា​មិត្ត​នា​ព្រឹក​​​ថ្ងៃទី ២៤ ខែ​មករា ឆ្នាំ ២០១២​ ​នៅ​ទីស្តីការក្រសួង​ការ​បរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​​ចំណុច​ចំនួន ២ ទាក់​ទង​នឹង​ការងារ​នយោបាយ និង ការងារ​សេដ្ឋកិច្ច​ សម្រាប់​ឯកអគ្គរាជទូត និង អគ្គ​កុង​​ស៊ុ​ល​កម្ពុជា​យក​ទៅ​អនុវត្ត​។​
ចំពោះ​កិច្ចការ​នយោបាយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០១២ គឺ​កម្ពុជា​ដើរ​តួនាទី​​​សម្របសម្រួល មិន​មែន​ដើរ​តួនាទី​កាន់ជើង​ម្ខាង ប្រឆាំង​ដៃគូ​ភាគី​ម្ខាង​ទៀត​ទេ។ សម្តេច​តេជោ​លើក​ឧទាហរណ៍​ថា ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា ដើរ​តួនាទី​សំខាន់​ជា​អ្នក​សម្រប​សម្រួល ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ហា​ដោះស្រាយ​ដោយ​សន្តិវិធី។
ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ដោយយោង​តាម​​នយោបាយ​កម្ពុជា គឺ​បើក​ទីផ្សារ​ចំហ​ទៅ​ពិភព​ខាងក្រៅ​នោះ​សម្តេចតេជោ​នាយ​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​អគ្គរាជទូត និង អគ្គ​កុង​​ស៊ុ​ល​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ធ្វើ​យ៉ាងណា ទី១ រក្សា​ទី​ផ្សារ​ដែល​មាន​ស្រាប់ ដូចជា​នៅ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ដែល​កម្ពុជា​នាំ​ចេញ​ផលិតផល​ទំនិញ​ប្រមាណ​ជាង ៨៥%។​ ទី២ ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មីៗ​​បន្ថែម​​ទៀត ជាពិសេស​ទីផ្សារ​នៅ​តំបន់​អាស៊ាន ទីផ្សារ នៅ​តំបន់​អាស៊ី​ខាងកើត និង ម​ជ្ឈឹ​ម​បូព៌ា ដែល​កម្ពុ​ជា​មាន​គម្រោង​នាំ​អង្ករ​ទៅកាន់​ទីនោះ។ ទី៣ អគ្គ​រាជទូត និង អគ្គ​កុង​ស៊ុ​លកម្ពុជា​​ត្រូវ​ធ្វើ​យ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​បាន​ច្រើន ជាពិសេស​ការ​លំហូរ ទុន​វិនិយោគ​ឲ្យ​បាន​ច្រើន​ចូល​មក​កាន់​កម្ពុជា ក៏ដូចជា វិស័យ​ទេសចរណ៍​ផង​ដែរ។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​​ឲ្យ​មន្ត្រី​ការ​ទូត​កម្ពុជា​ទាំងអស់​ធ្វើការ​សិក្សា​អំពី​ទីផ្សារ​ប្រទេស ដែល​ខ្លួន​កំពុង​បំពេញបេសកកម្ម​ការទូត​នោះ ថា​តើ​ទីផ្សារ​នោះ​គេ​ត្រូវការ​ផលិតផល​អ្វីខ្លះ ហើយ​ត្រូវ​រាយការណ៍​តាមរយៈ​ក្រសួងការបរទេស ដើម្បី​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​ផលិត​ឲ្យ​ស៊ីសង្វាក់​ទៅនឹង​តម្រូវ ការ​ទីផ្សារ​នៃ​បណ្តា​ប្រទេស​ទាំង​នោះ។
សម្រាប់​ការងារសំខាន់ៗរបស់​កម្ពុជា​នៅ ក្នុង​ឆ្នាំ ២០១២ ពិសេស​គឺ​ការធ្វើជា​ប្រធាន​អាស៊ាន ព្រឹ​ត្ត​ឯកឧត្តម​ កុយ គួ​ង បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍បញ្ជាក់​ថា ​ឆ្នាំ ២០១២​នេះ​មានការ​បោះឆ្នោត​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ​​ ដូច្នេះ​យើង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​ទទួលបាន​ការគាំទ្រ​ឲ្យ​បាន​ច្រើន​ព្រោះ​យើង មានការ​គាំទ្រ​ពី​ប្រទេស​ជាង ១០០​ ហើយ​ ដើម្បី​យើង​អាច​ឈាន​​​ទៅរក​ការធ្វើជា​សមាជិក​មិន​អចិន្ត្រៃយ៍ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការសហប្រជាជាតិ ។ សម្តេច​តេជោ​ បាន​ឲ្យ​ដឹង​ថា ​តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់ អង្គការ​ពិភពលោក​នេះ​​ពី​ឆ្នាំ ១៩៥៥ មក កម្ពុជា​​មិនដែល​បាន​ចូលកាន់​តំណែង​ណាមួយ​របស់ ស្ថាប័ន​នេះ​ទេ ដូច្នេះ​វា​ជា​កិត្តិយស​បើ​កម្ពុជា​អាច ទទួល​បាន​សម្លេងគាំទ្រ​ច្រើន​រហូតដល់​បាន​តំណែង នោះ​គឺជា​ការប្រសើរ។ សម្តេច​តេ​ជោ​​បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី ១ ដែល​កម្ពុជា​ដាក់​បេក្ខភាព ដែល​យើង​សង្ឃឹមថា នឹង​បាន​សម្លេង​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​សមាជិក​នោះ។ សម្តេចអគ្គមហា​សេនា​បតីតេជោ​ ហ៊ុន សែន មាន​ប្រសា​សន៍​ថា កម្ពុ​ជាមាន​គោលបំណង​សំខាន់​​ក្នុង​ការចូល​ជា​សមាជិក​របស់​អង្គការ​នេះ​គឺ​ដើម្បី​ចែករំលែក​បទ ពិសោធន៍​កន្លងមក តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម​ដោយ​សន្តិវិធី និង មានការ​បង្រួប​បង្រួម​ជាតិ​យ៉ាងពិត​ប្រាកដ។ យើង​ក៏​នឹង​ចែករំលែក​បទពិសោធន៍​ទាំងនេះ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​​ជម្លោះ ហើយ​បទពិសោធន៍​មួយទៀត​គឺ​ការគ្រប់គ្រង​ការ អភិវឌ្ឍ​ប្រទេស ក្រោយពី​សម័យ​សង្គ្រាម។
ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​វិញ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា យើង​ព្យាយាម ដោះស្រាយ​តាមផ្លូវ​ច្បាប់ ផ្លូវ​ការទូត និង ផ្លូវ​នយោបាយ ព្រោះថា ផ្លូវច្បាប់​យើង​រង់ចាំតែ​ការបកស្រាយ សាលក្រម​តុលាការ​យុត្តិធម៌ ឆ្នាំ ១៩៦២  ហើយ​កម្ពុជា​នឹង​ខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​អនុវត្ត​នូវ​សាល ដីកា​ថ្ងៃទី​១៨ ខែកក្កដា​កន្លងមក​ ដែល​តម្រូវ​ឲ្យ​មាន​ការដក​កងទ័ព​ចេញពី​តំបន់ ដែល​មិន​ឲ្យ​មាន​កងទ័ព​ជា​បណ្តោះ​អាសន្ន។​ កម្ពុជា​បានកំណត់​ពេល​យ៉ាងយូរ ថ្ងៃទី ៨ ខែមីនា​ឆ្នាំ ២០១២ ខាងមុខនេះ យើង​នឹង​បញ្ជូន របាយការណ៍​ឆ្លើយតប​ទៅនឹង​ទឡ្ហីករណ៍​របស់​ថៃ ដែល​បញ្ជូន​ទៅកាន់​តុលាការ​យុត្ត​ធម៌​អន្តរជាតិ​កាល ពីថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១១ កន្លងមក។
ចំពោះ​ការ​ដោះស្រាយ​ផ្នែក​នយោបាយសម្តេច​តេជោ បាន​ឲ្យ​ដឹង​ថា ​កម្ពុ​ជាមាន​យន្តការ​ជាច្រើន​ជាមួយ​ថៃ​ដូចជា គណៈកម្មាធិការ​ព្រំដែន​តំ​បន់ គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង គណៈកម្មាធិការ​វាស់វែង​ព្រំដែន​គោក ដូច្នេះ​កម្ពុជា​បន្ត​ដោះ​ស្រាយ​តាម​យន្តការ​ទាំងនេះ​នៅក្រៅ​តំបន់​ប្រាសាទព្រះវិហារ​សិន ព្រោះ​តំបន់​នេះ​យើង​ទុក​ឲ្យ​តុលាការ ICJ ជា​អ្នក​បកស្រាយ។ ជាមួយនេះ​កិច្ច​ការដែល​កម្ពុជា​ចាត់ទុកជា​អាទិភាព​ផងដែរ​នោះ គឺ​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​តំបន់ និង ពិភពលោក ដើម្បី​ទប់ស្កាត់​អំពី​សកម្មភាព​ទាំងនេះ។
សម្តេច​តេ​ជោ​ក៏បាន​លើកឡើងផង​ដែរ​ អំពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​​ត្រូវ​ធ្វើយ៉ាងណាធានា​​ឲ្យ​មាន​ស្ថិរ ភាព​នយោបាយ​បានល្អ និង ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​ប្រឹងប្រែង​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​តិច ៦%​ឡើង ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន​ជាង ១%ក្នុង​មួយឆ្នាំ និង ធ្វើយ៉ាងណា​បង្កើន GDP ឲ្យ​កើន​ឡើង​យ៉ាងតិច ១០០០ ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រជាជន​ម្នា​ក់នៅ​ឆ្នាំ ២០១៣ ខាង​មុខ​នេះ។ សម្តេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​ក្រសួងការបរទេស​ធ្វើការ​ពិនិត្យ​លទ្ធភាព ដែល​កម្ពុជា​អាច​ចូល​ជាស​មា ជិ​ករ​បស់​អង្គការ​អន្តរជាតិផ្សេងៗទៀត ដែល​កម្ពុជា​អាច​ចូល​ជា​សមាជិក​ប​បន្ថែម ដែល​យល់ថា​មាន ប្រយោជន៍​របស់​កម្ពុជា​នោះ។
សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០១២ ​ឯកឧត្តម ហោ ណាំហុង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​បាន​រៀប​ចំ​ការ​ជួប​ប្រជុំ​ជា​មួយ​បណ្តា​ឯកអគ្គរាជ​ទូត​ និង​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​បណ្តា​ប្រទេស​ជា​មិត្ត​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​គោល​ជំហរ​អន្តរជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​  ឯកឧត្តម ហោ ណាំហុង ​​មានប្រសាសន៍ថា នៅ​ឆ្នាំ ២០១២ នយោបាយ​ការ​បរទេស​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រឈម​នឹង​ការងារសំខាន់ៗចំនួន ៣ ដែល​ក្នុងនោះ​ទីមួយ គឺ​ការ​បកស្រាយ​​សាល​ក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទៅលើ​សាលក្រម​ឆ្នាំ ១៩៦២ ទាក់ទង​ទៅនឹង​ប្រាសាទ​ព្រះវិហារ និង តំបន់​ជុំវិញ​ប្រាសាទ។ទី​ពីរ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែល​ត្រូវ​បោះឆ្នោត​នៅ​អង្គការ​សហ​ប្រជា​ជាតិ សម្រាប់​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប សម្រាប់​អាណត្តិ  ២០១៣-២០១៤ និង​ទី​បី​ឆ្នាំ ២០១២ នេះ ក៏​ជា​ឆ្នាំ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ដូច្នេះ​កម្ពុជា​ត្រូវធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ទទួលបាន​ជោគជ័យ ។​

បទវិចារណកថា ៖ លោក កឹម សុខា​​​​​ បើក​យុទ្ធនាការ​វាយ​ប្រហារ​លើ​គណបក្ស​រាជានិយម​ពីរ


គណបក្សរាជានិយមពីរ គឺគណបក្សហ្វ៊ុនស៊ីនប៉ិច និង​គណបក្សនរោត្តមរណឬទ្ធិ ត្រូវបានទទួលរង​នូវការរិះ​គន់​ និងវាយប្រហារ​យ៉ាងខ្លាំង​ពី​សំណាក់​មេដឹកនាំគណបក្សសិទិ្ធមនុស្សរបស់​លោក កឹម សុខា ដោយ​គេបានបន្ទាបបន្ថោកថា គណបក្សទាំងពីរនេះ គឺជាគណបក្សខ្សោយ និងមិ​ន​មែនជាដៃគូរប្រកួត​ប្រជែង​ ដ៏មានប្រៀបក្នុងការបោះឆ្នោតនៅពេលខាងមុខនោះទេ ។
លោក កឹម សុខា ថ្លែងអះអាងដូចនេះ នៅទី​ស្នាក់ការកណ្តាល​របស់គណបក្ស​សិទ្ធិមនុស្ស​នៅភ្នំពេញ​ជាមួយនឹង​ ការទស្សន៍ទាយ​ទុកជា​មុនថា លោក អាចដឹងអំពីលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០១៣ គឺ​គណបក្ស​ទាំងពីរនោះ​ប្រហែល​ជាពុំទទួល​បាន១អាសនៈ​ទៀត​ផង។
          នេះជាការចាប់ផ្តើមបើកយុទ្ធនាការវាយប្រហារដោយឈលើហេតុផលបន្តិចបន្តួច ដើម្បីធ្វើការវាយ​សន្ធាប់ទៅលើ​គណបក្សរាជា​និយម​ ទាំងពីរដែលកំពុងតែថមថយឥទ្ធិពល ហើយក៏ត្រូវបានគេមើល​ឃើញ​ផងដែរថា លោក កឹម សុខា បាន និងកំពុងប្រើល្បិចបំបែក​ដើម្បីឆក់​យក​កម្លាំង​ក្នុងការពង្រឹង​គណបក្ស​ របស់ខ្លួន ស្របពេលដែលនរោត្តមរណឬទ្ធិ និងគណបក្សហ្វ៊ុនស៊ីនប៉ិច ហាក់ដូចជា​ពុំឃើញ​មាន​សកម្មភាព​ឃោសនាលេចធ្លោរ និងអាចទាក់ទាញប្រជាពលរដ្ឋបាន។
 ម្យ៉ាងវិញទៀតលោក កឹម សុខា ក៏បានសម្លឹងឃើញមើលផងដែរ​អំពីជោគជ័យចំពោះ​មុខ​នៅ​ពេល​ដែលគណបក្សសម រង្ស៊ី កំពុងបែក​បាក់​ផ្ទៃក្នុង​ដ៏ធ្ងន់ធ្ងរ ដែលអាចជាឱកាសមួយសំរាប់លោក កឹម សុខា តម្លើងតម្លៃខ្លួនឯង ជាបក្ស​ប្រឆាំងនាំមុខ​ដើម្បីប្រកួត​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ។
          បើទោះជាស្ថានការណ៍នយោបាយតម្រូវឲ្យលោក កឹម សុខា មានឱកាសបែបនោះក្តី ក៏ប៉ុន្តែមិន​ប្រាកដថា គណបក្សសិទ្ធិមនុស្ស នឹងអាចបំបែកសម្លេងពីបក្សសម រង្ស៊ី ឬក៏ពីគណបក្សរាជានិយមទាំងពីរ​នោះបានដែរ ដោយហេតុថា «ស្ថិតក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះលោក កឹម សុខា ត្រូវ​បាន​ទទួលរងនូវការ​វាយ​បំបាក់ប្រ​​ជា​​​ប្រិយភាព តាមរយៈលេចឮនូវព័តមានអំពីការមានប្រពន្ធចុងច្រើន ការ​សន្យា​ខ្យល់ ការ​បដិសេធមិនទទួលស្គាល់តម្លៃនៃសន្តិភាពក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងការភូត​កុហក់បោកប្រាស់​ជាច្រើនទៀត ដែលជាសញ្ញាឃើញច្បាស់អំពីភាពបរាជ័យនៅពេលខាងមុខ»។
          ទាំងអស់នេះ គឺជានយោបាយរបស់បក្សប្រឆាំង​​ដែលគ្រាន់តែនាំគ្នាបន្លឺសម្លេង​រិះគន់វាយប្រហារ ​លាប​ពណ៌ និងបំបែក​បំបាក់ទៅ​លើ​គណបក្សដ៏ទៃ ដែលមិនដឹងថាខ្លួនឯងជាបក្សដែលអន់ ហើយក៏មិន​បាន​ចូល​រួម​ចំ​ណែកណាមួយ ក្នុង​ការកសាងភាពកក់ក្តៅ ក៏ដូច​ជាការ​អភិវឌ្ឍន៍ជូនជាតិមាតុភូមិ និងផ្តល់ទំនុក​ចិត្ត​សម្រាប់​ប្រជា​ពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ គេបានមើលឃើញដោយផ្ទាល់ភ្នែកថា មានតែ​គណ​បក្ស​ប្រជាជនកម្ពុជាតែ​ប៉ុណ្ណោះ ដែលបានជួយដោះស្រាយបញ្ហាផ្ទាល់​ជូនប្រជាពលរដ្ឋ ឆ្លើយបត​តាមតម្រូវការ​ជាក់​ស្តែងបន្ទាប់​ពីបាន​ឈ្នះ​ឆ្នោតពីមួយអាណត្តិ​ ទៅមួយអាណត្តិ ហើយក៏ជាគណ​បក្សដែលស្ថិតនៅក្នុង​ដួងចិត្ត​របស់ពលរដ្ឋកម្ពុជាជារៀងរហូត។
ដូច្នេះនយោបាយវាយប្រហាររបស់លោកកឹម សុខា ទៅលើគណបក្សរាជានិយមទាំងពីរ និង​កល​ល្បិច​​ដណ្តើមសម្លេងពីគណបក្សសម រង្ស៊ី គឺជាលទ្ធផលរំ​ពឹងទុក ​គណបក្សសិទិ្ធមនុស្សអាចនឹងត្រូវ​បានគណបក្ស​ទាំងបីដែលរងគ្រោះនោះ នឹងខឹងសម្បា ​ឬអាចចាប់​ផ្តើម​ធ្វើជា​សត្រូវ​ហែកហួរគ្នា ចាប់ពីពេលនេះតទៅ ។
បើពិតជាឈានដល់ការឈ្លោះប្រកែកគ្នាមែន ​ពេល​នោះ​ហើយដែលគណបក្ស​ប្រឆាំងទាំង​អស់​នោះ​មានពេល​វេលា​គ្រប់​គ្រាន់​ ដើម្បី​តវ៉ា​យក​ខុសត្រូវ ឈ្នះចាញ់ តែរៀងៗខ្លួន ហើយនិង​បាត់បង់​ឱកាស​ទាំងស្រុង​ក្នុង​ការបង្រួបបង្រួមជាតិ ក៏ដូចជាឆ្លើយ​តបតាម​សំណូម​ពរ​របស់ប្រជាពលរដ្ឋ។
          យើងខ្ញុំដែលជាអ្នកនិពន្ធនៅរង់ចាំតាមដាន និងអង្កេត​មើលសកម្មភាពទាំងឡាយនៅ​ពីក្រោយទង្វើ​ដុត​បញ្ឆេះកំហឹង​ដែលផ្តើម​ឡើង ​ដោយ​លោក កឹម សុខា តើវានឹង​ទទួលលទ្ធផលបែប​ណា? «​អ្នកសាបព្រួស​ខ្យល់​ប្រាកដជាទទួលបានមកវិញនូវព្យុះសង្ឃរា វាជា​ទណ្ឌកម្ម​ដែល​ត្រូវ​ទទួល នេះជាក្រិតក្រមនៃច្បាប់ធម្មជាតិ ដែលពួកគេមិនអាចគេចផុតពីបណ្តា​​សារនោះឡើយ» ហើយជ័យជំនះនឹងត្រូវ​បាន​ធ្លាក់​មកលើកណ្តាប់ដៃ​របស់​គណបក្សដែលបាន​កសាង​ សន្តិភាព និងការអភិវឌ្ឍន៍ជាក់ស្តែងបានជាប្រយោជន៍​សម្រាប់ប្រជា​ពលរដ្ឋ៕
ដោយៈរួម ជាតិ