Monday, January 30, 2012

ការ​​ប្រកួត​​គម្រោង​​អាជីវកម្ម​​ខ្នាត​​តូច​ និង​​មធ្យម​​ថា្នក់​​ជាតិ​​ឆ្នាំ ២០១១ បាន​បញ្ចប់​


សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​​ដែល​មាន​ឯកឧត្តម​ សុខ ពុទ្ធិវុធ ជា​សាកល​វិទ្យា​ធិការ និង​អង្គការ​មូលនិធិ​គាំទ្រ​ការ​អប់​រំ​អន្តរជាតិ​កម្ពុជា​ (CIESF) មាន​លោក​សាស្រ្តា​ចារ្យ​ ហ៊ីឌឺអូ អូឃូបុ (Hideo Okhubo) ជា​ប្រធាន​បាន​ប្រារព្ធ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ និង​ប្រគល់​រង្វាន់​ចំពោះ​​ “ការ​ប្រកួត​គម្រោង​អាជីវកម្ម​ខ្នាត​និង​មធ្យម​ថា្នក់​ជាតិ​ឆ្នាំ ២០១១” នៅ​ថ្ងៃ​សៅរ៍​ទី ២៨ ខែ​មករា ឆ្នាំ ២០១២ នៅ​វេលា​ម៉ោង១៨:00-២០:00 នៅ​សណ្ឋាគារភ្នំពេញ​​ក្រោម​អធិបតី​ភាព​ឯកឧត្តម​ ពេជ្រ សោភ័ណ​ រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ឯកឧត្តមបណ្ឌិត សុខ អាន ​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​។​
នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​(UP) និង​មូលនិធិ​គាំទ្រ​ការ​អប់​រំ​អន្តរជាតិ​កម្ពុជា(CIESF) ​ បាន​សហការ​រៀប​ចំ​ការ​ប្រកួត​នេះ​ ដោយ​មាន​ការ​សហការ​​ពី​សាកល​វិទ្យាល័យ​ WASEDA នៃ​ប្រទេស​​ជប៉ុន​ផង​ដែរ​។​ និស្សិត​ទាំង​អស់​ដែល​កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នៅ​ទូទាំង​​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ ​ ចំនួន​ ៦៥ ក្រុម ដែល​មាន​សមាជិក​ ៣ នាក់​​ ក្នុង​មួយ​ក្រុម​បាន​ផ្ញើ​គម្រោង​អាជីវកម្ម​សង្ខេប​ ដែល​ប្រភេទ​អាជីវកម្ម​នោះអាច​ជា​អាជីវកម្ម​ដើម្បី​ផល​ចំណេញ​ ឬ​អាជីវកម្ម​ដើម្បី​សង្គម​ មក​ចូលរួម​ប្រកួត​ប្រជែង​។​​
ការ​ប្រកួត​គម្រោង​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ថ្នាក់​ជាតិ​ឆ្នាំ ២០១១ បាន​ចាប់​ផ្តើម​នៅ​ខែ​កក្កដា ឆ្នាំ ២០១១។ នៅ​ក្នុង​ចំណោម​និស្សិត​ ៦៥ ក្រុម​មក​ពី​សាកល​វិទ្យាល័យ​ និង​វិទ្យាស្ថាន​នានា​ចំនួន​ ១៥ គឺ​មាន​១០ ក្រុម​ដែល​មាន​គម្រោង​អាជីវកម្ម​ល្អ​ជាង​គេ​ត្រូវ​បាន​គណៈកម្មការ​មេ​ប្រយោគអន្តរជាតិ​ជ្រើស​រើស​ នៅ​​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ ឆ្នាំ ២០១១ និង​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្នែក​រៀប​ចំ​ផែន​ការអាជីវកម្ម​ និង​ការ​គ្រប់​គ្រង​សហ​គ្រាសរហូត​ដល់​​​ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ ២០១២ ពិធី​ប្រកួត​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​ប្រារព្ធ​ឡើង​។
ឯកឧត្តម​ ពេជ្រ សោភ័ណ​ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ឯកឧត្តមបណ្ឌិត សុខ អាន ​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តីបាន​មាន​ប្រសាសន៍​ចាត់​ទុក​ការ​រៀប​ចំ​ប្រកួត​ប្រជែង​ ការ​ប្រកួត​គម្រោង​អាជីវកម្ម​ខ្នាត​និង​មធ្យម​ថា្នក់​ជាតិ​ឆ្នាំ ២០១១ ដោយ​​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្តសហការ​ជា​មួយ​ មូលនិធិ​គាំទ្រ​ការ​អប់​រំ​អន្តរជាតិ​កម្ពុជា​ (CIESF) បាន​ជួយ​ផ្តល់​​ការ​អប់​រំ​ដ៏​មាន​សារៈសំខាន់​ ដល់​យុវជន​កម្ពុជា​នូវ​ការ​​គិត​គូ​​​អំពី​ការ​រក​កំរៃ​ ដែល​មិន​ត្រឹម​តែ​សម្រាប់​សហគ្រិន​អាជីវកម្ម​ ក៏​ប៉ុន្តែ​សម្រាប់​ភាព​​ជា​អ្នក​ដឹក​នាំ​​អាជីវកម្ម​​សង្គម​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផលិត​ និង​ផ្តល់​សេវា​។​ ឯកឧត្តម​ ពេជ្រ សោភ័ណ មាន​ប្រសាសន៍​ថា ខ្ញុំ​សប្បាយ​រីករាយ​ដោយ​បាន​ឃើញ​ថា ការ​ប្រកួត​ប្រជែង​គម្រោង​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ បាន​លើក​កម្ពស់​ទស្សនាទាន​ទាំង​ពីរ​ ហើយ​​មូលនិធិ​គាំទ្រ​ការ​អប់​រំ​អន្តរជាតិ​កម្ពុជា(CIESF) មក​ពី​ប្រទេស​ជប៉ុន​នឹង​ជួយ​យ៉ាង​សកម្ម​ ដើម្បី​សម្រប​សម្រួល​ដល់​ហិរញ្ញវត្ថុ​​ដល់​និស្សិត​ឆ្នើម​ ដែល​រៀន​ពី​ធុរៈកិច្ច​ នូវ​គំនិត​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​ ដើម្បី​ធ្វើ​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​។​ ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ចាត់​ទុក​វិស័យ​សហ​​គ្រាស​ខ្នាត​តូច​ និង​មធ្យម​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​កម្ពុជា​ទាំង​កា​រ​ជម្រុញ​កំណើន​សេដ្ឋ​ ក៏​ដូច​ជា​​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​។​ ឯកឧត្តម​ ពេជ្រ សោភ័ណ មាន​ប្រសាសន៍​ថា វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ទាំង​រដ្ឋ​ និង​វិស័យ​ឯក​ជន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​គំនិត​អំពី​សហគ្រិន​នៅ​ក្នុង​ចំណោម​យុវជន​ ដែល​បញ្ចប់​ការ​សិក្សា​ដើម្បី​អាច​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចូលរួ​ម​ដ៏សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​កម្ពុជា​តាម​រយៈ​បង្កើត​សហគ្រាស​ធន​តូច​ និង​មធ្យម​នៅ​គ្រប់​វិស័យ​ ជា​គន្លឹះ​នៃ​សេដ្ឋ​កិច្ច​។​
សូម​បញ្ជាក់​ថា ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​លើស​គេ​​ ៣ ក្រុម​ ក្នុង​នោះ​លេខ​១ បាន​ទៅ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ពុទ្ធិសាស្រ្ត​​ទទួល​បាន​រង្វាន់​ចំនួន​ ៣០០០ ដុល្លារ​។ ២០០០ ដុល្លារ​សម្រាប់​ជ័យ​លាភី​លេខ២បាន​ទៅ ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​មេគង្គកម្ពុជា​ ​ និង​១០០០ ដុល្លារ​សម្រាប់​ជ័យ​លាភី​លេខ​៣ បាន​ទៅ​ និស្សិត​មក​ពី​វិទ្យាស្ថាន​ភា​សា​បរទេស​(IFL) ព្រម​ទាំងការ​​​ឧបត្ថម្ភ​របស់មូលនិធិ​​​ CIESF ដើម្បី​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​។ ក្រុម​ដែល​បាន​ទទួល​ជ័យ​លាភី​លេខ១ និង​ជ័យ​លាភី​លេខ​២ មាន​សិទ្ធិ​ចូលរួម​ការ​ប្រកួត​ថ្នាក់​តំបន់​ ដែល​មាន​ឈ្មោះ​ថា McKinsey Mekong Business Plan Challenge ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ចុង​ខែ​មីនា ឆ្នាំ ២០១២។