Tuesday, February 7, 2012

បទ​សម្ភាសន៍​រវាង លោក​បណ្ឌិត ឈឹម ផលវរុណ ជាមួយលោកជុំ កុសល ស្តីពី​លទ្ធផល​នៃការ​បោះ​ឆ្នោតព្រឹទ្ធសភា​ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២​


  ថ្ងៃទី0៣ ខែកុម្ភៈ ឆ្នាំ២០១២

លោកជុំ កុសល
សំណួរ៖ ការបោះឆ្នោតព្រឹទ្ធសភា បានបញ្ចប់ទៅប៉ុន្មានថ្ងៃហើយ បើតាមការគ្រោងទុក​របស់ គណៈកម្មាធិការជាតិ​ បើសិនជាគ្មានពាក្យបណ្តឹង​គឺនឹងត្រូវប្រកាស​ជាផ្លូវការ​នៅថ្ងៃ​ស្អែក​នេះ​ហើយ​​ ប៉ុន្តែបើសិនជាមានពាក្យបណ្តឹងគឺអាចលើកទៅខែមីនា​។ ជាលទ្ធផលបណ្តោះ​អាសន្ន​គណ​បក្ស​​​ប្រជាជនកើនបានតែ១ អសនៈទេ​គឺ៤៦ ប៉ុន្តែសម្លេង​ដែល​កើន​បន្ថែមពី​លើអង្គ​បោះឆ្នោត​​ដែលមានស្រាប់​របស់គណបក្សប្រជាជនកើនឡើងទៅដល់៧៩៧ សម្លេង​។ ដោយឡែកគណបក្ស សម រង្ស៊ី លោកកំពុងតែប្រកាសថាជាជោគជ័យសម្បើម​ ដោយសារកើនអសនៈ៩អសនៈ​ ប៉ុន្តែគាត់ភ្លេចគិតអំពីការបាត់បង់​សម្លេងនៅក្នុងអង្គបោះឆ្នោត​របស់ខ្លួនដល់ទៅ១៧៧​សម្លេង​។ ជាទស្សនៈរបស់ខ្ញុំ ខ្ញុំមើលឃើញដោយមិនគិតអំពីចំនួនអសនៈថា​ ការបោះឆ្នោតអសកលនេះ តួលេខនៃអង្គបោះឆ្នោតរបស់គណបក្សនីមួយៗគឺមាននៅក្នុងដៃ​គណបក្សរួចទៅហើយ​ អញ្ចឹង​គណបក្ស សម រង្ស៊ីកើនប៉ុណ្ណឹង​​មិនទាន់គ្រប់់​ទេ គឺត្រូវគិតទៅដល់ការបាត់បង់សម្លេង​របស់ខ្លួន​ នេះជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំទេ។​ ជុំវិញបរិបទនេះ តើលោកបណ្ឌិត​យល់ឃើញយ៉ាងម៉េចដែរ​?​
          លោក បណ្ឌិត ឈឹម ផលវរុណ
        ចម្លើយ៖ ប្រធានបទនេះសំខាន់ ហើយបងប្អូនប្រជាពលរដ្ឋត្រូវយល់ថា​ការបោះឆ្នោតព្រឹទ្ធសភា វាមានចរឹតលក្ខណៈខុសពីការបោះឆ្នោត​រដ្ឋសភា ហើយខុសពីចរឹតលក្ខណៈ​នៃ​ការបោះឆ្នោត​​ឃុំ-សង្កាត់​។ លក្ខណៈពិសេសរបស់ការបោះឆ្នោតព្រឹទ្ធសភា​ គឺបង្ហាញអំពីទំនាក់ទំនង​ សិទ្ធិ និងកាតព្វកិច្ចរវាង​សមាជិកគណបក្សនីមួយៗ​ គឺរវាង​ថ្នាក់ដឹកនាំគណបក្សថ្នាក់ជាតិ និង​អ្នក​នយោ​បាយ​​គណបក្សនៅថ្នាក់មូលដ្ឋាន​ ថាតើ​ទំនាក់ទំនងនេះមានភាពរលូនជាមួយគ្នា​ប៉ុណ្ណា​​?​​ ដោយ​​សារការបោះឆ្នោតព្រឺទ្ធសភា​ គឺជាការបោះឆ្នោតអសកល ហើយអ្នកដែលមានសិទ្ធិបោះឆ្នោត​ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រ​ ដែលហៅថាអង្គបោះឆ្នោត​។​ ជាគោលការណ៍​អន្កដែលមានតួនាទីនៅក្នុងបក្សរបស់ខ្លួន​ បានន័យថា​ជាសមាជិកផង ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​​ផង​ ជាសមាជិកគណបក្សផង គឺមានផ្សារភ្ជាប់​តួនាទីនយោបាយ​នៅក្នុងបក្ស​រវាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន​ហើយ​។ អញ្ចឹងយើងអាចពិនិត្យមើលថាតើ​ លទ្ធផលនៃការបោះឆ្នោត​ព្រឹទ្ធសភានេះ វាឆ្លុះ​បញ្ចាំងផ្ទៃក្នុងបក្ស​នីមួយៗកម្រិតណាទៅតាមសម្លេងឆ្នោត​ គឺមិនមែនទៅតាមចំនួនអសនៈនោះទេ​។
          រឿងគណបក្ស សម រង្ស៊ីកើន៩អសនៈនេះ​ បើសិនជាមិនបោះឆ្នោតថ្ងៃ២៩ ខែមករា​ ឆ្នាំ២០១២​ កន្លងទៅនេះក្តី គឺ​​បោះឆ្នោតនៅឆ្នាំ២០០៧​ ក្រោយពីយើងបោះឆ្នោតឃុំសង្កាត់​ហើយ​ក្តី​ ក៏គណបក្ស សម រង្ស៊ី បាន១១ កៅអីដូចតែគ្នាហ្នឹង​ គឺបោះឆ្នោតតែ១ថ្ងៃ ឬ១ខែក្រោយពីការបោះឆ្នោត​​ឃុំសង្កាត់​ ឆ្នាំ២០០៧ ក៏បាន១១​ ឬក៏រហូត​ដល់៥ឆ្នាំ​មកបោះឆ្នោត​ព្រឹទ្ធសភា​​ថ្ងៃ២៩ មករា​ កន្លង​ទៅនេះ​ក៏នៅតែបាន១១ដដែលហ្នឹង​ គឺវាកើត​ចេញ​ពីអង្គបោះឆ្នោត​ដែល​មានស្រាប់​យូរមក​ហើយ​។​ ដូច្នេះគឺគ្មានអ្វី​ដែលហៅ​ថាជោគជ័យ​នោះទេ បើជោគជ័យ គឺ​ជោគជ័យ​​ការបោះឆ្នោត​កាល​ពី​​ឆ្នាំ២០០៧​នោះទេ​​​​ គឺចំនួនអសនៈឃុំសង្កាត់​របស់គណបក្ស សម រង្ស៊ីកើន ពីព្រោះអង្គបោះឆ្នោតវាឆ្លុះបញ្ចាំងទៅនឹង​លទ្ធផលនៃការបោះឆ្នោត​កាលពីឆ្នាំ២០០៧ សុទ្ធសាធ​។ បើគិតពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១២​ រយះពេល៥ឆ្នាំមកហើយនោះក្រោយពីការបោះឆ្នោតឃុំសង្កាត់​ សួរថា​តើ​គណបក្ស សម រង្ស៊ី​ អាចរក្សាចំនួនអង្គបោះឆ្នោត​ គឺសម្លេងគាំទ្រគណបក្ស​ខ្លួននៅដដែល ឬបាត់បង់​?​ គឺត្រូវពិចារណាទៅលើរឿងហ្នឹងទេ​។ បើការបោះឆ្នោតសកល ឬការបោះឆ្នោតសភា​ ឬការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​ នោះទើបគេពិនិត្យទំនាក់ទំនង​រវាងប្រជាពលរដ្ឋ​ទូទៅ និងគណបក្សនយោបាយ​។ ដល់ការបោះឆ្នោតអសកល គឺគេពិនិត្យទៅលើសម្លេង​អង្គបោះឆ្នោត​នៃ​គណបក្ស​ខ្លួន​​​ គឺតែប៉ុណ្ណឹងទេ​។ ឥឡូវយើងគិតមើល​ ចំនួននៃអង្គបោះឆ្នោត​កាលពីឆ្នាំ២០០៧​ ចំនួនជាងពីរពាន់នៃអង្គបោះឆ្នោត​នៃគណបក្ស សម រង្ស៊ី ប្រាកដជាអត់បាត់ទេ​ ប្រាកដជាបោះឲ្យ​ទាំងអស់ បានន័យថាកើន​៩​កៅអីហើយ​ ចំនួនអង្គបោះឆ្នោតក៏អត់បាត់ដែរ​។ ប៉ុន្តែគ្រាន់តែរយះពេល៥ឆ្នាំ នយោបាយ​របស់​គណបក្ស សម រង្ស៊ី ថ្នាក់ជាតិ​ បានធ្វើឲ្យបាត់បង់សម្លេងគាំទ្រ​នៅថ្នាក់​មូលដ្ឋាន​អស់១៧៧​សម្លេង​ ​។ ក្នុងចំណោម១៧៧​សម្លេង នេះ បើពិនិត្យឲ្យមែនទែនទៅ​គឺមិនមែន​បាត់បង់តែ១៧៧​សម្លេងទេ​ គឺអាចបាត់ច្រើនជាងនេះ ប៉ុន្តែដោយសារ​ការបោះឆ្នោតនេះជាការបោះឆ្នោតសម្ងាត់ យើងមើលអត់ឃើញថា តើ​អ្នកដែលមិនបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី​ ដែលជា​អង្គបោះឆ្នោត​របស់ខ្លួន​មិន​បោះឆ្នោត​ឲ្យ​មានច្រើនជាងហ្នឹង ប៉ុន្តែ​ក៏អាចមានអង្គបោះឆ្នោតរបស់គណបក្ស នរោត្តមរណរិទ្ធ​ និង​អង្គ​បោះឆ្នោតរបស់គណបក្ស ហ្វ៊ុនស៊ីនប៉ិច​ ក៏អាចទៅបោះជំនួសបន្ថែមឲ្យគណបក្ស សម រង្ស៊ី​ ដែរ​។ មាន​តួលេខជាភស្តុតាង​ជាក់ស្តែង គឺនៅមណ្ឌល៨ នៅឯក្រចេះ​ គឺគណបក្ស សម រង្ស៊ី កើន២សម្លេង​។ អញ្ចឹង បើមិនកើនបានមកពីនរោត្តមរណរិទ្ធ គឺបានមកពីហ្វ៊ុនស៊ីនប៉ិចនេះឯង គឺមិនមែនបានមកពីគណបក្សប្រជាជន​ទេ​។ នេះជាភស្តុតាងថា​ គណបក្ស សម រង្ស៊ី បាត់ច្រើនជាង១៧៧​ នេះជាការប្រមើលមើលរបស់ខ្ញុំ​ ដោយ​មើលទៅលើទិដ្ឋភាពនៃការបោះឆ្នោតនីមួយៗ​។ ត្រង់នេះចង់បញ្ជាក់ថា​ គណបក្ស សម រង្ស៊ី កំពុងមានបញ្ហា​។​ ឯរឿងអសនៈគឺជារឿងសំណាងល្អ​ទេ ដែលក្នុងរយះពេល៥ឆ្នាំ​ ខ្លួនបាត់បង់តែ១៧៧​ ដែលមិនប៉ះពាល់ទៅដល់ការបែងចែកអសនៈ​។ តែបើហ៊ានបាត់បង់ចូលដល់៣០០សម្លេងគឺ​អាចប៉ះពាល់ទៅនឹងចំនួនអសនៈហើយ​។ អញ្ចឹងទោះ​បី​ជា​គណបក្ស​ សម រង្ស៊ី អាចរក្សាអសនៈបានដូចកាលឆ្នាំ២០០៧​ ក៏ដោយក្តី ប៉ុន្តែការបាត់បង់ចំនួន​១៧៧សម្លេង ចំពោះអង្គបោះឆ្នោត​ដែលមានចំនួនតែជាងពីរពាន់នោះ​ គឺជាភាគរយច្រើនណាស់ទៅហើយ​ អញ្ចឹងបញ្ជាក់ថាគណបក្ស សម រង្ស៊ី មានបញ្ហា​។ គឺមានបញ្ហា​រវាងអ្នកនយោបាយថ្នាក់ជាតិ​ និងនយោបាយថ្នាក់​មូលដ្ឋាន​របស់​គណបក្ស សម រង្ស៊ី​។ យើងអាចនិយាយបានម្យ៉ាងទៀតថា គឺមានបញ្ហាត្រង់ថា​អ្នកនយោបាយថ្នាក់មូលដ្ឋាន គឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​នៅថ្នាក់មូលដ្ឋាន​ មិនពេញចិត្ត១០០% ចំពោះសេចក្តីសម្រេច​រៀបបញ្ជីបេក្ខជន​ឈរឈ្មោះព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី នេះឯង​។ មានន័យថាគណបក្ស សម រង្ស៊ី មានគម្លាតគ្នា​រវាងអ្នកនយោបាយថ្នាក់មូលដ្ឋាន និងអ្នកនយោបាយថ្នាក់ជាតិហើយ​។​​​ចំណុចនេះហើយដែលនឹងជះឥទ្ធិពល​ខ្លាំង​ដល់ការបោះឆ្នោតក្រុមប្រឹក្សា​​​ឃុំសង្កាត់​នៅឆ្នាំ២០១២​ ដើមខែមិថុនា យើងនេះឯង​ នេះជាចំណុចដំបូងដែលខ្ញុំមើលឃើញ​។​
          -មតិលោក ជុំ កុសល
          អ្វីដែលលោកបណ្ឌិត​បានលើកឡើង គឺខ្ញុំឯកភាពទាំងស្រុង​។ ជាទស្សនៈវិភាគ​របស់ខ្ញុំ ការបាត់បង់រហូតដល់​១៧៧​សម្លេង​នេះ​វាមិនមែនជារឿងធម្មតាទេ​ ហើយចំនួនដែលគាំទ្រ​គណបក្ស​ដែល​កើត​ចេញ​ពីអង្គបោះឆ្នោត​របស់ខ្លួន​​ ដែលជាសកម្មជនសំខាន់របស់បក្សខ្លួននេះ​ គឺជាសម្លេងដែលសម្រេចមិនមែន​ដោយសុច្ឆនៈទេ​។ ខ្ញុំហ៊ាននិយាយបែបនេះ ពីព្រោះសម្លេងនេះវាកើតចេញពី​ ការគៀបសង្កត់បង្ខិតបង្ខំទៅទៀត​។ គណបក្សសម រង្ស៊ី បានបង្ខំឲ្យអង្គបោះឆ្នោតខ្លួនស្បត់ស្បែរ​ សុទ្ធតែឲ្យវិនាស​ ឲ្យអន្តរាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន​ និង​ស្លាប់ដោយទាន់ហន់​ ហើយដកហូតសិទ្ធិ​ទំនាក់ទំនង​នៅ​រាត្រីថ្ងៃ២៨​​។ គៀបសង្កត់ប៉ុណ្ណឹងហើយនៅបាត់១៧៧សម្លេង ដែលជាសកម្មជន​​សំខាន់របស់ខ្លួនទៅទៀតអញ្ចឹងយើងអាចនិយាយបានថាវាជាលទ្ធផលដែលមិនមែនកើតចេញ​ពីសេចក្តី​សម្រេច​ដោយសុច្ឆនៈនៃអង្គបោះឆ្នោតរបស់ខ្លួន​។ ទី២ អ្នកដែលសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លោក​មើលឃើញអំពីទិដ្ឋភាពបង្ខិតបង្ខំ​បែបផ្តាច់ការនេះហើយទើបលោកសម្រេចចិត្ត​បោះឆ្នោតជូនគណបក្សប្រជាជន​។ អញ្ចឹងចំនួន១៧៧សម្លេង​ ដែលគណបក្ស សម រង្ស៊ី បាត់បង់វាជាសញ្ញា​អវិជ្ជមានមួយរបស់បក្ស​។ អញ្ចឹងនេះគឺជាការចាប់ផ្តើម​ នៃការ​រង្គោះរង្គើ​អំណាច​មូលដ្ឋាន​ហើយ​។ បើអំណាចមូលដ្ឋាននេះចាប់ផ្តើមរង្គោះរង្គើ​ ខាងលើក៏​វា​រញ្ជួយ​ដែរ​ ពីព្រោះ​ថ្នាក់​មូលដ្ឋាន​គឺជាមូលដ្ឋានគ្រឹៈនៃអំណាច​ អញ្ចឹងការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ នៅប៉ុន្មាន​ខែ​ខាង​មុខ​នេះ​​ គឺ​ចរន្តនៃ​ការចាកចេ​ញ​វា​នឹង​ចាប់​ផ្តើម​ហើយ ហើយវិសាលភាពនៃភាពកក់ក្តៅ​សម្រាប់​ការ​ចាកចេញ​របស់បងប្អូន​គឺមក​គណបក្សប្រជាជននេះឯង​​​​​ គឺខ្ញុំមើលឃើញថាអញ្ចឹង​។​
          -មតិរបស់លោកបណ្ឌិត ឈឹម ផលវរុណ
          ចំណុចមួយទៀត ខ្ញុំចង់បញ្ជាក់អំពីគុណសម្បត្តិ​នៃការរៀបចំការបោះឆ្នោត​ ដែលបង្ហាញ​ភស្តុតាង​​ជាក់លាក់​យ៉ាងច្បាស់មិនអាចប្រកែកបាន​ ដែល​ផ្ទុយ​ទៅនឹងការ​ចោទប្រកាន់​របស់​គណបក្ស​​​​ប្រឆាំង​ ដែលកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត​ គេត្រៀម​ចោទ​ប្រកាន់ គ ជ ប រហូត​។ មុនបោះឆ្នោតគេអួតថាឈ្នះ​ ដល់លទ្ធផលបោះឆ្នោត​ខុសចិត្ត គេចោទ​ប្រកាន់​ថា​ គ ជ ប មិនសុច្ចរឹតជាដើម។ល។​​ ប៉ុន្តែឥឡូវនេះភស្តុតាង​នៃការបោះឆ្នោតព្រឹទ្ធសភា​ សួរថាសន្លឹកឆ្នោតដែលខ្លួនបាត់នោះដោយសារគេបន្លំ​ គេលួច ឬក៏បាត់ដោយសារអង្គបោះឆ្នោត​របស់គណបក្ស សម រង្ស៊ី ខ្លួនឯងមិនគាំទ្រ​បញ្ជីបេក្ខជនរបស់គណបក្ស សម រង្ស៊ី​ ដែល​សម្រេច​ដោយ​ថ្នាក់ជាតិនោះ​?​ អញ្ចឹងការបាត់សម្លេង១៧៧នេះបញ្ជាក់ថា​ ជា​ការបាត់​ដោយសារ​ អ្នក​បោះឆ្នោត​មិនគាំទ្រ​ គឺមិនមែនបាត់ដោយសារគេបន្លំសន្លឹកឆ្នោតទេ​ ហើយ​សម្លេង​ដែល​បាត់នោះ​គឺ​ជា​សម្លេង​​របស់សមាជិកអ្នកនយោបាយថ្នាក់មូលដ្ឋាន​ ដែលមានតួនាទីជាមេឃុំ ជុំទប់​ ចៅសង្កាត់រង​ និងសមាជិក​ក្រុមប្រឹក្សា​​។ ចំណុចនេះហើយ​ដែលគណបក្ស​ប្រឆាំង សម រង្ស៊ី ត្រូវពិចារណាឡើងវិញ។​ ការទម្លាក់កំហុសទៅ គ ជ ប គឺជាការទម្លាក់កំហុសទាំងងងើល និងគ្មាន​មូលដ្ឋាន។ ការបាត់បង់១៧៧សម្លេងនៃសមាជិករបស់ខ្លួននេះ វាជាសារបញ្ជាក់ថា​នយោបាយថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី ថ្នាក់ជាតិ​​ពុំបានពេញចិត្តដល់អ្នកនយោបាយ​គណបក្ស សម រង្ស៊ី ថ្នាក់មូលដ្ឋានហើយ​។ ចំនួន១៧៧ សម្លេងនេះគឺមិនធម្មតាទេ បើយើងគិតពីភាគរយនៅ​​ក្នុងចំណោម​អ្នកដែល​មាន​សិទ្ធិ​បោះឆ្នោត ឬអង្គបោះឆ្នោត​គណបក្ស សម រង្ស៊ីដែលមានជាងពីរពាន់នេះ​ គឺច្រើនណាស់​។ ចំណុច​មួយទៀត​គឺ ដោយសារខ្លួនមិនទុកចិត្ត​សមាជិកបក្សរបស់ខ្លួននៅឯឃុំសង្កាត់​នោះហើយ​ ទើប​បាន​ដាក់​សំពាធ​​​ អំពី​រឿងស្បថស្បែរ​ៗ គឺស្បថយកងាប់តែម្តង​។ ធ្វើនយោបាយស្បថយកងាប់បែបនេះ​ ទើប​ធ្វើឲ្យសំពាធ​ស្បថយកងាប់នេះរបូតសម្លេងរហូតដល់ទៅ១៧៧​។ ម្យ៉ាងទៀតអ្នកដែល​មិនថិត​នៅ​ក្នុង​ចំណោមអ្នក១៧៧នោះ ក៏មិនមែនគូសដោយស្មគ្រចិត្ត​ដែរ​ ពីព្រោះការ​បង្គាប់​ឲ្យ​ស្បថ​រកងាប់​បែប​នេះ​​ទោះបី​វាជាអបីយជំនឿ ក៏ខ្លាចដែរ​​។ ដូច្នេះការកើននេះ គឺមិនមែនកើនដោយសុច្ឆនៈទេ​ វាកើតចេញពីការបង្ខិតបង្ខំ​មួយចំនួនធំហើយពីព្រោះចង់មិនចង់​គឺខ្លាចស្លាប់ដូចតែគ្នា​ហ្នឹង ថ្វីត្បិតតែវាជាពាក្យសម្បថ​ អបីយជំនឿ និងអរូបីយក៏ដោយ​។​
          ​សរុបមក​ ខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរ​ និងដល់គណបក្ស សម រង្ស៊ីផង​ដែរ។ បើនិយាយ​ឲ្យ​ស្មោះត្រង់​ គួរនិយាយបែបនេះវិញ​ថា​ខ្លួនឈ្នះនេះគឺជាការ​គ្រាន់តែទប់​កុំឲ្យ​បាត់សម្លេង​ច្រើន​តែ​ប៉ុណ្ណឹង​ទេ​​។ ការកើន៩អសនៈនេះ គឺមិនមែនដោយសារស្នាដៃ​ថ្ងៃហ្នឹងទេ​ តែវាជារឿង​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០០៧ ​ទេ​​។ អញ្ចឹងគួរនិយាយថា ខ្លួនអាចរក្សា​ចំនួនអសនៈ​ដូច​ដែល​បាន​គិត​ទុក​នៅ​ឆ្នាំ​២០០៧ គឺបានដោយជោគជ័យ​ដោយសារទប់មិន​ឲ្យ​មាន​ការ​ចាកចេញ​ និងកុំឲ្យមានចំនួន​អ្នក​ដែល​មិនគាំទ្រ​​​នោះកើន​ឡើង​។​ បើសិនជា​ការបោះឆ្នោត​ព្រឹទ្ធសភា មានការអូសបន្លាយតែ១ឆ្នាំទៀត ការបាត់​នេះកាន់​តែច្រើន​ជាងហ្នឹង​ទៅទៀត មានន័យថាគឺជាការអសមត្ថភាព​ក្នុងការគ្រប់គ្រងសកម្មជនរបស់ខ្លួន​​​។ ដូច្នេះការគ្រប់គ្រងតាមបែបផ្តាច់ការមិនអាចធ្វើឲ្យឆន្ទៈ​របស់អង្គបោះឆ្នោត​ក្បត់នូវឆន្ទៈរបស់ខ្លួនទេ​ ។ អ្នកមិនអាចគៀបសង្កត់ឲ្យ​អង្គបោះឆ្នោត​ដែល​ជាសកម្មជន​នយោបាយ​ដែរ ធ្វើតាមការសម្រេចចិត្តថ្នាក់ជាតិ​ទាំងងងើលបានទេ​ ត្រង់នេះហើយ​ នៅពេលបោះឆ្នោតដើមខែមិថុនា​ ២០១២ ខាងមុខនេះ ខ្ញុំជឿថាព្រឹត្តិការណ៍​នយោបាយ​ដ៏ជូរចត់សម្រាប់គណបក្ស សម រង្ស៊ី ក៏ដូចសម្រាប់គណបក្ស​ប្រឆាំងដ៏ទៃទៀតនឹងទទួលបាន​នូវភាពបរាជ័យ​ធ្ងន់ធ្ងរជាងនេះ​។ ដូច្នេះបើខ្លួនមិនរៀបចំកែទម្រង់​ខ្លួន ហើយឲ្យតម្លៃទៅអ្នកនយោបាយ​ថ្នាក់មូលដ្ឋានទេ អ្នក​នឹងជួបនូវការបាត់បង់ច្រើនជាងនេះទៅទៀត ហើយ​ពេលនោះត្រូវត្រៀមខ្លួនឲ្យហើយ និងកុំចោទប្រកាន់​ គ ជ ប ថាលួចបន្លំសន្លឹកឆ្នោត​ មិនសុច្ចរិត​​ អញ្ចេះអញ្ចុះ​ ត្រូវ​យកមេរៀននៃការបោះឆ្នោតព្រឺទ្ធសភាថ្ងៃ​២៩ ខែមករា កន្លងទៅ​នេះ​ធ្វើ​ជា​គំរូ​ទៅ​។​

-មតិលោកជុំ កុសល
ខ្ញុំសូម​ចូលរួមគាំទ្រ និង​សូមចូលរួមលើកទឹកចិត្តកោតសរសើរ​ ចំពោះបងប្អូនដែលជាអង្គបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី​ ទាំង១៧៧រូប ដែលបានសម្រេចចិត្តយ៉ាង​ក្លាហានបោះឆ្នោតជូនគណបក្សប្រជាជន​ ហើយខ្ញុំរំពឹងថា​បងប្អូនកំពុងតែត្រៀមខ្លួនសម្រាប់បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ អាចនឹង​នាំអ្នកគាំទ្រនៅមូលដ្ឋានរបស់ខ្លួន​មកចូលរួមជាមួយគណបក្សប្រជាជន​ ហើយកុំទៅសិទ្ធិមនុស្ស ពីព្រោះអ្នក​ហ្នឹងបោកប្រាស់ទេ​ បើមកគណបក្សប្រជាជនល្អជាង​ ហើយខ្ញុំហ៊ាននិយាយថាគណបក្ស សម រង្ស៊ី គឺជានាទីចុងក្រោយហើយ​ពីព្រោះខ្ញុំមើលឃើញ​ ចំណុចមួយចំនួន​ដែលលោកគិតថាជាចំណុច​ដែលអាចធ្វើឲ្យរាជរដ្ឋាភិបាល ដែលអាច​ធ្វើឲ្យ​គណបក្សកាន់អំណាច ដែលអាចធ្វើឲ្យរដ្ឋសភា​ជំពប់ជើងដោយសារតែខ្លួនដាក់ចេញនោះ​ត្រូវបានបរាជ័យទៅហើយ​។ តួយ៉ាងកន្លងមក​ ដូចជាការអនុមត្តិថវិការជាតិឆ្នាំ២០១២​ គាត់យកមាត្រា៧៦​នៃ​រដ្ឋសភាមកខ្ទាស់ ធ្វើឲ្យរដ្ឋសភាក្លាយទៅជាអធម្មនុញ្ញភាព​អី​ហ្នឹង គឺត្រូវបានបរាជ័យហើយ​ពីព្រោះខ្ញុំឃើញដំណើរការរបស់រដ្ឋសភា​ទៅជាធម្មតាទេ​។ សភាបានអនុមត្តិរួចទៅហើយ​នូវថវិការឆ្នាំ២០១២ ចំនួន២៧០០លានគឺមិនានខ្ទាស់ត្រង់ណាទេ​ ហើយការលាលែងនៃសមាជិកសមាជិការបស់ខ្លួនទាំងបីរូបនោះ ទៅជាយ៉ាង​ណាហើយឥឡូវនេះ​។​ ការលាលែងនេះគឺត្រូវប​ញ្ចប់​សមាជិកភាព ឬក៏ត្រូវដាក់អ្នកមកជំនួស​ ដូច្នេះយើងចាំមើល​។ សម្រាប់​ខ្ញុំ ខ្ញុំគិតថា បើតាំងខ្លួនជាអ្នកលេងទៅហើយ​ គឺត្រូវតែក្លាហានហ៊ានប្រកាស​ថាខ្ញុំសូមលាលែងទាំងបីរូបនេះ ហើយបញ្ចប់សមាជិកភាព​មិនដាក់ជំនួសវិញទេ តែបើសិនជា​ដាក់ជំនួសវិញនោះ អាហ្នឹង​គឺថោកហើយ​។​
-មតិលោកបណ្ឌិតឈឹម ផលវរុណ
ចំពោះរឿងដែលលោក ជុំ កុសល លើកមកនេះ យើងធ្លាប់យក​មកធ្វើការវិភាគ​ច្រើនដងមកហើយ អំពីទិដ្ឋភាពនៃរដ្ឋធម្មនុញ្ញ​ ឬធម្មនុញ្ញភាពរបស់​សភា ដែលគណបក្ស សម រង្ស៊ី​ បានលេងល្បែងពហិកា​អាឡិកអាឡក់មួយ​ ពីព្រោះពាក្យនេះប្រើទៅគឺត្រូវ​តែម្តង​។​ គណបក្ស សម រង្ស៊ី ធ្លាប់បានលេងល្បែងពហិកានេះជាច្រើនមកហើយ ដូចជាទី១​ធ្វើពហិកាមិនចូលប្រជុំ បន្ទាប់មក​លេងល្បែងនយោបាយ​ពហិកា ដោយធ្វើយ៉ាងណាឲ្យតួលេខ​​​ មកថិតនៅក្រោម១១៩​ ដែលយើងអាចហៅថានយោបាយ១១៩ អាឡិកអាឡក់​។ ចាប់ពីពេលដែលគេលាលែងតំណែងមកនោះគេថារដ្ឋសភា​កម្ពុជាយើង នីតិកាលទី៤នេះបាត់បង់ធម្មនុញ្ញភាព​ ដើម្បីឲ្យគេធ្វើយុទ្ធនាការឃោសនា​កុំឲ្យបរទេស​​​ឲ្យតម្លៃរដ្ឋសភា​ កុំឲ្យ​ឧបត្ថម្ភថវិការ ឬកុំឲ្យប្រាក់កម្ចី​ ដោយធ្វើយ៉ាងណាកុំឲ្យរដ្ឋសភាធ្វើដំណើរទៅមុខ​ និងកុំឲ្យរដ្ឋសភាអនុមត្តិថវិការជាតិ និងធ្វើឲ្យរដ្ឋសភារាំងស្ទះនូវដំណើរការ​ ការងារនីតិបញ្ញត្តិផ្សេងៗទៀត​។​ ប៉ុន្តែតាំងពីពេលនៃការលេងល្បែង​នយោបាយ១១៩ របស់គណបក្ស សម រង្ស៊ី​ មក ជាពិសេសនៅថ្នាក់ជាតិគេនោះ​ ។ ចំណែកឯ នៅថ្នាក់មូលដ្ឋានយើងនៅតែឲ្យតម្លៃដដែល ពីព្រោះពួកគាត់នឹងពិចារណានូវល្បែងនយោបាយអាឡិកអាឡក់នេះហើយ​។ យើងសួរថា តើ​អស់លោកមេដឹកនាំ​គណបក្ស សម រង្ស៊ី ថ្នាក់ជាតិនោះ លេង​ល្បែងនយោបាយ​១១៩​នោះ​ដល់ណា​ហើយ​?​ តើ​​រដ្ឋសភាគាំង​ដំណើរដល់ត្រឹមណា​?​ ឬក៏នៅតែធ្វើដំណើរទៅមុខ​ដដែល?​។ ជាក់ស្តែង​រដ្ឋសភាគឺនៅតែ​ដំណើរការជាធម្មតា​​ អន្តរជាតិនៅតែចូលរួមធ្វើសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដដែល​ និងកំពុងតែពង្រីកតួនាទី​ក្នុងខណៈពេល​ដែលកម្ពុជាដើរតួនាទីជាប្រធានប្តូរវេន​ របស់​អាស៊ាន​ទៅទៀត​​។ នៅឆ្នាំ២០១២នេះ យើងឃើញមានទស្សនៈកិច្ចការងារ​ផ្លូវការរបស់ថ្នាក់ដឹកនាំពិភពលោក​នានា នឹងមកចូលរួមថែមទៀត ដូច្នេះគឺគ្មាន​អ្វីដែលរាំងស្ទះនោះទេ​។​ ប៉ុន្តែនៅពេលដែល​លេងល្បែងនេះមិនជោគជ័យ​ ទៅជាស្តាយលុយពីរពាន់​សម្រាប់មនុស្សបីនាក់​នោះ​ស្រាប់តែខ្សោះអស់ទៅ បែរជាបញ្ជូន​ជនបីរូបមកជំនួសនោះ វាទៅជារឿង​ គួរឲ្យអស់សំណើចខ្លាំងណាស់​។ បើសិនជាខ្ញុំវិញ បើជ្រុលលេងល្បែងនយោបាយ​អាឡិកអាឡក់​បែប​នេះ​ហើយ​ គឺទ្រាំឲ្យចប់អាណត្តិតែម្តងទៅ​ ពីព្រោះនេះជានយោបាយ១១៩​។ ប៉ុន្តែបើសិនជាបកមកវិញគឺថោកហើយ​ ដែលភាសាមួយគេហៅថា « ខ្មាស់គេខ្លាំងណាស់ »
គណបក្ស សម រង្ស៊ី ឬក៏គណបក្សប្រឆាំងនៅកម្ពុជានេះ​ គឺមិនចេះរៀបចំគំនិត​ណាមួយថ្មី​ដែល​អាច​ពង្រឹងសមត្ថភាព​នយោបាយប្រកួតប្រជែង​ជាមួយគណបក្សប្រជាជនទេ គឺគាត់​លេង​តែ​ល្បែង​នយោបាយ​​ទប់ស្កាត់ ល្បែង​ធ្វើឲ្យចលាចល​ បើនិយាយឲ្យខ្លីទៅគឺគ្មានគំនិត​អ្វី​ជឿនលឿន​​ទាល់តែសោះ​។​
តាមការពិត​សម្លេងគាំទ្របក្សប្រឆាំងសព្វថ្ងៃនេះ​ គឺគ្មានខ្លាំងត្រង់ណាទេ​ វាជា​សម្លេង​ដែល​កើតចេញពីគណបក្ស​ប្រជាជនដែលដឹកនាំរដ្ឋាភិបាលទេ​ គឺចំណុចអសកម្មខ្លះ​​។ ប៉ុន្តែនៅពេលដែលយើងធ្វើកំណែទម្រង់​បានទទួលជោគជ័យនោះសម្លេងគណបក្សប្រឆាំង​នឹងថយទៅតាមនោះដែរ​។ ត្រង់ចំណុចនេះ យើងស្នើសុំឲ្យមន្ត្រីអសកម្មខ្លះ​ នៅមូលដ្ឋាន​ដែល​មាន​តួនាទី មាន​អំណាចដោយសារគណបក្សផ្តល់ជូននោះ​ គួរតែអនុវត្តឲ្យក្លាយទៅជាមន្ត្រី​ពិតប្រាកដ​បម្រើ​ប្រជាពលរដ្ឋ​។​ សម្តេចតេជោ លោកធ្លាប់​មានប្រសាសន៍​នៅក្នុង​ការបិទ​មហាសន្និបាត​ក្រសួង​មហាផ្ទៃ​ថា « យើង​ត្រូវតាំងខ្លួនជា​អ្នកបម្រើដ៏ស្មោះត្រង់ម្នាក់​ចំពោះប្រជាពលរដ្ឋ​ » ។ លោក​បាន​ប្រើ​ពាក្យ​ យើង នេះគឺបូកទាំងរូបលោកផងដែរ​ គឺមិនត្រូវតាំងខ្លួនជាម្ចាស់ប្រជាពលរដ្ឋទេ​។ ប៉ុន្តែខ្ញុំឃើញមន្ត្រីខ្លះទេ​ ដែលយក​តួនាទី​ដែល​បក្សផ្តល់ឲ្យនោះ​ទៅអនុវត្ត​ផ្ទុយអំពីគោលនយោបាយរបស់បក្ស ផ្ទុយអំពី​គោលគំនិត​របស់​ថ្នាក់​ដឹកនាំ​ ហើយអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំតែមួយភ្លែត ក៏ទៅជាដដែលឡើងវិញ​។ នេះ​ជា​ចំណុច​ដែល​យើងត្រូវតែជម្រុះចោលទៅ​។​ ដូច្នេះសម្លេងរបស់បក្សប្រឆាំងនេះ មិនមែនកើតចេញពី​ចំណុច​ខ្លាំង​របស់ខ្លួនទេ​ គឺដោយសារតែភាពអសកម្មនៃមន្ត្រីគណបក្សប្រជាជន​មួយចំនួនតូចទេ​។ ដូច្នេះ​ក្នុង​នាម​យើង​ជាកម្លាំងចលករ​ ដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ​ គឺយើងត្រូវពង្រឹងគុណសម្បត្តិ​នៃអាជ្ញាធរ​ របស់រដ្ឋ​ ឲ្យដើរតួនាទីជាអាជ្ញាធររបស់ប្រជាពលរដ្ឋ​។​
សព្វថ្ងៃនេះគណបក្សប្រឆាំងនៅកម្ពុជា​មិន​មែនជាគណបក្សប្រឆាំងដូចនៅប្រទេសប្រជាធិប​តេយ្យ​ដ៏ទៃទៀតទេ​ ពួកគាត់គ្មានសមត្ថភាពបង្ហាញអំពីគំនិត​នយោបាយប្រកួតប្រជែងជាមួយគណបក្សប្រជាជនទេ​។ គាត់រុញយើងឲ្យជួបបញ្ហា ទើបគាត់យកបញ្ហានោះមកកេង​ចំណេញ។​ គេធ្វើឲ្យយើងអសកម្ម បំបែក​ ហើយគេយកមកកេងចំណេញ​ គឺគេមិនមែន​ជួយប្រជាពលរដ្ឋទេ​។

-មតិលោក ជុំ កុសល
ចំពោះក្រុមហ្នឹង គេមិនគិតថាជាការប្រព្រឹត្តិដោយ​បុគ្គលទេ​ គឺនៅពេលដែលបុគ្គលនៅក្នុងស្ថាប័នណាមួយ​ ពេលដែលពួកប្រឆាំងក្តាប់បានគឺគាត់លើកយកមក​កេង ធ្វើចេញជាល្បាយ​។ ឧទាហរណ៍ កន្លងមករឿងវិស័យសុខាភិបាល​ ជាពិសេសគឺអស់លោកខាងគណបក្ស សិទ្ធិមនុស្ស​។ រឿងនោះកើតឡើងយូរឆ្នាំហើយ​នៅប៉ៃលិន ដែលគ្រូពេទ្យបណ្តោយឲ្យស្ត្រី​មានផ្ទៃពោះឆ្លងទន្លេម្នាក់​ទទួលមរណៈភាព​។ គណបក្ស សិទ្ធិមនុស្ស គាត់វាយបកព្រាលៗមកថាវិស័យសុខាភិបាល​របស់គណបក្សដឹកនាំអំណាចសព្វថ្ងៃនេះ​គ្មាន​គិតគូរអំពីសុខមាលភាព​ប្រជាពលរដ្ឋ បណ្តោយឲ្យ​បញ្ហា​។ ប៉ុន្តែគាត់អត់បានគិតថានេះគឺជាកំហុសបុគ្គល​ទេ​។ បុគ្គលទាំងនោះត្រូវបានអាជ្ញាធរចាត់វិធានការណ៍​​តាមផ្លូវច្បាប់រួចហើយ​។ នេះជាចំណុចអសកម្មដែលកើតចេញពីបុគ្គល ហើយយើងក៏មិនចង់ឃើញដែរ​។ ខ្ញុំធ្លាប់និយាយថា បាវអង្ករមួយបាវ​ វាគឺជាបាវអង្ករ​ ប៉ុន្តែវាមានគ្រាប់ខ្សាច់មួយគ្រាប់ ឬពីរគ្រាប់នៅក្នុងនោះ ប៉ុន្តែគេមិនមែន​ហៅថាបាវខ្សាច់ទេ គឺគេហៅថាបាវអង្ករ​ អញ្ចឹងគឺយើងចង់ជម្រុះខ្សាច់នោះឲ្យចេញអស់ពីបាវអង្ករ​។ ចំណែកឯអស់លោកបក្សប្រឆាំង ឃើញគ្រាប់ខ្សាច់ពីរ បីគ្រាប់​នៅក្នុងបាវអង្ករគាត់ថានោះគឺជាបាវខ្សាច់ទៅវិញ​។ ប៉ុន្មានថ្ងៃមុន មានសារព័ត៌មាន​ក្នុងស្រុកមួយ​ផ្សាយថា នៅមន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​ គឺពេទ្យមិត្តភាពកម្ពុជា ជប៉ុន​​មួយ។ នៅពេលដែលជនរងគ្រោះមានគ្រោះថ្នាក់ចរាចរ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ អត់យកចិត្តទុកដាក់​ គ្នាក៏សុំបញ្ជូនមក​ព្យាបាលនៅបាត់ដំបង​ ពេទ្យថារថយន្តថ្លៃណាស់ មិនបាច់យកទៅទេ ម៉ោង១-២​យប់ទៅហើយ គឺទុកបណ្តោយឲ្យគ្នា​ស្លាប់​។​​​​ព្រលឹម​ឡើង​​ប្រពន្ធ​សាកសព​​ សុំ​យក​សាក​សព​ចេញ​ អត់​ឲ្យ​យក​ចេញ​ទេ​ ទាល់​តែ​បង់​លុយ​ ៣៦០០០០​ រៀល​ សិន។​ ទាល់​តែ​ប្រធាន​មន្ទីរ​សុខាភិបាល​អន្តរាគម​ន៍​បាន​យក​ចេញ​បាន។​ ទាល់​តែ​លោក​ប្រធាន​មន្ទីរ​ចេញ​លុយ​ឲ្យ​ ៣៦០០០០​ រៀល​ បាន​យក​ចេញ​បាន​​ ដល់​អ្នក​សារព័ត៌មាន​សួរ​អ្នក​កាន់​វិក្ក​យបត្រ​​ អ្នក​បញ្ជី​លុយ​​ គាត់​ថា អាហ្នឹង​​ថ្នាក់​លើ​​ឲ្យ​ធ្វើ​អញ្ចឹង។​​​ មិន​មែន​ទេ​ណា យើង​ចង់​ជម្រុះ​អាអ​ញ្ចឹង​ តែ​បើ​មាន​អញ្ចឹង​ៗ​ ល្មម​ហើយ​ ល្មម​ដល់​ពេល​វេលា​ហើយ​ ហើយ​នយោបាយ​រួម​របស់​រាជរដ្ឋាភិបាល​ ជា​ពិសេស​អ្នក​ដឹក​នាំ​របស់​យើង សម្តេច​តេជោ​លោក​យក​ចិត្ត​ទុក​ដាក់​ណាស់​ជា​មួយ​ប្រជាពលរដ្ឋ​។​ ជាក់​ស្តែង​រឿង​ក្រុម​ហ៊ុន​ ដី​សម្បទានទាំង​​ឡាយ​ណា​ ដែល​​ធ្វើ​អំពើ​មិន​គប្បី​កន្លង​មក​ដូច​រឿង​ប្រើ​អាវុធ​ទៅ​លើ​ប្រជាពលរដ្ឋ​​ ឥឡូវ​លោក​ព្រមាន​ ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋ​កិច្ច​ណា​ក៏​ដោយ​​ បើ​ប្រើ​ប្រាស់​អាវុធ​ទៅ​គំរាម​កំហែង​ ប្រើ​ហឹង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ លោក​នឹង​ដក​អាជ្ញាប័ណ្ណ​ ព្រោះ​លោក​នៅ​ខាង​ប្រជា​ពលរដ្ឋ​ហើយ។​ ប៉ុន្តែ​ក៏​ខ្ញុំ​យក​ឱកាស​នេះ​​​សំណូម​ពរ​ដែរ ប្រជាពលរដ្ឋ​ខ្លះ​សុំ​កុំ​ស្តាប់​តាម​ការ​​​ញុះញង់​របស់​អ្នក​អស់​លោក​ក្រុម​ប្រឆាំង​ ឬ​ក៏​អង្គការ​​សង្គម​​ស៊ីវិល​ ទៅ​កាន់​កាប់ដី​​​ពាសវាល ពាសកាល​​ ​អាហ្នឹង​ក៏​វា​ខុស​ឆ្គង​ដែរ​។ ​

          ឥឡូវ​ខ្ញុំ​កំពុង​តាម​ដាន​រឿង​មួយ​ពី​ខេត្ត​ព្រះ​សីហនុ​ ខ្ញុំ​មិន​ចេញ​ថា រឿង​អ្វី​ទេ អាហ្នឹង​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​​សម្តេច​ ហើយ​ខេត្ត​គាត់​ចេញ​​សេច​ក្តី​ជូន​ដំណឹង​យោង​តាម​អនុសាសន៍​​ដ៏​ខ្ពង់​​ខ្ពស់​​របស់​ថ្នាក់​ដឹកនាំ​ទៀត​ មិន​អនុញ្ញាត។​ប៉ុន្តែ​សាម៉ី​ខ្លួន​មិន​ស្តាប់​តាម​សេច​ក្តី​ណែ​នាំ​របស់​ខេត្ត​ ទៅ​ជា​ប្រឆាំង​ទៅ​ទៀត​ ប៉ុន្តែ​ខេត្ត​លោក​បាន​ចាត់​វិធាន​ការ​ ឲ្យ​មន្រ្តី​ចុះ​មក​មើល​ហើយ​ សំខាន់​លើ​ខេត្ត​ទេ​លោក​អាច​កាត់​យ៉ាង​ម៉េច​ៗ។​ ​បើ​សិន​ជា​យើង​ក្នុង​នាម​អាជ្ញាធរ​ លោក​ចេញ​សេច​ក្តី​ជូន​ដំណឹង​មិន​អនុញ្ញាត​ប៉ុណ្ណឹង​ហើយ បែរ​ជា​បុគ្គល​មិ​ន​ស្តាប់​ ហើយ​ភ្គើន​ទៀត​ អាហ្នឹង​យើង​ត្រូវ​ធ្វើ​ម៉េច​​។

-មតិ​លោកបណ្ឌិត ឈឹម ផលវរុណ
រឿង​ហ្នឹង​សំខាន់​មួយ​ដែរ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ពី​ព្រោះ​តាម​ធម្មតា​ការ​គ្រប់​គ្រង​ប្រទេស​ គោល​នយោបាយ​រួម​ ឬ​ហៅ​ថា បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​​ភាព​​ទៅ​តាម​ចំណាត់​ការ​របស់​ខេត្ត​​ និង​របស់​ស្រុក​ ទៅ​តាម​ដែន​សមត្ថកិច្ច​។​ ប៉ុន្តែ​បើ​យើង​គិត​ទៅ​មាន​បញ្ហា​អសកម្ម​ខ្លះ​ រហូត​ដល់​ការ​សម្រេច​របស់​អភិបាល​ខេត្ត​ ឬក៏​ស្រុក​មាន​ជន​ទុច្ច​រិត​ខ្លះ​មិន​ព្រម​គោរព​តាម​ បែរ​ទៅ​ហ៊ាន​ប្រឆាំង​​សេច​ក្តី​សម្រេច​របស់​ខេត្តទៀត​ ចំណុច​ហ្នឹង​យើង​អាច​ពិចារណា​ថា​ជា​អំពើ​រំលោភ​ច្បាប់​ ឬ​អត់​ កាល​ណា​យើង​​ហ៊ាន​ប្រឆាំង​​នឹង​រដ្ឋ​អំណាច​ហើយ​​ ស្រុក​ ក្តី​ ខេត្ត​ក្តី ហើយ​ខេត្ត​ត្រូវ​មាន​ចំណាត់​ការ​មួយ​ឲ្យ​មាន​ប្រសិទ្ធិភាព​​ មិន​អាច​ធ្វើ​គំរូ​អាក្រក់​ឲ្យ​ជន​ទុច្ច​រិត​ណា​មួយ​ហ៊ាន​ធ្វើ​អញ្ចឹង​ទេ​។​ កាល​ណា​ធ្វើ​អញ្ចឹង​យើង​ខូច​នូវ​អំណាច​​រដ្ឋ​ហើយ គឺ​អំណាច​រដ្ឋ​ធ្វើ​ម៉េច​រៀប​ចំ​សណ្តាប់​ធ្នាប់​ ទាំង​សណ្តាប់​ធ្នាប់​នៃ​ការ​រស់​នៅ​ ទាំង​សណ្តាប់​ធ្នាប់​នៃ​ទីផ្សារ​សេរី​ ទាំង​សណ្តាប់​ធ្នាប់​ចរាចរ​ ។ល។ ទាំង​អស់​ហ្នឹង​ដែល​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ ហើយបែរ​ទៅ​ជា​ចំណាត់​ការ​មិន​ក្តាប់​ណែន​​ក្នុង​ការ​ពង្រឹង​មូល​ដ្ឋាន​ អាហ្នឹង​ជា​ផល​ប៉ះពាល់​មួយ​ដែល​មិន​ល្អ​សម្រាប់​ដំណើរ​ការ​​កសាង​ប្រទេស​របស់​យើង​ដែរ​ ហើយ​បែរ​ទៅ​ជា​បញ្រ្ចាស់ទិស​ទៅ​វិញ​ ទៅ​ជា​ហុច​ដង​ឲ្យ​គណបក្ស​ប្រឆាំង​ គេ​គិត​ថា រដ្ឋាភិបាល​អត់​ប្រសិទ្ធិ​ភាព​។​ការពិត​មិន​មែន​ទេ​ រដ្ឋាភិបាល​មាន​ប្រសិទ្ធ​ភាព​ មាន​ចំណាត់​ការ​ ប៉ុន្តែ​​ដោយ​សារ​មាន​ជន​ទុច្ចរិត​ ដែល​ហ៊ាន​ប្រឆាំង​នឹង​សេច​ក្តី​សម្រេច​របស់​ស្រុក​ក្តី របស់​ខេត្ត​ក្តី ធ្វើ​ឲ្យ​មាន​ចលាចល​​ ហើយ​អំណាច​រដ្ឋ​នៅតាម​ស្រុក​ នៅ​តាម​ខេត្ត​ ពុំ​មាន​ចំណាត់​ការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ទៅ​ជា​បណ្តែត​បណ្តោយ​ឲ្យ​ជន​ទុច្ច​រិត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​​ចិត្ត អាហ្នឹង​ហើយ​ជា​ផល​វិបាក​មួយ​ដែល​យើង​គួរ​ពិចារណា​ដែរ​ ។​

-មតិ​លោក ជុំ ​កុសល​​ ​
​ខ្ញុំ​ក៏​យក​ឱកាស​នេះ​ជម្រាប​ជូន​ជន​រួម​ជាតិ​ដែរ​ ព្រោះ​តាម​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ គណបក្ស​ច្រើន​ដែល​យើង​ត្រូវ​សម្រេច​ចិត្ត​ គាំទ្រ​ ឬ​មិន​គាំទ្រ​ ជា​សិទ្ធិ​របស់​បង​ប្អូន​ គ្រាន់​តែ​ឲ្យ​សម្លឹង​មើល​ឲ្យ​ច្បាស់​​មុន​នឹង​ចូល​រួម​គាំទ្រ​​បក្ស​ណា​មួយ​ ខ្ញុំ​ខ្លាច​ក្រែង​បង​ប្អូន​ជួប​នឹង​បញ្ហា​​ក្នុង​ជីវភាព​រស់​នៅ​ ពីព្រោះ​ការ​ទ្រទ្រង់​បក្ស ក្លាយ​ជា​សកម្ម​ជន​របស់​បក្ស​ ត្រូវ​តែ​ចំណាយ​ពេល​វេលា​ ចំណាយ​ថវិកា​ ដើម្បី​បក្ស​ហើយ​ ប៉ុន្តែ​ជា​លទ្ធផលមក​​ តួយ៉ាង​ដូច​គណបក្ស​ សម រង្ស៊ី ទៅ​បង្ខំ​ឲ្យ​ស្បថ​ដក​សេច​ក្តី​ទុក​ចិត្ត​អីអញ្ចឹង​​ អាហ្នឹង​វាជា​​បញ្ហា។​ ​ហើយ​ដូច​គណបក្ស​សិទ្ធិ​មនុស្ស​​​ ជា​គណបក្ស​ដែល​ខ្ញុំ​មើល​ឃើញ​ថា វា​ប្រហោង​ក្នុង​គ្មាន​ធន​ធាន​មនុស្ស​អាច​ជា​រំពឹង​បាន​ អាហ្នឹង​បង​ប្អូន​ប្រយ័ត្ន​លង់​ខ្លួន​ ពីព្រោះ​បុគ្គល​ដែល​មិន​ស្មោះ​ត្រង់​ បុគ្គល​ដែល​ខិល​ខូច​គេ​ជំនាញ​ក្នុង​ការ​លួង​លោម​ ប៉ុន្តែ​បើ​អ្នក​ដែល​គេ​ពិត​ប្រាកដ​ គេ​អត់​និយាយ​ច្រើន​ទេ​ ដូច​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ គណបក្ស​ប្រជាជន​លោក​អត់​និយាយ​ច្រើន​ត្រូវ​ធ្វើ​គឺធ្វើ។​ខ្ញុំ​និយាយ​បន្តិច​ព្រោះ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជិត​ដល់​ហើយ​ បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ បង​ប្អូន​ត្រូវ​មើល​ ខ្ញុំ​និយាយ​សាមញ្ញ​ឧទាហរណ៍​​គេ​ហៅ​ថា សំរាំង​មនុស្ស​លេខ​ ១ គណបក្ស​​ប្រជាជន​ហើយ ​ពីព្រោះ​ធម្មតា​ទេអ្នក​ដែល​មាន​សមត្ថភាព​​នៅ​មូល​ដ្ឋាន​ គេ​មិន​ដែល​ទៅ​គាំទ្រ​អស់​លោក​បក្ស​ប្រឆាំង​ហ្នឹង​ទេ​ គឺ​ចង់​មិន​ចង់​គឺ​គាត់​គាំទ្រ​គណបក្ស​ប្រជា​ជន​ដែរ​ ហើយ​បេក្ខ​ភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ របស់​គណបក្ស​ប្រជាជន​ សុទ្ធ​សឹង​តែ​​ជា​មនុស្ស​មាន​សមត្ថភាព​ អាហ្នឹង​ខ្ញុំ​ឲ្យ​តម្លៃ​ថា លំដាប់​​លេខ​ ១ ហើយ មក​លំដាប់​លេខ​ ២ ​គណបក្ស​​សមរង្ស៊ី ព្រោះ​គាត់​បន្ទាប់​គណបក្ស​ប្រជាជន​ តែ​គ្រាន់​តែ​វា​ឃ្លាត​ឆ្ងាយ​ ដល់​តែ​ក្រលេក​ទៅ​គណបក្ស​សិទ្ធិមនុស្ស​ ដែល​រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្នាក់​មូលដ្ឋាន​សម្រាប់​បោះ​ឆ្នោត​ខាង​មុខ​​នេះ​ដែរ គឺ​អស់​ជម្រើស​ហើយ ខ្ញុំ​ហ៊ាន​និយាយ​អញ្ចឹង​តែ​ម្តង​ ខ្ញុំ​មើល​ទៅ​អស់​ជម្រើស​ អាហ្នឹង​បើ​របស់​វិញ​គេ​ហៅ​ថា ប្រភេទ​លេខ​ ៣ លេខ ៤ ប្រើ​ការ​អត់​កើត អស់​ជម្រើស​ អញ្ចឹង​ខ្ញុំ​សួរ​ថា យក​ទៅ​ធ្វើ​ការ​កើត​ដែរ មូលដ្ឋាន​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​ តិច​ច្រឡំ​ទៅ​គាំទ្រ​ណា ជាក់​ស្តែង​​នៅ​មូល​ដ្ឋាន​ខ្លះ​ដែល​ខ្ញុំ​​ស្គាល់​ ខ្ញុំ​ស៊ើប​ទៅ​ៗ​បេក្ខភាព​មេ​ឃុំ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ ខ្ញុំ​ថា អុញ! ដល់​ហើយ​តើនេះ បើ​សិន​ជា​ប់​​មក​ធ្វើ​ស្អី​ឥឡូវ​នេះ​ អាន​អក្សរ​ ១ បន្ទាត់​​ បិ បឹ ផង​ហ្នឹង។​ ​មាន​ន័យ​ថា អស់​ជម្រើស​ ហើយ​បើ​ជា​មួយ​ស្រា​ ស​ អាហ្នឹង​គាត់​ពូកែ​ ខ្ញុំ​មិន​វាយ​តម្លៃ​បង​ប្អូន​ទេ ប៉ុន្តែ​ធុន​ៗ​ហ្នឹង​ សួរ​ថា​ឲ្យ​បង​ប្អូន​អ្នក​ដែល​គាំទ្រ​នៅ​មូលដ្ឋាន​ គាត់​ទៅ​គាំទ្រ​យ៉ាង​ម៉េច​ ហើយ​បើ​និយាយ​មក​បេក្ខភាព​គណបក្ស​ប្រជាជន​ ឥឡូវ​​​រៀប​ចំ​​សន្និបាត​​​ធំ​ ដើម្បី​​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ ដាក់​បេក្ខ​ភាព​ហើយ  លំដាប់​ប្រជាប្រិយ​របស់​គាត់​ ប៉ុណ្ណាៗ ដើម្បី​ដាក់​ទៅ​ឲ្យ​ត្រូវ​តែ​ម្តង​ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​សុំ​បន្តិច​ ព្រោះ​កន្លង​មក​មាន​ហើយ​ ជាក់​ស្តែង​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ ឃុំ​របស់​ខ្ញុំ​ ខ្ញុំ​ដឹង​ ខ្ញុំ​មើល​ឃើញ​ ​ជា​ការ​ព្រួយ​បារម្ភ​ ព្រោះ​ថ្នាក់​មូលដ្ឋាន​គឺនៅ​​ជាប់​ជា​មួយ​ប្រជាពលរដ្ឋ​ ប្រជាពល​រដ្ឋ​លោក​ស្គាល់​ច្បាស់​ ការ​រៀប​ចំ​សន្និបាត​ដាក់​ស្ទង់​​មតិ​ សាក​ល្បង​ ឃើញ​ថា គាត់​លូត ស្រាប់​តែ​មែនទែន​​ គាត់​ធ្លាក់​មក​លំដាប់​លេខ​រៀង​ក្រោម​ រុញ​អ្នក​ផ្សេង​ដែល​មិន​ដែល​ស្គាល់​ឲ្យ​ទៅ​លើ​ ប្រជា​ពលរដ្ឋ​ស្រងាក​ចិត្ត​ ខុស​ចិត្ត​ប្រជាពលរដ្ឋ​ អាហ្នឹង​ហើយ​បញ្ហា​ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា គណបក្ស​លោក​នឹង​រៀប​ចំ​ឲ្យ​មាន​ប្រសិទ្ធិភាព ព្រោះ​ការ​ធ្វើ​សន្និបាត​​ឃុំ​​គឺ​​ដើម្បី​ស្ទង់​មតិ​ហ្នឹង​ឯង​ ។

-មតិ​លោក​បណ្ឌិត ឈឹម ផលវរុណ​

នេះ​ហើយ​គឺ​ចំណុច​សំខាន់​ណាស់​ កាល​ណា​យើង​ចង់​ពង្រឹង​​នូវ​ការ​អភិវឌ្ឍន៍​សង្គម​​ ពិសេស​នៅ​ថ្នាក់​មូលដ្ឋាន​ គឺ​មាន​ទាំង​កិច្ច​ការ​នយោបាយ​គណបក្ស​ និង​កិច្ច​ការ​រដ្ឋ​បាល​នៃ​ឃុំ​សង្កាត់​ ក៏ដូច​ស្រុក​ខ័ណ្ឌ ក៏​ដូច​ខេត្ត​ក្រុង​ ហើយ​ចំណុច​ហ្នឹង​ មុន​នឹង​យើង​បាន​អំណាច​​ ជា​អាជ្ញាធរ​ឃុំ​សង្កាត់​ ស្រុក​ខ័ណ្ឌ ខេត្ត​ក្រុង​ យើង​មើល​ឃើញ​ហើយ​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត ដែល​យើង​ប្រកួត​ប្រជែង​គ្នា​រវាង​គណបក្ស​​និង​គណបក្ស។​​​ អញ្ចឹង​ការ​ប្រកួត​ប្រជែង​នេះ​យើង​អាច​មើល​ឃើញ​ គឺ​គុណ​សម្បត្តិ​នៃ​ការ​រៀប​ចំ​បេក្ខ​ជន​ដែល​មាន​ប្រជាប្រិយ​ភាព​ មាន​គុណ​សម្បតិ្ត​ជា​មួយ​ប្រជាពលរដ្ឋ​ ដូច​ឯកឧត្តម​ ជុំ កុសល បាន​លើក។​នេះ​ហើយ​ជា​ចំណុច​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ការ​គោរព​ទៅ​នឹង​រចនា​សម្ព័ន្ធ និង​គោល​ការណ៍​បក្ស​បាន​សម្រេច​ ​ហើយ​នៅ​ពេល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ ស្នា​ដៃ​បំផុត​គឺ​ការ​ក្តាប់​ឲ្យ​ណែន​ ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍ ឃុំ​សង្កាត់ក្តី ស្រុក​ខ័ណ្ឌ​ក្តី រហូត​ដល់​អំណាច​ថ្នាក់​ខេត្ត​ក្រុង។​ ចំណុច​សំខាន់​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជូន​គឺ​ប្រសិទ្ធិភាព​ហ្នឹង​ឯង ពីព្រោះ​កា​លណា​យើង​ប្រកួត​ប្រជែង​ ដូច​បោះ​ឆ្នោត​ឃុំ​សង្កាត់​ យើង​ប្រាកដ​ជា​ប្រកួត​ប្រជែង​ពី​កម្ម​វិធី​នយោបាយ​ ដែល​យើង​ចង់​ធ្វើ​ការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​នេះ​​បន្ត​ទៀត ប៉ុន្តែ​នៅ​ពេល​ដែល​អនុវត្ត​ជាក់​ស្តែង​ យើង​ត្រូវ​ផ្នែក​ទៅ​លើ​កម្ម​វិធី​នយោបាយ​របស់​គណបក្ស ទៅ​លើ​នយោបាយ​មូលដ្ឋាន​ ត្រូវ​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​​ភាព ដោយ​ផ្នែក​ទៅ​លើ​​គោល​ការ​ណ៍​នីតិ​រដ្ឋ។​ យើង​ត្រូវគោរព​ច្បាប់​ទៀត ហើយ​ត្រូវ​គោរព​នូវ​បទ​បញ្ជា​ថា្នក់​លើ គឺ​បទ​បញ្ជា​នាយក​រដ្ឋ​មន្រ្តីហ្នឹងឯង សំខាន់​ណាស់​​ ជំហ៊ាន​ដំបូង​គឺ​អាជ្ញាធរ​ហ្នឹង​ឯង​ ជាអ្នក​បង្ហាញ​គំរូ​ ដើម្បី​ពង្រឹង​ក្នុង​ការ​គោរព​អនុវត្ត​ច្បាប់​ និង​បទ​បញ្ជា​​របស់​នាយក​រដ្ឋ​មន្រ្តី​ឲ្យ​មាន​ប្រសិទ្ធិភាព​នៅ​មូលដ្ឋាន​របស់​ខ្លួន ។​ ទី​២ ត្រូវ​ពង្រឹង​ឲ្យ​ប្រជាពលរដ្ឋ​​គ្រប់​និន្នាការ​ ត្រូវ​គោរព​ឲ្យ​បាន​នូវ​គោល​ការ​ណ៍​ច្បាប់​នានា​ ដែល​ដាក់​ចេញ​ពី​ថ្នាក់​ជាតិ​ ក៏​ដូច​ជា​ថ្នាក់​ខេត្ត បន្ត​បន្ទាប់​ដើម្បី​ឲ្យ​គោរព​ ត្រង់​ហ្នឹង​ហើយ​បាន​ន័យ​ថា យើង​ប្រជាធិបតេយ្យ​ ប្រកួត​ប្រជែង​អំណាច​នយោបាយ​ រដ្ឋ​អំណាច​ជា​រដ្ឋ​អំណាច​ប្រជាធិបតេយ្យ​កើត​ពី​​ប្រជា​ពល​រដ្ឋ​ ហើយ​រដ្ឋ​អំណាច​នេះ​បាន​ក្តាប់​ណែន​ក្នុង​ដៃ​ក្នុង​ការ​អភិវឌ្ឍន៍​ក្នុង​អាណត្តិ​របស់​យើង​នីមួយ​ៗ។​ ខ្ញុំ​ជឿថា​ល្អ ពេល​ហ្នឹង​ដូច​ជា​យើង​ជួយ​បង្ហាត់​គណបក្ស​ប្រឆាំង​ឲ្យ​​ចេះ​ធ្វើ​ការ​ដែរ បើ​សិន​ជា​យើង​ថ្លោះ​ធ្លោយ​ណា​មួយ​ ទី១ ធ្វើ​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត​ជាមួយ​ប្រជាពលរដ្ឋ​ ដែល​យើង​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​លុក​លុយ​នៅ​ក្នុង​ការ​រក្សា​ភាព​សុខ​ក្សេម​ក្សាន្ត និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​សហគមន៍​។ ទី​២ សម្រាប់​ន័យ​នយោបាយ​ គឺ​យើង​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​​គណបក្ស​ប្រឆាំង​មួយ​ នៅ​តែ​ជា​គណបក្ស​ប្រឆាំង​ដែល​គ្រាន់​តែ​គណបក្ស​ប្រឆាំង​ឆ្លៀត​ឱកាស​​វាយ​ប្រហារ​ទេ មិន​មែន​ជា​គណបក្ស​ប្រឆាំង​ដែល​ចូលរួម​ចំណែក​កសាង​ប្រទេស​ទេ​ នេះ​ជា​បញ្ហា​សំខាន់​ណាស់។​ ហើយ​ទី៣ ដែល​យើង​គួរ​ព្រួយ​បារម្ភ​ បើយើង​ធ្វើ​ខុស​ឆ្គង​វាក្លាយ​ទៅ​ជា​ ការ​ហែក​ហួរ​រវាង​និន្នាការ​នយោបាយ​ទៀត ពីព្រោះ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិន​មែន​មាន​ចរិត​ប្រជាធិបតេយ្យ​ដូច​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​នានា​ទេ គឺ​ពួក​គាត់​ដឹង​តែ​ពី​រក​វិធី​ហែក​ហួរ​​ ឬ​កលល្បិច​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគមន៍​នីមួយ​ៗ​​ គ្មាន​ការ​​ទុក​ចិត្ត​គ្នា បង្ក​ឲ្យ​មាន​បញ្ហា​ ដល់​យើង​លង់​ទៅ​លើ​ផល​ប្រយោជន៍​បន្តិ​ច​បន្តួច​ គឺ​ធ្លាក់​នៅ​ក្នុង​ឧ​បាយ​កល​របស់​គណបក្ស​ប្រឆាំង​​ ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​អំពី​គោល​នយោបាយដែល​រាជ​រដ្ឋ​ភិបាល​បាន​​ដាក់​ចេញ​ នេះ​ជា​ចំណុច​សំខាន់​។​

-មតិ​លោក ជុំ​ កុសល​
យើង​គួរ​អាណិត​ថ្នាក់​ដឹក​នាំ​ ព្រោះ​លោក​រាប់​ម៉ឺន​ជំពូក​ ហត់​ណាស់​ តែ​មាន​មន្ត្រី​អសកម្ម​ខ្លះ​ ម្នាក់​ ពីរ​នាក់ ធ្វើ​ឲ្យ​ឈឺ​ក្បាល​។​ ខ្ញុំ​ធ្លាប់​​​និយាយ​ថា មន្រ្តី​មុខ​ងារ​សាធារ​ណៈ និង​ស្ថាប័ន​ជំនាញ​គឺ​សំខាន់​ណាស់​ សេនាធិការ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​ បើ​បុគ្គល​ទាំង​ពីរ​ស្ថាប័ន​ហ្នឹង​ខ្លះ​លោក​អនុវត្ត​មិន​សមស្រប​នូវ​ចំណុច​ណា​មួយ​អាហ្នឹង​វា​ជា​បញ្ហា​ ព្រោះ​ថា្នក់​ដឹក​នាំ ​លោក​ត្រូវ​កា​សម្រេច​ចិត្ត​ បើ​សម្រេច​ចិត្ត​ខុស​កើត​ចេញ​ពី​អំពើ​ភូត​កុហក់​ ឬ​ក៏​របាយ​ការ​ណ៍​មិន​ស្មោះ​ត្រង់​ណាមួយ​​ ឬ​ក៏​ទង្វើ​ណា​មួយ​របស់​សេនា​ធិការ​​របស់​ថ្នាក់​ដឹក​នាំ អាហ្នឹង​ពិបាក​ហើយ។​ បើ​ថា​ល្មមៗ​បញ្ចប់​ទៅ​បុគ្គល​ខ្លះ​នោះ​​ ខ្ញុំ​រាល់​ថ្ងៃ​តាម​ដាន​ចំណុច​ហ្នឹង មាន​ពេល​ខ្លះ​ខ្ញុំ​ចេះ​តែ​គិត​ដែរ​ថា ចេះ​តែ​ចូល​ចិត្ត​ទៅធ្វើ​​អញ្ចឹង​ៗ ធ្វើ​ឲ្យ​អស់​លោក​ប្រឆាំង​​បាន​ដៃ ហើយ​រឿង​នេះ​អស់​លោក​ប្រឆាំង​ពូកែ​ពង្រីក​ស្ថាន​ការណ៍​ផង​ វា​ទៅ​អញ្ចឹង​ទៅ។ ដូច​រឿង​ដី​ធ្លី​អញ្ចឹង ខ្ញុំ​តែង​តែ​និយាយ​ច្រើន​ដង​ណាស់​ ប្រជាពលរដ្ឋ​មាន​បញ្ហា​រត់​ទៅ​រក​អាជ្ញា​ធរ​ទៅ​ ហើយ​អាជ្ញាធរ​ទោះ​បី​យ៉ាង​ណាៗ ត្រូវ​ចំណាយ​ពេល​វេលា​សម​ស្រប​ណាមួយ​ ដើម្បី​ជួប​ប្រជាពលរដ្ឋ​ពន្យល់​គាត់​ទៅ រក​ដំណោះ​ស្រាយ​ណា​មួយ​ឲ្យ​សម​ស្រប​ទៅ ទោះបី​មិន​បាន​ភ្លាម​ត្រូវ​កំណត់​ពេល​វេលា​ណា​មួយ​ ដើម្បី​ជជែក​ជាមួយ​គាត់​ទៅ​ អាហ្នឹង​វាល្អ​ ហើយ​សំខាន់​មួយ​ទៀត​គឺ​ឥរិយាបថ នៃ​មន្រ្តី​មូល​ដ្ឋាន​ អាជ្ញាធរ​​មុខ​ងារ​សាធារ​ណៈសំខាន់​ណាស់​ កុំ​ឲ្យ​គេ​ហៅ​ថា ថ្នាក់​ដឹក​នាំ​លោក​ផ្តល់តួនាទី​ ចៅហ្វាយ​ស្រុក​ ចៅហ្វាយ​ខេត្ត​ ឬ​ក៏​អាជ្ញា​ធរ​ណា​មួយ​ដែល​ពាក់​ព័ន្ធ​​ បាន​តួនាទី​ទៅ​ជា​ផ្លាស់​ប្តូរ​ឥរិយាបថ​ ពីមនុស្ស​ដែល​ធ្លាប់​តែ​សុភាព​រាប​សា ធ្លាប់​តែ​មាន​ទំនាក់​ទំនង​ល្អ​ ជា​មួយ​មិត្ត​ភក្តិ​ ជាមួយ​បង​ប្អូន ជាមួយ​ប្រជាពលរដ្ឋ​ ដល់​បាន​តួនាទី​ទៅ​ផ្លាស់​ប្តូរ​ឥរិយាបថ​ ខ្លួន​នឹង​ក្លាយ​ទៅ​ជាមនុស្ស​ផ្សេង​ គេ​ហៅ​ថា ជា​មនុស្ស​យក​អំណាយ​មក​ភ្លេច​បាត់​បង់​ទំនាក់​ទំនង​ល្អ​ ពាក្យ​សម្តី​ផ្លាស់​ប្តូរ​ អាហ្នឹង​បញ្ហា​ហើយ ពាក្យ​ចាស់​ពោល​ថា កាន់តែ​ធំ​កាន់​តែ​ដាក់​ខ្លួន​ អាហ្នឹង​ល្អ​ ជា​ពិសេស​នៅ​មូលដ្ឋាន​ជា​មួយ​ប្រជា​ពល​រដ្ឋ​ ខ្លះ​ឋានៈ​បុណ្យស័ក្តិ​ជា​មន្រ្តី​ មូល​ដ្ឋាន​ មន្រ្តី​មុខ​ងារ​សាធារ​ណៈ ​ប្រជាពល​រដ្ឋ​ឃើញ​ទៅ​ម្តងៗ​ លោក​រត់​មក​ស្វាគមន៍​លើក​ដៃ​ជម្រាប​សួរ​ គាត់​មិន​ចង់​តប​ទៅ​វិញ​ អាហ្នឹង​ហើយ​ថ្ងៃ​ក្រោយ​ទៅ​គាត់ថា អញខ្ជិល​​ណាស់ អញ​​ខំ​ទៅ​គោរព​គេ​ គេ​មិន​ចង់​និយាយ​រក​អញ​ផង​​ អាហ្នឹង​បញ្ហា សុំ​ឲ្យ​មានឥរិយាបថ​​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ​មូ​ល​ដ្ឋាន​ ​គឺ​ល្អណាស់​៕​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី