Monday, February 20, 2012

សន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​កាយ​រឹទ្ធិជាតិ​កម្ពុជា (កជក) ក្នុង​ពិធី​បំពាក់​កន្សែង​ជូន​នវកាយរឹទ្ធិ នៃ​កាយរឹទ្ធិជាតិ​កម្ពុជា​ខេត្តក្រចេះ


សន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ  សុខ អាន ឧបនាយក​រដ្ឋមន្ត្រី
រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​កាយ​រឹទ្ធិជាតិ​កម្ពុជា (កជក)
ក្នុង​ពិធី​បំពាក់​កន្សែង​ជូន​នវកាយរឹទ្ធិ នៃ​កាយរឹទ្ធិជាតិ​កម្ពុជា​ខេត្តក្រចេះ
ថ្ងៃទី២០   ខែកុម្ភៈ ឆ្នាំ២០១២
 
- សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ
- ឯកឧត្តម ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តី  រដ្ឋលេខាធិការ
-​ ឯកឧត្តម អភិបាល  អភិបាលរងនៃគណៈអភិបាលខេត្ត
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់
 - ថ្នាក់ដឹកនាំ និងក្មួយៗកាយរឹទិ្ធនៃកាយរឹទិ្ធជាតិកម្ពុជាទាំងអស់ជាទីមេត្រី !
 
 ថ្ងៃនេះ​ តាងនាមថ្នាក់​ដឹកនាំ​កាយរឹទ្ធិជាតិ​កម្ពុជា ខ្ញុំព្រះ​ករុណាខ្ញុំ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ​ដោយបាន​ចូលរួម​ក្នុងពិធី​សច្ចា​ប្រណិធាន​ និង​បំពាក់​កន្សែង​ជាផ្លូវការ​ជូន នវកាយរឹទ្ធិ​នៃ​កាយរឹទ្ធិ​ជាតិកម្ពុជា​ខេត្តក្រចេះ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក​នាពេល​នេះ។

 ខ្ញុំសូម​ស្វាគមន៍​យ៉ាងកក់​ក្តៅ ចំពោះ​វត្តមាន​របស់​ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា លោក   លោក​ស្រី​​ទាំងអស់ ក្នុង​ពិធីបំពាក់​កន្សែងដ៏​មានសារៈ​សំខាន់​នា​ពេលនេះ​ ដែលញ៉ាំង​ឱ្យពិធី ទាំង​មូល​​កាន់តែ​អធិ​​​កអ​​​​ធម​ និង​មានអត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ​និងបាន​លើក​ទឹកចិត្ត​ក្មួយៗ​ ជាសមាជិក​​​​​នៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្តក្រចេះ​ទាំងមូល​ឱ្យខិត​ ខំអប់រំ​ខ្លួន​និង​បង្កើន​ការ​ប្រព្រឹត្ត​អំពើ ល្អឲ្យកាន់​តែទូលំ​ទូលាយ ប្រកប​ដោយក្តី​មោទ​ន​ភាព​បំផុត​ ដែល​នឹងរួម​ចំណែក​ធ្វើឱ្យ​កិត្យា​នុភាព​​របស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា កាន់​តែខ្ពង់ខ្ពស់​ឡើងថែម​ទៀត។

 ស្ថិតក្នុង​បរិយាកាស​ដ៏សែន​មរីករាយនេះ​​ ខ្ញុំព្រះ​ករុណា​​​ខ្ញុំ  សូមពាំនាំនូវ​ការ​​នឹករលឹកនិង ការផ្តាំផ្ញើសួរសុខ​ទុក្ខពីសម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា-ណាចក្រ​ម្ពុជា និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជា​គរុគណ​នៃកាយរឹទ្ធិ​ជាតិកម្ពុជា ប្រគេនព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ  និង​ជូនឯក​ឧត្ត​ម​ លោក​ជំទាវ លោកឧកញ៉ា លោក លោកស្រី និងថ្នាក់​ដឹកនាំកាយ​រឹទ្ធិគ្រប់​លំដាប់​ថ្នាក់ ព្រម​ទាំង ក្មួយៗ​កាយរឹទ្ធិ​នៃកាយ​រឹទ្ធិជាតិ​កម្ពុជា​ខេត្ត​ក្រចេះ ក៏​ដូច​ជាថ្នាក់​ដឹកនាំ​ និង​សមាជិក​ សមាជិកា ​ទាំង​​អស់​នៃកាយរឹទ្ធិ​ជាតិ​កម្ពុជា នៅទូទាំង​ព្រះរាជា​ណា​​ចក្រ​កម្ពុជា។
                
-​​ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
 - ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងក្មួយៗកាយរឹទ្ធិទាំងអស់ !

 ដោយ​អនុវត្តតាម​ស្មារតី​សេចក្តី​សម្រេច​ នៃមហា​សន្និបាត​លើកទី២​ និង​ផែនការ​យុទ្ធសាស្ត្រ ​ឆ្នាំ​២០១០-២០២០​​ របស់កាយរឹទិ្ធ​ជាតិកម្ពុជា កាយរឹទ្ធិជាតិ​កម្ពុជា​រាជធានី​-ខេត្ត​ បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លាក្នុងការ​​ពង្រីកកម្លាំង​កាយរឹទ្ធិ​ប្អូន កាយរឹទិ្ធ និងកាយរឹទ្ធិ​រៀម​ច្បង នៅតាមគ្រឹះស្ថាន​សិក្សា​​​នានា នៅទូ​ទាំង​​ប្រទេស ដែលធ្វើឱ្យយុវជន​ទទួលស្គាល់​ច្បាស់ថា ការអប់រំ​តាម​រយៈ​ចលនា​កាយរឹទ្ធិ​ គឺពិតជាមាន​សារៈសំខាន់ និង​មិនអាច​ខ្វះបាន ដោយផ្តល់​នូវ​សក្តា​នុ​ពលពេញ​លេញ​ខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវ​អវេគ និង​ធ្វើ​ឱ្យយុវជនបានអភិវឌ្ឍ​​ខ្លួន​ ប្រ​ក​ប ​​​ដោយឆន្ទៈ វិរយៈ មនសិកាវិជ្ជាជីវៈ ថាមពល កំលាំង​កាយ ប្រាជ្ញា ស្មារតី ចំណេះដឹង ចំណេះធ្វើ ជំនាញ និមិត្តកម្ម និង​នវានុវត្ត​​ ដែល​ជាកត្តា​ធ្វើ​ឱ្យមានការ​ប្រែប្រួល​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កិច្ច នាពេល​បច្ចុប្បន្ន​ និង ទៅ​អនាគត​ប្រកប​ដោយ​និរន្តរភាព។

ជាក់ស្តែង​គិតម​កត្រឹម​ថ្ងៃនេះ គណៈកម្មា​ធិការប្រតិបត្តិ​កាយរឹទិ្ធជាតិ​កម្ពុជា​ខេត្ត​ក្រចេះ បានបណ្តុះ​បណ្តាល ​​និងកសាង​កម្លាំងកាយរឹទ្ធិ​នៅតាមវិទ្យាល័យ​នានា ក្នុងក្រុង-ស្រុក​ទាំង០៦  ​បាន​ចំនួន ៤.២២៥ នាក់ ក្នុងនោះយុវតីមាន​ចំនួន ២.០៣៧ នាក់ ដែលធ្វើឱ្យ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្តក្រចេះ​កាន់តែមាន​ភាព​រឹងមាំ​ ស័ក្កិសមជា​កម្លាំង​ស្នូលសម្រាប់​បុព្វហេតុ​​អភិវឌ្ឍខេត្ត ក៏ដូចជា សង្គម​ជាតិ​យើង​ទាំងមូល។

 ខ្ញុំព្រះ​ករុណាខ្ញុំ សូមសម្តែង​នូវការ​អបអរ​សាទរ និង​កោតសរសើរ​​​​ចំពោះ​ឯកឧត្តម ខាំ ភឿន ​អភិបាល​នៃគណៈ​អភិបាល​ខេត្ត និងជា​ប្រធាន​កាយរឹទិ្ធ​ជាតិ​កម្ពុជា​ខេត្តក្រចេះ និង ថ្នាក់ដឹកនាំ​ខេត្តគ្រប់​លំដាប់​ថ្នាក់ ដែលបាន​យក​អស់កម្លាំង​កាយចិ​ត្ត​ប្រមូលផ្តុំកម្លាំង​គ្រប់ផ្នែកបន្ត  កសាង​អភិវឌ្ឍខេត្ត​ លើកកម្ពស់​វិស័យ​កសិ​​កម្ម អភិវឌ្ឍតំបន់​រមណីយដ្ឋាន​ទេសចរធម្មជាតិ​កាំពីរ និងរមណី​ដ្ឋានវប្បធ​ម៌នានា និង​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​មានការ​កើនឡើង ជាបន្ត បន្ទាប់ ដែល​ជាកត្តា​រួមចំណែកលើ​កក​ម្ពស់​ជីវ​ភាព​​រ​ស់​នៅរបស់ប្រជាជន ឲ្យកាន់តែប្រសើរឡើង ជាលំដាប់។ ទន្ទឹមនឹង​ការកសាង​នូវសមិទ្ធផល​ទាំងនេះ ឯកឧត្តម​ក៏បាន​យកចិត្តទុក​ដាក់ផង​ដែរ ក្នុងការ​ជំរុញ​​ឲ្យស្នង​ការកាយរឹទ្ធិ​ជាតិកម្ពុជា​ខេត្តក្រចេះ ​បង្កើនការ​លើក​ទឹកចិត្ត​ឲ្យក្មួយៗ សិស្សា នុសិស្ស​តាមក្រុង-ស្រុក​ក្នុង​ខេត្ត​​ ស្ម័គ្រ​ចិត្តចូល​រួមយ៉ាង​សកម្មនិង​យ៉ាងច្រើន​កុះករក្នុង​ចលនា កាយរឹទ្ធិ​ជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាស​ដ៏ប្រសើរ​នេះ ខ្ញុំសូម​កោត​សរសើរ និង​វាយតម្លៃខ្ពស់​ចំពោះ​ក្មួយៗ កាយរឹទិ្ធជាតិ​កម្ពុជា​ខេត្តក្រចេះ ក៏ដូចជាក្មួយៗ​កាយរឹទ្ធិ​នៅតាម​បណ្តា​ខេត្តនានា ដែល​បានចូល​រួម​ជួយបោស​សំ​អាត​​សាលារៀន ​និងជួយជួសជុល​លំនៅដ្ឋាន​របស់ប្រជាជន​ ដែលទទួលរងការ ខូចខាតដោយ​សារទឹកជំនន់នា​ពេលថ្មីៗ​កន្លងទៅនេះ​​​​ ព្រមទាំងបាន​​ចូលរួមក្នុង​សកម្មភាព​ចាំបាច់ ដទៃទៀតជា​មួយ​អាជ្ញាធរ និងកាកបាទ​ក្រហមកម្ពុជា​គ្រប់លំដាប់​ថ្នាក់យ៉ាងសកម្ម​ និងទាន់ពេល វេលា។

 ជាមួយ​គ្នានេះ​ដែរ ខ្ញុំសូម​សម្តែងនូវ​ការកោត​សរសើរ និងថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​មាតា បិតា អាណា​ព្យាបាល លោកគ្រូ អ្នកគ្រូ នៅ​ទូទាំងប្រទេ​ស​ដែលបាន​ជំរុញ និង លើកទឹកចិត្តក្មួយៗ​ជាកូន ជាក្មួយ ជាសិស្សឲ្យមក​ទទួលការបណ្តុះ​បណ្តាល និង​ចូល​ជាសមាជិក កាយរឹទ្ធិជាតិ​កម្ពុជា​ប្រកប​ដោយ​ស្មារតី​អង់អាច​ក្លាហាន សំដៅរួម​ចំណែក​អភិវឌ្ឍធន​ធាន​មនុស្ស ប្រកប​ដោយឆន្ទៈ និងឧត្តម​គតិខ្ពស់ ដើម្បីបុព្វ​ហេតុ​កសាង និង​អភវឌ្ឍជាតិ​មាតុភូមិ។
 
           -​​ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
           - ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងក្មួយៗកាយរឹទ្ធិទាំងអស់ !
ពីអង្គវេទិកាដ៏​ឧត្តុងឧត្តមនេះ ខ្ញុំសូមសម្តែង​នូវការគោរ​ពដឹងគុណ​ដ៏ខ្ពង់​ខ្ពស់ និង​ជ្រាល ជ្រៅបំផុត​ចំពោះ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយរដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រ កម្ពុជា និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកន្លង​មក ក៏ដូច​ជាពេល បច្ចុប្បន្ន​​ បានយក​អស់​កម្លាំងកាយ​ចិត្ត និង​បញ្ញា​ញាណ​ បំពេញបេសកកម្ម​ដ៏ឧត្តុង្គ​ឧត្តម និង វិសេសវិសាល​បំផុត ដោយ​ធ្វើឲ្យមាន​ការផ្សះផ្សានិង​បង្រួប​បង្រួម​ជាតិ មានសុខ​សន្តិភាព ស្ថិរភាព​នយោបាយ លទ្ធិប្រជា​ធិតេយ្យ កំណើន​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ ព្រម​ទាំងបាន​ធ្វើសមា​ហរណកម្ម​កម្ពុជាទៅ​ក្នុងតំបន់​និងពិភព​លោក។ សម្តេច​តេជោ និងលោ​កជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត តែងតែយក​ចិត្តទុក​ដាក់ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​របស់​ប្រជា​ជន ​ដោយស្ថិត​នៅជាប់​ជាមួយ ប្រជាជន និង​ជួយប្រជាជន​គ្រប់កាលៈ​ទេសៈ រួមទាំងបាន​ជួយឲ្យកុមារ​និងយុវជន​​​កម្ពុជាទទួល​បាននូវ​សិទ្ធិគ្រប់​បែបយ៉ាង រួមមាន សិទ្ធិរស់​រានមាន​ជីវិត សិទ្ធិក្នុង​ការអភិវឌ្ឍ សិទិ្ធទទួល​ការ ការពារ និងសិទ្ធិ​ទទួលបាន​ការអប់រំ ប្រកប​ដោយ​សមធម៌ដើម្បី​សម្រេចឱ្យ​បាននូវ​ចំណេះដឹង ចំណេះ​ធ្វើ មានសីលធម៌​ល្អ និងចេះរស់នៅ​រួមគ្នាក្នុង​ស្មារតីសន្តិ​សហវិជ្ផមាន និងមាន​វិធានការ ទប់​ស្កាត់អំពើ​អសកម្ម​នានា ដូចជា ការសេព​គ្រឿងញៀន ការសេព​គ្រឿង​ស្រវឹង ការ​លេង ល្បែងស៊ី​សង សកម្មភាព​ក្មេង​​​ទំនើង ការលួច ឆក់ ប្លន់ ជាដើម។ល។ ​
 នៅក្នុងឆ្នាំ២០១​១កន្លងទៅ រាជរដ្ឋាភិ​បាល ​ដែលមាន​សម្តេចតេជោជាប្រមុខ បាន អនុម័តគោល​ន​​យោ​បាយជាតិស្តី​ពីការអភិវឌ្ឍ​យុវជ​ន​​​ក​ម្ពុជា ក្នុងគោលបំណងជំរុញឲ្យ​គ្រប់ ក្រសួង ស្ថាប័ន​សាធារណៈ ផ្នែកឯកជន អង្គការសង្គម​ស៊ីវិលជាតិ​ និងអន្តរជាតិ យក​ចិត្តទុកដាក់ លើក​កម្ពស់​ការអភិវឌ្ឍយុវជនដើម្បីឲ្យ​យុវជនគ្រប់រូប ជាពិ​សេស​យុវ​​ជ​នដែល​បាត់​បង់ឱកាស ​ទទួល​បាននូវការ​បណ្តុះបណ្តាល​សមត្ថភាព និងជំ​នាញ សម្រាប់រួម​ចំ​​ណែកក្នុងដំណើរការ   អភិវ​ឌ្ឍប្រទេសជាតិ។

 ទន្ទឹម​នឹងនេះ សម្តេច និងលោក​ជំទាវ បានឧបត្ថម្ភ និងគាំទ្រជានិច្ច​ដល់ដំណើរការ​កាយរឹទិ្ធ​​​ជាតិ​​​កម្ពុជា​ ក្នុងការពង្រីកតួនាទី​គំរូរបស់ខ្លួននៅក្នុងសង្គមជាតិ ​ដោយធ្វើឲ្យមានការប្រែប្រួល ឥរិយាបថរបស់​យុវជនឆ្ពោះ​ទៅរកភាពជឿន​លឿនប្រកប​​​​​ដោយ​ភាពក្លាហាន ដើម្បីផ្សាភ្ផាប់ខ្លួន ទៅនឹងភារកិច្ច​អភិវឌ្ឍខ្លួន​ឯង ជួយអ្នក​ដទៃ និងភារកិច្ចចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីរួមចំណែក​លើកកម្ពស់​ការអនុវត្ត​បេសកកម្ម​ជាប្រវត្តិសាស្ត្រ​ របស់កាយ​រឹទ្ធិជាតិកម្ពុជា ឲ្យ ទទួលបាន​នូវ​តម្លៃជាសាកល​សំដៅជំរុញ​ចលនាកាយរឹទ្ធិ​ឱ្យកាន់តែរឹង​មាំជាលំដាប់ ទាំងបរិមាណ និងគុណភាព។

ជាការឆ្លើយតប​ទៅនឹង​គុណូបការៈ​ដ៏ធំធេង​ របស់សម្តេច​តេជោនិងលោក​​ជំទាវ​ និងដើម្បី ឲ្យស័ក្តិសមជា​សមាជិករបស់អង្គការ​ពិភព​លោកនៃចលនា​កាយរឹទ្ធិ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវ ដល់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី និងក្មួយៗទាំងអស់ ឲ្យ​បង្កើន​​​ការពង្រឹង និងពង្រីក​ចលនាកាយ​រឹទ្ធិជាតិ​កម្ពុជា​ឱ្យបាន​ខ្លាំងក្លា​ជាងនេះ​ថែមទៀត តាម​រយៈ សកម្ម​ភាព​ចាំ​​បាច់មួយចំនួន​ដូចខាង​ក្រោម៖ 
       
- អគ្គលេខាធិការ​ដ្ឋាន និងស្នងការដ្ឋាន​ជាតិនៃកាយ​រឹទ្ធិជាតិ​កម្ពុជា ត្រូវ​បន្តរៀបចំ​សៀវ​ភៅ​​ស្តីពីកាយ​រឹទ្ធិប្អូន កាយរឹទ្ធិ និងកាយ​រិទ្ធិរៀមច្បង និងសេចក្តី​ណែនាំ​ពាក់ព័ន្ធ​នឹងការ​រៀប​ចំ​ក្រុម​​ប្រឹក្សា​កាយរឹទិ្ធ​ រៀមច្បងថ្នាក់ជាតិ​ ឲ្យបានចប់សព្វ​គ្រប់នៅពាក់​កណ្តាល​ឆ្នាំ២០១២​នេះ។ ត្រូវបន្តរៀប​ចំកងឯកភាព កង និង​ល្បាតរៀមច្បង ​ឲ្យមានឯកភាព​នៅ​ទូទាំង​ប្រទេស និង ស្របតាមស្តង់ដា​អន្តរ​ជាតិ។ ​​ត្រូវបន្តធ្វើប្រវត្តិរូប​និងអត្តសញ្ញាណ​ប័ណ្ណកាយរឹទិ្ធ​ដល់សមាជិក​ គ្រប់រូប  និងរៀប​ចំ​វគ្គ​​បណ្តុះបណ្តាល​គ្រូបង្គោល និងស្នងការ សម្រាប់​រាជធានី-​ខេត្ត​ ឱ្យ​បាន​ទាន់​ពេល​វេលា ពិសេសត្រូវ​ជំរុញការ​រៀបចំ​កម្មវិធីធ្វើតេស្តតម្លើង​​ឋានន្តរស័ក្កិដល់ស​ មាជិក​កាយរឹ​ទ្ធិ​​ ឱ្យបានត្រឹមត្រូវ​ទៅ​តាមបែបបទ​ទាំង៦កម្រិតនៃ​ឋានន្តរស័កិ្កកាយរឹទិ្ធដែ​ល​ ក្នុង​នោះរួមមានៈ

              ១-​ ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់ដំបូង     
              ២- ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់លេខ២
              ៣- ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់លេខ១    
              ៤- ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់ផ្កាយ
              ៥- ឋានន្តរស័ក្តិថ្នាក់វរកាយរឹទ្ធិ​ និង
              ៦- ឋានន្តរស័ក្តិថ្នាក់អង្គរ ។
              ការធ្វើឲ្យសម្រេ​ចនូវកម្មវិធី​តម្លើងឋានន្តរស័ក្កិ​នេះជាការចាំបាច់​ ណាស់ដើម្បី​ឱ្យកាយរឹទ្ធិគ្រប់រូបមាន​ការយល់ដឹងអំពីលំដាប់​បច្ចេកទេស​ កាយរឹទ្ធិបាន​យ៉ាងត្រឹម​ត្រូវ។

 ២- កាយរឹទ្ធិ​ជាតិកម្ពុជា​រាជធានី-ខេត្ត ត្រូវរៀបចំ​ឱ្យមានបទ​បញ្ជាផ្ទៃ​ក្នុង និង​ផែនការ​សកម្មភាព​​របស់ខ្លួន​ដោយផ្អែក​លើមូលដ្ឋាន​ធម្មនុញ្ញនិង​ បទបញ្ជាផ្ទៃ​ក្នុងរបស់​កាយរឹទ្ធិជាតិកម្ពុជា​ ​​ដើម្បី​ធានាប្រសិទ្ធភាព​ការងារ និងត្រូវបន្តរៀប​ចំកាយរឹទ្ធិកម្ពុជា​ថ្នាក់​​ក្រុង-ស្រុក-ខណ្ឌ ឱ្យបាននៅ​ពាក់កណ្តាលឆ្នាំ២០១២​នេះ ដើម្បីឈានទៅ​បង្កើនប្រសិទ្ធភាព​នៃការគ្រប់គ្រង​សមាជិក​កាយរឹទ្ធិ​​​ទាំង​​ អស់កាន់​​​តែ​​ល្អប្រសើរ និងសហកា​រជាមួយស្នង​ការជាតិរៀបចំ​បណ្តុះបណ្តាល​សមត្ថភាព​មេកងប្អូន មេកង និងមេកងរៀម​ច្បង ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការ​របស់មូលដ្ឋាន ពិសេស​​ត្រូវគិតអំពី​ការរៀបចំ​​ទីស្នាក់​​ការ​​កាយរឹទ្ធិជាតិកម្ពុជារា​ ជធានី-ខេត្ត ឱ្យបាន​សមស្រប នៅដំណាច់​ឆ្នាំ២០១២​ ខាងមុខ​នេះ។

- ស្នងការកាយ​រឹទ្ធិជាតិកម្ពុជា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ទាំងអស់  ត្រូវ​រៀប​ចំ​កង​ឯកភាពកាយ​រឹទ្ធិប្អូននៅតាមសាលាប​ឋមសិក្សា ដោយយក​សាលារៀន​ណាមួយ​ធ្វើជាគំរូ នៅថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ​ នៅ​ចុង​ឆ្នាំ២០១២ នេះ ដោយហេតុថា ការបណ្តុះ ស្មារតីកាយរឹទ្ធិ​ពីកុមារភាព គឺមានភាពចាំបាច់ និង​មានសារៈសំខាន់​បំផុតសម្រាប់​កាយរឹទ្ធិ ជាតិកម្ពុជា។ ទន្ទឹមនោះ​ ត្រូវយកចិត្តទុក​ដាក់រៀបចំ​ការបោះ​ជំរុំកា​យរឹទ្ធិថ្នាក់ខេត្តឱ្យ​បានទៀង ទាត់ជារៀង​រាល់ឆ្នាំ ដើម្បីឱ្យក្មួយៗ​កាយរឹទ្ធិទាំងអស់​មាន​ឱកាសផ្សា​ភ្ជាប់ខ្លួនជាមួយនឹង ធម្មជាតិ និងអាចអនុវត្តបច្ចេកទេស​កាយរឹទិ្ធនៅតាមទីវាល ព្រមទាំងបង្កើន​ការរឹត​ចំ​ណងមិត្តភាព សាមគ្គីភា​ពឱ្យកាន់​តែរឹងមាំ​ថែមទៀត។

- មេកងឯកភាព​កាយរឹទិ្ធប្អូន កាយរឹទ្ធិ និងកាយរឹទ្ធិ​រៀមច្បង ត្រូវជួយ​បង្ក​លក្ខណៈ​ឱ្យកង និងល្បាត ចេះរៀបចំ និងអនុវត្តផែន​ការប្រចាំសប្តាហ៍ ដើម្បីឱ្យសមាជិកកាយរឹទ្ធិប្អូន កាយរឹទ្ធិ និងកាយរឹទ្ធិ​រៀមច្បងគ្រប់រូប​បានយល់​ដឹងអំពីតួនាទី​របស់ខ្លួន​នៅក្នុងកង​ ឯកភាព ​កង និងល្បាត ​និង​ចេះ​ចាំនូវពាក្យសច្ចា​ប្រណិធាននិងច្បាប់​កាយរឹទ្ធិយ៉ាង​ស្ទាត់ជំនាញ និង​មានឆន្ទៈ ធ្វើ​អំ​ពើ​ល្អ ទោះជាបុគ្គលក្តី​ ជាក្រុមក្តីឱ្យបាន​ជាប្រចាំនិង​ជារៀងរាល់ថ្ងៃ។

-  ចំពោះក្មួយៗ​ជាសមាជិកកាយ​រឹទ្ធិជាតិកម្ពុជា ចូរក្មួយៗ​បង្កើនស្មារតីចូលរួមក្នុង​ចលនា​កាយរឹទ្ធិ ដោយផ្តោតការ​ការយកចិត្តទុក​ដាក់និងខិតខំប្រឹង​ប្រែងអនុវត្ត​ វិធីកាយរឹទ្ធិឱ្យ បានខ្ជាប់ខ្ជួន ដើម្បីឱ្យកាយ​រឹទ្ធិ​គ្រប់រូបទទួលបាន​នូវការអភិវឌ្ឍខ្លួន​ឯងទាំង​ផ្នែកបញ្ញា និងស្មារតី តាមរយៈការ​បោះ​ជំរំ និងការប្រព្រឹត្ត​អំពើល្អជាប្រចាំ ឱ្យទៅជា​ទម្លាប់នៅក្នុង​ជីវភាពរស់​នៅ ព្រមទាំង​បាន​​យល់ច្បាស់អំពី​តម្លៃនៃការងារ និង​ផលប្រយោជន៍​សមូហភាព ចេះស្រឡាញ់ ​ខ្លួនឯង និង​ចេះគោរព​អ្នក​ដទៃ ជាពិសេសត្រូវ​ប្រកាន់ខ្ផាប់នូវការ​គោរពច្បាប់ គោរពសិទ្ធិអ្នកដទៃ និងអនុវត្ត​គោលការណ៍­លទ្ធិប្រជា​ធិ​បតេយ្យ​ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។

៦-           កាយរឹទ្ធិជាតិកម្ពុជារាជធានី-ខេត្ត ត្រូវផ្តល់របាយការណ៍ប្រចាំខែ ប្រចាំ​​​​​​​ត្រីមាស និងប្រចាំឆ្នាំ ព្រមទាំងព័ត៌មានពាក់ព័ន្ធទាំងឡាយ ទៅអគ្គលេខាធិការដ្ឋានកាយរឹទ្ធិ​ជាតិ​កម្ពុជា ​ឱ្យ​​បាន​ទៀងទាត់ ដើម្បីផ្តល់នូវភាពងាយ​ស្រួលក្នុងការ​គ្រប់​គ្រង និងរៀបចំរបាយការណ៍ជូនរាជ រដ្ឋាភិបាល និងអង្គការ​ពិភពលោក​នៃចលនាកាយរឹទិ្ធប្រ​ចាំ​​តំបន់​អាស៊ីប៉ាស៊ីហ្វិក ។
 
              - ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
           - ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងក្មួយៗកាយរឹទ្ធិទាំងអស់
ជាការពិតណាស់ថា ការងារពង្រឹងសកម្មភាពកាយរឹទ្ធិនៅទូទាំងប្រទេសកម្ពុជា គឺមិន អាចប្រព្រឹត្ត​ទៅ​បានដោយគ្មានការចូលរួមសហការពីសំណាក់ស្ថាប័នក្រៅរដ្ឋាភិបាល ក៏ដូចជា ផ្នែកឯ​កជ​ន​បា​ន​នោះឡើយ។ ដូច្នេះ ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់សប្បុរសជនទាំងអស់ ទាំងផ្នែក​ឯកជន អង្គការមិនមែន​រដ្ឋាភិបាល ក៏ដូចជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់​​ សូមចូល​រួមចំណែក​ជំរុញចលនាអ​ប់រំតាម​រយៈប្រព័ន្ធ​កាយរឹទ្ធិកម្មនេះ ឱ្យកាន់តែមានភាពរស់រវើក និងមានប្រសិទ្ធ​​​ភាពខ្ពស់ដើម្បីជាប្រយោជន៍​ដល់សង្គម​ជាតិយើង។

តាមរយៈសកម្មភាពខាងលើនេះ  ខ្ញុំព្រះករុណាខ្ញុំ ពិតជាមាន​ជំនឿយ៉ាង​មុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងក្មួយៗទាំងអស់ នឹងខិតខំពង្រឹង ការងារកាយរឹទ្ធិ​ជាតិ​កម្ពុជា​នៅគ្រប់លំដាប់​ថ្នាក់ឲ្យសម្រេច​បានលទ្ធផល​ ល្អប្រសើរ តាមរយៈ​ការ​កសាង​ឱ្យបាន​​នូវ​កម្លាំងកាយរឹទ្ធិ​មួយដ៏អង់​អាចក្លាហាន ជាពលរដ្ឋល្អ មានសមត្ថភាព​គ្រប់គ្រាន់ មានស្មា​រតីទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីឱ្យកម្លាំង​កាយរឹទ្ធិនេះ​ក្លាយជាអ្នក​បន្តវេនដ៏មាន​ប្រសិទ្ធភាព ក្នុងកិច្ចការ​អភិវឌ្ឍប្រទេ​សជាតិ។

ជាទីបញ្ចប់  ខ្ញុំព្រះករុណាខ្ញុំ  សូមប្រគេន​ពរថ្វាយព្រះថេរានុត្ថេរៈ​គ្រប់ព្រះអង្គ និង ជូនពរ ឯកឧត្តម លោកជំទាវ ​លោកឧកញ៉ា លោក លោកស្រី និងក្មួយៗកាយ​រឹទ្ធិទាំង​អស់ នូវពុទ្ធពរ​ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងទទួល​បានជោគជ័យ គ្រប់ភារកិច្ច និងមាន​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​គ្រប់ៗគ្នា។

សូមអរព្រះគុណ និងអរគុណ !

ឯកឧត្តម​​បណ្ឌិត​ស​ភាចារ្យ សុខ អាន និង​លោក​ជំទាវ បំពាក់កន្សែង​ជូននវកាយ​រិទ្ធខេត្ត​ក្រចេះ


កាយរឹទ្ធជាតិ ​កម្ពុជា​ខេត្ត​ក្រចេះ​ចំនួន​៣៤២៩​នាក់ ត្រូវ​បាន​បំពាក់​កន្សែង​ជូន​ដោយ ឯក​ឧត្តម បណ្ឌិត​សភា​ចារ្យសុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និងជា​ប្រធាន​កាយរឹទ្ធ​ជាតិ​កម្ពុជា និង​លោក​ជំទាវ​នាព្រឹក​ថ្ងៃទី ២០ ខែ កុម្ភៈ​ឆ្នាំ​២០១២។

ថ្លែងនៅក្នុង​ពិធីសច្ចា​ប្រណិធាន និងបំពាក់​កន្សែង​ដល់ នវកាយរឺទ្ធ​ជាតិ​កម្ពុជា ខេត្ត​ក្រចេះ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ខេត្ត​ក្រចេះ ឯកឧត្តម បណ្ឌិត​សុខ អាន ​បាន​មាន​ប្រសាសន៍​ចាត់ទុក​ពិធី​បំពាក់​កន្សែង ជូន​នវកាយរឺទ្ធ ថ្មី​ខេត្ត​ក្រចេះនា​ពេលនេះ​​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ និង​បាន​លើក​ទឹកចិត្ត​ក្មួយៗ​ ជា​សមាជិក​​​​​នៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​ក្រចេះ​ទាំងមូល​ឱ្យខិត​ ខំអប់​រំខ្លួន​និង​បង្កើន​ការ​ប្រព្រឹត្ត​អំពើ ល្អឲ្យកាន់​តែ​ទូ​លំ​​​ទូលាយ ប្រកប​ដោយ​ក្តី​មោទ​ន​ភាពបំផុត​ ដែលនឹង​រួមចំណែក​ធ្វើឱ្យ​កិត្យា​នុភាព​​របស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា​កាន់​ តែខ្ពង់​ខ្ពស់​ឡើង​ថែម​ទៀត។
 
ជាមួយ​នឹងការ​សម្តែង​នូវកា​រគោរព​ដឹង​គុណ​ ដ៏ខ្ពង់​ខ្ពស់ និង​ជ្រាល ជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយរដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ កម្ពុជា និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​កន្លង​មក ក៏ដូច​ជា​ពេល បច្ចុប្បន្ន​​ បាន​យក​អស់​កម្លាំង​កាយចិត្ត និង​បញ្ញាញា​ណ បំពេញ​បេសកកម្ម​ដ៏ឧត្តុង្គ​ឧត្តម និង វិសេស​វិសាល​បំផុត ដោយធ្វើឲ្យ​មាន​ការ​ផ្សះផ្សា​និង​បង្រួប​បង្រួម​ជាតិ មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ លទ្ធិប្រជា​ធិតេយ្យ កំណើន​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ ព្រម​ទាំង​បាន​ធ្វើសមា​ហរណកម្ម​កម្ពុជា​ទៅក្នុង​តំបន់និង​ពិភព​លោក​ ឯកឧត្តម​បណ្ឌិត​សុខ អាន បាន​មាន​ប្រសាសន៍​ថា សម្តេច​តេជោ និងលោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត តែង​តែយក​ចិត្តទុក​ដាក់​ខ្ពស់​បំផុត​​ចំពោះ​សុខទុក្ខ​របស់​ប្រជា​ជន ​ដោយស្ថិត​នៅជាប់​ជាមួយ​ ប្រជាជន និង​ជួយ​ប្រជាជន​គ្រប់​កាលៈ​ទេសៈ រួមទាំង​បានជួយ​ឲ្យកុមារ​និង​យុវជន​​​កម្ពុជាទទួល​បាននូវសិទ្ធិ​គ្រប់បែប​ យ៉ាង រួមមាន សិទ្ធិរស់រាន​មាន​ជីវិត សិទ្ធិ​ក្នុងការ​អភិវឌ្ឍ សិទិ្ធទទួល​ការ ការ​ពារ និង​សិទ្ធិ​ទទួល​បានកា​រអប់រំ ប្រកប​ដោយ​សមធម៌​ដើម្បី​សម្រេច​ឱ្យបាន​នូវចំណេះ​ដឹង ចំណេះ​ធ្វើ មាន​សីលធម៌ល្អ និងចេះរស់នៅរួមគ្នាក្នុងស្មារតីសន្តិសហវិជ្ផមាន និងមានវិធានការ ទប់​ស្កាត់​អំពើអសកម្មនានា ដូចជា ការសេពគ្រឿងញៀន ការសេពគ្រឿងស្រវឹង ការលេង ល្បែងស៊ីសង សកម្មភាព​ក្មេង​​​ទំនើង ការលួច ឆក់ ប្លន់ ជាដើម។ល។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី និង​ជាប្រធាន​កាយរឹទ្ធ​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យដឹងថា នៅក្នុង​ឆ្នាំ២០១​១កន្លង​ទៅ រាជរដ្ឋាភិ​បាល ​ដែលមាន​សម្តេច​តេជោជា ​ប្រមុខ បាន អនុម័តគោល​ន​​យោ​បាយ​ជាតិស្តី​ពីការ​អភិវឌ្ឍ​យុវជ​ន​​​ក​ម្ពុជា ក្នុងគោល​បំណងជំរុញឲ្យ​គ្រប់ ក្រសួង ស្ថាប័ន​សាធារណៈ ផ្នែក​ឯកជន អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និងអន្តរជាតិ យក​ចិត្តទុកដាក់ លើក​កម្ពស់​ការអភិ​វឌ្ឍ​យុវជន​ដើម្បីឲ្យ​យុវជន​គ្រប់រូប ជាពិ​សេស​យុវ​​ជ​នដែល​បាត់​បង់ឱកាស ​ទទួល​បាននូវការបណ្តុះបណ្តាលសមត្ថភាព និងជំ​នាញ សម្រាប់រួម​ចំ​​ណែកក្នុងដំណើរការ   អភិវ​ឌ្ឍប្រទេសជាតិ។​ សម្តេច និងលោក​ជំទាវ បានឧបត្ថម្ភ និងគាំទ្រជានិច្ច​ដល់ដំណើរ​ការ​កាយរឹទិ្ធ​​​ជាតិ​​​កម្ពុជា​ ក្នុងការពង្រីកតួនាទីគំរូរបស់​ខ្លួននៅក្នុង​សង្គមជាតិ ​ដោយធ្វើ​ឲ្យមាន​ការ​ប្រែប្រួល ឥរិយាបថ​របស់យុវជន​ឆ្ពោះទៅ​រកភាព​ជឿន​លឿន​ប្រកប​​​​​ដោយ​ភាព​ក្លាហាន ដើម្បី​ផ្សាភ្ផាប់​ខ្លួន ទៅនឹងភារ​កិច្ចអភិវឌ្ឍ​ខ្លួនឯង ជួយ​អ្នក​ដទៃ និងភារ​កិច្ចចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ដើម្បីរួម​ចំណែក​លើកកម្ពស់​ការ​អនុវត្ត​បេសកកម្ម​ជាប្រវត្តិសាស្ត្រ​ របស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា ឲ្យទទួលបាន​នូវ​តម្លៃជា​សាកល​សំដៅ​ជំរុញ​​​ចលនា​កាយរឹទ្ធិ​ឱ្យកាន់តែរឹង​ មាំជា​លំដាប់ ទាំង​បរិមាណ និង​គុណភាព។

          ក្នុង​នាម​កាយរឹទ្ធជាតិ​កម្ពុជា​ឯកឧត្តម​បណ្ឌិត សុខ​ អាន​បានមាន​ប្រសាសន៍​ណែនាំ​ឲ្យ​ក្រុម​ប្រឹក្សាកាយ​រឹទ្ធជាតិ​កម្ពុជា​ ខេត្តក្រចេះ​ខិតខំ​អប់រំ បណ្តុះ​បណ្តាលជំនាញ​កាយរឹទ្ធ​និង​ពង្រីក​សមាជិក​កាយ​រឹទ្ធ​បន្ថែម​ទៀត​ពិសេស ការរៀបចំ​ធ្វើតេស្តតំ​ឡើងឋានៈ​ជូន​សមាជិក​កាយរឹទ្ធ។ ឯកឧត្តម​បណ្ឌិត សុខ អានក៏បាន​អំពាវ​នាវ​ដល់​សប្បុ​រស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា ឲ្យជួយ​ចូលរួម​គាំទ្រ​ដល់ចលនា​កាយរឹទ្ធ​ជាតិ​កម្ពុជា ឲ្យបាន​រីកចម្រើន និងរឹង​មាំ​ដើម្បីឲ្យ​ប្អូនៗយុវជន​មានសត្ថ​ភាព​ក្នុងការ​ចូលរួម​កសាង​និង​ អភិវឌ្ឍន៍​ប្រទេស​ជាតិ។
 
ឯកឧត្តម ខាំ ភឿន អភិបាល​នៃគណៈ​អភិបាល​ខេត្ត​ក្រចេះ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​កាយរិទ្ធិ​ជាតិ​កម្ពុជា​ខេត្តក្រចេះ បានឲ្យដឹង​ថា ក្រោមការ​ដឹកនាំ​ដ៍ឈ្លាស​វៃ​ប្រកប​ដោយគតិ​បណ្ឌិ​របស់​សម្តេច​អគ្គមហា​សេនា​ បតីតេជោ ហ៊ុន សែន ខេត្តក្រចេះ​កសាង​បាននូវ​សមិទ្ធិ​ផលថ្មីៗ​ជាច្រើន​មាន ជាអាទិ៍ ហេដ្ឋារចនា​សម្ព័ន្ធ បណ្តាញ​អគីសនី បណ្តាញ​ទឹកស្អាត ប្រឡាយ​ទឹកច្រាំង​ទន្លេ និងសមិទ្ធិផល​ផ្សេងៗ​ទៀត​ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ ។ កាយរិទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​ក្រចេះ​បាន​បដិសន្ធិ​ឡើង​នៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០០០។ ក្រោមការ​ដឺកនាំ ណែនាំ​របស់​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន និង​ការយក​ចិត្តទុ​ក​ដាក់ពី​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ដែល​ជាគរុ​គុណ​កាយរឺទ្ធជាតិ​កម្ពុជា មកដល់​ឆ្នាំ ២០១២នេះ​ សមាជិក​កាយរិទ្ធិ​ទូទាំង​ខេត្តក្រចេះ​មាន​ចំនួន​៤.៣៩១នាក់​ក្នុងនោះ​ស្រី ២១១០ នាក់។ កាយរិទ្ធិ​ជាតិ​កម្ពុជា ខេត្តក្រចេះ​រួមនឹង​យុវជនស្ម័គ្រ​ចិត្តកាក​បាទក្រហម​កម្ពុជា សាខា​ខេត្ត​ក្រចេះ បានចូល​រួមក្នុង​សកម្មភាព​សង្គជា​ច្រើន មានជា​អាទិ៍ ធ្វើពលកម្ម​សំអាត ទីធ្លា​សា​​ធារណៈ វត្ត និង​ផ្សា​ក្រចេះ ក្រោយ​ពេលទឹក​ស្រក ចុះជួយច្រូត​ស្រូវ​ក្នុង ឃុំបុស​លាវ និង​ឃុំ​ថ្មគ្រែ ស្រុកចិត្តបូរី និងចូល​រួមចែក​អំណោយ​ដល់កងទ័ព​នៅព្រំដែន​កម្ពុជា​ថៃ ខេត្ត​ព្រះ​វិហារ​។

          សូម​បញ្ជាក់​ថា កាយរឹទ្ធ​ជាតិ​កម្ពុជា​បាន​បង្កើត​ឡើងតាំង​ពីទសវត្ស​ឆ្នាំ ១៩៣០មក​ម្លេះ ប៉ុន្តែ​មិនបាន​ចូលជា​សមាជិក​អង្គការ​កាយរឹទ្ធិ​ពិភពលោក​ឡើយ។ រហូតដល់​ឆ្នាំ ២០០៨ ក្រោមការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន សែន កាយរឹទ្ធជាតិ​កម្ពុជាត្រូវ​បាន​អង្គការ​កាយរឹទ្ធិ​ពិភពលោក​ដែលមាន​សមាជិក​ជា ​ង ៤០លាន​នាក់ ទទួល​ស្គាល់​ជាសមាជិក​និងបានចូល​រួមសកម្មភាព​ជាច្រើនរបស់​អង្គការនេះ​ ក្នុងកំរិត​ពិភព​លោក និងតំបន់។

របាយការណ៍ ស្វាគមន៍ របស់​ឯកឧត្តម ខាំ ភឿន អភិបាល នៃគណៈ​អភិបាល​ខេត្ត​ក្រចេះ ក្នុងពិធីសច្ចា​ប្រណិ​ធាន និង​បំពាក់​កន្សែងដល់​នវកាយ​រិទ្ធិ ជាតិ​កម្ពុជា ខេត្ត​ក្រចេះ