Friday, February 24, 2012

បទសម្ភាសន៍​រវាង លោក​បណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​​ជា​មួយលោក​ សត្យា រក្ស អ្នកសម្រប​សម្រួល​កម្ម​វិធីវិភាគ​ព្រឹត្តការណ៍សង្គម ទូរទស្សន៍ បាយ័ន​ ស្តីពី​ តួនាទី​និង​​ភា​រកិច្ច​​របស់​អ្នក​​តំណាង​​រាស្រ្ត


                                                            ​ ​     ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២
លោក​ សត្យា រក្ស
សំណួរ៖ ដោយ​ហេតុ​ថា អ្នក​តំណាង​រាស្រ្ត​ មួយ​ចំនួន​ ខ្លះ​ច្រើន​តែ​ប្រើ​ប្រាស់​តួនាទី ​របស់​ខ្លួន​ហួស​ពី​តួនាទី រហូត​ដល់​លូក​ដល់​កិច្ចការ​អ្នក​​ដ៏ទៃ​ថែម​ទៀត​ រួម​ទាំង​ការ​ពន្យល់​នូវ​សកម្មភាព​ខុស​ឆ្គង​របស់​​ខ្លួន​ថា ជា​តួនាទី​របស់​អ្នក​តំណាង​រាស្រ្ត​ទៅ​វិញ។​​ ចំណុច​នេះ​គឺ​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ខ្លះ​កំពុង​តែ​ងឿង​​​ឆ្ងល់​អំពី​ការ​ប្រើ​ប្រាស់​នូវ​សេរីភាព ហួស​ព្រំ​ដែន​របស់​អ្នក​តំណាង​រាស្រ្ត​ហ្នឹង ដែល​ធ្វើ​ឲ្យ​ខូច​នូវ​កេរ្តិ៍​ឈ្មោះ​​ក៏​ដូច​ជា​កិត្តិយស​របស់​អ្នក​តំណាង​ រាស្រ្ត​ផង​ដែរ។ ចំណុច​នេះ​ខ្ញុំ​បាទ​អាច​លើក​ឧទាហរណ៍​ជាក់​​ស្តែង​បន្តិច​​ តួយ៉ាង​ដូច​បង​ប្អូន​ឃើញ​ហើយ អ្នក​តំណាង​រាស្រ្ត​របស់​គណបក្ស​ សម រង្ស៊ី មិន​ថា​ឡើយ​តែ​កូន​ចៅ​របស់​លោក សម រង្ស៊ី សូម្បី​តែ​លោក សម រង្ស៊ី ផ្ទាល់​ក៏​ដើរ​តួនាទី​បង្ហាញ​នូវ​ភាព​ទំនើង​​បង្ហាញ​​ប្រជាពលរដ្ឋ​បាន​​ឃើញ​ ផង​ដែរ​ ដូច​ជា​គាត់​បាន​ប្រើ​ប្រាស់​សេរីភាព​របស់​គាត់​មិន​ដឹង​ថា សេរីភាព​របស់គាត់​​បាន​ពី​ណា​ទេ។​ គាត់​ទៅ​កកូរ​កកាយ​ចំពោះ​បញ្ហា​ព្រំ​ដែន​​ នេះ​ចំពោះ​លោក​ សម រង្ស៊ី ហើយ​បើ​​ងាក​មក​មើល​អ្នក​នៅ​ក្រោម​បង្គាប់​របស់​គាត់​ដូច​ជា​លោក ចាន់​​ ចេន​ លោក​ស្រ្តី​ មួរ​ សុខហួរ​ ជា​ដើម ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​បញ្ហា​ទាក់​ទង​ទៅ​នឹង​ផ្លូវ​តុលាការ​នេះ​ តែ​ម្តង។​​ ដោយ​ ចាន់​ ចេន នេះ​បាន​ប្រើ​រូប​ភាព​ក្នុង​ការ​រំដោះ​អ្នក​ដែល​មាន​ទោស​ទណ្ឌ ហើយ​ មួរ​ សុខហួរ​ កំពុង​តែ​មាន​បញ្ហា​ទៀត​ហើយ ដោយ​គាត់​ប្រើ​ប្រាស់​តួនាទី តំណាង​រាស្រ្ត​របស់​គាត់​​ទៅ​ញុះ​ញង់​អុច​អាល​អ្នក​ទោស​ឲ្យ​រត់​ចេញ​ពី​ មន្ទីរ​ឃុំ​ឃាំង​ជាដើម​ ។​ អញ្ចឹង​បញ្ហា​នេះ​ តើ​អ្វី​ដែល​អ្នក​តំណាង​រាស្រ្ត គណបក្ស​ប្រឆាំង​ បាន​ធ្វើ​ និង​កំពុង​ធ្វើ​នូវ​សកម្ម​ភាព​បែប​នេះ​ តើ​វា​ជា​តួនាទី​របស់​​អ្នក​តំណាង​រាស្រ្ត​ ឬ​ក៏​ជា​អំពើ​ទំនើង​របស់​​គាត់​?

លោក​បណ្ឌិត ឈឹម​ ផលវរុណ
ចម្លើយ៖ ​​ត្រង់​ចំណុច​ហ្នឹង​​​ ខ្ញុំ​ចង់​បញ្ជាក់​ទី​១​ ខ្ញុំ​ពន្យល់​ទ្រឹស្តី​នៃ​តួនាទី​ភារកិច្ច​របស់​អ្នក​តំណាងរាស្រ្ត។​​​​ បន្ទាប់​មក ​ការ​អនុវ​ត្ត​ជាក់​ស្តែង​របស់​អ្នក​តំណាង​រាស្រ្ត​ ក្នុង​ការ​បំពេញ​នូវ​សំណូម​ពរ​ ឆ្លុះ​បញ្ចាំង​ទៅ​នឹង​គោល​នយោបាយ​របស់​ខ្លួន​ ដែល​ឃោស​នា​បោះ​ឆ្នោត​ម្តងៗ ដើម្បី​ញែក​ឲ្យ​ដាច់​រវាង​ទង្វើ​ខុស របស់​អ្នក​តំណាង​រាស្រ្ត ហើយ​និង​ទង្វើ​ពិត​ប្រាកដ​របស់​អ្នក​តំណាង​រាស្រ្ត​។ ក្នុង​គោល​ការ​ណ៍​ទូ​ទៅ​​ ទាំង​ក្នុង​ទ្រឹស្តី​ នៃ​វិទ្យាសាស្រ្ត​នយោបាយ​ ក៏​ដូច​ជា​ក្នុង​ក្របខ័ណ្ឌ​នៃ​ រដ្ឋ​ធម្មនុញ្ញ​ ក៏​ដូច​ជា​ច្បាប់​ គឺ​តំណាង​រាស្រ្ត​ជា​​កោសិកា​នៃ​អំណាច​នីតិប្បញ្ញត្តិ​។​ ខ្ញុំ​ប្រើ​ពាក្យ​កោសិកា​ដោយសារ សភា​កើត​ឡើង​ដោយ​សារ​បណ្តុំ​​នៃ​អ្ន​ក​តំណាង​រាស្រ្ត​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ សម្រាប់​នីតិកាល​នីមួយ​ៗ។​ អញ្ចឹង​បណ្តុំ​អ្នក​តំណាង​រាស្រ្តជាប់​ឆ្នោត​បង្កើត​បាន​ជា​សភា​តំណាង​ រាស្រ្ត ដែល​នៅ​កម្ពុជា​មាន​ឈ្មោះ​ថា រដ្ឋ​សភា ហើយ​រដ្ឋ​សភា​នេះ​យោង​តាម​នីតិ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​យើង​ គឺ​រដ្ឋសភា​ជា​តំណាង​អង្គការ​នីតិ​ប្បញ្ញត្តិ​កំពូល​​របស់​ជាតិ ដែល​ប្រតិបត្តិការ​ដោយ​អ្នក​តំណាង​រាស្រ្ត គ្រប់​និន្នាការ​នយោបាយ​​ ដែល​បាន​ជាប់​ឆ្នោត ។​​អញ្ចឹង​សួរ​ថា តើ​រដ្ឋ​សភា​​មាន​តួនាទី​ក្នុង​ក្រប​ខ័ណ្ឌ​ជា​អំណាច​នី​តិប្បញ្ញត្តិ​ហ្នឹង​ តើ​តម្រូវ​ឲ្យ​អ្នក​តំណាង​រាស្រ្ត​ធ្វើ​ការ​អី?​ ការ​ងារ​របស់​អង្គការ​នីតិ​ប្បញ្ញត្តិ​ ឬ​ការ​ងារ​រដ្ឋ​សភា គឺ​ជា​ការងារ​នយោបាយ​​​​​ក្នុង​ការ​កំណត់​ ក្នុង​ការ​ពិនិត្យ​មើល អំពី​គ្រប់​វិស័យ​ពាក់​ព័ន្ធ​ទៅ​នឹង​បរិបទ​សង្គម​ បរិបទ​សន្តិសុខ​ យុត្តិធម៌​ ។ល។​ ដែល​រដ្ឋាភិបាល​ប្រតិបត្តិ​នូវ​អំណាច​​នីតិប្រតិបត្តិ​ ប៉ុន្តែ​កិច្ច​ការ​នេះ​អត់​អាច​ឲ្យ​ចូល​​គ្នា​ រំលោភ​គ្នា​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​​​ជា​មួយ​រដ្ឋ​សភា​បាន​ទាល់​ តែ​រដ្ឋ​សភា​ ឬ​ក៏​តំណាង​រាស្រ្ត​ ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ៗ​គ្នា​ត្រូវ​ដឹង​អំពី​តួនាទី​របស់​ខ្លួន​ នៅ​ត្រឹម​ណា​ ដើម្បី​ខ្លួន​ដឹង​ថា តើ​រដ្ឋាភិបាល​​មាន​តួនាទី​ត្រឹម​ណា ដើម្បី​ខ្លួ​ន​ប្រើ​សិទ្ធិ​សេរីភាព​ និង​ភារកិច្ច​របស់​ខ្លួន​ ធ្វើ​យ៉ាង​ណា​ពង្រឹង​ការ​គ្រប់​គ្រង​រដ្ឋ​បែប​ប្រជា​ធិបតេយ្យ​សភា​និយម​ឲ្យ​ មាន​ប្រសិទិ្ធ​ភាព។​ បាន​ន័យ​ថា ពង្រឹង​ឲ្យ​អំណាច​នីតិ​ប្រតិបត្តិ​ធ្វើ​ការងារ​ទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋ​ សភា​ និង​ដើម្បី​ការ​អនុវត្ត​​ប្រទេស​ជាតិ​ ប៉ុន្តែ​បើ​សិន​អ្នក​តំ​ណាង​រាស្រ្ត​ធ្វើ​ការ​បញ្ច្រាស់ ​ទៅ​ជា​លូក​លាន់​​ក្នុង​កិច្ច​ការ​រដ្ឋាភិបាល​ ឬ​ក៏​លូក​លាន់​ក្នុង​កិច្ច​ការ​នៃ​អំណាច​តុលាការ​ អាហ្នឹង​ទៅ​ជា​របប​គ្រប់​គ្រង​បែប​អាណា​​ធិបតេយ្យ​។​​

លោក សត្យា រក្ស
សំណួរ៖ ចំណុច​ហ្នឹង​ហើយ ដែល​ខ្ញុំ​ចង់​ឲ្យ​លោក​ បណ្ឌិតជួយ​ជម្រាប​ជូនប្រជាពលរដ្ឋ​​ ដោយ​សារ​ តួយ៉ាង​ដូច​ជា​លោក​ ចាន់​ ចេន គឺ​ថា គាត់​​បាន​ប្រើ​ប្រាស់​រូប​ភាព​ទៅ​រំដោះ​អ្នក​ទោស​តែ​ម្តង។​ ហើយ​ថ្មី​ៗ​នេះ​លោក ស្រី មួរ សុខហួរ​ ក៏​អញ្ចឹង​ដែរ​គាត់​បាន​ញុះ​ញង់​បង​ប្អូន​មួយ​ចំនួន​ ដែល​មាន​ទោស​មាន​ទណ្ឌ​ឲ្យ​រត់​ចេញ​ពី​កន្លែង​ឃុំ​ឃាំង​​​ហើយ​គាត់​បាន​ ប្រកាស​ថា នេះ​ជា​តួនាទី​របស់​គាត់​ជា​តំណាង​រាស្រ្ត ដែល​ត្រូវ​បំរើ​ប្រជាពលរដ្ឋ អញ្ចឹង​ត្រង់​ចំណុច​ហ្នឹង​ខ្ញុំ​ចង់​ឲ្យ​លោក បណ្ឌិត ជួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ចំណុចនេះ​​ហើយ​ ដែល​ប្រជាពលរដ្ឋ​ត្រូវ​យល់​ ហើយ​អ្នក​តំណាង​រាស្រ្ត​​ខ្លួន​ឯង​ក៏​ត្រូវ​យល់ដែរ​​ បើ​មិន​អញ្ចឹង​ខ្លួន​ជា​អ្នក​តំណាង​រាស្រ្ត​អត់​ដឹង​តួនាទី​ ភារកិច្ច​របស់​ខ្លួន​ ទៅ​ជា​យក​មុខ​ងារ​ឯក​សណ្ឋាន​​ជា​សមាជិក​រដ្ឋ​សភា​ទៅ​ធ្វើ​ខុស​បែប​​​បទ​ អាហ្នឹង​គឺ​ជា​ការ​រំលោភ​ច្បាប់​ហើយ អញ្ចឹង​ដើម្បីកុំ​ឲ្យមាន​​ការ​រំលោភ​ច្បាប់​ តើ​អ្នក​តំណាង​រាស្រ្ត​ត្រូវ​ធ្វើ​អ្វី​?​ អ្នក​តំណាង​រាស្រ្ត​មិន​មែន​ទៅ​កាង​ ឬ​ទៅ​ដោះស្រាយ​បញ្ហា​​ដែល​កើត​មាន​ក្នុង​សង្គម​ទេ អ្នក​តំណាង​រាស្រ្ត​ត្រូវ​តែ​ទៅ​ធ្វើ​ការ​ស្វែង​រក​​អង្គហេតុ​ និង​អង្គសេច​ក្តី​នៅ​កន្លែង​ដែល​មាន​ទំនាស់​ យក​មក​សិក្សា​ថា​តើ​អំណាច​នីតិ​ប្រតិបត្តិ​ បាន​អនុវត្ត​ទៅ​លើ​ករណី​នីមួយ​ៗ​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​រដ្ឋ​សភា​ អនុម័ត​ឬ​អត់​ ហើយ​បើ​សិន​ជា​​​ខ្លួន​យល់​ឃើញ​ថា អត់​ត្រឹម​ត្រូវ​ខ្លួន​មិន​អាច​ពាក់​ឯក​សណ្ឋាន​ទៅ​លុក​លុយ​អំណាច​នីតិ​ ប្រតិបត្តិ​ ឬ​ក៏​អំណាច​​តុលាការ​បាន​ទេ ខ្លួន​ត្រូវ​យក​កិច្ច​ការ​ហ្នឹង​មក​​បន្លឺ​ក្នុង​សភា​​ ដើម្បី​កោះ​អញ្ជើញ​រដ្ឋ​មន្រ្តី​មាន​សមត្ថកិច្ច​មក​បំភ្លឺ​រឿង​ដែល​ខ្លួន​​ យល់​ឃើញ​ថាធ្វើ​ខុស​នឹង​បញ្ញត្តិ​ច្បាប់​។​ ប៉ុន្តែ​អត់​អាច​ទៅ​កាង​ ឬ​ក៏​ទៅ​ធ្វើ​តួឯក​​នៅ​ក្នុង​រឿង​ទំនាស់​ណា​មួយ​បាន​ទេ សព្វ​ថ្ងៃ​នេះ​តំណាង​រាស្រ្ត​ គណបក្សប្រឆាំង​មួយ​ចំនួន​ទៅ​ជា​ធើ្វ​តួឯក​ក្នុង​រឿង​នៃ​ភាព​អសកម្ម​ ឬ​ក៏​ទំនាស់​នៅ​ក្នុង​សង្គម​ណា​មួយ​។​ ខ្ញុំ​លើក​ឧទាហរ​ណ៍​ដូច​បរិបទបោះបង្គោល​​ព្រំដែន​ លោក សម រង្ស៊ី ជា​មេដឹក​នាំ​គណបក្ស​​ប្រឆាំង​ ហើយ​ជា​តំណាង​រាស្រ្ត ហើយ​ឥឡូវ​លែង​ជា​តំណាង​រាស្រ្ត​ហើយ ត្រូវ​បាន​ដក​ហូត​ដោយ​សារ​គាត់​រំលោភ​ច្បាប់​ មាន​ន័យ​ថា គាត់​ធ្វើ​ការ​ងារ​ខុស​អំពី​តួនាទី​ជា​អ្នក​តំណាង​រាស្រ្ត​ តួនាទី​ជា​សមាជិក​រដ្ឋ​សភា។​ បាន​ន័យ​ថា រដ្ឋ​សភា​ពុំ​មែន​ជា​អំណាច​នីតិ​ប្រតិបត្តិ​​ទៅ​បោះ​បង្គោល​ ទៅ​ដក​បង្គោល​ទេ។​ អញ្ចឹង​បើ​រដ្ឋ​សភា​ជា​ស្ថាប័ន​កំពូល​ដែល​លោក​ សម រង្ស៊ី ជ្រក​នៅក្នុង​សមាជិក​ភាព​​ អញ្ចឹង​លោក​ សម រង្ស៊ី ក៏​អត់​មាន​សិទ្ធិ​ឯ​ណា​ ទៅ​ដក​ ទៅ​ដាក់​បង្គោល​ទេ​ គឺ​លោក​ សម រង្ស៊ី មាន​សិទ្ធិ​ត្រឹម​តែ​យក​ទិដ្ឋភាព​នយោបាយ​ ដែល​ខ្លួន​យល់​ឃើញ​ថា ការ​រៀប​ចំ​បោះ​បង្គោល​វា​មិន​សុក្រិដ្ឋ​ គឺ​គាត់​ត្រូវ​យក​បរិបទ​នៃ​អង្គ​ហេតុ​អង្គ​សេច​ក្តី​ហ្នឹង​ មក​បំភ្លឺ​នៅ​ក្នុង​សភា​ រាយ​ការណ៍​ជូន​សភា ហើយ​កោះ​អញ្ជើញ​រដ្ឋ​មន្រ្តី ដែល​ទទួល​បន្ទុក​កិច្ច​ការ​ហ្នឹង​មក​បំភ្លឺ​ជូន​រាស្រ្ត​នៅ​ក្នុង​វេទិការ​ រដ្ឋ​សភា​ គឺ​គាត់​អត់​មាន​​សិទ្ធិ​យក​ដៃ​ទៅ​លូក​លាន់​កិច្ច​ការ​នីតិ​ប្រតិបត្តិ​ទេ។​ ​ បើគាត់​ធ្វើ​​អញ្ចឹង​យើង​អស់​មាន​អ្វី​ដែល​ហៅ​ថា ជា​គោល​ការណ៍​បែង​ចែក​អំណាច​ហើយ ដែល​អស់​លោក​គណបក្ស​ប្រឆាំង​ចូល​ចិត្ត​តែ​និយាយ​ថា គោល​ការណ៍​​បែង​ចែក​អំណាច​។​ ដល់​ពេល​គាត់​អនុវត្ត​ គាត់​ទៅ​ជា​លូក​លាន់​គោល​ការណ៍​​​បែង​ចែក​អំណាច​​ឲ្យ​ប្រឡូក​​ប្រ​ឡាក់​​ គ្នា ​អាហ្នឹង​មួយ​។​ តួនាទី​តំណាង​រាស្រ្ត​ក៏​ដូច​ជា​តួនាទី​រដ្ឋ​សភា​ទាំង​មូល​ផងដែរ​​ កុំ​និយាយ​ត្រឹម​តំណាង​រាស្រ្ត​​ម្នាក់ រដ្ឋ​សភា គ្មាន​សិទ្ធិ​ឯណា​ទៅ​បោះ​បង្គោល​ព្រំ​ដែន​ទេ អញ្ចឹង​បើ​រដ្ឋ​សភា​ជា​ស្ថាប័ន​កំពូល​អត់​មាន​សិទ្ធិ​ ចុះ​សមាជិក​រដ្ឋ​សភា​ទៅ​មាន​សិទិ្ធ​យ៉ាង​ម៉េច​កើត​​ អាហ្នឹង​ទី១ ។ ទី​២ ដូច​ករណី​លោក​តំណាង​រាស្រ្ត​ ចាន់​ ចេន ក៏​មក​ពី​​ គណបក្ស​ សម រង្ស៊ី ​មាន​រឿង​មួយ​ពាក់​ព័ន្ធ​ជម្លោះ​ដី​​ធ្លី​​ របស់​ពលរដ្ឋ​​ម្នាក់​ ទោះ​បី​ឯកសណ្ឋាន​អ្វី​ក៏​ដោយ​វា​ទំនាស់​ដី​ធ្លី ហើយ​ទំនាស់​ដីធ្លី​ហ្នឹង​វា​​ជាប់​មាន​បណ្តឹង​ព្រហ្មទណ្ឌ​ទៅ​តុលាការ​ដំបូង​ ខេត្ត​កណ្តាល​។​ ដូច្នេះ​រឿង​ទំនាស់​ហ្នឹង​គឺ​ស្ថិតនៅ​ក្នុង​ដៃ​នៃ​ដំណើរ​ការ​របស់​អំណាច​​ តុលាការ​ហើយ អញ្ចឹង​រដ្ឋ​សភា​គ្មាន​សិទ្ធិ​ទៅ​ទប់​ស្កាត់​​ដំណើរ​ការ​តុលាការ​បាន​ទេ រដ្ឋ​សភា​មាន​សិទ្ធិ​ត្រឹម​តែ​​ឃ្លាំ​មើល​ ថា​តើ​ព្រះរាជអាជ្ញា​ ក៏​ដូច​ជា​អាជ្ញាធរ​ ដែល​ពាក់​ព័ន្ធ​​​រឿង​ក្តី​ព្រហ្មទណ្ឌ​ទំនាស់​ដី​ធ្លី​ដែល​លោក ចាន់​ ចេន លូក​លាន់​ តើ​ដំណើរ​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់​ឬ​អត់​ បើ​សិន​ជា​តំណាង​រាស្រ្តមាន​អារម្មណ៍​ថា អត់ត្រឹម​ត្រូវ​គឺ​អត់​អាច​ទៅ​លុក​ចូល​អំណាច​តុលាការ​ទេ​។​ ​ឧទាហរណ៍​ថា ខ្ញុំ​ពី​រ​នាក់​លោក សត្យា រក្ស បើក​រថយន្ត​។​ ធម្មតា​ច្បាប់​យើង​គឺ​ប្រកាន់​ស្តាំ ហើយ​យើង​ពី​រ​នាក់​បើ​ក​ប្រកាន់​ឆ្វេង​ ហើយ​ភ្លើង​ក្រហម​អត់​ឈប់​ទៀត​ ចៃ​ដន្យ​មាន​អ្នក​តំណាង​រាស្រ្ត​មា្នក់​នៅ​ឈរ​ហ្នឹង អ្នក​តំណាង​រាស្រ្ត​ហ្នឹង​អត់​មាន​សិទ្ធិ​ទៅ​ឃាត់​ឡាន​យើង​ទេ​ គឺ​ប៉ូលីស ហើយ​បើ​អ្នក​តំណាង​រាស្រ្ត​ហ្នឹង​ឃើញ​ថា យើង​បើ​ក​ខុស​ច្បាប់​ ហើយ​ស្តុប​អត់​ឈប់​ទៀត​ ហើយ​ប៉ូលីស​នៅ​ក្បែរ​ហ្នឹង​អត់​ឃាត់​ មិន​មែន​តំណាង​រាស្រ្ត​ទៅ​ឃាត់​ឡាន​យើង​ទេ ហ៊ាន​តែ​ឃាត់​គឺ​ខុស ។​​​​អ្នក​​តំណាង​រាស្រ្ត​​ត្រូវ​យក​បញ្ហា​ហ្នឹង​​ជា​ឧទាហរណ៍​យក​មក​ដាក់​ រដ្ឋ​សភា កោះ​អញ្ជើញ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ លើក​ឧទាហរណ៍​ឲ្យ​ច្បាស់​ ហេតុ​អ្វី​ប៉ូលីស​មិន​ពង្រឹង​សណ្តាប់​ធ្នាប់​ចរាចរណ៍​ មិន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ បែរ​ជា​បណ្តោយ​ លើក​ឧទាហរ​ណ៍​មក ឡា​ន​លេខ​ប៉ុណ្ណេះៗ ​ថ្ងៃ ប៉ុណ្ណេះ​ ... អាហ្នឹង​បាន​គេ​ហៅ​ថា ការងារ​របស់​អ្នក​តំណាង​រាស្រ្ត។ ករណី​លោក​ ចាន់​ ចេន ក៏​អញ្ចឹង​ដែរ​បើ​គាត់​ឃ្លាំ​មើល​ទុក​ថា គាត់​ឧស្សាហ៍​​ហើយ​ គឺ​បាន​បំពេញ​តួនាទី​ ហើយ​បើ​ឃ្លាំ​មើល​ឃើញ​ហើយ​​ខ្លួន​ត្រូវ​យក​បរិបទ​ហ្នឹង​មក​ចូល​សភា​វិញ​ ដើម្បី​កោះ​អញ្ជើញ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ ឬ​ក្រសួង​មហាផ្ទៃ​ ពាក់​ព័ន្ធ​ទៅ​ហ្នឹង​នីតិ​វិធី​នៃ​​ដំណើរ​ការ​នីតិព្រហ្មទណ្ឌ​ហ្នឹង។​ ប៉ុន្តែ​គាត់​ធ្វើ​ហួស​ បែរ​ទៅ​ជា​គាត់​យក​ឡាន​ ស្លាក​រដ្ឋ​សភា​​របស់​គាត់​ ចូលរួម​រំដោះ​បុគ្គល​ដែល​កំពុង​ជាប់​ក្នុង​រឿង​ព្រហ្មទណ្ឌ​​នៃ​អំណាច​ តុលាការ​ ថ្វីត្បិត​តែ​បុគ្គល​ហ្នឹង​អត់​ទាន់​ជា​ទណ្ឌិត​នៅ​ឡើយ​ទេ តែ​បុគ្គល​ហ្នឹង​ជាប់​​ក្នុង​រឿង​បណ្តឹង​ព្រហ្មទណ្ឌ​ ដែល​សំណុំ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​អំណាច​តុលាការ​ អញ្ចឹង​កាល​ណា​​ស្ថិត​នៅ​ក្នុង​អំណាច​តុលាការ តំណាង​រាស្រ្ត​ទោះ​បី ឈ្មោះ​ ចាន់​ ចេន ឈ្មោះ​អី​ក៏​ដោយ​ អត់​អាច​មក​ធ្វើ​បាន​ទេ​ គឺ​មាន​សិទ្ធិ​ត្រឹ​ម​តែ​ឃ្លាំ​មើល​សកម្មភាព ដើម្បី​យក​មក​​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​ទើប​បាន​ ដើម្បី​កោះ​អញ្ជើញ​ ពីព្រោះ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ គឺ​តំណាង​រាស្រ្ត​មាន​សិទ្ធិ​គ្រប់​គ្រាន់ គ្រប់​វិនាទី ក្នុង​ការកោះ​អញ្ជើញ​​សមាជិក​រដ្ឋាភិបាល​​ បំភ្លឺ​ក្នុង​​បរិបទ​ក្នុង​ការ​អនុវត្ត​ច្បាប់​អាហ្នឹងទើប​បាន​ តែ​ដល់​ខ្លួន​ដើ​តួ​ជា​អ្នក​អនុវត្ត​ច្បាប់​គឺ​ខុស​ហើយ។

មួយ​ទៀត​ ករណី​លោកស្រី មួរ សុខហួរ​ ក៏​ជា​រឿង​មួយ​ដូច​គ្នា​ទៀត ឧទាហរណ៍​ក្រុម​តំណាង​រាស្រ្ត​​របស់​គណបក្ស សម រង្ស៊ី ឬ​និយាយ​ឲ្យ​ចំ លោក ស្រ្តី មួរ​ សុខ​ហួរ​ គាត់​យល់​ឃើញ​ថា ​ចំណាត់​ការ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នៅ​ឯ​បុរីកីឡា រហូត​ដល់​មាន​ការ​បាតុកម្ម ហើយ​អាជ្ញាធរ​មាន​កាតព្វ​កិច្ច​ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ ហើយ​បាន​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ដែលជា អ្នក​ប្រព្រឹត្ត​ជ្រុល​ហួស​​រំលោភ​ទៅ​លើ​បទ​បញ្ជា​ ហើយ​និង​រំលោភ​លើ​ច្បាប់​ អញ្ចឹង​អាជ្ញាធរ​មាន​កាតព្វ​កិច្ច​រក្សា​សណ្តាប់​ធ្នាប់​ គាត់​យក​ទៅ​ដាក់​ឃុំ នៅ​ឯ​មន្ទីរ​ព្រៃ​ស្ពឺ។​ បើ​សិន​ជា​អ្នក​តំណាង​រាស្រ្ត​ហ្នឹង គាត់​យល់​ឃើញ​ថា ជា​ទង្វើ​ខុស​ច្បាប់​ គាត់​មិន​មែន​ទៅ​ដល់​ព្រៃ​ស្ពឺ​​​ទៅ​ញុះញង់ឲ្យ​ប្រជាពល​រដ្ឋ​ផ្លោះរបង​ទេ​ គឺ​គាត់​មាន​តួនាទី​ជួយ​ប្រជាពលរដ្ឋ​ មិន​មែន​ជួយ​រំដោះ​ចេញ​ពី​ការ​គោរព​ច្បាប់​ទេ​ គាត់​ត្រូវ​យក​ករណី​ហ្នឹង​ទៅ​រដ្ឋ​សភា ហើយ​​​កោះ​អញ្ជើញ​រដ្ឋ​មន្រ្តី​ មាន​សមត្ថកិច្ច​ ហើយ​រដ្ឋ​មន្រ្តី​មាន​សមត្ថកិច្ច​ក្នុង​រឿង​ហ្នឹង​គឺ​មាន​រដ្ឋ​មន្រ្តី​មហា​ ផ្ទៃ រដ្ឋ​មន្រ្តី​នគរូបនីយកម្ម​ សុរិយោដី មក​បំភ្លឺ​បរិបទ​នៃ​បញ្ហា​កម្មសិទ្ធិ​​នៅ​បុរីកីឡា បញ្ហា​អនុវត្ត​ច្បាប់​​នៅ​បុរីកីឡា​ អា​ច​យក​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឃុំ​ខ្លួន​ប្រជាពល​រដ្ឋ​នៅ​បុរី​កីឡា។​ ត្រង់​ហ្នឹង​បាន​គេ​ហៅ​ថា គាត់​ពិ​ត​ជា​មាន​ភា​ព​សុច្ចរិត​ក្នុង​នយោបាយ​ ក្នុង​ការ​បំពេញ​តួនាទី​ខ្លួន​ជា​អ្នក​តំណាង​រាស្រ្ត​ ប៉ុន្តែ​ជាក់​ស្តែង​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​​គាត់​អត់​ចេះ​ធ្វើ​ ការ​ហ្នឹង​ទេ បាន​ន័យ​ថា វា​មាន​បញ្ហា​ពីរ​ មិន​ដឹង​ជា​គាត់​អត់​យល់​ថា ធ្វើ​តំណាង​​រាស្រ្ត​ត្រូវ​ធ្វើ​ម៉េច​ អាច​គាត់​អត់​យល់ អត់​ដឹង​តួនាទី​របស់​ខ្លួន​ត្រូវ​ធ្វើ​ម៉េច​ ឬ​ក៏​គាត់​ដឹង​ដែរ​ ប៉ុន្តែ​ដើម្បី​កេង​ចំណេញ​ ពី​បញ្ហា​ទំនាស់​ក្នុង​សង្គម​ ឬ​ក៏​បញ្ហា​ទំនាស់​មួយៗ​​ កេង​​ចំណេញ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​គណបក្ស​​របស់​ខ្លួន​ ដើម្បី​ទាញ​យក​ប្រជាប្រិយ​បញ្ជាក់ថា​ខ្លួន​ឯង​ជា​តួ​ឯក​ នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ គាត់​ទៅ​ចូល​រួម​លេង​កុន​នៅ​ក្នុង​ហ្នឹង ខ្ញុំ​និយាយ​ពាក្យ​ថា លេង​កុន​ គឺ​គាត់​ដឹង​ហើយ​កន្លែង​ហ្នឹង​គឺ​​គេ​ត្រូវ​ថត​ គាត់​ទៅ​លេង​កុន​ធើ្វ​ជា​តួ​ឯក​ ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពលរដ្ឋ​ ទៅ​អន្តរជាតិ​ ប៉ុន្តែ​អត់​ប្រសិទ្ធិ​ភាព​ទេ។​ គ្មាន​ប្រទេស​ណា​មួយ​ដែល​​គេ​ឃើញ​តំណាង​រាស្រ្ត​ទៅ ធ្វើ​ការ​ងារ​អញ្ចឹង​ទេ។​ បើ​អញ្ចឹង​ចប់​ហើយ អូប៉ាម៉ា ​មិន​បាច់​ធ្វើ​ការ​ទេ​នៅ​អាមេរិក​ ទុក​ឲ្យ​សមាជិក​ព្រឹទ្ធសភា ពួក​​សមាជិក​រដ្ឋ​សភា ទៅ​ដោះ​ស្រាយ​រឿង​អស់​ហ្នឹង​ទៅ​ អូប៉ាម៉ា ដេក​ផ្ទះ​ទៅ​មិន​ស្រួល​ជាង​​ អញ្ចឹង​ចាំបាច់​បោះ​ឆ្នោត​ឲ្យ​ អូប៉ាម៉ា​ ធ្វើ​ប្រមុខ​រដ្ឋាភិបាល​​នៅ​អាមេរិក​ ហើយ​ដូច​នៅ​បណ្តា​ប្រទេស​ដ៏ទៃ​ទៀត​ អញ្ចឹង​គេ​ចែក​គ្នា​ធ្វើ​ការ​ងារ ហើយ​គេ​មិន​អាច​​កេង​ចំណេញ​នយោបាយ​តាម​រយៈ​ដើរ​ធ្វើ​តួឯក​ តួកុន​នៅ​ក្នុង​ឆាក​នៅ​ក្នុង​សង្គម​ហ្នឹង​ទេ។ ​​

លោក សត្យា រក្ស
សំណួរ៖ ដូច​ដែល​លោក​បណ្ឌិត​ ឈឹម​ ផលវរុណ​ លោក​មាន​ប្រសាសន៍​ហើយ អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ គឺ​គាត់​ច្រើន​​តែ​ធ្វើ​កិច្ច​ការ​ដែល​មិន​មែន​ជា​តួនាទី​របស់​ខ្លួន​ ហើយ​គាត់​ឆ្លៀត​កេង​ចំណេញ​នូវ​គ្រប់​សកម្ម​ភាព​ទាំង​អស់​ ដើម្បី​ជា​សកម្ម​ភាព​មួយ​បន្លំ​ប្រជាពលរដ្ឋ​ ថា​រឿង​រ៉ាវ​ទាំង​នេះ​គឺ​គាត់​ចូលរួម​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ ប្រជាពល​រដ្ឋ​ជា​ដើម​។​ ប៉ុន្តែ​ការ​ពិត​អំពើ​ដែល​គាត់​បាន​ធ្វើ​នេះ​គឺ​សុទ្ធ​តែ​ជា​អំពើ​ដែល​ រំលោភ​លើ​ច្បាប់​ ហើយ​ខុស​តួនាទី​របស់​គាត់​អ្នក​តំណាង​រាស្រ្ត​​ផង​ដែរ​។ ដូច​លោកបណ្ឌិត​មាន​ប្រសាសន៍​អញ្ចឹង​រឿង​កិច្ច​ការ​របស់​ប៉ូលីស​ មិន​មែន​ជា​រឿង​របស់​អ្នក​តំណាង​រាស្រ្ត​ទេ​ រឿង​កិច្ច​ការ​តុលាការ​ ក៏​មិន​មែន​ជា​រឿង​របស់​អ្នក​តំណាង​រាស្រ្ត​នោះ​ដែរ​។​ រឿង​គ្រប់​គ្រង​ភូមិ ឃុំ ស្រុក​ ជា​ដើម​គឺ​ជា​រឿង​របស់​ចៅហ្វាយ​ស្រុក​ ចៅហ្វាយ​ខេត្ត មិន​មែន​ជា​របស់​អ្នក​តំណាង​រាស្រ្ត​ទេ អ្នក​តំណាង​រាស្រ្ត​តួនាទី គ្រាន់​តែ​ឃ្លាំ​មើល​នូវ​ការ​គោរព​ច្បាប់​ ថា​តើ​​អ្វី​ដែល​សភា​បាន​អនុម័ត​ហើយ​នោះ​ ខាង​អាជ្ញាធរ​ឬ​មន្រ្តី​ប្រតិបត្តិ​គាត់​បាន​គោរព​និង​អនុវត្ត​បាន​ត្រឹម​ ត្រូវ​ដែរ​ឬ​ទេ?​ នេះ​ជា​តួនាទី​របស់​គាត់​ ។ អញ្ចឹង​រឿង​នេះ​គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​ប្រជាពលរដ្ឋ​នឹង​យល់​​ច្បាស់​ ហើយ​នឹង​ច្បាស់​ថែម​ទៀត​ចំពោះ​មាយាទ​​ និង​ចរិត​​របស់​អ្នក​តំណាង​រាស្រ្ត​ គណបក្ស​ប្រឆាំង​នេះ​ឯង​។

ឥឡូវ​ខ្ញុំ ​ងាក​មក​ប្រសិទ្ធិ​ភាព​ការងារ​របស់​អាជ្ញាធរ​មូលដ្ឋាន​វិញ​ម្តង​ រឿង​នេះ​ខ្ញុំ​គិត​ថា ជារឿ​ង​មួយ​ដែល​យើង​គួរ​តែ​ក្លាហាន​ក្នុងការ​និយាយ​ ពី​ព្រោះ​ថា ប្រទេស​កម្ពុជា​នេះ​មិន​មែន​ជា​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ គឺ​ជា​របស់​យើង​ទាំង​អស់​គ្នា ដែល​យើង​ត្រូវ​តែ​រួម​គ្នា​កសាង​ជាតិ​​ អភិវឌ្ឍន៍​ជាតិ​ ឲ្យ​បាន​ចំរុង​ចំរើន។​​ ជាទូទៅ​ដូច​បង​ប្អូន ក៏ដូច​ជា​លោក​បណ្ឌិត​បាន​ជ្រាប​ហើយ មតិ​មនុស្ស​ភាគ​ច្រើ​ន​តែ​ង​តែ​និយាយ​ថា តើ​កម្ពុជា​យើង​ពេល​ណា​ទៅ​ទើប​បាន​ដូច​អា​មេរិក​ ពេល​ណា​ទៅ​ទើប​បាន​ដូច​បារាំង​ ដូច​អង់គ្លេស​​ជា​ដើម​​អញ្ចឹង​ ​​បើ​សិន​យើង​ចេះ​ចង់​បាន​ឲ្យ​ដូច​គេ​នោះ​វា​ទាល់​តែ​យើង​ចាប់​ផ្តើម​ អភិវឌ្ឍន៍​ជាតិ កសាង​ជាតិ​ ចាប់​ពីពេល​នេះ​តទៅ​។ ដើម្បី​អភិវឌ្ឍន៍​ជា​តិ​បាន​ល្អប្រសើ​រ​នោះ ក៏​យើង​ត្រូវ​ការ​មន្រ្តី​ល្អ​ដែរ​ បាន​ន័យ​ថា មន្រ្តី​ដែល​ស្មោះ​ត្រង់​នឹង​ជាតិ​ ស្មោះ​ត្រង់​នឹង​ប្រជា​ពល​រដ្ឋ​ ដែល​មាន​ន័យ​ថា បំរើ​ជាតិ​ដោយ​ប្រពៃ​ ស្ថិត​ក្នុង​សច្ចៈ​​យុត្តិធម៌​ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ ទៅ​កេង​ចំណេញ​ធ្វើ​មាន​ ធ្វើ​បាន​នោះ​ទេ។​ ខ្ញុំ​និយាយ​បែប​នេះ បើ​សិន​មាន​មន្រ្តី​បែប​ហ្នឹង ។ អញ្ចឹង​សកម្មភាព​នេះ​ ដូច​លោក​បណ្ឌិត ធ្លាប់​លើក​ម្តង​ហើយ​ថា ជា​សកម្មភាព​មួយ​ប្រៀប​បាន​នឹង​ហុច​ដង​ឲ្យ​ពួក​ប្រឆាំង​អញ្ចឹង​។​ ដើម្បី​ជួយ​ដាស់​តឿន​ក្រើន​រំលឹក​ទៅ​លើ​ ទង្វើ និង​សកម្មភាព​បែប​នេះ​ តើ​លោក​បណ្ឌិត​មាន​អ្វី​ជា​អនុសាសន៍​​ ឬ​ក៏​ជា​សារ​អ្វី​ខ្លះ​ដើម្បី​ចែក​ជូន​ទៅ​ដល់​អាជ្ញាធរ​ដែន​ដី​?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖​ ខ្ញុំ​ចង់​លើក​ឡើង​ជូន​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូច​ជា​អាជ្ញាធរ​ ឲ្យ​មាន​ការ​យល់​ឲ្យ​ច្បាស់​ តើ​យើង​ធ្វើ​យ៉ាង​ណា​ ដើម្បី​ពង្រឹង​រដ្ឋ​អំណាច​ ឲ្យ​អនុវត្ត​ទៅ​មាន​ប្រសិទ្ធិ​ភាព?​​ ជា​ពិសេស​សម្រាប់​យើង​គឺ​ ចង់​ឲ្យមាន​ប្រសិទ្ធិ​ភាព​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ប្រសិទ្ធិ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​រាជរដ្ឋាភិបាល​ និង​ជា​ពិសេសប្រសិទ្ធិ​ភាព​ក្នុង​ការ​អនុវត្ត​បទបញ្ជា​នាយក​រដ្ឋ​មន្រ្តី។​ ហេតុ​អ្វី​បាន​ខ្ញុំ​ថា ជា​ពិសេស​ក្នុង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​បទ​បញ្ជា​នាយក​ រដ្ឋ​មន្រ្តី?​ នាយក​រដ្ឋ​មន្រ្តី​គឺ​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​​ កម្ពុជា​​ ដែល​យើង​ដឹក​នាំ​ប្រទេស​តាម​បែប​សភានិយម​។​ អញ្ចឹង​អំណាច​ថា្នក់​ជាតិ បាន​រៀប​ចំ​នូវ​រចនា​សម្ព័ន្ធ​​ខ្សែ​បណ្តោយ​ ដែល​យើង​បែង​ចែក​ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ យើង​មាន​អាជ្ញាធរ​ដែន​ដី អាជ្ញាធរ​ដែន​ដីនេះ​គេ​ហៅ​ថា ទាំង​ខេត្ត​ ស្រុក​ ឃុំ​ ហ្នឹង​ គឺ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​អាជ្ញាធរ​រដ្ឋ​បាល​គ្រប់​គ្រង​ដែន​ដី របស់​ប្រទេស​ គឺ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​​ក្នុង​ការ​អនុវត្ត​ច្បាប់​ ការ​អនុវត្ត​​គោល​នយោបាយ​រាជរដ្ឋាភិបាល ជា​ពិសេស​ការអនុវត្ត​នូវ​បទ​បញ្ជា​នាយករដ្ឋ​មន្រ្តី​ ពីព្រោះ​ច្បាប់​ទូលាយ​ណាស់​ គោល​នយោបាយ​​​រដ្ឋាភិបាល​​​​ក៏​មាន​ន័យ​ទូលាយ​ណាស់​​ អញ្ចឹង​ដើម្បី​ឲ្យ​ប្រសិទ្ធិ​ភាព​ទៅ​អាជ្ញា​ធរ​ខ្សែ​បណ្តោយ​អនុវត្ត​បាន​ ក៏ដូច​ជា​អាជ្ញាធរ​ទំនាញ​ខ្សែ​ទទឹង​អនុវត្ត​បាន​​ គឺ​បទ​​បញ្ជា​នាយក​​រដ្ឋ​មន្រ្តី​ គឺ​បទ​បញ្ជា​ផ្ទាល់​ និង​ជាក់​លាក់​បំផុត​ ដែល​អាជ្ញាធរ​ក្រោម​ឱវាទ​ ទាំង​អាជ្ញាធរ​ដែន​ដី ទាំង​អាជ្ញាធរ​ជំនាញ​ត្រូវ​អនុវត្ត​ ដើម្បី​បាន​អ្វី​មក​វិញ​ ពី​ព្រោះ​រាជរដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​នយោបាយ​ជាតិ​។​ ដើម្បី​ឲ្យ​ប្រព័ន្ធ​គ្រប់​គ្រង​នយោបាយ​ជាតិ​ មាន​ប្រសិទ្ធិ​ភាព គឺ​សេនាធិការ​​រដ្ឋបាល​ដែន​ដី​ គឺ​ចៅហ្វាយ​ខេត្ត​ ចៅហ្វាយ​ស្រុក ​មេឃុំ ចៅសង្កាត់​ ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​គោល​នយោបាយ​ ច្បាប់​ ហើយ​និង​បទ​បញ្ជា។ ត្រង់​ចំណុច​នេះ​យើង​ក៏​ទទួល​ស្គាល់​ថា​មាន​អសកម្ម​មួយ​ចំនួន​​ ដែល​យើង​បា​ន​ដឹង​លឺ​ទាំង​អស់​គ្នា​ហើយ មាន​ពេល​ខ្លះ​មាន​ការ​ក្រើន​រំលឹក​ផ្ទាល់​មាត់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ដល់​អាជ្ញាធរ​ដែន​ដី​ ដល់​ក្រសួង​ជំនាញ​នានា​ ពាក់​ព័ន្ធ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​គោល​នយោបាយ​ រាជរដ្ឋាភិបាល​។​ យើង​លើក​ឧទាហរណ៍​ ដូច​គោល​នយោបាយ​នៅ​លើ​វិស័យ​ព្រៃ​ឈើ​ គោល​នយោបាយ​លើ​វិស័យ​ជលផល​​ ធារា​សាស្រ្ត​ គោល​នយោបាយ​ពង្រឹង​រដ្ឋ​អំណាច​​ក្នុង​ការ​​រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​ សន្តិសុខ ដើម្បី​ការ​ពារ​ជីវិត​ប្រជាពលរដ្ឋ​ ។ល។​ ប៉ុន្តែ​បើ​សិន​ជា​អាជ្ញាធរ​​ដែន​ដី ពុំ​ក្តាប់​ឲ្យ​ណែន​ក្នុង​កិច្ច​ការ​ទាំង​អស់​នេះ​ គឺ​​​នាំ​ឲ្យ​លំបាក​ដល់​ការ​ដឹក​នាំ​ប្រទេស​គឺ​ប៉ះ​ពាល់​ដល់​នយោបាយ​គ្រប់​​ គ្រង​ប្រទេស​ហើយ ព្រោះ​អសកម្ម​នេះ​មាន​ន័យ​ថា ជា​ការ​ហុច​ដង​ដោយ​ចេតនា​ ឬ អចេតនា​ ដោយ​ភាព​សកម្មរបស់​យើង​ ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​យកទៅ​​ប្រើ​​​ជា​នយោបាយ​វាយ​ប្រហារ​។​ បើ​សិន​ជា​នៅ​ក្នុង​ប្រទេស​ដែល​អ្នក​នយោបាយ​ប្រឆាំង​ មាន​ភាព​សុច្ចរិត​ ខ្ញុំ​លើក​ឧទាហរណ៍​​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ ការ​ចូលរួម​របស់គណបក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ក៏​អាច​ជួយ​រំលឹក​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​គូស​ចំណាំ​ឲ្យ​ច្បា​ស់​ ជា​ពិសេស​អភិបាល​ខេត្ត​ អភិបាល​ស្រុក មេឃុំ ចៅសង្កាត់​ គូស​ចំណាំទាំង​អស់​ទៅ​ មិន​មែន​ចូលរួម​ក្នុង​ការ​ឲ្យ​ដំណើរ​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ដែន​ដី​មាន​ ប្រសិទ្ធិភាព​​ទេ​ គឺ​គេ​ចង់​បាន​បញ្ហា​ដែល​កើត​មាន​ ដើម្បី​គេ​យក​ធ្វើ​ជា​មូល​ដ្ឋាន​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​ ជា​ពិសេស​វាយ​ប្រហារ​ទៅ​ប្រមុខ​រដ្ឋាភិបាល​​។​ យើង​មើល​ឃើ​ញ​រឿងខ្លះ​​តូច​សោះ​​​​ គេ​បំពង​ឲ្យ​ទៅ​ជា​រឿង​ធំ​ ឲ្យ​ទៅ​ជា​រឿង​​ ថ្នាក់​​ជាតិ​ ប៉ុន្តែ​រឿង​ហ្នឹង​ការ​ពិត​ជា​រឿង​ថ្នាក់​មូល​ដ្ឋាន​ទេ តែ​ដោយ​សារ​​អាជ្ញា​ធរ​ដែន​ដី​មួយ​ចំនួន​ ក្តាប់​អត់​ណែន​ ខ្ញុំ​និយាយ​នេះ​មិន​មែន​ចង់​​បញ្ជាក់​ថា​មិន​មែន​ជា​ស្ថាប័ន​អាជ្ញាធរ​ដែន​ ដី​ទេ គឺ​ជាបុគ្គល​ដែល​បំពេញ​តួនាទី​ជា​អាជ្ញាធរ​ដែន​ដី ក្តាប់​មិន​ណែន​ ធូររ​លុង​ខ្លះ​ អាហ្នឹង​ធ្វើ​ឲ្យ​មាន​ភាព​មួយ​ដូច​ហុច​ដង​ឲ្យ​ទៅ​នយោបាយ​ប្រឆាំង។​​ ចំណុច​នេះ​ថា​តើ​យើងគួរ​​គិត ​គួរ​ធ្វើ​យ៉ាង​ណា?​ អញ្ចឹង​ហើយ​បាន​ជា​​រចនាសម្ព័ន្ធ​ដឹក​នាំ​​ប្រទេស​ ដែល​យើង​ហៅ​ថា រដ្ឋ​អំណាច​ រដ្ឋ​អំណាចថ្នាក់​រដ្ឋ​បាល​ដែន​ដី​ គឺ​សំខាន់​ណាស់​។​ នៅ​ខេត្ត​គឺ​ជា​ការ​គ្រប់​គ្រង​នៅ​ក្នុង​ដែន​ដី​ខេត្ត​ ដែលនៅ​ក្រោម​ឱវ៉ាទ​ មាន​ស្រុក​ ខ័ណ្ឌ​ ឃុំ សង្កាត់... អញ្ចឹង​បើសិន​ជា​ការងារ​នៅ​ខេត្ត​មួយ​មាន​ភាព​ធូររលុង​​ក្តាប់​​អត់​ណែន​ ​គឺ​ជា​ចំណុច​ខ្សោយ​ហើយ។​​ ហើយ​ពេល​ហ្នឹង​យើង​ត្រូវ​យល់​ថា តួនាទី​ជា​អភិបាល​ខេត្ត​ក្តី​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​ជ្រើ​ស​តាំង​ពី​រាជ​ រដ្ឋាភិបាល ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​មើល​ឃើញ​អំពី​ភាព​ស្មោះ​ត្រង់​ការងារ​របស់​ អភិបាល​ខេត្ត ទើប​បាន​ប្រមុខ​រដ្ឋាភិបាល​ជ្រើស​តាំង​​ឲ្យ​ទៅជា​ប្រមុខ​ខេត្ត ប៉ុន្តែ​បើសិន​ជា​​ដំណើរ​ការ​រដ្ឋបាល​ដែន​ដី​ពុំ​មាន​ប្រសិទ្ធិភាព​ ដើម្បី​ធ្វើ​ជា​សេនាធិការ​ពង្រឹង​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ ជា​ពិសេស​អនុវត្ត​បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល​ ឬ​បទ​បញ្ជា​នាយក​រដ្ឋ​មន្រ្តី​ បាន​ន័យ​ថា ការ​ធ្វេសប្រហែស​​ក្នុង​ការ​ងារ​ហើយ។​​ ហើយ​ចំណុច​នេះ​សំខាន់​ណាស់​វា​មាន​រឿង​ខ្លះ​ដែល​យើង​ត្រូវ​តែ​រួម​ចំណែក​ ទាំង​អស់​គ្នា​ មិន​មែន​សម្រាប់​តែ​បញ្ហា​នយោបាយ​នៃ​ការ​ប្រកួត​ប្រជែង​ទេ​ គឺ​សម្រាប់​ដំណើរ​ការ​ចូល​រួម​ជា​មួយ​​រាជរដ្ឋាភិបាល​ ដើម្បី​​ការ​​​អភិវឌ្ឍ​ន៍​​ប្រទេស។​ ពាក្យ​ថា អភិវឌ្ឍន៍​ប្រទេស​​មាន​ន័យ​ទូលាយ​ណាស់​ មិន​មែន​អនុវត្ត​តែ​រូបវន្ត​ទេ​ រហូត​ដល់​​អភិវឌ្ឍន៍​ឃុំ​សង្កាត់​ ស្រុក​ ខ័ណ្ឌ​ ខេត្ត ក្រុង​ ឲ្យ​មាន​សណ្តាប់​ធ្នាប់​សង្គម​ ផល​ប្រយោជន៍​សាធារណៈ រឹង​មាំ​ ធានា​បាន​នូវ​សន្តិសុខ​អាយុជីវិត​ប្រជាពលរដ្ឋ​ ហើយ​ជា​ពិសេស​ឲ្យ​សេដ្ឋ​កិច្ច​ទី​ផ្សា​សេរី​នៅ​កម្ពុជា ដំណើរ​ការ​ ហើយ​កាល​ណា​សេដ្ឋ​កិច្ច​ទីផ្សារ​​សេរី​នៅ​កម្ពុជា​ដំណើរ​ការ​ យើង​ទទួល​បាន​មក​វិញ​គឺ​​សេដ្ឋ​កិច្ច​ជាតិ​យើង​​មាន​ការ​រីក​ចម្រើន​ ដូច្នេះ​សេនាធិការ​នៃ​រដ្ឋ​បាល​ដែន​ដី​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ពង្រឹង​ការងារ​ជូន​​ រាជរដ្ឋាភិបាល ជូន​ប្រមុខ​រាជរដ្ឋាភិបាល។​​ ឧទាហរណ៍​ខ្ញុំ​លើក​រឿង​ព្រៃ​ឈើ​មួយ​ គណបក្ស​ប្រឆាំង​ និង​ក្រុម​និន្នាការ​ប្រឆាំង​បាន​យក​ប្រសាសន៍​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​ រាជរដ្ឋាភិបាល​មក​ធ្វើ​ជា​ការ​វាយ​ប្រហារ​ទៅ​វិញ​ គេ​ពុំ​បាន​ឲ្យ​តម្លៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​យក​ជីវិត​មក​ដាក់​ចំពោះ​ការ​ងារ​​ហ្នឹង​ ទៅ​ជា​គេ​យក​មក​ប្រមាថ​មាក់​ងាយ​។​ ថា​តើ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​​ឈឺចាប់​ទេ?​ ដែល​គេ​យក​ទៅ​ក្រឡៃជា​ល្បែង​​លេង​សើច​នៃ​​នយោបាយ​របស់​គេបែបនេះ​​ ដោយ​ កឹម​ សុខា ក៏​ធ្លាប់​ធ្វើ​ សម រង្ស៊ី ក៏​ធ្លាប់​លេង។​​ តើ​ការ​ទុក​ចិត្ត​ពី​ថា្នក់​ដឹក​នាំ​ជាតិ​ផ្តល់ជូន​ខេត្ត ស្រុក ខ័ណ្ឌ ឃុំ​ សង្កាត់ ជា​ពិសេស​ទាំង​ប្រជាពលរដ្ឋ​ក៏​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ ហើយ​ថ្នាក់​ដឹក​នាំ​ជា​តិ​ក៏​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ តើ​យើង​មាន​ឧត្តម​គតិ​ សតិ​សម្បជញ្ញៈ មួយ​ ដែល​អាច​ពិចារណា​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ល្បិច​ខូច​របស់​គណបក្ស​ប្រឆាំង​ ដែល​ក្រឡៃ​រឿង​ឲ្យ​ទៅជា​របស់​មួយ​ពី ស ទៅ​ ខ្មៅ​ បាន​ដែរ​ឬអត់?​​ នេះ​ជា​ចំណុច​​ដែល​យើង​ធ្វើ​បាន​​ ​តែ​យើង​មិន​ព្រម​ក្តាប់​ឲ្យ​ណែន​នៅ​ក្នុង​ការងារ​។

លោក សត្យា រក្ស
សំណួរ៖ អញ្ចឹង​កិច្ច​ការ​ទាំង​អស់​នេះ​ ខ្ញុំ​មិន​មែន​មាន​ន័យ​ថា ជា​ការប្រៀន​ប្រដៅ​អី​នោះ​ទេ វា​គ្រាន់​តែ​ជា​ការ​ខ្វះ​ចន្លោះ​របស់​បុគ្គ​ល​ ឬ​ក៏​អាជ្ញាធរ​ ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ស្រុក​មួយ​ចំនួន​ខ្លះ​ ដែល​គាត់​មើល​រំលង​ចំពោះ​តួនាទី​របស់​ខ្លួន។​​ ខ្ញុំ​ពិត​ជា​មាន​ការ​សង្វេក​ណាស់​លោក​បណ្ឌិត ដែល​លោក​បណ្ឌិត​បាន​លើក​ឡើង​ទាក់​ទង​ទៅ​នឹង​អ្វី​ ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ការ​លុប​បំបាត់ ​​នូវ​ភាព​អាណា​ធិប​តេយ្យ​ព្រៃ​ឈើ​។ ជា​ទូទៅ​យើង​ឃើញ​ថា សេច​ក្តី​តាំង​ចិត្ត​ និង​ការ​ប្តេជ្ញាចិត្ត​នេះ​គឺ​ជា​សុទ្ធចិត្ត​បំផុត​ចំពោះ​ប្រទេស​ជាតិ​របស់​ ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​លោក​មើល​ឃើញ​ថា ​អ្វី​ដែល​ជា​សកម្មភាព​អាណាធិបតេយ្យ​ព្រៃ​ឈើ​ហ្នឹង​ កំពុង​តែ​មាន​ភាព​ផុលផុស​។​ អញ្ចឹង​លោក​បាន​ប្រើ​ប្រាស់​បទ​បញ្ជា​ក្នុង​នាម​រដ្ឋាភិបាល​ គឺ​ទប់​ស្កាត់​ឲ្យ​ខាង​​តែ​បាន​ចំពោះ​បញ្ហា​នេះ ហើយ​ការ​ទប់​ស្កាត់​នេះ​ផង​ដែរ​មិន​មែន​មាន​ន័យ​ថា ក្នុង​នា​ម​នាយក​រដ្ឋ​មន្រ្តី​ លោក​ទៅ​យាម ឬ​ក៏​ស្ទាក់​ផ្លូវ​ដោយ​ផ្ទាល់​នោះ​ទេ គឺ​ពឹង​អស់​លោក​ដែល​ជា​សមត្ថកិច្ច​ ដូច​ជា​ចៅហ្វាយ​ខេត្ត​ដែល​ក្នុង​នាម​គាត់​ជា​អ្នក​គ្រប់​គ្រង​ប៉ូលីស​ទាហាន​ នៅ​ក្នុង​ខេត្ត​ គាត់​ត្រូវ​តែ​បំពេញ​តួនាទី​របស់​គាត់​​ឲ្យ​កាន់​តែ​សកម្ម​ហើយ​ បណ្តា​ខេត្ត​មួយ​ចំនួន​ ដែល​មាន​បញ្ហា​រឿង​រ៉ាវ​ព្រៃ​ឈើ​នេះ​ គឺ​ដូច​ជា​​ខេត្ត​សៀម​រាប​ ឧត្តរមាន​ជ័យ​ ក្រចេះ​ មណ្ឌល​គីរី រតនៈគីរី ដែល​ជា​ខេត្ត​មួយ​គួ​រ​តែ​លោក​អភិបាល នៃ​គណៈអភិបាល​ខេត្ត​ គួ​រ​តែ​យក​ចិត្ត​ទុក​ដាក់​ ហើយ​កុំ​ឆ្លើយ​ថា មិន​ដឹង។​​ ពាក្យ​មិន​​ដឹង​នេះ​វា​គ្រាន់​តែ​ជា​ពាក្យ​ដោះ​សារ​នោះ​ទេ ពី​ថ្ងៃ​នេះ​ទៅ​គួរ​​តែ​ឆ្លើយ​ថា ខ្ញុំ​ដឹង ​ហើយ​ត្រូវ​ចាត់​​វិធាន​ការ​ឲ្យ​បាន​តឹង​រឹង​​ នោះ​ទើប​ហៅ​ថា ជា​អ្នក​ដែល​គោរព​ទៅ​​ដល់​រាជ​រដ្ឋាភិបាល​ ជា​ពិសេស​ទើប​ហៅថា ជា​អ្នក​ដែល​ស្រឡាញ់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន។​ ប៉ុន្តែ​បើយើង​ឆ្លើយ​​ថា ស្រឡាញ់​ ប៉ុន្តែ​អ្វី​ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ លោក​ប្រគល់​ជូន​អស់​លោក​នោះ​ ហើយ​លោក​មិន​បំពេញ​កិច្ច​ការ​ហ្នឹង​ តើ​មាន​ឈ្មោះ​ថា ស្រឡាញ់​ដែរ​ឬទេ​?​ នេះ​ជា​ចំណុច​មួយ​ដែល​យើង​គួ​តែ​ពិចារណា​ផង​ដែរ​។ នៅ​មាន​កំហុស​ឆ្គង​មួយ​ចំនួន​ទៀត​ដែល​យើង​ត្រូវ​កែ​លម្អ មិន​ត្រឹម​តែ​អាជ្ញាធរ​ដែន​ដី​ទេ សូម្បី​តែ​ក្រសួង​ផ្សេង​ៗ​ក៏​នៅ​មាន​ខ្វះ​ចន្លោះ​ផង​ដែរ​ ហើយ​ខ្ញុំ​គិត​ថា ឯកឧត្តម​រដ្ឋ​មន្រ្តី​ គ្រប់​គ្រង​​ក្រសួង​នីមួយៗ​ហ្នឹង ជូន​កាល​ក៏លោក​ក្តាប់​មិន​បាន​ជុំ​ដែរ​ ដោយ​សារ​តែ​បុគ្គល​ខិល​ខូច​ហ្នឹង គាត់​បង្កប់​នៅ​តាម​គោល​ដៅ​ នៅ​តាម​ចំណុច​ដែល​ក្រសួង​ដាក់​ឲ្យ។​ ដូច​ជា​នៅ​តាម​ខេត្ត​ គេ​លួច​ខិល​ខូច​អាបុគ្គល​នៅ​តាម​ខេត្ត​ហ្នឹង​ អញ្ចឹង​យើង​ត្រូវ​តែ​គិត​គូ​សារ​​ឡើង​វិញ​ផង​ដែរ​​ចំពោះ​បញ្ហា​នេះ​។​ យើង​ត្រូវ​តែ​អាណិត​ទៅ​ដល់​រាជ​រដ្ឋាភិបាល​របស់​យើង​ ជា​ពិសេស​អាណិត​ទៅ​ដល់​ម្ចាស់​ឆ្នោត​ ដែល​លោក​ស្រឡាញ់​ណាស់​ឃើញ​វីរៈភា​ព​​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ គឺ​ថា​មាន​វីរៈភាព​​ច្រើន​ សម្រាប់​ជួយ​ដល់​ប្រទេស​ ជួយ​ដល់​ជាតិ​ ជួយ​ដល់​ប្រជា​ពលរដ្ឋ​។​ អញ្ចឹង​លោក​បោះ​ឆ្នោត​នេះ ​លោក​បោះ​ឆ្នោត​ជូន​សម្តេច​ បើ​តាម​អស់​លោក​ដែល​ជា​បុគ្គល​ខិល​ខូច​​មួ​យ​ចំនួន​នោះ​ ប្រជាពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​ទេ​ បើ​បុគ្គល​នោះ​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋ​មន្រ្តីនោះ នេះ​គឺ​លោក​បោះ​ឆ្នោត​ឲ្យ​សម្តេច​ អញ្ចឹង​បើ​អស់​លោក​បាន​បុណ្យ​ស័ក្តិ​ ដោយ​សារ​តែ​​សម្តេច​ហើយ​នោះ យើង​គួ​រតែ​​ធ្វើ​ជា​មនុស្ស​ល្អ​ចាប់​ពី​ពេល​នេះ​តទៅ​។ លោក​បណ្ឌិត​ តើ​​ចំ​ណុច​ណា​ខ្លះ​ទៀត​ទៅ​ ដែល​យើង​គួរ​តែ​រួម​គ្នា​ក្នុង​ការ​កែលម្អ​ ដើម្បី​គេ​ហៅ​ថា​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង​ ឲ្យ​បាន​​រលូន​លោក​បណ្ឌិត​?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ យើង​ពិនិត្យ​មើល ឥឡូ​វ​នេះ​នៅ​ក្នុង​ទូ​ទាំង​ប្រទេស​របស់​យើង យើង​មាន​រចនា​សម្ព័ន្ធ​នយោបាយ​ និង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ប្រទេស​ មាន​ទាំង​ថ្នាក់​ជាតិ។​ បាន​ន័យ​ថា យើង​មាន​ទាំង​រដ្ឋ​សភា និង​រាជរដ្ឋាភិបាល​​ នៅ​ថា្នក់​ខេត្ត​យើង​មាន​ គណៈអភិបាល​ខេត្ត​ បាន​ន័យ​ថា ជា​អំណាច​នីតិ​ប្រតិបត្តិ​ នៅ​ខេត្ត​ ហើយ​និង​ក្រុម​ប្រឹក្សា​ខេត្ត​ ហើយ​នៅ​ស្រុក​យើង​មាន​គណៈ​អភិបាល​ស្រុក​ ហើយ​និង​ក្រុម​ប្រឹក្សា​ស្រុក ដើរ​តួ​ដូច​ជា​សភា​មួយ​ដែរ​ សភា​ថ្នាក់​មូល​ដ្ឋាន ហើយ​មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នឹង​មេឃុំ​ ចៅ​សង្កាត់​ ឥឡូវ​នេះ​យើងគួរ​​គិត​ថា ថ្នាក់ដឹក​នាំ​ប្រទេស​បាន​រៀប​ចំ​​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ប្រទេស​​ មាន​វិមជ្ឍការ​ បាន​ពង្រឹង​ឲ្យ​អំណាច​មូលដ្ឋាន​ផ្ទាល់​ជា​មួយ​ប្រជាពលរដ្ឋ​ ធានា​នូវ​ការ​​ការពារ​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ជា​ពិសេស​ជីវិត​ប្រជាពលរដ្ឋ​ ដែល​យើង​មើល​ឃើញ​ថា ជា​វីរៈភាព​​របស់​ថ្នាក់​ដឹក​នាំ​​គាត់​ធ្វើ​កន្លង​មក​ តែ​យើង​​គ្រាន់​តែ​ធ្វើ​សព្វ​ថ្ងៃនេះ​ ក្នុង​ប្រទេស​ដែល​​កំពុង​ស្ថិត​ក្នុង​ភាព​ជឿន​លឿន​ទៅ​ហើយ​។​ តើ​សេនាធិការ​រដ្ឋបាល​​ដែន​ដី​របស់​រាជរដ្ឋាភិបាល​ អាច​ជួយ​ក្តាប់​ការងារ​ឲ្យ​ណែន​​នៅ​ក្នុង​ដែន​ដី​របស់​ខ្លួន​បាន​ដែរ​ឬ​អត់​ ?​ យើង​មាន​រចនា​សម្ព័ន្ធ​ទាំង​អស់​ សូម្បី​តែ​នៅ​ខេត្ត​មានទាំង​គណៈ​អភិបាល​ខេត្ត​ មាន​ទាំង​ស្នង​ការ​ប៉ូលីស​ ដែល​ក្រោម​ឱវាទ​របស់​ក្រសួង​មហា​ផ្ទៃ​ផង​ ក្រោម​ឱវាទ​​របស់​​អភិបាល​ខេត្ត​ផង​ យើង​មាន​ស្ថាប័ន​ផ្សេង​ ការិយាល័យ​ច្រើន​ណាស់​ ចំណុច​ហ្នឹង​គឺ​ការ​ងារ​ទាំង​អស់​ហ្នឹង គឺ​ត្រូវ​ក្តាប់​ឲ្យ​ណែន​​នៅ​ក្នុង​ដែន​ដី ដើម្បី​ជៀស​វាង​កុំ​ឲ្យ​បុគ្គល​ណា​មួយ​ យក​ឈ្មោះអាជ្ញា​ធរ​ យក​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ជួរ​ថ្នាក់​ខេត្ត ក៏​ដូច​ថា្នក់​ដឹក​នាំ​ជួរ​ថ្នាក់​ស្រុក​ រហូត​ថ្នាក់​ដឹក​នាំ​ជួររាជរដ្ឋាភិបាល​មក​ប្រើ​​ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​អាក់​អន់​ចិត្ត​ មក​លើ​ថ្នាក់​ដឹក​នាំ​ថ្នាក់​ជាតិ​។​ តាម​ពិត​ថ្នាក់​ដឹក​នាំ​ថ្នាក់​​ជាតិ​ ដែល​យើង​និយាយ​ទទួល​ស្គាល់​ទាំង​អស់​គ្នា គឺ​មាន​ភាព​ស្មោះ​ត្រង់​និង​ពុះពារ​ណាស់​ សម្រាប់​ប្រជាជាតិ​ខ្មែរ​ យើង​មើល​តាំង​​ពី​ដំណើរ​ស្វែង​រក​សន្តិភាព​ ការ​ស្វែង​រក​សន្តិភាព​គឺ​គោល​ដៅ​តែ​មួយ​មុខ​ទេ កុំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពល​រដ្ឋ​​ ​ហើយបាន​​​ស្វែង​រក​សន្តិភាព​ សន្តិភាព​យើង​មាន​ហើយ ​មិន​មែន​​មាន​ដោយ​សារ​អ៊ុនតាក់​ទេ​ គឺ​យើង​មាន​ដោយ​សារ​គោល​នយោបាយ​ឈ្នះឈ្នះរបស់​ សម្តេចតេជោ ហ៊ុន សែន របស់យើង​៕

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី