Thursday, March 8, 2012

រដ្ឋនិងដៃគូរអភិវឌ្ឍន៍ព្រមទាំងវិស័យឯកជនជជែកគ្នាអំពីការគ្រប់គ្រងទេសចរណ៍ ដោយចីរភាពនៅ សៀបរាបអង្គរ


សិក្ខាសាលាស្តីពី ទេសចរណ៍ដោយចីរភាពនៅ​អង្គរដែលរៀបចំឡើង នៅខេត្ត សៀមរាប ដោយ​អាជ្ញា​ធរអប្សារា ក្រសួងទេសចរណ៍ និងទទួល​បាន​​ការគាំទ្រពីរាជ​រដ្ឋាភិបាលអូ ស្តា្រលី និង អង្គកា រយូ ណេ ស្កូ ​ បានបញ្ជប់នារសៀលថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១២ ក្រោអធិបតីភាព ឯកឧត្តម​ បណ្ឌិត សភាចារ្យ សុខ​ អាន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី ។

សិក្ខាសាលាដែល បានប្រព្រឹត្តទៅរយះពេលពីរថ្ងៃ(៦-៧ មីនា ) នៅក្រោមប្រធានបទ សកម្មភាព សំដៅ រៀប ចំផែនការគ្រប់គ្រងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា លោកជំទាវ penny RICHARDS ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោកជំទាវ Anne LEMAISTRE តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រ កម្ពុជា   ក្រុមហ៊ុន ទេចរណ៍ សណ្ឋាគា អជ្ញាធរដែនដីខេត្ត សៀមរាប ប្រមាណជាង ២០០ ។


​ឯកឧត្តម​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រអចិន្រ្តៃយ៍​នៃ​គណៈកម្មា​ការ​សម្របសម្រួលអន្តរជាតិអង្គរ(ICC for ANGKOR) ដែលជាអ្នក​សម្រប​សម្រួល​អង្គ​សិក្ខា​សាលា បាន​​ឱ្យដឹងថា អង្គ​សិក្ខា​សាលាបាន​ស្តាប់​បទបង្ហាញ និង​ពិភាក្សាយ៉ាង​ផុសផុល លើប្រធាន​បទ​សំខាន់ៗ​ជាច្រើន ជាអាទិ៍ ហេដ្ឋារចនា​សម្ព័ន្ធ​ទេសចរណ៍ ភាព​ជាដៃ​គូរវាងភាគី​ពាក់ព័ន្ធ បញ្ហា​នៅតាម​ទីតាំង​ប្រាសាទ សេវាកម្ម​របស់អាជ្ញាធរ​អប្សរា ការដឹក​ជញ្ជូននៅ​ឧទ្យានអង្គរ ពិពិធកម្ម​នៃ​ផលិតផល​​ទេសចរណ៍ ទិដ្ឋភាព​សេដ្ឋកិច្ច​និងសង្គម​និង​បេតិកភណ្ឌ​អរូបី និងការ​យល់ដឹង​របស់ភ្ញៀវ​ទេសចរណ៍​អំពីតម្លៃ​បេតិកភណ្ឌ​ពិភព​លោកអង្គរ។ គោលដៅ​ចំបងនៃ​ប្រធាន​បទទាំង​អស់នេះ គឺដើម្បី​​​រួមចំណែក​ក្នុងការរៀបចំ​ផែនការ​គ្រប់គ្រង​ទេស​ចរណ៍ ប្រកប​ដោយចីរភាព​នៅតំបន់អង្គរ។

លោកជំទាវ penny RICHARDS ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រ កម្ពុជា​ បាន​ចាត់​ទុក​ការងារគ្រប់គ្រង ទេសចរន៍នៅតំបន់អង្គរ គឺជាការងារស្ថិតនៅក្នុងក្របខ័ណ្ឌ បេតិក​ភណ្ឌ​ពិភពលោក ។

លោកជំទាវ ឯកអគ្គរាជទូតអូស្ត្រាលី បានមានប្រសាសន៍ថា កំណើនភ្ញៀវ ទេសចរណ៍ ប្រជា​ពលរដ្ឋ​បញ្ហាបម្រែបម្រួលធាតុអាកាសតម្រូវអោយមានកិច្ចសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ ដើម្បី​ដោះ​ស្រាយ​បញ្ហាប្រឈមនានា។


លោកជំទាវpennyRICHARDS បាន​វាយ​តំលៃ​ខ្ពស់ចំពោះអង្គសិក្ខាសាលា ស្តីពីទេស​ចរណ៍​ដោយ​​ចីរភាព​នៅអង្គរ បង្ហាញ​ពីជោគ​ជ័យ​នៃការ​ធ្វើ​កិច្ចសហការរួមគ្នា។

ថ្លៃងបិទ​អង្គសិក្ខាសាលា ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន បានចាត់​ទុក្ខ​សិក្ខា​សាលា​នេះ​​បានបង្កើត​ឱ្យមានទំនាក់​ទំនង និងជំនឿទុក​ចិត្តរវាង​ភាគីពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យ​ឯកជន ក្នុងការ​ចូលរួម​ចំណែកធ្វើ​ឱ្យវិស័យ​ទេសចរណ៍​នៅសៀម​រាបអង្គរ​មានការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព។

ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ខ្ញុំសូមស្វាគមន៍ និងកោតសរសើរ​ចំពោះ​ខ្លឹមសារ​ប្រកប​ដោយ​អត្ថន័យនៃ​បទបង្ហាញ កិច្ចពិភាក្សា និង​សំណូមពរ​នានាដែល​អង្គសិក្ខាសាលា​បានលើក​ឡើង ហើយ​ខ្ញុំជឿជាក់​ថា ក្រសួង​ទេសចរណ៍ អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្ត​សៀមរាប ព្រមទាំងភាគី​ពាក់ព័ន្ធ​ទាំងអស់ នឹង​ខិតខំប្រឹង​ប្រែង​ឱ្យអស់​ពីលទ្ធភាព​ទាញ​យក​អត្ថប្​រយោជន៍​​ពីខ្លឹមសារ និង​លទ្ធផល​ដែល​ទទួល​បានពី​អង្គសិក្ខាសាលា​នេះ ក្នុងការ ឈាន​ទៅសម្រេច​បាននូវ​គោលដៅ​ខាងលើ។ ក្នុងន័យនេះ អាជ្ញាធរ​អប្សរា​នឹងយក​ខ្លឹមសារ​នៃផែនការ​គ្រប់​គ្រង​ទេសចរណ៍ (Tourism Management Plan) ដែល​លោក​សាស្ត្រាចារ្យ Richard MACKAY ប្រធាន​ក្រុមហ៊ុន Golden Mackay Logan (GML) បាន​ធ្វើបទ​បង្ហាញ ធ្វើ​ជាមូលដ្ឋាន​សម្រាប់​ពិចារណាការអនុវត្ត​ផែន​ការ​សកម្មភាព​​គម្រោង នា​ពេលអនាគត​ខាងមុខ។


ទោះបីយ៉ាងណាបញ្ហាគ្រប់គ្រងទេសចរណ៍​នៅ​តំបន់អង្គរ មិនមែនជាបញ្ហា ដែលត្រូវ​លើក​យក​មក​ពិភាក្សា ជាលើទីមួយនៅក្នុងអង្គសិក្ខាសាលានេះទេ ។

ឯកឧត្តមបណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​អោយដឹងថា តាមពិត ខ្ញុំបានលើកយក​ផែនការ​នេះ​មកពិភាក្សា តាំងពីឆ្នាំ២០០៤មកម្លេះ គឺនៅក្​នុង​សិក្ខាសាលា​ស្តីពី​ការសិក្សា​អំពីតំបន់​អង្គរ និង​សៀមរាប លើប្រធានបទ “​ទេសចរណ៍ និងការ​អភិវឌ្ឍប្រកប​ដោយចីរភាពដែល​បានប្រព្រឹត្ត​ទៅនៅ​រាជធានី​ភ្នំពេញ។ ការ​ពិភាក្សា និងការផ្លាស់ប្តូរ​យោបល់​នៅពេល​នោះ មិនត្រឹមតែ​​ផ្តោតលើ​លក្ខខណ្ឌ និង​ទស្សនៈ​វិស័យ​នៃការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៃ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​​បាន​​ផ្តោត​លើមូល​ដ្ឋាន ក្រមសីលធម៌ និង​ការប្រតិ​បត្តិសម្រាប់ជំរុញ​កំណើន​ទេសចរណ៍ផង ដែរ។ នៅពេល​នោះ​ដែរ នៅក្នុង​បទអន្តរាគម​បិទអង្គ​សិក្ខាសាលា ខ្ញុំបាន​ទាញចំណាប់​អារម្មណ៍​ចំពោះគោលនយោបាយ​របស់រាជ​រដ្ឋាភិបាល​ សម្រាប់គ្រប់​គ្រង​តំបន់​សៀមរាប​អង្គរ ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។


អនុសាសន៍ និងការកត់សម្គាល់​ដែលឯកឧត្តម បណ្ឌិត សុខ អាន បានលើ​កឡើង​កាល​ពីឆ្នាំ​២០០៤ ហើយ នៅតែឆ្លើតតប​ទៅនិងស្​ថានភាព​បច្ចុប្បន្ន រួមមាន៖

ទី១ យើងត្រូវ​ធានាឱ្យ​មានអនាគត​មួយដែល​ច្បាស់លាស់ និង​ស្ថិតស្ថេរ សម្រាប់​សកម្មភាព​ទេស​ចរណ៍​​ក្នុងតំបន់​សៀមរាប​អង្គរ សំដៅ​ធានាឱ្យ​បាន​នូវ​បូរណភាព និងសភាព​ដើម​នៃ​រមណីយ​ដ្ឋាន​អង្គរ ដែល​ជាបេតិកភណ្ឌ​ពិភពលោក។

ទី២ ដើម្បី​ធានាបាន​នូវនិរន្តរ​ភាព កម្ម​វិធីទេសចរណ៍​ទាំងអស់​ត្រូវ​មានការ​ចូល​រួម​ពីបណ្តា​ភាគី ពាក់​ព័ន្ធ​នានា ដូចជា អង្គការ​មិនមែន​រដ្ឋាភិបាល ទីភ្នាក់​ងារ​ទេសចរណ៍ សណ្ឋាគារ​និង​ផ្ទះសំ​ណាក់ ក្រុមហ៊ុន​​ដឹកជញ្ជូន មគ្គុទេសក៍​ទេសចរណ៍ និង​មជ្ឈដ្ឋាន​ធុរជន និង​សហគ្រិន​នានា ទាំង​នៅ​ក្នុង​គោល​គំនិត និង​ការអនុវត្ត​ជាក់​ស្តែង

ទី៣ ដូចដែល​អង្គការទេសចរណ៍​ពិភពលោក​បាន​ផ្តល់​អនុសាសន៍ វិស័យ​ទេសចរណ៍​គឺជា វិស័យ​មួយដែល​អាចចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងកិច្ច​ការពារ និង​លើកតម្លៃ​រមណីយដ្ឋាន​បេតិ​កភណ្ឌ ពិ​ភព​លោក។

ក្នុងគោលបំណងត្រៀមលក្ខណៈបំរើអោយ​វិស័យ​ទេសចរណ៍ ដែលបើតាមការវាយតំលៃ​របស់លោក សាស្ត្រាចារ្យ Richard MACKAY ប្រធាន​ក្រុម ហ៊ុន Golden Mackay logan (GML) ថាកម្ពុជា នឹង​មាន​ស៊ូណាមី ទេស​ចរណ៍​ដល់​១០​លាន​នាក់នៅឆ្នាំ២០២០ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមាន​ប្រសាន៍​អោយ​ដឹង​អំពី​គម្រោង ធ្វើពិពិធកម្មផលិតផលទេចរណ៍ តំបន់សៀមរាបអង្គរ​ ។


ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា ការបង្កើត​និង​ដាក់ឱ្យ​មានវង់​ទស្សនា​ចរ​ថ្មីៗ ការរៀបចំ​ឱ្យមាន​ទីតាំង​ទេសចរណ៍ថ្មីៗ ការ​បង្កើត​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច ការ​លើក​កម្ពស់​វប្បធម៌​នៅក្នុង​ដំណើរទស្សនា​រមណីយដ្ឋានអង្គរ ការទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​បរិស្ថាន មិន​ត្រឹម​តែឆ្លុះ​បញ្ចាំង​ពីភាព​សម្បូរ​បែប​នៃវិស័យទេសច​រណ៍​កម្ពុជា​ ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងអាច​ទាក់​ទាញ​​ភ្ញៀវ​ទេសចរឱ្យ​ស្នាក់​នៅ​រយៈពេល​វែងផងដែរ ដែល​ជាកត្តា​ធានា​បាននូវ​និរន្តរ​ភាព​ទេស​ចរណ៍​​នៅ​សៀមរាប​អង្គរ។ទន្ទឹម​នឹងនេះ ការគិត​គូរអំពី​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត សេវា​ដឹកជញ្ជូន សេវា​ថែទាំ​សុខភាព ការកាត់​បន្ថយការ​បំពុល​បរិយាកា ការអប់រំ​សហគមន៍​ឱ្យយល់​ដឹងឱ្យបាន​កាន់​តែទូលំ​ទូលាយ​អំពីសារៈ​សំខាន់​ នៃវិស័យ​ទេសចរណ៍ ពិពិធកម្ម​ផលិតផល​ទេសចរណ៍ និង​ការបណ្តុះ​បណ្តាល​ភាគីពាក់​ព័ន្ធ​ទាំងអស់​ឱ្យមាន​ជំនាញ​វិជ្ជាជីវៈ​ ច្បាស់លាស់ នឹង​ធានា​បាននូវ​គុណភាព​នៃ​ការផ្តល់​សេវា (quality of service) ដែល​ជាកត្តា​ជោគជ័យ​នៃ​វិស័យ​ទេស​ចរណ៍។

ឯកឧត្តម បណ្ឌិត សុខ អាន ក៏បានអំពាវនាវផងដែរដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ចូលរួម​ឱ្យ​បាន​កាន់តែ​សស្រាក់​សស្រាំថែម​ទៀត ជាមួយ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​ការ​ជំរុញ​និរន្តរភាព​ទេសចរណ៍តំបន់​អង្គរ និងធានាថា ភ្ញៀវទេសច​រនឹងមាន​អារម្មណ៍​ដក់ជាប់​ក្នុងចិត្ត មិន​ត្រឹម​តែចំពោះ​ប្រាសាទ​បុរាណ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​តំបន់​សៀមរាប​អង្គរ​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំង​មូលតែម្តង។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេចរណ៍​បាន​ថ្លៃង​អោយដឹងថា ឆ្នាំ២០១១ កន្លង​ទៅនេះ​តំបន់​សៀមរាប អង្គរទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិ ប្រមាណ ១,៦ លាននាក់ ស្មើ​និង​ប្រមាណ ៥៦ភាគរយ នៃចំនួនសរុប កើនឡើង ២៣ ភាគរយធៀប នឹងឆ្នាំ២០១០។ដោយ​ឡែក​ក្នុង​ខែមករាដើម​ឆ្នាំ២០១២នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវទេស ចរណ៍អន្តរជាតិ ជាង៣៥ ម៉ឺននាក់ ក្នុងនោះ ជា២២ម៉ឺន៤ពាន់នាក់ស្មើ ៦៤ភាគរយនៃចំនួនសរុបបានទៅទស្សនាតំបន់​សៀមរាបអង្គរ​ក្នុង​អត្រា​កំណើន ៣៤,៧ ភាគរយ។

ឯកឧត្តមថោងខុនបានព្យាករណ៍ថាឆ្នាំ២០១៥កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ៤,៥​លាននាក់ដែលក្នុងនោះនិងមានភ្ញៀវទេសចរណ៍អន្តរជាតិ ជាង២លាននាក់ទៅ ទស្សនា​អង្គរ​ខេត្ត​សៀមរាប៕

សុន្ទរកថា ឯកឧត្តម​បណ្ឌិត សុខ អាន ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​នៅ​អង្គរ​ ៖ សកម្មភាព​សំដៅ​រៀបចំ​ផែនការ​គ្រប់​គ្រងទេសចរណ៍​


សុន្ទរកថា
ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីទេសចរណ៍ប្រកបដោយចីរភាពនៅអង្គរ ៖
សកម្មភាពសំដៅរៀបចំផែនការគ្រប់គ្រងទេសចរណ៍
សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២


  • ឯកឧត្តថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
  • ឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប
  • ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា
  • លោកជំទាវ Penny RICHARDS ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
  • លោកជំទាវ Anne LEMAISTRE តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា
  • ឯកឧត្តមសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor)
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
  • តំណាងវិស័យឯកជន ទាំងអស់ជាទីរាប់អាន!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោម​នស្សរីករាយ​ចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយសជាតិ និងអន្តរជាតិ និងតំណាង​វិស័យឯកជន​ទាំងអស់ ក្នុង​ពិធីបិទ​អង្គ​សិក្ខាសាលា​ស្តីពី “​ទេសចរណ៍ប្រកបដោយចីរភាពនៅអង្គរ សកម្មភាព​ សំដៅ រៀបចំផែនការ​គ្រប់គ្រង​ទេស​ចរណ៍” នាពេលនេះ។

ឆ្លៀតក្នុង ​ឱកាសនេះ ខ្ញុំសូមកោត​សរសើរ និងវាយ​តម្លៃខ្ពស់​ ចំពោះអាជ្ញាធ​រអប្សរា ដោយ​មានកិច្ច សហការ​ពីក្រសួង​ទេសចរណ៍ សាលា​ខេត្តសៀមរាប អង្គការ​យូណេស្កូ និង​ស្ថានទូត​អូស្ត្រាលី ក្នុងការរៀប​ចំ​​សិក្ខាសាលា​ដ៏មានសារៈ​សំខាន់នេះ។ ខ្ញុំសូម​ចាត់ទុកថា សិក្ខា​សាលានេះ​បានបង្កើត​ឱ្យមានទំនាក់​ទំនង និងជំនឿទុក​ចិត្តរវាង​ភាគីពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យ​ឯកជន ក្នុងការ​ចូលរួម​ចំណែកធ្វើ​ឱ្យវិស័យ​ទេសចរណ៍​នៅសៀម​រាបអង្គរ​មានការ​អភិវឌ្ឍ ​ប្រកប​ដោយ​ចីរភាព។
តាមរយៈរបាយការណ៍​ របស់​ឯកឧត្តម​សាស្ត្រាចារ្យ Azedine BESCHAOUCH អ្នក​សម្រប​សម្រួល​អង្គ​សិក្ខា​សាលា បាន​​ឱ្យដឹងថា ក្រោម​អធិបតីភាព​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ អង្គ​សិក្ខា​សាលាបាន​ស្តាប់​បទបង្ហាញ និង​ពិភាក្សាយ៉ាង​ផុសផុល លើប្រធាន​បទសំខាន់ៗ​ជាច្រើន ជាអាទិ៍ ៖ ហេដ្ឋារចនា​សម្ព័ន្ធ​ទេសចរណ៍ ភាព​ជាដៃ​គូរវាងភាគី​ពាក់ព័ន្ធ បញ្ហា​នៅតាម​ទីតាំង​ប្រាសាទ សេវាកម្ម​របស់អាជ្ញាធរ​អប្សរា ការដឹក​ជញ្ជូននៅ​ឧទ្យានអង្គរ ពិពិធកម្ម​នៃផលិតផល​ទេសចរណ៍ ទិដ្ឋភាព​សេដ្ឋកិច្ច​និងសង្គម​និង​បេតិកភណ្ឌ​អរូបី និងការ​យល់ដឹង​របស់ភ្ញៀវ​ទេសចរណ៍​អំពីតម្លៃ​បេតិកភណ្ឌ​ពិភព​លោកអង្គរ។ គោលដៅ​ចំបងនៃ​ប្រធាន​បទទាំង​អស់នេះ គឺដើម្បី​រួមចំណែក​ក្នុងការរៀបចំ​ផែនការ​គ្រប់គ្រង​ទេស​ចរណ៍ ប្រកប​ដោយចីរភាព​នៅតំបន់អង្គរ។

ខ្ញុំសូមស្វាគមន៍ និងកោតសរសើរ​ចំពោះ​ខ្លឹមសារ​ប្រកប​ដោយ​អត្ថន័យនៃ​បទបង្ហាញ កិច្ចពិភាក្សា និង​សំណូមពរ​នានាដែល​អង្គសិក្ខាសាលា​បានលើក​ឡើង ហើយ​ខ្ញុំជឿជាក់​ថា ក្រសួង​ទេសចរណ៍ អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្តសៀមរាប ព្រមទាំងភាគី​ពាក់ព័ន្ធ​ទាំងអស់ នឹង​ខិតខំប្រឹង​ប្រែង​ឱ្យអស់​ពីលទ្ធភាព​ទាញ​យក​អត្ថប្រយោជន៍​ពីខ្លឹមសារ និង​លទ្ធផល​ដែល​ទទួល​បានពី​អង្គសិក្ខាសាលា​នេះ ក្នុងការ ឈាន​ទៅសម្រេច​បាននូវ​គោលដៅ​ខាងលើ។ ក្នុងន័យនេះ អាជ្ញាធរ​អប្សរា​នឹងយក​ខ្លឹមសារ​នៃផែនការ​គ្រប់​គ្រងទេសចរណ៍ (Tourism Management Plan) ដែល​លោក​សាស្ត្រាចារ្យ Richard MACKAY ប្រធាន​ក្រុមហ៊ុន Golden Mackay Logan (GML) បាន​ធ្វើបទ​បង្ហាញ ធ្វើ​ជាមូលដ្ឋាន​សម្រាប់​ពិចារណាការអនុវត្ត​ផែន​ការសកម្មភាព​គម្រោង នា​ពេលអនាគត​ខាងមុខ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
ជាការពិតណាស់ ប្រធានបទស្តី​ពី​ផែនការ​គ្រប់គ្រង​ទេស​ចរណ៍នៅ​តំបន់អង្គរ​មិន​មែន​ ត្រូវបានលើក​យកមក​ពិភាក្សាជាលើក​ទីមួយនៅ​ក្នុងអង្គសិក្ខាសាលា​នាពេល​នេះទេ។ តាមពិត ខ្ញុំបានលើកយក​ផែនការនេះ​មកពិភាក្សា តាំងពីឆ្នាំ២០០៤ម្លេះ គឺនៅក្នុង​សិក្ខាសាលា​ស្តីពី​ការសិក្សា​អំពីតំបន់​អង្គរ និង​សៀមរាប លើប្រធានបទ “​ទេសចរណ៍ និងការ​អភិវឌ្ឍប្រកប​ដោយចីរភាព” ដែល​បានប្រព្រឹត្ត​ទៅនៅ​រាជធានី​ភ្នំពេញ។ ការ​ពិភាក្សា និងការផ្លាស់ប្តូរ​យោបល់​នៅពេល​នោះ មិនត្រឹមតែ​​ផ្តោតលើ​លក្ខខណ្ឌ និង​ទស្សនៈ​វិស័យ​នៃការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៃ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្តោត​លើមូល​ដ្ឋាន ក្រមសីលធម៌ និង​ការប្រតិ​បត្តិសម្រាប់ជំរុញ​កំណើន​ទេសចរណ៍ផង ដែរ។ នៅពេល​នោះ​ដែរ នៅក្នុង​បទអន្តរាគម​បិទអង្គ​សិក្ខាសាលា ខ្ញុំបាន​ទាញចំណាប់​អារម្មណ៍​ចំពោះគោលនយោបាយ​របស់រាជ​រដ្ឋាភិបាល​ សម្រាប់គ្រប់​គ្រង​តំបន់​សៀមរាប​អង្គរ ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

នៅថ្ងៃនេះ ខ្ញុំសូម​បញ្ជាក់ថា ការកត់​សម្គាល់ និង​ការសន្និដ្ឋាន​ដែលខ្ញុំ​បានលើក​ឡើង​កាលពីឆ្នាំ២០០៤ នៅ​តែឆ្លើយតប​ទៅនឹង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ដដែល។

ទី១ ៖ យើងត្រូវ​ធានាឱ្យ​មានអនាគត​មួយដែល​ច្បាស់លាស់ និង​ស្ថិតស្ថេរ សម្រាប់​សកម្មភាពទេសចរណ៍​ក្នុងតំបន់​សៀមរាប​អង្គរ សំដៅ​ធានាឱ្យ​បាន​នូវ​បូរណភាព និងសភាព​ដើម​នៃ​រមណីយដ្ឋានអង្គរ ដែល​ជាបេតិកភណ្ឌ​ពិភពលោក។

ទី២ ៖ ដើម្បី​ធានាបាន​នូវនិរន្តរ​ភាព កម្ម​វិធីទេសចរណ៍​ទាំងអស់​ត្រូវ​មានការ​ចូល​រួម​ពីបណ្តា​ភាគី ពាក់​ព័ន្ធ​នានា ដូចជា ៖ អង្គការ​មិនមែន​រដ្ឋាភិបាល ទីភ្នាក់​ងារ​ទេសចរណ៍ សណ្ឋាគារ​និង​ផ្ទះសំ​ណាក់ ក្រុមហ៊ុន​ដឹកជញ្ជូន មគ្គុទេសក៍​ទេសចរណ៍ និង​មជ្ឈដ្ឋាន​ធុរជន និង​សហគ្រិន​នានា ទាំង​នៅ​ក្នុងគោលគំនិត និង​ការអនុវត្ត​ជាក់​ស្តែង ។

ទី៣ ៖ ដូចដែល​អង្គការទេសចរណ៍​ពិភពលោក​បាន​ផ្តល់​អនុសាសន៍ វិស័យ​ទេសចរណ៍​គឺជា វិស័យ​មួយដែល​អាចចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងកិច្ច​ការពារ និង​លើកតម្លៃ​រមណីយដ្ឋាន​បេតិ​កភណ្ឌ ពិ​ភព​លោក។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
ការសិក្សាស្រាវ ​ជ្រាវបស់អ្នក​ជំនាញការបាន​ឱ្យដឹងថា ពិពិធកម្ម​ផលិតផល​ទេសចរណ៍​នៅតំបន់សៀមរាប​អង្គរ ដូច​ជា ៖ ការបង្កើត​និង​ដាក់ឱ្យ​មានវង់​ទស្សនា​ចរ​ថ្មីៗ ការរៀបចំ​ឱ្យមាន​ទីតាំង​ទេសចរណ៍ថ្មីៗ ការ​បង្កើត​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច ការ​លើក​កម្ពស់​វប្បធម៌​នៅក្នុង​ដំណើរ​ទស្សនា​រមណីយដ្ឋានអង្គរ ការទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​បរិស្ថាន មិនត្រឹម​តែឆ្លុះ​បញ្ចាំង​ពីភាព​សម្បូរ​បែប​នៃវិស័យទេសច​រណ៍​កម្ពុជា​ ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរឱ្យ​ស្នាក់​នៅ​រយៈពេល​វែងផងដែរ ដែល​ជាកត្តា​ធានា​បាននូវ​និរន្តរ​ភាព​ទេសចរណ៍​នៅ​សៀមរាប​អង្គរ។

នេះជាភារកិច្ចដ៏ធំធេង ​សម្រាប់​យើង​ទាំង​អស់គ្នា។ តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​យល់ថា យើង​ទាំងអស់​គ្នាដែល​ជាកូនចៅ​ជំនាន់ក្រោយ​នៃ​បុព្វបុរស​ខ្មែរដែល​បាន​ កសាងអង្គរ​ដ៏​អស្ចារ្យ ពិត​ជានឹង ជំនះ​បាននូវ​គ្រប់​ឧបសគ្គ។

ក្នុងន័យនេះ និរន្តរភាព​ការងាររបស់​អាជ្ញាធ​រអប្សរា និងការ​ចូលរួម​របស់​ដៃ​គូពាក់ព័ន្ធ​ទាំងអស់ក្នុង​វិស័យ​ទេសចរណ៍ រួមទាំង​ផ្នែកឯកជន​ក្នុងស្រុក និង​អន្តរជាតិ​ផង​ដែរ ពិតជា​មាន​សារៈ​ប្រយោជន៍ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តុល្យភាព​នៃ​ រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​តំបន់​សៀមរាប​អង្គរ។ ខ្ញុំសូមឆ្លៀត​ឱកាសនេះ អំពាវ​នាវដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ចូលរួម​ឱ្យបាន​កាន់តែ​សស្រាក់​សស្រាំថែម​ទៀត ជាមួយ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​ការជំរុញ​និរន្តរភាព​ទេសចរណ៍តំបន់​អង្គរ និងធានាថា ភ្ញៀវទេសច​រនឹងមាន​អារម្មណ៍​ដក់ជាប់​ក្នុងចិត្ត មិនត្រឹម​តែចំពោះ​ប្រាសាទ​បុរាណ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​តំបន់​សៀមរាប​អង្គរ​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំង​មូលតែម្តង។

ទន្ទឹម ​នឹងនេះ ការគិត​គូរអំពី​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត សេវា​ដឹកជញ្ជូន សេវា​ថែទាំ​សុខភាព ការកាត់​បន្ថយការ​បំពុល​បរិយាកាស ការអប់រំ​សហគមន៍​ឱ្យយល់​ដឹងឱ្យបាន​កាន់​តែទូលំ​ទូលាយ​អំពីសារៈ​សំខាន់​ នៃវិស័យ​ទេសចរណ៍ ពិពិធកម្ម​ផលិតផល​ទេសចរណ៍ និង​ការបណ្តុះ​បណ្តាល​ភាគីពាក់​ព័ន្ធ​ទាំងអស់​ឱ្យមាន​ជំនាញ​វិជ្ជាជីវៈ​ ច្បាស់លាស់ នឹង​ធានា​បាននូវ​គុណភាព​នៃ​ការផ្តល់​សេវា (quality of service) ដែល​ជាកត្តា​ជោគជ័យ​នៃ​វិស័យ​ទេស​ចរណ៍។

ជាថ្មីម្តងទៀត ខ្ញុំសូម​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្រ្តីអាជ្ញា​ធរអប្សរា​ទាំងអស់ និង​សូមថ្លែងអំណរ​គុណ​ចំពោះ​ក្រសួង​ទេសចរណ៍ សាលា​ខេត្តសៀមរាប អង្គការ​យូណេស្កូ និង​ស្ថានទូត​អូស្រ្តាលីប្រចាំ​កម្ពុជា ចំពោះ​កិច្ចគាំទ្រ និង​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក និង​ចំពោះកិច្ច​សហការ​រៀបចំ​សិក្ខាសាលា​នាពេល​នេះ ដែល​សម្រេច​បាន​លទ្ធផល​ប្រកប​ដោយ​ជោគជ័យ ដើម្បី​ឈាន​ទៅ​សម្រេច​បាននូវផែន​ការ​គ្រប់គ្រង​ទេសចរណ៍​ប្រកបដោយ​ចីរភាព​នៅ​ តំបន់​អង្គរ។

មុននឹងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ និង​តំណាងវិស័យ​ឯកជន​ទាំងអស់ សូម​មាន​សុខភាព​ល្អ ជោគជ័យ​គ្រប់ភារ​កិច្ច និង​មានសុភមង្គល​នៅក្នុង​ក្រុមគ្រួសារ។

ខ្ញុំសូមប្រកាស ​បិទអង្គ​សិក្ខាសាលា​ស្តីពី “​ទេសចរណ៍​ប្រកប​ដោយចីរភាព​នៅអង្គរ ៖ សកម្មភាព​សំដៅ​រៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍” នៅ​ពេលនេះ។
សូមអរគុណ

សន្ទរកថា ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រ​សួង​ទេសចរណ៍ ក្នុង​ឱកាស​បើក​សិក្ខា​សាលា​ស្តីពី « ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​នៅ​តំបន់​អង្គរ » ក្រោម​គម្រោង​បេតិក​ភណ្ឌ​តំបន់​អង្គរ









បទសម្ភាសន៍រវាង លោក​បណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា ​ជាមួយ លោកសត្យា រក្ស​ ​ទូរទស្សន៍​បាយ័ន​ ស្តីពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ


ថ្ងៃទី០៥ ខែមីនា​​​ ឆ្នាំ២០១២
លោកសត្យា រក្ស​
សំណួរ៖ ជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​នេះ គណបក្សប្រឆាំង មាន​ដូចជាគណបក្ស សម រង្ស៊ី ក្តី​ គណបក្ស​តូចតាចរបស់កឹម សុខា ក្តី បានបង្ហាញនូវការចុះចាញ់មុនប្រកួត​ ដោយគាត់បាន និងកំពុងតែចោទ គ ជ ប ថា​គ្មានតម្លាភាព គ្មានយុត្តិធម៌ លំអៀងមកលើ​គណបក្សប្រជាជនកម្ពុជា​ ជាដើម​។​ ជុំវិញបញ្ហា​នេះ​ សូមលោកបណ្ឌិត​ជួយពន្យល់ និងបំភ្លឺដល់គណបក្សប្រឆាំង ជាពិសេស​ជូន​ទៅ​ដល់​ជនរួម​ជាតិ ​អំពីនីតិវិធី​របស់ គ ជ ប​ ក្នុងការរៀបចំបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេល​ខាងមុខ​នេះ​បន្តិច​​បាទ?​​

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ មុន ​នឹង​យើង​ធ្វើ​ការ​​វិនិច្ឆ័យ​ទៅ​លើ​តួ​អង្គ​នីមួយ​​ៗ​ ដែល​ពាក់ពន្ធ័​​ទៅ​នឹង​រឿង​បោះ​ឆ្នោត​ ជា​ពិសេស​យើង​ទាញ​ទៅ​លើ​ទស្សនៈ​​របស់​គណបក្ស​ប្រឆាំង​ ដែល​ច្រើន​តែ​ចោទ​ប្រកាន់​ គ.ជ.ប ថា​មិន​ឯករាជ្យ មិន​សុក្រឹត្យ​​ រហូត​អង្គការ​ NGO មួយ​ចំនួន​ ដែល​មាន​និន្នាការ​ប្រឆាំង​ ហើយ​ធ្វើ​កិច្ច​ការ​បោះ​ឆ្នោត​ក៏​ចោទ​ប្រកាន់​ថា មិន​ឯក​រាជ្យ​។​ ត្រង់​ចំណុច​នេះ​ពួក​គាត់​បាន​ត្រឹម​តែ​អះ​អាង​ទេ បើ​សិន​ជា​យើង​ចង់​រក​ឲ្យ​ឃើញ​ថា តើ​ការ​បោះ​ឆ្នោត​​មួយ​អាច​ទទួល​យក​បាន​ដោយ​ សេរី យុត្តិធម៌​ លុះត្រា​​តែ​យើង​មើល​ទៅ​លើ​​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​មួយ​ ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​​រឿង​បោះ​ឆ្នោត​។​ ការ​បោះ​ឆ្នោត​មួយ​សេរី ត្រឹម​ត្រូវ យុត្តិ​ធម៌​ មិន​អាស្រ័យ​ទៅ​លើ​តែ​អង្គការ​មួយ​តែ​មួយ​មុខ​ទេ យើង​ត្រូវ​​មើល​ច្បាប់​។​គណៈកម្មាធិការ​ជាតិ​ រៀប​ចំ​ការបោះ​ឆ្នោត​ (គ.ជ.ប)  តើ​មាន​តួនាទី​អ្វី​ខ្លះ​?​។​ គ.ជ.ប ជា​អង្គការ​បោះ​ឆ្នោត​ដែល​ទទួល​បន្ទុក​ត្រឹម​តែ​រៀប​ចំនូវ​​បច្ចេក​ទេស​នៃ​ ដំណើរ​ការ​បោះ​ឆ្នោត​ទេ​ មិន​មែន​ជា​អ្នក​កំណត់​ទៅ​នឹង​នយោបាយ​បោះ​ឆ្នោត​ ឬ​ក៏​គោល​ការណ៍​​បោះ​ឆ្នោត​​ទេ។​ អញ្ចឹង​​ដំណើរ​ការ​បច្ចេកទេស​ រាប់​តាំង​​ពី​ការ​ចុះ​ឈ្មោះ​ ការ​ស្រង់​បញ្ជី ការ​ទទួល​ឈ្មោះ​បេក្ខជន​ រាប់​សន្លឹក​ឆ្នោត គណនា​សន្លឹក​ឆ្នោត​ ​បែង​ចែក​អសនៈ ។ល។ សុទ្ធ​តែ​ជា​ការ​ងារ​បច្ចេក​ទេស​បោះ​ឆ្នោត​ ដែល​ច្បាប់​ប្រគល់​ជូន​ គ.ជ.ប។​ សូម្បី​តែ​របៀប​រាប់​សន្លឹក​​ឆ្នោត​ ក៏​មិន​មែន​ជា​ការ​សម្រេច​របស់​ គ.ជ.ប ដែរ ថាសន្លឹក​ឆ្នោត​ណា​យក​មក​រាប់ ហើយ​សន្លឹក​ឆ្នោត​ណា​មិន​ត្រូវ​យក​រាប់​។​ តាំង​ពី​សន្លឹក​ឆ្នោត​ដែល​ត្រូវ​យក​មក​ប្រើ​ សុទ្ធ​តែ​ច្បាប់​កំណត់​ទាំង​អស់​ អញ្ចឹង​ គ.ជ.ប មាន​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ខុស​ត្រូវ​​ ចំពោះ​ការងារ​​ធុរៈកិច្ច​​របស់​ខ្លួន​ក្នុង​បច្ចេក​ទេស​រៀប​ចំ​ការបោះ​ឆ្នោត ​ អនុលោម​ទៅ​តាម​ច្បាប់​ដែល​កំណត់​ ហើយ​ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធិ​ភាព​​ យើង​ឃើញ​ថា គ.ជ.ប បាន កំណត់​នូវ​នីតិ​វិធី​ របស់​ខ្លួន​ដើម្បី​ឲ្យ​ សម្រេច​នូវ​គោល​ដៅ នៃ​ការ​ធានា​ការបោះ​ឆ្នោត​ខាង​ភា​រកិច្ច​បច្ចេក​ទេស​របស់​ខ្លួន​បាន​ត្រឹម​ ត្រូវ​ រាប់​​ទាំង​ការ​ជូន​ដំណឹង តាំង​ពី​ការ​កំណត់​ប្រតិទិន​នៃ​ជំហាន​នីមួយ​ៗ​​។ មួយ​ទៀត​យើង​កុំអាល​​និយាយ​ស៊ី​ជម្រៅ​ ឥឡូវ​ គ.ជ.ប​ មាន​ភារកិច្ច​ហ្នឹង សួរ​ថា គ្រប់​គ្រាន់​ទេ​ការ​បោះ​ឆ្នោត​​មួយ?​​ អញ្ចឹង​ហើយអង្គការ​ណា​ទៀត​ដែល​ត្រូវ​​មាន​តួនាទី​?​ ​​ខ្ញុំ​បាន​បង្ហើប​ថា គ.ជ.ប អនុវត្ត​តាម​ច្បាប់​ អញ្ចឹង​រដ្ឋ​សភា​ ក៏​មាន​តួនាទី​ក្នុង​កិច្ច​ការ​បោះ​ឆ្នោត​ដែរ​ គឺ​ជា​អ្នក​ធ្វើ​ច្បាប់​បោះ​ឆ្នោត​ ហើយ​មិន​ត្រឹម​តែ​ធ្វើ​ច្បាប់​បោះ​​ឆ្នោត​​ជា​មូល​ដ្ឋាន​ទេ​ រហូត​មាន​វិសោធនកម្ម​នូវ​នីតិវិធី​ និង​បែប​បទ​មួយ​ចំនួន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ភាព​ពិត​ជាក់​ស្តែង​ នៃ​ការ​វិវត្តន៍​របស់​កម្ពុជា​ទៀត​​។​ អញ្ចឹង​ហើយ​បាន​ច្បាប់​បោះ​ឆ្នោត​ជ្រើស​​តាំង​អ្នក​តំណាង​​រាស្ត្រ​​​ ច្បាប់​បោះ​ឆ្នោត​ជ្រើ​ស​តាំង​សមជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្តី​ សុទ្ធ​តែ​មាន​វិសោធន​កម្ម​។​ អញ្ចឹង​ច្បាប់​ហ្នឹង​វា​មាន​ជា​ធរមាន​ជាទូទៅ​ ដែល​តម្រូវ​ឲ្យ​ទាំង គ.ជ.ប អនុវត្ត​។ ហើយ​មួយ​ទៀត​ សួរ​ថា មាន​តែ​ គ.ជ.ប ហើយ​ រដ្ឋ​សភា អាច​ឲ្យ​ការ​បោះ​ឆ្នោត​ទៅ​រលូន​ដែរឬ​​អត់?​​ អត់​ទាន់​គ្រប់​ទៀត​ អញ្ចឹងបាន​គណបក្ស​ប្រឆាំង​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ពិសេស​ NGO និន្នាការ​ប្រឆាំង​ ត្រូវ​រៀន​សូត្រ​តទៅ​ទៀត​ បើ​មាន​តែ​រដ្ឋ​សភា ហើយ​មាន​ គ.ជ.ប ដ៏​ពេជ្រ​ពណ្ណរាយ​ក៏​អត់​ទាន់​គ្រប់​ដែរ​ យើង​ត្រូវ​ការ​ដំណើរ​ការ​បោះ​ឆ្នោត រាប់​តាំង​​ពី​ការ​​ចុះ​បញ្ជី​ ។ល។ ឲ្យ​មាន​សុវត្ថិភាព​ សន្តិសុខ ធានា​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចុះ​បញ្ជី​ រហូត​ដល់​ក្នុង​បោះ​ឆ្នោត រហូត​ទៅ​ដល់​ គ.ជ.ប រាប់​សន្លឹក​ឆ្នោត​ប្រកាស​នោះ សន្តិសុខ​ សុវត្ថិភាព​គឺ​ជា​ភារៈកិច្ច​​​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ បាន​ន័យ​ថា អាជ្ញាធរ​របស់​អំណាច​នីតិ​ប្រតិបត្តិ​។​ ឃើញ​ទេ​បី ហ្នឹង​អត់​ទាន់​គ្រប់​ទៀត​ តើ​អ្នក​ណា​ទៀត​ដែល​ត្រូវទទួល​ខុស​ត្រូវ​ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​​ឆ្នោត​ សេរី​ យុត្តិធម៌​ ត្រឹម​ត្រូវ​ គឺ​គេ​ត្រូវ​ការ​នូវ​តម្លា​ភាព​នៃ​នយោបាយ​របស់​របស់​គណបក្ស​ទៀត បើ​គណបក្ស​នីមួយ​ៗ ពុំ​សុច្ច​រិត​ចំពោះ​នយោបាយ​របស់​ខ្លួន ចូលរួម​គ្រាន់​តែ​ស្រែក​ដើម្បី​បង្ខូច​កេរ្តិ៍​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ គណបក្ស​ហ្នឹង​ទុច្ច​រិត​បាត់​ទៅ​ហើយ ។ ខ្ញុំ​គ្រាន់​តែ​លើក​តួ​អង្គ​​គណបក្ស សំខាន់​ណាស់​នូវ​កាតព្វកិច្ច​ ដើម្បី​ជួយ​ទ្រទ្រង់​ការ​បោះ​ឆ្នោត ខ្លួន​ដាក់​ឈ្មោះ​ចូល​ប្រកួត​ប្រជែង ដែល​មាន​បេក្ខ​ជន​នៅ​ក្នុង​បញ្ជី​គណបក្ស​ ប៉ុន្តែ​​ខ្លួន​គ្មាន​នយោបាយ​បរិសុទ្ធ​ សុទ្ធចិត្ត​ បាន​ត្រឹម​តែ​មួល​បង្កាច់​ ញុះញង់ អុជអាល ​បាន​ន័យ​ថា ខ្លួន​អត់​ស្មោះត្រង់​ក្នុង​នយោបាយ​របស់​ខ្លួន​ បែ​រ​ទៅ​ជា​ភ្លើត​ភ្លើន​ក្នុង​ការ​ធ្វើ​នយោបាយ​អាឡិអាឡក់​ ដូច្នេះ​ខ្លួន​អត់​បាន​ចូលរួម​លើក​ស្ទួយ​ ដំណើរ​ការ​បោះ​ឆ្នោ​ទេ។​ តើ​គេ​ត្រូវ​លើក​ស្ទួយ​យ៉ាង​ម៉េច?​ គេ​ត្រូវ​មាន​គោល​នយោបាយ​ មាន​កម្ម​វិ​ធី​នយោបាយ​ ហើយ​កម្ម​វិធី​ និង​គោល​នយោបាយ​ មិន​មែន​​របៀប​ប្រជា​ភិថុត​ទេ គោល​នយោបាយ​ និង​កម្ម​វិធី​នយោបាយ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ក្រុម​គណបក្ស​​របស់​ខ្លួន​ ចំពោះ​សមាជិក​គណបក្ស​របស់​ខ្លួន​ ហើយ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ប្រជាពលរដ្ឋ​​ នៅ​លើ​កម្ម​វិធី​​នយោបាយ​ ដែល​ខ្លួន​គិត​ឃើញ​ថា ចង់​ធ្វើ​របៀប​ហ្នឹង តែ​មិន​មែន​ឃោសនា​របៀប​ឲ្យ ៤ ម៉ឺន មនុស្ស​ចាស់ អាហ្នឹង​មិន​មែន​កម្ម​វិធី​ទេ អាហ្នឹង​បោក​ហើយ ឬ​ក៏​​​ព្យាបាល​អត់​យក​លុយ​អីជាដើម​។

លោក សត្យា រក្ស
 ថ្មី​ៗ​នេះ​លោក​ កឹម​ សុខា គាត់​ប្រកាស​ថា មេឃុំ​គាត់​បើ​សិន​ជាប់​ឆ្នោត​ គាត់​ដឹក​យក​ទៅ​រៀន​នៅ​អាមេរិក​ ប៉ុន្មាន​ខែ​ឯណោះ​ គាត់​ចេញ​ទាំង​លុយ​ធ្វើ​ដំណើរ ចេញ​តាំង​ពី​សណ្ឋាគារ​។

លោក​បណ្ឌិត ឈឹម ផលវរុណ
 របៀប​អញ្ចឹង​ ​​តើ​ខ្លួន​ស្មោះ​ត្រង់​នឹង​​នយោបាយ​របស់​ខ្លួន​​ឬ​អត់?​​ ខ្លួន​ស្មោះ​ត្រង់​​នឹង​នយោបាយ​អភិ​វឌ្ឍ​​ប្រទេស​​​ក្នុង​ការ​ចង់​បាន​ សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ឬ​អត់?​ វា​អត់​មាន​ វា​មិន​ដែល​សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ណា​ទៅ​គិត​រឿង​ ៤ ម៉ឺនទេ​​ គេ​គិត​តែ​រឿង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ជីវភាព​រស់​នៅ​ទាំង​បុគ្គល​ ទាំង​គ្រួសារ ទាំង​សហគមន៍​ ។

លោក សត្យា រក្ស
សំណួរ​៖ ខ្ញុំ​ចង់​​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​​បន្តិច ឥឡូវ​យើង​ថា គោល​នយោបាយ​ល្អ​ហើយ គ្រប់​យ៉ាង​ល្អ​ហើយ ប៉ុន្តែ​តួអង្អ​តំណាង​ អ្នក​ឈ​រ​ឈ្មោះ​នោះ​ ដូច​ជាលោក​មេឃុំ​ អ្នក​ឈរមេ​ឃុំ​ បើ​សិន​ជា​គាត់​ជា​មនុស្ស​អវិជ្ជា មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ដើរ​ផឹក​ ហើយ​ក្នុង​ផ្ទះ​គាត់​ឈ្លោះ​គ្នា ប្រពន្ធ​កូន​ វ៉ៃដំ ច្រំ​ធាក់ ប្រើ​អំពើ​ហិង្សា​រាល់​ថ្ងៃ។​ អញ្ចឹង​បេក្ខជន​បែប​ហ្នឹង​អាច​នឹង​​ទទួល​យក​​ជ័យ​ជំនះ​​បានឬ​​ទេ?​ ពី​ព្រោះ​ខ្ញុំ​ឃើញ​ថា​ មេ​ឃុំ​ដែល​គណបក្ស​ សម រង្ស៊ី គណបក្ស កឹម សុខា ក្តី ដែល​គាត់​ជ្រើស​​រើស​ជា​អ្នក​ឈរ​ឈ្មោះ​ជា​មេឃុំ​ នៅ​តាម​ឃុំ​នៅ​តាម​ស្រុក​ ខ្ញុំ​ឃើញ​ថា ច្រើ​ន​តែ​ជាមនុស្ស​អត់​ចេះ​អក្សរ​​ និយាយ​ឲ្យ​ចំ​ គឺ​អសមត្ថភាព អញ្ចឹង​ត្រង់​ហ្នឹង​ជា​ចំណុច​ដែល​យើង​គួរ​គិត​ដែរឬទេ​?

លោក​​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ចំណុច​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ថា អត់​ស្មោះ​ត្រង់​នឹ​ង​​ម្ចាស់​​ឆ្នោត​។​ ពាក្យ​ថា គណបក្ស​នយោបាយ​ដែល​ដាក់​ខ្លួន​ទៅ​ប្រកួត​ប្រជែង​​ វាមិន​ខុស​ពី​កីឡាករ​ដែល​ចុះ​ឈ្មោះ​ទៅ​ប្រដាល់​ទេ ឬ​ទៅ​លេង​បាល់​ទាត់​​ទេ។​ មាន​អាប៊ីត​ល្អ មាន​តារាង​ល្អ មាន​​កាំ​មេរ៉ា​​ ថត​យ៉ាង​ល្អ ប៉ុន្តែ​បើ​អ្នក​លេង​ហ្នឹង​វា​ខូច​ អាប៊ីត អង្គុយ​តែ​​ផ្លុំកញ្ចែ ផ្លុំ​ដល់​ទៅ​​ហត់ ដល់ទៅ​ដួលក៏ ​នៅ​តែ​អត់​ល្អ​ដែរ​ ពី​ព្រោះលោក​ឃើញ​​ដើរតែ​​ទាត់​គេរហូត ​​មិនត្រូវ​​ផ្លុំ​រហូត។​​ ដូច្នេះ​ទីលាន​ប្រកួត​គឺ​អត់​ស្អាត​ទេ មិន​មែន​អត់​ល្អ​ដោយ​សារ​តែ​អាប៊ីត​ទេ មិន​មែន​អត់​ល្អ​ដោយ​សារ​តារាង​ទេ គឺ​អត់​ល្អ​ដោយ​សារ​កីឡាករ។​​​ បាន​ន័យ​ថា អត់​ស្មោះ​ត្រង់​នឹង​​កីឡា​ នឹង​នយោបាយ​ហ្នឹង អញ្ចឹង​បាន​ចង់​​និយាយ​ថា គណបក្ស​នយោបាយ​ត្រូវ​ស្មោះ​ត្រង់​​ជា​មួយ​នឹង​នយោបាយ​របស់​ខ្លួន​​ ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ បាន​ន័យ​ថា មិន​ត្រឹម​តែ​ស្មោះ​ត្រង់​​ និង​ទៀង​ត្រង់​​​​ទៅ​លើ​គោល​គំនិត និង​កម្ម​វិធី​នយោបាយ​ទេ តែ​ត្រូវ​ស្មោះ​ត្រង់​ និង​ទៀង​ត្រង់​ជា​មួយ​នឹង​​ម្ចាស់​ឆ្នោតដែរ។​ គឺ​​នៅ​ត្រង់​ថា ខ្លួន​រើស​បេក្ខ​ជន​ឲ្យ​ឆ្លើយ​តប​​ទៅ​នឹង​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​ផង។​ ឧទាហរណ៍​ថា កម្ម​វិធី​នយោបាយ​សុទ្ធ​តែ​មហា​អស្ចារ្យ​ ដល់​យក​បេក្ខជន​​ គឺ​អត់​ទាំង​ដឹង​ពី​កម្ម​វិធី​នយោបាយ​របស់​បក្ស​ខ្លួន​ផង ដឹង​តែ​ប្រមឹក​ អញ្ចឹង​ធ្វើ​ម៉េច​យល់​ថា កម្ម​វិធី​នយោបាយ​អភិវឌ្ឍ​​ភូមិ​ឃុំ​ ដែល​គណបក្ស​ខ្លួន​ឯង​បាន​តាក់​តែង​នោះ ​ថា​តាក់​តែង​​បាន​ល្អ​ទៀត​ទៅ​ចុះ​ តែ​ខ្លួន​រើស​បេក្ខ​ជន​អត់​ស្មោះ​ត្រង់​​ចំពោះ​នយោបាយ​​ហ្នឹង​។​ ខ្ញុំ​លើក​ឧទាហរណ៍​ រើស​បេក្ខ​ជន​ដែល​​យក​លុយ​ យក​អំណាច​លុយ​មក​ជះ​ឥទ្ធិពល​ ដើម្បី​ឈរ​ជា​មេឃុំ​ សួរថា​​រើស​បុគ្គល​ដែល​មាន​អំណាច​លុយ​​នេះ​ វា​ស្មោះ​ត្រង់​នឹង​កម្ម​វិធី​នយោបាយ​របស់​បក្ស​ដែរ​ឬ​អត់?​​ វា​ស្មោះ​ត្រង់​ចំពោះ​ការ​ពេញចិត្ត​របស់​ប្រជាពល​រដ្ឋ​លើក​កម្ម​វិធី​នយោបាយ ​របស់​គណបក្ស​ដែរ​ឬ​អត់?​​​ វា​នឹង​ឃ្លាត​គ្នា​រវាង​បុគ្គល​ និង​កម្ម​វិធី​នយោបាយ​​ហើយ។​​ចំណុច​ហ្នឹង​គឺ​ភាព​ស្មោះ​ត្រង់​ និង​ទៀង​​ត្រង់​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​នយោបាយ​​ឲ្យ ​បាន​ត្រឹម​ត្រូវ​ ឲ្យ​​ជា​ក់​លាក់​ ដែល​មនុស្ស​អាច​ធ្វើ​បាន​ មិន​មែន​ទេវបុត្រ​ណា​មក​ធ្វើ​ទេ​​ មិនមែន​​ឥស្សី ជប់​មក​បាន​ទេ។​ ដូច​រឿង​យក​មេ​ឃុំ​ណា​ទៅ​អាមេរិក​អី អាហ្នឹង​ចូល​ដល់​បោក​ រើស​ម៉េច​ឲ្យ​មនុស្ស​ធ្វើ​បាន​ ហើយ​ធ្វើ​បាន​ក្នុង​ក្រប​ខ័ណ្ឌ​ ពិសេស​ជាក់​ស្តែង​របស់​កម្ពុជា​ទៀត​។ មួយ​ទៀត​ស្មោះ​ត្រង់​ចំពោះ​នយោបាយ​របស់​ខ្លួន​ ចំពោះ​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​ រើស​បេក្ខ​ជន​ឲ្យ​បាន​ត្រឹម​ត្រូវ​ បរិសុទ្ធ ទៀង​ត្រង់​ បើ​យក​មនុស្ស​ខិល​ខូច​ ក្រឡិច​ក្រឡុច​ មិន​ស្មោះ​ត្រង់​គឺ​អ្នក​ហ្នឹង​​ហើយ​ រួម​ទាំង​មេ​បក្ស​ទៀត​ កំពុង​តែ​ធ្វើ​នយោបាយ​មិន​ស្មោះ​ត្រង់​ហើយ​។​

លោក​ សត្យា រក្ស
សំណួរ​៖ ឥឡូវ​យើង​ងាក​មក​ដំណើរ​ការ​បោះ​ឆ្នោត​វិញ​ម្តង ដែល​ខ្ញុំ​សុំ​ឲ្យ​លោក​បណ្ឌិត​ជួយ​ពន្យល់​ ជូន​ដល់​ជន​រួម​ជាតិ​។ ជា​ធម្មតា​យើង​ឃើញ​ថា ដំណើរ​ការ​នៃ​ការ​បោះ​​ឆ្នោត​នេះ​គឺ​គណបក្ស​នយោបាយ​នីមួយ​ៗ​ គឺ​ថា មាន​អ្នក​សង្កេតកាណ៍​របស់​ខ្លួន​ នេះ​ជា​ចំណុច​មួយ​ដែល​រាប់​បាន​ថា​ជា តម្លាភាព​មួយ​ហើយ​ ពីព្រោះ​ថា អ្នក​សង្កេត​ការណ៍​ហ្នឹង​ដើរ​តួ​ជា​ភ្នែក​ ជា​ច្រមុះ​ របស់​គណបក្ស​នីមួយ​ៗ​ហ្នឹង​ឯង ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រតី​ ឬ​ក៏​មាន​ការ​បន្លំ​យ៉ាង​ណា​ៗ​នោះ​គឺ តំណាង​គណបក្ស​ហ្នឹង​គឺ​មើល​ឃើញ​ នេះ​ជា​ចំណុច​មួយ​ដែល​យើង​ឃើញ​ថា ជា​ការ​ល្អ​ ដែល​ គ.ជ.ប ​បាន​កំណត់​បែប​នេះ។​​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គណបក្ស​ប្រឆាំង​នៅ​តែ​ចោទ​ថា ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​ថា មិន​មាន​តម្លា​ភាព​ មិន​មែន​យុត្តិ​ធម៌​ ឥឡូវ​យើង​ថាអញ្ចឹង​ចុះ​ ខ្ញុំ​ងាក​ទៅ​ស្ថាប័ន​ធំ​ គឺ​ថា​ស្ថាប័ន​ គ.ជ.ប វិញ​ម្តង​​ តើ​ គ.ជ.ប មាន​សមាសភាព​មក​ពី​គណបក្ស​ប្រឆាំង​ដែរឬ​​ទេ ​ក្នុង​​ការ​ចូល​រួម​បង្កើត​ជា​ស្ថាប័ន​ គ.ជ.ប ហ្នឹង ?

លោកបណ្ឌិត​ ឈឹម ផល​វរុណ
ចម្លើយ​៖ រឿង ​គណបក្ស​ប្រឆាំង​ដែល​គេ​ធ្វើ​នយោបាយ​ គឺ​ខ្ញុំ​និយាយ​ឲ្យ​អស់​ទៅ​ មិន​ត្រឹម​តែ​អត់​សមត្ថភាព​ គឺ​អត់​ស្មោះ​ត្រង់​ទៅ​នឹង​នយោបាយ​របស់​ខ្លួនថែមទៀត​។​​ ឧទាហរណ៍​រឿង​ពាក់ព័ន្ធ​រឿង​សង្កេត​ការណ៍​ ខ្លួន​អត់​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ការងារ​សង្កេតកាណ៍​ បើ​យើង​ស្មោះ​ត្រង់​ក្នុង​ការងារ​សង្កេតការ​ណ៍​ត្រូវ​រើស​អ្នក​សង្កេត​ការណ៍ ​ ដែល​ស្មោះ​ស្ម័គ្រ​ចំពោះ​ការងារ​ហ្នឹង មិន​មែន​រើស​មនុស្ស​ដែល​សម្រាប់​ឲ្យ​បង្គ្រប់​កិច្ច​ ចាំ​ដល់​មាន​បញ្ហា​ឲ្យ​មនុស្ស​ហ្នឹង​ស្រែក​ បាន​ន័យថា​​អត់​ស្មោះ​ត្រង់​ អត់​ទៀង​ត្រង់​ហើយ។​ យើង​ពិនិត្យ​មើល​ ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​អ្នក​សង្កេត​ការណ៍​ ក្នុង​ក្រប​ខ័ណ្ឌ​អន្តរជាតិ​ ​ក្នុង​​ក្រប​ខ័ណ្ឌ​ជាតិ​ក៏​ធ្លាប់​ ក្រប​ខ័ណ្ឌ​ឯកជន​ក៏​ធ្លាប់​ដែរ។​ ​​បើ​យើង​ទៅ​សង្កេត​ការណ៍​ឯកជន​ តើ​យ៉ាង​ម៉េច​ ខ្ញុំ​ឃើញ​នៅ​ពេល​ដែល​ដំណើរ​ការ​បោះ​ឆ្នោត​ ប្រជាពល​រដ្ឋ​ទម្លាក់​​សន្លឹក​ឆ្នោត​ ឃើញ​អ្នក​សង្កេត​ការណ៍​ពេញ គ្រប់​គណបក្ស យ៉ាង​ហោច​ណាស់​ក៏​មាន​​៣ ទៅ ៤ គណបក្ស​ដែរ​ ហើយ​អត់​មាន​ឃើញ​ប្រតិកម្ម​អវិជ្ជមាន​ណា​មួយ​កើត​មាន​ទេ រហូត​ទៅ​ដល់​រាប់​សន្លឹក​​ឆ្នោត​ ខ្ញុំ​មើល​ ​ហើយ​ឃើញ​គេ​លើក​​សន្លឹក​ឆ្នោត​ទាំង​អស់​ ហើយ​ម្នាក់ៗ​​គូស​ដូច​ៗ​គ្នា។​​ ខាង​តំណាង​មន្រ្តី​ គ.ជ.ប គូស​នៅ​ក្តា​រខៀន​​ អ្នក​សង្កេត​ការណ៍​គណបក្ស​គូស​នៅ​លើ​ក្រដាស់​របស់​ខ្លួន​ គឺ​ផ្ទៀង​ផ្ទាត់​អត់​ខុស​គ្នា ពេល​ដែល​គេ​រាប់​បញ្ចប់​ហើយ គេ​សរសេរ​លើ​ក្រដាស​ជា​ផ្លូវ​ការ​ មាន​ហត្ថលេខា អ្នក​សង្កេត​ការណ៍​ ឯកភាព​ទាំ​ង​អស់​គ្នា តែ​ហេតុ​អ្វី​នៅ​ពេល​ក្រោយ​មក​កន្លែង​ដ​ដែល​ ទៅ​ចោទ​ប្រកាន់​ថា អត់​មាន​តម្លាភាព​ បើ​អត់​មាន​តម្លាភាព​ហេតុ​អី​ ដំណើរ​ការ​បោះ​ឆ្នោត​     ​រហូត​ដល់​ចប់​ចុង​ចប់​ដើម​?​ ហើយ​ខ្លួន​មាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ បាន​ន័យ​ថា​ទាំង​មេបក្ស​បញ្ជូន​មនុស្ស​អត់​ស្មោះ​ត្រង់​ក្នុងការ​ងារ​ ហើយ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​ ដែល​ជា​អ្នក​សង្កេត​ការណ៍​អត់​ស្មោះ​ត្រង់​ចំពោះ​ការ​បំពេញ​ការ​ងារ​របស់​ ខ្លួន​ឯង​ ខ្លួន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ ហើយ​ចេញ​ក្រៅ​ស្រែក។​ ត្រង់​ហ្នឹង​ដែល​ធ្វើ​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ ពី​ព្រោះ​ គ.ជ.ប មិនមែន​​ជា​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ទេ គ.ជ.ប ជា​អង្គការ​បច្ចេក​ទេស​រៀប​ចំការ​បោះ​ឆ្នោត​ គឺ​រៀប​ចំដំណើរ​ការ​បច្ចេកទេស​​ ឲ្យ​វា​ប្រព្រឹត្ត​​ទៅ​ដោយ​រលូន​​ ប៉ុន្តែ​សុវត្ថិភាព សន្តិសុខ មិន​មែន​ គ.ជ.ប សង្កេត​ការណ៍​ថា ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ថា ល្អ​ មិន​ល្អ ក៏​មិន​មែន​ គ.ជ.ប ដែរ​ គឺ​អស់​លោក​​អស់​ហ្នឹង ទាំង​គណបក្ស​នយោបាយ​រហូត​ដល់​មាន​អ្នក​សង្កេត​ការណ៍​ក្រៅ​ក្រប​ខ័ណ្ឌ​គណបក្ស ​ទៀត មាន​ទាំង​ NGO , IO ដូច្នេះ​មាន​ NGO ខ្លះ​​ក៏​អត់​ស្មោះ​ត្រង់​​​​នឹ​ង​​ការ​ងារ​​ទៀត ស្រាប់​ដល់​ពេល​លទ្ធផល​ខុស​ចិត្ត​ តាម​ពិត​លទ្ធ​ផល​មិន​ខុស​ទេ​​ តែ​វា​ខុស​ចិត្ត​របស់​គេ​ គេ​ក៏​បង្កើត​​បរិស្ថាន​វល់​វក់​មួយ​គឺ​ ប្រកែក​​ឡាំប៉ា  និង​ការ​បោះ​ឆ្នោត។​​ នេះគឺ​ជា​​ចរិត​មិន​សុច្ច​រិត​ ការ​ពិត​ការបោះ​ឆ្នោត​ ដំណើរ​ការ​សុច្ច​រិត​ត្រឹម​ត្រូវ​ណាស់​ ប៉ុន្តែ​គ្រាន់​តែ​និន្នាការ​នយោបាយ​ គ្រាន់​តែ​មហិច្ឆតា​ គ្រាន់​តែ​ការ​​ប៉ង​ប្រាថ្នា​ ខុស​ចិត្ត​ បែ​រទៅ​ជា​ក្រឡាច់​រឿង​ទៅ​ជាចោទ​ប្រកាន់​។

លោក សត្យា រក្ស
សំណួរ​​៖​ ទិដ្ឋ ​ភាព​បែប​ហ្នឹង​គឺ​ខ្ញុំ​បាន​ឃើញ​កាល​ពី​ យើង​បោះ​ឆ្នោត​អាណត្តិ​ទី​​៤ នេះ​តែ​ម្តង។​​​ និយាយ​ឲ្យ​ចំ​គឺ​លោក សម រង្ស៊ី តែ​ម្តង​ គឺថា​មុន​ការ​បោះ​​ឆ្នោត​​ ១ ថ្ងៃ ២ថ្ងៃ​ គាត់ចេញ​សារ​មួយ​ប្រាប់​ទៅ​សកម្មជន​របស់​គាត់​ គាត់ថា ការ​បោះ​ឆ្នោត​នេះ​គឺ​សុំ​ឲ្យ​សកម្ម​ជន​ សម រង្ស៊ី ទាំង​អស់​​កុំ​ភ័យ ​កុំ​បារម្ភ​ ព្រោះ​គាត់​ថា​គាត់​ជា សម រង្ស៊ី គឺ​បាន​រៀប​ចំ​ជើង​ព្រួល​អស់​ហើយ​ អ្នក​សង្កេត​ការណ៍​របស់​យើង​ក្នុង​១​កន្លែង​បោះ​ឆ្នោត​​ មាន​ពី ៥​ទៅ​ ៦ នាក់ ឲ្យ​ឆ្លាស់​​គ្នាទៀត​ មាន​អ្នក​ជញ្ជូន​បាយ​ ជញ្ជូន​ទឹក គឺ​ថា មិន​អាច​មាន​គណបក្ស​ណា បន្លំ​បាន​ទេ  ហើយ​ក្រៅ​ពី​នោះ​មាន​អ្នក​សង្កេត​ការណ៍​អង្គការ​ផ្សេង​ៗ​ រួម​ជាមួយ​អង្គការ​អន្តរជាតិ​ ​ទៀត នេះ​គឺ​ជា​ការ​អះ​អាង​របស់​លោក សម រង្ស៊ី​។​ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចាញ់ ក្រោយ​ពេល​ដែល​ គ.ជ.ប ប្រកាស​លទ្ធផល​ សម រង្ស៊ី គាត់​ស្រែក​ថា លទ្ធផល​នេះ​​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយរៀប​រាប់​ដោយ​សារ​តែ​ មេឃុំ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត ស៊ុំ​គ្រលំ ទៅ​លួច​សន្លឹក​ឆ្នោត​ជា​ដើម​ ហើយ​គាត់​បាន​អះអាង​ថា ពី​ថ្ងៃ​នេះ​ទៅ​បន្តិច​ទៀត​នេះ​ មេ​ឃុំ​ ចៅហ្វាយ​ស្រុក ចៅ​ហ្វាយ​ខេត្ត​ ទាំង​អស់​ទូទាំង​ប្រទេស​​កម្ពុជា​ត្រូវ​តែ​ជាប់​គុក​។​ សម រង្ស៊ី គាត់​ថា អញ្ចឹង​ អញ្ចឹងនេះ​គឺ​មិន​ខុស​អី​ពី​លោក​បណ្ឌិត​បាន​ធ្វើ​ការ​ពន្យល់​ជូន​ជន​រួម​ ជាតិ​ទេ គឺ​ដោយ​សារ​តែ​លទ្ធផល​មិន​ត្រូវ​ចិត្ត​គាត់​។ អញ្ចឹង​ទាក់​ទង​ទៅ​នឹង​អំណះ​អំណាង​ ឬ​គេ​ហៅ​ថា លទ្ធផល​មិន​ត្រូវ​ចិត្ត​របស់​គណបក្ស​ប្រឆាំង​ហ្នឹង មាយាទ​​បែប​ហ្នឹង​យើង​រាប់​បាន​ថា ជា​អ្នក​ដែល​ប្រកាន់​យក​នូវ​ប្រជាធិបតេយ្យ​បាន​ទេ​លោក​បណ្ឌិត ?

លោក បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ រឿង​ដែល​អះ​អាង​ថា ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ​វា​ជារឿង​ ឆាក​កំប្លែង​នយោបាយ​មួយ​បាត់​ទៅ​ហើយ បើ​រឿង​ពិត​វា​អត់​មាន​ទេ​ វា​មិន​​ឃើញ​ប្រទេស​ណា​មួយ​គេ​អះអាង​ថា​ខ្លួន​គេ​ជា​អ្នក​ប្រជាធិប​តេយ្យ​​ ទេ យ៉ាង​ច្រើន​គេ​ថា ខ្លួន​គេ​ស្រឡាញ់​ប្រជាធិបតេយ្យ​ គេ​គាំទ្រ​ប្រជាធិប​តេយ្យ​ បែប​នេះ​ប្រជាធិបតេយ្យ​​បែប​នោះ​​ តែ​បើ​ទៅ​តាំង​ខ្លួន​ថា ប្រជាធិបតេយ្យ​គឺ​អត់​មាន​ទេ មាន​តែ​នៅ​ក្នុង​រឿង​កំប្លែង​ អញ្ចឹង​ចាត់​ទុក​ថា ជា​កំប្លែង​នយោបាយ​របស់​គណបក្ស​ប្រឆាំង​​ដ៏​អភ័ព្ទ​នៅ​ស្រុក​ខ្មែរ​យើង​ទៅ​ ចុះ​ ប៉ុន្តែ​រឿង​វា​នៅ​តែ​ប៉ុណ្ណេះ​ទេ លោក​ សម រង្ស៊ី ក្តី លោក កឹម សុខា ក្តី គណបក្ស​នយោបាយ​គ្រប់​និន្នាការ​ គួរ​តែ​ផ្តល់​ភាព​បរិសុទ្ធ​មួយ​ជូន​ម្ចាស់​ឆ្នោត​ កុំ​មួល​បង្កាច់​អ្នក​ដ៏​ទៃ​​ ធ្វើ​ដូច​នៅទូរទស្សន៍​កីឡាកាស ពេល​ឡើង​អួត​ក្អេង​ក្អាង​ ពេល​វ៉ៃ​ហើយ​ស្តិ ពេល​ស្តិហើយ​ នៅ​ដង្ហើម​រួច​ទៅ​​ប្រកែក​ថា បោះ​ឆ្នោត​អត់​ល្អ​ អាហ្នឹង​គឺ​យ៉ាប់​មែន​ទែន។​​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ចង់​ឲ្យ​ជា​អនុសាសន៍​ទេ​ ទី​១​ ត្រូវ​គោរព​ទទួល​ស្គាល់​តួនាទី​ពិត​របស់​ គ.ជ​.ប​ កុំ​ទាម​ទារ​ឲ្យ​ គ.ជ​.ប ធ្វើ​ហួស​ពី​ដែន​របស់​គេ​​។ ទី២ បើ​​ពាក់​ព័ន្ធ​ទៅ​នឹង​​រឿង​បញ្ហា​ច្បាប់​ ដែល​ខ្លួន​យល់​ឃើញ​ថា មិន​ទាន់​គ្រប់​គ្រាន់​ បញ្ហា​ច្បាប់​បោះ​ឆ្នោត​ ខ្លួន​គួរ​តែ​ធ្វើ​សំណើ ហៅ​ថា សេច​ក្តី​ស្នើ​ច្បាប់​ ក្នុង​ក្រប​ខ័ណ្ឌ​ជា​អ្នក​តំណាង​រាស្រ្ត​ ស្នើ​ទៅ​រដ្ឋ​សភា​ដើម្បី​ពិនិត្យ​ ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​នៃ​មាត្រា​ណា​មួយ​ ដែល​ខ្លួន​យល់​ឃើញ​ថា ប្រសើ​ជាង​នោះ​ ប៉ុន្តែ​រឿង​ថា សភា​ភាគ​ច្រើន​សម្រេច​យ៉ាង​ម៉េច​ អាហ្នឹង​ជា​រឿង​មួយ​ផ្សេង​ទៀត។​​ អញ្ចឹង​បាន​ខ្ញុំ​ចង់​ចែក​គ្នា​ឲ្យ​ដាច់​ការ​រៀប​ចំបោះ​ឆ្នោត​ គេ​មិន​អាច​រៀប​តាម​បែប​ប្រជាធិបតេយ្យ​ទេ ការ​រៀប​ចំ​បោះ​ឆ្នោត​ដោយ គ.ជ​.ប ​គឺ​ការ​ងារ​របស់​ គ.ជ​.ប មិន​ផ្អែក​លើ​មូល​ដ្ឋាន​ប្រជាធិបតេយ្យ​ទេ​ គឺ​ គ.ជ​.ប រៀប​ចំ​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​គឺ រៀប​ចំ​ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់​ និង​មូល​ដ្ឋាន​គតិយុត្តិ​ផ្សេង​ៗ ទៀត​ អត់​មាន​ផ្អែក​លើ​គោល​ការ​ប្រជាធិបតេយ្យ​ទេ។

គណបក្សប្រឆាំងត្រូវ ​យល់ថា បើ គ ជ ប​ រៀបចំការបោះឆ្នោត​ផ្អែកទៅ​លើប្រជាធិបតេយ្យ​ គឺ​មិន​អាច​​ធ្វើអ្វី​ទៅកើតទេ អញ្ចឹង​គឺមិន​បានយកច្បាប់​ធ្វើជាមូលដ្ឋានបាត់ទៅ​ហើយ​។ អញ្ចឹង​ គ ជ ប គេអនុវត្ត​ការងារ​របស់​គេ​ ដោយផ្អែក​ទៅលើ​មូលដ្ឋាន​ច្បាប់ដែលរដ្ឋសភា​អនុមត្តិ និងផ្អែកទៅ​លើលិខិត​បទដ្ឋាន​គតិយុត្តិ​​នានា​ ដែលបាន​ប្រកាសផ្សព្វផ្សាយ​ឲ្យដឹង​មុន​។ រីឯអំណាចរបស់រដ្ឋសភាក្នុងកិច្ចការបោះឆ្នោត​ គឺជា​អំណាច​នីតិបញ្ញត្តិ​នៃការ​អនុវត្តច្បាប់​។ ដូច្នេះរដ្ឋសភា​សម្រេច​ច្បាប់​បោះឆ្នោត​ ឲ្យដំណើរ​ការ​តាម​បែប​នេះ​ ឬបែប​នោះគឺផ្អែក​ទៅលើ​មូលដ្ឋាន​​ប្រជាធិបតេយ្យ​​​ គឺការសម្រេចដោយមតិភាគច្រើន​ ហើយផ្អែកទៅ​លើ​មូលដ្ឋាន​​នៃ​នីតិរដ្ឋ​ធម្មនុញ្ញ​ ដែលយើងហៅ​ថាធម្មនុញ្ញភាព​នៃច្បាប់បោះឆ្នោត​។ អញ្ចឹង​យើងត្រូវ​បែងចែក​គ្នាឲ្យ​ច្បាស់​ ថា រដ្ឋសភា​កិច្ចការបោះឆ្នោត​ដោយផ្អែកទៅលើ​គោលការណ៍​ប្រជាធិបតេយ្យ​ក្នុងការ​ សម្រេច​​អនុមត្តិ​ច្បាប់បោះឆ្នោត ក៏​ដូច​ជា​​សម្រេចទៅ​លើបទញ្ញត្តិ​វិសោធនកម្មនៃច្បាប់បោះឆ្នោត​ ហើយនិង​ផ្អែក​ទៅលើ​ធម្មនុញ្ញភាព​នៃច្បាប់​បោះ​ឆ្នោត​។​

ចំណែកភារកិច្ច ​របស់រដ្ឋាភិបាល​គឺ​ប្រតិបត្តិការ​ដោយ​ផ្អែកទៅលើ​មូលដ្ឋាន​ច្បាប់ដែលសភា​ អនុមត្តិ​ ដោយ​បែងចែក​កិច្ចការ​ច្បាស់លាស់​ ហើយ​និងកាតព្វកិច្ចដែល​មានចែងនៅក្នុងច្បាប់​ដែលតម្រូវឲ្យ​អំណាច​នីតិ​​ ប្រតិបត្តិចូលរួមក្នុងការធានា​ប្រសិទ្ធិភាពឲ្យបាន​រលូននៅក្នុងការបោះឆ្នោត​។ ​ការចូលរួម​នូវភាពរឹងមាំ​របស់អំណាចនី​តិប្រតិបត្តិ​ ធ្វើឲ្យការបោះឆ្នោតដោយរលូន​ ប្រសិទ្ធិភាព ឲ្យមានសន្តិសុខ ឲ្យមានសុវត្ថិភាព​ គឺផ្អែក​ទៅលើ​មូលដ្ឋានច្បាប់ និង​ផ្អែកទៅលើគោលការណ៍ជាមូលដ្ឋាន​គ្រឹៈនៃអំណាចនីតិប្រតិបត្តិ​ដែលមាន​តួនាទី ​ទទួលខុសត្រូវ​ទៅលើកិច្ចការនោះ​។ ចំណែកគណបក្ស​នយោបាយ​ គឺមានសិទ្ធិ​រើសបេក្ខជន​បោះឆ្នោត​​របស់​ខ្លួនដោយផ្អែកលើ​​​ប្រជាធិបតេយ្យ​ ផ្ទៃក្នុងបក្ស និងភាពស្មោះ​ត្រង់ចំពោះ​នយោបាយ​​របស់​ខ្លួន​ ដោយគ្មាន​​នរណាមាន​សិទ្ធិលូកដៃ​ចូល​នោះទេ។​

ចំពោះប្រជាពលរដ្ឋ ដើម្បីគាត់អាចបង្កើត អាចសម្តែង និងអាច​សម្រេច​នូវឆន្ទះនយោបាយ​​លើ​សន្លឹក​ឆ្នោត​​របស់គាត់ គឺ គ ជ ប បានទុកពេលយ៉ាងវែង​សម្រាប់គាត់​ស្វែងយល់ និងដឹង​អំពី​គណបក្ស​នីមួយៗ​ដែលឈរ​ឈ្មោះ​​រហូត​ស្វែងយល់ដឹង​ អំពីបុគ្គលិកលក្ខណៈ​របស់បេក្ខជន​ថែមទៀត​។​ដូច្នេះការ ដឹង ការ​យល់​នេះ គឺជាមូលដ្ឋាន​សម្រាប់ម្ចាស់ឆ្នោត​ធ្វើការសម្រេចវិនិច្ឆ័យ​។ ចំណុចទាំងអស់​នេះហើយ​គឺជា​អង្គហេតុ​ពាក់ព័ន្ធសម្រាប់​ធានាឲ្យការបោះឆ្នោត​ ប្រព្រឹត្តិទៅ​បានដោយ​រលូន​​ល្អ​។​​

ចំណែក ​គណក្សប្រឆាំង​ដែលទាមទារ​ឲ្យ គ ជ ប​ ធ្វើតាមចិត្តគាត់នោះ គឺជាការទាមទារ​ខុស​ពីអ្វី​ដែល​ជា​គោល​ការណ៍ និងភារកិច្ច​ហើយ​។ ចំពោះបរិបទ​ដែលថាឯករាជ្យ​ ការចង់ឲ្យ គ ជ ប ឯករាជ្យ របស់​គណបក្ស​ប្រឆាំង ថាតើគេចង់ឲ្យឯករាជ្យ​តាមរបៀបយ៉ាងម៉េចទេ?​​។​ សមាសភាពរបស់ គ ជ ប គឺមាន​ការ​ផ្លាស់​ប្តូរជា​ច្រើនដង​មកហើយ​ ដូចជាការទាមទារ​ឲ្យមាន​តំណាង​គណបក្ស ជាដើម​ ដល់​ពេល​បាន​តំណាង​គណបក្ស​នៅ​ក្នុង គ ជ ប ហើយក៏នៅតែថាអត់ឯករាជ្យ​ទៀត​។ អញ្ចឹងមាន​ន័យថា ទាល់តែ​គណបក្ស​ប្រឆាំង​ដឹកនាំ​ឬ ទើបមានឯករាជ្យ​?​។ ភាព​ឯករាជ្យ​របស់ គ ជ ប គឺត្រូវផ្អែកលើ​មូលដ្ឋានច្បាប់​ គឺអត់ផ្អែក​ទៅ​លើ​បេះដូងទេ​ តែផ្អែកទៅលើបេះដូងគឺលំអៀងហើយ​។ បើចង់ចាប់ចំណុចរបស់ គ ជ ប​ ថាគ ជ ប ធ្វើ​ខុស​គឺ​ត្រូវចាប់ចំណុច​ណាដែល គ ជ ប ធ្វើ​ខុសច្បាប់ ពីព្រោះ គ ជ ប មិន​ផ្អែកទៅលើ​ប្រជាធិបតេយ្យទេ គឺផ្អែក​តែទៅ​លើ​ច្បាប់កំណត់តែប៉ុណ្ណោះ​។​ ដូច្នេះគ្រប់​គណបក្ស​នយោបាយ​គួរតែរៀនសូត្រ​អំពី​បញ្ហា​នេះ​វិញ កុំធ្វើឲ្យបរិយាកាសនៃការបោះឆ្នោត ហើយនិង​ដំណើរការកសាង​ប្រទេស​អាប់អួរ​ដោយសារ​ តែការ​ទាស់ចិត្ត​របស់ខ្លួន​​ពីរឿងលទ្ធផល​នៃ​​ការ​បោះឆ្នោត​នោះ​​។​ ដរាបណាគណបក្ស ប្រឆាំង មិនទទួល​ស្គាល់​នូវ​ភាព​ខ្សោយ​របស់ខ្លួន​ នោះគឺយ៉ាប់ហើយ​ ពីព្រោះបើមើល​ពីការបោះឆ្នោតកាលពីឆ្នាំ​២០០៨​ លោក សម រង្ស៊ី គាត់បានអួតអាង​មុន ប៉ុន្តែនៅពេល​ដែល​លទ្ធផលមិនបានដូចចិត្ត​ បែរជាចោទប្រកាន់​ថាការ​បោះឆ្នោត​អត់​ត្រឹមត្រូវ​ទៅវិញ​។ លោក កឹម សុខា ក៏អញ្ចឹងដែរ​ សុទ្ធតែអួត​មុនថាបានពី ៥៨ ទៅ៦០ គឺរឹតតែ​មិន​ដូច​ចិត្ត​របស់​ខ្លួនទេ ពីព្រោះគណបក្សទើបតែបង្កើត​គឺមិនអាចបាន​រហូត៥៨នោះទេ​ អញ្ចឹងគឺមិនអាចទេ​។​ ពួក​គេ​ក៏ធ្លាប់​បានទៅប្តឹង​​សហភាព​អឺរុបទៀត​ ហើយរហូតមកដល់​ពេលនេះក៏គ្មាន​បានលទ្ធផលអ្វី​ដែរ​ ប៉ុន្តែ​ពួកគេ​ស្ទើរ​តែរត់​មិនចង់ទាន់ក្នុង​ការចូលរួមប្រជុំសភា​លើក​ ដំបូងទៅវិញ​ គឺហាក់បីដូចជារឿងកំប្លែង។​អញ្ចឹង​ក្នុង​នាម​ខ្លួន​ជាអ្នក​ដឹកនាំ​គណបក្ស​ មិនអាចដើរតួជាអ្នកកំប្លែង ដូចក្នុងរឿងកំប្លែងបានទេ​ពីព្រោះ​ការ​ធ្វើ​នយោបាយ​ត្រូវភ្ជាប់​នឹងការទ​ទួល​ ​ខុសត្រូវ​ និងឈ្លាសវៃណាស់ មិនអាចលេងសើច​ដូចអស់​លោកមេបក្ស​ប្រឆាំង​ទាំងនោះ​បានទេ​​។​​

លោកសត្យា រក្ស​
សំណួរ៖ មកដល់ពេលនេះ គណបក្សប្រឆាំងទាំងអស់ ទាំងគណបក្ស​កឹម សុខា ក្តី ទាំង សម រង្ស៊ី ក្តី​ សុទ្ធតែកំពុងអួតថាគេបានរើសបេក្ខជនឈរឈ្មោះ​មេឃុំ។ កឹម សុខា គេថា​ខេត្តនេះក៏មាន ខេត្តនោះ​ក៏មាន​អ្នកឈរឈ្មោះមេឃុំ​ ហើយ សម រង្ស៊ី ក៏ថាគេបានឈរឈ្មោះទូទាំងប្រទេសដែរ​ អញ្ចឹង​គេ​កំពុង​តែ​មោទនភាព​​ថាគេមាន​សមត្ថភាព​ក្នុងការ​ឈរឈ្មោះមេឃុំ​ ទូទាំងប្រទេស​។ ប៉ុន្តែអ្វីដែល​គេប្រកាស​អញ្ចឹង​ហើយ​ គេថាគេនឹង​ទទួល​បាន​ជោគជ័យ ប្រសិនណា​ គ ជ ប កុំបន្លំសន្លឹកឆ្នោតគេ​ ប៉ុន្តែ​បើសិន​ជា​មាន​គេ​បន្លំ​នោះ​គេនឹងចាញ់​ទៀតហើយ​​។ បើយើងមើលទៅក្នុងគណបក្សប្រឆាំងវិញ​ យើងឃើញថា​ ដូចជា​គណបក្ស សម រង្ស៊ី កំពុងតែបែកបាក់ជាជំរៀកៗ​ គឺគ្មាននរណាស្តាប់នរណាទេ សូម្បីតែ គង់ គាំ​ ក៏ជា​ប្រធាន​ស្តីទី​ ទីងមោងដែរ​ គឺគាត់គ្មានសិទ្ធិ​អំណាចទេ គឹស្រេចតែ យឹម សុវណ្ណ ថាម៉េច​ គឺ គង់ គាំ ថាតាម​អញ្ចឹង​ហើយ​​។ នេះជាចំណុចមួយដែលធ្វើឲ្យអ្នកគាំទ្រអស់ជំនឿ​។ ម្យ៉ាងទៀត​ក៏មាន​ចរន្ត​នៃ​ការ​ចាកចេញ ដោយ​មាន​តាំងពីមន្ត្រីថ្នាក់​ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ រហូតដល់​ថ្នាក់ភូមិ​ក៏បាន​ចាកចេញ​មក​ចូលរួម​ជាមួយ​​គណបក្សប្រជាជនកម្ពុជា​។​ គណបក្ស កឹម សុខា ក៏អញ្ចឹងដែរ គឺជាបក្សមួយ​ដែលគេ​ហៅថា​បក្ស​ប្រហោង​ធ្លុង​ ក៏ចេះតែលើកអញ្ចឹងដែរថា បើសិនណា គ ជ ប ឯករាជ្យ​អត់លួចបន្លំទេ គេនឹង​ឈ្នះហើយ​​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ តើលោកបណ្ឌិត​​អាចឆ្លុះបញ្ចាំង​អំពីអារម្មណ៍​​របស់​គណបក្សប្រឆាំង​យ៉ាង​ ដូចម្តេច​ដែរ​?​

លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ខ្ញុំសូមលើកឧទាហរណ៍​ជាក់ស្តែងមួយថាតើ​ប្រជាពលរដ្ឋគួរ​តែបោះឆ្នោតគាំទ្រ​ បេក្ខជន​មេឃុំ​របស់គណបក្ស កឹម សុខា នៅ​ខេត្តកំពង់ចាមដែរឬទេ?​ ​ដែលបានទូរស័ព្ទ​ចូលមក​កម្មវិធី​វេទិកា​អ្នក​ស្តាប់​​របស់​វិទ្យាស្ថាន​ ពលរដ្ឋវិជ្ជា​ គឺគាត់បានគំរាមកំហែងជីវិតខ្ញុំ​ ដោយប្រើពាក្យដកក្រចក​ កាត់អណ្តាត និងយកច្រវាក់ទាក់ក​ខ្ញុំ នេះជាភាសារបស់ពួកឈ្លបខ្មែរក្រហម​សុទ្ធសាធ​។ អញ្ចឹងនៅពេល​ដែល​ប្រជា​ពល​រដ្ឋ​ស្តាប់ឮ តើប្រជាពលរដ្ឋគួរបោះឆ្នោត​ឲ្យម្នាក់ហ្នឹងដែរ​ឬទេ​?​ តើប្រជាពលរដ្ឋ​ចង់បាន​មេឃុំ​អាច​ដកក្រចក​ អាច​កាត់អណ្តាត អាចយកច្រវាក់ទាក់ក​ប្រជាពលរដ្ឋបែបនេះដែរឬទេ​?​។ នេះគ្រាន់​តែ​មើល​អំពី​ចរឹត​លក្ខណៈ​​របស់​​​បុគ្គល​នោះផង គឺយើងមិនទាន់និយាយអំពីចរឹតនយោបាយផង​។​ បើនិយាយ​អំពី​សមាស​ភាព​នៅ​ផ្ទៃ​ក្នុងបក្ស​របស់​ខ្លួន គ្រាន់តែរើសបេក្ខជនឈរឈ្មោះ​ឲ្យគ្រប់​​គុណសម្បត្តិ​ ឲ្យបាន​គឺល្អណាស់​ទៅ​ហើយ​​។ គណបក្ស សម រង្ស៊ី មិន​ទាន់​មាន​​រចនាសម្ព័ន្ធ​របស់ខ្លួននៅទូទាំងប្រទេស​ទេ គឺមានត្រឹម​តែ​ថ្នាក់​ខេត្ត​​ ឬថ្នាក់ស្រុកទេ​ ហើយក៏មិនទាន់ក្លាយទៅជាស្ថាប័នភាវូបនីយកម្ម ឬជាអង្គភាព​នយោបាយ​​នៅ​ឡើយ​ទេ​ គឺគ្រាន់តែមានចាត់មនុស្សជាប្រធានបក្សខេត្ត​ និងមានសមាជិកប៉ុន្មាន​អ្នក​អញ្ចឹង​ទៅ​ តែគ្មាន​ជីវភាព​នយោបាយ​ទេ​​។​ ការដែលមានមនុស្សដែលមិនស្គាល់អំពីជីវភាពនយោបាយ​ថ្នាក់ឃុំបែបនេះ តើមាន​ប្រជា​ពលរដ្ឋ​ណា​ទៅគាំទ្រ​មនុស្សដែល​មិនដឹងអំពីជីវភាព​ នយោបាយក្នុងឃុំខ្លួនឯង​នោះ​?​ ។​កម្មវិធី​នយោបាយ​គឺ​មាន​តែ​ពីភ្នំពេញទៅ​ គឺជាកម្មវិធីដែលអត់បានប្រយោជន៍ទៅដល់ឃុំ អញ្ចឹង​គ្មាន​នរណា​គេបោះ​​ឲ្យទេ​។ អញ្ចឹង​គណបក្ស​ប្រឆាំងត្រូវអភិវឌ្ឃគណបក្សរបស់ខ្លួនឯង​តទៅទៀត​សិនទៅ​ គឺមិនត្រូវធ្វើការឃោសនា​ចោទ​ប្រកាន់​ដល់គណបក្សដទៃ​នោះទេ​។ ជាពិសេសមិនទាន់បានចូលប្រកួតផង​ត្រៀមខ្លួនចាញ់ ហើយ​ចោទ គ ជ ប​ ថា​មិនត្រឹមត្រូវ​ គឺគ្មានភាពស្មោះត្រង់ចំពោះខ្លួនឯង​។ ខ្ញុំតែងតែ​លើក​ថា ចំណុចខ្លាំងរបស់ កឹម សុខា គឺមានតែមួយចំណុចទេ​គឺ​ កឹម សុខា ជាមនុស្សមិនចេះខ្មាស់ខ្លួនឯង​។ មនុស្ស​យើង​ តែ​មិនចេះ​ខ្មាស់​ខ្លួនឯង​ហើយកុំសង្ឃឹមថាចេះ​ខ្មាស់​អ្នក​ដ៏ទៃ​​ឲ្យសោះ​។ ចំណែកលោក សម រង្ស៊ី វិញ គាត់ភូត​ដោយ​មិន​ចេះ​ខ្មាស់សហសេវិកគាត់​ អញ្ចឹងនៅពេលដែលមេបក្សមិនចេះខ្មាស់សហសេវិក បានន័យថា ​ខ្លួន​ឯង​មិន​បាច់​និយាយ​អំពី​ប្រជាធិបតេយ្យ​​ផ្ទៃក្នុងបក្សទេ​ ពីព្រោះគ្មានការ​បញ្ជូន​ទស្សនៈ​ពី​ក្រោម​​​ឡើងទៅលើទេ​ ហើយ​ទស្សនៈរបស់អ្នកខាងក្រោម​មិនត្រូវបានទទួលស្គាល់​ អញ្ចឹង​ការធ្វើ​សមាជ​បក្ស គឺជាការ​ហៅ​អ្នក​ពី​ខាង​ក្រោម​មកស្តាប់ឱវាទ​របស់ខ្លួនតែប៉ុណ្ណោះ​ ម្លោះហើយ​គឺអ្នកខាងលើមិនដឹង​អំពី​បញ្ហា​ជីវភាព បញ្ហារស់​នៅ​ប្រចាំ​ថ្ងៃ​ បញ្ហាសហគមមូលដ្ឋានយ៉ាងណានោះគឺអត់ដឹងទេ​។​ លោក សម រង្ស៊ី គឺ​គាត់ធ្វើនយោបាយ​តាម​បែប​ឮគេថា​ នេះជាចំណុចខ្សោយរបស់លោក សម រង្ស៊ី​ គឺគាត់ឮតែពី​ពួកលោកម៉ី លោកថោង​គាត់​ថា​តែ​ប៉ុណ្ណោះ​​​។​​ ខ្ញុំនិយាយនេះ គឺចង់ឲ្យមានតុល្យភាពនៅក្នុងសភា​ នៅក្នុងក្រុមប្រឹក្សា​ឃុំសង្កាត់​ឲ្យ​បាន​ច្រើន​ បើ​កាល​ណា​មានតុល្យភាព គឺចលករវិវត្តន៍គឺទៅលឿន​។​

-មតិលោក សត្យា រក្ស​
ខ្ញុំនឹកឃើញដល់អ្នកគាំទ្រ លោក កឹម សុខា គឺសកម្មជនរបស់គាត់បានអះអាងថា​ ហេតុអ្វី​បាន​ជា​កម្មវិធី​យើង​លើតែពី​បញ្ហា កឹម សុខា ហ្នឹង​លួចអង្ករ​?។ គាត់ថា​រឿង កឹម សុខា លួចអង្ករនេះ​​ជារឿង​របស់​បុគ្គល​ទេ​​។ សម្រាប់ខ្ញុំ ខ្ញុំសូមបញ្ជាក់ជូនទៅសកម្មជនលោក កឹម សុខា វិញ​ថា​ កម្មវិធីរបស់យើងដែលលើក​ពីរឿង​ឯកសារ​សម្លេង​សារភាពរបស់​ កឹម សុខា​ ថាជាចោរលួចអង្ករហ្នឹ​ង​គឺមិនមែនលើកពីរឿងគណបក្ស សិទ្ធិមនុស្ស​លួចអង្ករទេ​ ​គឺយើងលើកអំពីបុគ្គល កឹម សុខា នេះ​ធ្លាប់មានប្រវត្តិ​លួចអង្ករ ហើយ​ខ្ញុំមាន​ភស្តុតាង​​មួយទៀត​ថា កឹម សុខា មិនមែនលួចត្រឹម​តែអង្ករទេ គឺលួចគោទៅទៀត​។ កាលពី​ឆ្នាំ១៩៨០ គឺ​សាលាក្រុង​មានគោច្រើនណាស់​ ហើយគេប្រគល់ជូនទៅសង្កាត់ទឹកល្អក់រាប់រយ​គោ​។ ចំណែក កឹម សុខា នេះ​គាត់​ដឹកគោ ១យប់មួយ​ ឬពីរយកមកកាប់ ហើយគេចេះតែបាត់គោ​។ ចៅសង្កាត់​ទឹកល្អក់​ចេះ​តែ​បាត់គោ​​ ដល់ពេលគេរកមិនឃើញ នៅពេលដែលគេទៅលេងផ្ទះ កឹម សុខា​ ដែលមានបឹងកំប្លោក​​នោះ​​គឺ​សុទ្ធ​តែ​ស្បែកគោ​​នៅក្នុងបឹង​កំប្លោកនោះ​។ អញ្ចឹងប្រវត្តិរបស់​គាត់គឺអត់ថ្លៃថ្នូរ​ទេ​ ហើយខ្ញុំនិយាយថាបុគ្គល កឹម សុខា ជាចោរនេះ​ គឺដោយសារគាត់អួតហួសហេតុពេកថាខ្លួនជាមនុស្សស្អាតស្អំ​ ជាមនុស្ស​មាន​គុណធម៌​ មានព្រហ្មវិហារធម៌​ ប៉ុន្តែធាតុពិតរបស់គាត់គឺជាចោរ​។ អញ្ចឹង​អំពើ​របស់​គាត់នោះ​គឺ​ជា​ព្រហ្មវិហារធម៌​មែនឬ​?​ ការដែលប្រជាពលរដ្ឋកំពុងតែអត់ឃ្លាន​គាត់បែរជាទៅលួចអង្ករបែបនេះ​?​ គួរណាស់​តែ​គាត់ខំប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះ​ កិត្តិយស កាលពីពេលនោះ​ដែលជាអ្នកកាន់ខាងសេដ្ឋកិច្ច គួរតែ​គាត់​ស្មោះត្រង់​​ ដើម្បីសាងគុណសម្បត្តិមកដល់ពេលនេះ​។ អញ្ចឹង​ស្រមោលជាចោររបស់គាត់នេះ គឺនៅ​តាម​លង​គាត់​ជាប់រហូត​​បែបនេះ អញ្ចឹងខ្ញុំសូមបញ្ជាក់ទៅ​​សកម្មជន​ កឹម សុខា ឡើងវិញថា យើង​មិនមែន​និយាយ​ថា​​គណបក្ស​សិទ្ធិមនុស្សជាចោរលួចអង្ករ​ទេ​ ខ្ញុំនិយាយថា កឹម សុខា ជាចោរលួចអង្ករ​ ហើយ​បច្ចុប្បន្ន​ជា​មេបក្ស​សិទ្ធិមនុស្ស​​។

-មតិ លោកបណ្ឌិត ឈឹម ផលវរុណ​
ប្រជាពលរដ្ឋត្រូវមើលឲ្យច្បាស់អំពីភាពស្មោះត្រង់ ទៀង​ត្រង់​ចំពោះនយោបាយ​ ពីព្រោះ​នយោបាយ​​ មិនមែនជាការប្រព្រឹត្តិទៅដើម្បីធ្វើការបោកប្រាស់ទេ​។ នយោបាយគឺជា​ការគិតដើម្បីរកគន្លឹៈ​ដោះស្រាយ និងដើម្បីបម្រើដល់​ការអភិវឌ្ឍន៍។ អ្នកនយោបាយ​ទេដែលយើងត្រូវពិចារណាឲ្យច្បាស់ អ្នក​នយោបាយ​ទេ​ដែល​បញ្ចេញវោហារសព្ទ័​បង្កប់ដោយន័យបោកប្រាស់​ច្រើនណាស់​ រួមទាំងប្រជាភិថុត។ អញ្ចឹង​អ្នក​ទាំងអស់​នេះហើយ ដែលប្រជាពលរដ្ឋ​គួរតែបង្កើនសមត្ថភាព មើលឲ្យ​ឃើញ​អំពីភាព​ស្មោះត្រង់​របស់​​អ្នកនយោបាយ​ និងមើលឲ្យឃើញអំពីភាពក្រឡិចក្រឡុច​របស់អ្នកនយោបាយក្នុងការចង់បាន​សន្លឹក​ ឆ្នោត​ពី​បងប្អូន​ នេះជាចំណុចសំខាន់ណាស់​។ ដូច្នេះដើម្បីមើលឲ្យច្បាស់ពីតម្លៃសន្លឹកឆ្នោតរបស់យើង​ យើង​ត្រូវ​ពិនិត្យមើល​អំពីរបៀប​ឃោសនា​​បោកប្រាស់ របស់អ្នកនយោបាយ​ដែលតែងតែ​លើក​ឡើង​ពី​រឿង​បរទេស​​ នៅ​អាមេរិក ឬនៅបារាំង ។ល។​​​​​ ពីព្រោះនៅប្រទេសទាំងនោះគេធ្វើសម្រាប់តែប្រទេសគេទេ​។​ ចំណែក​​អស់លោក​​ដែលមក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ​ គឺត្រូវ​ធ្វើនយោបាយសម្រាប់ប្រជាពលរដ្ឋខ្មែរ​ គឺ​មិនអាច​ចម្លង​​ពីប្រទេស​គេ​មកធ្វើនៅ​ស្រុក​ខ្មែរ​បាន​ទេ​។ ការអភិវឌ្ឍប្រទេស​ នៅកម្ពុជា ឬនៅអាមេរិក​ ឬនៅ​អាឡឺម៉ង់​ នៅបារាំង នៅអូស្ត្រាលី​គឺវាខុសគ្នា ដោយសារ​ការចាប់ផ្តើម​របស់ប្រទេសវាខុសគ្នា បរិបទ​របស់​ប្រទេស​នីមួយៗ​វាខុសគ្នា​។ គេអាចយកគំរូពីប្រទេសណាមួយបាន ប៉ុន្តែគេមិនអាចចម្លង​ដូច កឹម សុខា ឬ សម រង្ស៊ី មក​អួតនោះ​ គឺទៅមិនរួច​ទេ​​​៕​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​