Monday, March 12, 2012

សេចក្តី​​ថ្លែង​​ការណ៍​​រួម របស់​ បណ្តាញ​​ប្រជាជន​​កម្ពុជា​ដើម្បី​​សន្តិភាព​(CPNP)


          បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព(CPNP)ដែល​មាន​អង្គការ​ សមាគម និង​សហជីព​ ចំ​នួន១៤៩នៅ​ក្នុង​ព្រះ​​រាជាណាចក្រកម្ពុជា​  សូម​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សាធារណមតិជាតិ និង​អន្តរជាតិ​     ជុំ​វិញ​ការ​អំ​ពាវ​នាវ​របស់​ទណ្ឌិត​ សម រង្ស៊ី មេដឹក​នាំគណបក្សប្រឆាំង​ដែល​កំ​ពុង​ស្វះ​ស្វែង​រកការ​គាំទ្រ​ពី​សមាជិក​សភាអន្តរជាតិ​ ដើម្បី​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ។
          បណ្តាញ​ប្រជាជន​កម្ពុជា​ដើម្បីសន្តិភាព​ យល់​ឃើញ​ថា​ សកម្មភាព​បច្ចុប្បន្នរបស់ទណ្ឌិត​ សម រង្ស៊ី​ មិន​មែន​ជាបញ្ហាសកល​ ឬ​ក៏​ជាការ​ចាំបាច់​ខាន​មិន​បាន​​ បើ​គ្មាន​វត្តមាន​ទណ្ឌិត​សម រង្ស៊ី​ នៅ​ក្នុង​ប្រទេស​នោះឡើយ​ ពី​ព្រោះ​ថា​ ៖
         ទណ្ឌិត ​សម រង្ស៊ី​    បាន​ប្រព្រឹត្តរំ​លោភច្បាប់​ដោយការ​បំ​ផ្លិចបំ​ផ្លាញទ្រព្យសម្បត្តិ​សា​ធារ​ណៈ (​តម្រុយ​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀត​ណាម​) រើសអើង​ជាតិ​សាសន៍​ ការ​ក្លែង​ឯកសារ​ផែន​ទី​ និង​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៤ឆ្នាំ និង​ពិន័យ​ជាប្រាក់​រាប់​លាន​រៀល​។
         ទណ្ឌិត​ សម រង្ស៊ី ត្រូវ​បាន​សភាលុបឈ្មោះ​ចេញ​ពី​បញ្ជី​ជាសមាជិក​សភាតំ​ណាង​រាស្ត្រ​ និងក៏ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហាម​ឃាត់​ក្នុង​ការ​ឈរឈ្មោះ​ជាបេក្ខជន​សំរាប់​ការ​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​ឱ្យ​គេបោះ​ឆ្នោត​ឱ្យ​ផងដែរ (​បើយោង​​​តាម​ច្បាប់​បោះ​ឆ្នោត​របស់​ព្រះ​រាជាណាចក្រកម្ពុជា​ដែល​បាន​ចូល​ជាធរមាន​)
         សកម្មភាព​ណាមួយ​របស់​ទណ្ឌិត​ សម រង្ស៊ី​ នាពេល​បច្ចុប្បន្ន​នេះ​ គឺជាកំ​ហុសបុគ្គល​ មិន​មែន​ជាបញ្ហានយោបាយ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ដំ​ណើរប្រជាធិបតេយ្យ ក៏ដូច​ជា​​ការ​ពង្រឹង​និតិរដ្ឋនៅ​កម្ពុជានោះ​ឡើយ។
         ‑​ក្នុង​ស្ថានភាព​នេះ​ ទណ្ឌិត​ សម រង្ស៊ី​ គ្មានតម្លៃណាមួយ​សំ​រាប់​ជាតំ​ណាង​ឱ្យ​ពល​រដ្ឋខ្មែរ ឬ​ក៏ដើម្បីអនុញ្ញាតឱ្យ​រូប​លោក​ប្រើប្រាស់​ឥទ្ធិ​ពល​​ក្នុង​ការ​បង្គាប់​បញ្ជា​ ឬ​ការ​អូសទាញ​សភាអន្តរជាតិ​ដើម្បី​ធ្វើ​​ការ​កៀប​សង្កត់មក​លើ​រាជ​រដ្ឋាភិបាលសព្វ​ថ្ងៃនេះបាន​​ទេពីព្រោះ​ក្នុង​ឋានៈជាទណ្ឌិត​ លោក សម រង្ស៊ី​ អស់​សុពល​ភាព​នឹង​ប្រើប្រាស់​តួនាទី​ក្នុង​នាម​ជា​អង្គ​និតិ​បញ្ញត្តិទៀត​ហើយ​។​​​                                                           
                                                            រាជ​ធានី​ភ្នំ​ពេញ ថ្ងៃទី​១២ ខែ មីនា ឆ្នាំ ២០១២

ថៅ វាសនា​​ (០១២ ៨៩១ ២១៥)                              សោម​ អូន (០១២ ៨៦៦ ​៦៨២)
ប្រធាន​សហព័ន្ធ​សិទ្ធិ​មនុស្ស​និង​អភិ​វឌ្ឍន៍កម្ពុជា​          ប្រធាន​សភាសម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​



អ៊ឹង មល្លីវណ្ណ ( ០១២ ៩៩២ ៥៩៧)                          លី គាំ ( ០១២ ៥៨៨ ២៦៧)
ប្រធាន​ទី​ភ្នាក់​ងារ​ប្រឹក្សាយោបល់​សង្គម​កម្ពុជា​            លេខាធិការ​នៃ​បណ្តាញ​ប្រជាជន​កម្ពុជា​
                                                                             ដើម្បី​សន្តិភាព (CPNP)