Thursday, March 15, 2012

ពិធីបើក​សម័យ​ប្រជុំលើក​ដំ​បូង​របស់​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ


​ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​ នាព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ ២០១២ កិច្ច​ប្រជុំលើកដំបូង​របស់ក្រុម​ប្រឹក្សា​​ជាតិ​ភាសាខ្មែរ បាន​ប្រារព្ធ​ឡើង ​ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត សភា​ចារ្យ សុខ អាន ​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋម​ន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ជា​ប្រធាន​កិត្តិ យស និង​អាណាព្យាបាល​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ    តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា។
បន្ទាប់ពីបាន​ស្តាប់​របាយ​ការណ៍ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជ​រដ្ឋា​ភិបាល និង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ​រួចមក ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី សុខ  អាន បាន​មាន​ប្រសាសន៏ថា ការជួបជុំ​គ្នាយ៉ាងផុស​ផុលនេះ គឺជាសក្ខី​ភាពបញ្ជាក់​នូវទឹក​ចិត្ត​ស្រលាញ់​ភាសា និងអក្សរ​ខ្មែរពីសំណាក់​បញ្ញាវន្ត​ខ្មែរមក​ពីគ្រប់មជ្ឈដ្ឋាន។ ជាការពិត គ្រប់ភាសា​ជាតិសាសន៏​ទំាង​អស់​តែង​តែមានពាក្យថ្មីៗ​​​  កើត ឡើងនៅ ពេល ដែលសង្គម​វប្បធម៌មាន​ការប្រែប្រួល  ដើម្បីយក​មក​ប្រើប្រាស់ឲ្យ​សមស្រប​តាមការ​រីកចំរើន របស់​បច្ចេកវិទ្យា វិទ្យាសាស្រ្ត ផលិតផល​ទំនើបៗ  ទៅតាម​តម្រូវការ​ផ្សេង​ទៀតរបស់​សង្គម។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​បាន​បន្តថា ជាក់ស្តែង​ការប្រើ​ប្រាស់​ភាសា និង​អក្សរ​ខ្មែរ​នា​បច្ចុប្បន្ន​​​នៅមាន​ភាពប្រទាញ​ប្រទង់គ្នា​មួយចំនួន​ដោយ ​សារ​ពុំទាន់មាន​ការស្រុះស្រួល ​និងខ្វះការ​ឯក​ភាព​​​ គ្នាលើគោល​ការណ៏ និងក្បួន​ខ្នាត​ពាក់​ព័ន្ធ​ទៅ​នឹងសំណេរ អំណាន និងការ​និយាយ​ស្តី​ជា​ដើម​។
ជាថ្មីម្តងទៀត ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា ដោយ​មើល​ឃើញ​បញ្ហា​ប្រឈម​​​ទំាងនេះ សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លំាង​ក្នុង​រៀប​ចំបង្កើតឲ្យមាន​យន្តកា​រថ្នាក់​ ជាតិមួយ សម្រាប់ការ​សម្រប​សម្រួលលើកា​រសិក្សា​ការ​ប្រ​មូល​ និងការ​កំណត់​ន័យរ​បស់​បច្ចេក​ស័ព្ទ ដែលមាន​ប្រើរួ​ចមកហើយ​និងបង្កើត​ពាក្យថ្មីៗ​តាមមុខ​ជំនាញ​នីមួយៗ ដើម្បីជំរុញ​ឲ្យមាន​ការឯក​ភាព​គ្នាក្នុងភា​សាជាតិទំាង​សំណេរ អំណាន និង​ការ​និយាយ​ស្តី។ ជាងនេះ​ទៀត​នៅចន្លោះ​ពីឆ្នំា​២០០០ ដល់២០០៧ ​វិទ្យាស្ថាន​ភាសាជាតិ​នៃរាជ​បណ្ឌិត​សភាកម្ពុជា​បានរៀប​ចំសិក្ខា​សាលា៤លើក ស្តីពីកា​រអភិ​រក្ស​ និងការអភិវឌ្ឍ​ភាសា​ខ្មែរ​ដើម្បី​ឈានទៅរ​កការ​ឯកភាព​គ្នា​ប្រើប្រាស់​ ភាសាជាតិ​ តាមរយៈ​សិក្ខា​សាលាទំាង​នោះមាន​មតិ​​ភាគច្រើនបាន​ស្នើសុំឲ្យ​យក​វចនានុ​ក្រម ​ខ្មែររបស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ធ្វើជា​មូល​ដ្ឋាន ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​ជាទូទៅ។
          ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​បន្ថែមថា ដោយ​វិសាល​ភាព​ការងារ​របស់​គណៈ​កម្មាធិការ​ជាតិ​​ភាសាខ្មែរ​ឲ្យកាន់​ តែមានទំហំ​ធំធេង​ជាងមុន រាជរដ្ឋាភិបាល​សម្រេចកែ​សម្រួលយន្ត​ការ​គ​ណៈ​កម្មាធិការជាតិ​នេះឲ្យទៅ​ ជាក្រុម​ប្រឹក្សាជាតិភាសា​ខ្មែរនៅខែមិថុនា​ឆ្នំា២០១១ ដើម្បីសិក្សា ​​ ប្រមូល និងកំណត់​និយម​ន័យ​បច្ចេក​ស័ព្ធទាក់ទង​និង​ជំនាញ​នានា ឲ្យបាន​កាន់​តែទូលំ​ទូលាយ​ជាងមុន  សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃការវិវត្តន៏​របស់​សង្គម ហើយ​យើង​ទំាង​អស់​​គ្នា​ត្រូវ​ចូល​រួមគំាទ្រ​ដល់​ការលើក​ស្ទួយ​តម្លៃវ​ ប្បធម៌ជាតិ ជាពិសេស​ភាសា និង​អក្សរខ្មែរ​ដែល​ជាដួង​ព្រលឹង​នៃវប្បធម៌ និងជា​អត្តសញ្ញាណ​របស់​ជាតិ​យើង​ ឲ្យសម​ដូចជា​សភាសិត​ខ្មែរ​ពោល​ថា វប្បធម៌​រលត់ ជាតិរលាយ វប្បធម៌​ពណ្ណរាយ ជាតិថ្កុំថ្កើង។
ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តីបាន​សម្តែងក្តី​ សង្ឃឹមថា ​ក្រុមប្រឹក្សា​ជា​តិ​ភាសា​ខ្មែរ​នឹង​ខិតខំ​យកចិត្ត​ទុក​ដាក់​បង្កើន​ការ​ ផ្សព្វផ្សាយ​លទ្ធផល​ការងារ​របស់​ខ្លួន ​ឲ្យបាន​ជ្រួត​ជ្រាប​ដល់ស្រទាប់​មហាជន​យ៉ាង​ទូលំទូ​លាយ​និងទាន់​ពេលវេលា។

បទវិចារ​ណកថា៖ តើច្បាប់​នៅ​ឯណា? គ្មាន​នរណា​នៅ​លើច្បាប់​ឡើយ!


          ផ្ទុយទៅនឹងការ​អះអាង​របស់​លោក សម រង្ស៊ី នៅក្នុងការ​អំពាវនាវ​កាល​ពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១២ ដើម្បីឱ្យមាន​សាមគ្គីភាព​ក្នុង​សហភាព​អន្តរសភា ដោយបាននិយាយថា «បទឧក្រិដ្ឋតែមួយគត់របស់ខ្ញុំគឺ ការរិៈគន់ដោយឥតផ្លាស់ប្តូរចំពោះអំពីពុករលួយ និងការ​រំលោភ​បំពានសិទ្ធិមនុស្ស និងការការពារដោយឥត ប្រែប្រួលចំពោះប្រជាជនដែលបានបោះឆ្នោតឱ្យខ្ញុំជាតំណាងរបស់ពួកគេ»។ វាគឺជា​ព័ត៌មាន​សាធារណៈ អន្តរជាតិមួយទៅហើយ ដែលរួមទាំងការយល់ដឹងរបស់សហភាពអន្តរសភា (IPU) ដែលថាលោក សម រង្ស៊ី ត្រូវបាន​រក​ឃើញ​ថាមានកំហុសក្នុងការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយតុលាការខេត្តស្វាយរៀង ដែលបាន​កាត់​ទោស​គាត់​ឱ្យជាប់​ពន្ធនាគារ​ចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល (ឬប្រហែលជា ២០០០ដុល្លារអាមេរិក)។ សាលក្រម​នេះបាន​ត្រូវ​តុលាការ​កំពូល​តម្កល់​ទុកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០១១ ហើយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ រដ្ឋសភាជាតិកម្ពុជាបានដកហូតយកអណត្តិសភាទី៤ របស់​លោក សម រង្ស៊ី តាមស្មារតីនៃកថាខណ្ឌ៣ មាត្រា១៤ នៃច្បាប់ស្តីពីការជ្រើសតាំងសមាជិករដ្ឋសភាជាតិដែលចែង ថា​សមាជិក​ដែល​ត្រូវបាន​ជាប់ទោសក្នុងបទឧក្រិដ្ឋជាចុងក្រោយមួយ ហើយត្រូវបានកាត់ទោសដាក់ពន្ធនាគារ ត្រូវបាន​ដកហូត​សមា​ជិកភាព​របស់​ខ្លួន​នៅ​ក្នុងរដ្ឋសភាជាតិ។
          គួរឱ្យសោកស្តាយណាស់ដែលលោក សម រង្ស៊ី នៅតែបន្តប្រើប្រាស់តួនាទីសមាជិកសភាកម្ពុជា ដោយមិន​គោរព​ទៅតាម​នីតិរដ្ឋ​ក្នុង​គោល​បំណង​ដើម្បីបំភ័ន្ត IPU និងសមាជិកសភាអន្តរជាតិមួយចំនួន ឱ្យជឿថា គាត់នៅតែជាសមាជិកសភាកម្ពុជាមួយរូបដដែល ដែល​ជម្រុញ​ជាបន្ទាន់ឱ្យអគ្គលេខាធិការរដ្ឋាន រដ្ឋសភាជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ដើម្បី​បញ្ជាក់ ឡើងវិញនូវការពិត និងសច្ចៈភាពដែលថា លោក សម រង្ស៊ី បានបាត់បង់សមាជិកភាពរបស់ខ្លួននៅក្នុងរដ្ឋ សភាជាតិតាំងពីថ្ងៃ ទី១ ខែមីនា ឆ្នាំ២០១១ មកម្ល៉េះ។ តាមការពិត គាត់ត្រូវបានហាមឃាត់មិនឱ្យចុះឈ្មោះ ដើម្បី​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​អណត្តិ​ទី៣ កាលពីខែមករា ឆ្នាំ២០១២ ដែលនេះ គឺជាការ បញ្ជាក់មួយថា លោក សម រង្ស៊ី គឺមិនមែនជាសមាជិករដ្ឋសភាជាតិកម្ពុជាអណត្តិទី៤ តទៅទៀតទេ។
          ការចោទប្រកាន់របស់គាត់ដែលថាគាត់«ត្រូវបានធ្វើទុក្ខបុកម្នេញដោយគណបក្ស និងរដ្ឋាភិបាល កម្ពុជាផ្តាច់ការនោះ» មិនស្រប​គ្នា​ជា​មួយ​នឹងអភ័យឯកសិទ្ធិជាសមាជិកសភារបស់គាត់ និងសិទ្ធិ និងសេរីភាព ជាពលរដ្ឋ​កម្ពុជា​មួយ​រូប​ដែល​គាត់បាន​ប្រើប្រាស់​ក្នុងរយៈ​ពេល​ ២០ឆ្នាំកន្លងមកនេះ រហូតដល់ពេលមាន ការចោទប្រកាន់ និងកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារពីបទបំពានច្បាប់។ លោក សម រង្ស៊ី មានការយល់ ដឹងដ៏ចម្លែកចំពោះច្បាប់ ដែលការយល់ដឹងនោះមានសភាពច្របូកច្របល់ដែលជាចុងក្រោយបានបណ្តាល ឱ្យគាត់​ដួល​រលំ​។ កន្លងយូរមកហើយដែលគាត់ហាក់ដូចជាមិនអាចយល់បានពីអត្ថន័យនៃពាក្យ «គ្មាននរណា នៅលើច្បាប់ឡើយ» សូម្បី​តែ​សមាជិក​សភា​ក៏​ដោយ។ អភ័យឯកសិទ្ធិសភា មិនគួរត្រូវបានលោកសម រង្ស៊ី យល់ថា គឺគាត់នៅពីលើច្បាប់នោះទេ។
          ការចោទប្រកាន់ទាំងទទឹងទិសដែលថា «យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច គឺប្រើប្រាស់ប្រព័ន្ធ តុលាការដែលបំរើនយោបាយ ដើម្បី​បង្ក្រាបទៅលើរាល់ការរិៈគន់រដ្ឋាភិបាល» នោះ បានត្រូវបង្ហាញថាមានការ ខុសឆ្គងមានលក្ខណៈអសុចរិត និងខ្វះ​នូវ​ការ​យល់​ដឹង​ពីអ្វី​ដែល​ត្រូវ ពីអ្វីដែលខុស ហើយមានលក្ខណៈ លំអៀង ដោយសារខ្វះខាតនូវការយល់ដឹងពីភាពពិតជាក់ស្តែងក្នុងប្រទេសកម្ពុជា។ គេគួរ​យល់​ថា «ការរិៈគន់ ទាំងអស់មកលើរដ្ឋាភិបាល» ឬការរិៈគន់អំពីគោលនយោបាយរដ្ឋាភិបាលឬការរិៈគន់ សកម្មភាពរដ្ឋាភិបាល ឬការ​រិៈគន់​មន្ត្រីក្នុងរដ្ឋាភិបាល គប្បីត្រូវតែបែងចែកឱ្យបានហ្មត់ចត់ និងកំណត់ឱ្យបានត្រឹមត្រូវ និងច្បាស់ លាស់ ដើម្បី​ចៀសវាង​កុំឱ្យ​ធ្លាក់​ចូល​ទៅក្នុងការរំលោភបំពានសិទ្ធិរបស់អ្នកដទៃ ដូចបានចែងដោយច្បាប់ក្នុង ប្រទេសកម្ពុជា។ សមាជិកសភាភាគច្រើននៅក្នុងពិភពលោក គឺជា​អ្នកច្បាប់។ ប្រសិនបើចង់ដឹង ពួកគេអាច នឹងបានដឹងអំពីច្បាប់របស់កម្ពុជា នីតិរដ្ឋ និងរបៀបរបបច្បាប់នៅក្នុងប្រទេសកម្ពុជា ដែល​មាន​ប្រព័ន្ធរដ្ឋា ភិបាលប្រជាធិបតេយ្យនៅក្រោមរដ្ឋធម្មនុញ្ញដែលត្រូវបានគាំទ្រយ៉ាងរឹងម៉ាំ និងខ្លាំងក្លាពីសំណាក់ប្រជាជន កម្ពុជា​ទាំងអស់។
          មធ្យោបាយដ៏ល្អបំផុតសម្រាប់លោក​ សម រង្ស៊ី គឺសុំចាកចេញមួយរយៈពីកិច្ចការនយោបាយប្រហែល ជារយៈពេល ១៧ ឆ្នាំ មុន​ពេល​​ដែលគាត់អាចហ៊ានប្រៀបធៀបខ្លួនគាត់ទៅនឹងលោកស្រី Aung San Suu Kyi។ ក្រោយពីនោះគេអាចសង្ឃឹមថា គាត់​នឹង​ឆ្លាត​ជាង​មុន ហើយប្រើវិធីសាស្ត្រដែលមានប្រយោជន៍ដល់នយោបាយ​ ជាតិ និងក្លាយ​ទៅជា​អ្នក​កសាង​មួយរូប​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ ដ៏ខ្លាំង​ជាង​មុនមួយ ដោយរួមសហ ប្រតិបត្តិការជាមួយអ្នកដឹកនាំត្រឹមត្រូវស្របច្បាប់កម្ពុជា។ សូមសំណាងល្អ លោក សម រង្ស៊ី។
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​លើក​ទី១ របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​


សុន្ទរកថា
ឯកឧត្តមបណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ជាប្រធានកិត្តិយសនិងអាណាព្យាបាលក្រុមប្រឹក្សាជាតិភាសាខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់​
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងពិធីបើកសម័យប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ​ (ក.ជ.ភ.ខ.)
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២
 
 
  • សូមក្រាប​ថ្វាយបង្គំ ព្រះមុនី​កោសល ហ៊ុល សុវណ្ណ រាជា​គណៈ​ថ្នាក់ទោ អនុគណៈ​ខណ្ឌ​ឫស្សី​កែវ សមាជិក​ថេរសភា​សង្ឃ ព្រះចៅ​អធិការវត្ត​ទួល​សុវណ្ណា​រាម និង​ជាឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ ជាទី​សក្ការៈ;
  • សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ យស ហ៊ុត ខេមចារោ ប្រធាន​ស្តីទី​សមាគមធម្មទូត ប្រធាន​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ-វត្តធម្មរង្សី និង​ជាសមាជិក​នៃក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ ជាទីសក្ការៈ;
  • សូមក្រាប​ថ្វាយបង្គំ​ព្រះថេរានុត្ថេរៈ​គ្រប់ព្រះ​អង្គ​ជា​ទីគោរព​សក្ការៈ;
  • ឯកឧត្ដមបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាឧត្ដម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ;
  • ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រាជរដ្ឋាភិបាល;
  • ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជ​រដ្ឋាភិបាល និង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ;
  • ឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ​បណ្ឌិត​សភាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗនិស្សិត​ទាំង​អស់ជាទី​ស្នេហា។
ថ្ងៃនេះ​ តាងនាម​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​គរុគណ​នៃក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ និង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ ខ្ញុំព្រះករុណា​ខ្ញុំ មាន​សេចក្តី​សោមនស្ស​រីករាយ​ចូលរួម​ក្នុងពិធី​បើកសម័យ​ប្រជុំលើក​ទី១ របស់​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ នាពេល​នេះ។ ខ្ញុំសូម​យកឱកាស​នេះ​សម្តែង​នូវអំណរ​សាទរ​ចំពោះ​ការបង្កើត​ក្រុមប្រឹក្សា​ ជាតិភាសា​ខ្មែរ និង​សូម​កោត​សសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ ដឹកនាំ និង​មន្រ្តីរាជការ​នៃ​ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការធ្វើ​ឱ្យស្ថាប័ន​ថ្មីនេះ​មាន​ដំណើរការ​គួរឱ្យ​កត់ សម្គាល់។
ដូចដែលព្រះតេជគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗ​ទាំងអស់​ជ្រាបស្រាប់​ហើយថា ការប្រើប្រាស់​ភាសាខ្មែរ​នៅក្នុង​សង្គមជាតិ​យើង​នាពេលកន្លង​មក ក៏ដូច​ជាពេល​បច្ចុប្បន្ន នៅ​មានពាក្យ​មួយចំនួន​ពុំទាន់​មាន​ការ​ឯកភាពគ្នា និង​ពុំទាន់​មានវាក្យសព្ទ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុងមុខ​ជំនាញ​ ផ្សេងៗ​នៅ​ឡើយ។​ ដោយមើល​ឃើញ​បញ្ហា​ប្រឈម​ទាំងនេះ សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ​បង្កើត​ឱ្យមាន​យន្តការ​ ថ្នាក់​ជាតិ​មួយ សម្រាប់​សម្រប​សម្រួលលើការសិក្សា ការ​ប្រមូល និង​ការកំណត់​ន័យ​របស់បច្ចេក​សព្ទ​ដែល​មានប្រើរួច​មកហើយ និង​ការបង្កើត​ពាក្យថ្មីៗ​តាម​មុខជំនាញ​នីមួយៗ ដើម្បី​ជំរុញឱ្យមាន​ការឯកភាព​គ្នាក្នុង​ភាសាជាតិ​ទាំង​សំណេរ អំណាន និង​ការ​និយាយស្តី។ ជាងនេះ​ទៅទៀត សម្តេច​តេជោ​នាយករដ្ឋមន្រ្តី តែង​ផ្តល់ការ​គាំទ្រយ៉ាង​ពេញទំហឹង និង​ជាប្រចាំ​ដល់​សកម្មភាព​អភិរក្ស​និង​អភិវឌ្ឍ​ភាសា និង​អក្សរខ្មែរ។
ខ្ញុំ​ព្រះករុណាខ្ញុំ នៅចាំ​បានថា នៅ​ចន្លោះ​ពីឆ្នាំ​២០០០ ដល់ឆ្នាំ​២០០៧ វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​ ចំនួន​៤​លើក ស្ដីពីការ​អភិរក្ស និង​ការអភិវឌ្ឍ​ភាសាខ្មែរ ដើម្បី​ឈានទៅ​រក​ការឯកភាព​ក្នុង​ការ​ប្រើប្រាស់​ភាសាជាតិ។ តាមរយៈ​សិក្ខាសាលា​ទាំងនោះ វិទ្យាស្ថាន​ភាសាជាតិ​ទទួលបាន​នូវមតិ​យោបល់​ល្អៗពី​អ្នក​ចូលរួម ដែល​ក្នុងនោះមាន​មតិភាគ​ច្រើន​បានស្នើសុំ​ឲ្យយក​វចនានុក្រម​ខ្មែរ​របស់​ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ធ្វើ​ជាមូលដ្ឋាន ក្នុង​ការប្រើប្រាស់​ភាសាខ្មែរ​ជាទូទៅ។ ទន្ទឹម​នឹងនោះ ក៏មាន​មតិស្នើ​សុំឲ្យ​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ខាង​ភាសា​ មួយ ចំណុះ​ឱ្យ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។ ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ក្នុងការ​ប្រើ​ប្រាស់​ភាសាខ្មែរ និង​តម្រូវការ​ដ៏ចាំបាច់​បែបនេះ រាជ​រដ្ឋាភិបាល​បាន​បង្កើត​ «គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ» នៅ​ឆ្នាំ​២០០៧ ដែល​មាន ខ្ញុំ​ព្រះករុណា​ខ្ញុំ ជា​ប្រធាន និង​មាន​ឯកឧត្តម ឡុង សៀម ជាអនុប្រធាន​អចិន្ត្រៃយ៍។ បន្ទាប់មក ក្នុង​ឆ្នាំ​២០០៨ ឯកឧត្តម ព្រុំ ម៉ល់ ត្រូវ​បានតែងតាំង​ជាអនុប្រធាន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​ជាតិ​នេះជំនួស​ឯកឧត្តម ឡុង សៀម ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ។
ដោយវិសាលភាព​ការងារ​របស់គណៈ​ កម្មាធិការជាតិ​ភាសាខ្មែរ​កាន់តែមាន​ទំហំធំធេង​ជាងមុន​ រាជរដ្ឋា​ភិបាលបាន​សម្រេច​កែសម្រួល​យន្តការ​គណៈកម្មាធិការ​ជាតិនេះ​ឱ្យទៅ​ជា «ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ» នៅ​ខែមិថុនា ឆ្នាំ២០១១ ហើយ​ថ្មីៗនេះ ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ​បាន​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចំនួន១៤ ដើម្បី​សិក្សា ប្រមូល និងកំណត់​និយមន័យ​បច្ចេកស័ព្ទ​ទាក់ទង​នឹង​ជំនាញ​នានា​ឱ្យបានកាន់​ តែទូលំទូលាយ​ជាងមុន សំដៅ​ឆ្លើយ​តបទៅនឹង​តម្រូវ​ការ​នៃ​ការ​វិវត្ត​របស់​សង្គម និង​ការរីកចម្រើន​របស់​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត។ ខ្ញុំ​ព្រះករុណាខ្ញុំ មាន​ជំនឿ​យ៉ាងមុត​មាំ​ថា ក្រុម​ប្រឹក្សា​ជាតិភាសាខ្មែរ​នឹងប្រើប្រាស់​តួនាទី​ដ៏ចម្បង​របស់​ខ្លួន ក្នុងការពិនិត្យលើ​ការប្រើប្រាស់​ភាសា និង​អក្សរខ្មែរ កំណត់​ការ​សរសេរ ការអាន និង​ការឱ្យ​និយមន័យ​ឱ្យមាន​ការឯកភាព​គ្នា និង​បង្កើត​ពាក្យថ្មី និង​ពាក្យ​កម្ចី​ពី​បរទេស ក្នុងគោល​បំណង​លើក​កម្ពស់ការ​អភិរក្ស និងអភិវឌ្ឍ​ភាសា និង​អក្សរខ្មែរ ប្រកប​ដោយ​និរន្តរភាព និង​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ។
-​​ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតទាំងអស់ !
ការជួបជុំគ្នាយ៉ាង​ផុសផុលនៅ​ ថ្ងៃនេះ គឺជា​សក្ខីភាព​សបញ្ជាក់​ឱ្យឃើញ​នូវ​ទឹកចិត្ត​ស្រឡាញ់​ភាសា និង​អក្សរខ្មែរ ពីសំណាក់​បញ្ញវន្ត​ខ្មែរមក​ពីគ្រប់​មជ្ឈដ្ឋាន ហើយ​ក៏ជា​ការប្រកាស​ជាផ្លូវការ​នូវការបន្ត​ដំណើរ​ការ​ការងារ​របស់​ ក្រុមប្រឹក្សា​ជាតិ ភាសា​ខ្មែរ​ពីគណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ផងដែរ។ ជា​ការពិត​ណាស់ គ្រប់ភាសា​នៃ​ជាតិ​សាសន៍​ទាំងអស់​តែងតែ​មាន​ពាក្យ​ថ្មីៗ​កើតឡើង​នៅ​ពេលដែល​ សង្គម​វប្បធម៌​មាន​ការ​ប្រែប្រួល។ ដូចគ្នា​នេះដែរ ភាសាខ្មែរ​យើងក៏កំពុង​មានការវិវត្ត ទៅតាម​ការអភិវឌ្ឍ​របស់សង្គម ដែល​ធ្វើឲ្យមាន​ពាក្យថ្មីៗ​កើតឡើង​យ៉ាងច្រើន ដើម្បី​យកមក​ប្រើប្រាស់​ឱ្យ​សមស្របតាម​ការរីក​ចម្រើន​របស់​បច្ចេកវិទ្យា វិទ្យាសាស្រ្ត ផលិត​ផល​ទំនើបៗ និង​ស្របតាម​តម្រូវ​ការផ្សេងៗ​ទៀត​របស់​សង្គម។ ក្នុង​ន័យនេះ យើង​ត្រូវ​កំណត់​គោល​ការណ៍ និងក្បួន​ខ្នាតថ្នាក់​ជាតិឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធានាដល់​ការបង្កើត និងប្រើ​ប្រាស់​ពាក្យថ្មីៗ​ឲ្យការមាន​ការ​ឯកភាព​គ្នា ហើយ​កិច្ចការទាំង​នេះគឺ​ជាភារកិច្ច​ស្នូល​របស់​ក្រុមប្រឹក្សា​ជាតិ​ ភាសាខ្មែរ។
ជាក់ស្តែង ការប្រើប្រាស់​ភាសា និងអក្សរខ្មែរនា​ពេលបច្ចុប្បន្ន​នេះនៅ​មានភាព​ប្រទាញ​ប្រទង់​គ្នាមួយ​ចំនួន​ ដោយ​សារ​ពុំទាន់​មានការ​ស្រុះស្រួល និង​ខ្វះការឯកភាព​គ្នា​លើ​គោលការណ៍ និង​ក្បួនខ្នាត​ពាក់ព័ន្ធ​ទៅនឹង​សំណេរ អំណាន និងការ​និយាយ​ស្តី​ជាដើម។ ដើម្បី​កែលម្អ​នូវចំណុច​អវិជ្ជមាន​ទាំងនេះ ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរត្រូវបង្កើន​ការយក​ចិត្តទុក​ដាក់​អនុវត្ត​ នូវតួនាទី និង​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន និងកាន់​តែសកម្ម​ក្នុងការពិនិត្យ និង​សម្រេចឱ្យ​មានការ​ឯកភាព​នូវ​ពាក្យ និង​បចេ្ចកសព្ទ​ដែល​មានប្រើក្នុង​ភាសាខ្មែរ​នាពេល​កន្លងមក ព្រមទាំង​កំណត់​ការសរសេរ ការអាន ក៏ដូចជាការ​បង្កើត​ពាក្យថ្មី និងពាក្យ​កម្ចីពី​បរទេស​ឱ្យបានត្រឹមត្រូវ​តាមបទដ្ឋាន​បច្ចេកទេស។ ​ជាង​នេះទៅទៀត ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរត្រូវ​បង្កើនការ​ផ្សព្វផ្សាយ​លទ្ធផល​ការងា​ ររបស់ខ្លួន ជាពិសេស​លទ្ធផល​នៃការកំណត់​ការប្រើ​ភាសា និង​អក្សរខ្មែរ ឱ្យ​កាន់​តែទូលំទូលាយ តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ក្នុង​គ្រប់រូបភាព។
ជាមួយគ្នានេះដែរ ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​ព្រះករុណាខ្ញុំ សូម​ឱ្យក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ក្រសួង​អប់រំ យុវជន និងកីឡា ផ្តល់​នូវកិច្ច​សហការ​ឱ្យបាន​ស្អិតរមួត​ក្នុងការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ភាសា និង​អក្សរខ្មែរ​ដែល​ត្រូវបាន​កំណត់​ដោយ​ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ ក៏ដូចជា​ចូលរួមផ្តល់​នូវមតិយោបល់​ពាក់ព័ន្ធ​នឹង​បច្ចេកសព្ទ និង​ពាក្យថ្មីៗ​នៅក្នុង​វិស័យ និង​ជំនាញឯក​ទេសរបស់​ខ្លួន ដើម្បី​ឱ្យ​មានសុខដុម​នីយកម្ម​ក្នុងការប្រើប្រាស់​ភាសា និង​អក្សរខ្មែរ​ក្នុង​ពេលប​ច្ចុប្បន្ន ក៏ដូចជា​នៅ​ពេលអនាគត។ ខ្ញុំ​ក៏សូមយក​ឱកាសនេះ អំពាវ​នាវដល់​ជនរួមជាតិ​ទាំងអស់ សូមចូលរួម​និង​យកចិត្តទុក​ដាក់ក្នុងការ​ប្រើប្រាស់​ភាសា និងអក្សរខ្មែរ​ឱ្យបានត្រឹម​ត្រូវតាម​ការកំណត់​របស់ក្រុមប្រឹក្សា​ជាតិភាសា​ ខ្មែរ​សំដៅ​លើកកម្ពស់​ឧត្តមភាព​នៃ​ភាសាជាតិ​យើង ក៏ដូច​ជារួម​ចំណែកដល់​ការអភិរក្ស និង​អភិវឌ្ឍ​ភាសា និង​អក្សរខ្មែរ។
ជា​ថ្មីម្តង​ទៀត ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែង​នូវអំណរ​គុណចំពោះ​ព្រះតេជគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗនិស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន​ចូលរួមគាំទ្រ​ដល់ការលើក​ស្ទួយតម្លៃវ​ប្បធម៌ជាតិ​យើង ជាពិសេស​ភាសា និងអក្សរ​ខ្មែរដែល​ជាដួងព្រលឹង​នៃវប្បធម៌ និង​ជា​អត្តសញ្ញាណ​របស់ជាតិ​យើង ឱ្យ​សមដូច​សុភាសិត​ខ្មែរពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិរុងរឿង»។ ក្នុងន័យនេះ ខ្ញុំព្រះ​ករុណាខ្ញុំ សូម​សម្តែង​នូវការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់បណ្តា​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់​ក្រោមជាតិ​គ្រប់លំដាប់​ថ្នាក់ គ្រឹះស្ថាន​សិក្សាគ្រប់កម្រិត ក៏ដូច​ជាអង្គការ​មិនមែន​រដ្ឋាភិបាល និងផ្នែកឯកជន ជាពិសេស​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន និង​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​នានា ឱ្យយក​ចិត្តទុកដាក់​ពិនិត្យឲ្យបាន​ដិតដល់​ចំពោះ​ការសរសេរ ការអាន ការខ្ចីពាក្យ និង​ការបង្កើត​ពាក្យថ្មីៗ ដើម្បី​ធានា​ឱ្យបាន​នូវការឯកភាព​គ្នាក្នុងការ​ប្រើប្រាស់​ភាសា និង​អក្សរខ្មែរ​យើង។ ក្នុង​ករណី​ដែល​មានការយល់​មិន​ស្របគ្នា​ទាំង​វេយ្យាករណ៍ សំណេរ អំណាន និង​បញ្ហាពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងការ​ប្រើប្រាស់​ភាសា និង​អក្សរខ្មែរ ខ្ញុំព្រះករុណាខ្ញុំ សូមឱ្យ​មាន​ការជជែក​ពិភាក្សា​គ្នាឱ្យបាន​ល្អិតល្អន់​ក្នុងក្របខ័ណ្ឌ​ ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ ជា​ជាង​ធ្វើការ​បកស្រាយ​ជា​សាធារណៈ​ដោយ​អត្ត​វិស័យ​ភាព ដែល​អាច​បណ្តាល​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ។​ ការ​ឯកភាព​ក្នុង​ភាសា ជា​សញ្ញាណ​នៃការ​ឯក​ភាពជាតិ។ ខ្ញុំ ​ព្រះករុណាខ្ញុំ សង្ឃឹម​ថា ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ​នឹងខិតខំ​យកចិត្ត​ទុកដាក់​បង្កើន​ ការផ្សព្វផ្សាយ​លទ្ធផល​ការងារ​របស់​ខ្លួនឱ្យបាន​ជ្រួតជ្រាប​ដល់​ស្រទាប់​ មហាជន​យ៉ាងទូលំ​ទូលាយ និង​ទាន់​ពេលវេលា។
មុន​នឹង​បញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ ក៏សូម​យកឱកាសនេះ​អំពាវនាវ​ដល់ព្រះ​ថេរានុត្ថេរៈ​គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី និង​សប្បុរសជន​ជាតិ​និងអន្តរជាតិ​ទាំងអស់ សូមជួយ​ឧបត្ថម្ភគាំទ្រ​ជាស្មារតី សម្ភារៈ និងថវិកា ដល់ដំណើរ​ការការងារ​របស់​ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ ក៏ដូច​ជាការផ្សព្វផ្សាយ​លទ្ធផល​ការងារ​ទាំងនោះ​ជាសាធារណៈ ដើម្បី​ជាប្រយោជន៍​របស់ជាតិ​យើង​ទាំងមូល និង​ជាកេរដំណែល​ដល់​អ្នកជំនាន់​ក្រោយ។
នៅ​ទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេន​ពរដល់​ព្រះថេរានុត្ថេរៈ​គ្រប់ព្រះ​អង្គប្រកប​ដោយពុទ្ធពរ​ទាំង​បួន ​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និងពលៈ និងសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងក្មួយៗ​និស្សិត​ទាំងអស់ មាន​សុខភាព​ល្អ ជោគជ័យ​គ្រប់ភារ​កិច្ច និងមាន​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ។
ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ សូម​​ប្រកាស​បើក​សម័យ​ប្រជុំ​លើក​ទី​១ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​ ចាប់​ពី​ពេល​នេះ​តទៅ​។​
​​​​​​​​​​​​ សូម អរព្រះគុណ និង អរគុណ​ !