Wednesday, April 18, 2012

ព្រះរាជក្រម ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខត​ខត្ដិយា ខេមរា​រដ្ឋរាស្ដ្រ ពុទ្ធិន្ទ្រា​ធរាម​ហាក្សត្រ ខេមរាជនា សមូ​ហោភាស កម្ពុជ​ឯករាជ​រដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រីពិរាស្ដ្រ ព្រះចៅក្រុងកម្ពុជាធិបតី

នស/រកម/១១០៥/០៣៩
ព្រះរាជក្រម
យើង
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្ដ្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ដ្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្ដីពីការ តែងតាំងរាជរដ្ឋា- ភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃគណៈរដ្ឋមន្ដ្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពី ការបង្កើតទីស្ដីការគណៈរដ្ឋមន្ដ្រី
- បានទ្រង់យល់លិខិតលេខ៣៣៨,១១០៥,ពស,នវ ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ របស់ព្រឹទ្ធសភា
- បានទ្រង់យល់លិខិតលេខ១២៧៥រស ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០០៥ របស់ រដ្ឋសភា
- បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចក្រុមព្រះ ព្រះប្រធានរដ្ឋសភា សម្ដេចនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងរបស់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្ដ្រី

ប្រកាសឱ្យប្រើ

ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋ សង្គមនិយម វៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី ៣ និងដែលព្រឹទ្ធសភាបាន អនុម័ត​យល់​ស្រប​លើ​ទម្រង់​ និងគតិ នៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នាសម័យ ប្រជុំពេញអង្គលើកទី ១០ នីតិកាលទី ១ ដែលមានសេចក្ដីទាំងស្រុងដូចតទៅនេះ ៖

ច្បាប់
ស្ដីពី
ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញមន្ថែម
រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម
ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥

មាត្រា ១-
អនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គម និយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ ហើយ ដែល​សន្ធិ​សញ្ញាបំពេញបន្ថែមនោះ ត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ ប្រទេស វៀតណាម នាថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០០៥ ដោយមាន អត្ថបទ​ទាំង​ស្រុង​ភ្ជាប់​មក​ជា​មួយ នេះ។
មាត្រា ២-
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្ដរាល់នីតិវិធីដើម្បីអនុវត្ដសន្ធិសញ្ញានេះ។
មាត្រា ៣-
ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។
ធ្វើនៅព្រះបរមរាជវាំងរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០០៥
ពរល.០៥១១.៥១៣
ព្រះហស្ដលេខា និង ព្រះរាជលញ្ឆករ
នរោត្ដម សីហមុនី

បានយកសេចក្ដីក្រាបបង្គុំទូលថ្វាយបានយកសេចក្ដីក្រាបបង្គុំទូលថ្វាយបានយកសេចក្ដីក្រាបបង្គុំទូលថ្វាយ
សូមឡាយព្រះហស្ដលេខា
ព្រះមហាក្សត្រ 
សូមឡាយព្រះហស្ដលេខា
ព្រះមហាក្សត្រ 
សូមឡាយព្រះហស្ដលេខា
ព្រះមហាក្សត្រ 
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
ហត្ថលេខាព្រះហត្ថលេខាហត្ថលេខា
ជា ស៊ីម
នរោត្ដម រណឬទ្ធិ
ហ៊ុន សែន

បានជម្រាបជូនសម្ដេចនាយករដ្ឋមន្ដ្រី
 ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
ហត្ថលេខា
សុខ អាន

សន្ធិ​សញ្ញា​បំពេញ​បន្ថែម រវាង ព្រះរាជា​ណា​ចក្រ​កម្ពុជា និងសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ទៅលើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥

សន្ធិសញ្ញាបំពេញបន្ថែម
រវាង
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥


   
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម (ដែលតទៅ នេះហៅថា “ភាគីគូសន្យាទាំងពីរ”) ក្នុងគោលបំណង កសាងខ្សែព្រំដែនសន្ដិភាព សន្ដិសុខ ស្ថិរភាពយូរអង្វែងរវាង ប្រទេសទាំងពីរ ដោយ ឈរ​លើ​មូល​ដ្ឋាន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់គ្នាសហប្រតិបត្ដិការស្មើភាព ក្នុង​ការ​គោរព​ ដល់ផលប្រយោជន៍គ្នា ទៅវិញទៅមក ដើម្បីរក្សា និង បង្កើនទំនាក់ទំនងជិតខាងល្អ និងសាមគ្គី មិត្ដភាពជាប្រពៃណី រវាងប្​រទេសទាំងពីរ។
ក្នុងគោលបំណងបញ្ចប់ឱ្យបានឆាប់ដំណើរការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរួម នៃប្រទេសទាំងពីរ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្ដម ផាន វ៉ាន់ ខាយ នាយករដ្ឋមន្ដ្រី នៃសាធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម ​បានសម្រេចចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែម ស្ដីពីការកំណត់ព្រំដែនគោក រវាងព្រះរាជាណាចក្រ កម្ពុជា និង​សាធា​រណ​រដ្ឋសង្គមនិយមវៀតណាម (ដែលតទៅនេះហៅថា “សន្ធិសញ្ញាបំពេញ បន្ថែម”) ដើម្បី សំដែងការកែសម្រួលទាំងឡាយ ទៅ​លើ​ខ្សែព្រំដែន ដែលបានកំណត់ ក្នុងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋ សង្គម​និយម​វៀត​ណាម​ ចុះហត្ថលេខាថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥ (ដែល តទៅនេះហៅថា “ សន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ ”) ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាលើ ប្រការដូចតទៅ ៖
ប្រការ១
ភាគីគូសន្យាទាំងពីរបានឯកភាពអនុម័តយកគោលការណ៍ និងការដោះស្រាយ មួយចំនួន ដោយឈរលើ មូលដ្ឋាន នៃសន្ធិ​សញ្ញា​កំណត់​ព្រំដែន​ឆ្នាំ ១៩៨៥ ដើម្បីកែសម្រួលទិសដើរ នៃខ្សែព្រំដែនគោកនៅតំបន់ មួយចំនួនដូចខាងក្រោម ៖

១- ភាគីគូសន្យាទាំងពីរ បានឯកភាពគ្នាអនុវត្ដតាមគោលការណ៍ និងការអនុវត្ដអន្ដរជាតិ ស្ដីពី ព្រំដែនដើរ តាមទន្លេ ឬផ្លូវទឹក ដើម្បី​កំណត់ខ្សែព្រំដែនដើរតាមទន្លេ ឬ ផ្លូវទឹក នៅតាម បណ្ដោយព្រំដែន គោកទាំងមូល នៃប្រទេសទាំងពីនោះគឺៈ

- ចំពោះកំណាត់ព្រំដែនទឹក តាមព្រែក ស្ទឹង ដែលមិនអាចធ្វើនាវាចរបាន ខ្សែព្រំដែនត្រូវ ដើរតាម បន្ទាត់ទ្រូង នៃ​ផ្លូវ​ទឹក​នោះ។

- ចំពោះកំណាត់ព្រំដែនទឹក តាមព្រែក ស្ទឹង ដែលអាចធ្វើនាវាចរបាន ខ្សែព្រំដែន នោះត្រូវ ដើរតាម បន្ទាត់ទ្រូង នៃ​ជ្រលង​ទឹក​ជ្រៅ។

គោលការណ៍ខាងលើត្រូវបានបង្ហាញជាក់ស្ដែងដូចខាងក្រោម ៖

១-១- ទីតាំងជាក់លាក់របស់បន្ទាត់ទ្រូងនៃផ្លូវទឹកសំខាន់ ឬ ជ្រលងទឹកជ្រៅ ដែលអាចធ្វើ នាវាចរបាន និងកម្មសិទ្ធី កោះ ដីដុះ និង​ច្រាំងបាក់ ក្នុងផ្លូវទឹក ស្ទឹង ព្រែក ទន្លេ នឹងត្រូវកំណត់ ដោយភាគីគូសន្យា ទាំងពីរក្នុងពេលដំណើរការខ័ណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន។

លក្ខណៈវិនិច្ឆ័យសំខាន់ សម្រាប់ឱ្យនិយមន័យដល់ផ្លូវទឹកសំខាន់ គឺមរិមាណទឹក នៃកំពស់ ទឹកមធ្យម។ លក្ខណៈវិនិច្ឆ័យ សំខាន់​សម្រាប់ឱ្យនិយមន័យដល់ជ្រលងទឹកជ្រៅសំខាន់ ដែលអាចធ្វើនាវាចរបាន គឺជម្រៅទឹក នៃជ្​រលង​ទឹក​ជ្រៅ​ដែល​អាច​ធ្វើ​នាវា​ចរបាន ហើយជំរៅ ទឹកនោះនឹងត្រូវពិចារណា ថ្លឹងថ្លែង ដោយមាន ការគួបផ្សំជាមួយនឹងទទឹង និងកាំនៃខ្សែកោង របស់​ជ្រលងទឹកជ្រៅ ដែលអាចធ្វើនាវាចរបាន។ បន្ទាត់ទ្រូង នៃជ្រលងទឹកជ្រៅសំខាន់ ដែលអាចធ្វើនាវាចរបាន គឺជា​បន្ទាត់​ទ្រូង នៃផ្ទៃទឹកដែល ស្ថិតនៅចន្លោះខ្សែ បន្ទាត់ពីរ ដែលមានជម្រៅទឹកស្មើគ្នា ហើយដែលខ្សែបន្ទាត់ទាំងពីរនេះ ជាខ្​សែប​ន្ទាត់​កំណត់ ជ្រលងទឹកជ្រៅ សំខាន់ដែលអាចធ្វើនាវាចរបាន ។

១-២- ក្នុងករណីដែលពុំមានការព្រមព្រៀង រវាងភាគីគូសន្យាទាំងពីរទេ ការប្រែប្រួលណា មួយដែល អាចកើតមានឡើង ចំពោះ​ផ្លូវទឹក ស្ទឹង ព្រែក យកធ្វើជាខ្សែព្រំដែននោះ ពុំអាច ធ្វើឱ្យមានការផ្លាស់ ប្ដូរដល់ទិសដើររបស់ខ្សែព្រំដែន ពុំជះ​ឥទ្ធិពល​ដល់ទ្រង់ទ្រាយ នៃខ្សែ ព្រំដែន ឬ ដល់កម្មសិទ្ធិនៃកោះ និងដីដុះថ្មីនោះឡើយ។ ចំពោះកោះ និងដីដុះ ដែលទើប នឹងកើត​មានឡើងថ្មីក្នុងផ្លូវទឹក ដែលយកធ្វើជា ខ្សែព្រំដែន ក្រោយពេលដែលខ្សែព្រំដែន នោះត្រូវបានកំណត់ នៅ​លើ​ដីជាក់​ស្ដែង​ រួចហើយកម្មសិទ្ធិកោះ និងដីដុះនោះនឹងត្រូវ កំណត់ទៅតាម ខ្សែព្រំដែនដូចបានបញ្ជាក់នៅលើដីជាក់ស្ដែង។ ចំពោះ​កោះ និង ដីដុះណា ដែលទើបនឹងកើតមានឡើងថ្មី ហើយស្ថិតនៅលើខ្សែព្រំដែន ដែលបានកំណត់នៅ លើដីជាក់ស្ដែង រួច​ហើយ ​នោះ ភាគីគូសន្យាទាំងពីរ នឹងពិភាក្សាលើការកំណត់កម្មសិទ្ធិកោះ និងដីដុះនោះ ដោយឈរ លើមូលដ្ឋាន ស្មើភាព និង​សមស្រប ។

១-៣- ក្នុងករណីជួបការលំបាក ក្នុងការអនុវត្ដតាមគោលការណ៍ទាំងឡាយខាងលើ ភាគី គូសន្យាទាំង ពីរ នឹង​ពិភាក្សា​គ្នា​រក​ដំណោះស្រាយសមស្របមួយ ដែលភាគីគូសន្យាទាំងពីរ អាចទទួលយកបាន។

២- ក្នុងដំណាក់កាល ដោះស្រាយបញ្ហាព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដើម្បីកំណត់ ទិសដើរ នៃខ្សែ ព្រំដែន នៅ​តំបន់​​ទាំងប្រាំមួយ (០៦) កន្លែង ដែលភាគីគូសន្យាទាំងពីរ នៅមានទស្សនៈខ្វែងគ្នា ក្នុង សម័យប្រជុំ នៃគណៈកម្មការចំរុះ ព្រំ​ដែន​ក្នុងឆ្នាំ ១៩៩៩ និង ២០០០ ភាគីគូសន្យាទាំងពីរបានឯកភាពគ្នា ផ្អែកលើ គោលការណ៍ដូចតទៅដើម្បីពិនិត្យ និងអនុវត្ដ ៖

- បណ្ដាគោលការណ៍មូលដ្ឋានច្បាប់ ដែលរដ្ឋបាលអាណានិគម បានប្រើប្រាស់ក្នុងការ កសាងខ្សែព្រំដែន គោកកម្ពុជា - វៀត​ណាម ។

-  ការគ្រប់គ្រងពិតប្រាកដ និងការកាន់កាប់ជាក់ស្ដែងរបស់ប្រជាជនជាច្រើនជំនាន់ ។

- ស្ថានភាពភូមិសាស្ដ្រ ឋានលេខាស្របទៅ នឹងបណ្ដាគោលការណ៍ច្បាប់ និងការអនុវត្ដន៍ អន្ដរជាតិ សម្រាប់អនុវត្ដ ក្នុង​ការ​កំណត់​ទិសដើរ នៃខ្សែព្រំដែនទៅតាមសណ្ឋានដី ផ្សេងៗ ដូចជាខ្សែបែងចែកទឹក ខ្សែជួរកំពូលភ្នំ ខ្សែរយៈកំពស់ ។ល។

ប្រការ២

 ១- ប្រការ១ នៃសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ ត្រូវបានកែសម្រួល នូវកំណាត់ព្រំដែន ប្រាំមួយ (០៦)កន្លែង ដូច​បាន​បញ្ជាក់​ខាង​ក្រោម ៖

 ១-១- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំតាវែងក្រោម ស្រុកតាវែង ខេត្ដ រតនគីរី-កម្ពុជា និងឃុំ ម៉ូរ៉ាយ ស្រុកសាថី ខេត្ដកន្ទុំ- វៀត​ណាម​ ផ្ទាំងផែនទី DAKTO 148w Bonne ខ្នាត ១,១០០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ត្រង់ តំបន់​មិន​ទាន់​គូស​ផែនទី ដែលផ្គុំមិនស៊ីគ្នា ជាមួយផ្ទាំងផែនទី YALY 156W Bonne ខ្នាត ១,១០០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ភាគីគូសន្យាទាំងពីរ យោងតាម ខ្លឹមសារស្ដែង ឡើងនៅលើផែនទី UTM ខ្នាត១,៥០.០០០ ផ្ទាំង PHUM KHAM DORANG 6437 I អម សន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ បានឯកភាពកែសម្រួលនូវកំណាត់ព្រំដែនដូចខាងក្រោម ៖

 “... ពីចំណុច A នៅកន្លែងអូរបែកជាបីគ្មានឈ្មោះ ឡើងបញ្ច្រាស់តាមខ្សែទឹកទឹកហូរនៃ អូរ នោះដល់ ចំណុច B “។

កំណត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវស្ដែងឡើងតាមគំនូសពណ៌ក្រហម នៅលើប្លង់ផែនទី ខ្នាត ១,៥០.០០០ ជា​ឧប​សម្ព័ន្ធ១ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 ១-២- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគីរី-កម្ពុជា និងឃុំ អៀអរ ស្រុកជីប៉ា (អៀហ្គ្រាយ) ខេត្ដហ្សាឡាយ-វៀតណាម ដោយផែនទី ២ផ្ទាំង នៃផែនទី Bonne ខ្នាត ១,១០០.០០០ ផ្ទាំង YALY 156w និងផ្ទាំង BO KHAM 164w អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ១៩៨៥ដែលផ្ទាំងផែនទីផ្គុំមិនស៊ីគ្នា ភាគីគូសន្យាទាំងពីរ យោង​តាម​ខ្លឹម​សារ​ស្ដែង​ឡើង​នៅ​លើ​ផែនទី UTM  ខ្នាត១,៥០.០០០ ផ្ទាំង PH THONG 6436 I អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ បានឯកភាពកែ សម្រួល​នូវ​កំណាត់ ព្រំដែនដូចខាងក្រោម ៖

 “... ពីចំណុច A នៅកន្លែងប្រសព្វអូរគ្មានឈ្មោះ និងព្រែកណាំសាថី ខ្សែព្រំដែន ដើរតាមព្រែកណាំសាថី រហូតមកដល់ ចំណុច​ប្រសព្វ​នៃព្រែកណាំសាថី និងទន្លេសេសាន ហើយបន្ដដើរតាមបណ្ដោយទន្លេសេសាន រហូតដល់ចំណុច B“។
កំណាត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវបានស្ដែងឡើងតាមគំនូស ពណ៌ក្រហម នៅលើប្លង់ ផែនទី ខ្នាត ១/៥០.០០០ ជាឧបសម្ព័ន២ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 ១-៣- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ដមណ្ឌលគីរី-កម្ពុជា និង ឃុំអ៊ៀប៊ុង ស្រុកអ៊ៀស៊ុប និង​ឃុំក្​រុងណា ស្រុកប៊ួនដួង ខេត្ដដាក់ឡាក់-វៀតណាម នៅលើផែនទី ២ ផ្ទាំង នៃផែនទី Bonne ខ្នាត ១/១០០.០០០ KOMAYOL 172w និងផ្ទាំង BAN DON 181w  អមសន្ធិ សញ្ញាកំណត់ព្រំដែន ឆ្ក្នាំ ១៩៨៥ ដែលផ្ដុំ មិនស៊ីគ្នា ភាគីគូ​សន្យា​ទាំង​ពីរ​យោង​តាមខ្លឹមសារស្ដែងឡើង នៅលើ ផែនទី៣ផ្ទាំង នៃផែនទី UTM ខ្នាត ១/៥០.០០០ ផ្ទាំង YALOP 6535 IV, YOK MBRE 6535 III និង MEREUCH 6435 II អមសន្ធិសញ្ញាកំណត់ ព្រំដែនឆ្នាំ ១៩៨៥ បានឯកភាពកែសម្រួល នូវកំណាត់ ព្រំដែនដូចខាងក្រោម ៖

 “... ពីចំណុច A ខ្សែព្រំដែនដើរតាមខ្សែបន្ទាត់ត្រង់មកជួបនឹងចំណុច B នៃព្រែកគ្មានឈ្មោះ ហើយបន្ដ ដើរតាម បណ្ដោយ​ផ្លូវទឹក​ នៃព្រែកគ្មានឈ្មោះនេះ រហូតដល់ទន្លេស្រែពក” ។

ភាគី​គូសន្យាទាំងពីរបានឯកភាពគ្នា ដើម្បីកែសម្រួលខ្សែបន្ទាត់ព្រំដែនក្នុងកំណាត់នេះ ក្នុងពេលពិនិត្យ ផ្ទៀងផ្ទាត់ ការ​គូស​ចម្លង​ខ្សែ​បន្ទាត់ព្រំដែនពីផែនទី Bonne ខ្នាត ១/១០០.០០០ មកលើផែនទី UTM ខ្នាត ១/៥០.០០០។

កំណាត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវបានស្ដែងឡើងតាមគំនូស ពណ៌ក្រហម នៅលើប្លង់ ផែនទីខ្នាត ១/៥០.០០០ ជាឧបសម្ព័ន្ធ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 ១-៤ កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំក្អមសំណ ស្រុកលើកដែក និងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល-កម្ពុជា និង​ឃុំ​វិញ​សឿង​ និងឃុំភូឡុក ស្រុកតិនចូវ និងឃុំ ភូហ៊ីវ ស្រុកអានភូ ខេត្ដ អានយ៉ាង-វៀតណាម (តំបន់ចន្លោះទន្លេមេគង្គ និង​ទន្លេ​បាសាក់) ភាគីគូសន្យាទាំងពីរ និងយោងតាម លទ្ធផលចុះត្រួតពិនិត្យ ទ្វេភាគីនៅលើភូមិសាស្ដ្រ ជាក់ស្ដែង ដើម្បី​កែ​សម្រួល​កំណាត់​ខ្សែព្រំដែនឱ្យស្របតាម ចំណុច ២ ប្រការ១ នៃ សន្ធិសញ្ញា បំពេញបន្ថែមនេះ ។

 ១-៥ កំណាត់ព្រំដែនពីរកំណាត់នៅតំបន់ជាប់ នឹងឃុំព្រែកជ្រៃ (កោះគគី) និង ឃុំសំពៅពូន (ព្រែកប៊ិញយី) ស្រុកកោះធំ ខេត្ដកណ្ដាល-កម្ពុជា និងឃុំខាញ់អាន និង ឃុំខាញ់ប៊ិញ ស្រុកអានភូ ខេត្ដអានយ៉ាង-វៀតណាម ភាគីគូសន្យាទាំងពីរ ដោយយោងតាមខ្លឹមសារ ដែលបានស្ដែងឡើងនៅលើផែនទី UTM  ខ្នាត ១/៥០.០០០ ផ្ទាំង ទៅណ TAN CHAU 6030 IV អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ បាន ឯកភាពកែសម្រួល កំណាត់ព្រំដែន ដូចខាងក្រោម ៖

 “... ពីចំណុច A ខ្សែព្រំដែនដើរបញ្ច្រាស់ខ្សែទឹកទន្លេបាសាក់ (ហូវយ៉ាង) ដល់ចំណុចប្រសព្វ នៃទន្លេបាសាក់ (ហូវយ៉ាង) និង​ព្រែក​ប៊ិញ​យី ហើយបន្ដដើរតាមបណ្ដោយ ព្រែកប៊ិញយី រហូតដល់ចំណុច B”។

កំណាត់ព្រំដែនទាំងពីរ ដែលបានកែសម្រួលក្នុងចំណុចខាងលើនេះ ត្រូវបានស្ដែង ឡើងតាម គំនូសពណ៌ ក្រហមនៅលើ ប្លង់​ផែន​ទីខ្នាត ១/៥០.០០០ ជាឧបសម្ព័ន្ធ៤ នៃសន្ធិសញ្ញា បំពេញបន្ថែមនេះ។

២- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី-កម្ពុជា និង ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដ​ដាក់​ឡាក់​ (ដាក់នង)-វៀតណាម ភាគីគូសន្យាទាំងពីរ បានឯកភាពគ្នាបន្ដការពិភាក្សា។

ប្រការ ៣

ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការងារបច្ចេកទេស សម្រាប់សម្រួលដល់ដំណើរការ ការងារ ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនគោក ភាគីគូសន្យាទាំងពីរបានឯកភាពគ្នា ៖

១- ក្រុមជំនាញបច្ចេកទេសនៃភាគីនីមួយៗ នឹងពិនិត្យ នឹងធ្វើការផ្ទៀងផ្ទាត់ជាឯកតោភាគី នៃការចម្លងឡើងវិញ នូវ​ខ្សែ​ព្រំដែន​ពី​ផែន​ទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុម ភូមិសាស្ដ្រឥណ្ឌូចិន អមសន្ធិ សញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ មកលើ​ផែន​ទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥។ ក្រុមជំនាញបច្ចេកទេស នៃ ភាគី​គូស​ន្យា​ទាំង​ពីរ​នឹង​ជួប​ប្រជុំគ្នានៅដំណាច់ឆ្នាំ ២០០៦ ដើម្បីធ្វើ ការពិនិត្យប្រៀបធៀប លទ្ធផលការងារ របស់ខ្លួននិងលើកឡើងនូវដំណោះ- ស្រាយ​បច្ចេកទេសដាក់ជូនទៅ គណៈកម្មការចម្រុះពិនិត្យ និងសម្រេច។ ចំពោះបណ្ដាតំបន់ដែលភាគីគូសន្យាទាំងពីរមិនទាន់ ឯកភាព​គ្នា ទៅលើលទ្ធផល នៃការប្រៀបធៀប ឬទៅលើដំណោះស្រាយ បច្ចេកទេស ខ្សែព្រំដែនក្នុងតំបន់ទាំងនោះ នឹងគ្មាន ប្រែប្រួលអ្វីឡើយ ដូចបានកំណត់នៅលើផែនទី Bonne ខ្នាត ១/១០០.០០០។

២- ភាគីវៀតណាមនឹងជួយភាគីកម្ពុជាបោះពុម្ភឡើងវិញនូវផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង ដែល​មាន​ឋាន​លេខា​ដូច​គ្នា​នឹងផែនទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ជាប្រាំ (០៥)ច្បាប់។

៣- រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែន និង ថ្នាក់ជំនាញដើម្បីអនុវត្ដ កិច្ចការ ខ័ណ្ឌសីមា និង បោះ​បង្គោល​ព្រំដែន​លើដីជាក់ស្ដែង (ចាប់ពីត្រីមាសទី ១ ឆ្នាំ ២០០៦ រហូតដល់ត្រីមាសទី២ ឆ្នាំ ២០០៨)។

៤- ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចការខ័ណ្ឌព្រំសីមា និងបោះបង្គោលព្រំដែន នៅលើដី ជាក់ស្ដែង ឱ្យ​បាន​ឆាប់​មុន​ដំណាច់ខែធ្នូ ឆ្នាំ ២០០៨ នឹងរួមគ្នា ផលិតផែនទី ឋានលេខាតំបន់ព្រំដែន រវាង ប្រទេសទាំងពីរ សម្រាប់​បញ្ជាក់​ពី​លទ្ធផល​ការងារ​បោះបង្គោល និងខ័ណ្ឌសីមាលើដីជាក់ស្ដែង ដើម្បីផលិត ផែនទីព្រំដែន ផ្លូវការរវាងប្រទេសទាំងពីរ។

៥- រហូតដល់ពេលដែលការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនមិនទាន់ត្រូវបានបញ្ចប់ ទេនោះការ គ្រប់​គ្រង​ខ្សែ​បន្ទាត់​ព្រំដែន​ នឹងបន្ដអនុវត្ដតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៩៥ របស់នាយករដ្ឋមន្ដ្រី នៃប្រទេសទាំងពីរ។

ប្រការ ៤

 ភាគីគូសន្យាទាំងពីរ ឯកភាពសម្រេចផ្ដល់ភារកិច្ច ឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នូវភារកិច្ច ដូចតទៅ ៖
១- បង្កើតប្លង់មេសម្រាប់អនុវត្ដផែនការការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រួមដែល ហៅថា  ” បែបបទបច្ចេកទេស ” ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ២០០៥ ។
២- ធ្វើការបោះបង្គោល ខ័ណ្ឌសីមាទូទាំងព្រំដែនគោកកម្ពុជា-វៀតណាម ដូចមានចែង ក្នុងប្រការ ១ នៃ សន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ​និង ប្រការ១ ប្រការ២ និងប្រការ៣ នៃសន្ធិសញ្ញាបំពេញ បន្ថែមនេះ។
៣- ផលិតផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។
៤- ធ្វើពិធីសារ ស្ដីពីការបោះបង្គោល ខ័ណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ រូមមាន បណ្ដាឯកសារ លំអិតស្ដីពីព្រំដែន បណ្ដា​បង្គោល​​ព្រំដែន និងផែនទីព្រំដែនរវាងប្រទេស ទាំងពីរ សម្ដែងឡើង នូវទិសដើរ នៃខ្សែព្រំដែន ទីតាំងបង្គោលព្រំដែន ស្ថិត​នៅ​តាម​បណ្ដោយ ព្រំដែនទាំងមូល។
ពិធីសារ ស្ដីពីការបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោក នឹងជាផ្នែកមួយ នៃសន្ធិសញ្ញា កំណត់ព្រំដែន ឆ្នាំ ១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ។ ផែនទីព្រំដែនរវាងប្រទេស ទាំងពីរដូចមានចែងខាងលើ ក្នុងវាក្យ ខ័ណ្ឌ៣ នៃប្រការនេះនឹងជំនួស ផែនទី Bonne ខ្នាត ១,​១០០.​០០០ ចំនួនម្ភៃប្រាំមួយផ្ទាំង (២៦) និងផែនទី UTM ខ្នាត ១,៥០.០០០ ចំនួន សែសិបផ្ទាំង (៤០) អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ និង​ប្លង់​ ទាំងបួន(០៤) អមសន្ធិ សញ្ញាបំពេញបន្ថែម។
ប្រការ ៥
ក្នុងករណីមានការខ្វែងគំនិតគ្នា ក្នុងការបកស្រាយ ឬការអនុវតន្ដ៍ខុសគ្នាណាមួយ ទៅនឹង ខ្លឹមសារ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ ភាគីគូសន្យាទាំងពីរ នឹងដោះស្រាយគ្នាដោយ សន្ដិវិធីតាមរយៈការ ពិគ្រោះ ពិភាក្សា និងការចរចា។

ប្រការ ៦

សន្ធិសញ្ញាបំពេញបន្ថែមនេះ នឹងត្រូវបានផ្ដល់សច្ចាប័ន នឹងចូលជាធរមាន ចាប់ពីថ្ងៃផ្លាស់ប្ដូរ លិខិតុបករណ៍ សច្ចាប័ន ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ទី​ក្រុងភ្នំពេញ។
ឧបសម្ព័ន្ធទាំងបួន (០៤)នៃសន្ធិសញ្ញា នឹងជាផ្នែកមួយភ្ជាប់ទៅ នឹងសន្ធិសញ្ញាបំពេញ បន្ថែមនេះ។
ធ្វើនៅហាណូយ ថ្ងៃទី១០ ខែតុលា ឆាំ២០០៥ ជាពីរច្បាប់ ជាភាសាខ្មែរ វៀតណាម និងបារាំង។
អត្ថបទទាំង បីនេះមានតម្លៃស្មើគ្នា។ ក្នុង​ករណី​មាន​ការ​បកស្រាយផ្សេងគា្ន អត្ថបទភាសាបារាំងនឹងត្រូវយកមកធ្វើជា ឯកសារគោល។   
ក្នុងនាមរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា
ហត្ថលេខា
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី
ក្នុងនាមរដ្ឋាភិបាល
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ហត្ថលេខា
ផាន វ៉ាន់ ខាយ
នាយករដ្ឋមន្ដ្រី

ព្រះរាជ​សារ​របស់ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហាក្សត្រ នៃ​ព្រះរា​ជាណា​ចក្រ កម្ពុជា ផ្ញើជូន ឯកឧត្ដម ផាំ វ៉ាន់ដុង ចុះថ្ងៃទី ២៧ កញ្ញា ឆ្នាំ ១៩៩៩

ព្រះរាជសាររបស់
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា
ផ្ញើជូន
ឯកឧត្ដម ផាំ វ៉ាន់ដុង
ចុះថ្ងៃទី ២៧ កញ្ញា ឆ្នាំ ១៩៩៩


ព្រះករុណាព្រះបាទសម្ដេច
ព្រះនរោត្ដម សីហនុ
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដម ផាំ វ៉ាន់ដុង ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំមានបីតិសោមនស្សរីករាយ និងមហាកិត្ដិយសប្រកបដោយមនោសញ្ចេតនានឹករឮក និង ផ្ញើព្រះរាជសារ លិខិត មួយនេះ ដើម្បីជម្រាបសួរសុខទុក្ខ ឯកឧត្ដម​ដែល​ជា​មហា​មិត្ដ​ ដ៏ឧត្ដុង្គឧត្ដមរបស់ខ្ញុំក៏ដូចជា របស់ ប្រជាជនកម្ពុជាគ្រប់រូប។
ក្នុងឱកាសដ៏កម្រនេះ ខ្ញុំសូមសម្ដែងនូវមហាករុណាទិគុណដ៏ជ្រាលជ្រៅ ចំពោះ មនោសញ្ចេតនា មិត្ដភាព ដ៏ស្មោះស្ម្រ័គ និងសាមគ្គីភាព ដែលឯកឧត្ដមតែងបានផ្ដល់ចំពោះ រូបខ្ញុំ​ ក៏ដូចជាចំពោះ ប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមក ដែលយើងនិងប្រជាជន យើងទាំងពីរ តែងតែរួបរួមកម្លាំងគ្នាជួយគ្នាទៅ វិញទៅមក ប្រ​កៀក​ស្មាគ្នាតស៊ូរំដោះប្រទេស ជាតិពីសត្រូវរួម រហូតបានជោគជ័យរៀងៗខ្លួនដល់សព្វ ថ្ងៃនេះ។
សន្និសីទកំពូល ប្រជាជនឥណ្ឌូចិន នៅទីក្រុងភ្នំពេញ ថ្ងៃទី ០១ ខែ មីនា ឆ្នាំ១៩៦៥ និងទីក្រុង កង់តុង ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ១៩៧០ ការចរចារវាងខ្ញុំ និង​ឯកឧត្ដម​ផ្ទាល់​នៅ​ទីក្រុង​ ប៉េកាំងនាឆ្នាំ ១៩៦៤ និង ការជួបគ្នាជាបន្ដបន្ទាប់មកទៀត ក៏ដូចជាសេចក្ដីថ្លែងការណ៍ របស់រណសិរ្សជាតិរំដោះវៀតណាម ខាងត្បូង និងសេចក្ដីថ្លែងការណ៍ របស់​រដ្ឋា​ភិបាល សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលឯកឧត្ដម ជាប្រមុខ នាឆ្នាំ១៩៦៧ សុទ្ធតែបាន បញ្ជាក់ពីចំណងមិត្ដភាព យុទ្ធសាមគ្គីភាព ព្រមទាំងការទទួលស្គាល់ ព្រំដែន​បច្ចុប្បន្ន របស់ កម្ពុជា និងគោរពអធិបតេយ្យ បូរណភាពទឹកដី គ្នាទៅវិញទៅមក។ រាល់ប្រសាសន៍ ប្រកប ដោយខ្លឹមសារ របស់ឯកឧត្ដម ក្នុង​ឱកាស​ជួប​ប្រាស្រ័យ​ជាមួយ​ខ្ញុំកន្លងមកតែងតែ ធ្វើឱ្យខ្ញុំមាន ទំនុកចិត្ដ និងការកក់ក្ដៅជានិច្ច ចំពោះដំណោះស្រាយនានា ដែលទាក់ទងទៅនឹង ផល ប្រយោជន៍ របស់ប្រទេសយើងទាំងពីរ ដែល​ជា​អ្នក ភូមិផងរបងជាមួយគ្នាដ៏ល្អ និង ស្មោះត្រង់។
ឯកឧត្ដមជាអ្នកធ្លាប់សិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់ ពីប្រវត្ដិសាស្ដ្រជូរចត់ របស់ប្រទេស កម្ពុជា យើងខ្ញុំ ហើយឯកឧត្ដមបានក្លាយទៅជាវីរជនមួយរូប ដែល​បាន​ខិត​ខំ​ពង្រី​ក​ពង្រឹង មិត្ដភាព យុទ្ធសាមគ្គីភាព ជាមួយ ប្រទេស ទាំងបី នៅក្នុងជ្រោយឥណ្ឌូចិនយើងនេះ តស៊ូរំដោះប្រទេសជាតិបានជោគជ័យជាស្ថាពរ ហើយកំពុង កសា​ង​ប្រទេស​តាម វិទ្យាសាស្ដ្របច្ចេកទេសទំនើបថ្មីដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ឯកឧត្ដម គង់យល់ច្បាស់ អំពីភាពចាំបាច់ដែលប្រទេសយើងទាំងពីរត្រូវមានខ្សែ ព្រំដែន​មួយសមភាព យុត្ដិធម៌ និងមានផលប្រយោជន៍ទាំងសងខាង។ ជំហរនេះហើយដែលខ្ញុំសង្កេតឃើញថា អ្នកដឹកនាំរដ្ឋាភិបាល យើងទាំងពីរ កំពុង​យក​ចិត្ដ​ទុក​ដាក់​ចរចារកដំណោះស្រាយ បញ្ហា ព្រំដែន ដើម្បីកសាងខ្សែព្រំដែនមួយឱ្យក្លាយ ទៅជាខ្សែព្រំដែនសន្ដិភាព សន្ដិសុខ-ស្ថិរភាព-មិត្ដភាព និងសហប្រតិបត្ដិការ។ ឆ្លៀត​ឱកាស​​នេះ​ដែរ​ ខ្ញុំក៏សូមកោតសរសើរ និងគាំទ្រ ដោយស្មោះ ចំពោះជំហរដ៏ម៉ឹងម៉ាត់ ប្រកបដោយសុឆន្ទៈ របស់ឯកឧត្ដមអគ្គ លេខាធិការ គណបក្សកុម្មុយនីស្ដ វៀតណាម ឡេ ខា ភៀវ ក្នុង​ឱកាស​ទស្សនកិច្ចនៅកម្ពុជាថ្មីៗ នេះ ដែលចង់ឱ្យបញ្ហាព្រំដែននៃប្រទេសយើងទាំងពីរត្រូវបានដោះស្រាយចប់មុន ដំណាច់ឆ្នាំ ២០០០ នេះ ។
ក៏​ប៉ុន្ដែក្នុងដំណើរការចរចានានា ដើម្បីកំណត់ព្រំដែនសមុទ្រ នៃប្រទេសយើងទាំងពីរនោះ ខ្ញុំបានទទួល របាយការណ៍ថា នៅមានការខ្វែងគំនិតគ្នានៅឡើយ ដែល​ចាំបាច់​ខ្ញុំ​យល់​ថា មានតែ ឯកឧត្ដម ដែលជា មហាមិត្ដ របស់ខ្ញុំទេ ដែលលោកមានការយោគយល់បញ្ហា ហើយអាចជួយតម្រង់ទិសឱ្យគណៈកម្មការចម្រុះ កិច្ចការ ព្រំដែន​ប្រទេស​យើងទាំងពីរ មានពន្លឺក្នុងការស្វែងរកដំណោះស្រាយមួយ សមហេតុសមផល ស្របតាម ផលប្រយោជន៍ របស់ប្រជាជនយើងទាំងពីរ។
ឯកឧត្ដម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត ក្នុងប្រវត្ដិសាស្ដ្រកម្ពុជាទឹកដីកម្ពុជាក្រោម ទាំងមូល បានបាត់បង់រួចទៅហើយ បន្ទាប់មកកោះត្រល់ដែល វៀតណាមឱ្យឈ្មោះថា ហ្វ៊ូ កុក និងកោះមួយចំនួនដែលស្ថិតនៅ ខាងត្បូងខ្សែបន្ទាត់ ប្រ៊េវីយេ ក៏បន្ដបាត់ ទៀតដោយ សារសារាចររបស់លោកអគ្គទេសាភិបាលបារាំង ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៣៩ ។ ម្យ៉ាង​វិញ ទៀតកាលពីឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលកម្ពុជាពេលនោះ បានយកផែនទីមួយដែលបោះពុម្ព ដោយក្រុម ភូមិសាស្ដ្រកម្ពុជា ផ្អែកតាមផែនទីបារាំង របស់ Service Hydrographique ខា្នត ១,៣០០.០០០ ភា្ជប់ជា មួយផែនទីដីគោកទៅឱ្យអន្ដរជាតិទទួលស្គាល់ និងបានតម្កល់ទុក នៅអង្គការសហប្រជាជាតិនោះ គឺយើងបាន គូសខ្សែប្​រ៊េវីយេ​ ជាព្រំដែនសមុទ្រជាមួយ វៀតណាមផងដែរ។ ផែនទី និងឯកសារទាំងអស់នោះហើយ ដែលអតីតរាជរដ្ឋាភិបាល របស់ខ្ញុំ អតីតរាជរដ្ឋាភិបាលសាធារណរដ្ឋ ប្រជា​មានិត​កម្ពុជា រដ្ឋកម្ពុជា និង រាជរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ន កំណត់ថាជាព្រំដែនបច្ចុប្បន្ន របស់កម្ពុជា។ ដូច្នេះហើយ ខ្ញុំយល់ឃើញថា សម័យកាលបច្ចុប្បន្ននេះ ដែលសកលលោកទាំងមូលកំពុង ស្វែងរកការសម្របសម្រួល អំពីព្រំដែន យើងគួរ យកខ្សែប្រ៊េវីយេនេះ ដើម្បីខ័ណ្ឌព្រំសីមា ដែនសមុទ្ររបស់ប្រទេស យើងទាំងពីរ ដើម្បីទុកឱ្យកូនចៅ យើង ជំនាន់ក្រោយ ទទួលបាននូវមរតកមួយដ៏ច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រទេស រៀងៗខ្លួន។
ជាទីបញ្ចប់ ខ្ញុំសូមសម្ដែងនូវក្ដីសង្ឃឹមជឿជាក់ថា ប្រទេសយើងទាំងពីរនឹងបន្ដ អនុវត្ដ គំរូវីរភាព របស់យុទ្ធជន យុទ្ធនារីយើង ដើម្បីរក្សាមិត្ដភាព សាមគ្គីភាព សហ​ប្រតិ​បត្ដិ​ការ​ដ៏យូរ លង់រវាងប្រជាជន និងប្រជាជាតិ យើងទាំងពីរ ខិតខំកសាងខ្សែព្រំដែនគោក និងសមុទ្រឱ្យ បានទៅជាខ្សែព្រំដែនមួយសន្ដិភាព សន្ដិសុខ ស្ថិរភាព មិត្ដភាព និង​សហ​ប្រតិបត្ដិការ ឱ្យបានមុនឆ្នាំ ២០០០ ស្របតាមបំណងប្រាថ្នា របស់ប្រជាជនយើងទាំងពីរ។
សូមឯកឧត្ដមទទួលនូវការនឹករលឹក និងការរាប់អានប្រកបដោយមនោសញ្ចេតនា ជាភាតរៈ ដ៏ខ្ពង់ខ្ពស់ បំផុតពីខ្ញុំ។        

 ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ១៩៩៩


ព្រះហស្ដលេខា
នរោត្ដម សីហនុ

សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ រវាង សាធា​រណ​រដ្ឋប្រជាមា​និត​កម្ពុជា និងសាធារ​ណរដ្ឋ​សង្គម​និយមវៀតណាម ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥

សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង
សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥

ក្រុមប្រឹក្សារដ្ឋ នៃ សាធារណរដ្ឋប្រជាមានិត កម្ពុជា និង ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដោយ​មានគោល​បំណង​ពង្រឹង​ និងពង្រីកទំនាក់ទំនងពិសេសរវាង កម្ពុជា និងវៀតណាម លើមូលដ្ឋាន នៃគោលការណ៍ស្មើភាពទាំងស្រុង គោរពឯករាជ្យ អធិប​តេយ្យភាព​ និងបូរណភាពដែនដី របស់ផងគ្នា បង្កើន ឥតឈប់ឈរចំណងយុទ្ធ សាមគ្គីភាព និងកា​រ​ជួយ​ឧបត្ថម្ភគ្​នា​ទៅ​វិញ​ទៅ​មក​លើគ្រប់​វិស័យ ដើម្បីកសាង ប្រទេសជាតិ ថ្កុំថ្កើង រុងរឿង និងជីវភាពសុភមង្គលរបស់ប្រជាជនប្រទេសទាំងពីរ ។
ដើម្បីកំណត់ជាផ្លូវការខ្សែព្រំដែនរដ្ឋរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋ សង្គមនិយម វៀតណាម សំដៅ​កសាង​ខ្សែ​ព្រំដែន​សន្ដិភាព មិត្ដភាពយូរអង្វែង រវាងប្រទេស ទាំងពីរ។
បានសំរេចចុះហត្ថលេខាលើសន្ធិសញ្ញានេះ នឹងចាត់បណ្ដាតំណាងពេញសិទ្ធិរបស់ខ្លួន ៖
- ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ៖ រដ្ឋមន្ដ្រីការបរទេស ហ៊ុន សែន
- ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៖ រដ្ឋមន្ដ្រីការបរទេស ង្វៀង កួថាច់ បណ្ដា​តំណាងពេញសិទ្ធិ របស់ភាគីទាំងពីរ ក្រោយ​ពីផ្លាស់ប្ដូរសារប្រគល់សិទ្ធិ ឃើញថា​ សមស្រប ហើយបាន ស្រុះស្រួលគ្នានូវប្រការដូចតទៅ ៖
ប្រការ ១
លើដីគោក ភាគីទាំងពីរផ្អែកលើប្រការ ១ នៃសន្ធិសញ្ញា ស្ដីពីគោលការណ៍ដោះស្រាយ បញ្ហាព្រំដែន រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង​សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣ និងអនុលោមតាមបណ្ដា កំណត់​ហេតុ​រវាង​គណៈប្រតិភូ របស់រដ្ឋាភិបាល ប្រទេស ទាំងពីរ ក្នុងគណៈកម្មការចំរុះ ដែលបានចុះហត្ថលេខានាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៨៤ និង​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ១៩៨៤ ដោយព្រមព្រៀងកំណត់ខ្សែព្រំដែនរដ្ឋរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋ សង្គមនិយម វៀត​ណាម តាមទិសរួមពីជើងទៅត្បូង ដូចតទៅ ៖

ចាប់ផ្ដើមពីចំណុចជួបគ្នារបស់ខ្សែព្រំដែនរដ្ឋនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ខ្សែព្រំដែន ដើរ​តាម​ទិស​ត្បូង​ឆៀង​និរតី​ តាមជួរកំពូលភ្នំចុះទៅកាត់អូរនៅ និយាមកា ១៦២២.៦១០ - ៧៧៥.២៨០។ ឡើងទៅតាមជួរកំពូលភ្នំ ដល់កំពូលភ្នំ មាន​និយាម​កា ១៦២១.១២៥ - ៧៧៥.០២៥ តាមបន្ទាត់ត្រង់ ប្រមាណ ៣.៦៥០ម “បីពាន់ប្រាំមួយរយ ហាសិបម៉ែត្រ ” ដល់​កំពូល​ភ្នំមាន​និយាមកា ១៦១៧.៧០០ - ៧៧៣.៨២០ កាច់ទៅទិស អាគ្នេយ៍ តាមជួរកំពូលភ្នំដល់កំពូលភ្នំមាននិយាមកា ១៦១៦.៥១៥ - ៧៧៤.៦០០ កាច់ទៅ ទិសនិរតី តាមជួរកំពូលភ្នំ តាមរយៈចំណុចខ្ពស់ ១០១៨ ដល់កំពូល ភ្នំមាននិយាមកា ១៦១៣.៦៣០ - ៧៧១.៥៥០ កាច់ទៅទិសត្បូងតាមជួរកំពូលភ្នំឆ្លងកាត់ ចំណុចខ្ពស់ ៧៨២ ដល់ចំណុចមាននិយាមកា ១៦០៩.៤០០ - ៧៧២.៨៣៥ កាច់ទៅទិសនិរតី តាមជួរកំពូលភ្នំ ឆ្លងកាត់ចំណុចមាន និយាមកា ១៦០៥.១៥០ - ៧៧០.៦២៥ ឆ្លង​កាត់​បណ្ដា​ចំណុច​ខ្ពស់ ១០៥៤ “ភ្នំប៊ុន” ៩២៤ - ១០២២ កាច់ទៅទិសលិច ឆៀងពាយព្យ តាមជួរកំពូលភ្នំ ឆ្លងចំណុចមាន និយាមកា ១៥៩៣.៧២៥ - ៧៦៥.៧១៥ ឆ្លងកាត់ចំណុច ខ្ពស់ ៨៣៧ ដល់ចំណុចខ្ពស់ ៩៥៧ ។

កាច់ទិសត្បូងឆៀងនិរតីតាមជួរកំពូលភ្នំ កាត់អូរគ្មានឈ្មោះនៅនិយាមកា ១៥៩៤.៧៦៥ - ៧៦២.៧៣៥ ឆ្លង​កាត់​កំពូល​ភ្នំមាន​និយាម​កា ១៥៩៤.៩៥០ - ៧៦២.០០០ កាត់អូរគ្មានឈ្មោះនៅនិយាមកា ១៥៩៣.៦៥០ - ៧៦១.៣០០ ដល់កំពូល​ភ្នំមាន​និយាម​កា ​១៥៩១.១២៥ - ៧៦១.៤៦០ ចុះទៅតាមជ្រលង ដល់ចំណុចមាន និយាមកា ១៥៩០.៨៧៥ - ៧៦២.៥៤០ ឡើង​ទៅដល់​ចំណុច​មាននិយាមកា ១៥៩០.១៦០ - ៧៦២.០២០ តាមជួរកំពូលភ្នំឆ្លងកាត់បណ្ដាចំណុចខ្ពស់ ១៤៤១ - ១៤១២ - ៤៦៥ - ៧៣៤ - ៨៨៥ - ៩០៣ - ៧៥៤ - ៨៤៧ - ៦៩៧ - ៦១៤ - ៧១០ ដល់ចំណុចមាននិយាមកា ១៥៦០.២៨០ - ៧៥២.២៥០ ។

កាច់​ទៅ​ទិសអគ្នេយ៍តាមជួរកំពូលភ្នំ កាត់ជ្រលងនៅនិយាមកា ១៥៥៨.៨៥០ - ៧៥៤.៣៩០ ឡើង ទៅតាម ជួរ​កំពូលភ្​នំកាត់​ជ្រលង​ នៅនិយាមកា ១៥៥៨.៥៥៥ - ៧៥៤.៨៥០ តាមជួរកំពូលភ្នំឆ្លងកាត់បណ្ដា ចំណុចខ្ពស់ ៣៣៨ - ៤២១ ដល់​ចំណុច​មាន​និយាម​កា ១៥៥៧.៥៥០ - ៧៥៧.៥៨០ កាច់ទិសត្បូងតាមជួរ កំពូលភ្នំ ដល់ចំណុចមាននិយាមកា ១៥៥៥.៩៩៥ - ៧៥៧.៤៤៥ កាច់ទិស​លិចដល់ចំណុចមាននិយាមកា ១៥៥៥.៩០៥ - ៧៥៥.៩៣៥ កាច់ទិសត្បូងឆៀងនិរតី តាមជួរកំពូលភ្នំ ដល់​ចំណុច​មាន​និយាមកា​ ១៥៥០.៦១០ - ៧៥៤.៩៩៥ ឆ្លងចំណុចខ្ពស់ ៣២៤ ចុះទៅកាន់អូរគ្មានឈ្មោះ ជួបត្រើយស្ដាំអូរនោះ នៅ និយាមកា ១៥៤៧.១៩០ - ៧៥៨.០៩៥ កាច់ទិសកើតតាមមាត់ត្រើយស្ដាំរបស់អូរគ្មានឈ្មោះ ទៅជួបត្រើយ ស្ដាំ របស់​ព្រែក​សាថាយ​នៅនិយាម​កា ១៥៤៨.៤១៥ - ៧៦៤.៣៤០ កាច់ទៅទិសខាងត្បូងតាមត្រើយស្ដាំ របស់ព្រែកសាថាយ ដល់ជួប​នឹង​ត្រើយ​ស្ដាំ​របស់ទន្លេសាន នៅនិយាមកា ១៥៤០.០១០ - ៧៦៦.០៩៥ តាម ទន្លេសាន “មានកំណាត់ខ្លះដើរតាមត្រើយឆ្វេង ខ្លះតាម​ចរន្ដ​ដូច​ស្ដែង ឡើងលើផែនទី ដែលភ្ជាប់ជាមួយ” ដល់ចំណុចមាននិយមកា ១៥២៥.៩៥០ - ៧៦៥.៣៦៥ កាច់​ទៅទិស​អគ្នេយ៍​តាមខ្សែ បន្ទាត់ត្រង់ប្រមាណ ៣.១៥០ម “បីពាន់មួយរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៥២៤.១៥០ - ៧៦៧.៩៤០ តាម​ខ្សែ បន្ទាត់ត្រង់ប្រមាណ ១.២០០ម “មួយពាន់ពីររយម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៥២៤.០៤០ - ៧៦៩.១៥០ តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ៣.៤០០ម “បីពាន់បួនរយម៉ែត្រ” កាត់ថ្នល់លេខ ១៩ ដល់ជួប អូរគ្មានឈ្មោះនៅនិយាមកា ១៥២២.​៣៥០ - ៧៧២.០៧០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៩៥០ម “ពីរពាន់ ប្រាំបួនរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៥២០.​៤៩០ - ៧៧៤.៣៤៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៦.១០០ម “ប្រាំមួយពាន់មួយរយម៉ែត្រ” ដល់ចំណុច ខ្ពស់ ២៧១ ទៅ​តាម​ខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥៥០ម “ បីពាន់ប្រាំរយហាសិបម៉ែត្រ” ដល់ កំពូលភ្នំមាននិយាមកា ១៥១១.៨០០ - ៧៧៨.​៤២៥ ។

កាច់ទៅទិសខាងត្បូងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.៦០០ម “ បួនពាន់ប្រាំមួយរយម៉ែត្រ” ដល់កំពូល ភ្នំមាននិយាមកា ១៥០៧.​១៦០ - ៧៧៨.៧០០ កាច់ទៅទិសអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១១.៥៥០ម “ ដប់មួយ​ពាន់ប្រាំ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចខ្ពស់ ៤៦៨ កាច់ទៅទិសត្បូងតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ១៨.៥៥០ម “ ដប់​ប្រាំបី​ពាន់​ប្រាំ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៤៧៨.១៨០ - ៧៨៥.៤០០ កាច់ទៅទិសត្បូងឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣៦.​៩៥០ម “សាមសិបប្រាំមួយពាន់ ប្រាំបួនរយ ហាសិបម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៤៤៣.៨៤០ - ៧៧១.២១៥ តាម​ខ្សែ​បន្ទាត់​ត្រង់ ប្រមាណ ២.២០០ម “ពីរពាន់ពីររយម៉ែត្រ ” ដល់ចំណុចមាននិយាមកា ១៤៤១.៧៧៥ - ៧៧០.៤៥០ កាច់ ទៅទិស​ត្បូង ឆៀងអគ្នេយ៍ តាមជួរកំពូលភ្នំកាត់អូរគ្មានឈ្មោះ ទៅជួបនឹងច្រាំងខាងឆ្វេង របស់អូរនោះ នៅនិយាមកា ១៤៤០.៥៨០ - ៧៧១.០០០ ។

កាច់ទិសត្បូងតាមត្រើយឆ្វេងរបស់អូរគ្មានឈ្មោះ ទៅជួបនឹងទន្លេស្រែពក “ដាក់ក្រុង” និងព្រែក ដាក់ដាំនៅ និយាមកា ១៤៤០.​០៥៥ - ៧៧០.៦៥០ ទៅតាមត្រើយស្ដាំរបស់ព្រែកដាក់ដាំ ដល់ចំណុចមាន និយាមកា ១៣៦២.០៥០ - ៧៦៩.៥៤០ កាច់​ទិស​លិចឆៀងនិរតីតាមជ្រលងទៅ ជួបត្រើយស្ដាំរបស់ អូរគ្មាន ឈ្មោះនៅនិយាមកា ១៣៦១.៨២៥ - ៧៦៨.៧៣០ កាច់​ទៅ​ទិស​ត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំរបស់ អូរគ្មានឈ្មោះ ដល់ចំណុចមាននិយាមកា ១៣៦០.៣៦០ - ៧៦៨.២២៥ តាម​ជួរ​កំពូល​ភ្នំឆ្លងកាត់ជ្រលង ចុះទៅតាមអូរដល់ជួបនឹងមាត់ត្រើយស្ដាំរបស់ អូរព័រនៅនិយាមកា ១៣៥៩.៨០០ - ៧៦៦.៣៤៥ កាច់​ទៅ ទិសត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំ របស់អូរព័រដល់ចំណុចនៅ ចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ នៅនិយាមកា ១៣៥៤.៤៧៥ - ៧៦៥.២៧០ ។

កាច់ទៅទិសពាយព័្យតាមចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ ដល់ចំណុចមាន និយាមកា ១៣៥៥.៧៦៦ - ៧៦១.២៥០ ដើរ​តាម​មាត់​ចិញ្ចើមខាងកើតផ្លូវលំដល់ចំណុច មាននិយាមកា ១៣៦០.១៥០ - ៧៥៩.៦៦៥ កាច់ទិសលិចតាមអូរ កាត់ព្រែកដាក់ដាំង ដល់​ជួបត្រើយឆ្វេង របស់ព្រែកដាក់ដាំង នៅនិយាមកា ១៣៦០.០៣០ - ៧៥៩.០៥០ តាមត្រើយឆ្វេង របស់ព្រែកដាក់ដាំង ឆ្លង​កាត់​ ចំណុច​មាន និយាមកា ១៣៦២.៩៥០ - ៧៤៩.០៥០ រួចតាមត្រើយឆ្វេង របស់ព្រែកដាក់ហួត ដល់ចំណុចមាន និយាមកា ១៣៣៧.៤៥៥ - ៧១៧.៤៧៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៣.៤០០ម “បីពាន់បួនរយម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៣៣៦.២០៥ - ៧១៤.៣០០ កាច់ទៅទិសត្បូងឆៀងនិរតីតាមជួរកំពូលភ្នំដល់ កំពូលភ្នំ មាននិយាមកា ១៣៣៥.៧៤០ - ៧១៤.១៤៥ ទៅតាមជ្រលងជួបត្រីយស្ដាំរបស់ស្ទឹង ជៃម៉ាំង “ដាក់ហ្សែកម៉ាន” នៅនិយាមកា ១៣៣៣.៨៤០ - ៧០៨.៩៣០ ទៅតាម​ត្រើយ ស្ដាំរបស់ស្ទឹងជៃម៉ាំង “ដាក់ហ្សែកម៉ាន” ដល់ចំណុចមាននិយាមកា ១៣២៣.៩៥០ - ៦៧៧. ៥៨០ ។
កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១០.៧០០ម “ដប់ពាន់ប្រាំពីររយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១៣២៣.២៨០ - ៦៦៦.៩៥០ កាច់ទៅទិសជើងឆៀងឥសាន្ដ ដល់ចំណុចមាន និយាមកា ១៣២៣.៨០០ - ៦៦៧.១៦០ កាច់ទៅ​ទិស​ខាង​កើតដល់ចំណុចមាននិយាមកា ១៣២៣.៨៩០ - ៦៦៧.៧៨៥ កាច់ទៅទិសពាយព័្យ ដល់ចំណុចមាននិយាមកា ១៣២៤.២៥០ - ៦៦៧.៤២០ កាច់ទៅទិសខាងលិចតាម ត្រើយឆ្វេងរបស់ព្រែកជ្រីវ “ព្រែកគ្រីវ” ទៅជួបនឹងផ្លូវលំនៅនិយាមកា ១៣២៣.៧៦០ - ៦៥៤.១៧០ កាច់ ទៅទិសខាងត្បូងឆៀងអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១៣.២០០ម “ដប់បីពាន់​ពីររយ​ម៉ែត្រ” ដល់ ចំណុចជួបគ្នារបស់ផ្លូវលំ និងត្រើយស្ដាំរបស់ទន្លេចាម នៅនិយាមកា ១៣១១.៩៦០ - ៦៦០.២១០ តាម ត្រើយស្ដាំ របស់ទន្លេចាមដល់ចំណុចមាននិយាមកា ១២៩០.៣៧៥ - ៦៥៨.៦៣០ ។

កាច់ទៅទិសខាងលិចឆ្លងកាត់បណ្ដាចំណុចមាននិយាមកា ១២៩០.២៧០ - ៦៥៦.៧០០ - ១២៩០.៩៩៥ - ៦៥៥.៨៧៥ - ១២៩០.៩២៥ - ៦៥៤.៦៩០ - ១២៩២.៦២០ - ៦៥២.៨៥០ - ១២៩២.៦៥០ - ៦៥២.០៥០ - ១២៩២.៩៣០ - ៦៥១.៤៥០ - ១២៩៣.០៧៥ - ៦៤៩.៨២៥ - ១២៩១.៣៥០ - ៦៤៦.០០០ - ១២៩១.៨៦៥ - ៦៤៥.៧៤០ - ១២៩០.៨១៥ -៦៤៣.៩៥០ ដល់​ចំណុច​មាននិយាមកា ១២៩០.៦៥០ - ៦៤២.០០០ កាច់ទៅទិសខាងជើងកាត់ អូរបភ្លាំនៅនិយាមកា ១២៩១.២៨៥ - ៦៤១.៩៥៥ ។

កាច់ទៅទិសពាយព័្យកាត់អូរងៀវនៅនិយាមកា ១២៩៣.៣៣០ - ៦៣៩.៨៣០ ដល់ចំណុចនៅខាងលិច ផ្លូវលំ មាននិយាមកា ១២៩៣.៩៥០ - ៦៣៨.៨៧៥ តាមចិញ្ចើមខាងលិចផ្លូវលំទៅភូមិឈូងដល់ ចំណុចមាន និយាមកា ១២៩៥.៧៧៥ - ៦៣៨.៣៤០ កាច់​ទៅទិសលិចឆៀងពាយព័្យឆ្លងកាត់ចំណុច មាននិយាមកា ១២៩៦.២៦០ - ៦៣៥.៤៤៥ កាត់ព្រែកអាទុងនៅនិយាមកា ១២៩៦.៨២៥ - ៦៣៤.០៤០ ឆ្លងកាត់ចំណុច មាននិយាមកា ១២៩៦.៤៥០ - ៦៣២.៩៩៥ ដល់ចំណុចមាននិយាមកា ១២៩៦.៧២៥ - ៦៣២.៣២៥ តាម ចិញ្ចើមខាងត្បូងផ្លូវលំ ដល់ចំណុចមាននិយាមកា ១២៩៧.៧៧០ - ៦៣០.៨៥០ កាច់​ទៅ​ទិស​ជើង​ឆៀង ពាយព័្យកាត់អូរគ្មានឈ្មោះនៅនិយាមកា ១២៩៩.៣១៥ - ៦២៩.៩២០ កាច់ទៅទិសនិរតី ដល់ចំណុចមាន និយាមកា ១២៩៨.៥០០ - ៦២៨.៧១០ កាច់ទិសពាយព័្យ កាត់អូរគ្មានឈ្មោះ នៅនិយាមកា ១២៩៨.៨៦០ - ៦២៨.១៥០ កាច់ទិស​និរតី​កាត់​ផ្លូវ​លំចំណុះ ភូមិច្រកក្រាញ់នៅនិយាមកា ១២៩៨.២៣០ - ៦២៧.២៥០ ដល់ ចំណុចមាន និយាមកា ១២៩៧.៣៨០ - ៦២៦.២៦៥ កាច់ទៅទិសពាយព័្យ ឆ្លងកាត់បណ្ដាចំណុច មាន និយាមកា ១២៩៨.១១៥ - ៦២១.៦៤៥ - ១២៩៩.៥៧០ - ៦២០.៣៥៥ - ១២៩៩.៦៥៥ - ៦១៩.៥៨០ - ១៣០០.៤៣៥ - ៦១៩.៤៤០ កាត់ព្រែកក្ដុលនៅនិយាមកា ១៣០១.៣៧៥ - ៦១៧.២១៥ ដល់ចំណុចមាន និយាមកា ១៣០១.៧៥០ - ៦១៧.០១០ កាច់ទៅទិសខាងលិច ឆ្លងកាត់បណ្ដាចំណុចមាន និយាម​កា ១៣០១.៧០៥ - ៦១៤.៤៦០ - ១៣០២.០៥០ - ៦១៣.៨៥០ កាត់ព្រែកជ័រនៅនិយាមកា ១៣០១.៦១០ -៦១២.០១៥ កាច់​ទៅ​ទិស​​និរតី ឆ្លងតាមបណ្ដា ចំណុចមាននិយាមកា ១២៩៨.៧៣០ - ៦១០.៤៩០ - ១២៩៦.០០០ -៦១១.០៥០ - ១២៩៣.៤១៥ - ៦០៩.២៨០ - ១២៩៣.៦៤៥ - ៦០៨.៩៤០ -១២៩១.៣៩៥ - ៦០៦.៩២៥ កាត់ថ្នល់លេខ ៧៨ “លេខ ២២” នៅនិយាមកា ១២៨៩.៧៥៥ - ៦០៧.៣៤០ រហូតដល់ ចំណុចមាននិយាមកា ១២៨៦.៥៥០ - ៦០៤.៣៩០។ កាច់ទៅទិសពាយព័្យ ដល់​ខាង​ត្បូង​ផ្លូវ លំនៅចំណុច មាននិយាមកា ១២៨៦.៨២៥ - ៦០៣.៣៨០ តាមចិញ្ចើម របស់ផ្លូវលំដល់ចំណុច មាននិយាមកា ១២៩០.៧១៥ - ៥៩៧.២១០ កាច់ទិសនិរតី ឆ្លងកាត់បណ្ដាចំណុច មាននិយាមកា ១២៩០.០៥០ - ៥៩៥.២២៥ - ១២៨៩.០០០ - ៥៩៣.២៦០ កាត់ថ្នល់លេខ ២៤ នៅនិយាមកា ១២៨៧.៦៩០ - ៥៩២. ៣៤៥ ដល់ចំណុចមាននិយាមកា ១២៨៧.៤៦៥ - ៥៩១.៦៥០ កាច់ទិសត្បូងឆៀងនិរតី កាត់ថ្នល់លេខ ២៤ នៅនិយាមកា ១២៨៦.៥៤០ - ៥៩១.៦៨០ កាត់អូរ​គ្មាន​ឈ្មោះ​ដល់​ត្រើយ​ឆ្វេង របស់អូរនោះនៅនិយាមកា ១២៨៤.៩០០ - ៥៩១.២១៥។

តាមមាត់ត្រើយឆ្វេងរបស់អូរគ្មានឈ្មោះដល់ជួបត្រើយឆ្វេងរបស់ទន្លេមានជ័យ “បិងហ្គួ” នៅនិយាមកា ១២៨៤.២០០ - ៥៨៨.៧៤៥ តាមត្រើយឆ្វេងរបស់ទន្លេមានជ័យ ទន្លេ រទី “ព្រែកបិងហ្គួ” “ស្ទឹងកំពងក្ដី” “ព្រែកកាយបាក់” ដល់​ចំណុច​មាន​និយាម​កា ១២៦១.៦៥០ - ៥៩៧.១៥០ កាត់ព្រែកកាយបាក់ដល់ជួបត្រើយ ស្ដាំ របស់ព្រែកកំពង់ស្ពាន“ព្រែកកាយកីយ” តាម​ត្រើយ​ស្ដាំរបស់ព្រែកកំពង់ស្ពាន “កាយ កីយ” ដល់ជួប ថ្នល់លេខ ២៤ នៅនិយាមកា ១២៦០.៤៧៥ - ៥៩៥.៤៦៥ កាច់​ទិស​ត្បូង​ឆ្លង​តាមបណ្ដាចំណុច មាននិយាមកា ១២៥៩.០០០ - ៥៩៦.៣៦០ - ១២៥៧.០៥០ - ៥៩៥.៤២៥ - ១២៥៦.៤៦៥ - ៥៩៦.៧៦០ - ១២៥៣.២៨០ - ៥៩៦.០៥០ - ១២៥០.៨០០ - ៥៩៥.០៥០ កាត់ព្រែកអន្លង់កី “ព្រែកណាងឌិញ” នៅនិយាមកា ១២៤៧.៩៨០ - ៥៩៤.៦៥០ ដល់ចំណុចមាននិយាមកា ១២៤៦.៨៥៥ - ៥៩៥.១៦៥ កាច់ទិស កើតអមខាងត្បូង មាត់​ផ្លូវ​លំដល់​ចំណុច​មាន​និយាម​កា ១២៤៧.២០០ - ៥៩៩.៦០០ កាច់ទិសត្បូងតាម ចិញ្ចើមខាងលិច ផ្លូវលំដល់កាត់ថ្នល់លេខ ២៤២ “លេខ ១៣” នៅ​និយាម​កា ១២៤៣.២៥០ - ៥៩៩.៦៥០ តាមចិញ្ចើមខាងកើតផ្លូវ លំដល់ចំណុចមាន និយាមកា ១២៤២.៣៦ - ៥៩៩.៩២០ កាច់​ទិស​អគ្នេយ៍ ឆ្លងតាមបណ្ដាចំណុចមាន និយាមកា ១២៣៩.៨៨០ - ៦០១.៦៣០ - ១២៣៨.៦០០ - ៦០៣.១៥០ - ១២៣៧.៤៩០ - ៦០៥.៩១៥ - ១២៣៧.៧៧០ - ៦០៧.០០០ - ១២៣៦.៩៥០ - ៦១១.១៥០ - ១២៣១.៤២៥ - ៦១២.១៦៥ - ១២២៩.៣៧០ - ៦១៥.៧០០ - ១២២៦.៧០០ - ៦១៨.០១០ កាច់ទិស ឥសាន្ដ កាត់អូរគ្មាន ឈ្មោះនៅនិយាមកា ១២២៧.១៣០ - ៦១៩.០៨០ កាច់​ទិស​អគ្នេយ៍ឆ្លងតាមចំណុចមាន និយាមកា ១២២៥.៦៧៥ - ៦២០.៤១០ កាត់អូរគ្មានឈ្មោះ នៅនិយាមកា ១២២៣.៧៧៥ - ៦២១.១៩៥ កាច់ទិសឥសាន្ដឆ្លងតាមបណ្ដាចំណុច មាននិយាមកា ១២២៥.៧៧០ - ៦២៣.១៨០ - ១២២៦.៦២០ - ៦២៥.៩០០ ដល់​ចំណុចមាននិយាមកា ១២២៧.២០៥ - ៦២៦.៤៩០ ។

កាច់ទិសត្បូងឆៀងអគ្នេយ៍តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥០០ម “បីពាន់ប្រាំរយម៉ែត្រ” កាត់ថ្នល់ លេខ ១ នៅនិយាមកា ១២២៤.៣៥០ - ៦២៨.៥១០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៣០០ម “បីពាន់បី រយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២២១.៥១៥ - ៦៣០.១៦៥ តាមបន្ទាត់ត្រង់ប្រមាណ ៤.៣០០ម “បួនពាន់បីរយម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១២១៧.២៥០ - ៦៣០.៦៧៥ ដើរតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ២.២៥០ម “ពីរពាន់ពីររយហាសិបម៉ែត្រ” កាត់ផ្លូវ ៦អា នៅនិយាមកា ១២១៥.០៥០ - ៦៣១.១៧៥ ដល់ចំណុចមាននិយាមកា ១២១៣.១៩០ - ៦៣២.១២៥ កាច់ទៅទិសខាងលិចឆ្លងតាមចំណុច មាន​និយាម​កា ១២១៣.០៧០ - ៦២៩.៤៥០ “ផ្លូវលំបែកជាបី” កាត់ស្ទឹងមេសរថ្ងក “ព្រែកសុកណុក” នៅនិយាមកា ១២១៣.៧១០ - ៦២៧.៤៨០ តាមត្រើយខាងត្បូងរបស់ស្ទឹងមេសរថ្ងក “ព្រែកសុកណុក” ដល់ចំណុច មាននិយាមកា ១២១៤.០៦៥ - ៦២៦.៦០០ កាច់ទៅទិសនិរតី ដល់ចំណុចមាននិយាមកា ១២១៣.៣៥០ - ៦២៥.៤៤៥ កាច់ទៅទិសខាងត្បូងកាត់ស្ទឹង តាដេវ នៅ​និយាមកា ១២១១.២២៥ - ៦២៥.៦៤៥ ដល់ចំណុចមាននិយាមកា ១២០៩.៥០០ - ៦២៦.២៩០ កាច់ទៅទិសត្បូងឆៀងនិរតី តាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ៣.៣០០ម “បីពាន់បីរយម៉ែត្រ” ដល់ចំណុចមាន និយាមកា ១២០៦.៥៨០ - ៦២៤.៧២៥ កាច់ទៅទិសត្បូងឆៀងអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.១០០ម “បួនពាន់មួយរយ ម៉ែត្រ” ដល់ផ្លូវលំ បំបែកជាបី ភូមិបាធួ នៅនិយាមកា ១២០៣.៤៧០ - ៦២៧.៤០០ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៦.១៥០ម “ប្រាំមួយ​ពាន់​មួយ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩៧.៩៩៥ - ៦៣០.២៤៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.២៥០ម “ប្រាំពាន់​ពីររយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩២.៧៧៥ - ៦៣០.៤៩០។

កាច់​ទៅ​ទិសពាយព័្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៦០០ម “បីពាន់ប្រាំមួយរយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១១៩៥.០៨០ - ៦២៧.៧៣៥ កាច់ទៅទិសខាងលិច តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៧.៥០០ម “ប្រាំពីរពាន់ប្រាំរយម៉ែត្រ” ដល់​ចំណុច​មាន​ និយាមកា ១១៩៤.៦៥០ - ៦២០.២២៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ២.៨៥០ម “ពីរពាន់ប្រាំបីរយហាសិបម៉ែត្រ” ទៅកាត់ផ្លូវលំនៅនិយាមកា ១១៩៥.១៣០ - ៦១៧.៤៤០ កាត់ទិសពាយ័ព្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៨.០៥០ម “ប្រាំ​បីពាន់​សូន្យ​រយហាសិបម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩៩.៧៨៥ - ៦១០.៨៩៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.១០០ម “ប្រាំ​មួយ​ពាន់ មួយរយ ម៉ែត្រ” ទៅកាត់ផ្លូវលំនៅនិយាមកា ១២០៤.១៤០ - ៦០៦.៦១៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥៥០ម “បីពាន់ប្រាំរយហាសិបម៉ែត្រ” ដល់ចំណុចមាន និយាមកា ១២០៦.៥០០ - ៦០៣.៩៥០ តាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ៤៥០ម “បួនរយហាសិបម៉ែត្រ” កាត់អូរកំពង់រោ “អូរការោ” ទៅជួបត្រើយខាងលិច របស់ព្រែក នោះ នៅនិយាមកា ១២០៦.៧១០ - ៦០៣.៥៦៥ ។

កាច់ទៅទិសត្បូងឆៀងនិរតី តាមត្រើយខាងលិច របស់អូរកំពង់រោដល់ចំណុចមាន និយាមកា ១១៩៨.០១០ - ៦០២.៥៧៥ កាច់​ទៅ​ទិសលិចឆៀងពាយព័្យ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៤.០០០ម “បួនពាន់ម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១១៩៨.៦២០ - ៥៩៨.៦៦០ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៥.៨០០ម “ប្រាំពាន់ប្រាំបីរយម៉ែត្រ” កាត់ព្រែកកំពង់រទេះ ទៅជួបត្រើយខាងលិច របស់ព្រែកនេះ នៅនិយាមកា ១២០០.៧៤០ - ៥៩៣.២៥០ កាច់ទៅទិសខាងជើងតាមត្រើយខាងលិច របស់ព្រែកកំពង់រទេះ ដល់ចំណុច មាន និយាមកា ១២០១.២៤៥ - ៥៩៣.៣០៥ កាច់ទៅទិសជើងឆៀងឥសាន្ដ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៣.៨៥០​ម “បីពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៤.៧១០ - ៥៩៤.៨៧៥ កាច់ទៅទិសពាយព័្យ តាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៤.៦០០ម “បួនពាន់ប្រាំមួយរយម៉ែត្រ” កាត់ថ្នល់លេខ ២៥៨ “១០១០” នៅនិយាមកា ១២០៨.៥០០ - ៥៩២.២២៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.៥០០ម “ប្រាំពាន់ប្រាំរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២១២.៧៦៥ - ៥៨៨.​៧៦៥ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៧.៤០០ម “ប្រាំពីរពាន់បួនរយម៉ែត្រ” កាត់ព្រែកគ្មានឈ្មោះ ដែលហូរចូលព្រែកឡុងខុត នៅ​និយាមកា ១២១៩.៤១៥ - ៥៨៥.៥១៥ ។

កាច់ទៅទិសលិច ឆៀងនិរតីតាមត្រើយជើងរបស់ព្រែកឡុងខុត ព្រែកកំពង់ស្នាយ “ព្រែកកាយក” ព្រែកកាយបួត ព្រែក​កំពង់​ស្នាយ “ព្រែកកាយក” ដល់ចំណុចមាន និយាមកា ១២១០.១០០ - ៥៥៥.៦៥០ កាច់ទៅទិសពាយព័្យឆ្លងព្រែកត្របែកទៅជួប ត្រើយ​ខាងលិចរបស់ព្រែកនោះ នៅនិយាមកា ១២១០.៦០៥ -៥៥៤.៨៩៥ កាច់ទៅ​ទិស​និរតី​តាម​ត្រើយ​ខាងលិច​របស់​ព្រែក​ត្របែក​ “តាមលី” ទៅជួបនឹងត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” នៅនិយាមកា ១២១០.០៧៥ - ៥៥៤.៦២០ ដើរតាម​ត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” ទៅជួបនឹងត្រើយខាងជើងរបស់ព្រែកកាយស៊ូ នៅនិយាមកា ១២០២.១៧០ - ៥៣៩.០០០ ដើរតាមត្រើយខាងជើងរបស់ព្រែកកាយស៊ូ ដល់ចំណុចមាននិយាមកា ១២០១.៥៦០ -៥៣៨.​៦៨០ ដើរតាមត្រើយខាងជើង របស់ព្រែកគ្មានឈ្មោះ ទៅជួបនឹងព្រែកកោះសំពៅ ដល់ចំណុចមាន និយាមកា ១២០០.២១០ - ៥៣៧.៣១៥ កាច់ទៅទិសពាយព័្យ ដើរតាមកណ្ដាល ព្រែកកោះសំពៅ “សឺធឿង” ដល់ចំណុចមាននិយាមកា ១២០៤.២០៥ - ៥២៩.៣៨០ ។

កាច់ទៅទិសលិចឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៨៥០ម “ពីរពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់​ចំណុច​មាន​និយាម​កា ១២០៣.៧៩៥ - ៥២៦.៥៦០ កាច់ទៅទិសលិចឆៀងពាយព័្យតាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ២.៧០០ម “ពីរពាន់​ប្រាំពីរ​រយ​ម៉ែត្រ​” ដល់ចំណុចមាននិយាមកា ១២០៤.៦៩៥ - ៥២៤.០០០ ដើរតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ២.២៥០ម “ពីរ​ពាន់​ពីរ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៥.៩០០ - ៥២២.១១៥ កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៩០០​ម “មួយពាន់ប្រាំបួន រយម៉ែត្រ” ឆ្លងកាត់ទន្លេមេកុង “គីវឡង” ដល់ចំណុចមាននិយាមកា ១២០៥.៩៥០ - ៥២០.២១៥ កាច់ទៅ ទិសពាយព័្យ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៣.០០០ម “បីពាន់ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៧.២១៥ - ៥១៧.៤៧៥ កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ២.៧០០ម “ពីរពាន់ប្រាំពីរ រយម៉ែត្រ” ដល់​ចំណុច​មាន​និយាម​កា ១២០៧.០៥០ - ៥១៤.៧៩០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៥០០ម “ពីរពាន់ ប្រាំរយ ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៦.៦៥០ - ៥១២.៣១០ ដើរទៅស្រប និងឃ្លាតពី ត្រើយត្បូង ព្រែកបាក់ណាមប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” ទៅជួប​ច្រាំង​ខាងកើត នៃកោះបាក់ណាម នៅចំណុចមាននិយាមកា ១២០៧.៣២៥ - ៥១១.៣០០ ហើយដើរតាមមាត់ ច្រាំង​ខាង​កើត​ របស់កោះ បាក់ណាម នោះ ដោយដើរកណ្ដាល និងផ្ទុយនឹងចរន្ដទឹកទន្លេបាសាក់ “ហូវយ៉ាង” ដល់ចំណុចមាន និយាម​កា ១២០៩.១៨០ - ៥១២.៩៧០ កាច់ទៅទិសជើងឆៀងពាយព័្យតាមព្រែកគ្មានឈ្មោះ ទៅជួប កណ្ដាល ទន្លេបាសាក់ “ហូវ​យ៉ាង” នៅចំណុច មាននិយាមកា ១២១១.៣០៥-៥១២.០០០ ដើរកណ្ដាល និងផ្ទុយនឹងចរន្ដទន្លេនោះ ដល់​ចំណុច​មាន​និយាម​កា ១២១០.៩៥០ - ៥០៩.៤៤០ ។

កាច់ទៅទិសនិរតីដើរស្របនឹងឃ្លាត ពីត្រើយខាងលិចព្រែកប៉ិញយី ប្រមាណ ៥០ម ទៅ ១០០ម “ហាសិបទៅ មួយរយម៉ែត្រ” ដូច​ស្ដែងឡើងលើផែនទី ភ្ជាប់រយៈចំងាយប្រមាណ ២.២០០ម “ពីរពាន់ពីររយ ម៉ែត្រ” ដល់ចំណុច​កែង​បន្ដពី​នោះទៅ​ស្រប​នឹង​ឃ្លាត​ពីត្រើយប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” កាត់ព្រែក មាត់ជ្រូក “ចូវដុក” នៅនិយាមកា ១២០៤.២២៥ - ៤០៤.៥០០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.១០០ម “មួយពាន់មួយរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៣.៦៩០ - ៥០៣.៥៥០ កាច់ទៅ ទិសត្បូង ឆៀងអគ្នេយ៍តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៥០០ម “ពីរពាន់ប្រាំរយម៉ែត្រ” ដល់ចំណុចមាន និយាម​កា ១២០១.២៥០ - ៥០៤.១៧០ ដើរតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.០៥០ម “ប្រាំមួយពាន់សូន្យរយ ហាសិប ម៉ែត្រ” កាត់​ព្រែក​គ្មានឈ្មោះនៅនិយាមកា ១១៩៥.៨១០ - ៥០៦.៨២៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៥០០ម “មួយពាន់​ប្រាំរយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១១៩៤.២៩៥ - ៥០៦.៧៥៥ ដើរតាមខ្សែ បន្ទាត់ត្រង់ប្រមាណ ១.១០០ម “មួយ​ពាន់មួយ​រយម៉ែត្រ” កាត់ស្ទឹងតាកែវ “ត្រាកែវ” ដល់ចំណុចមាន និយាមកា ១១៩៣.២៥០ - ៥០៧.២៤០ ដើរតាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ១.៧៥០ម “មួយពាន់ប្រាំពីររយ ហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៩១.៥០០ - ៥០៧.៦០០ ដើរ​តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ១.១៥០ម “មួយពាន់មួយរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៩១.០៤០ - ៥០៨.៦៥០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.០០០ម “បីពាន់ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៨៨.៦២០ - ៥១០.៤៦០ ដើរតាម​ខ្សែបន្ទាត់​ត្រង់ប្រមាណ ៣.៨០០ម “បីពាន់ប្រាំបីរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៨៤.៨៩០ - ៥១១.០៨០។

កាច់ទៅ​ទិស​និរតី តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១៣.២៥០ម “ដប់បីពាន់ពីររយហាសិបម៉ែត្រ” កាត់ ព្រែកគ្មានឈ្មោះនៅ និយាម​​កា ១១៧៨.២៥០ - ៤៩៩.៦១៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.៦៥០ម “បួនពាន់ប្រាំមួយរយហាសិបម៉ែត្រ” ដល់​ចំណុច​​ មាននិយាមកា ១១៧៥.៧០០ - ៤៩៥.៦៨០ កាច់ទៅ ទិសត្បូងឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៣.៦៥០ម “បីពាន់​​ប្រាំមួយ​រយហាសិបម៉ែត្រ” កាត់ព្រែក កិយយឿង នៅនិយាមកា ១១៧២.៩៦០ - ៤៩៣.៣១០ តាមខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៨.២៥០ម “ប្រាំបីពាន់ ពីររយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៦៥.៧៤០ - ៤៨៩.២១០ តាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៤.៣០០ម “បួនពាន់បីរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៦២.៨២៥ - ៤៨៦.០៥០ កាច់ទៅទិស ខាង​លិច​តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ១២.៤៥០ម “ដប់ពីរពាន់បួនរយហាសិបម៉ែត្រ” កាត់ព្រែកកាន់ នៅនិយាមកា ១១៦២.៤៥០ - ៤៧៣.៥១៥ កាច់ទៅទិសលិចឆៀងពាយព័្យ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.៨៥០ម “ប្រាំមួយពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់​ចំណុចមាននិយាមកា ១១៦៤.៦០០ - ៤៦៧.០០០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.៣០០ម “ប្រាំពាន់បីរយម៉ែត្រ” ដល់​ចំណុច​មាននិយាមកា ១១៦៤.៨៥៥ -៤៦១.៧១០ កាច់ទៅទិសខាងត្បូងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.០៥០ម “មួយ​ពាន់​សូន្យ​រយហាសិប ម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១១៦៣.៨០០ - ៤៦១.៦៦០ កាច់ទៅទិសខាងលិចទៅស្រប ឃ្លាតពីមាត់ ត្រើយ​ ខាងជើង ព្រែកវិញទេ ប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” កាត់ស្ទឹងទន់ហន់ “ព្រែកយ៉ាងថាញ” ដល់​ចំណុច​មាន​និយាមកា ១១៦៤.២០០ - ៤៥៦.៤៥០ ។

កាច់ទៅទិសនិរតីកាត់ថ្នល់លេខ ១៦១ នៅនិយាមកា ១១៦៤.០៥០ - ៤៥៦.២៨០ ដើរតាមចិញ្ចើម ខាងលិចផ្លូវ​លំដល់​ចំណុច​មាន​និយាម​កា ១១៥០.០០០ - ៤៤៥.៥៣០ កាច់ទៅទិសពាយព័្យតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ១.៦០០ម “មួយ​ពាន់​ប្រាំ​មួយ​រយ​ម៉ែត្រ” កាត់ព្រែកគ្មានឈ្មោះនៅនិយាមកា ១១៥១.២៨០ - ៤៤៤.៥៨០ កាច់ទៅទិសខាងជើងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣០០ម “បីរយម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៥១.៥៨០ - ៤៤៤.៥៧៥ កាច់ទិសពាយព័្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៧៥០ម “មួយពាន់ ប្រាំពីររយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៥២.៨០០ - ៤៤៣.៣២០ កាច់ទៅទិសលិច ឆៀង និរតី​តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៦០០ម “មួយពាន់ប្រាំមួយរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៥២.៥៤០ - ៤៤១.៧៤០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.១៥០ម “មួយពាន់មួយរយហាសិបម៉ែត្រ” ទៅ កាត់ថ្នល់លេខ ១៧ “លេខ ៨ អា” នៅ​កណ្ដាល​ស្ពាន សាសៀមាននិយាមកា ១១៥២.២៥០ - ៤៤០.៦៤០ ពីនេះទាញត្រង់ដល់ចំណុចចុងបំផុត របស់ខ្សែព្​រំដែន​រដ្ឋ​លើដីគោក​រវាងកម្ពុជា និងវៀតណាម។

ខ្សែព្រំដែនរដ្ឋលើដីគោករវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម កំណត់​ដូច​ពោល​ខាង​លើ​នេះ បានគូរឡើងលើផែនទីខ្នាត ១/១០០.០០០ របស់មន្ទីរភូមិសាស្ដ្រ ឥណ្ឌូចិន (Service géographique de l'Indochine) ប្រើជា​ទូទៅមុនឆ្នាំ ១៩៥៤ ឬកាលបរិច្ឆេទ កៀកបំផុតនឹងឆ្នាំ ១៩៥៤ “ផែនទី ២៦ ផ្ទាំងអម ដែល​បាន​ភាគីទាំង​ពីរប​ញ្ជាក់​ទទួល​ស្គាល់” ដោយមានសញ្ញាជើងក្អែក ពណ៌ខ្មៅ (+) ចំពោះកំណាត់ខ្សែព្រំដែនណាដែលភាគីទាំងពីរទទួលស្គាល់ថាសមស្រប និង​បាន​គូរជាសញ្ញា ជើងក្អែក ពណ៌ក្រហម (+) នៅកំណាត់ណាដែលមានកែប្រែ និងបានគួរលើផែនទីខ្នាត ១/៥០.០០០ “ ៤០ ផ្ទាំងផែនទីអម ដែលបានភាគីទាំងពីរទទួលស្គាល់” ដោយសញ្ញា (...)  ពណ៌ខ្មៅ ។

ផែនទីទាំងពីរប្រភេទខាងលើនេះ គឺជាឯកសារអមទី១ និងឯកសារអមទី២ ជាចំណែកមួយមិនអាច កាត់ផ្ដាច់ បាន​ពី​សន្ធិ​សញ្ញា​នេះ ហើយប្រភេទផែនទីទាំងពីរសុទ្ធតែមាន តម្លៃដូចគ្នា ។

បណ្ដានិយាមកាក្នុងប្រការនេះ ដែលវាស់ចេញពីផែនទី ១/៥០.០០០ UTM ត្រូវបានគណនាឯកតាជាម៉ែត្រ។

ប្រការ ២

ចំពោះបណ្ដាបញ្ហាដែលមានទាក់ទិនដល់ទន្លេអូរ ព្រែក ព្រំដែន ៖

១- ប្រសិនចរន្ដទឹកទន្លេ អូរ ព្រែកព្រំដែនផ្លាស់ប្ដូរនោះ ខ្សែព្រំដែនត្រូវបានរក្សា ដដែលឥតផ្លាស់ប្ដូរ បើទ្វេភាគី គ្មានសំរុះ​សំរួល​ណាផ្សេងទៀត ។

២- បណ្ដាដីដុះ និងកោះដែលស្ថិតនៅសងខាងខ្សែព្រំដែន បើនៅខាងកម្ពុជា គឺជាកម្មសិទ្ធិរបស់កម្ពុជា បើនៅ ខាងវៀតណាម គឺជា​កម្មសិទ្ធិរបស់វៀតណាម ។

បណ្ដាដីដុះ កោះ និងដីដុះថ្មីដែលទើបកើតឡើងក្រោយពេលដែលខ្សែព្រំដែនបាន សម្រេចជាស្ថាពរហើយ គឺត្រូវ​ដោះ​ស្រាយ​តាមគោលការណ៍ដែលបានពោលខាងលើនោះដែរ ។

៣- ចំពោះស្ពានដែលឆ្លងកាត់ទន្លេ អូរ ព្រែកព្រំដែននោះ ចំណុចព្រំដែននោះត្រូវ កំណត់យកចំពាក់ កណ្ដាលស្ពាន ដោយ​ពុំ​គិត​ថាខ្សែព្រំដែនដែលឋិតនៅក្នុងទន្លេ អូរ ព្រែកនោះ យ៉ាងណាឡើយ ។

ប្រការ ៣
លើសមុទ្រភាគីទាំងពីរអនុលោមតាមប្រការ ២ នៃសន្ធិសញ្ញាស្ដីពីគោលការណ៍ ដោះស្រាយបញ្ហាព្រំដែន រវាង​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី ២០ កក្កដា ១៩៨៣ និងយោលតាមប្រការ ២ និងប្រការ ៣ នៃកិច្ចព្រមព្រៀង ស្ដីពីតំបន់ទឹក ប្រវត្ដិសាស្ដ្រ របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​បាន​ចុះ ​ហត្ថលេខា នាថ្ងៃទី ៧ កក្កដា ១៩៨២ ដែលបានស្រុះស្រួលអំពីគោលការណ៍កំណត់ព្រំដែនលើ សមុទ្រក្នុង តំបន់ទឹក ប្រវត្ដិសាស្ដ្រ រវាង​សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដូចតទៅ ៖
១- ខ្សែព្រំដែនរដ្ឋលើសមុទ្ររវាងប្រទេសទាំងពីរ ចាប់ផ្ដើមពីចំណុចចុងក្រោយ បំផុតនៃខ្សែព្រំដែន ដីគោក តាមផែនទីមាត្រដ្ឋាន ១/​១០០.​០០០ និង ១/៥០.០០០ ភ្ជាប់តាមសន្ធិសញ្ញា ។
២- ខ្សែព្រំដែនរដ្ឋលើសមុទ្រ ត្រូវបន្ដដើរតាមផ្លូវមួយដែលភាគីទាំងពីរនឹងស្រុះស្រួលធានា ដល់ការ បែងចែក កោះត្រឹមត្រូវ ដូច​ក្នុង​កិច្ច​ព្រម​ព្រៀងស្ដីពីតំបន់ទឹកប្រវត្ដិសាស្ដ្រ របស់សាធារណរដ្ឋប្រជាមានិត កម្ពុជា និង សាធារណរដ្ឋសង្គមនិយម វៀតណាម បានកំណត់ ។
៣- ខ្សែព្រំដែននេះ នឹងដើរកាត់ចំណុចសូន្យដែលជាចំណុចតភ្ជាប់ នៃខ្សែមូលដ្ឋានទាំងពីរដែលប្រើប្រាស់ សំរាប់​គិត​ផ្ទៃ​ទឹក​ទទឹង​ដែន​សមុទ្រ​ របស់ប្រទេសនិមួយៗ និងអូសបន្លាយទៅដល់ចំណុចមួយនៅលើ ព្រំប្រទល់ ខាងក្រៅ នៃដែនសមុទ្រប្រទេសនិមួយៗ ។
៤- ផែនទីសមុទ្រ ដែលនឹងចុះហត្ថលេខាជាផ្លូវការ ភ្ជាប់ជាមួយសន្ធិសញ្ញាស្ដីពីការ កំណត់ព្រំដែនរដ្ឋ លើសមុទ្ររវាងប្រទេសទាំងពីរ គឺជា​ផែន​ទីសមុទ្ររបស់មន្ទីរវាស់វែងជលសាស្ដ្របារាំង បោះពុម្ពឆ្នាំ ១៩៥៥ និងឆ្នាំ ១៩៥៦ មាត្រដ្ឋាន ១៨២.៦៥០ មានលេខសញ្ញា ៥៣៩៤ និង​៥៣៩៥ ។
អនុលោមតាមគោលការណ៍ទាំងឡាយខាងលើ គណៈកម្មការចំរុះដំណើរការក្នុង កាលដ៏ឆាប់បំផុត នូវការ ចុះទៅ​ពិនិត្យ​ជាក់​ស្ដែង​អំពី​ការ​កំណត់​ខ្សែព្រំដែនរដ្ឋលើសមុទ្រ និង ការព្រាងសន្ធិសញ្ញាស្ដីពីការ កំណត់ព្រំដែន រដ្ឋលើសមុទ្រ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និង​សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ប្រការ ៤

 ភាគីទាំងពីរស្រុះស្រួលបង្កើតគណៈកម្មការចំរុះកំណត់ព្រំដែនលើ ភូមិសាស្ដ្រជាក់ស្ដែង និងបោះបង្គោល ព្រំដែន រដ្ឋ រវាង​សាធារ​ណរដ្ឋ​ប្រជា​មានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងក្រោមនេះ ហៅថា “គណៈកម្មការចំរុះ” ដែលមានភារកិច្ចដូច តទៅ ៖
យោល​ទៅតាមប្រការ ១ និងប្រការ ២ នៃសន្ធិសញ្ញានេះ ដើម្បីដំណើរការកំណត់ជាក់ស្ដែងលើខ្សែ ព្រំដែន​ដីគោក​ទាំង​ស្រុង​រវាង​ប្រទេស​ទាំង​ពី​រ និងគំរោងទីកន្លែង បោះបង្គោលព្រំដែនរដ្ឋ ដំណើរការបោះ បង្គោលព្រំដែនរដ្ឋជាផ្លូវការបង្កើតផែនទីព្រំដែន រដ្ឋ រវាង​សាធារណរ​ដ្ឋប្រជា​មានិតកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ដោយមានបញ្ជាក់ទីកន្លែងបោះបង្គោលព្រំដែនរដ្ឋ ព្រាង​ពិធីសារ​ចុង​ក្រោយ ដើម្បី បញ្ចប់ការកំណត់ព្រំដែនលើភូមិសាស្ដ្រជាក់ស្ដែង និងបោះបង្គោល ។
ពិធីសារចុងក្រោយ គឺជាឯកសារអមនៃសន្ធិសញ្ញានេះ។ ផែនទីដែលមានខ្សែព្រំដែនរដ្ឋ រវាងសាធារណរដ្ឋ ប្រជាមានិតកម្ពុជា និង​សាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម ដែលគណៈកម្មការបង្កើតឡើង ក្រោយពេល សម្រេចកំណត់ព្រំដែនលើភូមិសាស្ដ្រជាក់ស្ដែង និង​បោះ​បង្គោល​ និងជំនួយឱ្យផែនទី ដូចពោលនៅចុងប្រការ ១ នៃសន្ធិសញ្ញានេះ ។
គណៈកម្មការចំរុះ នឹងចាប់ផ្ដើមធ្វើសកម្មភាពភ្លាម ក្រោយពេលសន្ធិសញ្ញានេះ មានប្រសិទ្ធភាព និង ដំណើរការ របស់ខ្លួនតាមផែនការ និង​បណ្ដា​ការស្រុះស្រួល ដែលគណៈកម្មការចំរុះសម្រេច ហើយ គណៈកម្មការចំរុះ នឹងបញ្ជាក់សកម្មភាពរបស់ខ្លួនពេល ដែល​សម្រេច​ភារកិច្ច​ដែលប្រគល់ឱ្យតាមប្រការ ៤ នេះ។
ប្រការ ៥
សន្ធិសញ្ញានេះ នឹងត្រូវបានផ្ដល់សច្ចាប័ន និងមានប្រសិទ្ធភាពចាប់ពីថ្ងៃផ្លាស់ប្ដូរ សំភារៈសច្ចាប័ន ។
ធ្វើនៅភ្នំពេញ រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥
ជាពីរច្បាប់ ជា ភាសាខ្មែរ និង វៀតណាមទាំងពីរច្បាប់នេះ មានតម្លៃដូចគ្នា។

ទទួលសិទ្ឋិពី
ទទួលសិទ្ឋិពី
ក្រុមប្រឹក្សារដ្ឋ
ក្រុមប្រឹក្សារដ្ឋ
សាធារណរដ្ឋប្រជាមានិតកម្ពុជា
សាធារណរដ្ឋសង្គមនិយមវៀតណាម
ហត្ថលេខា
ហត្ថលេខា
ហ៊ុន សែន
ង្វៀង កួថាច់