លោក Richard Stanger ៖ កម្ពុជា ដែលធ្លាប់តែជាប្រទេសអាថ៌កំបាំង ឥឡូវនេះបើកទូលាយសំរាប់ការធ្វើអាជីវកម្ម
ប្រភព៖
Brian Sylvester of The Gold Report
ចុះថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២
អ្នកវិនិយោគលើធនធាន
តែងតែស្វែងរកតំបន់ថ្មីដែលគេមិនធ្លាប់ប៉ះពាល់ ហើយលោក Richard Stanger គិតថាលោកបានរកឃើញតំបន់នោះហើយ។
ជាប្រធាន និងជាស្ថាបនិកនៃសមាគមក្រុមហ៊ុនរ៉ែ និងរុករករ៉ែកម្ពុជា (President
and founder of the Cambodian Association of Mining and Exploration Companies) លោក Stanger បាននិងកំពុងធ្វើការងារដើម្បីនិយាយអំពីកម្ពុជា
ដែលជាប្រទេសកំពុងលូតលាស់ និងមានស្ថិរភាព ដោយមានភូគព្ភសាស្រ្តល្អសំរាប់របកគំហើញធំៗ។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខនេះជាមួយ
The Gold Report លោក
Stanger ផ្តល់ ទស្សនៈអ្នកខាងក្នុងមួយអំពីអាថ៌កំបាំងក្នុងការវិនិយោគទុននៅកម្ពុជា
និងពន្យល់ពីមូលហេតុ ដែលលោករំពឹងថានឹងមានការប្រញាប់ប្រញាល់ទៅរកដី។ បណ្តាក្រុមហ៊ុនដែលបានលើកឡើង នៅក្នុងបទសម្ភាសន៍នេះរួមមាន៖ Angkor Gold Corp. - Brighton Mining Group Ltd. -
Indochine Mining Ltd. - Renaissance Minerals Ltd. - Southern Gold Ltd.
The
Gold Report: ផលិតផលសរុបក្នុងស្រុក (GDP) មានប្រហែល
១៣,២ ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬ ប្រហែល ១.០០០
ដុល្លារក្នុងមួយនាក់ នេះយោងទៅតាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ច្បាស់ណាស់
នេះជាប្រទេសក្រីក្រមួយ ប៉ុន្តែរហូតមកដល់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះបានធ្វើការងារតិចតួចណាស់
ក្នុងការអភិវឌ្ឍន៍ធនធានរ៉ែរបស់ខ្លួន។ តើហេតុអ្វី?
Richard
Stanger: ភាគច្រើនដោយសារតែប្រទេសនេះសឹងតែគ្មានព័ត៌ មានអំពីភូគព្ភសាស្រ្តរបស់ប្រទេស។
តំបន់ភាគច្រើននៅក្នុងប្រទេសត្រូវបាន បំផ្លិចបំផ្លាញនៅក្នុងសង្រ្គាមស៊ីវិល។
ប្រទេសនេះគឺមានអាថ៌កំបាំងបន្តិច។ មនុស្សមិនបានដឹងច្រើនអំពីកម្ពុជា ឬក៏ក្នុងករណីខ្លះ
គេមិនដឹងថាកម្ពុជានៅទីណាផង។ ហេដ្ឋារចនាសម្ពន័្ធយ៉ាប់ណាស់ រហូតមកដល់ពេលថ្មីៗនេះ។
ផ្លូវពិបាកធ្វើដំណើរ។ គមនាគមន៍ពិតជាមិនមានការអភិវឌ្ឍ។ កាលនោះ សឹងតែគ្មានហេដ្ឋារចនាសម្ព័ន្ធសំរាប់ការរុករក។
TGR: តើលោកធ្វើយ៉ាងម៉េចបានមកដល់កម្ពុជា?
RS: ខ្ញុំកាលនោះកំពុងស្វែងរកប្រទេសមួយ ដែលមានស្ថានភាពភូគព្ភសាស្រ្តល្អ និងរដ្ឋាភិបាលល្អមួយដែលមានប្រព័ន្ធច្បាប់ដំណើរការ។កម្ពុជា
ពិតជាសក្តិសម។
TGR: តើប្រទេសនេះមានអត្រាកំណើនGDPបច្ចុប្បន្នប៉ុន្មានដែរ?
RS: ជាមធ្យមប្រមាណ ៦,៥% នាពេលបច្ចុប្បន្ន។ ខ្ញុំជឿថា
អត្រានេះនឹងខ្ពស់ជាងនេះនៅឆ្នាំនេះ។ វាអាចមានកំណើនពីរខ្ទង់។
TGR: តើកម្ពុជាមានលោហធាតុនិងរ៉ែអ្វីខ្លះ?
RS: កម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសនានា ដែលមិនមានដំណាំដុះចេញខាងក្រៅនោះទេ។
វាមិនមែនជាការងាយស្រួលនោះទេដែលយើងដើររុករកនៅតាមផ្ទាំងថ្ម ហើយរកឃើញរបស់មានតំលៃនោះ
ប៉ុន្តែរបស់មានតំលៃពិតជានៅទីនោះ។ កម្ពុជាមានកាកសំណល់ជាច្រើនគ្រប
ដណ្តប់នៅទូទាំងប្រទេស។ ប៉ុន្តែ ប្រទេសនេះពិតជាមានរ៉ែមាស ទង់ដែង និងលោហធាតុមូលដ្ឋាន
រ៉ែដែកនិងលោហធាតុឧស្សហកម្មជាច្រើនទៀតដូចជា zirconiumgraphite និង titanium។ រ៉ែមាននៅតាមតំបន់ជាច្រើន។
TGR: តើអ្វីទៅដែលជំរុញឲ្យបណ្តាក្រុមហ៊ុនរករ៉ែខ្នាតតូចមកវិនិយោគទុន
និងរុករករ៉ែនៅទីនោះ?
RS: គន្លឹះសំខាន់សំរាប់ប្រទេសនេះគឺថា ប្រទេសនេះបើកទូលាយសំរាប់អាជីវកម្ម
និងមានរដ្ឋាភិបាលមួយដែលមានស្ថិរភាព និងមានការប្តេជ្ញាចិត្ត
ដែលចង់អភិវឌ្ឍន៍សេដ្ឋកិច្ច។ មានក្របខ័ណ្ឌសេដ្ឋកិច្ច និងច្បាប់សំរាប់ក្រុមហ៊ុន និងអ្នកវិនិយោគទុនបរទេសឲ្យចូលមកធ្វើការ។
ប្រទេសនេះមានការត្រួតពិនិត្យហិរញ្ញវត្ថុខ្លាំង។ វាមានភាពងាយស្រួលក្នុងការនាំសាច់ប្រាក់ចូល
និងចេញពីកម្ពុជា។ ប្រជាជនពិតជាល្អវិសេសវិសាល ស្មោះត្រង់ ស្វាគមន៏រាក់ទាក់ និងឧស្សាហ៍ព្យាយាម។
ខ្ញុំមិនអាចនិយាយឲ្យបានគ្រប់គ្រាន់អំពីពួកគេទេ។ នេះជាប្រទេសដែលមានសុវត្ថិភាព។
ចំណាយប្រតិបត្តិការទាប។ ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍលឿន ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធទាក់ទងទៅនឹងឧស្សហកម្មរុករករ៉ែ។
មានក្រុមហ៊ុនខួងអណ្តូងរ៉ែ និងសេវាកម្មផ្នែកភូគព្ភសាស្រ្តមួយចំនួននៅទីនេះ។
TGR: តើមានកន្លែងពិសោធន៍វិភាគមើលរ៉ែទេ?
RS: ថ្មីៗនេះមានបើកពីរកន្លែង។
TGR: បើនិយាយត្រឡប់ទៅក្រោយពី ៥ឆ្នាំ ទៅ ១០ ឆ្នាំមុន តើកម្ពុជាប្រៀបដូចប្រទេសណាទៅ?
RS: អ្នកខ្លះចេះតែនិយាយដូចប្រទេសកូឡុំប៊ី ប៉ុន្តែប្រទេសម៉ុងហ្គោលីពិតជាការប្រៀបធៀបដ៏ល្អមួយ។
ខ្ញុំបានទៅប្រទេសម៉ុងហ្គោលីមុននេះដែរ។ គ្មានអ្វីកើតឡើងសោះនៅទីនោះអស់រយៈ
ពេល៥ឆ្នាំបន្ទាប់មកស្រាប់តែមានការចាប់ផ្តើមលូតលាស់យ៉ាងលឿន។
TGR: បន្ទាប់ពីសង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសកម្ពុជាបានរើបឡើងវិញយឺតៗ
និងបានធ្វើការបោះឆ្នោតដោយប្រជាធិបតេយ្យ ជាបន្តបន្ទាប់ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
ក៏ប៉ុន្តែ យោងទៅតាមអង្គការតម្លាភាពអន្តរជាតិ (Transparency International) កម្ពុជាគឺជាប្រទេសពុករលួយខ្លាំងជាងគេទី៤នៅលើពិភពលោក។ តើលោកយល់យ៉ាងណាដែរចំពោះបញ្ហានេះ?
RS: ក្នុងនាមជាអ្នកវិនិយាគទុន ខ្ញុំមិនយល់ច្បាស់ពីការកំណត់នោះទេ។ ខ្ញុំហាក់ដូចជាមានការភ្ញាក់ផ្អើលចំពោះរឿងនេះ។
ការកំណត់បែបនោះ គឺគ្រាន់តែជាការយល់ឃើញសុទ្ធសាធ
មិនមានភស្តុតាងអ្វីច្បាស់លាស់។ ខ្ញុំពិតជាគិតថាពួកគេគ្រាន់តែទទួលព័ត៌មានខុស។
ហើយខ្ញុំមិនមែនជាមនុស្សម្នាក់ដែលនិយាយបែបនេះទេ។
TGR: តើមានហានិភ័យអ្វីខ្លះពាក់ព័ន្ធនឹងការវិនិយាគនៅកម្ពុជា?
RS: វាពិតជាពិបាករកហានិភ័យឲ្យបានច្រើនណាស់។ កម្ពុជាមានច្បាប់ដែលទទួលស្គាល់ជា
អន្តរជាតិ មានរដ្ឋាភិបាលមួយដែលមានស្ថិរភាពដែលបានឈ្នះការបោះឆ្នោតចុងក្រោយដោយ
សំឡេងភាគច្រើន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានក្រុមហ៊ុនគួរឲ្យទុកចិត្តមួយចំនួន
ចូល មកវិនិយោគទុននៅក្នុងប្រទេស។ ការអភិវឌ្ឍមានល្បឿនលឿន។ ខ្ញុំដឹងថាស្តាប់ទៅដូចជាមិន
ពិត ប៉ុន្តែមានហេតុផលតិចតួចណាស់ដែលមិនមកពីវិនិយោគ ទុននៅក្នុងប្រទេសនេះ។
ប្រទេស នេះគ្រាន់តែស្ថិតក្នុងអាថ៌កំបាំងអស់រយៈពេលដ៏យូរតែប៉ុណ្ណោះ។
TGR: វិនិយោគទុនផ្ទាល់ពីបរទេសនៅកម្ពុជាបានកើនឡើងសឹងតែទ្វេដងដល់ទៅ
៥ពាន់លានដុល្លានៅឆ្នាំមុន។តើលុយនោះទៅណា?
RS: តួលេខនោះទំនងជាខ្ពស់ជាងច្រើននៅឆ្នាំនេះ។ លុយដ៏ច្រើនទាំងនេះកំពុងដាក់ចូលទៅវិស័យផលិតកម្ម។
មានរោងចក្រផលិតកម្មសំខាន់ៗមួយចំនួនកំពុងត្រូវបានសាងសង់នៅទីនេះ។ លុយទាំងនោះក៏កំពុងដាក់ចូលទៅក្នុងវិស័យកសិកម្ម
ធនាគារ និងហិរញ្ញវត្ថុ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទេសចរណ៍ និង
សិប្បកម្មកែច្នៃចំណីអាហារ។ នៅកម្ពុជាពិតជាមិនទាន់មានឧស្សាហកម្មរ៉ែទេ។ នៅពេលនេះវាគ្រាន់តែជាឧស្សាហកម្មរុករករ៉ែតែប៉ុណ្ណោះ
ហើយដូច្នេះ ចំណាយលើការងាររុករកមិនបានបញ្ចូលទៅក្នុងវិនិយោគទុនផ្ទាល់ពីបរទេស
ទេ។
TGR: នៅពេលលុយចាប់ផ្តើមហូរចូលមកប្រទេសមួយដែលពិតជាមិនដែលឃើញទ្រព្យសម្បត្តិ
បែបនេះពីមុនមក អ្វីៗអាចទៅតាមផ្លូវមិនត្រឹមត្រូវ។ តើរដ្ឋាភិបាលបច្ចុប្បន្នអាចមានសមត្ថភាព
គ្រប់គ្រងលុយកាក់ដ៏ច្រើននេះ និងការអភិវឌ្ឍបានទេ?
RS: ខ្ញុំពិតជាគិតថាអាច។ មានការលូតលាស់ដ៏ច្រើននៅពីក្រោយឆាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
រដ្ឋាភិបាលនេះពិតជាដឹងច្បាស់ពីគោលជំហររបស់ខ្លួន មិនត្រឹមតែនៅក្នុងអាស៊ីប៉ុណ្ណោះទេ
ថែមទាំងនៅលើសកលលោកទៀតផង។ រដ្ឋាភិបាលមានការប្រយ័ត្នប្រយែងក្នុងការ អភិវឌ្ឍក្របខ័ណ្ឌសេដ្ឋកិច្ចសំរាប់ការវិនិយោគ។
រដ្ឋាភិបាលមានមនុស្សដែលមានការអប់រំល្អ និងឈ្លៀសវៃប្រកបដោយបទពិសោធន៍អន្តរជាតិ
ជាពិសេស នាយករដ្ឋមន្រ្តី មេដឹកនាំ និងទីប្រឹក្សារដ្ឋាភិបាលជាន់ខ្ពស់។ មានមនុស្សវ័យក្មេងជាច្រើនទៀតដែលត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបាន
សិក្សា និង ធ្វើការនៅបរទេសដើម្បីជួយអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។
TGR: តើកម្ពុជាមានទំរង់ទីផ្សារមូលធនណាមួយទេ?
RS: មានទីផ្សារភាគហ៊ុន ដែលកំពុងត្រូវបានអភិវឌ្ឍន៍កាលពីបីឆ្នាំមុន បានបើកនៅខែនេះ
និងបានដំណើរការលក់ភាគហ៊ុនដំបូងរបស់អាជ្ញាធររដ្ឋាករទឹកនៅភ្នំពេញ។ កម្ពុជាមានច្បាប់មូលប័ណ្ណ
ដ៏ត្រឹមត្រូវនិយ័តករនិងមានការលក់ដូរភាគហ៊ុនរបស់ក្រុមហ៊ុនមួយរហូតមកទល់ពេល នេះ។
TGR: មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ គឺថាចិនបានមកដល់កម្ពុជារួចហើយ។
ក្រុមហ៊ុនចិន Guangxi Nonferrous Metals Group បានវិនិយោគទុនទឹកប្រាក់ចំនួន
២២ លានដុល្លារ លើការសាងសង់រោងចក្រកែច្នៃដែកមួយនៅទីនោះ។ កាលពីចុងឆ្នាំមុន ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋចិន
Xinhua បានរាយការណ៍ថា បណ្តាក្រុមហ៊ុនចិនគ្រោងវិនិយោគទឹកប្រាក់ដល់ទៅ
៥០០ លានដុល្លារនៅ ខេត្តព្រះវិហារ។តើចិនគ្រោងរុករករ៉ែមាសនៅកម្ពុជាឬ?
RS: មានក្រុមហ៊ុនមួយចំនួននៅទីនេះកំពុងស្វែងរករ៉ែមាស។ ប៉ុន្តែបណ្តាក្រុមហ៊ុនចិនជាទូទៅមិនចាប់អារម្មណ៍លើការងាររុករកទេ។
ពួកគេចាប់អារម្មណ៍លើការងារអភិវឌ្ឍន៏ច្រើនជាង។
TGR: តាមទស្សនៈរបស់លោក តើអ្នកវិនិយោគគួរតែដឹងអ្វីខ្លះអំពីកម្ពុជា?
RS: កម្ពុជាគឺជាប្រទេសរស់រាយរាក់ទាក់ចំពោះអ្នកវិនិយោគទុន មានលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាព
មានច្បាប់វិនិយោគដ៏ល្អវិសេសវិសាល មានការលើកទឹកចិត្តមួយចំនួន និងប្រព័ន្ធ
ច្បាប់និងសារពើពន្ធដែលបានកសាងឡើងដើម្បីជំរុញការអភិវឌ្ឍ។ កម្ពុជាមានប្រព័ន្ធធនាគារ
លំដាប់ពិភពលោក ដែលមានធនាគារជាង ៥០ និងធនាគារពាណិជ្ជដ៏ធំមួយចំនួន និងគ្មានធនាគារ
ណាមួយទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុសកលលោកឡើយ។ មានកន្លែងជាច្រើន
ដែលអ្នក វិនិយោគអាចដាក់លុយរបស់ខ្លួននៅក្នុងប្រទេសនេះ។ មានឱកាសច្រើនណាស់នៅទីនេះ
ហើយ វានៅមិនទាន់ហួសពេលទេ។
TGR: តើមានក្រុមហ៊ុនរ៉ែណាខ្លះបច្ចុប្បន្នកំពុងដំណើរការនៅកម្ពុជា?
RS: ក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈរួមមាន៖
Angkor Gold Corp. (ANK:TSX.V),Brighton Mining Group Ltd. (BTN:ASX),Southern Gold Ltd. (SAU:ASX),Indochine Mining Ltd. (IDC:ASX) និង Renaissance Minerals Ltd. (RNS:ASX).
ហើយក៏មានក្រុមហ៊ុនមិនបានចុះបញ្ជីផងដែរដូចជាក្រុមហ៊ុន Liberty
Mining International Ltd.
TGR: តើធនធានរ៉ែសំខាន់អ្វីខ្លះដែលក្រុមហ៊ុនទាំងនោះកំពុងស្វែងរក?
RS: មានមាស ទង់ដែង
និងលោហធាតុមូលដ្ឋាន គឺជាធនធានរ៉ែសំខាន់ដែលគេកំពុងស្វែងរក។
មាសគឺជាអាទិភាពខ្ពស់ជាងគេនៅដំណាក់កាលនេះ ព្រោះវាមានភាពងាយស្រួលជាងគេក្នុង
ការអភិវឌ្ឍនៅក្នុងប្រទេសមួយដែលមិនធ្លាប់មានឧស្សហកម្មរ៉ែពីមុនមក។
TGR: ដោយសារវាគ្រាន់តែជាការរុករកនៅដំណាក់កាលនេះ
តើក្រុមហ៊ុនណាខ្លះដែលមានទំហំ ដីសំខាន់ៗ? ក្រុមហ៊ុនណាខ្លះបានខួង?
RS: ក្រុមហ៊ុនដែលសកម្មជាងគេនៅដំណាក់កាលនេះគឺក្រុមហ៊ុន
Angkor Gold។ ក្រុមហ៊ុននេះមានកន្លែងខួងបីកំពុងដំណើរការជាង១០.០០០ម៉ែត្រ
គ្រោងនៅឆ្នាំនេះ និងមានមនុស្សប្រហែល ១៥០
នាក់កំពុងធ្វើការនៅការដ្ឋាននោះ។ ក្រុមហ៊ុននេះកំពុងធ្វើការនៅលើចំណុចដៅជាច្រើន
និងកាន់កាប់ដីដ៏ធំមួយ។ ក្រុមហ៊ុននេះ គ្រប់គ្រងដោយប្រធានប្រតិបត្តិប្រកបដោយទស្សនវិស័យ
វែងឆ្ងាយគឺលោក Mike Weeks ដែលមានទស្សនៈសប្បុរសធម៌ផងដែរ។
លោកធ្វើការងារអភិវឌ្ឍន៍ សង្គមជាច្រើនរួមទាំងការងាររុករករ៉ែផងដែរ។
TGR: គាត់ពីមុនជាអ្នកធ្វើការងារនៅផ្នែកប្រេង
និង ឧស្ម័ន។ តើការងាររុករកមាសនៅកម្ពុជា ហាក់ដូចជាពិបាកបន្តិចសំរាប់រូបគាត់ទេ?
RS: គាត់មានប្រវត្តិនៅផ្នែកប្រេង
និងឧស្ម័នមែន ប៉ុន្តែតែខ្ញុំអាចនិយាយប្រាប់អ្នកបានថា ចាប់ពីពេលដែលខ្ញុំចំណាយពេលវេលាជាមួយគាត់មក
គាត់ផ្តោតការយកចិត្តទុកដាក់ ១០០% លើការអភិវឌ្ឍក្រុមហ៊ុនAngkor Gold។
TGR: តើក្រុមហ៊ុនAngkorគ្រោងលក់ភាគហ៊ុនអចលនវត្ថុខ្លះទៅឲ្យក្រុមហ៊ុនដទៃទេ?
RS: មិននៅក្នុងដំណាក់កាលនេះទេ
ខ្ញុំជឿថាអញ្ចឹង។ ប៉ុន្តែ ក្រុមហ៊ុននេះអាចបើកទូលាយ នៅពេលណាគំរោងខ្លះរបស់ខ្លួនខិតជិតដល់ដំណាក់កាលទទួលបានធនធាន។
ខ្ញុំបាននិយាយជាមួយគណៈគ្រប់គ្រង ហើយពួកគេនឹងបើកទូលាយក្នុងការជជែកជាមួយបណ្តាក្រុមហ៊ុនផ្សេងទៀត
អំពីការចូលរួមដើម្បីរុករកចំណុចដៅខ្លះទៀតពីព្រោះក្រុមហ៊ុននេះពិតជាមានទំហំ ដីធំមួយ។
TGR: តើក្រុមហ៊ុនAngkorមានទទួលបានលទ្ធផលជាវិជ្ជមានក្នុងការខួងទេ?
RS: ពិតជាមាន។
តំបន់សំខាន់ពីរ ដែលក្រុមហ៊ុននេះកំពុងធ្វើមានស្ថានភាពភូគព្ភសាស្រ្តខុសគ្នា
ខ្លាំង។ តំបន់មួយក្នុងនោះមានប្រព័ន្ធមួយដែលមានលក្ខណៈជាសរសៃមាស ដែលមានសក្តានុពលយ៉ាងតិចចំនួនមាស
០,៥ លាន ounces នៅដំណាក់កាលទីមួយ។
តំបន់មួយទៀតគឺជាប្រព័ន្ធទង់ដែង-មាស ដែលកំពុងខួងយ៉ាងសកម្មនាពេលនេះ។ តំបន់ទាំងពីរនេះ
ជាពិសេសតំបន់ទីពីរមានសក្តានុពលសម្បើមនិងកំពុងទទួលបានលទ្ធផលល្អ។
TGR: តើប្រព័ន្ធទង់ដែង-មាសធ្លាប់បានរុករកទេពីមុន?
RS: តំបន់ដែលមានប្រព័ន្ធទង់ដែង-មាសត្រូវបានរុករកតាំងពីឆ្នាំ
២០០៥។ ឆ្នាំនេះក្រុមហ៊ុន Angkorកំពុងជិតទៅដល់ប្រភពនៃតំបន់ដ៏ធំមួយដែលខុសប្លែកពីមុន។
TGR: តើមានក្រុមហ៊ុនផ្សេងទៀតដែលកំពុងខួងព្យាយាមបង្ហាញពីបរិមាណនៃលទ្ធផលខួងរបស់
ខ្លួនទេ?
RS: ក្រុមហ៊ុន Renaissance
Mineralsខួងបានលទ្ធផលខ្លះ។ ក្រុមហ៊ុននេះមានទំហំដីធំគួរសម និងមានធនធានរ៉ែមាសដែលរកឃើញបច្ចុប្បន្នកើនឡើងដល់ប្រហែល
៧២០.០០០ ounces នៅស្រទាប់រ៉ែមាស អូកាវៅ។ ខ្ញុំដឹងថាក្រុមហ៊ុននេះកំពុងមានផែនការរៀបចំកម្មវិធីខួងបន្ត
យ៉ាងសំខាន់មួយដែលចាប់ផ្តើមភ្លាមៗនេះ។ ក្រុមហ៊ុននេះខួងបានប្រហែល ៥០.០០០ ម៉ែត្រ
និង មានចំណុចដៅមួយចំនួនផ្សេងទៀតនៅតំបន់នេះ។ ក្រុមហ៊ុន Renaissance គឺជាក្រុមហ៊ុនមួយទទួលបានជោគជ័យនៅទីនេះ និងជាក្រុមមួយក្នុងចំណោមក្រុមហ៊ុនដែលចាប់ផ្តើមមុនគេទាក់ទងការរករ៉ែ។
TGR: តើមានក្រុមហ៊ុនណាទៀតដែលមានដំណើរការយូរហើយទេ?
RS: មានក្រុមហ៊ុនផ្សេងទៀតដែលមានដំណើរការយ៉ាងសកម្ម
ដូចជា ក្រុមហ៊ុន Indochine Mining ជាដើម។
ក្រុមហ៊ុននេះមានទំហំដីដ៏ធំមួយ និងកំពុងរុករកយ៉ាងសកម្ម។ ក្រុមហ៊ុន Indochine
បានអនុវត្តការងារនៅមូលដ្ឋានយ៉ាងច្រើន និងមានកម្មវិធីខួងជាមួយក្រុមហ៊ុន
Southern Gold និងក្រុមហ៊ុន Brighton Mining Group។ ប៉ុន្តែ ខ្ញុំជឿជាក់ថាក្រុមហ៊ុនទាំងនោះមិនទាន់មានអ្វីដូច គំរោងឈានមុខរបស់ក្រុមហ៊ុន
Angkor Gold ទេ។ ខ្ញុំគិតថាយើងអាចនិយាយបានថាក្រុមហ៊ុន Angkor
នឹងក្លាយជាក្រុមហ៊ុនដែលមានដំណើរការល្អ និងទទួលបានធនធាននៅក្នុងរយៈពេល
ប្រហែលមួយឆ្នាំទៀត។
TGR: តើលោកមានទទួលការហៅទូរស័ព្ទពីមិត្តភក្តិរបស់លោកនៅអូស្រ្តាលីទេសព្វថ្ងៃនេះ?
RS: គួរឲ្យចាប់អារម្មណ៍ដែរ
ខ្ញុំមានក្រុមហ៊ុនជាបន្តបន្ទាប់នៅទីនេះកាលពី ៦ខែទៅ ៨ខែមុននេះ។ គួរឲ្យកត់សំគាល់ដែលមានក្រុមហ៊ុន
ជាច្រើនចាប់អារម្មណ៍ចូលរួមក្នុងគំរោងបច្ចុប្បន្ន ធ្វើអាជីវកម្មរួមគ្នា ជ្រើសរើសតំបន់ថ្មី
ឬក៏ចុះមករៀនសូត្រអំពីប្រទេសនេះ។ ខ្ញុំរំពឹងថានឹងមានការប្រញាប់ប្រញាល់រត់រកដីនៅពេលអនាគតដ៏ខ្លីនេះ។
មនុស្សជាច្រើនកំពុងព្យាយាមចូលរួមក្នុងអាជីវកម្មនេះ នៅទីនេះនាពេលបច្ចុប្បន្ន។
TGR: ខ្ញុំគិតថាកម្ពុជាលែងជាប្រទេសអាថ៌កំបាំងទៀតហើយមែនទេ?
RS: នោះគឺជាអ្វីដែលយើងចង់គិត។
យើងមានសន្និសីទវិនិយោគទុនអន្តរជាតិមួយនៅទីនេះ កាលពីឆ្នាំមុន
ហើយមានការចូលរួមបានល្អ។ នោះគឺអ្វីមួយដែលបានលើកឡើងនៅក្នុងសន្និសីទ នោះគឺថាកម្ពុជាលែងជាប្រទេសអាថ៌កំបាំងទៀតហើយ។
វាគួរឲ្យភ្ញាក់ផ្អើលដែរ។ អាកាសចរណ៍ មួយចំនួនហោះហើរផ្ទាល់មកកម្ពុជាឥឡូវនេះ។ ជើងហោះហើរទាំងនោះមិនគ្រាន់តែសំរាប់អ្នកទេសចរទេ
គឺមានអ្នកវិនិយោគជាច្រើននៅក្នុងនោះ។ មូលនិធិមូលធនវិនិយោគ និងអាជីវកម្ម កំពុងបង្កើតឡើងនៅទី
នេះ។ ខ្ញុំមិនអាចស្រមៃថា៥ឆ្នាំទៅមុខទៀតនឹងក្លាយជាយ៉ាងណាទេ។
TGR: សូមអរគុណលោក Stanger
ដែលបានចែករំលែកទស្សនៈរបស់លោកអំពីកម្ពុជា