Friday, April 27, 2012

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃ​ទី​២៧ ខែ មេសា ឆ្នាំ២០១២






បទអត្ថាធិប្បាយ​៖ មន្ត្រី​មួយ​រូប​របស់​អង្គការ​សហប្រជាជាតិ​ វាយតម្លៃខុសអំពី​កម្ពុជា​


បទអត្ថាធិប្បាយ​

​មន្ត្រី​មួយ​រូប​របស់​អង្គការ​សហប្រជាជាតិ​ វាយតម្លៃខុសអំពី​កម្ពុជា​

          សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ អង្គការ និង​សមាគម ដែលបាន​ និង​កំ​ពុង​ពិនិត្យ​ពិចារណា និង​កែសម្រួល​ឡើង​វិញ​ដោយ​ក្រសួង​មហាផ្ទៃ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏សំ​ខាន់​នៃពង្រាង​ឯកសារគតិយុត្តិ ដើម្បីបំ​រើផល​ប្រយោជន៍របស់​​​ប្រជាពល​រដ្ឋ ក៏ដូច​ជា​ការ​ពង្រឹង​នីតិរដ្ឋ និង​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរឡើង។
សេចក្តីព្រាង​​ច្បាប់​​នេះ ​ត្រូវ​បាន​តាក់​តែង​ឡើងស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញដែល​ជាច្បាប់​កំ​ពូល​របស់រដ្ឋ និង​ជា​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការ ។

នៅ​ក្នុង​ដំ​ណើរការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់នេះ​ឡើង​​ គឺរាជ​រដ្ឋាភិបាល​ បាន​បើក​ទូលាយ​យ៉ាង​ចំ​ហរ នូវ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ចូល​រួម ​លើកជាទស្សនៈ ​យោបល់​ ពី​ក្រុម​អ្នក​ជំ​នាញការ​​ច្បាប់​នានា មកពី​បណ្តាប្រទេស​ជាច្រើន​ និង​បាន​ជជែក​ចោទ​សួរ​ដេញ​ដោល​អស់​ពេល​ដ៏យូរ​មក​ហើយ​ ជាពិសេស រាជ​រដ្ឋាភិបា​ថែម​ទាំង​បាន​អញ្ជើញ​តំ​ណាង​សហ​ជីព​ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​ ឱ្យមក​ចូល​រួម​​ផ្លាស់​ប្តូរ​យោបល់ ជាច្រើន​លើក​ច្រើន​សារ​​ ដើម្បីបង្ហាញ​ពី​​តម្លាភាព​ ក្នុង​ការ​​បង្កើត​​​បាន​នូវ​ច្បាប់ដ៏សុក្រិត សំ​រាប់ប្រើប្រាស់​ក្នុង​សង្គម​កម្ពុជា​។

បើ​ទោះជា​មាន​ការ​បើក​ទូលាយ​យ៉ាង​នេះ​ក្តី​ ប៉ុន្តែក៏នៅ​តែមាន​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ក្តាប់​តូច​ ដែល​មិន​ចង់​ឃើញ​ច្បាប់​នេះ​ចេញ​ជា​រូប​រាង​ ពីព្រោះ​បារម្ភខ្លាចប៉ះ​ពាល់​ ខាត​ដល់​ផល​ប្រយោជន៍​ និង​លាភសក្ការៈរបស់​ពួក​គេ គេបាន​នាំគ្នា​ប្រឆាំង​ឥត​ឈប់​ឈរ ក្នុង​ចំ​ណោម​នោះ​ មាន​ទាំង​ជន​បរទេស​មួយ​រូប​ដែល​ពុំបាន​យល់​ដឹង​អំពី​ស្ថាន​ការណ៍ពិត​នៅ​កម្ពុជា​ ក៏ចេញ​មក​ស្រែក​ប្រឆាំង​តវ៉ានឹង​គេដែរ។
តាម​រយៈការ​ចេញផ្សាយ​​​ថ្ងៃទី​២៦ ខែ មេសា ឆ្នាំ ២០១២ ក្នុង​គេហទំ​ព័ររបស់​​កម្មវិធី​សំ​ឡេង​ប្រជាធិបតេយ្យវី​អូ​ឌី (​www.vodho​tnews​.com) ជាពិសេសការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១២ នេះ លោកស្រី ណាវីភីឡៃ ប្រធាន​ឧត្តម​ស្នង​ការ​សហ​ប្រ​ជា​ជាតិ​ទទួលបន្ទុកផ្នែកសិទិ្ធមនុស្ស បានលើកឡើងថា « ទាំងអង្គការមិនមែនរដ្ឋាភិបាល សហជីពកម្មករ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស បញ្ញាវ័ន្ត អ្នកសារព័ត៌មាន ពួកគេត្រូវរងនូវការកៀបសង្កត់លើសកម្មភាពការងារ និងសេរីភាព របស់​ពួកគេ» លោកស្រីបាន​បន្ថែមទៀតថា «ប្រទេសកម្ពុជា​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ឲ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រទេសនេះ កំពុងតែរៀបរៀងច្បាប់ស្តីពីអង្គការ និងសមាគម ដែល​មាន​ចរិតរឹតត្បិតសកម្មភាពរបស់អង្គការទាំងឡាយនៅកម្ពុជា»

ទាំង​នេះ គឺជា​ការ​ប្រញាប់​ប្រញាល់​ជ្រុល​ហួសហេតុ​ ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋានអំពី​ស្ថាន​ការណ៍ពិត​​នៅ​កម្ពុជា​ ​ដោយ​លោកស្រី​ណាវីភីឡៃ បាន​បិទ​ភ្នែកទាំង​ពីរ  និង​ត្រចៀក​ក៏ត្រូវ​បាន​ញ៉ុក​រន្ធជិត ហើយ​​​លោក​ស្រីណាវីភីឡៃ បាន​យក​អារម្មណ៍​រវើរវាយ និង​ការ​ទទួល​បាន​នូវ​របាយការណ៍​ខ្មៅពី​ក្រុម​ប្រឆាំង​តែ​ម្ខាង​ ហើយ​ក៏ចាប់​ផ្តើម​បន្ទរសំ​ឡេង​វាយប្រហារ​មកលើរាជ​រដ្ឋាភិបាលតែម្តង​។

​​ ក្នុង​ឋានៈជាមន្ត្រី​មួយ​រូប​តំ​ណាង​ឱ្យ​ភ្នែក​ ច្រមុះ​ របស់​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ លោកស្រី​ ណាវីភីឡៃ គួរស្វែង​រក​ព័ត៌មានឱ្យ​បាន​ច្រើន​ជាង​នេះ​ មុន​នឹង​ផ្តល់​កិច្ច​សម្ភាសន៍​បរិហារ​រិះគន់​មកលើរដ្ឋាភិបាល​កម្ពុជា​ដែល​ជា​រដ្ឋ​មាននូវ​​អធិបតេយ្យ ឯករាជ្យមួយ។ មិន​មែន​បាន​ន័យ​ថា រាល់​អ្វី​ដែល​ជាការ​លើក​ឡើង​ដោយ​ភូត​កុហក មួល​បំ​ភ្លៃខុសពី​ការពិត​ ចេញ​មក​ពី​ក្រអូម​មាត់​របស់​លោកស្រី​ធ្វើ​ឱ្យ​ពល​រដ្ឋខ្មែរជឿតាម​ និង​កោត​សរសើរនោះ​ទេ។

 យោង​តាមតួរលេខពីក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅកម្ពុជា​ មាន​អង្គការ សមាគម​ដែលបាន​ចុះ​បញ្ជី​ មិនតិចជាង ៣០០០អង្គការនោះទេ ។ ដោយ​ឡែក​ បើតាមតួលេខអំពី​ការចុះបញ្ជីនៅ​ក្រសួងការងារវិញ​ មានសហជីព​ដែល​ចុះ​​បញ្ជីការ​​រួចមិនតិចជាង២ពាន់។ ក្នុង​ចំ​ណោម​ អង្គការ​ សមាគម​ទាំង​នោះ​ ក៏មាន​អង្គការ​មួយ​ចំ​នួន​ បាន​ជួល​ម៉ោង​ផ្សាយ​នៅ​តាម​ស្ថានីយ៍វិទ្យុ​ជាច្រើន និង​ផ្សាយ​បន្ត​ទៅ​តាម​បណ្តាខេត្តនានា ដើម្បី​បំ​រើ​សកម្មភាព​ការ​ងារ​របស់​អង្គការ​ខ្លួន និង​ថែម​ទាំង​បាន​បើក​វេទិកាសាធារណៈគ្រប់​ច្រកល្ហក​ ដោយ​ជានិច្ចកាល​ពួក​គេបាន​ប្រើប្រាស់​សិទ្ធិសេរីភាព​នោះ​យ៉ាង​ទូលាយ​ និង​អ្នក​ខ្លះ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដ៏ជ្រុល​​​ហួសព្រំ​ដែន​ រហូត​រិះគន់​ វាយប្រហារ​​ មកលើរាជ​រដ្ឋាភិបាលតាម​ទំ​នើង​ចិត្ត​ទៀត​ផង។ នេះ​ឬ​នៅកម្ពុជា​ដែល​ថា​ សិទ្ធិ​សេរីភាព​របស់​អង្គការ សមាគម​ត្រូវ​បាន​កៀប​សង្កត់?

តើ លោកស្រី​ ណាវីភីឡៃ បាន​ និង​កំ​ពុងដើរតួនាទី​ធ្វើ​ជាអ្នក​នាំពាក្យ​ឱ្យ​ក្រុម​អង្គការមួយ​ចំ​នួន​ និង​​បក្ស​ប្រឆាំង​ ឬក៏មក​បំ​ពេញ​ការងារ​នៅ​កម្ពុជា​ ដើម្បីបំ​ផ្លាញ​ការ​រីក​ចំ​រើន​របស់​កម្ពុជា​? ។ រាជ​រដ្ឋាភិបាល​ នៃព្រះ​រាជ​ណា​ចក្រកម្ពុជា​ ពិត​ជាមាន​នូវ​សុឆន្ទៈមុត​មាំបំ​ផុត​ក្នុង​ការជំ​រុញ​ឱ្យ​បង្កើត​ឡើង​នូវ​ ច្បាប់​ស្តី​ពី​ អង្គការ និង​សមាគម​ ពីព្រោះ​ សង្គម​កម្ពុជា​មាន​ការ​ប្រែប្រួល​ រីក​ចំ​រើន​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ពិត​ជា​ត្រូវ​ការ​ចាំបាច់​ និង​ខាន​មិន​បាន​នូវ​ការ​បង្កើត​ច្បាប់​ជាច្រើន​ដើម្បី​ធានា រក្សាឱ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខសង្គម និង​ការ​អភិវឌ្ឍ ក៏ដូច​ជាការ​​ផ្តល់​នូវ​​ទំ​នុក​ចិត្ត​សម្រាប់​អ្នក​វិនិយោគ​ផ្សេង​ៗ។
        
  គេបាន​ដឹង​ថា​ មាន​ប្រទេសចំនួន១១ហើយ បានបង្កើតច្បាប់អង្គការមិនមែនរដ្ឋាភិបាល ប្រទេស​ទាំង​នោះ​រួម​មាន៖ ប្រទេសចិន ឥណ្ឌា អូស្ត្រាលី សិង្ហបូរី ថៃ ជប៉ុន រុស្ស៊ី សហរដ្ឋអាមេរិក (រដ្ឋញ៉ូយក និង​រដ្ឋ​កាលីហ្​វ័រ​ញៀរ) បារាំង កូរ៉េ និងប្រទេសហ្វីលីពីន។​ បណ្តាប្រទេស​ទាំង​នោះ​គេធ្វើច្បាប់ក្នុងបំណងរក្សាសន្តិសុខ ការ​ពារ​ស្ថេរភាពនយោបាយ ចៀសវាងពួកភេរវៈកម្ម ដែលស្ថិតក្រោមស្លាកអង្គការមិនមែនរដ្ឋាភិបាល ដែល​ក្រុម​ជន​ទុច្ចរិតទាំងអស់នោះ​​ប៉ុនប៉ង​ធ្វើអ្វីដែលផ្ទុយពី​ច្បាប់។
    
      ដូច្នេះ នៅ​កម្ពុជា​ក៏ដូច​គ្នា​ដែរ ទិសដៅរបស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​តាក់​តែ​សេចក្តី​ព្រាង​ច្បាប់​ អង្គការ និង​សមាគម​នេះ​ឡើង​ គឺក្នុង​គោលបំ​ណង​ចង់​បង្ហាញ​នូវ​ចេតនា​លុបបំ​បាត់​នូវ​ភាព​អវិជ្ជមាន​នានាបង្កឡើង​ដោយ​ពួក​ក្រុម​ ដែល​ប្រឆាំង​នឹង​ច្បាប់​ និងក៏ដើម្បីនាំមក​នូវ​យុត្តិធម៌ និង​​ភាព​សុខសាន្ត​ជូន​ប្រជាពល​រដ្ឋទូ​ទៅ​ក្នុង​តំ​បន់​ និង​សកល​លោកផង​ដែរ ។  ដូច្នេះ​​ ពង្រាង​ច្បាប់​ថ្មី​មួយ​នេះ​ មិន​មែន​ជា​សត្រូវ​ជារបស់​​លោកស្រី​ ណាវីភីឡៃ  ដែល​តម្រូវ​ឱ្យ​លោកស្រី​បញ្ចុះតម្លៃខ្លួន​មកធ្វើ​ជាបាវ​បំ​រើឱ្យ​ក្រុមប្រឆាំងនោះឡើយ ។

លោកស្រី​ ណាវីភីឡៃ ​គួរគប្បី​រៀន​សូត្របន្ថែម​ទៀត​ឱ្យ​បាន​ច្រើន​ពី​កម្ពុជា​ ហើយ​ជាង​នេះ​ទៅ​ទៀត លោកស្រី​ក៏រិត​តែគួរគប្បី​យល់​ឱ្យ​បាន​ច្បាស់​ផងដែរអំពីកាតព្វ​កិច្ច​របស់​ប្រមុខរាជ​រដ្ឋាភិបាល​ ក្នុង​ការ​រក្សាស្ថិរភា​​នយោបាយ​ គឺកម្ពុជា​ នឹង​មិន​អនុញ្ញាតឱ្យ​លោកស្រី​ធ្វើ​ជាគ្រូបង្រៀន​របៀប​បង្គាប់​បញ្ជាដ៏ល្ងង់​ខ្លៅ​​នោះ​ទេ។

លោកស្រី​ គួរស្វែង​រក​ព័ត៌មាន​ឱ្យ​បាន​ច្រើន និង​ពង្រឹង​សមត្ថភាពខ្លួន​​ឱ្យ​បាន​រឹង​មាំជាង​នេះ​ ទើប​របាយការណ៍​​ដែល​​ផ្ញើ​ជូន​ទៅ​ចៅហ្វាយនាយ​របស់​លោកស្រី​អាច​យក​ជាការ​បាន​៕
         
ដោយៈ រួម ជាតិ