Saturday, May 19, 2012

ថ្នាក់​ដឹក​នាំ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី ពង្រឹង​វគ្គ​បំប៉ន​ពិសេស ដល់​យុវជន​ខេត្ត​តាកែវ



     នៅព្រឹក​ថ្ងៃទី ១៩ ខែ​ឧសភា ឆ្នាំ ២០១២ នៅទី​រួម​ខេត្ត តាកែវ មាន​បើកវគ្គ​បំប៉ន​ពិសេស​មួយ​ដល់​ក្រុម​ការងារ​យុវជន​ប្រតិកម្ម​រហ័ស ខេត្តតាកែវ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ លើការ​ងារ​តាម​ដាន ប្រមូល សរសេរ និង​បញ្ចេញ​ព័ត៌មាន ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ស្វាយ ស៊ីថា និង​ឯកឧត្តម កែវ​ រ៉េមី រដ្ឋលេ​ខាធិការ​ទីស្តីការគណៈ​រដ្ឋមន្រ្តី និងជា​ថ្នាក់​ដឹកនាំ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្មរហ័ស ដោយ​មាន​ការចូល​រួម​ពី​ឯកឧត្តម ឈិត សុខុន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​ក្រុមការ​ងារ​យុវជន​ថ្នាក់​ខេត្ត​ប្រមាណ​ជិត ៤.០០នាក់។
          ឯកឧត្តម ឈិត សុខុន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត មាន​មតិ​ស្វាគមន៍​ដោយ​បាន​ក្រើន​រំលឹក​ដល់​យុវជន​ប្រតិកម្ម​រហ័ស ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​ចាប់យក​ចំណេះ​ដឹង បន្ថែ​ម​ទៀត និងត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យបាន​សកម្ម​ក្នុងការ​បញ្ចេញ​មតិ ចូលរួម​ក្តាប់ ស្ថាន​ការណ៍វិវត្ត​នៃ​នយោបាយ និង​ចូលរួ​មវាយ​បក​ឲ្យបាន​ទាន់​ពេល​វេលា ទៅ​លើក្រុម​អគតិ​មួយ​ចំនួន ដែល​បាន​និយាយ​បំ​ភ្លើស​ខុស​ពីការ​ពិតមក​លើរាជ​​រដ្ឋាភិបាល​។
          លោកឡាយ វណ្ណៈ អភិ​បាល​រងខេត្ត និង​ជាប្រធា​នយុវជន​ខេត្តតា​កែវ បាន​ថ្លែង​សង្ខេប អំពី​ការងារ​ទូទៅ និង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅរបស់​ក្រុមការ​ងារ​យុវជន ថា ​បានចេញ​ដំណើរ​ទៅ​មុខ​បានល្អ​ហើយ ប៉ុន្តែ​ត្រូវ​បង្កើន​សមត្ថភាព​ជំនាញ​ឲ្យ​បានខ្លាំង​ជាង​នេះ​ថែម​ទៀត ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ថែរ​ក្សាស្ថិរភាព និងការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋា​ភិបាល។
          ឯកឧត្តម សាយ សំអាល់ អគ្គលេខា​ធិការ​រងរាជ​រដ្ឋាភិបាល និងជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានធ្វើ​ការបក​ស្រាយ​ពន្យល់​ដល់យុវជន​ថ្នាក់​ខេត្ត ឲ្យ​យល់​ច្បាស់​​អំពី​ឥទ្ធិពល​នៃការ​ប្រើប្រាស់​ប្រព័ន្ធផ្ស​ព្វផ្សាយ​សង្គម (Social Media) ដែល​កំពុងត្រូវ​បាន​បណ្តា​ប្រទេស​ជឿន​លឿន​នៅលើ​ពិភព​លោកពេញ​និយម យក​មកប្រើប្រាស់​ និងមានការ​​ទាក់ទាញ​ដល់​មនុស្ស​ទូទៅ ជាពិសេស​ក្នុង​ចំ​ណោម​យុវជន។ ឯកឧត្តម បាន​បន្តថា ប្រព័ន្ធ​​ផ្សព្វផ្សាយ​សង្គម គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីដែល​ប្រើប្រាស់​បានយ៉ាង​ទូលំ​ទូលាយ​ដោយ​​គ្មានព្រំដែន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីនេះ បានចាប់​ផ្តើម​បញ្ជ្រាប​ចូលមក​ក្នុង​ការ​ងារ​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា ដែល​គេអាច​ទទួល​បាន​នូវព័ត៌មាន​ថ្មីៗ​នៅជុំវិញ​​ពិភពលោក លឿន​រហ័ស​តាម​ប្រព័ន្ធ Internet Facebook, យូធូប, Twitter, SMS  និង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាលើ​ការងារ​ជំនួញ និង​ដៃគូស​ន្ទនា ដ៏​សកម្ម​ប្រចាំថ្ងៃ។​
          ឯកឧត្តម ក៏បាន​ស្នើដោយ​ជម្រុញ​ក្រុម​ការងារ​ថ្នាក់​ខេត្ត ត្រូវ​បង្កើត​នូវ​វគ្គបំពាក់​បំប៉ន​ឲ្យញឹក​ញាប់ ​ដើម្បី​បង្កើន​ចំណេះ​ដឹង ក៏ដូច​ជាការ​ចូលរួម​ក្នុង​បុព្វហេតុ​បំរើផល​ប្រយោជន៍​ជា​តិ ឆ្លើយ​តប​ទៅ​នឹង​ការ​បំពុល​ព័ត៌មាន​របស់ក្រុម​ប្រឆាំង​ឲ្យបានទាន់​ពេល​វេលា។
          ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ​ បាន​មាន​ប្រសាសន៍​ ដោយ​បំ​ផុសឱ្យ​ក្រុម​យុវជន​ប្រតិកម្ម​រហ័ស​ ត្រូវ​សកម្ម​នឹង​ការងារ​បន្ថែម​ទៀត​ និង​ត្រូវ​ចេះ​ប្រើប្រាស់​សក្តានុពល​ដ៏សំ​បូរ​បែប​ ដែល​ជាភាព​ឈាន​មុខ​គេ និង​ការ​រីកចំ​រើនស្ទើរគ្រប់​វិស័យ​នៅទូ​ទាំង​ខេត្តតាកែវ​ ឱ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ការ​ស្រឡាញ់​​ចូល​ចិត្តពី​ប្រជាពល​រដ្ឋ។
ឯកឧត្តម កែវ រ៉េមី  បាន​បញ្ជាក់​ថា​ រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃ គឺខំ​ប្រឹង​ថែរក្សា សន្តិភាព​ និង​ខំ​ប្រឹង​អភិវឌ្ឍប្រទេស​ ប៉ុន្តែ ក្រុម​ប្រឆាំង​មួយ​ចំ​នួន​  បាន​ និង​កំ​ពុង​តែធ្វើ​ជាឧបករណ៍​មួយ​បំ​រើ​ផល​ប្រយោជន៍​ឱ្យ​បរទេស​ ដោយ​មិន​ដឹង​ខ្លួន តាម​រយៈការ​ញុះញង់​ បង្ក​តែភាព​ចលាចលក្នុង​សង្គម​។​
          ឯកឧត្តម ស្វាយ ស៊ីថា ប្រធានគណៈ​ប្រតិភូ​ដឹកនាំ​វគ្គបំពាក់​បំប៉ន​ក្នុង​ឱកាស​នេះ​បាន​​​មាន​​ប្រសាសន៍​កោត​សរសើរ​ដល់ក្រុម​យុវជន​ប្រតិកម្មរ​ហ័ស​ខេត្ត ដែល​សំរេច​បាន​នូវ​លទ្ធផ​ល​បានយ៉ាង​ល្អ​ប្រសើរ ដោយ​គ្រាន់តែ​ក្នុងរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ​ក្រោយ​ពីក្រុម​ប្រតិកម្ម​រហ័ស​ថ្នាក់​ខេត្តបាន​បង្កើតឡើង។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​ចែករំលែក​នូវបទ​ពិសោធន៍​និង​ទិសដៅ​ការងារ​ថ្មីៗ​បន្ថែម​ជាច្រើន​ជូនដល់​ក្រុម​យុវជន ដើម្បីពង្រឹង​តួនាទីដ៏​មាន​សារៈសំខាន់​នេះ ប្រយោជន៍ អភិវឌ្ឍន៍​សមត្ថភាព​ក្នុងបេសក​កម្ម​រួមចំណែក​បកស្រាយ​ពន្យល់ អំពីសភាព​ការណ៍​ពិត និង​ការ​អភិវឌ្ឍន៍ជាក់​ស្តែង​របស់​រដ្ឋាភិបាល​ឲ្យបាន​ដល់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋា​ន និង​ទៅ​កាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ​។
ឯកឧត្តម បានមាន​ប្រសាសន៍​បន្តថា នេះ​ជាដំណាក់​កាល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ ដូច្នេះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គឺបាន និង​កំពុង​ដើរតូ​នាទី​សំខាន់​ណាស់​ជាពិសេស ក្រុម​យុវជន​ប្រតិកម្ម​រហ័ស ត្រូវទទួល​បាន​នូវ​ព័ត៌មាន​ឲ្យ​បានរ​ហ័ស និង​បក​ស្រាយ​ពន្យល់​ទៅប្រជា​ពលរដ្ឋ​អំពី​ការ​ពិតនៃ​សភាពការណ៏​នយោបាយ ក៏ដូច​ជា​សមិទ្ធិផល​ជាច្រើន​សន្ធឹក​សន្ធាប់​របស់​រដ្ឋា​ភិបាល​ដែល​សំរេច​បាន​ ស្រប​តាម​ការ​យល់​ដឹង និង​ទស្សនៈ​របស់​ប្រជាព​លរដ្ឋ។
ឯកឧត្តម​ ស្វាយ ស៊ីថា​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ក្រុម​យុវជន គឺត្រូវ​បង្កើននូវ​​ភាព​សកម្ម​ក្នុង​ការ​ប្រើប្រាស់​ Facebook , sms ដើម្បី​ប្រសិទ្ធភាព​ ល្បឿន និង​ឥទ្ធិពល​ របស់​ប្រព័ន្ធ​ផ្សាព្វ​ផ្សាយ​សង្គម​ ដែល​រាជរដ្ឋាភិបាល​បាន​ និង​កំ​ពុង​បើក​ទូ​លាយ​នេះ​ ដើម្បី​ជា​ប្រយោជន៍​រក្សានូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចី​រភាព។

អត្ថបទៈ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​