Monday, May 28, 2012

ស្ពានអាកាសទី៣ ត្រៀមបង្ហាញរូបរាង ក្នុងពេលឆាប់ៗ ខាងមុខនេះ


ដោយៈ ហួន ស្រីលីន

ភ្នំពេញៈ ដើម្បីចូលរួមចែករំលែក ការធ្វើ​ចរាចរណ៍ឲ្យ មានភាពកាន់តែងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ អភិបាល​រាជធានីភ្នំពេញ បានជួបប្រជុំ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​លំអិត លើគម្រោងស្​ថាប​នាស្ពានអាកាសទី៣ ពាក់​ព័ន្ធ​ទៅនឹង​ផល​ប៉ះពាល់នានា ក្នុងការ​ចាប់​ផ្តើម​អនុវត្ត គម្រោង​ស្ថាបនានេះ។

នៅក្នុងសេចក្តីប្រកាស របស់​សាលា​រាជធានី​ភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែ​ឧសភា​ បានឲ្យដឹងថា គម្រោង​សាង​សង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ បានប៉ះពាល់ដល់លំនៅដ្ឋាន ប្រជា​ពលរដ្ឋចំនួន ១១៨ខ្នង បង្គោល​ភ្លើង​អគ្គិសនីចំនួន ៣០បង្គោល បង្គោលភ្លើងបំភ្លឺសាធារណៈចំនួន ៤១បង្គោល ដើមឈើចំនួន ១៩ ដើម រួមទាំងបណ្តាញលូ បណ្តាញខ្សែកាប ប្រៃសណីយ៍ ខ្សែកាបអុបទិក និងបំពង់ទឹកស្អាត របស់រដ្ឋាករទឹក មួយចំនួនទៀត។

នៅក្នុងឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ក៏បានមានប្រសាសន៍ថា ស្ថាន​ភាព​​​ចរាចរណ៍ នៅចំណុចស្ពាន ស្ទឹងមាន​ជ័យ​  បច្ចុប្បន្នកាន់មាន សភាពយ៉ាប់យ៉ឺន ដោយ​សារ​​កំណើន​មធ្យោបាយ របស់ប្រជាពលរដ្ឋផង ដូច្នេះហើយបានជារាជរដ្ឋាភិបាល ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អនុវត្តការងារនេះ ឲ្យបានលឿន ទោះបីគ្រប់ភាគីពាក់ព័ន្ធ មានការ​មមាញឹក​យ៉ាងណាក្តី ក៍ត្រូវ​ជំរុញ​ការងារ​ស្ថាបនា​ស្ពានអាកាសនេះ ឲ្យបានឆាប់រហ័ស។ ពិសេស​ជំហានដំបូង ត្រូវដោះស្រាយផលប៉ះពាល់ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រួមទាំង​ផល​ប៉ះពាល់​ផ្សេងទៀត របស់ស្ថាប័នមួយចំនួន ហើយត្រូវធ្វើយ៉ាងណាឲ្យបានម៉ត់ចត់ជាទីបំផុត។

លោក កែប ជុតិមា បានណែនាំដល់រដ្ឋបាល សាលារាជធានីភ្នំពេញ សហការជាមួយ មន្ទីរ​សាធារ​ណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ត្រូវរៀបចំកម្មវិធី ឲ្យបានច្បាស់លាស់ ដើម្បី​ត្រៀម​ការ​សាងសង់ ស្ពានអាកាសស្ទឹងមានជ័យ ពិសេសលើការងារ ដោះស្រាយផលប៉ះពាល់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋធ្វើឲ្យបានល្អ និងម៉ឺងម៉ាត់ ជាទីបំផុត ដោយអនុវត្តតាមនីតិវិធីច្បាប់ ស្រប​ទៅតាម​គោល​ការណ៍ ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រោងនឹងចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១២ នេះតទៅ ៕


កម្ពុជា-ហ្គីណេ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ និង​មិត្តភាព​


ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ និង​មិត្តភាព​ជាមួយ​ឯកឧត្តម KOUTOUBOU Moustapha SANO រដ្ឋមន្ត្រី​ក្រសួង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​សាធារណរដ្ឋ​ហ្គី​ណេ ​ នា​​ថ្ងៃ​ទី ​២៥ ​ឧសភា​ ឆ្នាំ ២០១២ នៅ​វិមាន​សន្តិភាព​  ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​និង​​ឯកឧត្តម Alpha CONDE ប្រធានាធិបតី​សាធារណរដ្ឋ​ហ្គី​ណេ​ បន្ទាប់​​ពី​​​ជំនួប​ចរចា​ទ្វេ​ភាគី។​

​ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ ​ដឹងថា​ សាធារណរដ្ឋ​ហ្គីណេ បាន​ស្នើសុំទិញ​អង្ករ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ចំនួន ៤ម៉ឺន​តោន ដើម្បី​នាំចេញ​​ទៅកាន់ សាធារណរដ្ឋ​ហ្គីណេ ក្នុង​ពេលឆាប់ៗ​នេះ រួមទាំង​ស្នើ​សុំឲ្យ​មាន ផ្តល់​អ្នក​បច្ចេកទេស​កសិកម្ម​ពីកម្ពុជា ទៅកាន់​សាធារណ​រដ្ឋ​ហ្គីណេ​ផងដែរ។​ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​ទ្វេភាគី​ជា មួយ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​រយៈពេល​ជាង ១ ម៉ោង​ ទន្ទឹម​នឹង​​​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​អ្វីដែល​បាន​កើត​មាន​ឡើង​​នៅ​ កម្ពុជា កាលពី​សម័យ​ដែល​ពួក​ខ្មែរ​ក្រហម​បាន​​កាន់អំណាច​ ​ ឯកឧត្តម Alpha CONDE ​ប្រធានា​ធិបតី​សាធារណរដ្ឋ​ហ្គីណេ ក៏បាន​សំដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ ការ​រីក​ចំរើន​ និង​អភិវឌ្ឍ​យ៉ាង​​ឆាប់​រហ័ស​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម​​ជំនួយការ​ឲ្យ​ដឹងថា ឯកឧត្តម Alpha CONDE ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​ហ្គីណេ​មាន​ប្រសាសន៍​ថា កាល​ពីឆ្នាំ ២០០៨ ប្រទេស​យើង​ទាំង​ពីរ មាន​ការ​រៀបចំ​ផ្លាស់ប្តូរ​ទំនាក់​ទំនង កិច្ច​សហ​ប្រតិ​បត្តិ​ការ នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ទៅលើ​បញ្ហា​កិច្ច​សហ​ប្រតិ​បត្តិ​ការ នៃ​វិស័យ​កសិកម្ម ប៉ុន្តែ​ប្រទេស​ហ្គីណេ មិន​បាន​បំពេញ និង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នោះ​ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ទេ ទើប​តែ​ពេល​នេះ តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ របស់​ឯកឧត្តម មកកាន់​ប្រទេស កម្ពុជា នៅ​ពេល​នេះ ឯកឧត្តម នឹង​ខិត​ខំ​បំពេញ និង​បន្តជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ លើ​វិស័យ​កសិកម្ម​នោះ ដើម្បី ទទួល​បាន​នូវ​ភាព ឈ្នះ ឈ្នះ សំរាប់​ប្រទេស​ទាំងពីរ។

​ឯកឧត្តម Alpha CONDE បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ហ្គី​ណេ​ជា​ប្រទេសមួយ ដែល​សំបូរ​​ទៅដោយ​ធនធានធម្មជាតិ ប៉ុន្តែ​ហ្គី​ណេ​នៅតែមាន​ភាពក្រីក្រ​នៅឡើយ ដែល​កត្តា​នេះ​បណ្តាលមកពី​អភិបាលកិច្ច​មិនល្អ​។​ ប៉ុន្តែ​ក្នុងនាម​​ឯកឧត្តម​​ដែល​ត្រូវបានជាប់​ឆ្នោត​ធ្វើជា​ប្រធានាធិបតី ឯកឧត្តម​​នឹង​ប្រឹង​ប្រែង​​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ធនធានធម្មជាតិ​ទាំងឡាយ​ ដែល​ប្រទេស​ហ្គី​ណេ​មាន​ត្រូវ បាន​ចែកចាយ​ជូន​ដល់​​ប្រជាជន​ហ្គី​ណេ​គ្រប់ៗ​រូប​។​ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​កសិកម្ម​វិញ ឯកឧត្តម​ប្រ​ធានា​ធិបតី​មាន​ប្រសាសន៍​ថា ប្រទេស​​ហ្គី​ណេ ហាក់បីដូចជា​បាន​បោះជំហាន​ថយក្រោយ​លើ​វិស័យ​កសិកម្ម ព្រោះ​ទិន្នផល​ស្រូវ​ដែល​ទទួល​បាន​ក្នុង​មួយ​ហិកតា​គឺ​ត្រឹមតែ​ពី ៥០០ ទៅ​១០០០​គីឡូក្រាម​តែប៉ុណ្ណោះ​។ ចំណែក​ផ្ទៃដី​ដែលមាន​សម្រាប់ធ្វើ​ការដាំ​ដុះ​មាន​ប្រមាណ ៦ លាន​ហិកតា តែ​ការដាំដុះ​វិញ​បានតែ ១០% ហើយ​ដោយសារតែ​ហេតុផល​នេះហើយ​ទើប ឯកឧត្តម​ប្រធានាធិបតី​បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជូន​អ្នកជំនាញការ​ទៅ​បំពាក់​បំប៉ន​បច្ចេកទេស​វិស័យ​កសិកម្ម​នៅ​ប្រទេស​ ហ្គី​ណេ​តែម្តង​។​

​ឯកឧត្តម​ អ៊ាង សុផល្លែត ថ្លែងថា ឯកឧត្តម Alpha CONDE ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ​ ផងដែរ​អំ ពី​កំណែទម្រង់​ដែល​ប្រទេស​ហ្គី​ណេ​កំពុងតែ​រៀបចំ ដែលមាន​ទាំង​ការរៀបចំ​សន្តិសុខ ការរៀប​ចំកាត់ បន្ថយ​កងទ័ព ការរៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​អភិបាលកិច្ច​ល្អជា​ដើម ដើម្បី​ធ្វើយ៉ាងណា ជម្រុញ​ប្រទេស​ហ្គី​ណេ​ឲ្យ​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ និង​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខនេះ​។​


​នៅក្នុង​ជំនួប​នោះ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បានលើកឡើង ​​ជម្រាប​ប្រធានា​ធិបតីនៃ​សាធា​រណ​រដ្ឋ​ហ្គីណេ​​​​អំពី​ប្រវត្តិ​របស់​ ប្រទេស​កម្ពុជា និង​នយោបាយ​​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​រួមមាន​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​ឲ្យ​បាន​ជាង ១%​ក្នុង​មួយឆ្នាំ នឹងធ្វើ​ឲ្យ​​សេដ្ឋ​កិច្ច​​មាន​កំណើន​​ប្រមាណ ៧%​ ក្នុង​មួយឆ្នាំ និង​បញ្ហា​​​ប្រឈម​នានា​ដែល​រាជរដ្ឋាភិបាល​​កំពុងតែ​ធ្វើកំណែទម្រង់​​។​

​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​រៀបចំ​ជា​ពីរ​ដំណាក់កាល​សម្រាប់​ការបញ្ជូន​អ្នកជំនាញការ​ កសិកម្ម​ទៅ​ប្រទេស ហ្គី​ណេ ។ ​ទី ១ បញ្ជូន​ក្រុម​ទៅធ្វើ​ការវាយតម្លៃ​អំពី​តម្រូវការ ដើម្បី​បញ្ជូន​អ្នក​បច្ចេកទេស​ឲ្យ​បាន​ចំ ទិសដៅ​តែម្តង​។​ពាក់​ព័ន្ធ​​ជាមួយ​ការនាំ​អង្ករ​ចេញ ដែល​ប្រទេស​ហ្គី​ណេ​មាន​តម្រូវការ​ចំនួន ៤ ម៉ឺន​តោន ក្នុងពេល​ឆាប់ៗ​នោះ សម្តេច​តេ​ជោ​បាន ​ណែនាំ​ឲ្យ​មន្ត្រី​របស់​ប្រទេស​ហ្គី​ណេ​សហការ​ជាមួយ​ក្រសួង កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​​សមាគម​ម៉ាស៊ីនកិនស្រូវ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​នូវ​បញ្ហា​នេះ និង​នាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​​ហ្គី​ណេ​តែម្តង​។​ សម្តេច​តេ​ជោ​ ថ្លែងថា កម្ពុជា​នឹង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​យ៉ាង​ណា​​បំពេញ​នូវ​តម្រូវ​ការជួយ​ដល់​មិត្តភក្តិ​គឺ​ប្រទេស​ ហ្គី​ណេ​នេះឯង​។
​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​រយៈ​ពេល​ ៣ ថ្ងៃ​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឯកឧត្តម Alpha CONDE ប្រធានាធិបតី​សាធារណរដ្ឋ​ហ្គី​ណេដែល​ជា​ភ្ញៀវ​របស់​ព្រះ​មហា​ក្សត្រ​ព្រះ​បរមនាថ​ នរោត្ត​ម សីហ​មុនី​ បាន​អញ្ជើញ​មកដល់​ព្រះរាជា​ណា​ចក្រ​កម្ពុជា កាលពី​រាត្រី​ថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០១២ ដោយ​បានទទួល​​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ដោយ​សម្តេច​ចៅហ្វា​វាំង គង់ សំអុល ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​៕

អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស

បទ​វិចារណកថា ៖ ប្រជាពលរដ្ឋ​នៅតែគាំទ្រ​បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​​បន្តទៀត​


បទ​វិចារណកថា
ប្រជាពលរដ្ឋ​នៅតែគាំទ្រ​បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​​បន្តទៀត​

ថ្មីៗនេះ​ មេបននយោបាយតូច​មួយដដែល​ ​បានប្រឹងប្រែង​សន្យាភូតកុហក​ប្រជា​ពលរដ្ឋ​​បន្តទៀត​ហើយ​ ទោះបីជាពីមុនៗមកការភូតរបស់ជននោះ​ត្រូវបានប្រជាពលរដ្ឋ​មើលឃើញ​ថា​​ជា​​នយោបាយ ​រវើរវាយ​ ធ្វើឲ្យរាស្ត្រ​ត្រេកត្រអាល​ក៏ដោយ​។ តាមពិតការ​ស្រែក​របស់​គាត់នោះ​គឺ​មិនមែន​ជាគោលនយោបាយនោះទេ​ តែជាការសន្យា​ខ្យល់​ ពីព្រោះ​ជននោះ​តែងតែ​​ប្រើ​ពាក្យ​ថា​ ប្រសិនបើៗ​ ជាប់មិនដាច់ពីមាត់ឡើយ​។

ជាក់ស្តែងគេបានស្រែកថា ​ ប្រសិន​បើ​មេឃុំ​របស់ខ្លួន​ជាប់ឆ្នោត​ នឹងធ្វើនេះ ឬធ្វើនោះ​ជាដើម​។​ ចំណុច​ដែលគួរ​ឲ្យ​កត់​​សំគាល់​​នោះ​គឺ សមាសភាពឈរឈ្មោះ​មេឃុំរបស់បន​នយោបា​យ​មួយនេះ​ គឺគ្មាន​សមត្ថភាព​​ដឹកនាំ​ជម្រុញ​ការ​អភិវឌ្ឍឃុំសង្កាត់តែម្តង​ ពីព្រោះ​មេបន​​នយោបាយ​នេះ​បាន​បញ្ជាក់​​ច្បាស់​ណាស់​​ថា​ ប្រសិនបើមេឃុំរបស់ខ្លួនឈ្នះឆ្នោត គឺគេនឹង​យក មេឃុំ​នោះ​ទៅ​បង្រៀន​​សិន ទើប​​អាច​​ធ្វើការ​កើត​​។ ដូច្នេះបើ​ធនធាន​មនុស្ស​របស់​បក្សនយោបាយ នោះ​ខ្សោយ​យ៉ាងនេះ តើឲ្យប្រជាពលរដ្ឋ​បោះ​ឆ្នោតឲ្យម្តេចកើត​?​។

ជនប្រជាភិថុតមួយ ​នេះ ក៏បានប៉្រូទៀតថា​ ប្រសិនបើ ឃុំណាគេឈ្នះ គេអាចស្នើ​ខ្ចី​លុយ​ពី​អង្គការ​នានា​ដើម្បីអភិវឌ្ឍភូមិឃុំ​ទាំងនោះ​។​ ត្រង់​នេះ​ គឺ​ប្រជាពលរដ្ឋគ្មានជំនឿឡើយ​ ពីព្រោះ​មេ​បន​​នយោបាយនេះក៏ធ្លាប់បានខ្ចីលុយ​ប្រជា​ពលរដ្ឋ​ម្នាក់​ចំនួន​ ១ម៉ឺន​ ៧ពាន់​បីរយ​ដុល្លារ​ យក​ទៅ​ទិញ​​​​រថ​យន្ត ឡិចស៊ីស​ ជិះមក​ទល់​ពេល​​នេះ គឺពុំទាន់សង​នៅឡើយទេ ហើយពលរដ្ឋម្នាក់នោះ ធ្វើ​​​​អ្វីមិនកើត​មានតែពាក្យ​ទារប្រាក់វិញថា « សង ឬមិនសង​ »​ តែ​ប៉ុណ្ណោះ ដូច្នេះ​ តើ​ជន​កំហូច​នោះ​​​​​មាន​​សមត្ថភាព​ឯណា​ទៅស្នើ​ខ្ចី​លុយ​អង្គការ​នានា​នោះ​? ​ គឺ​ប្រាកដ​​ជា​មិនសង​គេទៀត​ឡើយ​​។ នេះ​បានចំជា​កំពូល​ជន​បោក​ប្រាស់​ពិតៗ​មែន​។​ ​​

ដូច្នេះ​ មុន​នឹង​បោះឆ្នោត​សូមប្រជាពលរដ្ឋ​ពិចារណា​អំពីភាពគ្មាន​គុណធម៌ អំពី​ចរិត​មាយា​ទ​​​​មិន​ថ្លៃថ្នូរ​ និងឧបាយកលទុច្ចរិត​របស់មេបននយោបាយ​​មួយនេះ​ឲ្យបាន​ច្បាស់​លាស់​​សិន​​។​​
ចំណែកគណបក្ស ​ប្រជាជនកម្ពុជា​ មិនមែន​ជាគណបក្សដែលដើរសន្យានោះទេ​ តែ​ជា​​គណបក្ស​​ដែល​កើតចេញពីប្រជាជន​ ហើយ​ហ៊ាន​​ធ្វើអ្វីៗ ចេញជាសមិទ្ធផលពិតៗ​​ជូន​​ប្រជាជន និង​បាន​រំដោះ​ប្រជាជន​​​ឲ្យរស់រានមានជីវិត​ពីរបប​ប្រល័យ​ពូជសាសន៍ រស់នៅ​រួមសុខ​រួមទុក្ខ​​ជា​មួយ​​​ប្រជាជន​ ​​ហើយបានកសាងប្រទេសពីបាតដៃទទេរ​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ច្រើនសន្ធឹក​សន្ធាប់​​ មានស្ពាន ថ្នល់ វត្តអារាម សាលារៀន​ ប្រព័ន្ធធារាសាស្ត្រ​ ភ្លើងអគ្គិសនី​​​​ ទៅដល់​ទី​ជនបទ​​ជាបន្តបន្ទាប់​។​

ទស្សនៈ​ របស់​ប្រជាពលរដ្ឋ​ ទាំង​បង​ប្អូន​នៅ​ជន​បទ​ ទាំង​បង​ប្អូន​នៅ​ទី​ក្រុង​​ គឺ​គាត់​​សប្បាយ​រីក​រាយ​ណាស់​ ចំពោះ​សមិទ្ធផល​ជាតិ​ ដូច​ជា​ស្ពាន ​ផ្លូវ​ សាលារៀន​ មន្ទីរពេទ្យ ដែល​​កើត​មាន​​នៅ​លើ​ទឹក​ដី​របស់​យើង​​​ បងប្អូនតែងតែយល់ថា​​ សុទ្ធសឹង​ជា​​សមិទ្ធផលដែល​បង​ប្អូន​ទាំង​នោះ​អាច​ទាញ​យក​ប្រយោជន៍​​ ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​បាន​ប្រសើរ​​ឡើង​ជាលំដាប់​។​ ប៉ុន្តែ​សម្រាប់​គណបក្សប្រឆាំង​ ជាពិសេសបននយោបាយ​តូចតាច​មួយនោះ​ ត្រូវបានប្រជាពលរដ្ឋ​​មើលមិនឃើញ​​​ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍន៍​​អ្វី​ សោះឡើយ​។​ ប្រជាពលរដ្ឋ​ឃើញ​មាន​តែ​រាជ​រដ្ឋាភិបាល​​តែ​ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​តែ​ម្តង។

 ដូច្នេះហើយទើប រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​​ការដឹក​នាំ​របស់​ សម្តេចតេជោ ហ៊ុន សែន​ ​មានការគាំទ្រ​ពី​ប្រជាពលរដ្ឋ​​រហូត​​ដល់​​ទៅ​​ជាង​៨០%​ ឯណោះ​។​ នេះបញ្ជាក់ថា​ប្រជាពលរដ្ឋ​ មាន​ជំនឿ​ជឿជាក់​​ចំពោះ​គណបក្ស​​ប្រជាជន​កម្ពុជា​​ ហើយ​នៅ​តែបន្តបោះឆ្នោត​គាំទ្រ​គណបក្ស​​​នេះ​តទៅ​​ទៀត ដើម្បីបន្ត​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​បងប្អូន​​ឲ្យកាន់​តែ​​​រីកចម្រើន​ និង​ដើម្បី​​កាត់​​បន្ថយ​​នូវ​ភាព​ក្រីក្រ​​​នៅជនបទ​ឲ្យ​បាន​ជាអតិប្បរមា​៕​ ​​

អត្ថបទដោយៈ ពង្ស សុក្រិត