Wednesday, June 13, 2012

ទស្សនៈ ពល​រដ្ឋម្ចាស់​ឆ្នោត​៖ គ្រួសារខ្ញុំមិនចាញ់បោកគណបក្សសិទ្ធិមនុស្សជាដាច់ខាត!


ទស្សនៈ
ពល​រដ្ឋម្ចាស់​ឆ្នោត​  ​   

គ្រួសារខ្ញុំមិនចាញ់បោកគណបក្សសិទ្ធិមនុស្សជាដាច់ខាត!

          ដល់ពេល​វេលាដែលគណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​សន្យា មុន​ពេល​បោះ​ឆ្នោត​ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជាពល​រដ្ឋជាសមិទ្ធផល​ជាក់​ស្តែងហើយ​ ក្នុង​ចំ​ណោមនោះ ការ​សន្យា​របស់​​គណបក្ស​សិទ្ធិមនុស្ស គឺពុំ​ត្រូវ​បាន​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋាន​ជឿ ទុក​ចិត្តបាន​នោះ​ទេ ។
ខ្ញុំ​បាទ និង​ក្រុម​គ្រួសារ​របស់ខ្ញុំ ​គឺ​​ជាប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​នៅ​ខេត្ត កំពត​ បានស្តាប់​ឮនូវ​ការ​ឃោសនា​បោក​ប្រាស់​របស់​លោក កឹម សុខា ថា បើសិន​គណ​បក្ស​សិទ្ធិ​មនុស្សឈ្នះ​ ឆ្នោត​ក្រុម​ប្រឹក្សាឃុំ‑សង្កាត់​នៅថ្ងៃទី​៣​ ​ខែ​មិថុនា ឆ្នាំ២០១២  គណបក្សសិទ្ធិ​​មនុស្ស នឹង​ធ្វើ​អណ្តូង​ទឹក​ជូន​ប្រជា​ពល​​រដ្ឋ​នៅ​ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១២ភ្លាម  សន្យាថា បើសិន​គណ​បក្ស​​ឈ្នះឆ្នោត គណបក្ស​សិទ្ធិ​មនុស្ស នឹង​ជូន​លុយ​ចាស់ៗ​៤​ម៉ឺន​រៀល សន្យាថា បើសិន​គណ​បក្ស​ឈ្នះ​ឆ្នោត​គណបក្ស នឹង​​ព្យាបាល​ជំងឺ​មិន​យក​លុយ  បើសិន​គេ​ឈ្នះ​ឆ្នោត​​ ​គេនឹងធ្វើ​ទឹក​​​ស្អាត និងបង្គន់​អនាម័យ.... ។ល។ និង​។ល។​
គ្រាន់​តែទទួល​បាន​ការ​ឈ្នះ​សម្លេង​ឆ្នោត​មេឃុំចំ​នួន​ ១៨ឃុំ​ភ្លាម​ ក្នុង​ខណៈពេល​ចុះ​ទៅជួប​អរគុណ​ដល់​ប្រជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​​នៅ​ឯស្រុក​ឈូក​ ខេត្តកំ​ពត លោក​ កឹម​សុខា បែរជា​ក្រឡាស់សម្តី​ថា «  ឥឡូវ​បង​ប្អូន​ទៅ​ពេទ្យ  ចេញ​លុយ​ខ្លួន​ឯង​សិន​ចុះ ចាំយើង​ឈ្នះ​នៅ​ឆ្នាំ២០១៣  ចំ​ពោះ​ប្រជាពល​រដ្ឋក្រី​ក្រ រដ្ឋាភិបាល​របស់គណបក្ស​សិទ្ធិមនុស្សនឹង​ចេញ​លុយ​ឱ្យ​ »។
មិន​ត្រឹម​តែប៉ុណ្ណោះ​ កឹម សុខា មិន​បាន​និយាយមួយ​ម៉ាត់​សោះថា សូម​បង​ប្អូន​មក​ទទួល​អណ្តូង​ទឹក​គ្រប់​ៗគ្នា​ ពីព្រោះ​គណបក្ស​របស់​ខ្ញុំ កឹម សុខា បាន​ជាប់​ឆ្នោត​១៨ឃុំ​ហើយ​  គឺអត់​ឮទាល់​តែ​សោះ វាខុសពី​កាលរដូវ​ឃោសនាបោះ​ឆ្នោត​ គឺបក្ស​សិទ្ធិ​មនុស្សដើរបោកប្រាស់គេ ដោយ​​សន្យាយ៉ាង​សម្បើម​ដៃ « ជាប់​ឆ្នោត​ថ្ងៃ៣ ធ្វើ​អណ្តូង​ថ្ងៃទី​៤ និង​ទី​៥ ខែ​មិថុនា ឆ្នាំ ២០១២»។​
បើទោះបី​ជាបក្ស​សិទ្ធិមនុស្សមិន​មក​ធ្វើ​អណ្តូង ក៏ប្រជាពល​រដ្ឋមិន​ខ្វះ​ទឹក​ប្រើ​ដែរ ពីព្រោះ​ស្ទើរទូ​ទាំង​ប្រទេស​ គឺមាន​អណ្តូង​ទឹក​ជាច្រើន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា រួម​ជាមួយ​ដៃគូអភិវឌ្ឍ បាន​ជីក​ជូន​ប្រជាពល​រដ្ឋសម្រាប់​សម្រួល​ការ​ខ្វះ​ខាតនៅ​តាម​មូល​ដ្ឋាន​ និង​ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ក្រី​ក្ររបស់​ប្រជាពល​រដ្ឋ​ ដោយ​មិន​រង់​ចាំគណបក្ស​សិទ្ធិ​មនុស្សឈ្នះ​នោះ​ទេ ។ បើ​នៅ​រង់​ចាំដល់​ពេល​នោះ ប្រជាជននឹង​អត់​ទឹក​ប្រើប្រាស់ក្រៀម​ក្រពះស្លាប់​អស់​ហើយ​។
ដូចគ្នា​នេះ​ដែរ​ ទាំងបង្គន់អនាម័យ​ ​មន្ទីរពេទ្យ​ ផ្លូវ​ សាលារៀន ផ្សារ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ គឺរាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ បាន​កសាង​រួចហើយ​នូវ​​សមិទ្ធផល​អស់​ទាំង​នោះ ដោយ​ឡែក ចំ​ពោះ​សម្ភារប្រើប្រាស់នៅ​តាម​សាលាឃុំ‑ សង្កាត់​ ​ បច្ចុប្បន្នមាន​​ឧបករណ៍ប្រើប្រាស់​សម​ល្មម​តាម​លទ្ធភាព គឺមិន​ឱ្យ​រាំង​ស្ទះដល់​​ការ​សម្រួល​ឯកសាជូន​ប្រជាពល​រដ្ឋនោះ​ឡើយ​។ គឺមិន​ដូចអ្វី​ដែល​គណបក្ស​ សិទ្ធិ​មនុស្ស​ សន្យាថា គេនឹង​ដឹក​ម៉ាស៊ីនព្រីនធ័រ និង​កុំព្យូទ័រ​ យក​ទៅ​ដាក់​នៅ​តាម​ឃុំ‑សង្កាត់​ នៅ​ពេលគេ​ជាប់​ឆ្នោត​ ប៉ុន្តែ ឥឡូវ​នេះ​ស្ងាត់​ដូច​ចោរលួចសេះ។នេះ​បា​​ន​ពិត​គណបក្ស​បោកប្រាស់​មែន​!
ខ្ញុំ​សូម​អរគុណ​ជាខ្លាំង បន្ទាប់​ពីការ​​បោះ​ឆ្នោត​ហើយ ខ្ញុំ​បាទ និងគ្រួសារ​​ឈប់ឮទៀត​ហើយនូវ​សម្លេង​មីក្រូ ដើរ​ស្រែក​បំ​ពង​ឡូឡាទ្រហ៊ឹង​នៅតាម​ភូមិ​ខ្ញុំ ដោយសារ​គណបក្ស​ចេះ​មក​ពី​សាលាថា​ តែ​មិន​ចេះ​ធ្វើ ។ ភាព​ស្ងប់​ស្ងាត់នេះ​ បាន​នាំឱ្យគ្រួសារខ្ញុំ​មាន​អារម្មណ៍​ស្រស់ស្រាយ សប្បាយ​ចិត្តជាខ្លាំង​ ខុសពី​ពេល​ឃោសនា​ គឺខ្ញុំ​បាទ​ទ្រាំស្ទើរមិន​បាន​ចង់​យក​ដុំ​ថ្មគប់​បំ​បែក​មីក្រូនោះ​ចោល ប៉ុន្តែ បាន​គិត​ថា នេះ​ជាពេលវេលារបស់​​បក្ស​នយោបាយ​ឃោសនារក​សម្លេង​ឆ្នោត ដែល​ច្បាប់​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​មានការ​ប្រើ​អំពើ​ហឹង្សា។
ឥឡូវ​នេះ​ លទ្ធផល​ពិត​ជាបានស្តែង​ចេញ​មែន​ គឺអំពើ​ល្អ​របស់​គណបក្សប្រជាជនកម្ពុជា បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​។ ការបោះ​ឆ្នោត​នេះ​ គឺខ្ញុំបាន​មើល​ឃើញ​ថា វាជាដំណើរឆ្ពោះ​ទៅ​មុន​នៃលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​គណបក្សធ្វើ ប្រកួត​ជាមួយ​គណបក្ស​អួត​ ។ នៅ​ទី​បំ​ផុត​គណបក្ស​ប្រឆាំង​មិន​អាច​ឈ្នះ​គណបក្ស​ប្រជាជនកម្ពុជាជាដាច់​ខាត​។
យោបល់​ខ្ញុំជាពល​រដ្ឋម្ចាស់​ឆ្នោត​ សំ​នូមពរថា សូមមេបក្ស​ប្រឆាំង​ទាំង​អស់​ ល្មមចេះ​ខ្មាស់​ប្រជាពល​រដ្ឋ ហើយ​គួរល្មមភ្ញាក់​ខ្លួន​ និង​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ភូត​កុហក់ ពីព្រោះ​ នយោបាយ​ភរ គឺលទ្ធផល​មាន​តែក្តី​អាម៉ាស់​តែ​ប៉ុណ្ណោះ ដោយ​ហេតុ​ថា ពល​រដ្ឋម្ចាស់​ឆ្នោតចង់​ឃើញ​តែសមិទ្ធផល​ជាក់​ស្តែង​​តែ​ទេ គឺមិន​ត្រូវ​ការ​ឡើយ​ការ​សន្យាខ្យល់។
ខ្ញុំ​មិន​ចាំបាច់​និយាយ​លម្អិត​​នោះទេ ពី​ព្រោះ​អំពើ​បោកប្រាស់​របស់​បក្ស​ប្រឆាំង​នៅ​មាន​ច្រើន​ទៀត ប៉ុន្តែ សម្រាប់​រូប​ខ្ញុំ និង​គ្រួសារ​សូម​ប្រកាសជាឧឡារិក​ថា «​គ្រួសារ​ខ្ញុំ​មិន​ចាញ់​បោកគណបក្ស​សិទ្ធិ​មនុស្ស​ជាដាច់​​ខាត​!»​។
ពី​ខ្ញុំ​បាទ​ កែ សុវណ្ណារា  (ប្រជាពល​រដ្ឋនៅ​ស្រុកឈូក ខេត្តកំពត)