ភ្នំពេញ ថ្ងៃទី ១៧ ខែមិថុនា
ឆ្នាំ ២០១២
តបតាមការអញ្ជើញជាផ្លូវការពីសំណាក់ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋ
នៃសាធារណរដ្ឋប្រជាមានិតចិនគណៈប្រតិភូដែលមានសមាជិកចំនួន
០៦ រូប របស់អង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាននិង ប្រតិកម្មរហ័ស បានចេញដំណើរទៅកាន់
សាធារណរដ្ឋ ប្រជាមានិតចិននៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១២ ដើម្បីធ្វើទស្សនៈកិច្ចរយៈពេល ០៧ ថ្ងៃ ក្នុងគោលបំណងផ្លាស់ប្តូរបទ ពិសោធន៍ទៅវិញទៅមកក្នុងវិស័យព័ត៌មាន
និងប្រព័ន្ធផ្សព្វផ្សាយ។
សមាជិកផ្សេងទៀតនៃគណៈប្រតិភូរួមមាន ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ
និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ឯកឧត្តមសាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ឯកឧត្តម លី គាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក នូ សាវុធឌី អនុប្រធាននាយកដ្ឋានសារគមនាគមន៍ និងលោក ញ៉ែត ចាន់ មន្ត្រីនាយកដ្ឋានព័ត៌មាន។
នៅមុនពេលចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ឯកឧត្តម ស្វាយ ស៊ីថា មានប្រសាសន៍ថា “ទស្សនៈកិច្ចនេះគឺជាឱកាសដ៏ធំធេងមួយសម្រាប់អង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស ដើម្បីរៀនសូត្រ
និងចែករំលែកបទពិសោធន៍ជាមួយនឹងការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សា រដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន។
ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ក្នុងផ្នែកព័ត៌មាន
និងប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវបង្កើនឡើងនៅក្នុងបរិបទនៃការធ្វើឲ្យបានរិតតែប្រសើរឡើងដល់ទំនាក់ទំនង កម្ពុជា-ចិន
ព្រមទាំងការធ្វើឲ្យបានរិតតែប្រសើរឡើងដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា-ចិន ផងដែរ។ ទីបញ្ចប់ ខ្ញុំមានទំនុកចិត្តថា ដៃគូទ្វេភាគីយុទ្ធសាស្ត្រ ដ៏ទូលំទូលាយគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ
រដ្ឋាភិបាលទាំងពីរ និងប្រជាជនទាំងពីរនឹងបន្ត នាំមកនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ដោយឈរ លើទស្សនៈនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើការយ៉ាងជិតស្និទ្ធ
ជាមួយនឹងការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិនដើម្បីធ្វើឲ្យរិតតែប្រសើឡើងថែមទៀតដល់កិច្ចសហប្រតិបត្តិការនេះតាមរយៈព័ត៌មាន
និងប្រព័ន្ធផ្សព្វផ្សាយ”៕