Tuesday, June 19, 2012

បេក្ខភាពជាសមាជិកមិនអចិន្រៃ្តយ៍នៃក្រុម ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ កម្ពុជា​ ទទួល​បាន​ការ​សន្យា​គាំទ្រ​ពីប្រទេស​ម៉ិកស៊ីកូ​



សម្តេច​អគ្គមហាសេនាបតី​តេជោ​ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នា​ថ្ងៃទី ​១៧​ មិថុនា ឆ្នាំ ២០១២ បាន​ថ្លែង​ អំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ ហ្វេ​លី​ព កាល់​ឌឺ​រ៉ុ​ន​ (Felipe​ de Jesus ​CALDERON ​Hinojosa)​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ម៉ិ​ក​ស៊ី​កូ ​ក៏ដូចជា​រដ្ឋាភិបាល​និង​ប្រទេស​ម៉ិ​ក​ស៊ី​កូ​ទាំងមូល ​ដែល​បាន​សន្យា​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ ជា​សមាជិក​មិន​អចិ​ន្រៃ្ត​យ៍​នៃ​ក្រុម​ ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សំរាប់​អាណត្តិ​ឆ្នាំ ​២០១៣-២០១៤​ ដែល​ការ​បោះឆ្នោត​ នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​តុលា​ខាងមុខ​។​
​នៅ​ក្នុង​ជំនួប​ទ្វេភាគី​នៅ​ទីក្រុង​ឡូ​កា​បូស​ ​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល ​G20​ ជា​ផ្លូវការ​​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​​ ​មានប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ ១៩៩២ កម្ពុជា និង​ម៉ិ​ក​ស៊ី​កូ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​​ជាមួយគ្នា ប៉ុន្តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​ប្រទេស​ទាំងពីរ ពុំទាន់​មានការ​ផ្លាស់ប្តូរ​ផ្នែក​សេដ្ឋកិច្ច​អ្វី​ជាធំ​ដុំ​នៅឡើយ​ទេ ។ បើទោះជា​យ៉ាងនេះ​ក្តី កម្ពុជា​និង​ម៉ិ​ក​ស៊ី​កូ មាន​ទំនាក់ទំនង​នយោបាយ​ល្អ ដោយបាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរជាតិ​។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរាបជូន ឯកឧត្តម​ប្រ​ធានា​ធិបតី​នូវ​បំណងប្រាថ្នា​ជម្រុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ខាង​នយោបាយ និង សេដ្ឋកិច្ច​កន្លងមក​ឲ្យ​កាន់តែ​រីក​​ធំធាត់​ឡើង ហើយ​កម្ពុជា​នឹង​តែងតាំង​ឯកអគ្គរាជទូត​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​ឲ្យ​ទទួលបន្ទុក​បន្ថែម​នៅ​សហរដ្ឋ​ម៉ិ​ក​ស៊ី​កូ និង​បានស្នើ​ឲ្យ​ភាគី​ម៉ិ​ក​ស៊ី​កូ​បើកទូលាយ​ទី​ផ្សារ​ថែមទៀត​សម្រាប់​ទំនិញ និង​ផលិត ផល​របស់​កម្ពុជា​ ​។​ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្តថា សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​អនាគត​យើង​អាច​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ច្រើនឡើង​សំរាប់​ប្រ​ទេស​ទាំងពីរ​។
ក្រៅ​ពី​បញ្ហា​ទ្វេ​ភាគី​ មេដឹកនាំ​ទាំងពីរ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ម៉ិ​ក​ស៊ី​កូ ក្នុង​នាម​​ប្រធាន​កិច្ចប្រជុំ​កំពូល G20 បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​ប្រធានបទ​នានា​ដែលមាន​ការយក ចិត្ត​ទុកដាក់​ដូចគ្នា​នៃ​កិច្ចប្រជុំ​កំពូល G20 ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ចំពោះមុខ ពិសេស​បញ្ហា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ដំណើរ​ប្រកបដោយ​តុល្យភាព និង​ចីរភាព​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ភាគី​ម៊ិ​ក​ស៊ី​កូ ដែល​បាន​អញ្ជើញ​កម្ពុជា​ក្នុង ឋានៈ​ជា​ប្រធាន​អាស៊ាន​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G20 ដែលជា​ការផ្តល់​ឱកាស​ឲ្យ​កម្ពុជា បាន​បំពេញ​តួនាទី​ប្រកបដោយ​កិត្តិយស​របស់ខ្លួន ដោយបាន​ដាក់ជូន​កិច្ចប្រជុំ​កំពូល G20 នូវ ឯកសារ​គោលជំហរ​ប​ស់អា​ស៊ាន​ចំពោះ​បញ្ហា​ប្រឈម​នានា ក្នុង​គោលដៅ​រួម​គ្នា​​ដោះ ស្រាយ​វិបត្តិ​ចំពោះមុខ និង​កសាង​ពិភពលោក​មួយ ដែលមាន​ការអភិវឌ្ឍ​ន៍ កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ បង្កើត​ការងារ ជាមួយ​ការរក្សា បាន​នូវ​បរិស្ថាន​បៃតង​ប្រកបដោយ ចីរភាព​។​
​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ទាញអារម្មណ៍ របស់​ឯកឧត្តម​ប្រធានាធិបតី​ដែលជា​ប្រធាន G20 ឲ្យ​យកចិត្តទុកដាក់​លើ​ការដោះស្រាយ​ជា កញ្ចប់​នូវ​បញ្ហា​​សន្តិសុខ​ស្បៀង និង​សន្តិសុខ​ថាមពល ​រវាង​តម្លៃ​ប្រេង​ដែល​ចេះតែ​កើនឡើង​ថ្លៃ​ឥត​ឈប់ឈរ និង​កាន់តែ​ខ្សត់ខ្សោយ​ជាមួយ​តម្លៃ​សៀ្​ង​អាហារ និង​ការប៉ះពាល់​ដល់​វិស័យ កសិកម្ម និង​ការផលិត​ស្បៀង​ដែល​បណ្តាលមកពី​ការឡើង​ថ្លៃ​ប្រេង​ ។​​
ប្រភព​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹងថា មុននឹង​បញ្ចប់​កិច្ចពិភាក្សា ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង បរិយាកាស​រីករាយ​ស្និទ្ធស្នាល​រាក់ទាក់​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ពាំ​នាំនូវ​ព្រះរាជ បណ្តាំ​ផ្ញើ​ការសាកសួរ​សុខទុក្ខ និង​សព្វ​សាធុការពរ​បវរ​ប្រសើរ ពី​សំណាក់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី និង​បាន​សូម​អញ្ជើញ​ឯកឧត្តម​ប្រ​ធានា​ធិបតី​​ម៉ិក​ស៊ីកូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​តាម​ពេលវេលា​សមស្រប​។​
​​ជាការ​ឆ្លើយតប ឯកឧត្តម​ប្រធានាធិបតី ហ្វេ​លី​ព កាល់​ឌី​រ៉ុ​ន បាន​សម្តែង​នូវ​ការរីករាយ ដែល​បានទទួល​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​មក​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ព្រមទាំង​បាន សម្តែង​នូវ​ការរីករាយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វែ​ភាគី​ថែមទៀត​ជា មួយ​កម្ពុជា​។​ឯកឧត្តម​ប្រ​ធានា​ធិបតី​​ម៉ិក​ស៊ីកូ​​​បានស្នើ​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពាំនាំ​ថ្វាយ​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ និង​ពរ​សព្វ​សាធុ​ការ​ពរ​ដ៏​បវរ ព្រមទាំង​ការអញ្ជើញ​ឯកឧត្តម​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​។​ ឯកឧត្តម​ប្រធានាធិបតី​បាន​បានទូល​ថ្វាយព្រះពរ​ជ័យ​ដល់​ព្រះករុណា ព្រះ​មហា​ក្សត្រ សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរ​ណ៌ ដើម្បី​គង់ ប្រថាប់​​ជា​ម្លប់​របស់​ប្រជារាស្ត្រ​កម្ពុជា​នោះ​។​ ឯកឧត្តម​ប្រ​ធានា ធិបតី Felipe Calderon Hinojosa បាន​សន្យាថា​នឹង​នាំ​ចំណាប់អារម្មណ៍​នេះ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ G20 បាន​ជ្រាប និង​ពិចារណា​។​

បទអត្ថាធិប្បាយ៖ ហេតុអ្វី កឹម សុខា ទៅចងសម្ព័ន្ធមិត្តជាមួយ ទណ្ឌិត?


បទអត្ថាធិប្បាយ
ដោយ ឧត្តម សក្តិ

ហេតុអ្វី កឹម សុខា ទៅចងសម្ព័ន្ធមិត្តជាមួយ ទណ្ឌិត?

ក្នុងនាមជាគណបក្សនយោបាយស្របច្បាប់ ហើយថែមទាំងមានអាសនះក្នុងរដ្ឋសភាថែមទៀតនោះ លោក កឹម សុខា ដែគេស្គាល់ថា ជាមេបក្សសិទ្ធិមនុស្ស បែរជាបានប្រកាសជាធារណៈ តាមប្រព័ន្ធ​ផ្សព្វផ្សាយនានា អំពីជំហររបស់ពួកគាត់ក្នុងការបង្រួបបង្រួមជាមួយគណបក្ស សម រង្ស៊ី ដែលមេបក្សមួយ​នេះជាអ្នកទោសនិរទេស ។
នរណាក៍បានដឹងដែរថា ដោយក្តីភ្លើតភ្លើននឹងនយោបាយប្រឆាំងផ្កាប់មុខ ជ្រុលនិយម បានបង្ករ​អោយ លោក សម រង្ស៊ី ក្លាយជាទណ្ឌិត ដែលសម្រេចដោយតុលាការកម្ពុជា លើបទចោទប្រកាន់បី​ករណីផ្សេងៗគ្នា មានស្ថានទំងន់ទោសដល់ទៅជាង ១០ ឆ្នាំ ។ យ៉ាងដូចនេះ បើគេនាំគ្នាក្រឡេក​មើលពី​ស្ថានភាពនយោបាយរបស់លោក សម រង្ស៊ី ក្នុងពេលបច្ចុប្បន្នអោយបានច្បាស់នោះ គេនឹងឃើញថា បុគ្គលម្នាក់នេះកំពុងស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យឺន អាប់ឱនជាទីបំផុត ដោយសព្វថ្ងៃការរស់នៅរបស់គាត់​បានអោបក្រសោបតាមជាប់ជាមួយនូវទោសទណ្ឌ ដែលជាហេតុធ្វើអោយបាត់សិទ្ធិនយោបាយទាំងស្រុង ។
បើលោក សម រង្ស៊ី ជាទណ្ឌិត ថែមទាំងបាត់អស់សិទ្ធិនយោបាយ ចុះហេតុអ្វីបានជា លោក កឹម សុខា ប្រកាសចងសម្ព័ន្ធមិត្តក្នុងការបង្រួបបង្រួមបក្សតែមួយជាមួយនិងអ្នកទោសនោះទៅវិញ?
ដោយមើលឃើញពីភាពចំណេញផ្នែកនយោបាយ ខណៈពេលដែលស្ថានភាពត្រដរខ្យល់របស់ សម រង្ស៊ី កំពុងតែមានការបែកបាក់ជាទ្រង់ទ្រាយធំជាបន្តបន្ទាប់ បាត់បង់ការគាំទ្រតាំងពីលើដល់ក្រោម ឈានទៅរកការរលំរលាយគណបក្សនាពេលដ៏ខ្លីខាងមុខ មេបក្សឱកាសនិយមសិទ្ធិមនុស្ស កឹម សុខា បានឆ្លៀតពេលនេះដើម្បីលេបត្របាក់យកនូវ កំអែល កំទេចកំទី ដែលនៅសេសសល់ ពីគណបក្ស សម រង្ស៊ី តាមរយៈនយោបាយ « ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ» ស្អីគេនោះ ។
ឥរិយាបទប្រែប្រួលមិនទៀងទាត់ របស់ កឹម សុខា បានធ្វើអោយមេបក្សប្រឆាំងរូបនេះនឹកឃើញ​នូវ​នយោបាយចាស់ដែលហៅថា (សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ) ធ្លាប់បានបរាជយ័កាលពីប៉ុន្មានឆ្នាំកន្លង​មក បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០០៨ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដីនោះ ។ ឥឡូវនេះដោយមើលឃើញពីភាពប្រាកដនូវបរាជ័យជាថ្មីទៀតក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីថ្ងៃទី ០៣ មិថុនា ដែលបង្ហាញពីភាពខ្លាំង ឈ្នះដ៏លើសលុប របស់គណបក្សប្រជាជន​កម្ពុជាដដែលនោះ បានធ្វើអោយអ្នកនយោបាយមុខចាញ់ដដែលៗ   ជ្រើសយកការបង្រួបបង្រួម ច្របាច់​ប​ញ្ចូលគ្នា​ដើម្បីបង្កើតបក្សតែមួយនេះមកអនុវត្តន៏ដដែល។  
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ដែលផ្តួចផ្តើមដោយ កឹម សុខា ធ្លាប់ទទូលរងនូវការប្រមាថពី សម រង្ស៊ី កន្លងរួចមកហើយ ដែលកាលនោះ លោក សម រង្ស៊ី បានចាត់ទុកគណបក្ស សិទ្ធិមនុស្សថា​ ជាគ្រាប់​ខ្សាច់ ដោយលើកតំកើងបក្សខ្លួនថា ជាភ្នំ ហើយថែមទាំងអះអាងថា ភ្នំមិនអាចច្របាច់បញ្ចូលជាមួយនឹង​ខ្សាច់បាននោះទេ ។ ចុះហេតុអ្វីនៅពេលនេះ ភ្នំរង្ស៊ី ព្រមប្រកាសទទួលយកការសុំបង្រួបបង្រួមពីខ្សាច់​ កឹម សុខា នោះទៅវិញ? តើមានហេតុផលនយោបាយអ្វីខ្លះដែលនៅពីក្រោយខ្នងអ្នកនយោបាយ ប្រជាភិថុតិ​ទាំងពីរនេះ? តើការរួបរួមនេះអាចដំណើការទៅបានក្នុងកំរិតណា?
ជុំវិញការប្រកាសបង្កើតសម្ព័ន្ធភាពរបស់គណបក្សប្រឆាំងទាំងពីរ ត្រូវបានអ្នកតាមដានស្ថានការណ៏​នយោបាយកម្ពុជាវាយតម្លៃថា: "ជាសម្ព័ន្ធភាពទឹកកក កណ្តាលថ្ងៃត្រង់" បង្កើតដើម្បីតែការរលាយ​វិញតែ​ប៉ុណ្ណោះ ព្រោះជាលក្ខណះសត្យានុមត័ ទឹកកក មិនអាចទប់នឹងកំដៅថ្ងៃបាន ហើយទឹក ក៏មិនអាច​រលាយ​បញ្ចូលគ្នាជាមួយ និងប្រេងនោះដែរ យ៉ាងណាមិញ ជាលក្ខណះនៃចរិកធម្មជាតិរបស់លោក សម រង្ស៊ី និង កឹម សុខា មិនអាចនិងចុះសំរុងគ្នាបាន ដោយអ្នកទាំងពីរជាអ្នកនយោបាយអាជីព មានជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ខាង បោកប្រាស់ ភូតភរ ដើម្បីលាបសក្ការៈ ក្នុងមហិច្ឆិតា បំពេញក្តីសុបិន្តកណ្តាល​ថ្ងៃត្រង់ថា និងបានក្លាយជានាយករដ្ឋ​មន្រ្តី រៀងៗខ្លួននោះ។ បើម្នាក់ៗសុទ្ធតែចង់ធ្វើធំ ធ្វើជាមេបែបនេះ តើ​នណាជាមេ​បក្ស? តើកឹម សុខា អាចជ្រកក្រោមដំបូលផ្លាក គណបក្ស សម រង្ស៊ី បានដែរឬេទ? តើ សម រង្ស៊ី អាចដោះស្លាកបក្សដែលមានលក្ខណៈជារបស់បុគ្គលផ្ទាល់ខ្លួនបានដែរឬអត់?
ក្នុងភាពជាមនុស្ស ដែលមានចរិតរឹងរូស មិនចេះទទួលស្គាល់ការពិត អត្តនោម័ត គ្រួសារ បក្សពួក​ជ្រុលនិយម របស់ លោក សម រង្ស៊ី បញ្ជាក់ច្បាស់ណាស់ថា មិនអាចនិងចុះសំរុងគ្នានិង ចរិតអំនួតក្អេង​ក្អាង ច្រលោងខាម មិនចុះញ៉ម របស់លោក កឹម សុខា នោះបានទេ ។
បើយ៉ាងដូច្នេះ ការចងសម្ព័ន្ធភាព ឬ ការបង្រួបបង្រួមបញ្ចូលគ្នាជាបក្សតែមួយនោះវាគ្រាន់តែជា​លេស ដើម្បីតែការបោកបញ្ឆោតគ្នា ទាញយកផលចំណេញខាង នយោបាយរៀងៗខ្លួនតែប៉ុណ្ណោះ ។ តើ​ក្នុងល្បែងនយោបាយ លើវិថីដ៏ផុយស្រួយនេះ សម រង្ស៊ី បោក កឹម សុខាកឹម សុខា ជាអ្នកបោក សម រង្ស៊ី? ចំលើយនេះ និងមានក្នុងពេលដ៏ខ្លីខាងមុខ!
សរុបសេចក្តីមក ទោះបីជាក្នុងលក្ខណៈដែលគណបក្ស សម រង្ស៊ី និង សិទ្ធិមនុស្ស ឬ គណបក្ស ហ្វុនស៊ីនប៉ិច និង នរោត្តម រាណឬទ្ធិ ច្របាច់បញ្ចូលគ្នាយ៉ាងណាក៏ដោយ ក៏លទ្ធផលបឋម ក្នុងការបោះ​ឆ្នោត​ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងពេលថ្មីៗកន្លងទៅនេះបានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានភាពឈ្នះដាច់ រហូតដល់ទៅ ១៥៩១ លើឃុំ-សង្កាត់សរុប ១៦៣៣នៅ​ទូ​ទាំង​ប្រទេស គឺឈ្នះស្នើនឹង៧៦% ដែល​លទ្ធ​ផលនេះជាកញ្ចក់ធ្លុះបញ្ចាំងពីលទ្ធផល​ក្នុងការបោះឆ្នោតថ្នាក់ជាតិនា​ឆ្នាំ​២០១៣ ខាងមុខនេះ៕