Thursday, June 21, 2012

ទស្សនៈ ដល់​ពេល​វេលានៃ​ការ​ផ្លាស់​ប្តូរមេបក្ស​ប្រឆាំង​ថ្មី


ទស្សនៈ
ដល់​ពេល​វេលានៃ​ការ​ផ្លាស់​ប្តូរមេបក្ស​ប្រឆាំង​ថ្មី

          កម្ពុជា​ គឺជារដ្ឋឯករាជ្យ អធិបតេយ្យ ដែល​បាន ​និង​កំ​ពុង​ពង្រឹង​នូវ​នីតិរដ្ឋ ដោយ​ការ​ខិត​ខំ​តាក់​តែង​ កសាង​ច្បាប់​ និង​គោរព​ច្បាប់​ដើម្បីការ​​ចូល​រួម​ទាំង​អស់​គ្នា​ការ​ពារ​សន្តិសុខ សណ្តាប់​ឆ្នាប់​សង្គម​​។​​ 

          ប្រជាពលរដ្ឋកម្ពុជា ជាប្រជាពលរដ្ឋដែលស្រឡាញ់នូវភាព​យុត្តិធម៌​ ស្មោះត្រង់ ស្លូតបូត និងតែងតែចង់ចៀសឲ្យផុតពី​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ទោសទណ្ឌនានា ដែល​ប្រឈម​មុខនឹង​ផ្លូវ​ច្បាប់ ដោយ​ជា​ទូ​ទៅ​គេចាត់​ទុក​ថា បើ​ថ្លោះ​ធ្លោយ​ធ្លាក់​ខ្លួន​ប្រព្រឹត្តបទ​ល្មើសណាមួយ​អាច​នឹង​ត្រូវ​តុលា​ការ​​ផ្តន្ទាទោស ដែល​នាំ​ឱ្យ​អាប់​ឱនកេរ្តិ៍​ឈ្មោះ និង​​កិត្តិយសគ្រួសារ​។

          ប៉ុន្តែ វាជារឿង​ចម្លែក​ខ្លាំង​ណាស់សម្រាប់​អ្នក​នយោបាយខ្លះ​​ដែល​មិន​ប្រកប​ដោយ​ស្វាមី​ភ័ក្រ​ចំ​ពោះ​ជាតិ មាតុភូមិ និង​មិន​មាន​នូវ​ភាព​ស្មោះ​ត្រង់​ជាមួយ​ពល​រដ្ឋម្ចាស់​ឆ្នោត បាន​ចាប់​យក​ការកសាង​ទោសកំ​ហុសព្រហ្ម​ទណ្ឌដោយ​គ្មាន​ខ្លាចរអារ​ ដើម្បី​អ្វី​មួយ​ដែល​ពួក​គាត់​គិត​ថា នោះ​ជា​ភាព​ល្បី​ឈ្មោះ​​​ និង​ជាឥស្សរភាព​នៃ​នយោបាយ​ប្រឆាំង​របស់​គាត់​ទៅវិញ។

នៅ​ក្នុង​ស្រុក​ខ្មែរ គេបាន​ដឹង​ថា លោក សម រង្ស៊ី​ បាន​ជ្រើសរើស​យក​ជី​វិត​បែប​នោះ​ ដើម្បី​បំ​រើនយោបាយ​របស់​គាត់ ហើយ​​ថ្មីៗនេះ ​តុលាកា​រក៏បាន​ចេញសាលក្រម​ជាស្ថាពរកាត់​ទោស​រូប​គាត់​ ( សម រង្ស៊ី ) ដាក់ពន្ធនាគារផងដែរ អំពីការបំផ្លិចបំផ្លាញដកតំរុយបង្គោលព្រំដែន រើសអើង​ជាតិ​សាសន៍​ ញុះញង់ដល់ប្រជាពលរដ្ឋ​ឲ្យ​​កើតជាជម្លោះ ចលាចល វឹកវរនៅក្នុងសង្គម ការ​ក្លែង​ឯកសារ​ផែន​ទី ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​បទ​ល្មើសចុង​ក្រោយ​ គឺបទ​បរិហារ​កេរ្ត៍​ប្រមុខរាជ​រដ្ឋាភិបាល​ រំ​លោភលើ​ច្បាប់​បោះ​ឆ្នោត​។

បច្ចុប្បន្ន លោក​សម រង្ស៊ី បាន​ជាប់​ឈ្មោះ​ជា​ «ទណ្ឌិត» ដែល​មាន​ទោសជាប់​ខ្លួន​ជាង​១០ ឆ្នាំ និង​ពិន័យ​ជាប្រាក់​រាប់​លាន​រៀល បើ​ទោះ​ជា​លោក មិន​បាន​ចូល​ខ្លួន​មក​ទទួល​ទោស​ទណ្ឌដែល​ខ្លួន​បាន​ប្រព្រឹត្តខុសច្បាប់​នោះ​ក៏ដោយ​ ប៉ុន្តែ ជី​វិត​នយោបាយ​ និង​ក្តី​ប្រាថ្នាដ៏​ជ្រាល​ជ្រៅ​របស់​សម រង្ស៊ី នូវ​អ្វី​មួយ​ដែល​គាត់​ទទូចចង់​​បាន​សម្រាប់​អនាគតជា​នាយក​រដ្ឋមន្ត្រី​ គឺត្រូវ​បញ្ចប់​។

ឈ្មោះ​ថាទណ្ឌិត សូម្បី​តែ​ឱកាសនៃ​ការ​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​នយោបា​ផ្សេង​ៗក៏​ត្រូវ​បាន​​​​កាត់​ផ្តាច់​ទាំង​ស្រុង ពី​ព្រោះ​ថា  តើនៅក្នុងពិភពលោក​នេះមានប្រទេសណាមួយដែល​អនុញ្ញាតឲ្យ​អ្នកទោស បំរើការ​ងារ ​​ក្នុងក្រសួង ឬស្ថាប័នណាមួយនោះ? ហើយ​ម៉្យាង​ទៀត​ប្រជាពលរដ្ឋខ្មែរគ្រាន់តែសូរថា ជាទណ្ឌិតនោះ គឺពួកគាត់​មិន​រាប់​រក​ជាដាច់​ខាត​ ពី​ព្រោះ​ការ​សេព​គប់​ជាមួយ​ជន​ល្មើសច្បាប់ នឹងអាច​​នាំស៊យ​ដល់​ជី​វិត​របស់​ពួក​គាត់ នេះ​ចំ​ពោះ​ពល​រដ្ឋដែល​មាន​នូវ​សតិសម្បជញ្ញៈ។ប៉ុន្តែ ពល​រដ្ឋមួយ​ចំ​នួន​ទៀត​ដែល​ធ្លាប់​តែ​ចាញ់​បោក​ការ​ភូត​កុហក​របស់​ លោក សម រង្ស៊ី ក៏​ត្រូវ​ពិចារណាឡើង​វិញ​ ពី​ព្រោះ​ថា តើ​អស់​លោកអ្នក​នៅ​បន្ត​គាំទ្រ​លោក សម រង្ស៊ី ដល់​ថ្ងៃណាទៀត បើ​គ្រាន់​តែ​ចូល​ស្រុក​ខ្លួន​ឯង​មិន​ហ៊ាន​ចូល​មក​ផង​នោះ​  តើ​ ទណ្ឌិត សម រង្ស៊ី អាច​មាន​លទ្ធ​ភាព​ជួយ​អ្វីដល់​​បង​ប្អូន​កើត​នោះ​។ បង​ប្អូន​ខ្មែរ គឺជា​ម្ចាស់ឆ្នោត ម្ចាស់​​អំ​ណាច​ មិន​គួរ​ធ្វើ​ខ្លួន​ក្លាយ​ជា​មនុស្ស​អន់​ ចាញ់​បោកគេ សូម្បី​តែ​អ្នក​ទោសក៏​បោក​ប្រាស់​យើង​បាន​ដែរ ឯណាទៅ​តម្លៃ និង​ឱកាសរបស់​បង​ប្អូន​សម្រាប់​ការ​ចូល​រួម​លើក​កំ​ពស់​ជី​វភាព​គ្រួសារ និង​ការ​ចូល​រួម​អភិវឌ្ឍសង្គ​មជាតិ?

មកដល់​ពេល​នេះ សម ​រង្ស៊ី អស់​សិទ្ធជាអ្នក​តំណាងរាស្រ្ត   អស់​សិទ្ធិជាពល​រដ្ឋស្របច្បាប់ ​អស់ សិទ្ធិឈរឈ្មោះ​បោះ​​ឆ្នោត និងឈរឈ្មោះ​ប្រកួត​ប្រជែង​ជានាយក​រដ្ឋមន្ត្រី​​ទៀតហើយ​ ដូចនេះសមាជិកសមាជិការ ក្នុងបក្សប្រឆាំងមួយ​នេះ គួពិចារណា​ក្នុងការជ្រើសរើស​រកមេបក្សថ្មី ដែល​​មិនគួរ​មានការ​​ជាប់ពាក់ព័ន្ធ និងជន​មាន​ពិរុទ្ធ​នោះ​។ តើ​ សមណាស់​ឬដែល​គ្រប់​គ្នា​ជាមនុស្ស​​រស់​នៅអនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ ប៉ុន្តែ បែរ​ជានាំ​គ្នា​​លើក​ទូល​ គាំទ្រអ្នក​ទោស​ ដែល​ជា​ជន​គិត​តែ​ការ​ស្រេក​ឃ្លាន​ចង់​បាន​អំ​ណាច ហើយ​ធ្លាប់​ឱ្យ​ប្រជាពល​រដ្ឋជាប់​គុក​ជំ​នួសខ្លួន​កាលពី​ពេល​កន្លង​ទៅ ដូចជា​ករណី​ដក​បង្គោល​ព្រំ​ដែន​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយ​រៀង ពល​រដ្ឋខ្មែរពីររូប​ត្រូវ​បាន​ជាប់​ពន្ធ​នាគារ​ ប៉ុន្តែ លោក សម រង្ស៊ី រត់​នីរទេស​ខ្លួន​នៅ​រស់​នៅ​ឯក្រៅ​ប្រទេស​បាត់​។

ទណ្ឌិតសម រង្ស៊ី ជាបុគ្គល​មួយរូបដែលមិនទទួលខុសត្រូវចំពោះមុខច្បាប់ និង​មិន​ចេះ​អៀនខ្មាស់ សម រង្ស៊ី ជាមនុស្សដែលមិនបានគិតគូដល់ប្រជារាស្រ្តខ្លួន​ឡើយ​ បែរ​ជា​យ​កទង្វើ​បំផ្លាញជាតិ​ បំផុសចលនាឲ្យប្រជាពលរដ្ឋ ទៅដកតំរុយ​បង្គោលព្រំដែន ហើយ​បែរ​ជា​មកចោទដាក់ប្រជាពលរដ្ឋជាអ្នកបបួលទៅវិញ។  អ្វី​ដែល​គួរហួសចិត្តនោះ គឺកំ​ហុសខ្លួន​ឯង​ប៉ុនមហាមេឃ បែរ​ជាទម្លាក់​កំ​ហុសទៅ​សហរដ្ឋអាមេរិក​ថាបាន​គូសផែនទីខុសទៅវិញ។ តាមពិត​ ផែន​ទី​អាមេរិក មាន​ខ្សែរព្រំ​ដែន​ត្រឹម​ត្រូវ ប៉ុន្តែ លោក សម រង្ស៊ី មក​គូសបន្ថែម​ដោយ​ដៅ​បង្គោល​ព្រំ​ដែន​ថ្មី​ចូលជ្រៅ​មក​ក្នុង​ទឹក​ដី​ខ្មែរ ដែល​នាំ​ឱ្យ​មាន​ការ​ភន្ត័​ច្រលំ​ថា រដ្ឋាភិបាល​សព្វ​ថ្ងៃក្បត់​ជាតិ និង​បាន​​កាត់​ដី​ឱ្យ​ទៅ​ប្រទេស​ដ៏ទៃ​ទៅ​វិញ​។

ដូច្នេះ​ ប្រជាពលរដ្ឋមួយ​ចំ​នួន​ដែលធ្លាប់​គាំទ្រគណបក្សប្រឆាំងនោះ ​ល្មមដល់​ពេល​ពិចារណា​ ដើម្បី​ផ្លាស់ប្តូរប្រធាន​បក្ស​ថ្មី​ហើយ តើ​ចាំដល់​ណាទៀត​? យោបល់​ខ្ញុំ​ ជាអ្នក​និពន្ធសូម​ទាញ​ការ​ចាប់​អារម្មណ៍​បងប្អូន​ថា តើ​បក្ស​ប្រឆាំង​សព្វ​ថ្ងៃបាន​ជួយ​អ្វី​ខ្លះ​ដល់​បង​ប្អូន តើ​ផ្លូវ​ សាលារៀន អណ្តូង​ទឹក អគ្គីសនី ប្រព័ន្ធ​ធារាស្ត្រ មន្ទីរពេទ្យ ផ្សារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់​នេះ បក្ស​​​ប្រឆាំង​ជាអ្នក​ធ្វើ ឬ​ក៏ពិត​ជា​សមិទ្ធ​ផល​របស់​​គណបក្ស​ប្រជាជនកម្ពុជា?​​

នៅពេល​ដែល​បក្ស​សម រង្ស៊ី កំពុង​ជួប​ភាព​វឹកវរ ក៏មានប​ក្សមួយ​ទៀតដែល​ ជាកំពូ​លសិទ្ធិមនុស្ស​នោះ ក៏ច​ង់ត្របាក់​លេបយក​បក្ស​សម រង្ស៊ី ទាំង​មូល ដោយ​ធ្វើជា​រួមគ្នា បន្លំភ្នែក ប្រជាពលរដ្ឋឲ្យវ​ង្វេង​ថា សិទ្ធិ​មនុស្ស ក៏ដូចជា​បក្ស​សម រង្ស៊ី មិនដឹង​បក្សណា​ជា​បក្សត្រឹម​ត្រូវ ព្រោះ​មួយជា​ទណ្ឌិត និង​មួយ​ទៀតទើប​បោក​ប្រាស់​មេឃុំ​ដែល​ទើបជាប់​ឆ្នោត​តាម​រយៈការ​សន្យាខ្យល់​នានា។

អត្តចរិក​អ្នក​នយោបាយ​សព្វ​ថ្ងៃ មិន​ហួស​និស្ស័យនឹង​​មើល​នោះ​ទេ គឺងាយ​បំផុត ត្រង់​ថា លោក​សម រង្ស៊ី ជាអ្នកទោស មួយវិញ​ទៀតលោក​សម រង្ស៊ីជា​បុគ្គលម្នាក់ដែលគណៈកម្មាធិកាជាតិរៀបចំការ​បោះឆ្នោតក៏បាន​លប់ឈ្មោះចេញពីបញ្ជី​ឈ្មោះបោះ​ឆ្នោតទៀតផ​ង ហើយលោកសម រង្ស៊ី ក៏នៅឯក្រៅ​ប្រទេស​ទៀត តើធ្វើយ៉ាង​ដូចម្តេច​ទើប​អ្នកទោស​រូបនេះ​អាចនឹងឈ្នះឆ្នោតបានទៅ​? ដូច​នេះ មិនខុស​អីពីទុក​សន្លឹក​ឆ្នោត​ឲ្យគណបក្ស​សិទ្ធិមនុស្ស​ដណ្តើម​យក​នោះទេ​

ជាងនេះទៀត​លោក​សម រង្ស៊ី និងលោ​កកឹម សុខា គឺរាល់​ថ្ងៃគិតតែរិះរកមធ្យោបាឃោសនា​បោកប្រាស់​ប្រជាពល​រដ្ឋ ញុះ​ញង់​បង្កើត​តែបញ្ហា​មិនចេះ​ចប់ គឺមេបក្ស​ទាំងពីរនេះ​មាន​ជំ​នាញ​ផ្សេង​គ្នា​ «មួយ​ពូកែបោកដល់​កំ​ពូល មួយ​ទៀត​ជាអ្នក​ទោស​ជួយ​មិន​បាន​» តើ​យើង​ទៅ​សង្ឃឹម​ថា ស្រុក​ទេសអាចរីកចំ​រើន​បាន​ទេ ? សូម​បងប្អូន​ម្ចាស់​ឆ្នោត​សម្រេច​ចិត្តធ្វើ​អ្វី​មួយ​ដែល​នាំ​សេចក្តី​សុខដល់​ក្រុម​គ្រួសារ សង្គម​ជាតិ ? ហើយ​ពេល​នេះ​ បើ​ពល​រដ្ឋមួយ​ចំ​នួន​នៅ​មិនទាន់​ដក​ចិត្តរួច​ពី​បក្ស​ប្រឆាំង​ ក៏​គួរដល់​ពេល​គិត​ពិចារណា​អំពី​មេបក្ស​ថ្មី​ហើយ ពី​ព្រោះ​ថា ក្នុង​ចំ​ណោម​ថ្នាក់​ដឹក​នាំបក្សសម រង្ស៊ី មាន​មនុស្សសំ​ខាន់​ពីររូប​ទៀត​ដែល​អាច​ស្នង​តំ​ណែង​នេះ បាន គឺ លោក គង់ គាំ ប្រធាន​ស្តី​ទី​បច្ចុប្បន្ន និង​លោកស្រី​ មូរ សុខហួរ​ គឺជាបុគ្គល​ដែល​សក្តិ​សម​បំ​ផុត​នឹង​ត្រូវ​បាន​ជ្រើសរើសសម្រាប់​បេក្ខជន​ជាមេបក្ស​ថ្មី​ និង​ឈ្មោះ​ថ្មី​របស់​​បក្ស «ប្រឆាំង​»នោះ​។

អត្ថបទ​ដោយៈ ប្រយុទ្ធ