Friday, June 22, 2012

ទស្សនៈ Global Witness​ និងការដេកចាំតែស្រែក​បំ​ផ្លាញ​កម្ពុជា

ទស្សនៈ
Global Witness​ និងការដេកចាំតែស្រែក​បំ​ផ្លាញ​កម្ពុជា


វាពិត​ជាអាក្រក់ខ្លាំង​ណាស់​ និង​គ្មាន​អ្វី​ក្រៅ​ពី​ការ​បញ្ចេញ​នូវ​របាយការណ៍ពណ៌ខ្មៅរបស់ខ្លួន​ម្តង​ហើ​យ​ម្តង​ទៀត​ ដែលបង្កប់​ទៅ​ដោយ​អំពើឃោរឃៅ និងការ​ប៉ុនប៉ង​ចង់បំ​ផ្លាញភាព​សុខសាន្ត​នៅ​​ក្នុង​​សង្គ​ម​កម្ពុជាឱ្យ​ខ្ទេចខ្ទីអស់​ ដោយ​អង្គ​ការ Global Witness ពី​ព្រោះ​​​អង្គការ​ទុច្ចរិត​មួយ​នេះ​ ​ ពុំ​ធ្លា​ប់​​ដែល​បង្ហាញ​ម្តង​ណាឡើយ ​អំពីការ​ពិត​ក្នុង​​បញ្ហា​នានា ​ជាពិ​សេស គ្រាន់​​តែករណី​ស្លាប់​របស់​លោក​ឈុត វុទ្ធី នៅ​ខេត្តកោះកុង និង​ករណី​ស្លាប់ របស់​កុមារី​ម្នាក់​នៅ​ខេត្ត​ក្រចេះ ក៏ពួក​គេខិតខំ​មួល​បំ​ភ្លើស​ដោយឥតអៀន​ខ្មាស។

ការ​ផ្សាយ​របស់​វិទ្យុបរទេស​មួយ​និយាយជាភាសាខ្មែរនៅព្រឹក​ថ្ងៃទី​២២ ខែ មិថុនា ឆ្នាំ ២០១២ បាន​​ស្រង់នូវ​​របាយការណ៍របស់​អង្គការ Global  Witness ដែល​បាន​វាយ​ប្រហារ​មក​លើ​រាជរដ្ឋា​ភិបាល​​​​កម្ពុជា​ថា បរាជ័យ​នៅក្នុង​ការ​ប្រមូលព័ត៌មាន​ពិស្តារនៅជុំ​វិញ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ប៉ុន្តែ អង្គការ​​អន្តរជាតិ​មួយ​នេះ​ គឺពុំ​បាន​បង្ហាញឯកសារ ឬ​ភស្តុតាងណាមួយ​ជាក់​លាក់ ដើម្បី​ការ​ពារ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​សោះឡើយ​ ។

ដោយ​មិន​បាន​និយាយអំពី​ការពិតនៃ​ហេតុការណ៍​ដែល​បាន​កើត​ឡើង ក្រោម​ចំ​ណង​ជើង​​​ដែល​​ចុះ​​ផ្សាយ​ថា « ប្រទេស​កម្ពុជា​​ជាប់​ពាក់​ព័ន្ធនឹង​ការ​ស្លាប់​របស់​សកម្មជន ​» គឺអង្គការ​ Global Witness បាន​លើក​តំកើ​ង​​មនុស្សមួយនាក់ ឬ​ពីរ​នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​អាវុធ​ដោយ​​​ឈ្លោះប្រកែក​គ្នា​ និងសកម្មភាព​នៃការអនុវត្តវិធាន​ការ​បំ​បែក​សំ​បុក​ជន​ល្មើស ដែល​បាន​បង្កើត​ឡើង​នូវ​តំ​ប​ន់​​​អបគមន៍បំ​ពា​ន​​លើ​សិទ្ធិ​ស្រប​ច្បាប់​របស់រដ្ឋអំ​ណាចមូល​ដ្ឋាន​​ គឺអង្គការ Global Witness ខំ​ប្រឹង​ផ្លុំបំ​ប៉ោង​ ពង្រីក​ឱ្យទៅ​ជាបញ្ហា​ធំឡើង​ និង​បាន​ឆក់​ឱកាសបើក​វេទិការិះ​គន់ និងដើម្បី​សំ​រេច​​គោលដៅ​​បំផ្លាញកម្ពុជា។

ការ​បដិសេធ​មិន​ទទួល​យក​ការពិតនៃ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​​​ គឺជា​ការ​ទាត់​ចោល​នូវ​យុត្តិធម៌ ក្រោម​ការ​ផ្តួច​ផ្តើមគំនិត​ដោយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការសម្រេច​បង្កើត​ឡើងនូវ​​គណៈកម្មការ​ចម្រុះស៊ើប​អង្កេត​ករណី​ស្លាប់​ឈ្មោះ​​ឈុត វុទ្ធី និង​ឈ្មោះ​ អ៊ិន រតនា កាលពី​ថ្ងៃទី​២៦ ខែ មេសា ឆ្នាំ​២០១២​នៅ​ខេត្តកោះកុង គឺបាន​បង្វិល​ខួរ​ក្បា​ល​របស់អង្គការ ​Global witness​ឱ្យកកល្អក់​ គ្មាន​ស្គាល់​អ្វីដែល​ជាភាព​ត្រឹម​ត្រូវ​ និង​ច្បាស់​លាស់។​

ករណី​ស្លាប់​លោក​ឈុត វុទ្ធី គួរត្រូវ​បាន​បញ្ចប់​នូវ​ភាព​សង្ស័យ​អំពីថា តើ​អ្នក​ណាជាជន​ដៃដល់ និង​ករណី​ស្លាប់​របស់មន្ត្រី​កង​រាជ​អាវុធហត្ថ អ៊ិន រតនា បណ្តាលមក​ពី​មូល​ហេតុ​អ្វី? ត្រូវ​បានសាក្សី​ដែល​ឃើញ​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ​បំ​ភ្លឺប្រាប់​សមត្ថកិច្ចរួចហើយ​ ដែល​ Globle Witness គួរគប្បី​​​ហ៊ាន​និយាយ​ការពិត​ ហើយ​និង​មិន​អាចចោទ​ប្រកាន់​ ឬក៏​ទម្លាក់​កំ​ហុសនេះ​ដល់​អ្នកណាម្នាក់​បាន​ឡើយ​ បើ​រូប​គាត់មិន​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​ ដូចសាក្សី​ទេនោះ។ ​ ដោយ​ធ្វើ​ខ្លួន​ជាខ្សែញាក់​ បន្ទរ​សម្លេង​តាម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំ​នួន​ របាយការណ៍​បំ​ភ្លើស​របស់ ( Global Witness ) បាន​ទម្លាក់​បញ្ហា​ស្លាប់​នោះ​ទាំង​ស្រុង​មក​លើ​រាជរដ្ឋាភិបាលថា ជាអ្នក​ទទួល​ខុស​​​​ត្រូវ​​ទៅ​វិញ។

ការពិត​លោក ឈុត វុទ្ធី​ មិន​មាន​លក្ខណៈសម្បត្តិ​ណាមួយ​ស័ក្តិសម នឹង​មាន​ឈ្មោះ​ជាវី​រជន​ការពារ​ព្រៃ​ឈើ​ដូច​មជ្ឈដ្ឋាន​ផ្សេង​ៗលើក​តម្កើង​នោះ​ទេ​ នេះបើ​គេគ្រាន់​តែពិចារណាបន្តិច​អំពី​មូល​ហេតុ​ដែ​ល​​​នាំឱ្យ​មាន​ការ​បាញ់​សម្លាប់​គ្នា​កើត​ឡើង​​។ ​កំ​ហុសរបស់​លោក ឈុត វុទ្ធី គឺចូល​ក្នុង​ក្រុម​ហ៊ុនរបស់​គេ និង​ដើរថត​រូប​ភាព​យ៉ាង​អាណាធិបតេយ្យ និង​គ្មានការ​អនុញ្ញាត។ ការបាញ់​សម្លាប់​គ្នានោះ គឺ​ជា​ឧបទ្ទវ​ហេតុ​ចៃដន្យ​ ដែល​បាន​កើត​ឡើង​ដោយ​ការ​មិន​យល់​អធ្យាស្រ័យ​គ្នា​ ការ​ឈ្លោះប្រកែក​ ជេរប្រមាថ​គ្នា​​រវាង​បុគ្គ​ល និង​បុគ្គល វាមិន​មែន​ជាការ​គំ​រាម​កំ​ហែង​របស់​សមត្ថកិច្ច​ឬ​ក៏ការ​សម្លាប់​បំ​បិទមាត់​ណា​មួយ​ ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ ដូច​ដែល​អង្គការ​ទាំង​នោះ​បាន​ចោទប្រកាន់​ឡើយ​។

ដោយ​ឡែក ចំ​ពោះ​ឧបទ្ទវហេតុ​នៅ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ គឺមិន​បាន​ឃើញ​អង្គការ Global Witness  កត់​ត្រាទុកក្នុង​របាយការណ៍​របស់​ខ្លួន ​​ហើយ​យក​មក​ផ្សព្វ​ផ្សាយ​អំពី​ឬសគល់ និង​គោល​ដៅ​នយោ​បាយ​របស់​ជន​ល្មើស ដែល​បាន​រំ​លាយ​រដ្ឋបាល​អាជ្ញាធរ​មូល​ដ្ឋាន​ ការ​កាន់​កាប់​ដី​ធ្លីសា​ធារណៈ​របស់​រដ្ឋ និង​បង្កើត​ឡើង​នូវ​តំ​បន់​អបគមន៍​ ដែល​ជាទង្វើ​ខុសនឹង​ច្បាប់​នោះ​ទេ។ តើ​នៅ​លើ​ពិភព​លោក ប្រទេសណាមួយ​ដែល​ត្រូវ​បាន​គេអនុញ្ញាត​ឱ្យ​ជន​ណាម្នាក់​បង្កើត​តំ​បន់អបគមន៍​ ឬ​រដ្ឋក្នុង​រដ្ឋនោះ?

តើអ្វី​ទៅ​ជាបំ​ណង​ជាក់​លាក់​របស់​ជន​បរទេស​ម្នាក់នោះ ដែលជានិច្ចកាល​ផ្សព្វ​ផ្សាយ​តែពាក្យ​ចោទ​​ប្រកាន់ ​និង​វាយ​ប្រហារ ដោយ​ពុំ​បាន​ផ្អែក​លើមូល​ដ្ឋានច្បាស់​លាស់​ និង​ប្រកប​សច្ចធម៌បន្តិចណា​សោះ​នោះ?​​ ​។

 អង្គការGlobal Witness បាន​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួនលាតសន្ធឹង ត្រួត​លើបណ្តា​ប្រទេស​ផ្សេង​ៗ​​​តាម​រយៈការ​រិះ​គន់​រដ្ឋាភិបាលប្រទេស​នេះ ប្រទេស​នោះ​​ ហាក់​​ដូចជាពួក​គេក្តោប​ក្តាប់​អំ​ណាចទាំង​ស្រុង​ ស្តី​អំពី «​បញ្ហា​សិទ្ធិ​មនុស្ស » ការពិត​ពួក​គេ បាន​​​​ និង​កំ​ពុ​ង​​​ជ្រក​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស ​ដើម្បី​គំ​រាម​កំ​ហែ​ង​​​ប្រទេស​ដទៃតែ​ប៉ុណ្ណោះ។

របាយការ​ណ៍​របស់​ Global Witness គឺជារបស់​ដែល​ក្តៅ​ជានិច្ច។ ដោយ​ភាព​ប៉ិនប្រសប់​ខាង​ការ​ប្រឌិត​ព័ត៌មាន កែក្រឡៃ ផ្លាស់​ប្តូរ​បញ្ហា ពី​ពណ៌ស បំ​លែង​ឱ្យទៅ​ជាប្រផេះ ពីប្រផេះ​ឱ្យ​ទៅ​ជាពណ៌ខ្មៅ​             Global Witness បាន​បង្កើត​ឡើង​នូវ​របាយការណ៍ជាច្រើន​ពាក់​ព័ន្ធ​ក្នុង​រឿង​ពុក​រលួយ​​ បញ្ហា​​ ព្រៃឈើ បញ្ហា​អំពើ​ហឹង្សា បញ្ហាជម្លោះដី​ធ្លី និង​ចោទ​ប្រកាន់​ក្នុង​រឿង​ជម្លោះធនធាន​ធម្មជាតិ​ជាដើម​ ដោយ​​ពុំ​បាន​សម្លឹង​មើលពី​ភាព​វិជ្ជមាន​នៃកំ​ណែទម្រង់​របស់​រដ្ឋាភិបាល​នៃ​ប្រទេសទាំង​នោះទេ។

​ទង្វើ​រិះ​គន់​ និង​សកម្មភាព​វាយ​ប្រហារ​ជាប្រចាំ​ស្ទើរគ្រប់​បញ្ហា​ទាំង​អស់​របស់​ Global Witness តើ​បាន​ជួយ​អ្វី​ខ្លះ​ដល់​កម្ពុជា​ ក្រៅតែ​ពី​ការផ្សាយ​សម្អុយ​កិត្យានុភាព​របស់​កម្ពុជាទៅ​កាន់​អន្តរជាតិ​ និ​ង​​ទាម​ទារ​ឱ្យ​ប្រទេស​ម្ចាស់​ជំ​នួ​យ​ ផ្តាច់​ជំ​នួយ​មកកម្ពុជា ជាថ្នូរនៃ​ការ​លុប​បំ​បាត់នូវអ្វី​មួយ​តាម​ការ​ទាម​ទារ​របស់​គេម្នាក់​នោះ​ ? តើរដ្ឋាភិបាល​របស់​ប្រទេស​ឯករាជ្យ​មួយ ដែល​បាន និង​កំ​ពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្លាក្នុង​ការ​កែទម្រង់​ដ៏​ស៊ីជម្រៅ​ក្នុង​បញ្ហា​ដី​ធ្លី​ ការ​លុប​បំ​បាត់​អំពើ​ពុល​រលួយ​ ខំ​ប្រឹង​​អភិវឌ្ឍប្រទេស ជាពិ​សេស ការ​ខិត​ខំ​លើក​កំ​ពស់​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជាបាន​ប្រសើរ​យ៉ាង​នេះ​ ត្រូវ​ដេក​រង់​ចាំធ្វើ​តាម​បញ្ជារបស់អង្គការបរទេស​នេះ​​ឬអ្វី?

ដូច្នេះ របាយការណ៍​របស់​អង្គការ Global Witness ដែល​បាន​ចេញ​ផ្សាយ​នោះ គឺគ្មាន​អ្វីក្រៅពី​ការ​ធ្វើ​សកម្មភាព​ជាឈ្នាន់​បំ​រើ​នយោបាយបក្ស​ប្រឆាំង តាម​រយៈការប្រើប្រាស់​ឧបករណ៍​បន្ទរសម្លេង​ដោយ​​វិទ្យុ​ប្រតិកិរិយាមួយ​ចំ​នួន​​ ដែល​ជានិច្ចកាលរិះ​គន់​ និង​វាយ​ប្រហារមកលើ​រាជរដ្ឋាភិ​បាល​​​ ក្នុង​ការ​​សំ​រេចបាន​នូវ​​ទិសដៅ​របស់​ខ្លួន​ ដោយ​បង្ក​បង្កើត​ឡើង​ជាបញ្ហា​វឹក​វរ ​បំ​ផុសនូវ​ចលានាបះ​បោរ នាំឱ្យ​មាន​នូវ​ភាពស្អប់​ខ្ពើម​មកលើរាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។ នេះ​គឺជាសារជាតិ​របស់​ជន​បរទេស​ជ្រក​ក្រោម​ស្លាកអង្កការជាមេក្លោង​​ដែ​ល​ប៉ុនប៉ង​​បង្ក​ជម្លោះ​​ហែក​ហួរ និង​បំ​ផ្លាញ​សន្តិ​ភាព​នៅ​កម្ពុជា​ឱ្យ​ធ្លាក់ចូល​ក្នុង​គ្រោះ​​អន្តរាយ៕​​​​​

អត្ថបទដោយៈ ពូន សំ​រេច

កំណាព្យ ចចើងចង់លាភ រែងបាត់ធនទៅ