Saturday, July 7, 2012

​ បទអត្ថាធិប្បាយ ពិភព​លោក​ផ្តល់​ជូន​កម្ពុជា​នូវ​ឋានៈ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ចប្រជុំ​លើក​ទី៣៧​ នៃ​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​ឆ្នាំ២០១៣

បទអត្ថាធិប្បាយ
ពិភព​លោក​ផ្តល់​ជូន​កម្ពុជា​នូវ​ឋានៈ​ជាម្ចាស់​ផ្ទះ​រៀប​ចំកិច្ចប្រជុំ​លើក​ទី៣៧នៃ​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​ឆ្នាំ២០១៣
ថ្ងៃទី០៧  ខែកក្កដា ឆ្នាំ២០១៣
សំរាប់​ថ្ងៃនេះ ប្រជាជន​កម្ពុជា​មាន​សេចក្តី​រីករា​យដោយ​ក្តីរំភើប​បំផុត​ដែល​គណៈ​កម្មាធិការ​បេតិភណ្ឌ​ពិភព​លោក​ក្នុង​សម័យ​ប្រជុំ​លើក​ទី៣៦នៅសហព័ន្ធ​រុស្ស៊ី​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាល​ពី​ថ្ងៃទី០៤​ ខែកក្កដា​ ផ្តល់​ជូន​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួលរៀបចំកិច្ច​ប្រជុំ​លើក​ទី៣៧ នៃ​គណៈ​កម្មាធិការ​បេតិ​កភណ្ឌពិភព​លោក និង​ជាប្រធាន​នៃគណៈ​កម្មា​ធិការ​​​បេតិក​ភណ្ឌ​ពិភព​លោកសំរាប់ឆ្នាំ២០១៣ ដែល​ត្រូវ​បាន​កំណត់​ថានឹង​ធ្វើ​ឡើងនៅ​ក្នុងទីក្រុងភ្នំពេញ​ និង​​សៀមរាប។​

សេចក្តី​សំរេច​ជាឯ​កច្ឆ័ន្ទ​របស់​គណៈកម្មាធិ​ការបេតិ​ភណ្ឌ​ពិភព​លោក​ដែល​មាន​សមាជិ​កចំនួន​២០​ និងបណ្តា​រដ្ឋជា​សមាជិក​នៃអង្គការយូណេស្កូ​ចំនួន​១៨៩​ប្រទេស​បាន​ផ្តល់​នូវ​កិត្តិយស​ដ៏ធំធេង​បំផុត​ដល់​ប្រទេស​កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ ដែល​សំបូរណ៍ ទៅ ដោយ​​បេតិកភណ្ឌ​ទាំង​រូប​បិយ និង​អរូប​បិយ​ ហើយ​ការ​សំរេច​របស់​ស្ថាប័ន​ពិភព​លោក​មួយ​នេះ​ពិតជា​​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ថ្មីមួយ​ទៀត​របស់​សហគមន៍​អន្តរជាតិ​មក​លើកិច្ច​ខិតខំ​ប្រឹងប្រែង របស់ប្រទេស​ក​ម្ពុជា​ក្នុងការ​សម្រេច​​​បាននូវ​សមិទ្ឋផល​ដ៏ធំធេង​លើវិស័យ​នយោបាយ​ សេដ្ឋកិច្ច និងវប្បធម៌ ជាពិសេស​ការងារ​វប្បធម៌​ដើម្បី​សន្តិភាព។
ជោគជ័យ​ជា​ប្រវត្តិ​សា​ស្រ្តនេះ គឺជា​មោទ​នភាព​ជាតិថ្មី​មួយ​ទៀត​ដែល​ប្រទេ​ស​កម្ពុជា​   និង​ប្រជាជន​កម្ពុជា​ទទួល​បាន​​ អាស្រ័យ​ដោយ​លទ្ធផល​បាន​កើត​ចេញពី​ម​គ្គុ​ទេស​​ក៍ដឹក​នាំដ៏ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងដោយ​មាន​ការណែ​នាំការ​ងារ​ដោយ​ផ្ទាល់​របស់​ឯកឧត្ត​មបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជាប្រធាន​គណៈ​កម្មការ​ជាតិ​យូណេ​ស្កូ​កម្ពុជា គណៈ​ប្រតិ​ភូ​កម្ពុជា​។
ជោគ​ជ័យនេះ​ពិតជា​និមិត្តរូប​មួយ ដែល​បាន និង​កំពុង​ធើ្វអោយ​កិត្យា​នុភាព និង​មុខមាត់​របស់​ប្រទេស​កម្ពុជា​កាន់​តែ​ល្បី​រន្ទឺ​លើក​ឆាក​អន្តរជាតិ អាស្រ័យ​ដោយ​កម្ពុជា​មានបទ​ពិសោធ ​និង​សមត្ថភាព​គ្រប់គ្រាប់​ក្នុងការ​ងារ​អភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនូវ​ប្រាសាទ​អង្គវត្ត ក្នុង​ក្របខណ្ឌ​នៃគណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ ICC-អង្គកន្លងមក។​ ហើយ​ថ្មីមួយ​ទៀត​នេះ ប្រទេស​កម្ពុជា​បាន​ និង​កំពុង​បំពេញ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោ​យ​ចីរភាព​នូវប្រា​សាទ ព្រះវិហារដែល​ទទួល​ការ​ទ្រុឌ​ទ្រោមដោយ​ធម្មជាតិ និង​ទទួល​រងពី​ការ​បាញ់ បំផ្លា្ញញ​ពីកងទ័ព​ថៃ​កន្លងមក។
ប្រទេស​កម្ពុជា នឹងរៀបចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី​​៣៧ របស់​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌពិ​ភព​លោក​​នេះ ដែលនឹង​ទទួល​​​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ប្រហែល ៨០០​នាក់ រួមមាន​អ្នកការ​ទូត​ និងអ្នក​ជំនាញ​ខាង​បេតិក​ភណ្ឌវប្បធម៌ និង​​ធម្មជាតិ​ដែល​មកពី​ទ្វីប​ទាំង នៃ​ពិភព​លោក​ទាំង​មូល តំណាង​ឲ្យវប្បធម៌​នៃ​បណ្តាប្រ​ទេស ១៨៩  ដែល​ជា​រដ្ឋ​សមាជិក​​អនុស​ញ្ញា​ឆ្នាំ១៩៧២ ស្តីពីការ​ការពារ​បេតិកភ​ណ្ឌវប្បធម៌​ និងធម្មជាតិ​ពិភពលោក​ក្នុង​ចំណោម​​​សមាជិក​ទាំង​១៩៥ នៃ​អង្គការ​យូណេស្កូ។
ដូច្នេះ សន្តិភាព ​ស្ថិរភាព​នយោបាយ​ និង​សន្តិ​សុខ​ទូទាំង​ប្រទេស ព្រម​ទាំង​បទ​ពិសោធន៍ និង​សមត្ថភាព​របស់​កម្ពុជា​ក្នុង​កិច្ច​អភិរក្ស និងអភិវឌ្ឍ​ប្រាង្គប្រាសាទ​នានា​ ពិសេស​ ប្រាសាទ​អង្គវត្ត និង​ប្រាសាទ​ព្រះ​វិហារ​បាន​ធើ្វអោយ​ពិភព​លោក​ផ្តល់​នូវ​កិតិ្តយស​ដ៏ធំ​ធេង​ជូន​ប្រទេស​កម្ពុជា​នូវ​ឋានៈ​ជាម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រជុំពេញ​អង្គ​ នៃ​គណៈកម្មា​ធិការ​បេតិក​ភណ្ឌពិភព​លោក​នាឆ្នាំ​២០១៣​ខាង​មុខ​នេះ។
អត្ថបទដោយៈ ឡុង សុគុណ