Saturday, July 21, 2012

ជម្លោះរវាង សម្តេចក្រុមព្រះ និងលោក សៅ រ៉ានី កាន់តែជ្រៅទៅៗ

ភ្នំពេញ ៖ ជម្លោះរវាងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ កាន់តែជ្រៅទៅហើយ ខណៈដែលលោក សៅ រ៉ានី បានដាក់ ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ចំពោះលិខិតមួយចំនួន ដែលលោកគិតថា ជាលិខិតក្លែងក្លាយ ដែលគណបក្ស នរោត្តម រណឫទិ្ធ បានចេញកាលពីថ្ងៃទី២០ ខែកក្កដា ដោយ ក្នុង លិខិតនោះ មិនទទួលស្គាល់ ការចុះហត្ថលេខា រវាងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងលោក សៅ រ៉ានី ។

យោងតាមសេចក្តីសម្រេច របស់គណបក្សនរោត្តម រណឫទិ្ធ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ បាន បញ្ចប់តួនាទីអគ្គលេខាធិការ និងអគ្គលេខាធិការរងចំនួន ៦រូប ដោយក្នុងនោះ ទី១-លោក សៅ រ៉ានី អគ្គលេខាធិការ គណបក្សនរោត្តម រណឫទ្ធិ ទី២-លោក ផែង ហេង ទី៣-លោក ឃឹម សិលា ទី៤- លោក  ថាវ គឹមឡុង ទី៥-លោក ឡុង លីម ជាអគ្គលេខាធិការរង ទី៦-លោក យស់ សូលី សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ ហើយក៏មានលិខិតប្រកាសតែងតាំង លោក ឈឹម សៀកឡេង ជាអគ្គ លេខាធិការ នៃគណបក្សនរោត្តម រណឫទ្ធិ ជំនួសលោក សៅ រ៉ានី វិញ ។
យោង​តាម​ប្រភពព័ត៌មានមួយ បានបង្ហើបឲ្យដឹងថា លោក សៅ រ៉ានី បានចាត់ទុកលិខិតរបស់គណបក្ស នរោត្តម រណឫទ្ធិ ដែលធ្វើការបដិសេធ នៃការចុះហត្ថលេខារវាងលោក និងលោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី១៧ ខែកក្កដា គឺជាលិខិតក្លែងក្លាយ និងលិខិតស្តីពីការបញ្ចប់តួនាទីជាអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ផងដែរ។ ហើយលោកបានដាក់ពាក្យបណ្តឹង ទៅកាន់សមត្ថកិច្ចរួចហើយ។
ប្រភពព័ត៌មានខាងលើ បានបន្តទៀតថា ជម្លោះរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សមួយនេះកាន់តែជ្រៅ ទៅហើយ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ បានចាប់ផ្តើមធ្វើការជាមួយលោក សៅ រ៉ានី ដើម្បីបង្រួបបង្រួម គណបក្សកូនភ្លោះមួយនេះ ដោយគ្មានវត្តមានសម្តេចក្រុមព្រះ។
ពាក់ព័ន្ធនឹងករណីខាងលើ គណបក្សនរោត្តម រណឫទិ្ធ បានបង្ហាញនូវលិខិតផ្ទេរសិទ្ធិពីប្រធានគណបក្ស នរោត្តម រណឫទ្ធិ  ជូនលោក ឈឹម សៀកឡេង ជាប្រធានស្តីទីក្នុងអំឡុងពេលដែលអវត្តមានសម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ នៅក្នុងប្រទេស ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ។
សូមអានលិខិតពាក់ព័ន្ធរឿងរ៉ាវ ការចុះហត្ថលេខា ជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងការបញ្ចប់តួនាទី មន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ នៅខាងក្រោម ៖