Tuesday, July 31, 2012

ក្រុម​យុវជន​ស្ម័គ្រ​​ចិត្ត​សម្ដេច​តេ​ជោ ​សំរាក​ចំនួន​៥ថ្ងៃ បន្ទាប់ពី​បំពេញភារកិច្ច អស់​រយៈពេល១ខែ​កន្លងមក

ក្រុម​យុវជន​ស្ម័គ្រ​​ចិត្ត​សម្ដេច​តេ​ជោ ​សំរាក​ចំនួន​៥ថ្ងៃ បន្ទាប់ពី​បំពេញភារកិច្ច អស់​រយៈពេល១ខែ​កន្លងមក
បន្ទាប់ពី​ចុះ​យុទ្ធនាការ​វាស់វែង​ដីធ្លី​ធ្វើ​ប្លង់​ជូន​ប្រជាពលរដ្ឋ​អស់​រយៈពេល១ខែ​កន្លងមក ក្រុម​យុវជន​​ស្ម័គ្រ​​ចិត្ត​សម្ដេច​តេ​ជោ​​ហ៊ុន សែន បាន​ទទួល​ការ​សំរាក​ចំនួន៥ថ្ងៃ ហើយ​បាន​នាំ​គ្នា​វិលត្រឡប់​ទៅលេង លំនៅដ្ឋាន​ជួបជុំ​ក្រុម​គ្រួសា នៅ​ថ្ងៃទី២៩ កក្កដា នឹង​វិលត្រឡប់​មកកាន់​កន្លែង​ការងារ​វិញ​នៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២។


ក្នុង​ពេល​ធ្វើដំណើរ​វិល​ត្រឡប់​ឆ្ពោះ​ទៅលេង​លំនៅដ្ឋាន​​នៅ​វេលា​ព្រឹក​ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១២នោះ ក្រុម យុវជន ស្ម័គ្រ​​ចិត្ត​សម្ដេច​តេ​ជោ​ចុះ​​ទៅ​ខេត្តកំពង់ចាម ដែល​ធ្វើដំណើរ​ដោយ​រថយន្ត ចំនួន៤គ្រឿង​បាន​មក​ឈប់ សំចត​នៅ មុខ​សាលាខេត្ត​កំពង់ចាម​ប្រមាណ​ជា ៣០នាទី ហើយ​ក្នុង​ពេល​​នោះ​គេ​សង្កេតឃើញ​វត្តមាន​ លោក​​លន់ លឹម​ថៃ អភិបាលរង​ខេត្ត ជា​តំណាង​ដ៏​ ខ្ពស់​ខ្ពស់​លោក​​ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម ទទួល​ការ​សួរ​សុខទុក្ខ រាក់ទាក់ ស្វាគមន៍​យ៉ាង​ស្និត​ស្នាល​ដល់​ក្រុម​យុវជន​នៅក្នុង​ឱ​កាស​នោះ។

នៅក្នុង​ឱ​កាស​ឈប់​សំចត​នោះ​ផង​ដែរ លោក​អ៊ុក បូ​នី​ន អ្នកទទួល​ផ្នែក​សំ​រប​សំរួល​កិច្ចការ​ក្រុម​យុវជន​វាស់​វែង​ដីធ្លី​ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា ដោយមាន​ទឹកចិត្ត​គោរព​យ៉ាង​មោះមុត​តាម​គោលនយោបាយ របស់​រាជ​រដ្ឋ​ភិ​បាល ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​សម្ដេច​តេ​ជោ ហ៊ុនសែន​រួម​និង​កំលាំង​ជំនាញ​សុរិយោដី​បាន​បំពេញ​ភារកិច្ច​វាស់ដី​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម​បាន​ប្រ​ព្រឹ​ត្តិ​ទៅ​ប្រកបដោយ​ភាព​រលូន និង​សំរេច​បាន​លទ្ធផល​យ៉ាង​ធំធេង នៅ​ក្នុង​ពេល​បំពេញការងារ​ដែល​ទើបតែ​ចាប់​ផ្ដើម​បាន​រយៈ ពេល១ខែ ប៉ុណ្ណោះ។

លោក​អ៊ុក បូ​នី​ន បាន​ឱ្យ​ដឹង​​បន្ត​ថា ក្រុម​យុវជន​ស្ម័គ្រ​​ចិត្ត​សម្ដេច​តេ​ជោ ចុះ​មក​ខេត្តកំពង់ចាម សរុប មាន​ចំនួន៨៤នាក់ ចែកចេញជា៧ក្រុម បាន​ចូលរួម​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយ​កម្ម និង​សំណង់​សុរិយោ​ដី​ធ្វើការ​វាស់វែង​ដីធ្លី​ធ្វើ​ប្លង់​ជូន​ប្រជាពលរដ្ឋ​ជំហាន​ដំបូង​មាន​ចំនួន៤ស្រុក ក្នុង​នោះ​មាន​ស្រុក​ស្ទឹងត្រង់ ស្រុក​អូររាំងឪ ស្រុក​តំបែរ និង​ស្រុក​មេមត់​។

 ​យុទ្ធនា​ការវាស់វែង​នេះ​បាន​ចាប់​ផ្ដើម ពី​ថ្ងៃ​ទី២៨ ខែមិថុនា គិត​មក​ត្រឹម​ថ្ងៃទី២៨ខែកក្កដា​ឆ្នាំ២០១២ មាន​រយៈពេល១ខែ​គត់ ក្រុមការងារ​សំរេច​បាន​លទ្ធផល វាស់ដី​បាន​ចំនួន៣២៦៤ក្បាលដី ស្មើ៤៥១៦,៤២ហិច​តា មាន​ចំនួន​២៨០៣​គ្រួសារ។

លោក​បូ នី​ន បាន​ឱ្យ​ដឹង​​បន្ត​ទៀត​ថា លទ្ធផល​ដែល​ទទួល​បាន​ប្រកបដោយ​ផ្លែផ្កា​នេះ​ពិតជា​ស្នាដៃ​រួមគ្នា​រវាង ក្រុម​យុវជន​​ស្ម័គ្រ​​ចិត្ត​សម្ដេច​តេ​ជោ​​ហ៊ុន សែន ជាមួយ​កំលាំង​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំ​ណង់​សុរិ​យោ​ដី​ខេត្តកំពង់ចាម។ ពិសេស​គឺ​ដោយសារ​មានការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កំពង់ចាម​​​តែងតែ​គិត​គូ​ជាប្រចាំ​ចំពោះ​ជីវភាព សន្តិសុខ និង​ទីកន្លែង​ស្នាក់នៅ​យ៉ាង​សមរម្យ និង​ដោះស្រាយ​គ្រប់ ឧបសគ្គ​សព្វបែបយ៉ាង​មិនដែល​ឱ្យ​ក្រុមការងារ​ជួប​ការ​លំបាក៕