Friday, August 3, 2012

ទស្សនៈ ទណ្ឌិត សម រង្ស៊ី មិន​ត្រូវ​ភ្លេច​ពាក្យ​សុំទោស



ក្រុមយុវជនអាស៊ាន ចូលរួមប្រលងប្រជែងសមត្ថភាព ថ្ងៃសុក្រ ទី៣សីហា ឆ្នាំ២០១២ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ

ក្រុមយុវជនអាស៊ាន ចូលរួមប្រលងប្រជែងសមត្ថភាព ថ្ងៃសុក្រ ទី៣សីហា ឆ្នាំ២០១២ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ
 
   ការប្រកួតប្រជែង តំបន់​អាស៊ាន លើក​ទី​៥ " 5th ASEAN Quiz Regional Competition" ដែល​ជា​ការប្រឡង​សមត្ថភា​ពយុវជន​អាស៊ាន មកពី ១០ ប្រទេស ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងឡាយ​របស់​អាស៊ាន បាន​ធ្វើឡើង នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១២​។ ពិធី​នោះ មាន​ការចូលរួម​ពី​សណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ ​​     កម្ពុជា​មាន​យុវជន ៣ រូប ចូលរួម​ប្រឡងប្រជែង​ជាមួយនឹង​យុវជន​មកពី​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​។​
  
 
ការប្រឡងប្រជែង​ប្រាជ្ញា តំបន់​អាស៊ាន លើក​ទី​៥ " 5th ASEAN Quiz Regional Competition" កម្ពុជា មាន​យុវ​សិស្ស ៣ រូប ចូលរួម រួមមាន​៖ ១-​យ៉ង់ មុនី​ឧត្តម សិស្ស​វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ២-​សិស្ស ទឹម ច័ន្ទ​សិរី​រដ្ឋ សិស្ស​វិទ្យាល័យ ឥន្ទ្រ​ទេវី និង​ទី​៣-​យុវ​សិស្ស ភិន ដា​ថា​លីន សិស្សសាលា​អន្តរទី្វប​អាមេរិចកាំង​។​

ចំណែកប្រទេសសមាជិកអាស៊ាន ៩ ផ្សេងទៀត ក៏បានបញ្ជូនយុវជន ៣ រូប ក្នុងមួយ​ប្រទេស ដើម្បីចូលរួមការប្រឡងប្រជែងនាពេលនេះផងដែរ។

​សូមបញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ចូល​ជា​សមជិកភាព​របស់​អា​ស៊ាន នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩​។ កម្ពុជា គឺជា​សមាជិក​ទី​១០ ដែលជា​កូនពៅ​របស់​អាស៊ាន​។ នៅ​ឆ្នាំ​២០១២​នេះ កម្ពុជា ជា​ប្រធាន​អាស៊ាន​៕​

សមាជិក​ព្រឹទ្ធស​ភា​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​​តេជោ នៅ​ក្រុង​សំរោង

សមាជិក​ព្រឹទ្ធស​ភា​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​​តេជោ នៅ​ក្រុង​សំរោង
     ឯក​ឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា អមដំណើរ​ប្រតិភូ​ដោយ លោកឧកញ្ញ៉ា ញឹក ផន លោក ឧត្ដមសេនីត្រីយ៍ ម៉ែន លី ស្នងការនគរបាលខេត្ត បាន​ដឹកនាំ​ប្រតិភូ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំយក​គ្រឿង​ឧបភោគ​បរិភោគ មួយ​ចំនួន​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្រុម​ទី​១០៦ និង ១០៧ ចុះ​វាស់វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ ក្នុងសង្កាត់កូនក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានេជ័យ។ នៅក្នុង​ឱកាស​ នោះ​ ឯក​ឧត្តម ឧកញ្ញ៉ា លី យ៉ុងផាត់ បាន​ថ្លែង​អំណរគុណ ​ចំពោះ​យុវជន​ស្ម័គ្រ​ចិត្ត ដែល​បាន​លះបង់ ​​ក្រុម​គ្រួសារ និង​ការ​សិក្សា​មួយរយៈ ​ដើម្បី​រួម​ចំណែក​ ជា​មួយ​រាជ​រដ្ឋាភិបាល ជួយ​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ បង្ក​លក្ខណៈ​គ្រប់គ្រាន់ ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់ ងាយស្រួល​ក្នុង​ការ​បង្ក បង្កើន​ផល​លើក​កំពស់​ជីវភាព ​សំដៅ​កាត់​បន្ថយភាព​ក្រីក្រ។
ឯក​ឧត្តម ឧកញ្ញ៉ា បាន​សំណូមពរ​ មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ និង​ក្រុម​បច្ចេក ទេស​ ចូល​ទៅ​វាស់ វែង​ដីធ្លី​នៅ​តំបន់​ណា​សង្ស័យ​មាន​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ឬ​ការ​ឆ្លង កាត់​ជ្រោះជ្រនិង​ស្ទឹង​ដែល​មាន​ទឹក​ច្រើន ចំពោះ​តំបន់​ទាំងនោះ ​ចាំ​វាស់វែង​ជា​ក្រោយ។ ក្នុង​ការចុះ​សួរ សុខ​ទុក​នេះ​ដែរ ឯក​ឧត្តម ឧកញ្ញ៉ា បាន​នាំ​យក​អំណោយ​ រួមមាន អង្ករ ចំនួន ០១​តោន មី ចំនួន ១០​កេះធំ ត្រីខ ចំនួន​១០​កេះធំ ទឹកត្រី ១០ កេះ ទឹកសុទ្ធ ១០០ ឡូ សាច់ជ្រូក ២០ គី​ឡូ​ក្រាម សាច់គោ ២០ គីឡូក្រាម ចែក​ជូន​ថវិការ​ដល់​យុវជន​ស្ម័គ្រ​ចិត្ត ៧៨ នាក់ ម្នាក់ៗទទួល​ បាន​ថវិការ​ចំនួន ៥០ ម៉ឺនរៀល សរុប​ស្មើនឹង ៣៩ លានរៀល និង​អំណោយ ​លោក​ឧកញ្ញ៉ា ញឹក ផន ប្រតិភូ​អម​ដំណើរ ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លា​អាមេរិក (សម្រាប់​ផ្ដល់​ជូន ​យុវជន​ទាំងពីរ​ក្រុម​ផង​ដែរ) ។ ឯក​ឧត្តម ឧកញ្ញ៉ា បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ ​យុវជន​ស្ម័គ្រចិត្ត​ទាំងនោះ ​ត្រូវ​ចេះ​ថែរក្សា​ សុខភាព​គឺ​ហូប​ស្អាត រស់នៅ​ស្អាត និង​ដេក​ក្នុង​មុង​ជានិច្ច ដើម្បី​ការពារ​ជម្ងឺ​គ្រុន​ចាញ់ និង​ជម្ងឺ​ឆ្លង​ផ្សេង​ៗ ព្រោះ​ក្រុងសំរោង​សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ ៕

ឯកឧត្ដម ចម ប្រសិទ្ធ ជួបប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មថ្មី នៃតំបន់កាន់តូជប៉ុន

ឯកឧត្ដម ចម ប្រសិទ្ធ ជួបប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មថ្មី នៃតំបន់កាន់តូជប៉ុន
លោក Hideo OKUBO ប្រធានក្រុមហ៊ុនសាជីវកម្ម Foval Corporation និងជាប្រធានក្រុមប្រឹក្សា ពាណិជ្ជកម្ម ថ្មីNew Business Council នៃតំបន់កាន់តូប្រទេសជប៉ុន  និងលោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា  អនុប្រធាន និងជាប្រធានប្រចាំការនៅកម្ពុជា នៃមូលនិធិគាំទ្រការអប់រំ អន្ដរជាតិកម្ពុជា CIESF   និងជាអតីត ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានៅព្រឹកថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១២ បាននាំប្រតិភូក្រុមប្រឹក្សា ពាណិជ្ជកម្មថ្មី New Business Council នៃតំបន់កាន់តូ ប្រទេសជប៉ុន មួយក្រុម  ដែលមាន លោក Hiromu Ikeda ប្រធានក្រុមហ៊ុន NSG Group ជាប្រធានប្រតិភូ ដើម្បីចូលរួម កិច្ចប្រជុំ និងស្ដាប់បទ ឧទ្ទេសនាមពី ឯកឧត្ដម ប៉ាន សូរស័ក្ដិ  រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ  ស្ដីពីសក្ដានុពល និងឱកាស វិនយោគ នៅកម្ពុជា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
លោក Hiromu Ikeda ប្រធានក្រុមហ៊ុន NSG Group ជាប្រធានប្រតិភូ និងលោក Hideo OKUBO ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថ្មី (NBC) នៃតំបន់កាន់តូ នៃប្រទេសជប៉ុន បានជម្រាបជូនថា ប្រតិភូរបស់លោក មានចំនួន៣២នាក់ តំណាងមកពី ក្រុមហ៊ុនចំនួន ៣១ មានដូចជា ក្រុមហ៊ុនពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម ទូរគមនាគមន៍សំណង់ បច្ចេកវិទ្យាព័ត៌មាន អប់រំ និងក្រុមហ៊ុន ជួលឃ្លាំងជាដើម ដែលជាក្រុមហ៊ុន ដ៏មានសក្ដានុពល បានរួមចំណែក ជួយជម្រុញសេដ្ឋកិច្ចជប៉ុន កាលពី២៧ ឆ្នាំមុន  កំពុងមានការចាប់អារម្មណ៍ និងចង់សិក្សា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា  ឯកឧត្ដម ប៉ាន សូរស័ក្ដិ  រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានសំដែងការស្វាគមន៍ និងបានឆ្លើយ សំណួរជាច្រើន ទាក់ទងនិងការ ចង់ដឹងពីស្ថានភាពទូទៅនិងសក្ដានុពលសេដ្ឋកិច្ច របស់កម្ពុជា  ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានជម្រាបថា កម្ពុជា បានឆ្លងកាត់សង្គ្រាមរុំារ៉ៃរាប់ទស្សវត្ស ហើយកម្ពុជាទើប ទទួលបាន​ឯកភាពជាតិ និងសុខសន្ដិភាព​ ពេញលេញ នាឆ្នាំ ១៩៩៩ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេច អគ្គមហានោបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា។ដូច្នេះការបង្កើតគោល នយោបាយសេដ្ឋកិច្ច និងរបបពាណិជ្ជកម្ម  គឺមានលក្ខណៈលើកទឹកចិត្ដនិងមានភាពសេរីច្រើន។  ឯកឧត្ដម បានបន្ថែមថា កម្ពុជា ជាប្រទេសកសិកម្ម សម្បូរណ៍ដោយ ធនធានធម្មជាតិនិងសម្បត្ដិ វប្បធម៌រុងរឿង   ក្នុងនោះ កត្ដាសំខាន់ ០៤យ៉ាង ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍គឺសន្ដិភាព-ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច-ក្របខ័ណ្ឌច្បាប់ រឹងមាំនិងអាច ប៉ាន់ប្រមាណ បាន  និងភាពអនុគ្រោះពាណិជ្ជកម្មដែលកម្ពុជា ទទួលបានពីប្រទេស ដៃគូ និងប្រទេសអភិវឌ្ឍន៍ ក្នុងនាមកម្ពុជា ជាប្រទេស អភិវឌ្ឍន៍ តិចតួច (LDC)និងការធ្វើ សមាហរណកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងសហគមន៍ សេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ ប្រទេសជប៉ុនក៏បានផ្ដល់ភាព អនុគ្រោះពាណិជ្ជកម្ម ដល់កម្ពុជាលើបញ្ជីមុខទំនិញចំនួន៩៨% ផងដែរ។ ឯកឧត្ដមទេរដ្ឋមន្ដ្រីបានលើកឡើង ពីវិស័យជាអាទិភាព ចំនួន១០ ដែលបានដាក់ចេញ ក្នុងរាជរដ្ឋាភិបាល អណត្ដិទី៤  ព្រមទាំងលើកឡើង ពីយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលយកអភិបាលកិច្ចល្អជាស្នូល។ ទន្ទឹមគ្នានោះ ឯកឧត្ដមរដ្ឋលេខាធិការ ប៉ាន សូរស័ក្ដិ  បានលើក ឡើងពីការ យកចិត្ដទុកដាក់របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុងការធ្វើឱ្យប្រសើរ នូវបរិយាកាស វិនិយោគទាំងក្នុងស្រុក និងក្នុងតំបន់ ដូចជាៈការបង្កើតតំបន់ សេដ្ឋកិច្ចពិសេស SEZតំបន់ពាណិជ្ជកម្មសេរី FTA អភិវឌ្ឍន៍ ក្រោមក្របខ័ណ្ឌ មហាអនុតំបន់ទន្លេមេគង្គ GMS ទីផ្សារព្រំដែនដោយរួមបញ្ចូលនូវ យន្ដការកែទំរង់  និងកិច្ចសំរួល ពាណិជ្ជកម្ម ស៊ីជំរៅ ជាពិសេសទៅទៀត ច្បាប់វិនិយោគ កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសអាចដាក់ ដើមទុនរបស់ខ្លួន ១០០% និងអាចធ្វើពាណិជ្ជកម្មនាំចេញ នាំចូលដោយខ្លួន ឯងបាន និងមិនកំហិតការផ្ទេរប្រាក់ ចំណេញ ចេញទៅក្រៅប្រទេស ឡើយ ព្រមទាំងអំពាវនាវឱ្យក្រុមហ៊ុនជប៉ុន មកបណ្ដាក់ទុន នៅកម្ពុជាឱ្យបាន កាន់តែច្រើនឡើង  

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គោរព​វិញ្ញាណក្ខន្ធ​លោក​ឧកញ៉ា​វិសេស​វិជ្ជា​វេជ្ជបណ្ឌិត​ មីសាមឺឌី​

នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​សីហា​នេះ​ មន្ត្រីជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ នុត សាអាន​ អនុប្រធាន​ទី ​១ និង លោក​ប៊ុន សុខ ​អនុប្រធាន​ទី​២ ​ បាន​ដឹកនាំ​មន្ត្រី​អូឡាំពិក​និង​តំណាង​សហព័ន្ធ​ជាតិ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​ឧកញ៉ា​វិសេស​វិជ្ជា​វេជ្ជបណ្ឌិត​ មី សាមឺ​ឌី ប្រធានកិត្តិយស​អូឡាំពិក​មួយ​ជីវិត​ ដែល​ទទួលមរណភាព​កាលពី​ថ្ងៃទី ១ ខែ​សីហា​កន្លងមក។​
លោក​នុត សាអាន បាន​ថ្លែង​នៅក្នុង​វិយោគកថា​បញ្ជាក់ថា មួយជីវិត​របស់លោក​មី សា​មឺ​ឌី គឺ​បាន​ លះបង់​ទៅលើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​វេជ្ជសាស្ត្រ និង​កីឡា​បាន​យ៉ាងច្រើន​។ ​បន្ទាប់ពី​ឆ្លងកាត់​របប​ប៉ុល ពត​នោះ លោក​មី សា​មឺ​ឌី​បាន​តស៊ូ​លើ​ឆាក​អន្តរជាតិ​ពិសេស​អូឡាំពិក​អន្តរជាតិ រហូតដល់​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​ឆ្នាំ​១៩៩៦ អូឡាំពិក​អន្តរជាតិ​បានផ្ដល់​អាសនៈ​មកដល់​កម្ពុជា​វិញ​។​
 ជាមួយនឹង​ការ​ទាមទារ​បាន​មក​វិញ​នូវ​អាសនៈ​អូឡាំពិក​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នោះ ​ លោក​មី សា​មឺ​ឌី បាន​កាន់កាប់​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដល់​ទៅ​២​អាណ​ត្តិ ហើយ​ចុងក្រោយ​លោក​បាន​ដកខ្លួន​ថយ​ដោយសារ​វ័យ​កាន់តែ​ចាស់។ ទោះបី​ដកខ្លួន​ថយ​ក៏​លោក​នៅតែ​បន្ត​ជួយ​ដល់​អូឡាំពិក​កម្ពុជា​ទៅតាម​អ្វី​ដែល​អាចធ្វើ​បាន។​
 ដោយសារ​គុណសម្បត្តិ​បែបនេះ ទើប​នៅ​ថ្ងៃទី​១២​កុម្ភៈ​២០១១ លោក​ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​សម្រេច​ផ្ដល់​ឋានៈ​កិត្តិយស​ដល់​លោក​វេជ្ជបណ្ឌិត មី សា​មឺ​ឌី ជា​ប្រធានកិត្តិយស​អូឡាំពិក​កម្ពុជា​មួយ​ជីវិត​។​
 លោក នុត សាអាន បាន​បញ្ជាក់​ទៀត​ថា​ ក្នុងនាម​លោក​បណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ជាមួយ​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទាំងអស់ សូម​ចូលរួម​សំដែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​សកម្មជន​ នៃ​ចលនា​អូឡាំពិក​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល ​លោកអ្នកឧកញ៉ា​វិសេស​វិជ្ជា​វេជ្ជបណ្ឌិត ​មី សា​មឺ​ឌី ប្រធានកិត្តិយស​មួយ​ជីវិត​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បានទទួល​មរណភាព​ដ៏​គួរឲ្យ​សោកស្តាយ​នេះ៕
វិ​សិទ្ធ​​

ប្រជាពលរដ្ឋ​ទូរ​ទាំង​ខេត្ត​សៀមរាប​និង​តាម​បណ្តា​ខេត្ត​រាប់​រយ​នាក់​នាំគ្នា​មក​សុំ​សេចក្តី​សុខ​ពី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

សៀមរាប​ ៖ ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​សៀមរាប​និង​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ក្រុង​រាប់​រយ​នាក់​បាន​នាំ​គ្នា​មកកាន់​កន្លែង​សក្ដិ​សិទ្ធិ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​យ៉ាង​ច្រើន​កុះករ​កាលពី​ល្ងាច​នៅ​ក្នុង​ថ្ងៃទី​០២​ខែ​សីហា​ឆ្នាំ​២០១២​ ត្រូវ​និង​ថ្ងៃ​១៥​កើត ខែ​ពិសាខ​ហើយក៏​ជា​ថ្ងៃសីល​ស្រប​ពេល​និង​ថ្ងៃ​ចូល​ព្រះវស្សា​ដែល​បងប្អូន​ពុទ្ធបរិស័ទ​ជាច្រើន​ដែល​មកពី​បណ្តា​រាជធានី​ខេត្ត​ក្រុង​បាន​នាំគ្នា​ទៅ​បូជា​ទៀន​ធូ​ក ​ភួង ផ្កា ​ថ្វាយ​ជូន​ដល់​ព្រះសម្មាសម្ពុទ្ធ​ដើម្បី​សុំ​សេចក្តី​សុខ​សេចក្តីចំរើន​។​
ជាក់ស្តែង​បើតាម​ការ​ង្កេ​ត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ហើយ​និង​ពុទ្ធបរិស័ទ​ជាច្រើន​បាននាំគ្នា​ទៅ​បូជា​ទៀន​ធូ​ក​ផ្កា​ខ្ញី​នូវក្នុង​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ដែល​ស្ថិតនូវ​ចំ​កណ្តាល​បេះដូង​ក្រុង​ប្រវត្តិ​សាសន៍​ខេត្តសៀមរាប​  ដោយ​ខេត្តសៀមរាប​ជា​ខេត្ត​ស័ក្តិ​សិទ្ធ​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​និង​ពុទ្ធបរិស័ទ​ដែល​ពួកគាត់​មាន​ជំនឿ​ជឿជាក់​ទៅលើ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដើម្បី​ពួកគេ​សុំ​នៅ​សេចក្តីសុខ សេចក្តីចំរើន​។ ហើយ​ម្យ៉ាងទៀត​យើង​សង្កេតឃើញ​ក្រុម​យុ​វ័យ​ស្រី​ប្រុស​ជា​សិក្សា​នុ​សិស្ស​យ៉ាងច្រើន​ក៏បាន​នាំគ្នា​មក​ធ្វើការ​បន់ស្រន់​សូមឱ្យ​បារមី​ព្រះ​អង្គ​ចេក​ព្រះអង្គ​ចម​សុំ​នូវ​សេចក្តីសុខ​សេចក្តីចំរើន​ហើយ​ជាពិសេស​ទៅទៀត​សុំឱ្យ​តាម​ជួយ​ថែរក្សា​និង​នូវពេល​ប្រឡង​ទុតិយភូមិ ដែល​ប្រព្រឹត្ត​នា​ថ្ងៃទី​០៦​ខែសីហា​ឆ្នាំ​២០១២​ខាងមុខនេះ​ផងដែរ​៕
គឿន​វ៉េ​ត​

លោកស្រី​គ្លីងតុន​នាំសារ​បង្រួបបង្រួម​ឲ្យ​ស៊ូដង់​ខាងត្បូង​

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក​ស្រី​ហ៊ី​ឡា​រី​គ្លី​ង​តុ​ន ​នឹង​គាបសង្កត់​ប្រទេស​ស៊ូដង់​ខាងត្បូង​ឲ្យ​ដោះស្រាយ​វិវាទ​ជាមួយ​ពួក​អតីត​មេដឹកនាំ​នៅ​ខាង​ជើង​នៅក្នុង​ទស្សនកិច្ច​លើកដំបូង​បង្អស់​របស់​លោកស្រី​មកកាន់​ប្រទេស​ដ៏​ថ្មី​បំផុត​របស់​ពិភពលោក​នៅ​ថ្ងៃ​សុក្រ​។
​ ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​១១​ប្រទេស​នៅ​អាហ្វ្រិក​ដែល​លោកស្រី​គ្លី​ង​តុ​ន​នឹង​ជា​មន្ត្រីជាន់ខ្ពស់​បំផុត​របស់​សហរដ្ឋអាមេរិក​ចាប់តាំងពី​ឯករាជ្យ​កាលពី​ឆ្នាំមុន​នោះ ​បាន​ព្រមាន​ថា​ការ​បែកបាក់​គ្នា​ដ៏​ល្វីង​ជូរចត់​ទៅលើ​ទឹកដី និង ប្រេង បាន​គំរាម​ធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​២​។​
​ ​មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ត្រួសៗ ប្រាប់​អ្នកយកព័ត៌មាន​ដែល​កំពុង​ធ្វើដំណើរ​ជាមួយ​លោកស្រី​គ្លី​ង​តុ​ន ដែល​បាន​មកដល់​ប្រទេស​អ៊ូ​ហ្ក​ង់​ដា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​«យើង​កំពុង​ជំរុញ​ទឹកចិត្ត​ភាគី​ទាំង​២ ប្រទេស​ស៊ូដង់​ខាងត្បូង និង ប្រទេស​ស៊ូដង់ ឲ្យ​ជួប​ ចរចា​ពី​ការ​ខ្វែង​ទំនាស់​គ្នា រវាង​ពួកគេ​តាម​ដែល​អាច​ធ្វើ​ទៅបាន​»​។​
​ ​លោកស្រី​គ្លី​ន​តុ​ន​នឹង​បង្ហាញ​ពី​ការ​គាំទ្រ​សហរដ្ឋអាមេរិក​ចំពោះ​រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង ដែល​ក្រុង​វ៉ា​ស៊ី​ង​តោន​បាន​ជួយ​ណែនាំ​តាមរយៈ​ការចរចា​ជាច្រើន​ឆ្នាំ​ជាមួយ​ក្រុង​ខាតូម​ដែល​ចុងបញ្ចប់​បាន​នាំទៅរក​ឯករាជ្យ​ក្រោយពី​សង្គ្រាមស៊ីវិល​មួយ​ទសវត្សរ៍​មក​។​
​ ​ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ង​តោន​ត្រូវ​ស្រងាកចិត្ត​ដោយសារតែ​វិវាទ​ទៅលើ​ខ័ណ្ឌ​សីមា​ព្រំដែន និង ប្រេង​ដែល​ជួនកាល​ហាក់ដូច​ចង់​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២​វិល​ទៅ​រក​សង្គ្រាម​វិញ​៕
រឹទ្ធ​

ឃុំ​ថ្មដា​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​ត្រូវ​ខ្យល់​បក់​ប៉ើង​ដំបូល​​ផ្ទះ​​ខូចខាត​ជា​ច្រើន​ខ្នង​ ​

M03-f-fullពោធិ៍សាត់​ ៖​ ភ្លៀង​លាយ​ខ្យល់​បាន​បោកបក់​យ៉ាង​ខ្លាំង​មក​លើ​ភូមិ​ចំនួន​៣​ ក្នុង​ឃុំ​ថ្មដា​ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់ ​ដែល​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ​បណ្ដាល​ឲ្យ​ស្នាក់ការ​ទាហាន​មួយ​ខ្នង​តូច​ខូចខាត​ទាំងស្រុង​ ហើយ​វិទ្យុទាក់ទង​សង់ត្រាល់​ក៏​ខូចខាត​មួយ​គ្រឿង​ និង​ ផ្ទះ​ជាច្រើន​ខ្នង​ទៀត​ប៉ើង​ដំបូល​​។ មិន​តែប៉ុណ្ណោះ​ចំការកៅស៊ូ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ ក៏​បាន​រលំ​បាក់​រាប់​រយ​ដើម​ផង​ដែរ។
ហេតុការណ៍​នេះ​កើតឡើង​ចាប់តាំងពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ៅ​ង ៨​យប់ ក្នុង​ថ្ងៃទី ២ ខែ សីហា ឆ្នាំ​២០១២ ទើប​ខ្យល់ និង​ភ្លៀង​នេះ​ស្ងប់​ទៅវិញ​។​
​ ​លោក ពេ​ជ សោ​ភ័​ណ្ឌ នាយប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ទីនោះ​ប្រាប់​កម្ពុជា​ថ្មី​ថា ឥទ្ធិពល​ខ្យល់​​បោកបក់​ខ្លាំង​បណ្ដាល​ឲ្យ​ផ្ទះ​ប៉ើង​ដំបូល,រលំ និង ​បាក់​ដើម​កៅស៊ូ​៣​ភូមិ​នោះគឺ​ ទី​១. ភូមិ​កណ្ដាល ប៉ើង​ដំបូលផ្ទះ ចំនួន​៥​ខ្នង រួម​ទាំង​រលំ និង​បាក់​ដើម​កៅស៊ូ​មួយចំនួន​ ទី​២ . ភូមិ ឯកភាព​ប៉ើង​ដំបូល​៣​ខ្នង​ ចំណុះ​ឲ្យ គ​៣ នៃ​ចំណុច​ ចមួយ​ ខូចខាត​ផ្ទះ​ទាំងស្រុង​របស់​ស្នាក់​ការ​មួយ​ខ្នង ខូច​វិទ្យុទាក់ទង​សង់​ស្រាល់ និង បាក់​អង់តែន​មួយ​គ្រឿង​ រួម​ទាំង​រលំ និង បាក់​ដើម​កៅស៊ូ​មួយចំនួន ទី​៣. ភូមិ​សង្គមថ្មី​ប៉ើង​ដំបូល​២​ខ្នង ព្រមទាំង​ចំការកៅស៊ូ​ត្រូវ​ខ្យល់​បោកបក់​ដួល​រលំ និង បាក់​មួយចំនួន​ផង​ដែរ។ លោក​ បន្តថា​ករណីនេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ឬ​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​អាជ្ញាធរ​ប៉ុស្ដិ៍​រដ្ឋបាល រួមជាមួយ​នគរបាល​ការពារ​ព្រំដែន​កំពុង​ចុះ​តាម​មូលដ្ឋាន​ដើម្បី​ស្រង់​ស្ថិតិ​បន្ថែម​ទៀត​៕
លានគ្រន​

មូរ សុខ​ហួរ ​មាន​ពេល​មួយ​ខែ​ទៀត​ទើប​ទទួល​បាន​អភ័យឯកសិទ្ធិ​ប្រសិនបើ​គ្មាន​បណ្តឹង​

ភ្នំពេញ​ ៖ ​លោកស្រី ​មូរ សុខ​ហួរ ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពត​មកពី​គណបក្ស​ប្រឆាំង​ សម រង្ស៊ី​ មាន​ពេល​មួយ​ខែ​ទៀត​ទើប​ទទួល​បាន​អភ័យឯកសិទ្ធិ​ប្រសិនបើ​គ្មាន​បណ្តឹង​ ដែល​ការ​សំរេច​បែបនេះ ធ្វើឡើង​នៅ​ក្នុង​សវ​នា​រយៈពេល​ខ្លី​មួយ​នា​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​សីហា​ឆ្នាំ​២០១២ ​នៅ​តុលាការ​សាលា​ឧទ្ធរណ៍​។ ​
លោកស្រី មូរ សុខ​ហួរ បាន​ថ្លែងប្រាប់​អ្នកការ​សែត​ក្រោយពី​បញ្ចប់​សវនាការ​ថា ការសំរេច​របស់​សភា​ស៊ី​ប​សួរ​នៃ​សាលាឧទ្ធរណ៍​នេះ គឺជា​ការសំរេច​ដ៏​ត្រឹមត្រូវ ដែល​អាច​ទទួលយកបាន ហើយ​នៅក្នុង​រយៈពេល​មួយខែ​នេះ លោកស្រី​នៅតែ​បំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ ព្រោះ​រាស្ត្រ​បោះឆ្នោត​ឲ្យ មិនមែន​ឲ្យ​មក​នៅ​ស្ងៀម​បិទមាត់​ទេ លោកស្រី​មិន​ស្តាប់​អ្នកណា​ក្រៅពី​រាស្ត្រ​ទេ ។
លោកស្រី​បញ្ជាក់ថា បាន​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មកហើយ ហើយ​បាន​កាត់​ប្រាក់បៀវត្ស​របស់លោក​ស្រី​អស់​១៦,៥ លាន ។​
សូម​បញ្ចា​ក់ថា លោកស្រី មូរ សុខ​ហួរ កាលពី​ឆ្នាំ​២០១១ ត្រូវបាន​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ព្រៃ​ស្ពឺ ប្តឹង​ថា​បាន​រំដោះ​ពលរដ្ឋ​បុរី​កីឡា​ពី​មជ្ឈមណ្ឌល ហើយ​តុលាការ​មិនទាន់​ចាត់ការ​យ៉ាងណា​នៅឡើយ ហើយ​នៅក្នុង​សវនាការ​នា​ព្រឹក​នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​បណ្តឹង​នៅ​ព្រៃ​ស្ពឺ​នេះដែរ តើ​លោកស្រី​មានឱកាស​ទទួលបាន​អភ័យឯកសិទ្ធិ​ប៉ុណ្ណា​៕​កោះ​កែវ​

សមាគម​និស្សិត​មូស្លី​ម​កម្ពុជា​​​ចែក​អំណោយ​​ជូន​ពល​រដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ក្រី​ក្រ​ខែ​រ៉ា​ម៉ា​ដាន​

ខេត្ត​កំពង់​ចាម​ ៖ សមាគមនិស្សិត​មូ​ស្លីម​កម្ពុជា កាលពីថ្ងៃទី​៣០ កក្ក​ដា ឆ្នាំ២០១២ បាន​នាំ​​យក​​អំណោយ​របស់អង្គ​ការមូ​ស្លីម​ហេលហ្វិន​​នៃប្រទេស​អាល្លឺម៉ង់​ ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​ខ្មែរ​អ៊ិ​ស្លាមក្រីក្រ​​ ​និង​​ចាស់​ជរាចំនួន​៥៨០​គ្រួសារ​​ រស់​នៅ​ស្រុកកង​មាស​ និង​ស្រុក​ពញា​ក្រែ​ក​ ដោយ​មាន​ការ​អញ្ជើញ​​ចុះចែកផ្ទាល់​​​ពីសំណាក់​លោក​​វេជ្ជ​បណ្ឌិត​សុះ ​មុះសិន ​រដ្ឋលេខា​ធិការ​ ​ក្រសួង​ធម្ម​ការ​និង​សាសនា​ និង​ជាប្រធាន​សមា​គម​​​និស្សិត​មូ​ស្លីម​កម្ពុជា ។ ​
​ចូលរួម​ក្នុងពិធី​នោះ​មាន​​លោក​សាន​់ សាប់​អុី​អនុរដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​ និង​ជាអនុ​ប្រធាន​​សមាគម លោក​ម៉ា​ន សុគ្រី អនុ​រដ្ឋ​លេខា​ធិកា​រ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​និងលោក​ពាស់ មូស្លីម អនុប្រធាន​សមា​គម​និស្សិត​មូ​ស្លីម​កម្ពុជា ។ ការនាំ​អំណោយ​​យក​ទៅ​​ចែក​ជូន​ដល់ប្រជាពល​រដ្ឋខ្មែរ​អ៊ិស្លាម​នេះ នៅ​ព្រឹក​ថ្ងៃទី​៣០ កក្កដា ចែកជូន​ដល់ប្រជា​ពលរដ្ឋ​ចំនួន​២៨០​គ្រួសារ​នៅឃុំអង្គរ​បាន ​និងឃុំ​រកា​គយ ស្រុក​កង​មាស​ និងពេល​ល្ងាចចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋចំនួន​៣០០គ្រួសារ នៅឃុំដា ស្រុក​មេ​មត់ ​និងឃុំជី​មាន់ ​ស្រុក​ពញាក្រែក ​។
លោកវេជ្ជ​បណ្ឌិត​សុះ ​មុះសិន​ បាន​ឱ្យដឹង​ថា​ អំណោយ​ដែលនាំ​យក​មក​ចែកជូន​ដល់ប្រជាពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ក្រីក្រនៅ​ពេលនេះ​ជាអំណោយ​របស់​អង្គ​ការមូស្លីម​ ហេលហ្វិន​​នៃ​ប្រទេស​អាល្លឺ​ម៉ង់ ​​ផ្តល់​តាមរយៈ​សមាគម​និស្សិត​មូ​ស្លីម​កម្ពុជា ដែលក្នុង១​គ្រួសារ​​ៗ​ទទួល​បាន អង្ករ​១៨គីឡូ​ក្រាម​ ​មីចំនួន​១៥កញ្ចប់ ស្ករស​​៤គីឡូ​ក្រាម ត្រីខ​៥កំប៉ុង ទឹក​ស៊ីរ៉ូ២ដប ​អូវ៉ាល់​ទីន​២ដប ទឹកដោះ​គោ២​កំប៉ុង តែ៤​កញ្ចប់​ និង​អំបិល​២​គីឡូក្រាម។​
លោកវេជ្ជ​បណ្ឌិត​សុះ មុះសិន ថ្លែង​​ទៀត​​​ថា ​ការ​បួស​របស់សាស​និកអ៊ិស្លាម​នេះជាកា​តព្វកិច្ច​មួយ​ក្នុង​ចំណោម​​កា​ត​​​​​​​​​​ព្វ​តិច្ចទាំង​៥របស់​សាសនា​អ៊ិស្លាម ដែលបួស​ក្នុង១ខែ​រ៉ាម៉ាដា​ន​​​ ​និង​​ជា​ខែ​ទី​៩​​របស់​សាសនាអ៊ិស្លាម ។ អ្នកបួស​ចាប់​ពី​ពេញ​វ័យ​​ទៅ គឺតម​ពេលថ្ងៃចាប់​ពីម៉ោ​ង៤និង២០​នា​ទី​ទៀប​​ភ្លឺ​រហូតដល់​ម៉ោង៦និង​៣០​នាទី​ល្ងាច​ ដោយអត់​អាហារ ​​និង​​ទឹក​សូម្បី​តែទឹក​មាត់​​​ក៏​​មិន​ឱ្យ​លេប​ដែរ​។ ក្រៅពី​នេះ​​តម​ពាក្យ​សម្តី​​ អត់ធ្មត់ និង​ជួយ​គ្នា​​ទៅវិញទៅមក ​ជាពិសេស​ទៀត​សាស​និក​អ៊ិស្លាម​​បរិច្ចា​គ​ទានធ្វើ​បុណ្យ​ទើប​បាន​បុណ្យ​ច្រើន ។
លោកវេជ្ជ​បណ្ឌិតបាន​បន្តទៀតថា ហេតុ​​ដូចនេះ​​ហើយ​​បាន​ជានៅក្នុង​ខែរ៉ាម៉ាដាន​​នេះ​​សាស​​និក​អ៊ិស្លាម​កម្ពុជាបាន​ទទួល​អំណោយ​ជា​បន្ត​បន្ទាប់​ពី​សប្បុរស​ជនក្នុងប្រទេស​​​និងនៅ​ក្រៅប្រទេស​​យក​មក​ចែក​ជូន​ដល់ប្រជាព​​លរដ្ឋ​ក្រីក្រ ​ចាស់ជរា ជន​ពិការ​ដែលមាន​ជីវភាព​ខ្វះ​ខាត ​ដើម្បី​ឱ្យ​ពួក​គាត់​មានលទ្ធភាព​ទិញអាហារ​ថែ​ប​ំប៉ន​នៅ​ពេល​យប់ ។ ដោយឡែក​នៅឆ្នាំនេះ​សមាគម​និស្សិត​មូស្លីម​កម្ពុជា​បានទទួល​អំណោយ​​ជាថវិកា​ពីអង្គការ​មូស្លីម​ហេលហ្វិន​នៃ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ទិញ​គ្រឿង​ឧបភោគ​បរិភោគ​មកចែក​ជូន​ដល់សាស​និកអ៊ិស្លាម​សម្រាប់​​៣ខេត្ត​ក្នុង​នោះ​រាជ​​ធានីភ្នំពេញ​ចំនួន​៣០០​គ្រួសារ ខេត្ត​កំពង់ធំ​ចំនួន​២៥០​គ្រួសារ​ និងខេត្តកំពង់​ចាមដែល​នាំមក​ចែកជូន​នៅពេល​នេះ ។
លោកវេជ្ជ​បណ្ឌិតបាន​បញ្ជាក់ថា រា​ជ​រដ្ឋាភិ​បាល​កម្ពុជា ដែលមាន​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី បាន​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ដល់ប្រជាពល​រដ្ឋ ដោយ​ផ្តល់សិទ្ធិគ្រប់​បែបយ៉ាង​ក្នុងការជឿ​លើ​សាសនា ​ហេតុនេះបាន​ធ្វើឱ្យ​គ្រប់ជាតិ​សាសន៍ និង​សាសនា​ទាំងអស់រស់​នៅជាមួយ​គ្នាយ៉ាង​សុខ​ដុមរមនា ។ លោកវេជ្ជ​បណ្ឌិត​សុះ មុះសិន ក៏​បាន​ថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់សប្បុ​រស​ជន​​ក៏ដូចជា​អង្គការ​នានា ដែល​តែងតែ​ផ្តល់​អំណោយ​​ដល់សហគមន៍​អ៊ិស្លាម​ ជាការ​ចួល​រួម​អភិវឌ្ឍន៍​ប្រទេសក​ម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ ៕

តំណាង​ពិសេស​របស់រដ្ឋ​មន្ត្រី​​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក​​ចាប់​អារម្មណ៍​​លើ​ការ​អប់រំ​​ដល់​សហ​គមន៍​អ៊ិស្លាម​​នៅ​កម្ពុជា​

រាជធានីភ្នំពេញ ៖ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​​ពិសេស​មួយ​​ជា​មួយ​កោះ​សន្តិ​ភាព​កាល​ពី​ថ្ងៃទី​២ សីហា ២០១២ ​នៅ​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់ ​លោក​ស្រី​ហ្វា​រាដ ​ផាន់​ឌីត (Farah Pendith) តំណាង​​ពិសេស​ក្រសួង​​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក​​ទទួល​​បន្ទុក​កិច្ច​ការ​អ៊ិស្លាម​​បាន​និង​កំពុង​​យក​​ចិត្ត​​ទុក​ដាក់​លើ​សហ​គមន៍​សាសនា​នានា​ក្នុង​ពិភព​លោក​ក្នុង​នោះ​មាន​សហ​គមន៍​អ៊ិស្លាម​​​ផងដែរ ដើម្បី​ផ្តល់​ការ​អប់រំ​​ដល់​ពួក​គេ​នៅ​ក្នុង​សហ​គមន៍​។
ក្នុង​រយៈ​ពេល​​បំពេញ​បេសក​កម្ម​ពីរ​ថ្ងៃ​នៅ​​កម្ពុជា​លោក​ស្រី ហ្វា​រាដ ផាន់​ឌីត បាន​ជួប​ជា​​មួយ​សហ​គមន៍​​អ៊ិស្លាម​​ជា​ច្រើន​​នៅ​កម្ពុជា ខណៈ​​ពេល​ដែល​ពល​រដ្ឋ​​កាន់​​សាសនា​​​អ៊ិស្លាម​​ទាំង​អស់​ក្នុង​ពិភព​លោក​កំពុង​តែ​ប្រារព្ធ​ពិធី​​បុណ្យ​រ៉ាម៉ា​ដន ទូទាំង​ពិភព​លោក ។ ​លោក​​ស្រី​បន្ត​ថា ​លោក​ប្រធានា​ធិបតី​​សហ​រដ្ឋ​​អាមេរិក​​បារ៉ាក់​ អូប៉ាម៉ា និង​​លោក​​ស្រីរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ហ៊ីល​ឡារី គ្លីន​តុន ​ក៏​បាន​​យក​ចិត្តទុក​ដាក់​ចំពោះ​សហ​គមន៍​​អ៊ិស្លាម​ក៏​ដូច​ជា​សហ​គមន៍​ដែល​កាន់​​សាសនា​ដទៃ​ទៀត​ដែរ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

លោក​នាយ​ឧត្តម​សេនីយ៍​​ មាស សុភា នាំ​អំណោយ​​ចែក​ជូន និង​ចុះ​សួរ​សុខទុក្ខ​​ ក្រុម​និស្សិត វាស់​វែង​ដីធ្លី​

​​ខេត្ត​ព្រះវិហារ​ ៖ ​ថ្ងៃទី​២ សីហា ​២០១២ ​លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា ​ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ព្រះវិហារ បាន​ដឹក​នាំ​​ប្រតិភូ​​ក្រុម​ការ​ងារ​​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​​ចែក​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​របស់​សម្តេច​​តេជោ​កំពុង​បំពេញ​​បេសក​កម្ម​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្ត​ព្រះវិហារ ​ដោយ​​មាន​​ការ​ចូល​រួម​ពី​​លោក​អ៊ុំ ម៉ារ៉ា ​អភិ​បាល​ខេត្ត ។
ក្នុង​ឱកាស​នោះ​លោក​យី ម៉ៅ ​តំណាង​ក្រុម​និស្សិត​ប្រចាំ​ខេត្ត​ព្រះវិហារ ឈរ​ជើង​ក្នុង​វត្ត​ភូមិ​ស្រយ៉ង់ ​​ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ​ជំនួស​​មុខ​ឱ្យ​ក្រុម​និស្សិត​ទាំង​អស់​​បាន​មាន​​មតិ​ស្វាគមន៍​​ដល់​​ប្រតិភូ​​ដែល​​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​​ផ្គត់​ផ្គង់​​ដល់​ក្រុម​និស្សិត ។ ជា​ពិសេស​​​សូម​ថ្លែង​អំណរ​គុណ​​ដ៏​ជ្រាល​ជ្រៅ​​​​ចំពោះ​​សម្តេច​​តេជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ជា​និច្ច​កាល​សម្តេច និង​លោក​ជំទាវ​តែងតែ​​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​និស្សិត​ដែល​កំពុង​បំពេញ​បេសក​កម្ម​​ក្នុង​ការ​ងារ​វាស់​វែង​​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ ។
លោក​​នាយ​ឧត្តម​សេនីយ៍ មាស​​ សុភា ​ក៏​បាន​​ថ្លែង​​កោត​សរសើរ​​ដល់​ប្អូនៗ​​ក្មួយៗ​​ ​និង​បាន​ផ្តល់​​​​អនុ​សាសន៍​​ដល់​ក្មួយៗ​និស្សិត​ធ្វើ​យ៉ាង​​ណា​​ត្រូវ​បន្ត​សកម្ម​ភាព​​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​ឱ្យ​ទទួល​បាន​ជោគ​ជ័យ។ ​អំណោយ​ដែល​​​លោក​នាយក​ឧត្តម​សេនីយ៍​ ​នាំ​យក​ទៅចែក​ដល់​ក្រុម​​និស្សិត​ចំនួន​៨​ក្រុម ស្មើ​៩៦​នាក់ ​និង​ក្រុម​បច្ចេក​ទេសក្នុង​​ក្រុម​នីមួយៗ​ផង​នោះ សរុប​ប្រមាណ​២០០​នាក់ ក្នុង​ម្នាក់​​​ទទួល​បាន​​ថវិកា​១០​ម៉ឺនរៀល​ និង​​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៀត ។ ចំណែក​​លោក​​អ៊ុំ ម៉ារ៉ា ​បាន​ជួយឧបត្ថម្ភ​​​បន្ថែម​ដល់​​ក្រុម​និស្សិត​ និង​ក្រុម​ការ​ងារ​ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

លោក​រដ្ឋ​មន្ត្រី​​ មិន ​ឃិន ផ្តល់​​ផ្លូវ​លំ​៤​ខ្សែ​​នៅ​ឃុំ​ត្រើយ​​ស្លា និង​​ប្រគេន​​ទៀន​វស្សា​​ ទេយ្យ​​វត្ថុ​

ខេត្ត​កណ្តាល​ ៖ ​ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពល​រដ្ឋ​លោក​រដ្ឋ​មន្ត្រី​​ក្រសួង​ធម្ម​ការ និង​សាសនា មិន ឃិន ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ត្រើយ​ស្លា និង​លោក​ស្រី ងួន ធួន ​អម​ដំណើរ​ដោយ​ក្រុម​ការ​ងារ​ជា​ច្រើន​នាក់​​​ទៀត​បាន​អញ្ជើញ​​ទៅ​​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​ផ្លូវ​លំ​ចំនួន​៤​ខ្សែ​ដោយ​២​ខ្សែ​​​នៅភូមិ​ព្រែក​ប៉ាន មាន​​ប្រវែង​​២.២០០​ម៉ែត្រ ​និង​២​ខ្សែ​ទៀត​នៅ​ភូមិ​ព្រែក​មាន​ប្រវែង​២.១០០​ម៉ែត្រ​​ ដោយ​ប្រើ​ថ្ម​ម៉ិក និង​ចំណាយ​​ថវិកា​ចំនួន​១​ម៉ឺន​៥​​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។
ការ​ប្រារព្ធ​​ពិធី​បើក​ការ​ដ្ឋាន​នេះ​​​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​ និង​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ទាំង​ពីរ​ភូមិ​ចំនួន​៤០០​នាក់​កាល​ពី​ព្រឹក​ថ្ងៃទី​២ សីហា ២០១២ ។ លោក​​រដ្ឋ​មន្ត្រី មិន ឃិន ​ប្រធាន​​គណៈ​​ពង្រឹង​ចុះ​ជួយ​មូល​ដ្ឋាន​ឃុំ​ត្រើយ​ស្លា ​មាន​ប្រសាសន៍​​ថា ការ​ផ្តល់​​ជូន​ផ្លូវ​ចំនួន​៤​ខ្សែ​នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​​មួយ​យ៉ាង​ធំ​ធេង​ជា​មួយ​ប្រជា​ពល​រដ្ឋ​ទាំង​ពីរភូមិ​ ដើម្បី​បង្ក​លក្ខណៈ​​ងាយ​ស្រួល​​ក្នុង​ការ​ដឹក​ជញ្ជូន​​កសិ​ផល​ពី​ស្រែ​​ចម្ការ​មក​កាន់​ទីផ្សារ​សំដៅ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ឱ្យ​មាន​​ជីវ​ភាព​ធូរ​ធារ ។
លោក​​ប្រធាន​គណៈ​​ពង្រឹង​ចុះ​ជួយ​មូល​ដ្ឋាន​ឃុំ​ត្រើយ​ស្លា មាន​ប្រសាសន៍​​អំពាវ​នាវ​​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​​អញ្ជើញ​​ទៅ​ចុះឈ្មោះ​ និង​ពិនិត្យ​​ឈ្មោះ​បោះ​ឆ្នោត​​នៅ​ថ្ងៃទី​១ តុលា ២០១២ ខាង​មុខ​​នេះ ដើម្បី​​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​​ទី​៥ ដើម្បី​បន្ត​​ការ​ដឹក​នាំ​ប្រទេស​​ឱ្យ​មាន​​ភាព​​រីក​ចម្រើន​​ដូច​សព្វ​​​ថ្ងៃ​នេះ។
តមក​ក្រុម​ការ​ងារ​​គណៈ​​ពង្រឹង​ចុះ​ជួយ​​មូល​ដ្ឋាន​​ឃុំ​ត្រើយ​ស្លា​ បាន​នាំ​​យក​ទៀន​វស្សា និង​ទេយ្យ​វត្ថុ​មួយ​ចំនួន​​ទៅ​វេរ​ប្រគេន​​ដល់​ព្រះ​សង្ឃ​ដែល​​គង់​ចាំ​ព្រះវស្សា​​ក្នុ​ង​ព័ទ្ធ​សីមា​វត្ត​៣ គឺ​វត្ត​កេតុ​ឧត្តម, ​វត្ត​ពោធិ៍​អណ្តែត និង​វត្ត​ស្លា​កែត ​ដោយ​វត្ត​នីមួយៗ​​​ទទួល​​​បាន​ទៀន​វស្សា​១​គូ, សាដក​១, ​ទឹក​ក្រូច​១​កេស, មី​២​កេស, ទឹក​បរិ​សុទ្ធ​១​​កេស, ទឹក​ត្រី ១​យួរ, ​ទឹក​ស៊ីអីុវ​១​យួរ, អង្ករ​៥០​គីឡូ​ក្រាម និង​បច្ច័យ​​១៣​ម៉ឺន​​រៀល​ ​ជូន​តា​ជី​​ យាយ​ជី​ចំនួន​១០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​ពាន់​រៀល ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

សាកល​វិទ្យា​ល័យ​​ឡា​ហ្វយ ​បើក​សិក្ខា​សាលា​ស្តីពី​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​អប់រំ​​វេជ្ជ​សាស្ត្រ​

ខេត្តព្រះសីហនុ ៖ ​នៅ​​សាល​ប្រជុំ​​នៃ​សាកល​វិទ្យា​ល័យ​ឡា​ហ្វយ នា​ព្រឹក​ថ្ងៃទី​២ ​សីហា ២០១២ ​បាន​រៀបចំ​​សិក្ខា​សាលា​មួយ​ស្តីពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​អប់រំ វេជ្ជ​​សាស្ត្រ​​ដែល​​រៀប​ចំ​​ឡើង​ដោយ​​នាវា​មន្ទីរ​ពេទ្យ USNS MERCY ដែ​ល​​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ​ជាតិ​ខេត្ត​ព្រះ​សីហនុ កាល​ពី​ថ្ងៃទី​​២៨ កក្កដា ​កន្លង​ទៅ​ សហ​ការ​ជា​មួយ​​សាកល​វិទ្យា​ល័យ​​ឡា​ហ្វយ ​ដោយ​ចាប់​ផ្តើម​​ពី​ថ្ងៃទី​២ រហូត​ដល់​ថ្ងៃទី​៤ សីហា ២០១២ ។
សិក្ខា​សាលា​​ប្រព្រឹត្ត​​ទៅ​ក្រោម​អធិបតី​ភាព​លោក​កែវ វិបុល ​អនុ​ប្រធាន​​មន្ទីរ​សុខា​ភិបាល​ខេត្ត និង​ជា​ប្រធាន​​​មន្ទីរ​​ពេទ្យ​បង្អែក​​ខេត្ត​ លោក​ David Koo សាកល​វិទ្យា​​ធិ​ការ​នៃ​សាកល​​វិទ្យា​ល័យ​​ឡាហ្វយ លោក​អនុ​សេនីយ៍​ទោ Hue Sy ​មេ​បញ្ជា​ការ​​រង​​នាវា​មន្ទីរ​ពេទ្យ USNS MERCY ​លោក​ស្រី ជីង សុង (Chins.Sung) ​ព្រឹទ្ធ​​បុរស​នៃ​មហា​វិទ្យា​ល័យ​គិលានុ​​ប​ដ្ឋាក និង​ឆ្មប​នៃ​សាកល​វិទ្យា​ល័យ​​ឡាហ្វយ ព្រម​ទាំង​​​មាន​ការ​​អញ្ជើញ​ចូ​លរួម​ពី​សំណាក់​លោក​វេជ្ជ​បណ្ឌិត​មក​ពី​​ខេត្ត​តាកែវ ខេត្ត​ព្រះ​សីហនុ វេជ្ជ​បណ្ឌិត​​នៅ​លើ​នាវា​មន្ទីរ​ពេទ្យ USNS MERCY សហ​រដ្ឋ​អាមេ​រិក ​និស្សិត និង​​ឆ្មប​នៃ​សាកល​វិទ្យា​ល័យ​​ឡាហ្វយ​យ៉ាង​ច្រើន​កុះ​ករ​ ។
លោក​ David Koo ​បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ​លោក​មាន​មោនទ​ភាព​ណាស់​ដែល​សមា​ជិក​នៃ​ក្រុម​នាវា​​មន្ទីរ​​ពេទ្យ USNS MERCY ​សហ​រដ្ឋ​អាមេ​រិក​​ប្រចាំ​​តំបន់​​ប៉ាស៊ី​ហ្វិក​អញ្ជើញ​ចូល​រួម​បើក​សិក្ខា​សាលា​​នៅ​សាកល​វិទ្យា​ល័យ​​ឡាហ្វយ​នា​ពេល​នេះ​​ គឺដើម្បី​​ស្វែង​រក​គន្លឹះ​​ផ្លាស់​ប្តូរ​បទពិសោធន៍​​ល្អៗ​ពី​​គ្នា​ទៅវិញ​ទៅ​មក ហើយ​ក៏​ជា​ការ​ផ្តល់​ផ្ទេរ​ចំណេះ​ដឹង​​ដល់​ក្មួយៗ​និស្សិត​នៃ​មហា​វិទ្យា​ល័យ​គិលានុប​ដ្ឋាក និង​ឆ្មប​​សម្រាប់​ជាទុន​​ឱ្យ​ក្មួយៗ​យក​ទៅ​អនុ​វត្ត​​ក្នុង​ការ​ងារ​​ផ្នែក​សុខា​ភិបាល​នៅ​ប្រទេស​កម្ពុជា។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕